សាសន៍លេវី Levites គឺជាពូជពង្សរបស់លេវី ដែលជាកូនប្រុសទីបីរបស់យ៉ាកុបនិងលេអា (សូមមើល http://www.dkdl.org/?page_id=2021)។ ជាទូទៅ ឈ្មោះនេះត្រូវបានប្រើជាឈ្មោះសម្រាប់មនុស្សនៃពូជអំបូរលេវី ដែលត្រូវបានញែកទុកសម្រាប់ការបម្រើទីបរិសុទ្ធ (១ពង្សាវតារក្សត្រ ៨:៤; អែសរ៉ា ២:៧០) និងជាអ្នកជំនួយរបស់ពួកសង្ឃ។
នៅពេលជនជាតិអ៊ីស្រាអែលបានចាកចេញពីស្រុកអេស៊ីព្ទ កូនប្រុសច្បងរបស់គ្រួសារនីមួយៗទទួលការងាររបស់សង្ឃ។ ការអនុវត្តការថ្វាយបង្គំពីបុរាណនេះបានផ្លាស់ប្ដូរនៅភ្នំស៊ីណាយក្នុងកាល ពូជពង្សរបស់អើរ៉ុនបានទទួលខុសត្រូវធ្វើការងារជាសង្ឃសម្រាប់អ៊ីស្រាអែល (និក្ខមនំ ២៨:១)។ លុះដល់ពេលអ៊ីស្រាអែលបានថ្វាយបង្គំរូបគោមាស ពូជអំបូរលេវីបានដកខ្លួនចេញ ហើយមានតួនាទីពិសេសមួយ (និក្ខមនំ ៣២)។ ព្រះជាម្ចាស់បានជ្រើសរើសពួកគេដោយសារតែគេមានភាពឆេះឆួលដើម្បីសិរីល្អរបស់ព្រះ (និក្ខមនំ ៣២:២៦)។
លំដាប់របស់ពួកលេវីទាំងអស់ គឺមានពូជពង្សនៃកូនប្រុសទាំងបីនាក់របស់លេវីគឺ គើសុន កេហាត់ ម្រ៉ារី មានតួនាទីពិសេស ប៉ុន្តែពួកសង្ឃជាពូជពង្សរបស់អើរ៉ុន ដែលជាកូនប្រុសរបស់អាំរ៉ាម។
អាយុនិងលក្ខណៈសម្បត្តិសម្រាប់ការបម្រើរបស់ពួកលេវីមាននៅក្នុង ជនគណនា ៤:៣, ២៣, ៣០, ៣៩, ៤៣, ៤៧។
ពូជអំបូរលេវីមិនត្រូវបានរាប់បញ្ចូលជាកងទ័ពរបស់អ៊ីស្រាអែលទេ (ជនគណនា ១:៤៧; ២:៣៣; ២៦:៦២)។ ពួកគេគឺជាអ្នកការពារពិសេសសម្រាប់រោងឧបោសថ (ជនគណនា ១:៥១; ១៨:២២–២៤)។ ពួកគើសុនត្រូវតំឡើងត្រសាលនៅខាងលិចរោងឧបោសថ (៣:២៣) ពួកកេហាត់នៅខាងត្បូង (៣:២៩) ពួកម្រ៉ារីនៅខាងជើង (៣:៣៥) ហើយពួកសង្ឃនៅខាងកើត (៣:៣៨)។ ពួកគេមានតួនាទីរុះរើត្រសាល ហើយលើកជញ្ជូនប្រដាប់ប្រដារោងឧបោសថពីកន្លែងមួយទៅកន្លែងមួយ។
ដោយសារពួកគេត្រូវបានឧទ្ទិសថ្វាយជីវិតដាច់ទាំងស្រុងទៅក្នុងការបម្រើព្រះអម្ចាស់នោះពួកគេមិនបានមានចំណែកទឹកដីឡើយ។ ព្រះគឺជាមរតករបស់ពួកគេ (ជនគណនា ១៨:២០; ២៦:៦២; ចោទិយកថា១០:៩; ១៨:១-២) ហើយដើម្បីផ្គត់ផ្គង់ដល់ពួកគេ ព្រះបានបង្គាប់ថា ពួកគេគួរតែទទួលដង្វាយមួយភាគដប់នៃភោគផលពីទឹកដីរបស់ពូជអំបូរដទៃៗទៀត។ ទីក្រុងចំនួនសែសិបប្រាំបីក៏ត្រូវបានផ្តល់ដល់ពួកគេផងដែរ ដែលមានទីក្រុងចំនួនដប់បីសម្រាប់អោយពួកសង្ឃរស់នៅ។ ទីក្រុងចំនួនប្រាំមួយរបស់ពួកលេវីត្រូវបានញែកជា «ទីក្រុងពំនាក់»។ ដូច្នេះពួកលេវីត្រូវបានខ្ចាត់ខ្ចាយនៅក្នុងចំណោមពូជអំបូរទាំងអស់ ដើម្បីជួយអោយពួកគេនៅតែស្គាល់ព្រះនិងបម្រើព្រះ។
Leave a Reply