សាសន៍​លេវី ​Levites

សាសន៍​លេវីLevites គឺ​ជា​ពូជពង្ស​របស់​លេវី​ ដែល​ជា​កូន​ប្រុស​ទី​បី​របស់​យ៉ាកុប​និង​លេអា​ (សូម​មើល​ http://www.dkdl.org/?page_id=2021)។​ ជា​ទូទៅ ឈ្មោះ​នេះ​​ត្រូវ​បាន​ប្រើ​​ជា​ឈ្មោះ​​សម្រាប់​​​មនុស្ស​នៃ​ពូជ​អំបូរ​លេវី​ ដែល​ត្រូវ​បាន​ញែក​ទុក​សម្រាប់​​ការ​បម្រើ​​ទី​បរិសុទ្ធ (១ពង្សាវតារក្សត្រ​ ៨:៤; អែសរ៉ា ​២:៧០) ​និង​ជា​អ្នក​ជំនួយ​​របស់​ពួក​សង្ឃ។

​នៅ​ពេល​ជនជាតិ​អ៊ីស្រាអែល​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ​​​កូន​ប្រុស​ច្បង​​របស់​គ្រួសារ​នីមួយៗ​ទទួល​ការងារ​​របស់​សង្ឃ​។ ​ការ​អនុវត្ត​ការ​​ថ្វាយ​បង្គំ​ពី​បុរាណ​​នេះ​​​បាន​ផ្លាស់​ប្ដូរ​​នៅ​ភ្នំ​ស៊ីណាយ​ក្នុង​កាល​ ពូជ​ពង្ស​របស់​អើរ៉ុន​បាន​ទទួល​ខុស​ត្រូវ​ធ្វើ​ការងារ​ជា​សង្ឃ​​​សម្រាប់​អ៊ីស្រាអែល​ (និក្ខមនំ ២៨:១)។ លុះ​ដល់​​​ពេល​អ៊ីស្រាអែល​បាន​ថ្វាយ​បង្គំ​​​រូប​គោ​មាស​ ​​ពូជអំបូរ​លេវី​បាន​ដក​ខ្លួន​ចេញ​ ហើយ​​មាន​តួនាទី​​ពិសេស​​មួយ​ (និក្ខមនំ ៣២)។​ ​ព្រះជាម្ចាស់​បាន​ជ្រើសរើស​ពួក​គេ​ដោយ​សារ​តែ​​គេ​មាន​ភាព​ឆេះ​ឆួល​​ដើម្បី​​សិរីល្អ​របស់​ព្រះ (និក្ខមនំ ៣២:២៦)។

​លំដាប់​​របស់​ពួក​លេវី​​​ទាំង​អស់​​​ ​គឺ​មាន​ពូជពង្ស​នៃ​កូន​ប្រុស​ទាំង​បី​នាក់​របស់​លេវី​គឺ គើសុន កេហាត់ ម្រ៉ារី​ មាន​តួនាទី​ពិសេស​​ ប៉ុន្តែ​ពួក​សង្ឃ​ជា​ពូជ​ពង្ស​របស់​អើរ៉ុន​ ដែល​ជា​កូន​ប្រុស​របស់​អាំរ៉ាម។

​អាយុ​និង​លក្ខណៈ​សម្បត្តិ​សម្រាប់​ការ​បម្រើ​របស់​​ពួក​លេវី​មាន​នៅ​ក្នុង​​ ជនគណនា ៤:៣, ២៣, ៣០, ៣៩, ៤៣, ៤៧។

​ពូជអំបូរ​លេវី​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ជា​កង​ទ័ព​របស់​អ៊ីស្រាអែល​ទេ (ជនគណនា​ ១:៤៧; ២:៣៣; ២៦:៦២)។ ​ពួកគេ​គឺជា​អ្នក​ការពារ​ពិសេស​សម្រាប់​រោង​ឧបោសថ (ជនគណនា​ ១:៥១; ១៨:២២–២៤)។ ពួក​គើសុន​​ត្រូវ​តំឡើង​ត្រសាល​នៅ​ខាង​លិច​​រោង​ឧបោសថ (៣:២៣) ​ពួក​កេហាត់​​នៅ​ខាង​ត្បូង (៣:២៩) ពួក​ម្រ៉ារី​នៅ​ខាង​ជើង (៣:៣៥) ហើយ​ពួក​សង្ឃ​នៅ​ខាង​កើត (៣:៣៨)។ ​​ពួកគេ​មាន​តួនាទី​រុះ​រើ​ត្រសាល​ ហើយ​លើក​ជញ្ជូន​ប្រដាប់ប្រដា​​​​រោង​ឧបោសថ​​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​។

ដោយ​សារ​ពួកគេ​ត្រូវ​​បាន​ឧទ្ទិស​ថ្វាយ​ជីវិត​ដាច់​ទាំង​ស្រុង​​ទៅ​ក្នុង​ការ​បម្រើ​ព្រះ​អម្ចាស់​នោះ​ពួកគេ​មិន​​បាន​មាន​ចំណែក​ទឹក​ដី​ឡើយ​។ ​ព្រះ​គឺជា​មរតក​របស់​ពួកគេ​ (ជនគណនា​ ១៨:២០; ២៦:៦២; ចោទិយកថា​១០:៩; ១៨:១-២) ហើយ​​ដើម្បី​ផ្គត់ផ្គង់​ដល់​ពួកគេ ​ព្រះ​បាន​បង្គាប់​​ថា​​ ពួកគេ​​គួរ​តែ​ទទួល​ដង្វាយ​មួយ​ភាគ​ដប់​​នៃ​ភោគផល​ពី​ទឹកដី​​របស់​ពូជអំបូរ​ដទៃៗ​ទៀត​។ ទី​ក្រុង​ចំនួន​​សែ​សិប​​​​ប្រាំ​បី​​ក៏​ត្រូវ​បាន​ផ្តល់​ដល់​ពួកគេ​ផង​ដែរ ​ដែល​មាន​ទីក្រុង​ចំនួន​ដប់​បី​សម្រាប់​​អោយ​ពួក​សង្ឃ​រស់​នៅ​។​ ទី​ក្រុង​ចំនួន​ប្រាំ​មួយ​របស់​ពួក​លេវី​ត្រូវ​បាន​ញែក​ជា «ទីក្រុង​ពំនាក់»។ ដូច្នេះ​ពួក​លេវី​​​ត្រូវ​បាន​ខ្ចាត់ខ្ចាយ​នៅ​ក្នុង​ចំណោម​ពូជអំបូរ​ទាំង​អស់​ ដើម្បី​​ជួយ​អោយ​​ពួកគេ​នៅ​តែ​​ស្គាល់​ព្រះ​និង​បម្រើ​ព្រះ​។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top