Romans 1_8 John Piper pdf download
រ៉ូម ១–៨ Romans 1-8
លោកគ្រូ John Piper
http://www.desiringgod.org/messages/the-mighty-and-merciful-message-of-romans-1-8
សាវកប៉ុលបានសរសេរសំបុត្រនេះទៅកាន់ពួកជំនុំរ៉ូម ដោយសង្ឃឹមថា ពួកគេនឹងគាំទ្របេសកកម្មរបស់គាត់នៅក្នុងស្រុកអេស្ប៉ាញ។ នៅក្នុង រ៉ូម ១៥:២៤ គាត់សរសេរថា
«បានជាកាលណាខ្ញុំទៅឯស្រុកអេស្ប៉ាញនោះខ្ញុំនឹងចូលមកសួរអ្នករាល់គ្នាដ្បិតខ្ញុំសង្ឃឹមថានឹងឃើញអ្នករាល់គ្នាតាមផ្លូវហើយឱ្យអ្នករាល់គ្នាបានជួយដំណើរខ្ញុំទៅមុខទៀតគឺក្នុងគ្រាក្រោយដែលបានពេញចិត្តនឹងអ្នករាល់គ្នាបន្តិច»។
គាត់មិនដែលបានទៅទីក្រុងរ៉ូមទេ ហើយក៏មិនដែលបានជួបគ្រីស្ទបរិស័ទភាគច្រើននៅទីនោះដែរ។ ដូច្នេះ គាត់ពន្យល់អំពីដំណឹងល្អដល់ពួកគេនៅក្នុងសំបុត្រនេះ។
ខ្ញុំសង្ឃឹមថា បេសកជនទាំងអស់របស់យើងបានយល់និងជឿព្រះរាជសារនៅក្នុងកណ្ឌសំបុត្ររ៉ូម ហើយប្រកាសព្រះរាជសារនេះ។ ហើយខ្ញុំសង្ឃឹមថា យើងទាំងអស់គ្នា ដែលបញ្ជូនបេសកជនអោយចេញទៅ បានយល់និងជឿព្រះរាជសារនៅក្នុងសំបុត្ររ៉ូម ហើយរស់នៅដោយអនុវត្តព្រះរាជសារនេះ។ ព្រះរាជសារដ៏អស្ចារ្យនិងពេញដោយសេចក្តីមេត្តាករុណានៃកណ្ឌសំបុត្រនេះ នឹងធ្វើអោយគ្រីស្ទរិស័ទប្រើធនធានរបស់ពួកគេ ដើម្បីអោយដំណឹងល្អបានរីកផ្សាយទៅកាន់ពិភពលោកទាំងមូល។ ហើយព្រះរាជសារដ៏អស្ចារ្យនិងពេញដោយសេចក្តីមេត្តាករុណានៃកណ្ឌសំបុត្ររ៉ូមនេះ នឹងបំបាក់អំណាចនៃសេចក្តីងងឹត ហើយដាំពួកជំនុំនៃព្រះគ្រីស្ទនៅក្នុងទីកន្លែងដែលពោរពេញទៅដោយអំពើបាប និងមនុស្សដែលបានបដិសេធព្រះ។
កណ្ឌរ៉ូមបង្ហាញថា ដំណឹងល្អគឺសម្រាប់វប្បធម៌ទាំងអស់នៅក្នុងពិភពលោកទាំងមូល
នៅក្នុង រ៉ូម ១:៥ សាវកប៉ុលប្រាប់យើងអំពីមូលហេតុដែលព្រះបានតាំងគត់ជាសាវកម្នាក់៖
«ដែលយើង ខ្ញុំបានទទួលព្រះគុណ និងងារជាសាវកដោយសារទ្រង់ សំរាប់ឱ្យមានមនុស្សចុះចូល តាមសេចក្តីជំនឿ នៅ កណ្តាលអស់ទាំងសាសន៍ ទុកជាប្រយោជន៍ដល់ព្រះនាម ទ្រង់»
នេះជាមូលហេតុដែលគាត់អធិប្បាយ។ នេះជាមូលហេតុដែលគាត់នឹងធ្វើដំណើរទៅស្រុកអេស្ប៉ាញ។ នេះជាមូលហេតុដែលគាត់សរសេរសំបុត្រនេះគឺដើម្បីអោយមនុស្ស «នៅកណ្តាលអស់ទាំងសាសន៍» មានជំនឿលើព្រះយេស៊ូវគ្រីស្ទ និងការស្តាប់បង្គាប់ដែលចេញមកពីជំនឿនោះ។ កណ្ឌរ៉ូមគឺអំពីអស់ទាំងសាសន៍ ដែលមិនទាន់ជឿលើព្រះគ្រីស្ទ មិនទាន់បានរាប់ជាសុចរិត មិនទាន់បានញែកជាបរិសុទ្ធ ហើយនឹងមិនបានសិរីល្អទេ បើសិនពួកគេមិនបានទទួលជឿដំណឹងល្អ។
បន្ទាប់មកនៅក្នុងខ. ១៤ គាត់ប្រាប់យើងម្តងទៀតអំពីការទទួលខុសត្រូវរបស់គាត់ក្នុងនាមជាសាវកម្នាក់ថា «ខ្ញុំមានសេចក្តីជំពាក់ទាំងសាសន៍ក្រិក នឹងសាសន៍ដទៃ ទាំងអ្នកប្រាជ្ញា នឹងអ្នកខ្លៅផង»។ ប៉ុន្តែយើងមិនត្រូវគិតថា គាត់បានបោះចោលពួកយូដាឡើយ ពីព្រោះគាត់និយាយនៅក្នុងខ. ១៦ ថា
«ខ្ញុំគ្មានសេចក្តីខ្មាសចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ ពីព្រោះជាព្រះចេស្តានៃព្រះ សំរាប់នឹងជួយសង្គ្រោះដល់ អស់អ្នកណាដែលជឿ គឺដល់ទាំងសាសន៍យូដាជាដើម និង សាសន៍ក្រិកផង»
សាសន៍យូដា សាសន៍ក្រិក សាសន៍ដទៃ អ្នកប្រាជ្ញា និងអ្នកខ្លៅ! ម្តងទៀត ព្រះរាជសារដ៏មានអំណាចនិងពេញដោយសេចក្តីមេត្តាករុណានៅក្នុងកណ្ឌសំបុត្ររ៉ូមនេះ គឺសម្រាប់ជាតិសាសន៍ទាំងអស់ វប្បធម៌ទាំងអស់ និងមនុស្សទាំងអស់ចាប់ពីមានការអបរំខ្ពស់ដល់មានការអប់រំទាប។
ដំណឹងល្អរបស់ព្រះគ្រីស្ទមិនមែនសម្រាប់តែពូជអំបូរខ្លះ ពូជសាសន៍ខ្លះ ឬជាតិសាសន៍ខ្លះនោះទេ ប៉ុន្តែដំណឹងល្អនេះហៅមនុស្សគ្រប់ជាតិសាសន៍គ្រប់ភាសាអោយមានជំនឿនិងការស្តាប់បង្គាប់។ ព្រះយេស៊ូវមិនមែនជាព្រះមួយអង្គនៅក្នុងចំណោមព្រះជាច្រើនឡើយ។ ទ្រង់គឺជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ហើយគឺជាស្តេចលើអស់ទាំងស្តេច ហើយក៏គ្មានឈ្មោះណាមួយនៅក្រោមមេឃអាចធ្វើអោយមនុស្សបានសង្រ្គោះបានឡើយ។ ព្រះរាជសារដ៏មានអំណាចនិងពេញដោយសេចក្តីមេត្តាករុណានៅក្នុងកណ្ឌសំបុត្ររ៉ូមនេះ មិនមែនជាផ្លូវនៃសេចក្តីសង្រ្គោះមួយនៅក្នុងចំណោមផ្លូវជាច្រើនឡើយ។ វាគឺជាផ្លូវនៃសេចក្តីសង្រ្គោះពីព្រោះព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះ និងជាព្រះអង្គសង្រ្គោះតែមួយគត់។ មែនហើយ មនុស្សជាច្រើនមិនទទួលយកសេចក្តីបង្រៀននេះទេ សូម្បីតែអ្នកដឹកនាំពួកជំនុំមួយចំនួននិយាយថា យើងមិនគួរប្រកាសដំណឹងល្អដល់ពួកយូដាទេ ពីព្រោះពួកស្ថិតនៅក្នុងសម្ព័ន្ធមេត្រីជាមួយព្រះរួចទៅហើយ។ ពួកគេអះអាងថា មានផ្លូវនៃសេចក្តីសង្រ្គោះមួយសម្រាប់ពួកយូដា ដែលបដិសេធព្រះគ្រីស្ទ ហើយមានផ្លូវនៃសេចក្តីសង្រ្គោះមួយទៀតសម្រាប់គ្រីស្ទបរិស័ទ ដែលជឿដល់ទ្រង់។
នេះគឺជាសេចក្តីថ្លែងខុសមួយពីពួកអ្នកដឹកនាំគ្រីស្ទបរិស័ទ ពីព្រោះព្រះយេស៊ូវបានមានបន្ទូលថា
«ឯអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះមានជីវិតដ៏នៅអស់កល្បជានិច្ចហើយ តែអ្នកណាដែលមិនព្រមជឿដល់ព្រះរាជបុត្រាវិញនោះនឹងមិនឃើញជីវិតសោះឡើយគឺសេចក្តីក្រោធរបស់ព្រះតែងនៅជាប់លើអ្នកនោះឯង។» (យ៉ូហាន ៣:៣៦)។
ដូច្នេះ ព្រះយេស៊ូវបានមានបន្ទូលអំពីពួកសាសន៍ដទៃដែលជឿទ្រង់ និងពួកយូដាដែលបដិសេធទ្រង់ ថា
ខ្ញុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើន ពីទិសខាងកើត និងទិសខាងលិច មកអង្គុយជាមួយនឹងលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប នៅក្នុងនគរស្ថានសួគ៌ តែអស់ទាំងមនុស្សរបស់នគរនោះ នឹងត្រូវបោះចោល ទៅក្នុងសេចក្តីងងឹតខាងក្រៅវិញ នៅទីនោះនឹងមានយំ ហើយសង្កៀតធ្មេញ (ម៉ាថាយ ៨:១១-១២)។
ដូច្នេះ វាជាសំខាន់ដែលយើងយល់និងជឿលើព្រះរាជសារដ៏អស្ចារ្យនៅក្នុងកណ្ឌគម្ពីររ៉ូមថា ដំណឹងល្អគឺសម្រាប់មនុស្សទាំងអស់។ ដំណឹងល្អមិនមែនជាយោបល់របស់មនុស្ស ឬទស្សនវិជ្ជារបស់មនុស្ស ឬកម្មវិធីអភិវឌ្ឍន៍ខ្លួនឯងនោះឡើយ។ ដំណឹងល្អគឺជាព្រះរាជសារពិតប្រាកដអំពីព្រះរាជកិច្ចរបស់ព្រះជាម្ចាស់តែមួយអង្គគត់ក្នុងការសង្រ្គោះមនុស្ស ដោយបញ្ជូនព្រះរាជបុត្រាតែមួយរបស់ទ្រង់អោយមកសុគតជំនួសពួកមនុស្សមានបាប ហើយមានព្រះជន្មរស់ពីសុគតឡើងវិញ។ អស់អ្នកណាដែលបដិសេធដំណឹងល្អនេះនឹងត្រូវវិនាស។
គំនិតចំបងនៃសំបុត្រ៖ រ៉ូម ១:១៦-១៧
ដូច្នេះ សាវកប៉ុលថ្លែងចំនុចនេះនៅក្នុង រ៉ូម ១:១៦-១៧ ហើយបន្ទាប់មកពន្យល់និងអនុវត្តវានៅក្នុងសំបុត្រ។
«ដ្បិតខ្ញុំគ្មានសេចក្តីខ្មាសចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ ពីព្រោះជាព្រះចេស្តានៃព្រះ សំរាប់នឹងជួយសង្គ្រោះដល់ អស់អ្នកណាដែលជឿ គឺដល់ទាំងសាសន៍យូដាជាដើម និង សាសន៍ក្រិកផង ដ្បិតសេចក្តីសុចរិតនៃព្រះ បានសំដែង មកក្នុងដំណឹងល្អនោះដោយសារសេចក្តីជំនឿហើយឱ្យ បានសេចក្តីជំនឿចំរើនច្រើនឡើងផង ដូចមានសេចក្តីចែង ទុកមកថា «មនុស្សសុចរិតនឹងរស់នៅដោយអាងសេចក្តីជំនឿ»។
ទីមួយ សាវកប៉ុលនិយាយថា សារឬដំណឹងល្អដែលគាត់ប្រកាសមានអំណាចព្រះចេស្តានិងសេចក្តីមេត្តាករុនាដើម្បីសង្រ្គោះ វាជាព្រះចេស្តានៃព្រះដើម្បីសង្គ្រោះ ហើយសេចក្តីសង្រ្គោះនេះគឺតាមរយៈជំនឿ។ បន្ទាប់មកនៅក្នុងខ. ១៧ គាត់ពន្យល់អំពីមូលហេតុដែលដំណឹងល្អមានអំណាចព្រះចេស្តានេះ «ដ្បិតសេចក្តីសុចរិតនៃព្រះ បានសំដែងមកក្នុងដំណឹងល្អនោះ ដោយសារសេចក្តីជំនឿ»។ ដំណឹងល្អមានអំណាចព្រះចេស្តាសង្រ្គោះអស់អ្នកដែលទុកចិត្តលើព្រះគ្រីស្ទ ពីព្រោះវាបើកសំដែងសេចក្តីសុចរិតរបស់ព្រះ។ តើនេះមានន័យយ៉ាងដូចម្តេច?
រ៉ូម ១:១៨–៣:២០ មូលហេតុដែលយើងទាំងអស់គ្នាត្រូវការបានសង្រ្គោះ
មុនពេលគាត់ពន្យល់អំពីអត្ថន័យនៃ «សេចក្តីសុចរិតរបស់ព្រះ» សាវកប៉ុលបង្ហាញអំពីមូលហេតុដែល យើងទាំងអស់គ្នាត្រូវការបានសង្រ្គោះនៅក្នុង រ៉ូម ១:១៨-៣:២០។
យើងបានឃើញសេចក្ដីសង្ខេបរបស់លោកប៉ុលនៅក្នុង រ៉ូម ៣:៩ ដែលថា «យើងខ្ញុំបានចោទប្រកាន់រួចហើយថា ទោះទាំង សាសន៍យូដា និងសាសន៍ក្រិកផង សុទ្ធតែនៅក្រោមអំពើបាប» ហើយនៅក្នុង ខ.១៩ «រីឯគ្រប់ទាំងសេចក្តីដែលក្រិត្យវិន័យបង្គាប់ នោះយើងដឹងថា បង្គាប់ដល់តែពួកអ្នកដែលនៅក្នុងបន្ទុកក្រិត្យវិន័យទេ ដើម្បីឱ្យគ្រប់ទាំងមាត់ត្រូវបិទ ហើយឱ្យលោកិយទាំងមូលជាប់មានទោសនៅចំពោះព្រះ»
ដូច្នេះយើងទាំងអស់គ្នាគឺជាពួកមនុស្សមានបាប។ យើងទាំងអស់គ្នាស្ថិតនៅក្រោមសេចក្តីក្រោធរបស់ព្រះ (១:១៨)។ យើងមិនមានសេចក្តីសុចរិត ដែលអាចធ្វើអោយទ្រង់ទទួលយើងបានឡើយ ហើយ ៣:២០ បញ្ជាក់ច្បាស់ថា យើងមិនអាចសង្រ្គោះ ឬរាប់ខ្លួនយើងជាសុចរិតបានឡើយ៖ «គ្មានមនុស្សណាបានរាប់ជាសុចរិតនៅចំពោះទ្រង់ ដោយអាងការប្រព្រឹត្តតាមក្រិត្យវិន័យនោះឡើយ»។ យើងគឺជាពួកមនុស្សមានបាប។ យើងស្ថិតនៅក្រោមសេចក្តីក្រោធដ៏បរិសុទ្ធរបស់ព្រះ។ ដូច្នេះ យើងមិនអាចសង្រ្គោះ ឬរាប់ខ្លួនយើងជាសុចរិត ដោយការប្រព្រឹត្តបានឡើយ។
រ៉ូម ៣:២១-៣១ ការបើកសំដែងនៃសេចក្តីសុចរិតរបស់ព្រះដោយសារជំនឿ
ឥឡូវនេះ សាវកប៉ុលបែរមកចំនុចចំបងរបស់គាត់នៅក្នុង រ៉ូម ១:១៦-១៧ ហើយពន្យល់ថា ដំណឹងល្អជាព្រះចេស្តានៃព្រះ សម្រាប់នឹងជួយសង្រ្គោះដល់អ្នកណាដែលជឿ ពីព្រោះដំណឹងល្អបើកសំដែងពីសេចក្តីសុចរិតរបស់ព្រះតាមរយៈជំនឿ។ គាត់និយាយនៅក្នុងខ. ២១-២២ ថា
«ប៉ុន្តែឥឡូវនេះ ក្រៅពីក្រិត្យវិនយ័ សេចក្តីសុចរិតផង ព្រះ ដែលមានទាំងក្រិត្យវិន័យ និងពួកហោរាធ្វើបន្ទាល់ ឱ្យផង នោះបានលេចចេញមកហើយ គឺជាសេចក្តី សុចរិតរបស់ព្រះ ដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទ ក៏សំរាប់គ្រប់អស់អ្នកណាដែលជឿ ផង ដ្បិតគ្មានខុសអំពីគ្នាទេ»
ដូច្នេះ តើអ្វីគឺជាសេចក្តីសុចរិតរបស់ព្រះ ដែលផ្តល់ព្រះចេស្តាដល់ដំណឹងល្អសម្រាប់សង្រ្គោះអ្នកជឿ? នោះគឺជា សេចក្តីសុចរិតរបស់ព្រះ ដែលមកតាមរយៈជំនឿលើព្រះយេស៊ូវ។ វាគឺជាសេចក្តីសុចរិតរបស់ព្រះ ដែលត្រូវបានបើកសំដែងជាអំណោយទានមួយដល់យើងតាមរយៈជំនឿ។ វាគឺជាការដែលព្រះរាប់មនុស្សមានបាបជាសុចរិត។ ដូច្នេះ សាវកប៉ុលនិយាយនៅក្នុងខ. ២៤ថា មនុស្សមានបាបដែលទុកចិត្តព្រះគ្រីស្ទ «តែដោយពឹងដល់ព្រះគុណទ្រង់ នោះបានរាប់ជាសុចរិតទទេ ដោយសារសេចក្តីប្រោសលោះដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ»។ ការបើកសំដែងនៃសេចក្តីសុចរិតរបស់ព្រះ ដែលធ្វើអោយដំណឹងល្អក្លាយជាព្រះចេស្តានៃព្រះសម្រាប់សេចក្តីសង្រ្គោះ គឺជាការបើកសំដែង និងអំណោយទាននៃសេចក្តីសុចរិតរបស់ព្រះសម្រាប់មនុស្សមានបាបដែលទុកចិត្តព្រះគ្រីស្ទ។
រ៉ូម ៣:២៥ ពន្យល់ពីរបៀបដែលព្រះអាចរាប់មនុស្សមានបាបជាសុចរិតបាន៖ «ដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោស ដោយសារសេចក្តីជំនឿដល់ព្រះលោហិតទ្រង់ សំរាប់នឹងសំដែងឱ្យឃើញសេចក្តីសុចរិតរបស់ព្រះ ចំពោះការដែលទ្រង់មិនប្រកាន់អំពើបាប ដែលគេប្រព្រឹត្តពីដើម ដោយទ្រង់មានព្រះហឫទ័យអត់ធ្មត់»។ ព្រះបានបញ្ជូនព្រះរាជបត្រារបស់ទ្រង់អោយមកសុគតជំនួសយើង ដើម្បីអោយសេចក្តីក្រោធនិងបណ្តាសាររបស់ព្រះវរបិតាត្រូវធ្លាក់មកលើទ្រង់ មិនត្រូវធ្លាក់មកលើអស់អ្នកដែលជឿនោះទេ។ នៅក្នុងរបៀបនេះ ទ្រង់បង្ហាញសេចក្តីក្រោធរបស់ទ្រង់ចំពោះបាប និងការដោះស្រាយបាបដោយយុត្តិធម៌។ ដូច្នេះ ខ.២៦ និយាយថា «នៅជាន់ឥឡូវនេះ ប្រយោជន៍ឲ្យទ្រង់បានសុចរិត ព្រមទាំងរាប់ពួកអ្នកដែលមានសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវ ថាជាសុចរិតដែរ»។
ដូច្នេះការសុគតរបស់ព្រះគ្រីស្ទគឺជាមូលដ្ឋានគ្រឹះនៃការរាប់ជាសុចរិតរបស់យើង។ បើសិនយើងជឿលើព្រះយេស៊ូវ នោះព្រះរាប់យើងជាសុចរិតដោយយល់ព្រះយេស៊ូវ។ ព្រះចាត់ទុកយើងជាសុចរិត។ នេះគឺជាការរាប់ជាសុចរិត។ ហើយនៅក្នុងខ. ២៨ បញ្ជាក់ច្បាស់ថា ការមានទំនាក់ទំនងត្រឹមត្រូវជាមួយព្រះនេះមិនមែនដោយការប្រព្រឹត្តទេ ប៉ុន្តែដោយសារជំនឿ «ដ្បិតយើងខ្ញុំអាងថា មនុស្សបានរាប់ជាសុចរិតដោយសារសេចក្តីជំនឿ គឺមិនមែនដោយការប្រព្រឹត្តតាមក្រិត្យវិន័យទេ»។
ហើយសូមកត់សំគាល់ម្តងទៀតនៅទីនេះថា ព្រះរាជសារនៅក្នុងកណ្ឌគម្ពីររ៉ូមគឺសម្រាប់វប្បធម៌ទាំងអស់នៅក្នុងពិភពលោក។ សូមមើលខ. ២៩-៣០ «តើព្រះអង្គទ្រង់ជាព្រះនៃសាសន៍យូដាតែប៉ុណ្ណោះតើទ្រង់មិនមែនជាព្រះនៃសាសន៍ដទៃដែរទេឬអីមែនហើយ ទ្រង់ជាព្រះនៃសាសន៍ដទៃដែរ ៣០ដ្បិតគឺជាព្រះតែ១ ព្រះអង្គ ដែលនឹងរាប់ទាំង ពួកកាត់ស្បែក ថាជាសុចរិត ដោយសារតែគេមានសេចក្តីជំនឿ ព្រមទាំងពួកអ្នកដែលមិនកាត់ស្បែកផង ដោយគេមានសេចក្តីជំនឿនោះដែរ»។ ការរាប់ជាសុចរិតដោយសារជឿលើព្រះគ្រីស្ទគឺជាព្រះរាជសារដ៏មានអំណាចព្រះចេស្តានិងសេចក្តីមេត្តាករុណា ដែលយើងមានសម្រាប់ពិភពលោកទាំងមូល ជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់ដែលយើងនឹងជួប។ មានព្រះអង្គសង្រ្គោះតែមួយ ឈើឆ្កាងតែមួយ ការមានព្រះជន្មរស់ពីសុគតឡើងវិញតែមួយ និងផ្លូវតែមួយដើម្បីបានជាសុចរិតនៅចំពោះព្រះ៖ ដោយការទទួលយកសេចក្តីសុចរិតរបស់ព្រះគ្រីស្ទ មិនមែនដោយការប្រព្រឹត្តនោះឡើយ។
រ៉ូម ៤ ព្រះរាប់អ័ប្រាហាំជាសុចរិតដោយសារជំនឿ មិនមែនដោយសារការប្រព្រឹត្ត
នៅក្នុងជំពូក៤ សាវកប៉ុលបង្ហាញលោកអ័ប្រាហាំជាគំរូមួយ ដែលព្រះរាប់មនុស្សទុច្ចរិតជាសុចរិតដោយសារជំនឿ មិនមែនដោយសារការប្រព្រឹត្តថា «អ័ប្រាហាំបានជឿដល់ព្រះហើយសេចក្តីជំនឿនោះបានរាប់ជាសេចក្តីសុចរិតដល់លោក» (ខ. ៣)។ ខពិសេសមួយនៅក្នុងសំបុត្រនេះយកគំរូរបស់លោកអ័ប្រហាំ (ខ. ៥) «តែចំណែកអ្នកដែលមិនធ្វើការសោះគឺគ្រាន់តែជឿដល់ព្រះអង្គដែលទ្រង់ប្រោសឱ្យមនុស្សទមិលល្មើសបានសុចរិតនោះសេចក្តីជំនឿរបស់អ្នកនោះបានរាប់ទុកជាសេចក្តីសុចរិតវិញ»។ ជំនឿនាំអោយព្រះរាប់យើងជាសុចរិត មិនមែនការប្រព្រឹត្តទេ ហើយមនុស្សទុច្ចរិតបានរាប់ជាសុចរិត មិនមែនមនុស្សសុចរិតនោះទេ។ នេះពិតជាដំណឹងល្អ ហើយនេះគឺជាព្រះរាជសារដ៏មានអំណាចព្រះចេស្តានិងសេចក្តីមេត្តាករុណានៅក្នុងកណ្ឌសំបុត្ររ៉ូម។
រ៉ូម ៥ សេចក្តីសង្ឃឹម និងសន្តិភាពនៅក្នុងការរងទុក្ខនិងសេចក្តីស្លាប់
នៅក្នុងជំពូក៥ សាវកប៉ុលសង្ខេបដោយសរសេរខ. ១ ថា «ដូច្នេះដែលយើងរាល់គ្នាបានរាប់ជាសុចរិតដោយការជឿនោះឈ្មោះថាយើងបានមេត្រីនឹងព្រះដោយសារព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ»។ បន្ទាប់ពីនេះ គាត់សរសេរអំពីការរងទុក្ខនិងសេចក្តីស្លាប់ ដែលគ្រីស្ទបរិស័ទប្រឈម (បន្ទាប់មកនៅក្នុងជំពូក៨ គាត់សរសេរជាច្រើនអំពីការរងទុក្ខនិងសេចក្តីស្លាប់)។ ខ. ៣ ប្រាប់យើងពីមូលហេតុដែលយើងអាចមានអំណរនៅក្នុងការរងទុក្ខវេទនា ដែលវានាំអោយមានការអត់ធ្មត់និងសង្ឃឹម។ គំនិតរបស់សាវកប៉ុលនៅក្នុងជំពូក៥និងជំពូក៨គឺថា សូម្បីតែគ្រីស្ទបរិស័ទក៏នឹងប្រឈមនឹងការរងទុក្ខនិងសេចក្តីស្លាប់ដែរ ប៉ុន្តែនៅក្នុងដំណឹងល្អយើងមានសេចក្តីសង្ឃឹមនិងសន្តិភាពពិតប្រាកដមួយ។ វាជារឿងធម្មតាដែលគ្រីស្ទបរិស័ទប្រឈមនឹងការរងទុក្ខវេទនា «ត្រូវតែទ្រាំរងទុក្ខវេទនា ជាច្រើន ទើបនឹងចូលទៅក្នុងនគរព្រះបាន» (កិច្ចការ ១៤:២២)។
សេចក្តីស្លាប់គឺជាបញ្ហាពិតប្រាកដដ៏ធំមួយនៅក្នុងវប្បធម៌ទាំងអស់។ បើសិនអ្នកមានដំណឹងល្អ នោះអ្នកត្រូវតែមានការពន្យល់អំពីសេចក្តីស្លាប់និងសង្ឃឹមនៅក្នុងសេចក្តីស្លាប់។ នេះជាអ្វីដែលសាវកប៉ុលធ្វើនៅក្នុង រ៉ូម ៥:១២-២១ ដោយគាត់ប្រៀបធៀបអ័ដាម ដែលបាបនិងសេចក្តីស្លាប់ចូលមកតាមរយៈការមិនស្តាប់បង្គាប់របស់គាត់ ជាមួយនឹងព្រះគ្រីស្ទ ដែលជីវិតនិងសេចក្តីសុចរិតចូលមកតាមរយៈការស្តាប់បង្គាប់របស់ទ្រង់។ ខ. ១៩ បញ្ជាក់ពីភាពផ្ទុយគ្នាយ៉ាងច្បាស់ថា «ដ្បិតដូចជាមនុស្សជាច្រើនបានត្រឡប់ជាមានបាបដោយសារមនុស្សតែម្នាក់មិនបានស្តាប់បង្គាប់ជាយ៉ាងណានោះមនុស្សជាច្រើនក៏បានត្រឡប់ជាសុចរិតដោយសារម្នាក់បានស្តាប់បង្គាប់វិញយ៉ាងនោះដែរ»។ ដោយសារយើងកើតមកនៅជាប់ជាមួយអ័ដាម នោះយើងបានទទួលបាបនិងទោសរបស់គាត់ ប៉ុន្តែដោយសារយើងនៅជាប់ជាមួយព្រះគ្រីស្ទដោយសារជំនឿ នោះយើងទទួលបានការស្តាប់បង្គាប់និងការរួចពីទោសរបស់ទ្រង់។
បន្ទាប់មកសាវកប៉ុលសង្ខេបជ័យជំនះនៃព្រះគុណតាមរយៈព្រះគ្រីស្ទនៅក្នុងខ. ២១ ថា «ដើម្បីឱ្យព្រះគុណសបានសោយរាជ្យដោយសារសេចក្តីសុចរិតសំរាប់ជាជីវិតអស់កល្បជានិច្ចដោយនូវព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នាដូចជាបាបបានសោយរាជ្យឱ្យត្រូវស្លាប់ឡពីដើមនោះដែរ»។
រ៉ូម ៦ ការនៅជាប់ជាមួយព្រះគ្រីស្ទគឺជាសេចក្តីស្លាប់ខាងបាប និងការរំដោះចេញពីទាសភាព
សេចក្តីបង្រៀនរបស់សាវកប៉ុលអំពីមនុស្សមានបាបបានរាប់ជាសុចរិតដោយសារជំនឿនិងព្រះគុណបាននាំអោយមានបញ្ហាមួយ ដែលត្រូវតែដោះស្រាយ៖ បើសិនយើងពិតជាបានរាប់ជាសុចរិតដោយសារជំនឿតែមួយ ហើយដែលបាបកាន់តែច្រើន នោះព្រះគុណនឹងចម្រើនកាន់តែចម្រើនឡើង នោះតើត្រូវអោយយើងចេះតែប្រព្រឹត្តអំពើបាបទៅទៀត ដើម្បីអោយព្រះគុណបានចម្រើនឡើងឬអី? សាវកប៉ុលឆ្លើយនឹងសំនួរនេះនៅក្នុងជំពូក៦ ជាមួយនឹងសេចក្តីបង្រៀនថា ជំនឿធ្វើអោយយើងនៅជាប់ជាមួយព្រះគ្រីស្ទ គឺថា យើងពិតជាស្លាប់ជាមួយទ្រង់ខាងឯបាប ហើយបានសង្រ្គោះចេញពីទាសភាព (៦:៦, ១៧-១៨)។ ព្រះញែកអស់អ្នកណាដែលទ្រង់រាប់ជាសុចរិតហើយអោយគេមានចិត្តថ្មី។
រ៉ូម ៧៖ ស្លាប់ខាងក្រិត្យវិន័យ ដើម្បីយើងអាចជាកម្មសិទ្ធិរបស់ម្នាក់ទៀត
បន្ទាប់មកនៅក្នុងជំពូក៧ សាវកប៉ុលបង្រៀនថា យើងមិនត្រឡប់ជាបរិសុទ្ធនិងដូចព្រះយេស៊ូវ ដោយផ្តោតលើក្រិត្យវិន័យ ហើយព្យាយាមប្រព្រឹត្តតាមឡើយ។ ទេ «យ៉ាងដូច្នោះ បងប្អូនអើយ អ្នករាល់គ្នាក៏បានស្លាប់ពីខាងឯក្រិត្យវិន័យដែរ ដោយសាររូបអង្គនៃព្រះគ្រីស្ទ ដើម្បី ឱ្យអ្នករាល់គ្នាបានទៅជារបស់ផងអ្នកម្នាក់ទៀត ដែលបាន រស់ពីស្លាប់ឡើងវិញ ប្រយោជន៍ឱ្យយើងបានបង្កើតផលថ្វាយព្រះ. . . តែឥឡូវនេះ យើងបានរួចពីក្រិត្យវិន័យហើយ ដោយបានស្លាប់ក្នុងសេចក្តីដែលឃុំឃាំងយើងទុកប្រយោជន៍ឱ្យយើងបានគោរព ប្រតិបត្តិដោយវិញ្ញាណដែលបានកែជាថ្មីវិញ មិនមែនតាម តែន័យពាក្យពីបុរាណនោះទៀតឡើយ» (៧:៤, ៦)។
ជីវិតគ្រីស្ទបរិស័ទត្រូវរស់នៅក្នុងអំណោយទានដោយទទេ និងការខិតខំកសាងទំនាក់ទំនងជាមួយព្រះយេស៊ូវគ្រីស្ទ «ដើម្បីអោយអ្នករាល់គ្នាបានទៅជារបស់ផងអ្នកមា្នក់ទៀត!» (៧:៤)។ ទ្រង់គឺជាអំណាចព្រះចេស្តា ជាសេចក្តីមេត្តាករុណា និងជាគំរូនៃជីវិតគ្រីស្ទបរិស័ទ។
រ៉ូម ៨ គ្មានអ្វីអាចនឹងពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបានឡើយ
តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ផងព្រះគ្រីស្ទបាន (ខ. ៣៥)? តើអ្នកមើលឃើញទំនាក់ទំនងរវាងខនេះនឹង រ៉ូម ៧:៤ ដែរឬទេ? យើងបានស្លាប់ខាងឯក្រិត្យវិន័យ ដើម្បីអោយយើងទៅជារបស់ផងអ្នកមា្នក់ទៀត គឺជារបស់ព្រះគ្រីស្ទ ដែលទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញ។ នេះគឺជាគន្លឹះសម្រាប់ការរស់នៅ និងជាគន្លឹះសម្រាប់ការស្លាប់ផងដែរ។ ដូច្នេះ តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ផងព្រះគ្រីស្ទបាន? ចម្លើយគឺថា គ្មានអ្វីសោះឡើយ។ តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ផងព្រះនៅក្នុងព្រះគ្រីស្ទបាន? ចម្លើយគឺថា គ្មានអ្វីសោះឡើយ។
«ទោះបើយើងរស់ឬស្លាប់ក្តីគង់តែយើងត្រូវរស់ឬស្លាប់ថ្វាយព្រះអម្ចាស់វិញដូច្នេះបើរស់ឬស្លាប់ក្តីនោះយើងក៏ជារបស់ផងព្រះអម្ចាស់ដែរ។ដ្បិតដោយហេតុនោះឯងបានជាព្រះគ្រីស្ទទ្រង់សុគតហើយមានព្រះជន្មរស់ឡើងវិញគឺដើម្បីនឹងធ្វើជាម្ចាស់លើទាំងមនុស្សស្លាប់និងមនុស្សរស់ផង» (រ៉ូម ១៤:៨-៩)។ ដូច្នេះ ចូររស់នៅក្រោមការគ្រប់គ្រងរបស់ទ្រង់ ហើយស្លាប់នៅក្រោមការគ្រប់គ្រងរបស់ទ្រង់ចុះ។ ហើយចូរតែងតែច្រៀងសរសើរដល់សេចក្តីស្រឡាញ់ដែលមិនចេះប្រួលប្រែរបស់ព្រះនៅក្នុងព្រះគ្រីស្ទចុះ។
I like this lesson