ពាក្យលំនាំ៖ ទំនុកដំកើង Introduction to Psalms

Psalms Intro pdf download

ទំនុក​ដំកើង​

កណ្ឌ​ទំនុក​ដំកើង ​គឺ​ជា​ការ​ប្រមូល​ផ្តុំ​មួយនៃ​បទ​ចម្រៀង​ និង​សេចក្តី​អធិស្ឋាន​។ ​បទ​ចម្រៀង​និង​សេចក្តី​អធិស្ឋាន​ទាំង​នោះ​ត្រូវ​បាន​សរសេរ​ឡើង​ដោយ​មនុស្ស​ផ្សេងៗ​គ្នា​អស់​រយៈ​ពេល​យ៉ាង​យូរ​​​។ ​ស្តេច​ដាវីឌ​បាន​សរសេរ​បទ​ចម្រៀង​និង​សេចក្តី​អធិស្ឋាន​មួយ​ចំនួន​ ហើយ​ពួក​សង្ឃ​និង​​មេ​​ភ្លេង​នៅ​ក្នុង​ព្រះ​វិហារ​បាន​សរសេរ​មួយ​ចំនួន​ផ្សេង​ទៀត​។​

ទំនុកដំកើង​ មាន​ទាំង​ការ​សរសើរ​តម្កើង​ព្រះ​អំពី​​ការ​​បង្ក​បង្កើត​​និង​សេចក្តី​​សង្គ្រោះ​ដល់​យើង​ និង​ការ​ត្អូញត្អែរ​អំពី​ស្ថានភាព ឬ​កាលៈទេសៈ​របស់​អ្នក​និពន្ធ​ឬ​មនុស្ស​លោក​។ ​ពួក​អ្នក​និពន្ធ​និយាយ​ទៀង​ត្រង់​ចំពោះ​ព្រះ ហើយ​ទំនុក​ដំកើង​ជួយ​យើង​អោយ​និយាយ​ទៅ​កាន់​ព្រះ​ចេញ​ពី​ចិត្ត​ដោយ​បើកចំហ​និង​ស្មោះ​ត្រង់​។ ​សូម្បី​តែ​នៅពេល​ការ​ទួញ​សោក​មួយ​ត្រូវ​បាន​និយាយ​ទៅ​កាន់​ព្រះ ក៏​ត្រូវ​បាន​ចាត់​ទុក​ជា ​«​ការ​សរសើរ​តម្កើង​» នៅ​ក្នុង​ទំនុកដំកើង​ផង​ដែរ​។

គម្រោង​ Outline

ភាគ​ទី​១ ទំនុក​ដំកើង​ ១–៤១

ភាគ​ទី​២ ទំនុក​ដំកើង​ ៤២–៧២

ភាគ​ទី​៣ ទំនុក​ដំកើង​ ៧៣–៨៩

ភាគ​ទី​៤ ទំនុក​ដំកើង​ ៩០–១០៦

ភាគ​ទី​៥ ទំនុក​ដំកើង​ ១០៧–១៥០

សេចក្តី​ផ្តើម​

ទំនុក​ដំកើង ប្រហែល​ជា​ត្រូវ​បាន​ចងក្រង​បញ្ចូល​គ្នា​ បន្ទាប់​ពី​ពួក​យូដា​វិល​ត្រឡប់​មក​ពី​ការ​និរទេស​នៅ​ស្រុក​បាប៊ីឡូន​។ ទំនុក​ដំកើង​ ១៣៧ រំលឹក​អំពី​ពេល​វេលា​ទុក្ខសោក​ទាំង​នោះ​ (១៣៧:១–៤)។  កណ្ឌ​ទំនុកដំកើង ត្រូវ​បាន​រៀប​ចំ​ជា​ប្រាំ​ភាគ​។ ​ភាគ​ទាំង​អស់​មិន​តែង​តែ​មាន​ផ្ទៃរឿង​មួយ​ទេ ហើយ​ពួក​វា​មាន​កាលបរិច្ឆេទ​មិន​តាម​លំដាប់​ដែរ​​។ ​ទំនុក​ដំកើង​ខ្លះ​របស់​ស្តេច​ដាវីឌ​ត្រូវ​បាន​ដាក់​បញ្ចូល​គ្នា​ ហើយ​មាន​ក្រុម​ទំនុកដំកើង​សម្រាប់​ឡើង​ទៅ​ព្រះ​វិហារ​ (តាម​ថ្នាក់)​ និង​មាន​ទំនុកដំកើង​សរសើរ​តម្កើង​មួយ​ចំនួន​នៅ​ចុង​បញ្ចប់​កណ្ឌ​នេះ​។  ភាគ​នីមួយៗ​បញ្ចប់​ដោយ​ពាក្យ​សរសើរ​តម្កើង​។

ទំនុកដំកើង​មួយ​ចំនួន​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ខ្លាំង​ប៉ុន្តែ​ទំនុកដំកើង​ផ្សេងៗ​ទៀត​សាក​សម​សម្រាប់​ក្រុមជំនុំ​ ឬ​សម្រាប់​ច្រៀង​នៅ​ក្នុង​ពិធី​។ ​ព្រះ​យេស៊ូវ​បាន​ចេះ​ទំនុកដំកើង​យ៉ាង​ច្បាស់​លាស់​។ ​ទាំង​ពួក​យូដា​ទាំង​គ្រីស្ទបរិស័ទ​បាន​ប្រើ​ទំនុកដំកើង​ទាំង​នេះ​យ៉ាង​ខ្ជាប់ខ្ជួន​ សម្រាប់​ទាំង​សេចក្តី​អធិស្ឋាន​ផ្ទាល់​ខ្លួន​និង​ទាំង​ការ​សរសើរ​តម្កើង​ជា​សាធារណៈ​។

តើ នរណា​ខ្លះ​បាន​សរសេរ​ទំនុកដំកើង?

​ទំនុក​ដំកើង​ជា​ច្រើន​ត្រូវ​បាន​សរសេរ​ឡើង​ដោយ​ស្តេច​ដាវីឌ​ឬ​មាន​ការ​ទាក់ទង​នឹង​ទ្រង់​។ ​ភាគទី២​បញ្ចប់​ដោយ​ពាក្យ​ថា «​ពាក្យ​អធិស្ឋាន​របស់​ដាវីឌ ជា​បុត្រ​អ៊ីសាយ ចប់​តែ​ប៉ុណ្ណេះ​» ប៉ុន្តែ​ក្រោយ​មក​ទៀត​ក៏​មាន​ទំនុកដំកើង​របស់​ស្តេច​ដាវីឌ​នៅ​ក្នុង​កណ្ឌ​។ ​នៅ​ពេល​ទំនុកដំកើង​មួយ​ត្រូវ​បាន​អះអាង​ថា​ជា​ «​ទំនុក​នៃ​ស្តេច​ដាវីឌ» ​វា​អាច​មាន​ន័យ​ថា ទ្រង់​បាន​សរសេរ​ទំនុកដំកើង​នោះ​ ឬ​ក៏​ទំនុកដំកើង​នោះ​គឺ​អំពី​ទ្រង់​។ ​មាន​ទំនុកដំកើង​ចំនួន​៧៣ដែល​ត្រូវ​បាន​អះអាង​ថា​ «ទំនុក​នៃ​ស្តេច​ដាវីឌ»។ទំនុក​ដំកើង​ខ្លះ​ទាំង​នេះ​ទាក់ទង​នឹង​ព្រឹត្តិការណ៍​នៅ​ក្នុង​ជីវិត​របស់​ទ្រង់​ ដូចជា​ ការ​រត់​គេច​ខ្លួន​របស់​ទ្រង់​នៅ​ក្នុង​រូង​ភ្នំ ជ័យ​ជំនះ​ផ្សេងៗ​របស់​ទ្រង់​នៅក្នុង​ចម្បាំង ឬ​ការ​ប្រែចិត្ត​របស់​ទ្រង់​បន្ទាប់​ពី​ទ្រង់​បាន​ប្រព្រឹត្ត​សេចក្តី​កំផិត​ជាមួយ​នាង​បាតសេបា​។

ទំនុកដំកើង​ខ្លះ (នៅ​ដើម​ភាគ​ទី​២) ​ត្រូវ​បាន​សរសេរ​ដោយ​កូនប្រុស​របស់​កូរេ​ដែល​ជា​គ្រួសារ​មួយ​បាន​បម្រើ​ជា​មន្ត្រី​នៅ​ក្នុង​ព្រះ​វិហារ​។​ ទំនុកដំកើង ៧៣-៨៣ នៅក្នុង​ភាគ​ទី​៣​ គឺ​ជា​ស្នាដៃ​របស់​អ្នក​ភ្លេង​ឈ្មោះ​អេសាភ​ ដែល​ជា​ស្ថាបនិក​នៃ​ក្រុម​ភ្លេង​មួយ​សម្រាប់​ព្រះ​វិហារ។

​ទំនុកដំកើង​ជាង​មួយ​ភាគ​បី​ត្រូវ​បាន​អះអាង​ថា «សម្រាប់​មេ​ភ្លេង»​ ដែល​ប្រហែល​ជា​ត្រូវ​បាន​សរសេរ​ឡើង​សម្រាប់​ប្រើ​ក្នុង​ការ​ថ្វាយ​បង្គំ​នៅ​ព្រះ​វិហារ​ជា​រៀង​រាល់​ថ្ងៃ​ ឬ​ត្រូវ​បាន​រៀបចំ​សម្រាប់​កម្មវិធី​ពិសេស​មួយ​។ ​

ភាគ​ទី១ (ទំនុកដំកើង ១–៤១)

​ទំនុកដំកើង​ភាគ​ច្រើន​នៅក្នុង​ភាគ​ទី​១ ​ប្រកាស​សេចក្តី​ពិត​មួយ​អំពី​ព្រះ​ ឬ​របៀប​ដើរតាម​ព្រះ​ដោយ​ស្មោះត្រង់​នៅក្នុង​លោកិយ​មួយ​ដែល​ទាស់​ប្រឆាំង​នឹង​ទ្រង់​។ ឧទាហរណ៍​ទំនុក​ដំកើង​ពីរ​ជំពូក​ដំបូង​ផ្តល់​សេចក្តី​ពិត​សំខាន់​ពីរ​អំពី​នេះ​។ ​នៅ​ក្នុង​លោកិយ​ដែល​ទាស់​ប្រឆាំង​នឹង​ព្រះ​ហើយ​ប្រឆាំង​នឹង​ព្រះ​អង្គ​ដែល​ទ្រង់​បាន​លាប​ប្រេង​តាំង​អោយ (ទំនុកដំកើង ២:១-៣) យើង​គួរ​តែ​រីករាយ​ក្នុង​និង​ដើរ​តាម​ផ្លូវ​របស់​ព្រះ ​និង​មិន​ត្រូវ​ដើរ​តាម​លោកិយ​នេះ​ទេ (ទំនុកដំកើង ១) ហើយ​ចុះចូល​ចំពោះ​ព្រះយេស៊ូវ​ដែល​ជា​ព្រះរាជបុត្រា​របស់​ទ្រង់​ដែល​បាន​ទទួល​ការ​ចាក់​ប្រេង​តាំង​ ហើយ​យក​ទ្រង់​ជា​ទី​ជ្រក​កោន​ (ទំនុកដំកើង ២)។ ​នេះ​គឺជា​របៀប​ទទួល​បាន​ព្រះពរ (១:១-២; ២:១២)។

​នៅ​ក្នុង​ការ​បង្កើត​ទាំង​មូល​របស់​ទ្រង់ព្រះ​បាន​ប្រទាន​កន្លែង​កិត្តិយស​ពិសេស​មួយ​ដល់​មនុស្ស​ជាតិ​ (​ទំនុក​ដំកើង​ ៨)។ ​ព្រះអម្ចាស់​គង់​ជាមួយ​មនុស្ស​ ដែល​ឥត​ទោស​ ស្មោះត្រង់​និង​ទៀង​ត្រង់​ និង​សប្បុរស(ទំនុកដំកើង ១៥, ២៤)។

​ទំនុក​ដំកើង​ជាច្រើន​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន​យ៉ាង​ខ្លាំង គឺ​ជា​ការ​សុំ​ជំនួយ​ប្រឆាំង​នឹង​ពួក​ខ្មាំង​សត្រូវ​ ទំនុកដំកើង ៣, ១២, ២៥, ៣៥) ឬ​សុំ​ព្រះអង្គ​ការ​ពារ (ទំនុកដំកើង ៧, ១៥, ៣៦)។ ​ពេល​ខ្លះ អ្នក​និពន្ធ​ទំនុកដំកើង​ស្រែក​អំពាវនាវ​ទៅ​កាន់​ព្រះ​អម្ចាស់​ ដើម្បី​អោយ​ទ្រង់​សង្គ្រោះ​មនុស្ស​សុចរិត​ ហើយ​ដាក់​ទោស​មនុស្ស​ទុច្ចរិត​ (ទំនុក​ដំកើង​ ១០, ១៧)។

ជារឿយៗ អ្នក​និពន្ធ​ទំនុកដំកើង​ច្រៀង​អំពី​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ​អម្ចាស់​ និង​ការ​ពឹងផ្អែក​លើ​ទ្រង់​ ដោយ​ប្រើ​រូប​ភាព​ពី​ជីវិត​ប្រចាំ​ថ្ងៃ​៖ ព្រះ​អម្ចាស់​គឺជា​ថ្មដា ​បន្ទាយ ខែល ទី​ពំនាក់​ អ្នក​គង្វាល និង​ពន្លឺ (ទំនុកដំកើង ១៨, ២៣, ២៧)។ ​អ្នក​និពន្ធ​អាច​បរិយាយ​អំពី​ទុក្ខ​លំបាក​របស់​គាត់​ដូច​ជា​ត្រូវ​បាន​ជាប់​​សំណាញ់ ធ្លាក់​ចូល​ទៅ​ក្នុង​រណ្តៅ ឬ​ដូច​ជា​ទីក្រុង​ដែល​ត្រូវ​គេ​ឡោម​ព័ទ្ធ (ទំនុកដំកើង ៣១, ៤០)។

​ទំនុកដំកើង​ខ្លះ​និទាន​អំពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​ជាមួយ​ព្រះ​អម្ចាស់ ដែល​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​របស់​អ្នក​និពន្ធ ក្នុង​​កាល​ព្រះ​បាន​ជួយ​គាត់ (ទំនុកដំកើង ៣២, ៣៤, ៣៧, ៤០, ៤១)។

​នៅ​ក្នុង​ភាគ​ទី​១ អ្នក​និពន្ធ​ធ្លាប់​ប្រើ​ព្រះ​នាម «​ព្រះ​យេហូវ៉ា» ​សម្រាប់​ព្រះ​។​

ភាគ​ទី២ (ទំនុកដំកើង ៤២–៧២)

​នៅ​ក្នុង​ភាគ​ទី​២ ​ជារឿយៗ​ទំនុកដំកើង​ប្រើ​ពាក្យ​ «អេឡូហ៊ីម» (គឺ​មិន​ប្រើ​ពាក្យ ​«​ព្រះ​យេហូវ៉ា» សម្រាប់​ព្រះ​។​  ភាគ​នេះ​មាន​ទំនុកដំកើង​ដ៏​អស្ចារ្យ​អំពី​ការ​ថ្វាយ​បង្គំ​ផ្ទាល់​ខ្លួន​របស់​ស្តេច​ដាវីឌ (ទំនុកដំកើង ៦២, ៦៣)។ ​មាន​សេចក្តី​អធិស្ឋាន​សម្រាប់​ការ​សង្គ្រោះ (ទំនុកដំកើង ៤៣, ៥៤, ៥៥, ៥៨, ៥៩, ៦៩, ៧០, ៧១) និង​សេចក្តី​អត់ទោស (ទំនុកដំកើង ៥១)។ ​ទំនុកដំកើង​ខ្លះ​នឹកចាំ​ពី​ការ​សង្គ្រោះ​ដ៏​អស្ចារ្យ​របស់​ព្រះ​នៅ​ក្នុង​អតីតកាល ហើយ​ទូល​សូម​អោយ​ទ្រង់​នឹង​ធ្វើ​ដូចនេះ​ម្តង​ទៀត​ (ទំនុកដំកើង ៤៤, ៦០)។ ទំនុកដំកើង​ផ្សេងទៀត​បាន​ជួយ​អ្នក​និពន្ធ​និង​អ្នក​អាន​យល់​អោយ​បាន​ត្រឹមត្រូវ​អំពី​សេចក្តី​ព្រួយ​បារម្ភ សេចក្តី​ភ័យ​ខ្លាច និង​សេចក្តី​ច្រណែន​ (ទំនុកដំកើង ៤៩, ៥២, ៥៦, ៥៧)។

​ជារឿយៗ​ ទំនុកដំកើង​របស់​ពួក​កូរេ​ត្រូវ​បាន​និពន្ធ​ឡើង​ដើម្បី​ប្រើ​នៅ​ទី​សាធារណៈ​ និង​ក្រុម​ជំនុំ ទំនុកដំកើង ៤៦, ៤៧, ៤៨)។ ​ទំនុកដំកើង​ទាំង​នេះ​បង្ហាញ​ថា​ ព្រះ​សំដែង​អង្គ​ទ្រង់​អោយ​មនុស្ស​ស្គាល់ ហើយ​ហៅ​មនុស្ស​អោយ​មក​ថ្វាយ​បង្គំ​ទ្រង់ (ទំនុកដំកើង ៥០)។ ​មាន​ការ​សរសើរ​តម្កើង​ចំពោះ​ព្រះ​សម្រាប់​ការ​បង្កើត​និង​ការ​សង្គ្រោះ​របស់​ទ្រង់ ​(ទំនុកដំកើង ៦៥, ៦៦, ៦៨) និង​សំណូម​អោយ​ទ្រង់​បន្ត​ប្រទាន​សេចក្តី​មេត្តា​ករុណា​ (ទំនុកដំកើង ៦៧)។

ភាគ​ទី៣ (ទំនុកដំកើង ៧៣–៨៩)

ភាគ​ទី​៣​មាន​ទំនុកដំកើង​ជា​ច្រើន​របស់​អេសាភ​។ ម្តង​ទៀត ​មាន​ទំនុកដំកើង​សម្រាប់​ការ​ប្រើ​ផ្ទាល់​ខ្លួន៖ ​ការ​សញ្ជឹង​គិត​អំពី​ការ​ច្រណែន (ទំនុកដំកើង ៧៣) និង​សេចក្តី​ទូល​អង្វរ​សម្រាប់​ការ​ដឹកនាំ (ទំនុកដំកើង ៨៦) និង​ការ​សង្គ្រោះ​ (ទំនុកដំកើង ៨៨)។ ប៉ុន្តែ​ទំនុកដំកើង​ខ្លះ​គឺ​សម្រាប់​ការ​សរសើរ​តម្កើង​និង​ការ​ប្រែចិត្ត​របស់​ជាតិសាសន៍​ទាំង​មូល​ជា​សាធារណៈ។ ​មាន​ការ​រំលឹក​រួម​គ្នា​អំពី​ការ​ច្បាំង​យក​ឈ្នះ​និង​ការ​ប្រមាថ​ដល់​ព្រះ​វិហារ​ពី​ពួក​ខ្មាំង​សត្រូវ (ទំនុកដំកើង ៧៤, ៧៩) ការ​ស្រែក​អង្វរ​សម្រាប់​ការ​សង្គ្រោះ​និង​ការ​ស្តា​ឡើង​វិញ (ទំនុក​ដំកើង​ ៨០) និង​ការ​អបអរ​ថា ​ព្រះ​តែ​មួយ​មាន​អធិបតេយ្យ​ភាព​និង​វិនិច្ឆ័យ​ (ទំនុក​ដំកើង​ ៧៥, ៧៦)។

​ទំនុកដំកើង​ខ្លះ​នឹកចាំ​អំពី​សកម្មភាព​របស់​ព្រះ​នៅក្នុង​ធម្មជាតិ​និង​ប្រវត្តិសាស្ត្រ (ទំនុក​ដំកើង​ ៧៨) និង​សម្ព័ន្ធមេត្រី​របស់​ទ្រង់​ជាមួយ​ស្តេច​ដាវីឌ​ (ទំនុក​ដំកើង​ ៨៩) ឬ​ហៅ​មនុស្ស​អោយ​វិល​មក​ឯ​ព្រះ​វិញ​ (ទំនុក​ដំកើង​ ៨១, ៨២)។ ទំនុកដំកើង​ខ្លះ​បញ្ជាក់​ពី​អារម្មណ៍​ជ្រាលជ្រៅ​របស់​អ្នក​និពន្ធ ដូច​ជា ការ​ប្រាថ្នា​អោយ​ព្រះ​បំបាក់​ពួក​ខ្មាំង​សត្រូវ​របស់​ខ្លួន (ទំនុកដំកើង ៨៣) និង​សម្រាប់​សន្តិភាព​ (ទំនុក​ដំកើង​ ៨៥)។

ភាគ​ទី៤ (ទំនុក​ដំកើង​ ៩០–១០៦)

​ភាគ​ទី​៤​ ចាប់​ផ្តើម​ដោយ​ការ​សញ្ជឹង​គិត​អំពី​ជីវិត​​របស់​មនុស្ស (ទំនុកដំកើង ៩០) ​និង​មនុស្ស​ត្រូវ​ពឹង​អាស្រ័យ​លើ​ព្រះ​ទាំង​ស្រុង​ (ទំនុកដំកើង ៩១)។ ​មាន​ការ​អរព្រះគុណ​ចំពោះ​ព្រះ​ពរ​លើ​ជីវិត​ដែល​យក​ព្រះ​ជា​ទី​មួយ (ទំនុកដំកើង ៩២)។

​បន្ទាប់​មក មាន​ក្រុម​ទំនុកដំកើង​មួយ​​ ដែល​សរសើរ​តម្កើង​ព្រះ​ជា​មហាក្សត្រ​នៃ​ពិភពលោក​ (ទំនុកដំកើង ៩៣–១០០)។ ម្តង​ទៀត ​មាន​ទំនុកដំកើង​ ដែល​និយាយ​អំពី​ការ​ផ្គត់ផ្គង់​របស់​ព្រះ​នៅ​ក្នុង​ធម្មជាតិ (ទំនុកដំកើង ១០៤) និង​សម្រាប់​អ៊ីស្រាអែល (ទំនុកដំកើង ១០៥, ១០៦)។

ភាគ​ទី៥ (ទំនុកដំកើង ១០៧–១៥០)

​ភាគ​ទី​៥ ចាប់​ផ្តើម​ដោយ​ការ​រំលឹក​ពី​ការ​សង្គ្រោះ​របស់​ព្រះ​ចេញ​ពី​ស្ថានភាព​អស់​សង្ឃឹម (ទំនុកដំកើង ១០៧) និង​ការ​ប្ដេជ្ញា​របស់​ស្តេច​ដាវីឌ​ក្នុង​ការ​ថ្វាយ​សិរី​ល្អ​ដល់​ទ្រង់ (ទំនុកដំកើង ១០៨)។ ​ស្តេច​ដាវីឌ​ក៏​អំពាវនាវ​ដល់​ព្រះ​អោយ​ដាក់​បណ្តាសា​លើ​ក្បាល​របស់​ខ្មាំង​សត្រូវ​ផង​ដែរ (ទំនុកដំកើង ១០៩)!

​មាន​ទំនុកដំកើង​មួយ​លើក​តម្កើង​ដល់​ស្តេច​ដែល​ព្រះជាម្ចាស់​បាន​ជ្រើសរើស​ ដែល​នឹង​ធ្វើ​ជា​សង្ឃ​និង​ចៅក្រម (ទំនុកដំកើង ១១០) ​ហើយ​បន្ទាប់​មក​មាន​ការ​សរសើរ​តម្កើង​ព្រះ (ទំនុកដំកើង ១១១) និង​មនុស្ស​ស្មោះត្រង់​របស់​ទ្រង់ (ទំនុកដំកើង ១១២)។

​មាន​ការ​ចងក្រង​បទ​ចម្រៀង​សម្រាប់​ពិធី​បុណ្យ​រំលង (ទំនុកដំកើង ១១៣–១១៨)។

ទំនុកដំកើង​វែង​ជាង​គេ​ (១១៩) សរសើរ​តម្កើង​ព្រះ​សម្រាប់​ក្រិត្យវិន័យ​របស់​ទ្រង់ ហើយ​សុំ​អោយ​ទ្រង់​ជួយ​យើង​អោយ​ប្រព្រឹត្ត​តាម​ក្រិត្យវិន័យ​ទាំង​នោះ​ (ទំនុកដំកើង ១១៩)។ ​បន្ទាប់​ពី​ទំនុកដំកើង​នេះ​ ​មាន​ការ​ចងក្រង​ «​សម្រាប់​ឡើង​ទៅ​ព្រះ​វិហារ»​ «ទំនុកច្រៀង​តាម​ថ្នាក់​» ដែល​ទុក​សម្រាប់​ពួក​យូដា​ នៅពេល​ពួកគេ​ធ្វើ​ដំណើរ​ទៅ​ថ្វាយ​បង្គំ​ព្រះ​ក្នុង​ព្រះ​វិហារ​ក្រុង​យេរូសាឡិម (ទំនុកដំកើង១២០–១៣៤) (សូម​ចូល​ទៅ http://www.dkdl.org/?page_id=10 ដើម្បី​មើល​មេរៀន​ សេចក្តី​ណែនាំ​សំរាប់​ទំនុកដំកើង​ ១២០-១៣៤)។ ​ក៏​មាន​ទំនុកដំកើង​សរសើរ​តម្កើង​ព្រះ ​ពីព្រោះ​ទ្រង់​បាន​សង្គ្រោះ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ ​និង​ជ័យជំនះ​លើ​រូប​ព្រះ​និង​អ្នក​ដឹកនាំ​ផ្តាច់​ការ​ដែល​កាន់​សាសនា​ដទៃ (ទំនុកដំកើង១៣៥, ១៣៦)។

​ស្រាប់​តែ​យើង​ត្រូវ​មក​ដល់​ការ​នឹកចាំ​ពី​ការ​ឈឺចាប់​នៅក្នុង​ការ​និរទេស (ទំនុកដំកើង ១៣៧) ប៉ុន្តែ​បន្ទាប់​មក​នឹកចាំ​​ថា ព្រះ​គឺ​ជា​មហាក្សត្រ (ទំនុកដំកើង​ ១៣៨) ដែល​ស្គាល់​យើង​យ៉ាង​ច្បាស់​លាស់ (ទំនុកដំកើង ១៣៩)។ ​បន្ទាប់​មក មាន​ទំនុកដំកើង​ខ្លះ​របស់​ស្តេច​ដាវីឌ​​ដែល​ទូល​សុំ​ការ​ការពារ​និង​ការ​ដោះ​អោយ​រួច​ពី​ទោស​នៅ​ចំពោះ​មុខ​ពួក​ខ្មាំង​សត្រូវ​ (ទំនុក​ដំកើង​ ១៤០–១៤៣) និង​ការ​សរសើរ​តម្កើង​ដែល​ធ្វើ​បន្ទាល់​ពី​អំណាច​ព្រះ​ចេស្ដា​និង​ព្រះ​គុណ​របស់​ព្រះ (ទំនុកដំកើង ១៤៤, ១៤៥)។

​កណ្ឌ​ទំនុក​ដំកើង​បញ្ចប់​ដោយ​ហៅ​ស្នា​ព្រះហស្ត​ទាំង​អស់​អោយ​សរសើរ​តម្កើង​ព្រះ​ (ទំនុកដំកើង ១៤៦–១៥០)។

ប្រភេទ​ទំនុកដំកើង

បញ្ជី​ខាង​ក្រោម​នេះ​មិន​មាន​ទំនុក​​សរសើរ​តម្កើង​ទាំង​អស់​ ឬ​ទំនុក​​អរព្រះគុណ​ទាំង​អស់​នោះ​ទេ…ល។ បើសិន​យើង​បាន​សរសេរ​ចុះ​​​ទំនុកដំកើង​ទាំង​អស់ នោះ​បញ្ជី​ជាច្រើន​​វែង​យ៉ាង​ខ្លាំង ហើយ​ទំនុកដំកើង​ខ្លះ​នឹង​លេច​មក​ដដែលៗ​នៅក្នុង​បញ្ជី​ជា​ច្រើន​នោះ​​។ ខាង​​ក្រោម​​នេះ​គ្រាន់​តែ​ជា​បញ្ជី​មួយ​នៃ​ទំនុកដំកើង​សំខាន់ៗ​នៅ​ក្នុង​ប្រធាន​បទ​ប៉ុណ្ណោះ​។

ទំនុកដំកើង​សរសើរ

៩, ៦៣, ៦៦, ៦៨, ៦៩, ៧១, ៩៥, ១០៣, ១០៤, ១០៥, ១០៦, ១១១, ១១២, ១១៣, ១១៥, ១១៦, ១១៧, ១៣៤, ១៣៥, ១៣៦, ១៣៨, ១៤៥-១៥០

ទំនុកដំកើង​ខ្លះ​គេ​បាន​ហៅ​ថា«ទំនុកដំកើង​ដែល​ពិពណ៌នា​អំពី​ព្រះជាម្ចាស់​និង​សរសើរ​ទ្រង់»​ ‘descriptive praise’ ពីព្រោះ​ទំនុក​ដំកើង​ទាំង​នេះ​បាន​ពិពណ៌នា​អំពី​ចរិត​លក្ខណៈ​និង​សកម្មភាព​របស់​ព្រះ​អង្គ​ហើយ​សរសើរ​ទ្រង់។  ទំនុកដំកើង​ប្រភេទ​នេះ​រួម​មាន៖

៣៣, ៣៦, ១០៥, ១១១, ១១៣, ១៣៥, ១៣៦, ១៤៦

ទំនុក​ដំកើង​អភិសេក​ Enthronement  (ទំនុកដំកើង​ទាំង​នេះ​ពិពណ៌នា​អំពី​អធិបតេយ្យភាព​របស់​ព្រះជាម្ចាស់​ហើយ​ប្រកាស​ថា​ព្រះអង្គ​គ្រប់​គ្រង​លើ​សកល​លោក​អស់កល្ប​ជា​និច្ច​

១៥, ២៤, ៤៧, ៩៣, ៩៦–៩៩

ទំនុកដំកើង​អរព្រះគុណ

២១, ៣០, ៣២, ៣៤, ៤០, ៦៦, ៧៥, ១០០, ១០៥, ១០៦, ១០៧, ១១៨, ១៣៦

ទំនុកដំកើង​អំពី​ព្រះ​ជា​អ្នក​គង្វាល​ បន្ទាយ​ ខែល​ អ្នក​ជួយ​សង្គ្រោះ​

៣, ៤, ៥, ៩, ១១, ១៦, ១៨, ២៣, ២៧, ២៨, ៦២, ៩១, ១១៥, ១២៥, ១៣១, ១៤៤

ទំនុកដំកើង​អំពី​ការ​បង្កបង្កើត

១៩, ៣៣, ៩៥, ៩៦, ១០៤, ១៣៦, ១៣៩, ១៤៨

ទំនុកដំកើង​អំពី​ព្រះបន្ទូល​និង​ក្រិត្យវិន័យ​របស់​ព្រះជាម្ចាស់​

១, ១៩, ៧៨, ១០៥, ១១៩, ១៤៧

ទំនុកដំកើង​អំពី​ស្តេច​អ៊ីស្រាអែល​

២, ១៨, ២១, ៤៥, ៧២, ៨៩, ១១០

ទំនុកដំកើង​ប្រាជ្ញា​

១, ១៤, ៣៧, ៤៩, ៥៣, ៧៣, ៧៨, ៩០, ១១២, ១១៩

ទំនុកដំកើង​សម្រាប់​អ្នក​ធម្មយាត្រា​ដែល​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​យេរូសាឡិម​

៤៣, ៤៦, ៤៨, ៨៤, ៨៧, ១២០–១៣៤

ទំនុកដំកើង​អំពាវនាវ​អោយ​ព្រះ​វិនិច្ឆ័យ ឬ​ដាក់​បណ្តាសា

៧, ៣៥, ៤០, ៥៥, ៥៨, ៥៩, ៦៩, ៨៣, ៩៤, ១០៩, ១៣៧, ១៣៩, ១៤០, ១៤៤

ការ​ទួញ​សោក​ផ្ទាល់​ខ្លួន 

៣–៧, ១២, ១៣, ២២, ២៥–២៨, ៣៥, ៣៨–៤០, ៤២–៤៤, ៥១, ៥៤–៥៧, ៧៧

ការ​ទួញ​សោក​ជា​សហគមន៍ ​(សម្រាប់​ក្រុម​ជំនុំ​ប្រើ)

៥៩–៦១, ៦៣, ៦៤,​៦៩–៧១, ៧៤, ៧៩, ៨០, ៨៣, ៨៥, ៨៦, ៨៨, ៩០, ១២៦

ទំនុកដំកើង​ដែល​មាន​ទំនាក់ទំនង​សំខាន់​ទៅ​នឹង​ព្រះគម្ពីរ​សញ្ញា​ថ្មី 

, ១៨, ២២, ៩៥ (សូម​មើល ហេព្រើរ​ ៣::), ១១០

 

អត្ថបទ​ដក​ស្រង់​ខ្លះ​ចេញ​ពី​ទំនុក​ដំកើង​ដែល​មាន​​នៅ​ក្នុង​សញ្ញា​ថ្មី  (អំពី​ព្រះយេស៊ូវ​)

ទំនាយ

 

ត្រូវ​បាន​បំពេញ​សម្រេច​ហើយ​

 

២:១-៣ អស់ទាំង​សាសន៍​ទាស់​នឹង​ព្រះអង្គ​ដែល​ទ្រង់​បាន​លាបប្រេង​ឱ្យ​

២:៧ ឯង​ជា​កូន​អញ​

កិច្ចការ​ ៤:២៥-២៨

ម៉ាថាយ​ ៣:១៧

២:៩ ឯង​នឹង​បំបាក់​បំបែក​គេ​ដោយ​ដំបង​ដែក

៨:៦ បញ្ចុះ​បញ្ចូល​គ្រប់​ទាំង​អស់​ឱ្យ​នៅ​ក្រោម​ជើង​

វិវរណៈ​ ១២:៥; ១៩:១៥

ហេព្រើរ ​២:៨

១៦:១០ ទ្រង់​នឹង​រស់​ឡើង​វិញ​ ម៉ាកុស​ ១៦:៦, ៧
២២:១ «ហេតុអ្វី​បានជា​ទ្រង់​លះ​ចោល​ទូលបង្គំ​»​ ម៉ាថាយ​ ២៧:៤៦
២២:៧, ៨ អស់អ្នក​ដែល​ឃើញ​ទូលបង្គំ​ក៏​ឡកឡឺយ​ឱ្យ​គេ​បូញ​មាត់​ លូកា​ ២៣:៣៥
២២:១៦ គេ​បាន​ចាក់​ទំលុះ​ដៃជើង​នៃ​ទូលបង្គំ​ យ៉ូហាន​ ២០:២៥, ២៧
២២:១៨ គេ​យក​សំលៀកបំពាក់​ទូលបង្គំ​ចែក​គ្នា​ ម៉ាថាយ​ ២៧:៣៥, ៣៦
៣៤:២០​ គ្មាន​ឆ្អឹង​ណា​មួយ​ត្រូវ​បាក់​បែក​ឡើយ​

 

យ៉ូហាន​ ១៩:៣២, ៣៣,

៣៦

៣៥:១១ មាន​សាក្សី​ក្លែងក្លាយ​ជា​ច្រើន​នាំ​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ​ ម៉ាកុស​ ១៤:៥៧
៣៥:១៩ គេ​ស្អប់​ទូលបង្គំ​ដោយ​ឥត​ហេតុ​ផល​ យ៉ូហាន ​១៥:២៥
៤០:៧, ៨ ទូលបង្គំ​ពេញ​ចិត្ត​នឹង​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះ​អង្គ​ ហេព្រើរ​ ១០:៧
៤១:៩​ មិត្ត​សម្លាញ់​របស់​ទូល​បង្គំ​គឺ​ហើយ​ជា​អ្នក​ដែល​បរិភោគ​អាហារ​រួម​ជា​មួយ​ទូលបង្គំ ក៏​ប្រឆាំង​នឹង​ទូលបង្គំ​ លូកា​ ២២:៤៧

 

៤៥:៦ បល្ល័ង្ក​របស់​ព្រះ​អង្គ​នៅ​ស្ថិតស្ថេរ​អស់កល្ប ហេព្រើរ​ ១:៨
៦៨:១៨ ព្រះអង្គ​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់ ម៉ាកុស​ ១៦:១៩
៦៩:៩ ទូលបង្គំ​ស្រឡាញ់​ព្រះដំណាក់​របស់​ព្រះអង្គ យ៉ូហាន ​២:១៧
៦៩:២១ គេ​បែរ​ជា​យក​ទឹក​ខ្មេះ​មក​អោយ​ទូលបង្គំ​ ម៉ាថាយ ​២៧:៣៤
១០៩:៤ ទូលបង្គំ​បាន​អធិស្ឋាន​អោយ​ពួក​ខ្មាំង​សត្រូវ​ លូកា​ ២៣:៣៤
១០៩:៨ មាន​ម្នាក់​ទៀត​កាន់​តំណែង​ជំនួស​អ្នក​ក្បត់​ កិច្ចការ​ ១:២០
១១០:១ ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​ទ្រង់​ទំរាំ​ដល់​ទ្រង់​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះ​អង្គ​មក​ដាក់​ក្រោម​ព្រះ​បាទា​របស់​ព្រះអង្គ​ ម៉ាថាយ​ ២២:៤៤

 

១១០:៤ ព្រះអង្គ​ជា​សង្ឃ​ (​បូជាចារ្យ)​ អស់កល្ប​ត​រៀង​ទៅតាម​របៀប​ស្ដេច​ម៉ិលគីស្សាដែក ហេព្រើរ​ ៥:៦

 

១១៨:២២ ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​បង់​ចោល​បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត​ ម៉ាថាយ​ ២១:៤២

 

១១៨:២៦​ ព្រះអង្គ​ដែល​យាង​មក​ក្នុង​ព្រះ​នាម​ព្រះអម្ចាស់​

 

ម៉ាថាយ​ ២១:៩

 

 

Leave a Reply

Your email address will not be published. Required fields are marked *

*

Top