Psalms Intro pdf download
ទំនុកដំកើង
កណ្ឌទំនុកដំកើង គឺជាការប្រមូលផ្តុំមួយនៃបទចម្រៀង និងសេចក្តីអធិស្ឋាន។ បទចម្រៀងនិងសេចក្តីអធិស្ឋានទាំងនោះត្រូវបានសរសេរឡើងដោយមនុស្សផ្សេងៗគ្នាអស់រយៈពេលយ៉ាងយូរ។ ស្តេចដាវីឌបានសរសេរបទចម្រៀងនិងសេចក្តីអធិស្ឋានមួយចំនួន ហើយពួកសង្ឃនិងមេភ្លេងនៅក្នុងព្រះវិហារបានសរសេរមួយចំនួនផ្សេងទៀត។
ទំនុកដំកើង មានទាំងការសរសើរតម្កើងព្រះអំពីការបង្កបង្កើតនិងសេចក្តីសង្គ្រោះដល់យើង និងការត្អូញត្អែរអំពីស្ថានភាព ឬកាលៈទេសៈរបស់អ្នកនិពន្ធឬមនុស្សលោក។ ពួកអ្នកនិពន្ធនិយាយទៀងត្រង់ចំពោះព្រះ ហើយទំនុកដំកើងជួយយើងអោយនិយាយទៅកាន់ព្រះចេញពីចិត្តដោយបើកចំហនិងស្មោះត្រង់។ សូម្បីតែនៅពេលការទួញសោកមួយត្រូវបាននិយាយទៅកាន់ព្រះ ក៏ត្រូវបានចាត់ទុកជា «ការសរសើរតម្កើង» នៅក្នុងទំនុកដំកើងផងដែរ។
គម្រោង Outline
ភាគទី១ ទំនុកដំកើង ១–៤១
ភាគទី២ ទំនុកដំកើង ៤២–៧២
ភាគទី៣ ទំនុកដំកើង ៧៣–៨៩
ភាគទី៤ ទំនុកដំកើង ៩០–១០៦
ភាគទី៥ ទំនុកដំកើង ១០៧–១៥០
សេចក្តីផ្តើម
ទំនុកដំកើង ប្រហែលជាត្រូវបានចងក្រងបញ្ចូលគ្នា បន្ទាប់ពីពួកយូដាវិលត្រឡប់មកពីការនិរទេសនៅស្រុកបាប៊ីឡូន។ ទំនុកដំកើង ១៣៧ រំលឹកអំពីពេលវេលាទុក្ខសោកទាំងនោះ (១៣៧:១–៤)។ កណ្ឌទំនុកដំកើង ត្រូវបានរៀបចំជាប្រាំភាគ។ ភាគទាំងអស់មិនតែងតែមានផ្ទៃរឿងមួយទេ ហើយពួកវាមានកាលបរិច្ឆេទមិនតាមលំដាប់ដែរ។ ទំនុកដំកើងខ្លះរបស់ស្តេចដាវីឌត្រូវបានដាក់បញ្ចូលគ្នា ហើយមានក្រុមទំនុកដំកើងសម្រាប់ឡើងទៅព្រះវិហារ (តាមថ្នាក់) និងមានទំនុកដំកើងសរសើរតម្កើងមួយចំនួននៅចុងបញ្ចប់កណ្ឌនេះ។ ភាគនីមួយៗបញ្ចប់ដោយពាក្យសរសើរតម្កើង។
ទំនុកដំកើងមួយចំនួនមានលក្ខណៈផ្ទាល់ខ្លួនខ្លាំងប៉ុន្តែទំនុកដំកើងផ្សេងៗទៀតសាកសមសម្រាប់ក្រុមជំនុំ ឬសម្រាប់ច្រៀងនៅក្នុងពិធី។ ព្រះយេស៊ូវបានចេះទំនុកដំកើងយ៉ាងច្បាស់លាស់។ ទាំងពួកយូដាទាំងគ្រីស្ទបរិស័ទបានប្រើទំនុកដំកើងទាំងនេះយ៉ាងខ្ជាប់ខ្ជួន សម្រាប់ទាំងសេចក្តីអធិស្ឋានផ្ទាល់ខ្លួននិងទាំងការសរសើរតម្កើងជាសាធារណៈ។
តើ នរណាខ្លះបានសរសេរទំនុកដំកើង?
ទំនុកដំកើងជាច្រើនត្រូវបានសរសេរឡើងដោយស្តេចដាវីឌឬមានការទាក់ទងនឹងទ្រង់។ ភាគទី២បញ្ចប់ដោយពាក្យថា «ពាក្យអធិស្ឋានរបស់ដាវីឌ ជាបុត្រអ៊ីសាយ ចប់តែប៉ុណ្ណេះ» ប៉ុន្តែក្រោយមកទៀតក៏មានទំនុកដំកើងរបស់ស្តេចដាវីឌនៅក្នុងកណ្ឌ។ នៅពេលទំនុកដំកើងមួយត្រូវបានអះអាងថាជា «ទំនុកនៃស្តេចដាវីឌ» វាអាចមានន័យថា ទ្រង់បានសរសេរទំនុកដំកើងនោះ ឬក៏ទំនុកដំកើងនោះគឺអំពីទ្រង់។ មានទំនុកដំកើងចំនួន៧៣ដែលត្រូវបានអះអាងថា «ទំនុកនៃស្តេចដាវីឌ»។ទំនុកដំកើងខ្លះទាំងនេះទាក់ទងនឹងព្រឹត្តិការណ៍នៅក្នុងជីវិតរបស់ទ្រង់ ដូចជា ការរត់គេចខ្លួនរបស់ទ្រង់នៅក្នុងរូងភ្នំ ជ័យជំនះផ្សេងៗរបស់ទ្រង់នៅក្នុងចម្បាំង ឬការប្រែចិត្តរបស់ទ្រង់បន្ទាប់ពីទ្រង់បានប្រព្រឹត្តសេចក្តីកំផិតជាមួយនាងបាតសេបា។
ទំនុកដំកើងខ្លះ (នៅដើមភាគទី២) ត្រូវបានសរសេរដោយកូនប្រុសរបស់កូរេដែលជាគ្រួសារមួយបានបម្រើជាមន្ត្រីនៅក្នុងព្រះវិហារ។ ទំនុកដំកើង ៧៣-៨៣ នៅក្នុងភាគទី៣ គឺជាស្នាដៃរបស់អ្នកភ្លេងឈ្មោះអេសាភ ដែលជាស្ថាបនិកនៃក្រុមភ្លេងមួយសម្រាប់ព្រះវិហារ។
ទំនុកដំកើងជាងមួយភាគបីត្រូវបានអះអាងថា «សម្រាប់មេភ្លេង» ដែលប្រហែលជាត្រូវបានសរសេរឡើងសម្រាប់ប្រើក្នុងការថ្វាយបង្គំនៅព្រះវិហារជារៀងរាល់ថ្ងៃ ឬត្រូវបានរៀបចំសម្រាប់កម្មវិធីពិសេសមួយ។
ភាគទី១ (ទំនុកដំកើង ១–៤១)
ទំនុកដំកើងភាគច្រើននៅក្នុងភាគទី១ ប្រកាសសេចក្តីពិតមួយអំពីព្រះ ឬរបៀបដើរតាមព្រះដោយស្មោះត្រង់នៅក្នុងលោកិយមួយដែលទាស់ប្រឆាំងនឹងទ្រង់។ ឧទាហរណ៍ទំនុកដំកើងពីរជំពូកដំបូងផ្តល់សេចក្តីពិតសំខាន់ពីរអំពីនេះ។ នៅក្នុងលោកិយដែលទាស់ប្រឆាំងនឹងព្រះហើយប្រឆាំងនឹងព្រះអង្គដែលទ្រង់បានលាបប្រេងតាំងអោយ (ទំនុកដំកើង ២:១-៣) យើងគួរតែរីករាយក្នុងនិងដើរតាមផ្លូវរបស់ព្រះ និងមិនត្រូវដើរតាមលោកិយនេះទេ (ទំនុកដំកើង ១) ហើយចុះចូលចំពោះព្រះយេស៊ូវដែលជាព្រះរាជបុត្រារបស់ទ្រង់ដែលបានទទួលការចាក់ប្រេងតាំង ហើយយកទ្រង់ជាទីជ្រកកោន (ទំនុកដំកើង ២)។ នេះគឺជារបៀបទទួលបានព្រះពរ (១:១-២; ២:១២)។
នៅក្នុងការបង្កើតទាំងមូលរបស់ទ្រង់ព្រះបានប្រទានកន្លែងកិត្តិយសពិសេសមួយដល់មនុស្សជាតិ (ទំនុកដំកើង ៨)។ ព្រះអម្ចាស់គង់ជាមួយមនុស្ស ដែលឥតទោស ស្មោះត្រង់និងទៀងត្រង់ និងសប្បុរស(ទំនុកដំកើង ១៥, ២៤)។
ទំនុកដំកើងជាច្រើនមានលក្ខណៈផ្ទាល់ខ្លួនយ៉ាងខ្លាំង គឺជាការសុំជំនួយប្រឆាំងនឹងពួកខ្មាំងសត្រូវ ទំនុកដំកើង ៣, ១២, ២៥, ៣៥) ឬសុំព្រះអង្គការពារ (ទំនុកដំកើង ៧, ១៥, ៣៦)។ ពេលខ្លះ អ្នកនិពន្ធទំនុកដំកើងស្រែកអំពាវនាវទៅកាន់ព្រះអម្ចាស់ ដើម្បីអោយទ្រង់សង្គ្រោះមនុស្សសុចរិត ហើយដាក់ទោសមនុស្សទុច្ចរិត (ទំនុកដំកើង ១០, ១៧)។
ជារឿយៗ អ្នកនិពន្ធទំនុកដំកើងច្រៀងអំពីសេចក្តីស្រឡាញ់ចំពោះព្រះអម្ចាស់ និងការពឹងផ្អែកលើទ្រង់ ដោយប្រើរូបភាពពីជីវិតប្រចាំថ្ងៃ៖ ព្រះអម្ចាស់គឺជាថ្មដា បន្ទាយ ខែល ទីពំនាក់ អ្នកគង្វាល និងពន្លឺ (ទំនុកដំកើង ១៨, ២៣, ២៧)។ អ្នកនិពន្ធអាចបរិយាយអំពីទុក្ខលំបាករបស់គាត់ដូចជាត្រូវបានជាប់សំណាញ់ ធ្លាក់ចូលទៅក្នុងរណ្តៅ ឬដូចជាទីក្រុងដែលត្រូវគេឡោមព័ទ្ធ (ទំនុកដំកើង ៣១, ៤០)។
ទំនុកដំកើងខ្លះនិទានអំពីបទពិសោធន៍ផ្ទាល់ខ្លួនជាមួយព្រះអម្ចាស់ ដែលបានផ្លាស់ប្តូរទស្សនៈរបស់អ្នកនិពន្ធ ក្នុងកាលព្រះបានជួយគាត់ (ទំនុកដំកើង ៣២, ៣៤, ៣៧, ៤០, ៤១)។
នៅក្នុងភាគទី១ អ្នកនិពន្ធធ្លាប់ប្រើព្រះនាម «ព្រះយេហូវ៉ា» សម្រាប់ព្រះ។
ភាគទី២ (ទំនុកដំកើង ៤២–៧២)
នៅក្នុងភាគទី២ ជារឿយៗទំនុកដំកើងប្រើពាក្យ «អេឡូហ៊ីម» (គឺមិនប្រើពាក្យ «ព្រះយេហូវ៉ា» សម្រាប់ព្រះ។ ភាគនេះមានទំនុកដំកើងដ៏អស្ចារ្យអំពីការថ្វាយបង្គំផ្ទាល់ខ្លួនរបស់ស្តេចដាវីឌ (ទំនុកដំកើង ៦២, ៦៣)។ មានសេចក្តីអធិស្ឋានសម្រាប់ការសង្គ្រោះ (ទំនុកដំកើង ៤៣, ៥៤, ៥៥, ៥៨, ៥៩, ៦៩, ៧០, ៧១) និងសេចក្តីអត់ទោស (ទំនុកដំកើង ៥១)។ ទំនុកដំកើងខ្លះនឹកចាំពីការសង្គ្រោះដ៏អស្ចារ្យរបស់ព្រះនៅក្នុងអតីតកាល ហើយទូលសូមអោយទ្រង់នឹងធ្វើដូចនេះម្តងទៀត (ទំនុកដំកើង ៤៤, ៦០)។ ទំនុកដំកើងផ្សេងទៀតបានជួយអ្នកនិពន្ធនិងអ្នកអានយល់អោយបានត្រឹមត្រូវអំពីសេចក្តីព្រួយបារម្ភ សេចក្តីភ័យខ្លាច និងសេចក្តីច្រណែន (ទំនុកដំកើង ៤៩, ៥២, ៥៦, ៥៧)។
ជារឿយៗ ទំនុកដំកើងរបស់ពួកកូរេត្រូវបាននិពន្ធឡើងដើម្បីប្រើនៅទីសាធារណៈ និងក្រុមជំនុំ ទំនុកដំកើង ៤៦, ៤៧, ៤៨)។ ទំនុកដំកើងទាំងនេះបង្ហាញថា ព្រះសំដែងអង្គទ្រង់អោយមនុស្សស្គាល់ ហើយហៅមនុស្សអោយមកថ្វាយបង្គំទ្រង់ (ទំនុកដំកើង ៥០)។ មានការសរសើរតម្កើងចំពោះព្រះសម្រាប់ការបង្កើតនិងការសង្គ្រោះរបស់ទ្រង់ (ទំនុកដំកើង ៦៥, ៦៦, ៦៨) និងសំណូមអោយទ្រង់បន្តប្រទានសេចក្តីមេត្តាករុណា (ទំនុកដំកើង ៦៧)។
ភាគទី៣ (ទំនុកដំកើង ៧៣–៨៩)
ភាគទី៣មានទំនុកដំកើងជាច្រើនរបស់អេសាភ។ ម្តងទៀត មានទំនុកដំកើងសម្រាប់ការប្រើផ្ទាល់ខ្លួន៖ ការសញ្ជឹងគិតអំពីការច្រណែន (ទំនុកដំកើង ៧៣) និងសេចក្តីទូលអង្វរសម្រាប់ការដឹកនាំ (ទំនុកដំកើង ៨៦) និងការសង្គ្រោះ (ទំនុកដំកើង ៨៨)។ ប៉ុន្តែទំនុកដំកើងខ្លះគឺសម្រាប់ការសរសើរតម្កើងនិងការប្រែចិត្តរបស់ជាតិសាសន៍ទាំងមូលជាសាធារណៈ។ មានការរំលឹករួមគ្នាអំពីការច្បាំងយកឈ្នះនិងការប្រមាថដល់ព្រះវិហារពីពួកខ្មាំងសត្រូវ (ទំនុកដំកើង ៧៤, ៧៩) ការស្រែកអង្វរសម្រាប់ការសង្គ្រោះនិងការស្តាឡើងវិញ (ទំនុកដំកើង ៨០) និងការអបអរថា ព្រះតែមួយមានអធិបតេយ្យភាពនិងវិនិច្ឆ័យ (ទំនុកដំកើង ៧៥, ៧៦)។
ទំនុកដំកើងខ្លះនឹកចាំអំពីសកម្មភាពរបស់ព្រះនៅក្នុងធម្មជាតិនិងប្រវត្តិសាស្ត្រ (ទំនុកដំកើង ៧៨) និងសម្ព័ន្ធមេត្រីរបស់ទ្រង់ជាមួយស្តេចដាវីឌ (ទំនុកដំកើង ៨៩) ឬហៅមនុស្សអោយវិលមកឯព្រះវិញ (ទំនុកដំកើង ៨១, ៨២)។ ទំនុកដំកើងខ្លះបញ្ជាក់ពីអារម្មណ៍ជ្រាលជ្រៅរបស់អ្នកនិពន្ធ ដូចជា ការប្រាថ្នាអោយព្រះបំបាក់ពួកខ្មាំងសត្រូវរបស់ខ្លួន (ទំនុកដំកើង ៨៣) និងសម្រាប់សន្តិភាព (ទំនុកដំកើង ៨៥)។
ភាគទី៤ (ទំនុកដំកើង ៩០–១០៦)
ភាគទី៤ ចាប់ផ្តើមដោយការសញ្ជឹងគិតអំពីជីវិតរបស់មនុស្ស (ទំនុកដំកើង ៩០) និងមនុស្សត្រូវពឹងអាស្រ័យលើព្រះទាំងស្រុង (ទំនុកដំកើង ៩១)។ មានការអរព្រះគុណចំពោះព្រះពរលើជីវិតដែលយកព្រះជាទីមួយ (ទំនុកដំកើង ៩២)។
បន្ទាប់មក មានក្រុមទំនុកដំកើងមួយ ដែលសរសើរតម្កើងព្រះជាមហាក្សត្រនៃពិភពលោក (ទំនុកដំកើង ៩៣–១០០)។ ម្តងទៀត មានទំនុកដំកើង ដែលនិយាយអំពីការផ្គត់ផ្គង់របស់ព្រះនៅក្នុងធម្មជាតិ (ទំនុកដំកើង ១០៤) និងសម្រាប់អ៊ីស្រាអែល (ទំនុកដំកើង ១០៥, ១០៦)។
ភាគទី៥ (ទំនុកដំកើង ១០៧–១៥០)
ភាគទី៥ ចាប់ផ្តើមដោយការរំលឹកពីការសង្គ្រោះរបស់ព្រះចេញពីស្ថានភាពអស់សង្ឃឹម (ទំនុកដំកើង ១០៧) និងការប្ដេជ្ញារបស់ស្តេចដាវីឌក្នុងការថ្វាយសិរីល្អដល់ទ្រង់ (ទំនុកដំកើង ១០៨)។ ស្តេចដាវីឌក៏អំពាវនាវដល់ព្រះអោយដាក់បណ្តាសាលើក្បាលរបស់ខ្មាំងសត្រូវផងដែរ (ទំនុកដំកើង ១០៩)!
មានទំនុកដំកើងមួយលើកតម្កើងដល់ស្តេចដែលព្រះជាម្ចាស់បានជ្រើសរើស ដែលនឹងធ្វើជាសង្ឃនិងចៅក្រម (ទំនុកដំកើង ១១០) ហើយបន្ទាប់មកមានការសរសើរតម្កើងព្រះ (ទំនុកដំកើង ១១១) និងមនុស្សស្មោះត្រង់របស់ទ្រង់ (ទំនុកដំកើង ១១២)។
មានការចងក្រងបទចម្រៀងសម្រាប់ពិធីបុណ្យរំលង (ទំនុកដំកើង ១១៣–១១៨)។
ទំនុកដំកើងវែងជាងគេ (១១៩) សរសើរតម្កើងព្រះសម្រាប់ក្រិត្យវិន័យរបស់ទ្រង់ ហើយសុំអោយទ្រង់ជួយយើងអោយប្រព្រឹត្តតាមក្រិត្យវិន័យទាំងនោះ (ទំនុកដំកើង ១១៩)។ បន្ទាប់ពីទំនុកដំកើងនេះ មានការចងក្រង «សម្រាប់ឡើងទៅព្រះវិហារ» «ទំនុកច្រៀងតាមថ្នាក់» ដែលទុកសម្រាប់ពួកយូដា នៅពេលពួកគេធ្វើដំណើរទៅថ្វាយបង្គំព្រះក្នុងព្រះវិហារក្រុងយេរូសាឡិម (ទំនុកដំកើង១២០–១៣៤) (សូមចូលទៅ http://www.dkdl.org/?page_id=10 ដើម្បីមើលមេរៀន សេចក្តីណែនាំសំរាប់ទំនុកដំកើង ១២០-១៣៤)។ ក៏មានទំនុកដំកើងសរសើរតម្កើងព្រះ ពីព្រោះទ្រង់បានសង្គ្រោះគេចេញពីស្រុកអេស៊ីព្ទ និងជ័យជំនះលើរូបព្រះនិងអ្នកដឹកនាំផ្តាច់ការដែលកាន់សាសនាដទៃ (ទំនុកដំកើង១៣៥, ១៣៦)។
ស្រាប់តែយើងត្រូវមកដល់ការនឹកចាំពីការឈឺចាប់នៅក្នុងការនិរទេស (ទំនុកដំកើង ១៣៧) ប៉ុន្តែបន្ទាប់មកនឹកចាំថា ព្រះគឺជាមហាក្សត្រ (ទំនុកដំកើង ១៣៨) ដែលស្គាល់យើងយ៉ាងច្បាស់លាស់ (ទំនុកដំកើង ១៣៩)។ បន្ទាប់មក មានទំនុកដំកើងខ្លះរបស់ស្តេចដាវីឌដែលទូលសុំការការពារនិងការដោះអោយរួចពីទោសនៅចំពោះមុខពួកខ្មាំងសត្រូវ (ទំនុកដំកើង ១៤០–១៤៣) និងការសរសើរតម្កើងដែលធ្វើបន្ទាល់ពីអំណាចព្រះចេស្ដានិងព្រះគុណរបស់ព្រះ (ទំនុកដំកើង ១៤៤, ១៤៥)។
កណ្ឌទំនុកដំកើងបញ្ចប់ដោយហៅស្នាព្រះហស្តទាំងអស់អោយសរសើរតម្កើងព្រះ (ទំនុកដំកើង ១៤៦–១៥០)។
ប្រភេទទំនុកដំកើង
បញ្ជីខាងក្រោមនេះមិនមានទំនុកសរសើរតម្កើងទាំងអស់ ឬទំនុកអរព្រះគុណទាំងអស់នោះទេ…ល។ បើសិនយើងបានសរសេរចុះទំនុកដំកើងទាំងអស់ នោះបញ្ជីជាច្រើនវែងយ៉ាងខ្លាំង ហើយទំនុកដំកើងខ្លះនឹងលេចមកដដែលៗនៅក្នុងបញ្ជីជាច្រើននោះ។ ខាងក្រោមនេះគ្រាន់តែជាបញ្ជីមួយនៃទំនុកដំកើងសំខាន់ៗនៅក្នុងប្រធានបទប៉ុណ្ណោះ។
ទំនុកដំកើងសរសើរ
៩, ៦៣, ៦៦, ៦៨, ៦៩, ៧១, ៩៥, ១០៣, ១០៤, ១០៥, ១០៦, ១១១, ១១២, ១១៣, ១១៥, ១១៦, ១១៧, ១៣៤, ១៣៥, ១៣៦, ១៣៨, ១៤៥-១៥០
ទំនុកដំកើងខ្លះគេបានហៅថា«ទំនុកដំកើងដែលពិពណ៌នាអំពីព្រះជាម្ចាស់និងសរសើរទ្រង់» ‘descriptive praise’ ពីព្រោះទំនុកដំកើងទាំងនេះបានពិពណ៌នាអំពីចរិតលក្ខណៈនិងសកម្មភាពរបស់ព្រះអង្គហើយសរសើរទ្រង់។ ទំនុកដំកើងប្រភេទនេះរួមមាន៖
៣៣, ៣៦, ១០៥, ១១១, ១១៣, ១៣៥, ១៣៦, ១៤៦
ទំនុកដំកើងអភិសេក Enthronement (ទំនុកដំកើងទាំងនេះពិពណ៌នាអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ហើយប្រកាសថាព្រះអង្គគ្រប់គ្រងលើសកលលោកអស់កល្បជានិច្ច
១៥, ២៤, ៤៧, ៩៣, ៩៦–៩៩
ទំនុកដំកើងអរព្រះគុណ
២១, ៣០, ៣២, ៣៤, ៤០, ៦៦, ៧៥, ១០០, ១០៥, ១០៦, ១០៧, ១១៨, ១៣៦
ទំនុកដំកើងអំពីព្រះជាអ្នកគង្វាល បន្ទាយ ខែល អ្នកជួយសង្គ្រោះ
៣, ៤, ៥, ៩, ១១, ១៦, ១៨, ២៣, ២៧, ២៨, ៦២, ៩១, ១១៥, ១២៥, ១៣១, ១៤៤
ទំនុកដំកើងអំពីការបង្កបង្កើត
១៩, ៣៣, ៩៥, ៩៦, ១០៤, ១៣៦, ១៣៩, ១៤៨
ទំនុកដំកើងអំពីព្រះបន្ទូលនិងក្រិត្យវិន័យរបស់ព្រះជាម្ចាស់
១, ១៩, ៧៨, ១០៥, ១១៩, ១៤៧
ទំនុកដំកើងអំពីស្តេចអ៊ីស្រាអែល
២, ១៨, ២១, ៤៥, ៧២, ៨៩, ១១០
ទំនុកដំកើងប្រាជ្ញា
១, ១៤, ៣៧, ៤៩, ៥៣, ៧៣, ៧៨, ៩០, ១១២, ១១៩
ទំនុកដំកើងសម្រាប់អ្នកធម្មយាត្រាដែលកំពុងតែធ្វើដំណើរទៅយេរូសាឡិម
៤៣, ៤៦, ៤៨, ៨៤, ៨៧, ១២០–១៣៤
ទំនុកដំកើងអំពាវនាវអោយព្រះវិនិច្ឆ័យ ឬដាក់បណ្តាសា
៧, ៣៥, ៤០, ៥៥, ៥៨, ៥៩, ៦៩, ៨៣, ៩៤, ១០៩, ១៣៧, ១៣៩, ១៤០, ១៤៤
ការទួញសោកផ្ទាល់ខ្លួន
៣–៧, ១២, ១៣, ២២, ២៥–២៨, ៣៥, ៣៨–៤០, ៤២–៤៤, ៥១, ៥៤–៥៧, ៧៧
ការទួញសោកជាសហគមន៍ (សម្រាប់ក្រុមជំនុំប្រើ)
៥៩–៦១, ៦៣, ៦៤,៦៩–៧១, ៧៤, ៧៩, ៨០, ៨៣, ៨៥, ៨៦, ៨៨, ៩០, ១២៦
ទំនុកដំកើងដែលមានទំនាក់ទំនងសំខាន់ទៅនឹងព្រះគម្ពីរសញ្ញាថ្មី
២, ១៨, ២២, ៩៥ (សូមមើល ហេព្រើរ ៣:៧–៤:៧), ១១០
អត្ថបទដកស្រង់ខ្លះចេញពីទំនុកដំកើងដែលមាននៅក្នុងសញ្ញាថ្មី (អំពីព្រះយេស៊ូវ) ទំនាយ |
ត្រូវបានបំពេញសម្រេចហើយ
|
២:១-៣ អស់ទាំងសាសន៍ទាស់នឹងព្រះអង្គដែលទ្រង់បានលាបប្រេងឱ្យ
២:៧ ឯងជាកូនអញ |
កិច្ចការ ៤:២៥-២៨
ម៉ាថាយ ៣:១៧ |
២:៩ ឯងនឹងបំបាក់បំបែកគេដោយដំបងដែក
៨:៦ បញ្ចុះបញ្ចូលគ្រប់ទាំងអស់ឱ្យនៅក្រោមជើង |
វិវរណៈ ១២:៥; ១៩:១៥
ហេព្រើរ ២:៨ |
១៦:១០ ទ្រង់នឹងរស់ឡើងវិញ | ម៉ាកុស ១៦:៦, ៧ |
២២:១ «ហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំ» | ម៉ាថាយ ២៧:៤៦ |
២២:៧, ៨ អស់អ្នកដែលឃើញទូលបង្គំក៏ឡកឡឺយឱ្យគេបូញមាត់ | លូកា ២៣:៣៥ |
២២:១៦ គេបានចាក់ទំលុះដៃជើងនៃទូលបង្គំ | យ៉ូហាន ២០:២៥, ២៧ |
២២:១៨ គេយកសំលៀកបំពាក់ទូលបង្គំចែកគ្នា | ម៉ាថាយ ២៧:៣៥, ៣៦ |
៣៤:២០ គ្មានឆ្អឹងណាមួយត្រូវបាក់បែកឡើយ
|
យ៉ូហាន ១៩:៣២, ៣៣,
៣៦ |
៣៥:១១ មានសាក្សីក្លែងក្លាយជាច្រើននាំគ្នាប្រឆាំងនឹងទូលបង្គំ | ម៉ាកុស ១៤:៥៧ |
៣៥:១៩ គេស្អប់ទូលបង្គំដោយឥតហេតុផល | យ៉ូហាន ១៥:២៥ |
៤០:៧, ៨ ទូលបង្គំពេញចិត្តនឹងធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ | ហេព្រើរ ១០:៧ |
៤១:៩ មិត្តសម្លាញ់របស់ទូលបង្គំគឺហើយជាអ្នកដែលបរិភោគអាហាររួមជាមួយទូលបង្គំ ក៏ប្រឆាំងនឹងទូលបង្គំ | លូកា ២២:៤៧
|
៤៥:៦ បល្ល័ង្ករបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្ប | ហេព្រើរ ១:៨ |
៦៨:១៨ ព្រះអង្គយាងឡើងទៅស្ថានខ្ពស់ | ម៉ាកុស ១៦:១៩ |
៦៩:៩ ទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គ | យ៉ូហាន ២:១៧ |
៦៩:២១ គេបែរជាយកទឹកខ្មេះមកអោយទូលបង្គំ | ម៉ាថាយ ២៧:៣៤ |
១០៩:៤ ទូលបង្គំបានអធិស្ឋានអោយពួកខ្មាំងសត្រូវ | លូកា ២៣:៣៤ |
១០៩:៨ មានម្នាក់ទៀតកាន់តំណែងជំនួសអ្នកក្បត់ | កិច្ចការ ១:២០ |
១១០:១ ព្រះអង្គគង់នៅខាងស្ដាំទ្រង់ទំរាំដល់ទ្រង់បង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គមកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ | ម៉ាថាយ ២២:៤៤
|
១១០:៤ ព្រះអង្គជាសង្ឃ (បូជាចារ្យ) អស់កល្បតរៀងទៅតាមរបៀបស្ដេចម៉ិលគីស្សាដែក | ហេព្រើរ ៥:៦
|
១១៨:២២ ថ្មដែលពួកជាងសង់ផ្ទះបោះបង់ចោលបានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត | ម៉ាថាយ ២១:៤២
|
១១៨:២៦ ព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់
|
ម៉ាថាយ ២១:៩
|
Leave a Reply