សាសន៍ម៉ូអាប់ Moabites គឺជាពូជអំបូររបស់ម៉ូអាប់ ដែលជាកូនប្រុសរបស់ឡុត (លោកុប្បត្ដិ ១៩:៣៧)។ ពួកគេកាន់កាប់លើតំបន់ភាគខាងកើតទន្លេយ័រដាន់បន្តិចម្តងៗចាប់ពីសូអារនៅព្រំដែនខាងត្បូងឆៀងខាងកើតនៃសមុទ្រស្លាប់។ នៅមុនពេលធ្វើដំណើរចេញពីស្រុកអេស៊ីព្ទបន្តិច ស៊ីហុន ស្តេចសាសន៍អាម៉ូរីបានដឹកនាំសាសន៍អាម៉ូរីឆ្លងទន្លេយ័រដាន់ ហើយបានបណ្តេញសាសន៍ម៉ូអាប់ចេញ (ជនគណនា ២១:២៦-៣០) ពីតំបន់នៅរវាងស្ទឹងអើណូននិងស្ទឹងយ៉ាបុក ហើយបានកាន់កាប់តំបន់នេះដោយយកហែសបូនធ្វើជារាជធានីរបស់ពួកគេ។ បន្ទាប់មកគេបានកំណត់ព្រំដែនទឹកដីរបស់សាសន៍ម៉ូអាប់នៅខាងត្បូងស្ទឹងអើណូន។
នៅពេលធ្វើដំណើរជាក្បួនជនជាតិអ៊ីស្រាអែលមិនបានឆ្លងកាត់តាមស្រុកម៉ូអាប់ទេប៉ុន្តែឆ្លងកាត់តាម «ទីរហោស្ថាន» ទៅភាគខាងកើតវិញ (ចោទិយកថា២:៨; ពួកចៅហ្វាយ ១១:១៨)។ ស្តេចសាសន៍ម៉ូអាប់ឈ្មោះបាឡាក់បានស្វែងរកជំនួយពីសាសន៍ម៉ាឌាន (ជនគណនា ២២:២-៤)។
បន្ទាប់ពីអ៊ីស្រាអែលច្បាំងដណ្តើមទឹកដីសន្យា សាសន៍ម៉ូអាប់នៅតែជាសត្រូវរបស់ជនជាតិអ៊ីស្រាអែលដដែល ហើយពួកគេបានធ្វើទុក្ខបុកម្នេញជនជាតិអ៊ីស្រាអែលជាញឹកញាប់ (ពួកចៅហ្វាយ ៣:១២–៣០; ១សាំយូអែល១៤)។ ប៉ុន្តែ រឿងនាងរស់បង្ហាញថា រវាងសាសន៍ម៉ូអាប់និងបេថ្លេហិមមានទំនាក់ទំនងល្អជាមួយគ្នា។ ដោយសារជាពូជពង្សរបស់នាងរស់ នោះស្តេចដាវីឌអាចមានឈាមជាសាសន៍ម៉ូអាប់ផងដែរ ប៉ុន្តែមានសង្គ្រាមកើតឡើងរវាងស្តេចដាវីឌនិងសាសន៍ម៉ូអាប់ (២សាំយូអែល ៨:២; ២៣:២០; ១របាក្សត្រ ១៨:២) ដែលទ្រង់បានបំផ្លាញពួកគេយ៉ាងដំណំ (២សាំយូអែល ៨:២, ១១-១២; ១របាក្សត្រ ១១:២២; ១៨:១១)។
ក្នុងកំឡុងពេលមួយរយហាសិបឆ្នាំ បន្ទាប់ពីដាវីឌឈ្នះលើសាសន៍ម៉ូអាប់ ហើយបន្ទាប់ពីការសុគតរបស់ស្តេចអ័ហាប់ នោះពួកគេពិតជាទទួលបានសេចក្តីចម្រុងចម្រើនពីមុនរបស់ពួកគេមកវិញមែន។ នៅពេលនេះ ហោរាអេសាយ (១៥:១) បានទាយអំពីការវិនិច្ឆ័យដែលនឹងត្រូវធ្លាក់មកលើស្រុកម៉ូអាប់ (ប្រៀបធៀប៖ ២ពង្សាវតារក្សត្រ ១៧:៣; ១៨:៩; ១របាក្សត្រ ៥:២៥-២៦)។ យើងកម្រឃើញមានការលើកឡើងពីស្រុកម៉ូអាប់ ក្នុងសម័យហោរាអេសាយរហូតដល់ការចាប់ផ្តើមទាសភាពនៅបាប៊ីឡូន (យេរេមា ២៥:២១; ២៧:៣; ៤០:១១; សេផានា ២:៨–១០)។
បន្ទាប់ពីពួកយូដាបានវិលត្រឡប់ពីការនិរទេសវិញ មានសាសន៍ម៉ូអាប់ម្នាក់ឈ្មោះ សានបាឡាត បានដឹកនាំប៉ុនប៉ងរារាំងការសាងសង់ក្រុងយេរូសាឡិមឡើងវិញ (ជនគណនា ២:១៩; ៤:១; ៦:១)។
Leave a Reply