ពូជអំបូរណែបថាលី Tribe of Naphtali គឺជាពូជពង្សរបស់ណែបថាលី ដែលជាកូនប្រុសទីប្រាំរបស់យ៉ាកុប (សូមមើល http://www.dkdl.org/?page_id=2021)។ នៅពេលធ្វើដំណើរចេញពីស្រុកអេស៊ីព្ទមក ពូជអំបូរនេះមានមនុស្សប្រុសពេញវ័យចំនួន ៥៣៤០០នាក់ (ជនគណនា ១:៤៣) ប៉ុន្តែនៅពេលបញ្ចប់ការវង្វេងនៅវាលរហោស្ថាន ពួកគេមានចំនួនតែ ៤៥៤០០នាក់ប៉ុណ្ណោះ (២៦:៤៨-៥០)។ ពួកគេបានធ្វើដំណើរជាក្បួននៅខាងជើងរោងឧបោសថ។
យ៉ូស្វេ ១៩:៣២-៣៩ មាននិយាយអំពីទ្រព្យសម្បត្តិ ដែលត្រូវបានបែងចែកអោយពូជអំបូរនេះ។ ពូជអំបូរនេះស្ថិតនៅជ្រុងខាងជើងឆៀងខាងកើតនៃទឹកដី ហើយមានទេសភាព អាកាសធាតុ និងដីល្អស្អាតជាងពូជអំបូរដទៃៗទៀត។ ឥឡូវនេះ ស្រុកណែបថាលីស្ទើរតែជាវាលរហោស្ថានមួយ ដូច្នេះក្រុងទីប៊ើរ នៅច្រាំងទន្លេកាលីឡេ ហើយសាផិត (Safed) គឺជាកន្លែងសំខាន់តែពីរប៉ុណ្ណោះនៅទីនោះនៅសព្វថ្ងៃនេះ។ តំបន់នៅជុំវិញក្រុងកាដេស ដែលជាក្រុងមួយរបស់ណែបថាលី ដែលពីដើមហៅថា «កាលីល» (Galil) ជាឈ្មោះមួយដែលត្រូវបានដាក់អោយផ្នែកខាងជើងនៃស្រុកកាណាននៅពេលក្រោយមក។ មានសាសន៍ដទៃមួយចំនួនធំបានរស់នៅតាមតំបន់នេះ ដូច្នេះហើយបានជាគេបានហៅវាថា «ស្រុកកាលីឡេរបស់សាសន៍ដទៃ» (ម៉ាថាយ ៤:១៥, ១៦)។ ផ្នែកខាងត្បូងនៃស្រុកណែបថាលីត្រូវបានគេហៅថា «សួនច្បារនៃប៉ាឡេស្ទីន»។ ទឹកដីនោះមានជីជាតិល្អបំផុត។ តំបន់នេះគឺជាទីតាំងយ៉ាងសំខាន់សម្រាប់ព័ន្ធកិច្ចសាធារណៈ ការបង្រៀន និងការអស្ចារ្យរបស់ព្រះយេស៊ូវ។
ពូជអំបូរនេះគឺជាអ្នកដំបូងគេ ដែលត្រូវរងទុក្ខពីការឈ្លានពានរបស់ស្តេចស៊ីរី បេនហាដាឌ់ ក្នុងរាជ្យប្អាសា ជាស្តេចអ៊ីស្រាអែល និងរាជ្យអេសា ជាស្តេចយូដា (១ពង្សាវតារក្សត្រ ១៥:២០; ២របាក្សត្រ១៦:៤)។ នៅក្នុងរាជ្យពេកា ជាស្តេចអ៊ីស្រាអែល ពួកអាសស៊ើរបានវាយប្រហារលើភាគខាងជើងនៃអ៊ីស្រាអែលទាំងមូល ហើយបានចាប់យកមនុស្សទៅក្នុងធ្វើទាសករ (២ពង្សាវតារក្សត្រ ១៥:២៩) ហើយអាណាចក្រអ៊ីស្រាអែលបានឈានដល់ទីបញ្ចប់របស់ខ្លួន (៧២២មុនគ.ស)។
Leave a Reply