រ៉ូម ១-៨ Romans 1-8 John Piper

Romans 1_8 John Piper pdf download

រ៉ូម ១Romans 1-8

លោក​គ្រូ John Piper

 

http://www.desiringgod.org/messages/the-mighty-and-merciful-message-of-romans-1-8

 

សាវក​ប៉ុល​បាន​សរសេរ​សំបុត្រ​នេះ​ទៅ​កាន់​ពួក​ជំនុំ​រ៉ូម ដោយ​សង្ឃឹម​ថា ពួកគេ​នឹង​គាំទ្រ​បេសកកម្ម​របស់​គាត់​នៅ​ក្នុង​ស្រុក​អេស្ប៉ាញ។ ​នៅ​ក្នុង​ រ៉ូម ១៥:២៤ គាត់​សរសេរ​ថា

​«បានជា​កាលណា​ខ្ញុំ​ទៅ​ឯ​ស្រុក​អេ​ស្ប៉ា​ញនោះ​ខ្ញុំ​នឹង​ចូលមក​សួរ​អ្នករាល់គ្នាដ្បិត​ខ្ញុំ​សង្ឃឹមថានឹង​ឃើញ​អ្នក​រាល់គ្នា​តាមផ្លូវហើយ​ឱ្យ​អ្នក​រាល់គ្នា​បាន​ជួយ​ដំណើរ​ខ្ញុំ​ទៅមុខទៀតគឺក្នុង​គ្រាក្រោយ​ដែល​បាន​ពេញចិត្ត​នឹង​អ្នក​រាល់គ្នា​បន្តិច»។

​គាត់​មិន​ដែល​បាន​ទៅ​ទីក្រុង​រ៉ូម​ទេ ហើយ​ក៏​មិន​ដែល​បាន​ជួប​គ្រីស្ទបរិស័ទ​ភាគ​ច្រើន​នៅ​ទី​នោះ​ដែរ។ ដូច្នេះ ​គាត់​ពន្យល់​អំពី​ដំណឹងល្អ​ដល់​ពួកគេ​នៅ​ក្នុង​សំបុត្រ​នេះ។

​ខ្ញុំ​សង្ឃឹម​ថា ​បេសកជន​ទាំង​អស់​របស់​យើង​បាន​យល់​និង​ជឿ​ព្រះ​រាជសារ​នៅក្នុង​កណ្ឌ​សំបុត្រ​រ៉ូម ហើយ​ប្រកាស​ព្រះ​រាជសារ​នេះ។ ​ហើយ​ខ្ញុំ​សង្ឃឹម​ថា ​ ​យើង​ទាំ​ងអស់​គ្នា ដែល​បញ្ជូន​បេសកជន​អោយ​ចេញ​ទៅ ​បាន​យល់​និង​ជឿ​ព្រះ​រាជសារ​នៅ​ក្នុង​សំបុត្រ​រ៉ូម​ ហើយ​រស់​នៅ​ដោយ​អនុវត្ត​ព្រះ​រាជសារ​នេះ។ ​ព្រះ​រាជសារ​ដ៏​អស្ចារ្យ​និង​ពេញ​ដោយ​សេចក្តី​មេត្តា​ករុណា​នៃ​កណ្ឌ​សំបុត្រ​នេះ​ នឹង​ធ្វើ​អោយ​គ្រីស្ទរិស័ទ​ប្រើ​ធនធាន​របស់​ពួកគេ​ ដើម្បី​អោយ​ដំណឹងល្អ​បាន​រីកផ្សាយ​ទៅ​កាន់​ពិភព​លោក​ទាំងមូល។ ​ហើយ​ព្រះ​រាជសារ​ដ៏​អស្ចារ្យ​និង​ពេញ​ដោយ​សេចក្តី​មេត្តា​ករុណា​នៃ​កណ្ឌ​សំបុត្រ​រ៉ូម​នេះ ​នឹង​បំបាក់​អំណាច​នៃ​សេចក្តី​ងងឹត ហើយ​ដាំ​ពួក​ជំនុំ​នៃព្រះ​គ្រីស្ទ​នៅ​ក្នុង​ទី​កន្លែង​ដែល​ពោរពេញ​ទៅ​ដោយ​អំពើ​បាប និង​មនុស្ស​ដែល​បាន​បដិសេធ​ព្រះ។

កណ្ឌរ៉ូម​បង្ហាញ​ថា ដំណឹងល្អ​គឺ​សម្រាប់​វប្បធម៌​ទាំង​អស់​នៅ​ក្នុង​ពិភពលោក​ទាំង​មូល​

​នៅ​ក្នុង​ រ៉ូម ១:៥ សាវក​ប៉ុល​ប្រាប់​យើង​អំពី​មូល​ហេតុ​ដែល​ព្រះ​បាន​តាំង​គត់​ជា​សាវក​ម្នាក់​៖

«ដែល​យើង ខ្ញុំ​បាន​ទទួល​ព្រះ​គុណ​ និង​ងារ​ជា​សាវក​ដោយសារ​ទ្រង់ សំរាប់​ឱ្យ​មាន​មនុស្ស​ចុះចូល តាម​សេចក្តី​ជំនឿ​ នៅ កណ្តាល​អស់​ទាំង​សាសន៍​ ទុកជា​ប្រយោជន៍​ដល់​ព្រះនាម ទ្រង់»​

​នេះ​ជា​មូល​ហេតុ​ដែល​គាត់​អធិប្បាយ។ នេះ​ជា​មូល​ហេតុ​ដែល​គាត់​នឹង​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស្ប៉ាញ។ នេះ​ជា​មូលហេតុ​ដែល​គាត់​សរសេរ​សំបុត្រ​នេះ​គឺ​ដើម្បី​អោយ​មនុស្ស «​នៅ​កណ្តាល​អស់​ទាំង​សាសន៍» ​មាន​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការ​ស្តាប់​បង្គាប់​ដែល​ចេញ​មក​ពី​ជំនឿ​នោះ។ ​កណ្ឌរ៉ូម​គឺ​អំពី​អស់​ទាំ​ងសាសន៍ ដែល​មិន​ទាន់​ជឿ​លើ​ព្រះ​គ្រីស្ទ ​មិន​ទាន់​បាន​រាប់​ជា​សុចរិត​ មិន​ទាន់​បាន​ញែក​ជា​បរិសុទ្ធ ហើយ​នឹង​មិន​បាន​សិរីល្អ​ទេ បើសិន​ពួកគេ​មិន​បាន​ទទួល​ជឿ​ដំណឹងល្អ។ ​

​បន្ទាប់​មក​នៅ​ក្នុង​ខ. ១៤ គាត់​ប្រាប់​យើង​ម្តង​ទៀត​អំពី​ការ​ទទួល​ខុសត្រូវ​របស់​គាត់​ក្នុង​នាម​ជា​សាវក​ម្នាក់​ថា «ខ្ញុំ​មាន​សេចក្តី​ជំពាក់ទាំង​សាសន៍​ក្រិក នឹង​សាសន៍​ដទៃ ទាំង​អ្នក​ប្រាជ្ញា នឹង​អ្នក​ខ្លៅ​ផង​»។ ​ប៉ុន្តែ​យើង​មិន​ត្រូវ​គិត​ថា គាត់​បាន​បោះចោល​ពួក​យូដា​ឡើយ ពីព្រោះ​គាត់​និយាយ​នៅ​ក្នុង​ខ. ១៦ ថា​

«​ខ្ញុំ​គ្មាន​សេចក្តី​ខ្មាស​ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះ​គ្រី​ស្ទ​ទេ ពីព្រោះ​ជា​ព្រះ​ចេស្តា​នៃ​ព្រះ​ សំរាប់​នឹង​ជួយសង្គ្រោះ​ដល់ អស់អ្នក​ណា​ដែល​ជឿ គឺ​ដល់​ទាំង​សាសន៍​យូ​ដា​ជាដើម​ និង សាសន៍​ក្រិ​ក​ផ​ង​»​

​សាសន៍​យូដា សាសន៍ក្រិក សាសន៍ដទៃ អ្នកប្រាជ្ញា និង​អ្នក​ខ្លៅ! ​ម្តង​ទៀត ព្រះ​រាជសារ​ដ៏​មាន​អំណាច​និង​ពេញ​ដោយ​សេចក្តី​មេត្តា​ករុណា​នៅ​ក្នុង​កណ្ឌ​សំបុត្រ​រ៉ូម​នេះ គឺ​សម្រាប់​ជាតិ​សាសន៍​ទាំង​អស់​ វប្បធម៌​ទាំង​អស់​ និង​មនុស្ស​ទាំង​អស់​ចាប់​ពី​មាន​ការ​អបរំ​ខ្ពស់​ដល់​មាន​ការ​អប់រំ​ទាប។

​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​មិន​មែន​សម្រាប់​តែ​ពូជអំបូរ​ខ្លះ ​ពូជសាសន៍ខ្លះ ឬ​ជាតិសាសន៍​ខ្លះ​នោះ​ទេ ​ប៉ុន្តែ​ដំណឹងល្អ​នេះ​ហៅ​មនុស្ស​គ្រប់​ជាតិសាសន៍​គ្រប់​ភាសា​អោយ​មាន​ជំនឿ​និង​ការ​ស្តាប់​បង្គាប់។ ​ព្រះ​យេស៊ូវ​មិន​មែន​ជា​ព្រះ​មួយ​អង្គ​នៅក្នុង​ចំណោម​ព្រះ​ជា​ច្រើន​ឡើយ។ ​ទ្រង់​គឺ​ជា​ព្រះ​អម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់​ ហើយ​គឺជា​ស្តេច​លើ​អស់​ទាំង​ស្តេច​ ហើយ​ក៏​គ្មាន​ឈ្មោះ​ណា​មួយ​នៅ​ក្រោម​មេឃ​អាច​ធ្វើ​អោយ​មនុស្ស​បាន​សង្រ្គោះ​បាន​ឡើយ។ ​ព្រះ​រាជសារ​ដ៏​មាន​អំណាច​និង​ពេញ​ដោយ​សេចក្តី​មេត្តា​ករុណា​នៅ​ក្នុង​កណ្ឌ​សំបុត្រ​រ៉ូម​នេះ មិន​មែន​ជា​ផ្លូវ​នៃ​សេចក្តី​សង្រ្គោះ​មួយ​នៅ​ក្នុង​ចំណោម​ផ្លូវ​ជា​ច្រើន​ឡើយ។ ​វា​គឺជា​ផ្លូវ​នៃ​សេចក្តី​សង្រ្គោះ​ពីព្រោះ​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ ​និង​ជា​ព្រះ​អង្គ​សង្រ្គោះ​តែ​មួយ​គត់។ ​មែន​ហើយ​ ​មនុស្ស​ជា​ច្រើន​មិន​ទទួល​យក​សេចក្តី​បង្រៀន​នេះ​ទេ សូម្បី​តែ​អ្នក​ដឹកនាំ​ពួក​ជំនុំ​មួយ​ចំនួន​និយាយ​ថា យើង​មិន​គួរ​ប្រកាស​ដំណឹងល្អ​ដល់​ពួក​យូដា​ទេ ពីព្រោះ​ពួក​ស្ថិត​នៅ​ក្នុង​សម្ព័ន្ធ​មេត្រី​ជាមួយ​ព្រះ​រួច​ទៅ​ហើយ។ ​ពួកគេ​អះអាង​ថា មាន​ផ្លូវ​នៃ​សេចក្តី​សង្រ្គោះ​មួយ​សម្រាប់​ពួក​យូដា ដែល​បដិសេធ​ព្រះគ្រីស្ទ ហើយ​មាន​ផ្លូវ​នៃ​សេចក្តី​សង្រ្គោះ​មួយ​ទៀតសម្រាប់​គ្រីស្ទបរិស័ទ​ ដែល​ជឿ​ដល់​ទ្រង់។

​នេះ​គឺ​ជា​សេចក្តី​ថ្លែង​ខុស​មួយ​ពី​ពួកអ្នកដឹកនាំ​គ្រីស្ទបរិស័ទ ពីព្រោះ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា

​«ឯ​អ្នកណាដែល​ជឿ​ដល់​ព្រះរាជ​បុត្រានោះ​មានជីវិត​ដ៏​នៅ​អស់​កល្បជានិច្ច​ហើយ​ តែ​អ្នកណា​ដែល​មិន​ព្រម​ជឿ​ដល់​ព្រះរាជ​បុត្រា​វិញនោះ​នឹង​មិនឃើញ​ជីវិត​សោះឡើយគឺ​សេចក្តីក្រោធ​របស់​ព្រះតែង​នៅជាប់​លើ​អ្នក​នោះឯង។»​ (យ៉ូហាន​ ៣:៣៦)។

ដូច្នេះ ព្រះយេស៊ូវ​បាន​មានបន្ទូល​អំពី​ពួកសាសន៍​ដទៃ​ដែល​ជឿ​ទ្រង់​ និង​ពួក​យូដា​ដែល​បដិសេធ​ទ្រង់ ​ថា

ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន ពី​ទិស​ខាង​កើត និង​ទិស​ខាង​លិច មក​អង្គុយ​ជា​មួយ​នឹង​លោក​អ័ប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប នៅ​ក្នុង​នគរ​ស្ថានសួគ៌ តែ​អស់​ទាំង​មនុស្ស​របស់​នគរ​នោះ នឹង​ត្រូវ​បោះ​ចោល ទៅ​ក្នុង​សេចក្តី​ងងឹត​ខាង​ក្រៅ​វិញ នៅ​ទី​នោះ​នឹង​មាន​យំ ហើយ​សង្កៀត​ធ្មេញ (ម៉ាថាយ​ ៨:១១-១២)។

​ដូច្នេះ ​វា​ជា​សំខាន់​ដែល​យើង​យល់​និង​ជឿ​លើ​ព្រះរាជសារ​ដ៏​អស្ចារ្យ​នៅ​ក្នុង​កណ្ឌ​គម្ពីរ​រ៉ូម​ថា ដំណឹងល្អ​គឺ​សម្រាប់​មនុស្ស​ទាំង​អស់។ ​ដំណឹងល្អ​មិន​មែន​ជា​យោបល់​របស់​មនុស្ស ឬ​ទស្សនវិជ្ជា​របស់​មនុស្ស ឬ​កម្មវិធី​អភិវឌ្ឍន៍​ខ្លួន​ឯង​នោះ​ឡើយ។ ​ដំណឹងល្អ​គឺ​ជា​ព្រះរាជសារ​ពិតប្រាកដ​អំពី​ព្រះរាជកិច្ច​របស់​ព្រះជាម្ចាស់​តែ​មួយ​អង្គ​គត់​ក្នុង​ការ​សង្រ្គោះ​មនុស្ស ដោយ​បញ្ជូន​ព្រះរាជបុត្រា​តែ​មួយ​របស់​ទ្រង់​អោយ​មក​សុគត​ជំនួស​ពួក​មនុស្ស​មាន​បាប​ ហើយ​មាន​ព្រះជន្ម​រស់​ពីសុគត​ឡើង​វិញ។ ​អស់​អ្នក​ណា​ដែល​បដិសេធ​ដំណឹងល្អ​នេះ​នឹង​ត្រូវ​វិនាស។

គំនិត​ចំបង​នៃ​សំបុត្រ៖ រ៉ូម ១:១៦-១៧

ដូច្នេះ សាវក​ប៉ុល​ថ្លែង​ចំនុច​នេះ​នៅ​ក្នុង​ រ៉ូម ១:១៦-១៧ ហើយ​បន្ទាប់​មក​ពន្យល់​និង​អនុវត្ត​វា​នៅក្នុងសំបុត្រ។

«ដ្បិត​ខ្ញុំ​គ្មាន​សេចក្តី​ខ្មាស​ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះ​គ្រី​ស្ទ​ទេ ពីព្រោះ​ជា​ព្រះ​ចេស្តា​នៃ​ព្រះ​ សំរាប់​នឹង​ជួយសង្គ្រោះ​ដល់ អស់អ្នក​ណា​ដែល​ជឿ គឺ​ដល់​ទាំង​សាសន៍​យូ​ដា​ជាដើម​ និង សាសន៍​ក្រិ​ក​ផ​ង ដ្បិត​សេចក្តី​សុចរិត​នៃ​ព្រះ បាន​សំដែង​ មក​ក្នុង​ដំណឹង​ល្អ​នោះ​ដោយសារ​សេចក្តី​ជំនឿ​ហើយ​ឱ្យ បាន​សេចក្តី​ជំនឿ​ចំរើន​ច្រើន​ឡើង​ផង ដូច​មាន​សេចក្តី​ចែង ទុក​មក​ថា «មនុស្ស​សុចរិត​នឹង​រស់នៅ​ដោយ​អាង​សេចក្តីជំនឿ​»។

ទី​មួយ សាវកប៉ុល​និយាយ​ថា សារ​ឬ​ដំណឹងល្អ​ដែល​គាត់​ប្រកាស​មាន​អំណាច​ព្រះចេស្តា​និង​សេចក្តី​មេត្តាករុនា​ដើម្បី​សង្រ្គោះ​ ​វា​ជា​ព្រះចេស្តា​នៃ​ព្រះ​ដើម្បី​សង្គ្រោះ ហើយ​សេចក្តី​សង្រ្គោះ​នេះ​គឺ​តាមរយៈ​ជំនឿ។​ បន្ទាប់​មក​នៅក្នុង​ខ. ១៧ ​គាត់​ពន្យល់​អំពីមូលហេតុ​ដែល​ដំណឹងល្អ​មាន​អំណាច​ព្រះចេស្តា​នេះ «ដ្បិត​សេចក្តី​សុចរិត​នៃ​ព្រះ បាន​សំដែង​មក​ក្នុង​ដំណឹង​ល្អ​នោះ ដោយសារ​សេចក្តី​ជំនឿ»។ ​ដំណឹងល្អ​មាន​អំណាច​ព្រះ​ចេស្តា​សង្រ្គោះ​អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ព្រះគ្រីស្ទ​ ពីព្រោះ​វា​បើកសំដែង​សេចក្តី​សុចរិត​របស់​ព្រះ។ ​តើ​នេះ​មាន​ន័យ​យ៉ាង​ដូច​ម្តេច​?

រ៉ូម:១៨:២០ មូលហេតុដែលយើងទាំងអស់គ្នាត្រូវការបានសង្រ្គោះ

​មុន​ពេល​គាត់​ពន្យល់​អំពី​អត្ថន័យ​នៃ «​សេចក្តី​សុចរិត​របស់​ព្រះ​»​ ​សាវក​ប៉ុល​បង្ហាញ​អំពី​មូលហេតុ​ដែល​ យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​បាន​សង្រ្គោះ​នៅ​ក្នុង​ រ៉ូម ១:១៨-៣:២០។

យើង​បាន​ឃើញ​សេចក្ដី​សង្ខេប​របស់​លោក​ប៉ុល​នៅ​ក្នុង​ រ៉ូម​ ៣:៩ ដែល​ថា «យើងខ្ញុំ​បាន​ចោទប្រកាន់​រួចហើយ​ថា ទោះ​ទាំង សាសន៍​យូ​ដា និង​សាសន៍​ក្រិ​ក​ផង សុទ្ធតែ​នៅក្រោម​អំពើបា​ប»​ ហើយ​នៅ​ក្នុង​ ខ.១៩ «រីឯ​គ្រប់ទាំង​សេចក្តីដែល​ក្រិ​ត្យ​វិន័យ​បង្គា​ប់ នោះ​យើង​ដឹងថា បង្គាប់​ដល់​តែ​ពួក​អ្នក​ដែល​នៅក្នុង​បន្ទុក​ក្រិ​ត្យ​វិន័យ​ទេ​ ដើម្បីឱ្យ​គ្រប់​ទាំង​មាត់​ត្រូវ​បិទ ហើយ​ឱ្យ​លោកិយ​ទាំងមូលជាប់​មានទោស​នៅ​ចំពោះ​ព្រះ»​

ដូច្នេះ​យើង​ទាំង​អស់​គ្នា​គឺ​ជា​ពួក​មនុស្ស​មាន​បាប។ ​យើង​ទាំង​អស់​គ្នា​ស្ថិត​នៅ​ក្រោម​សេចក្តី​ក្រោធ​របស់​ព្រះ​ (១:១៨)។ ​យើង​មិន​មាន​សេចក្តី​សុចរិត​ ដែល​អាច​ធ្វើ​អោយ​ទ្រង់​ទទួល​យើង​បាន​ឡើយ ហើយ​ ៣:២០ ​បញ្ជាក់​ច្បាស់​ថា យើង​មិន​អាច​សង្រ្គោះ ឬ​រាប់ខ្លួន​យើង​ជា​សុចរិត​បាន​ឡើយ​៖ «​គ្មានមនុស្សណាបានរាប់ជាសុចរិតនៅចំពោះទ្រង់ ដោយអាងការប្រព្រឹត្តតាមក្រិត្យវិន័យនោះឡើយ​»។ ​យើង​គឺ​ជា​ពួក​មនុស្ស​មានបាប។ យើង​ស្ថិត​នៅ​ក្រោមសេចក្តី​ក្រោធ​ដ៏​បរិសុទ្ធ​របស់​ព្រះ។ ដូច្នេះ​ យើង​មិន​អាច​សង្រ្គោះ ឬ​រាប់​ខ្លួន​យើង​ជា​សុចរិត​ ដោយ​ការ​ប្រព្រឹត្ត​បាន​ឡើយ។

រ៉ូម ៣:២១-៣១ ការ​បើក​សំដែង​នៃ​សេចក្តី​សុចរិត​របស់​ព្រះ​ដោយសារ​ជំនឿ

ឥឡូវ​នេះ សាវក​ប៉ុល​បែរ​មក​ចំនុច​ចំបង​របស់​គាត់​នៅ​ក្នុង រ៉ូម ១:១៦-១៧ ​ហើយ​ពន្យល់​ថា ដំណឹងល្អ​ជា​ព្រះ​ចេស្តា​នៃ​ព្រះ​ សម្រាប់​នឹង​ជួយ​សង្រ្គោះ​ដល់​អ្នកណា​ដែល​ជឿ​ ពីព្រោះ​ដំណឹងល្អ​បើក​សំដែង​ពី​សេចក្តី​សុចរិត​របស់​ព្រះ​តាមរយៈ​ជំនឿ។ គាត់​និយាយ​នៅ​ក្នុងខ. ២១-២២ ថា​

«ប៉ុន្តែ​ឥឡូវនេះ ក្រៅពី​ក្រិ​ត្យ​វិ​ន​យ័ សេចក្តី​សុចរិត​ផង ព្រះ​ ដែលមាន​ទាំង​ក្រិ​ត្យ​វិន័យ និង​ពួក​ហោរា​ធ្វើ​បន្ទាល់ ឱ្យ​ផង​ នោះបាន​លេចចេញ​មកហើយ គឺជា​សេចក្តី សុចរិត​របស់​ព្រះ​ ដែល​បាន​ដោយសារ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះ​យេស៊ូ​វ​គ្រី​ស្ទ  ក៏​សំរាប់​គ្រប់​អស់​អ្នកណាដែល​ជឿ ផង​ ដ្បិត​គ្មាន​ខុស​អំពី​គ្នា​ទេ»​

ដូច្នេះ តើ​អ្វី​គឺ​ជា​សេចក្តី​សុចរិត​របស់​ព្រះ​ ដែល​ផ្តល់​ព្រះចេស្តា​ដល់​ដំណឹងល្អ​សម្រាប់​សង្រ្គោះ​អ្នក​ជឿ? ​នោះ​គឺ​ជា សេចក្តី​សុចរិត​របស់​ព្រះ​ ដែល​មក​តាមរយៈ​ជំនឿ​លើ​ព្រះ​យេស៊ូវ។ ​វា​គឺជា​សេចក្តី​សុចរិត​របស់​ព្រះ ដែល​ត្រូវ​បានបើក​សំដែង​ជា​អំណោយ​ទាន​មួយ​ដល់​យើង​តាមរយៈ​ជំនឿ។ ​វា​គឺ​ជា​ការ​ដែល​ព្រះ​រាប់​មនុស្ស​មានបាប​ជា​សុចរិត។ ដូច្នេះ សាវក​ប៉ុល​និយាយ​នៅ​ក្នុង​ខ. ២៤​ថា ​មនុស្ស​មាន​បាប​ដែល​ទុក​ចិត្ត​ព្រះ​គ្រីស្ទ «តែ​ដោយ​ពឹង​ដល់ព្រះ​គុណ​ទ្រង់​ នោះបាន​រាប់​ជា​សុចរិត​ទទេ ដោយសារ​សេចក្តី​ប្រោស​លោះ​ដែល​នៅក្នុង​ព្រះ​គ្រី​ស្ទ​យេស៊ូ​វ»។ ការ​បើក​សំដែង​នៃ​សេចក្តី​សុចរិត​របស់​ព្រះ​ ដែល​ធ្វើ​អោយ​ដំណឹងល្អ​ក្លាយ​ជា​ព្រះ​ចេស្តា​នៃ​ព្រះ​សម្រាប់​សេចក្តី​សង្រ្គោះ​ គឺ​ជា​ការ​បើក​សំដែង និង​អំណោយ​ទាន​នៃ​សេចក្តី​សុចរិត​របស់​ព្រះ​សម្រាប់​មនុស្ស​មាន​បាប​ដែល​ទុក​ចិត្ត​ព្រះ​គ្រីស្ទ។

រ៉ូម ៣:២៥ ពន្យល់​ពី​របៀប​ដែល​ព្រះ​អាច​រាប់​មនុស្ស​មាន​បាប​ជា​សុចរិត​បាន​៖ «ដែល​ព្រះ​បាន​តាំង​ទ្រង់​ទុកជាទី​សន្តោស​ប្រោស​ ដោយសារសេចក្តី​ជំនឿ​ដល់​ព្រះ​លោហិត​ទ្រង់​ សំរាប់​នឹង​សំដែង​ឱ្យឃើញ​សេចក្តី​សុចរិត​របស់​ព្រះ ចំពោះ​ការដែលទ្រង់​មិន​ប្រកាន់​អំពើ​បាប ដែល​គេ​ប្រព្រឹត្ត​ពី​ដើម​ ដោយទ្រង់មាន​ព្រះ​ហឫទ័យ​អត់ធ្មត់»។ ​ព្រះ​បាន​បញ្ជូន​ព្រះ​រាជបត្រា​របស់​ទ្រង់​អោយ​មក​សុគត​ជំនួស​យើង ដើម្បី​អោយ​សេចក្តី​ក្រោធ​និង​បណ្តាសារ​របស់​ព្រះវរបិតា​ត្រូវ​ធ្លាក់​មក​លើ​ទ្រង់ មិន​ត្រូវ​ធ្លាក់​មក​លើ​អស់​អ្នក​ដែល​ជឿ​នោះ​ទេ។ ​នៅ​ក្នុង​របៀប​នេះ ទ្រង់​បង្ហាញ​សេចក្តី​ក្រោធ​របស់​ទ្រង់​ចំពោះ​បាប​ និង​ការ​ដោះស្រាយ​បាប​ដោយ​យុត្តិធម៌។ ដូច្នេះ ខ.​២៦ និយាយ​ថា «នៅ​ជាន់​ឥឡូវ​នេះ ប្រយោជន៍​ឲ្យ​ទ្រង់​បាន​សុចរិត ព្រម​ទាំង​រាប់​ពួក​អ្នក​ដែល​មាន​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះយេស៊ូវ ថា​ជា​សុចរិត​ដែរ»។

ដូច្នេះ​ការ​សុគត​របស់​ព្រះគ្រីស្ទ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​រាប់​ជា​សុចរិត​របស់​យើង។ បើសិន​យើង​ជឿ​លើ​ព្រះយេស៊ូវ នោះ​ព្រះ​រាប់​យើង​ជា​សុចរិត​ដោយ​យល់​ព្រះយេស៊ូវ។ ​ព្រះ​ចាត់​ទុក​យើង​ជា​សុចរិត។ នេះ​គឺ​ជា​ការ​រាប់​ជា​សុចរិត។ ​ហើយ​នៅ​ក្នុង​ខ. ២៨ បញ្ជាក់​ច្បាស់​ថា ការ​មាន​ទំនាក់ទំនង​ត្រឹមត្រូវ​ជាមួយ​ព្រះ​នេះ​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​ទេ ប៉ុន្តែ​ដោយសារ​ជំនឿ «ដ្បិត​យើងខ្ញុំ​អាង​ថា មនុស្ស​បានរាប់​ជា​សុចរិតដោយសារ​សេចក្តី​ជំនឿ គឺ​មិនមែន​ដោយការប្រព្រឹត្ត​តាម​ក្រិ​ត្យ​វិន័យ​ទេ​»។

ហើយ​សូម​កត់​សំគាល់​ម្តង​ទៀត​នៅ​ទី​នេះ​ថា ព្រះរាជសារ​នៅ​ក្នុង​កណ្ឌ​គម្ពីរ​រ៉ូម​គឺ​សម្រាប់​វប្បធម៌​ទាំង​អស់​នៅ​ក្នុង​ពិភពលោក។ សូម​មើល​ខ. ២៩-៣០ «តើ​ព្រះអង្គ​ទ្រង់​ជា​ព្រះ​នៃ​សាសន៍​យូ​ដា​តែប៉ុណ្ណោះតើ​ទ្រង់​មិនមែនជា​ព្រះ​នៃ​សាសន៍​ដទៃ​ដែរ​ទេ​ឬអីមែនហើយ ទ្រង់​ជា​ព្រះ​នៃ​សាសន៍ដទៃ​ដែរ​ ៣០ដ្បិត​គឺជា​ព្រះ​តែ១ ព្រះអង្គ ដែល​នឹង​រាប់ទាំង ពួក​កាត់​ស្បែក ថា​ជា​សុចរិត ដោយសារតែ​គេ​មាន​សេចក្តីជំនឿ ព្រមទាំង​ពួក​អ្នក​ដែល​មិន​កាត់​ស្បែក​ផង ដោយ​គេមាន​សេចក្តី​ជំនឿ​នោះដែរ»។ ការ​រាប់​ជាសុចរិត​ដោយសារ​ជឿ​លើ​ព្រះគ្រីស្ទ​គឺ​ជា​ព្រះរាជសារ​ដ៏​មាន​អំណាច​ព្រះ​ចេស្តា​និង​សេចក្តី​មេត្តាករុណា ដែល​យើង​មាន​សម្រាប់​ពិភពលោក​ទាំង​មូល​ ជាតិសាសន៍​ទាំង​អស់​ និង​មនុស្ស​ទាំង​អស់​ដែល​យើង​នឹង​ជួប។ មាន​ព្រះអង្គសង្រ្គោះ​តែ​មួយ ឈើ​ឆ្កាង​តែ​មួយ ការ​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ​តែ​មួយ និង​ផ្លូវ​តែ​មួយ​ដើម្បី​បាន​ជាសុចរិត​នៅ​ចំពោះ​ព្រះ៖ ដោយ​ការ​ទទួល​យក​សេចក្តី​សុចរិត​របស់​ព្រះ​គ្រីស្ទ មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​នោះ​ឡើយ។

រ៉ូម ៤ ព្រះ​រាប់​អ័ប្រាហាំ​ជា​សុចរិត​ដោយសារ​ជំនឿ មិន​មែន​ដោយសារ​ការ​ប្រព្រឹត្ត​

​នៅ​ក្នុង​ជំពូក​៤ សាវក​ប៉ុល​បង្ហាញ​លោក​អ័ប្រាហាំ​ជា​គំរូ​មួយ ដែល​ព្រះរាប់​មនុស្ស​ទុច្ចរិត​ជា​សុចរិត​ដោយ​សារ​ជំនឿ មិន​មែន​ដោយសារ​ការប្រព្រឹត្ត​ថា «អ័​ប្រា​ហាំ​បាន​ជឿ​ដល់​ព្រះ​ហើយ​សេចក្តី​ជំនឿ​នោះបានរាប់​ជា​សេចក្តី​សុចរិត​ដល់​លោក»​ (ខ. ៣)។ ខ​ពិសេស​មួយ​នៅ​ក្នុង​សំបុត្រ​នេះ​យក​គំរូ​របស់​លោកអ័ប្រហាំ​ ​(ខ. ៥) ​«តែ​ចំណែកអ្នក​ដែល​មិន​ធ្វើការ​សោះគឺ​គ្រាន់តែ​ជឿ​ដល់​ព្រះអង្គដែលទ្រង់​ប្រោស​ឱ្យ​មនុ​ស្សទ​មិ​ល​ល្មើស​បាន​សុចរិតនោះ​សេចក្តីជំនឿ​របស់​អ្នក​នោះបាន​រាប់​ទុកជា​សេចក្តី​សុចរិត​វិញ»។ ជំនឿ​នាំ​អោយ​ព្រះ​រាប់​យើង​ជា​សុចរិត​ មិន​មែន​ការ​ប្រព្រឹត្ត​ទេ​ ហើយ​មនុស្ស​ទុច្ចរិត​បាន​រាប់​ជា​សុចរិត មិន​មែន​មនុស្ស​សុចរិត​នោះ​ទេ។ ​នេះ​ពិត​ជា​ដំណឹងល្អ ហើយ​នេះ​គឺជា​ព្រះរាជសារ​ដ៏​មាន​អំណាច​ព្រះ​ចេស្តា​និង​សេចក្តី​មេត្តាករុណា​នៅ​ក្នុង​កណ្ឌសំបុត្រ​រ៉ូម។

រ៉ូម ៥ សេចក្តី​សង្ឃឹម និង​សន្តិភាព​នៅក្នុង​ការ​រងទុក្ខ​និង​សេចក្តី​ស្លាប់​

​នៅ​ក្នុង​ជំពូក​៥ សាវក​ប៉ុល​សង្ខេប​ដោយ​សរសេរ​ខ. ១ ថា ​«ដូច្នេះដែល​យើង​រាល់គ្នា​បាន​រាប់​ជា​សុចរិតដោយការជឿនោះ​ឈ្មោះថា​យើង​បាន​មេត្រី​នឹង​ព្រះដោយសារ​ព្រះ​យេស៊ូ​វ​គ្រីស្ទជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់គ្នា​ហើយ»។ បន្ទាប់​ពី​នេះ គាត់​សរសេរ​អំពី​ការ​រងទុក្ខ​និង​សេចក្តី​ស្លាប់ ដែល​គ្រីស្ទបរិស័ទ​ប្រឈម (បន្ទាប់​មក​នៅក្នុង​ជំពូក​៨ គាត់​សរសេរ​ជា​ច្រើន​អំពី​ការ​រងទុក្ខ​និង​សេចក្តី​ស្លាប់​)។ ខ. ៣ ប្រាប់​យើង​ពីមូលហេតុ​ដែល​យើង​អាច​មាន​អំណរ​នៅក្នុង​ការ​រងទុក្ខ​វេទនា ដែល​វា​នាំ​អោយ​មាន​ការ​អត់ធ្មត់​និង​សង្ឃឹម។ ​គំនិត​របស់​សាវក​ប៉ុល​នៅក្នុង​ជំពូក​៥​និង​ជំពូក​៨​គឺ​ថា សូម្បីតែ​គ្រីស្ទបរិស័ទ​ក៏​នឹង​ប្រឈម​នឹង​ការ​រងទុក្ខ​និង​សេចក្តី​ស្លាប់​ដែរ​ ប៉ុន្តែ​នៅ​ក្នុ​ងដំណឹងល្អ​យើង​មាន​សេចក្តី​សង្ឃឹម​និង​សន្តិភាព​ពិតប្រាកដ​មួយ។ វា​ជា​រឿង​ធម្មតា​ដែល​គ្រីស្ទបរិស័ទ​ប្រឈម​នឹង​ការ​រងទុក្ខវេទនា ​«ត្រូវ​តែ​ទ្រាំ​រងទុក្ខ​វេទនា ជា​ច្រើន​ ទើប​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន» (កិច្ចការ​ ១៤:២២)។

​សេចក្តី​ស្លាប់​គឺ​ជា​បញ្ហា​ពិតប្រាកដ​ដ៏​ធំ​មួយ​នៅ​ក្នុង​វប្បធម៌​ទាំង​អស់។ បើសិន​អ្នក​មាន​ដំណឹងល្អ នោះ​អ្នក​ត្រូវ​តែ​មាន​ការ​ពន្យល់​អំពី​សេចក្តី​ស្លាប់​និង​សង្ឃឹម​នៅក្នុង​សេចក្តី​ស្លាប់។ ​នេះ​ជា​អ្វី​ដែល​សាវក​ប៉ុល​ធ្វើ​នៅ​ក្នុង​ រ៉ូម ៥:១២-២១ ដោយ​គាត់​ប្រៀបធៀប​អ័ដាម ដែល​បាប​និង​សេចក្តី​ស្លាប់​ចូល​មក​តាមរយៈ​ការ​មិន​ស្តាប់​បង្គាប់​របស់​គាត់ ជាមួយ​នឹង​ព្រះគ្រីស្ទ ដែល​ជីវិត​និង​សេចក្តី​សុចរិត​ចូល​មក​តាមរយៈ​ការ​ស្តាប់​បង្គាប់​របស់​ទ្រង់។ ខ. ១៩ បញ្ជាក់​ពី​ភាព​ផ្ទុយ​គ្នា​យ៉ាង​ច្បាស់​ថា ​«ដ្បិត​ដូចជា​មនុស្ស​ជាច្រើនបាន​ត្រឡប់​ជាមាន​បា​បដោយសារ​មនុស្ស​តែ​ម្នាក់​មិនបាន​ស្តាប់បង្គាប់​ជា​យ៉ាងណានោះ​មនុស្ស​ជាច្រើនក៏បាន​ត្រឡប់​ជា​សុចរិតដោយសារម្នា​ក់បាន​ស្តាប់បង្គាប់​វិញ​យ៉ាង​នោះដែរ»។ ដោយសារ​យើង​កើត​មក​នៅ​ជាប់​ជាមួយ​អ័ដាម នោះ​យើង​បាន​ទទួល​បាប​និង​ទោស​របស់​គាត់ ប៉ុន្តែ​ដោយសារ​យើង​នៅ​ជាប់​ជាមួយ​ព្រះ​គ្រីស្ទដោយសារ​ជំនឿ នោះ​យើង​ទទួល​បាន​ការ​ស្តាប់​បង្គាប់​និង​ការ​រួច​ពី​ទោស​របស់​ទ្រង់។

​បន្ទាប់​មក​សាវកប៉ុល​សង្ខេប​ជ័យជំនះ​នៃ​ព្រះគុណ​តាមរយៈ​ព្រះ​គ្រីស្ទ​នៅ​ក្នុង​ខ. ២១ ថា «ដើម្បីឱ្យ​ព្រះ​គុណ​សបាន​សោយរាជ្យដោយសារ​សេចក្តី​សុចរិតសំរាប់​ជា​ជីវិត​អស់​កល្បជានិច្ច​ដោយនូវ​ព្រះ​យេស៊ូវ​គ្រី​ស្ទជា​ព្រះ​អម្ចាស់​នៃ​យើងរាល់គ្នាដូចជា​បាប​បាន​សោយរាជ្យឱ្យ​ត្រូវស្លាប់​ឡ​ពី​ដើម​នោះដែរ»។

រ៉ូម ៦ ការ​នៅ​ជាប់​ជាមួយ​ព្រះគ្រីស្ទ​គឺជា​សេចក្តី​ស្លាប់​ខាង​បាប និង​ការ​រំដោះ​ចេញ​ពី​ទាសភាព​

សេចក្តី​បង្រៀន​របស់​សាវក​ប៉ុល​អំពី​មនុស្ស​មានបាប​បាន​រាប់​ជា​សុចរិត​ដោយសារ​ជំនឿ​និង​ព្រះ​គុណ​បាន​នាំ​អោយ​មាន​បញ្ហា​មួយ ដែល​ត្រូវ​តែ​ដោះស្រាយ៖ បើសិន​យើង​ពិត​ជា​បាន​រាប់​ជា​សុចរិត​ដោយសារ​ជំនឿ​តែ​មួយ​ ហើយ​ដែល​បាប​កាន់​តែ​ច្រើន នោះ​ព្រះ​គុណ​នឹង​ចម្រើន​កាន់​តែ​ចម្រើន​ឡើង​ នោះ​តើ​ត្រូវ​អោយ​យើ​ង​ចេះ​តែ​ប្រព្រឹត្តអំពើ​បាបទៅ​ទៀត ដើម្បី​អោយ​ព្រះគុណ​បាន​ចម្រើន​ឡើង​ឬ​អី? សាវកប៉ុល​ឆ្លើយ​នឹង​សំនួរ​នេះ​នៅ​ក្នុង​ជំពូក​៦​ ជាមួយ​នឹង​សេចក្តី​បង្រៀន​ថា ជំនឿធ្វើ​អោយ​យើង​នៅ​ជាប់​ជាមួយ​ព្រះគ្រីស្ទ គឺ​ថា យើង​ពិត​ជា​ស្លាប់​ជាមួយ​ទ្រង់​ខាង​ឯ​បាប​ ហើយ​បាន​សង្រ្គោះ​ចេញ​ពី​ទាសភាព (៦:៦, ១៧-១៨)។ ​ព្រះ​ញែក​អស់​អ្នក​ណា​ដែល​ទ្រង់​រាប់​ជា​សុចរិត​ហើយ​អោយ​គេ​មាន​ចិត្ត​ថ្មី។

រ៉ូម ៧៖ ស្លាប់​ខាង​ក្រិត្យវិន័យ ដើម្បី​យើង​អាច​ជាកម្មសិទ្ធិ​របស់​ម្នាក់​ទៀត​

បន្ទាប់​មក​នៅ​ក្នុង​ជំពូក​៧ សាវកប៉ុល​បង្រៀន​ថា ​យើង​មិន​ត្រឡប់​ជា​បរិសុទ្ធ​និង​ដូច​ព្រះ​យេស៊ូវ ដោយ​ផ្តោត​លើ​ក្រិត្យវិន័យ ហើយ​ព្យាយាម​ប្រព្រឹត្ត​តាម​ឡើយ។ ទេ «យ៉ាង​ដូច្នោះ  បងប្អូន​អើយ  អ្នក​រាល់គ្នា​ក៏បាន​ស្លាប់​ពី​ខាង​ឯ​ក្រិ​ត្យ​វិន័យ​ដែរ​ ដោយសារ​រូបអង្គ​នៃ​ព្រះ​គ្រី​ស្ទ​ ដើម្បី ឱ្យ​អ្នក​រាល់គ្នា​បាន​ទៅជា​របស់​ផង​អ្នក​ម្នាក់ទៀត​ ដែល​បាន រស់​ពី​ស្លាប់​ឡើងវិញ ប្រយោជន៍​ឱ្យ​យើង​បាន​បង្កើត​ផល​ថ្វាយ​ព្រះ. . . តែ​ឥឡូវនេះ យើង​បាន​រួច​ពី​ក្រិ​ត្យ​វិន័យ​ហើយ​ ដោយបាន​ស្លាប់​ក្នុង​សេចក្តី​ដែល​ឃុំឃាំង​យើង​ទុក​ប្រយោជន៍​ឱ្យ​យើង​បាន​គោរព ប្រតិបត្តិ​ដោយ​វិញ្ញាណ​ដែល​បាន​កែ​ជាថ្មី​វិញ មិនមែន​តាម តែ​ន័យ​ពាក្យ​ពី​បុរាណ​នោះ​ទៀតឡើយ​»​ (៧:៤, ៦)។

ជីវិត​គ្រីស្ទបរិស័ទ​ត្រូវ​រស់​នៅ​ក្នុង​អំណោយទាន​ដោយ​ទទេ និង​ការ​ខិតខំកសាង​ទំនាក់ទំនង​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ «ដើម្បី​អោយ​អ្នក​រាល់​គ្នា​បាន​ទៅ​ជា​របស់​ផង​អ្នក​មា្នក់​ទៀត​!» ​(៧:៤)។ ទ្រង់​គឺ​ជា​អំណាច​ព្រះចេស្តា​ ជា​សេចក្តីមេត្តាករុណា និង​ជាគំរូ​នៃ​ជីវិត​គ្រីស្ទបរិស័ទ។​

រ៉ូម ៨ គ្មាន​អ្វី​អាច​នឹង​ពង្រាត់​យើង​ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​បាន​ឡើយ​

តើ​អ្នក​ណា​នឹង​ពង្រាត់​យើង​ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ផង​ព្រះគ្រីស្ទ​បាន​ (ខ. ៣៥)? តើ​អ្នក​មើល​ឃើញ​ទំនាក់ទំនង​រវាង​ខ​នេះ​នឹង​ រ៉ូម ៧:៤ ដែរ​ឬ​ទេ? យើង​បាន​ស្លាប់​ខាង​ឯក្រិត្យវិន័យ ដើម្បី​អោយ​យើង​ទៅ​ជា​របស់​ផង​អ្នក​មា្នក់​ទៀត​ គឺ​ជា​របស់​ព្រះ​គ្រីស្ទ ដែល​ទ្រង់បាន​មាន​ព្រះជន្មរស់​ពីសុគត​ឡើង​វិញ។ ​នេះ​គឺ​ជា​គន្លឹះ​សម្រាប់​ការ​រស់​នៅ​ និង​ជា​គន្លឹះ​សម្រាប់​ការ​ស្លាប់​ផង​ដែរ។ ដូច្នេះ តើ​អ្នក​ណា​នឹង​ពង្រាត់​យើង​ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ផង​ព្រះគ្រីស្ទ​បាន​? ចម្លើយ​គឺ​ថា គ្មាន​អ្វី​សោះ​ឡើយ។ តើ​អ្នក​ណា​នឹង​ពង្រាត់​យើង​ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ផង​ព្រះ​នៅ​ក្នុង​ព្រះគ្រីស្ទ​បាន​? ចម្លើយ​គឺ​ថា គ្មាន​អ្វី​សោះ​ឡើយ។

«ទោះបើ​យើង​រស់ឬ​ស្លាប់​ក្តីគង់តែ​យើង​ត្រូវ​រស់ឬ​ស្លាប់​ថ្វាយព្រះ​អម្ចាស់​វិញដូច្នេះបើ​រស់​ឬ​ស្លាប់​ក្តីនោះ​យើង​ក៏​ជារបស់​ផង​ព្រះ​អម្ចាស់​ដែរ។ដ្បិត​ដោយហេតុ​នោះឯងបានជា​ព្រះ​គ្រី​ស្ទ​ទ្រង់​សុគតហើយ​មាន​ព្រះជន្ម​រស់​ឡើងវិញ​គឺ​ដើម្បី​នឹង​ធ្វើជា​ម្ចាស់លើ​ទាំង​មនុស្ស​ស្លាប់និង​មនុ​ស្សរស់​ផង​» (រ៉ូម​ ១៤:៨-៩)។ ដូច្នេះ ចូរ​រស់​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ទ្រង់​ ហើយ​ស្លាប់​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ទ្រង់ចុះ។ ហើយ​ចូរ​តែងតែ​ច្រៀង​សរសើរ​ដល់​សេចក្តី​ស្រឡាញ់​ដែល​មិន​ចេះប្រួលប្រែ​របស់​ព្រះ​នៅ​ក្នុង​ព្រះ​គ្រីស្ទ​ចុះ។​

Leave a Reply

Your email address will not be published. Required fields are marked *

*

Top