ពូជអំបូរ​ណែបថាលី Tribe of Naphtali

ពូជអំបូរ​ណែបថាលី Tribe of Naphtali គឺ​ជា​ពូជពង្ស​របស់​ណែបថាលី ដែល​ជា​កូនប្រុស​ទី​ប្រាំ​របស់​យ៉ាកុប (សូម​មើល​ http://www.dkdl.org/?page_id=2021)។ ​នៅ​ពេល​ធ្វើ​ដំណើរ​​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ​ពូជអំបូរ​នេះ​​​មាន​មនុស្ស​​​ប្រុស​ពេញ​វ័យ​ចំនួន ​៥៣៤០០​នាក់ (ជនគណនា ១:៤៣) ​ប៉ុន្តែ​​នៅពេល​បញ្ចប់​ការ​វង្វេង​​នៅ​វាល​រហោស្ថាន​ ពួកគេ​​មាន​​ចំនួន​តែ​​ ៤៥៤០០​នាក់​ប៉ុណ្ណោះ (២៦:៤៨-៥០)។ ​ពួក​គេ​បាន​ធ្វើ​ដំណើរ​ជា​ក្បួន​នៅ​ខាង​ជើង​រោង​ឧបោសថ​។ ​

យ៉ូស្វេ ១៩:៣២-៣៩ មាន​និយាយ​អំពី​ទ្រព្យ​សម្បត្តិ​ ដែល​ត្រូវ​បាន​បែងចែក​អោយ​​ពូជអំបូរ​នេះ​។ ​ពូជអំបូរ​នេះ​​ស្ថិត​នៅ​​ជ្រុង​ខាង​ជើង​ឆៀង​ខាង​កើត​​​នៃ​ទឹកដី ហើយ​មាន​ទេសភាព​ អាកាសធាតុ និង​ដី​ល្អ​ស្អាត​​​ជាង​​ពូជអំបូរ​ដទៃៗ​ទៀត​។ ឥឡូវ​នេះ ស្រុក​ណែបថាលី​ស្ទើរ​តែ​ជា​វាល​រហោស្ថាន​មួយ​ ​ដូច្នេះ​​​ក្រុង​ទីប៊ើរ នៅ​ច្រាំង​ទន្លេ​កាលីឡេ ហើយ​សាផិត​ (Safed) គឺជា​កន្លែង​សំខាន់​​​តែ​​​ពីរ​​ប៉ុណ្ណោះ​នៅ​ទី​នោះ​នៅ​​សព្វ​ថ្ងៃ​នេះ។ តំបន់​នៅ​ជុំវិញ​ក្រុង​កាដេស ដែល​ជា​ក្រុង​មួយ​​របស់​​​ណែបថាលី ​ដែល​ពីដើម​ហៅ​ថា «កាលីល​»​ (Galil) ជា​ឈ្មោះ​មួយ​ដែល​ត្រូវ​បាន​ដាក់​អោយ​ផ្នែក​ខាង​ជើង​នៃ​ស្រុក​កាណាន​​​នៅពេល​ក្រោយ​មក​។ ​មាន​សាសន៍​ដទៃ​មួយ​ចំនួន​ធំ​បាន​រស់​នៅ​​​តាម​តំបន់​​នេះ ដូច្នេះ​ហើយ​បាន​ជា​គេ​បាន​ហៅ​​វា​ថា «​ស្រុក​កាលីឡេ​របស់​សាសន៍​ដទៃ​» (ម៉ាថាយ ៤:១៥, ១៦)។ ​ផ្នែក​ខាង​ត្បូង​នៃ​ស្រុក​ណែបថាលី​ត្រូវ​បាន​គេ​ហៅ​ថា «សួនច្បារ​​​នៃ​ប៉ាឡេស្ទីន»។ ទឹកដី​នោះ​​មាន​ជីជាតិ​ល្អ​បំផុត​។ ​តំបន់​នេះ​គឺជា​ទីតាំង​យ៉ាង​សំខាន់​សម្រាប់​​ព័ន្ធកិច្ច​សាធារណៈ​ ការ​បង្រៀន និង​ការ​អស្ចារ្យ​របស់​ព្រះ​យេស៊ូវ​។​

​ពូជអំបូរ​នេះ​​គឺ​ជា​អ្នក​ដំបូង​គេ​ ដែល​ត្រូវ​រងទុក្ខ​​ពី​ការ​ឈ្លានពាន​របស់​​​ស្តេច​​​​ស៊ីរី បេនហាដាឌ់ ក្នុង​រាជ្យ​ប្អាសា ជា​ស្តេច​អ៊ីស្រាអែល និង​រាជ្យ​​អេសា ជា​ស្តេច​យូដា (១ពង្សាវតារក្សត្រ​ ១៥:២០; ២របាក្សត្រ​១៦:៤)។ ​នៅ​ក្នុង​រាជ្យ​​​​ពេកា ជា​ស្តេច​អ៊ីស្រាអែល ពួក​អាសស៊ើរ​បាន​វាយ​ប្រហារ​លើ​​ភាគ​ខាង​ជើង​​នៃ​អ៊ីស្រាអែល​ទាំង​មូល​ ហើយ​បាន​ចាប់​យក​មនុស្ស​ទៅ​ក្នុង​ធ្វើ​ទាសករ (២ពង្សាវតារក្សត្រ​ ១៥:២៩) ហើយ​​អាណាចក្រ​អ៊ីស្រាអែល​បាន​ឈាន​ដល់​ទី​បញ្ចប់​របស់​ខ្លួន (៧២២​មុន​គ.ស)។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top