Jehovah_s Witnesses pdf download
ពួកស្មរបន្ទាល់ព្រះយេហូវ៉ាគឺជាក្រុមខុសឆ្គងមួយ ដែលត្រូវបានបង្កើតឡើងនៅប្រទេសអាមេរិកដោយលោក Charles Russell ក្នុងទសវត្ស ១៨៧០ ទោះបីពួកគេមិនបានប្រើឈ្មោះ «ពួកទីបន្ទាល់ព្រះយេហូវ៉ា» នៅពេលនោះក៏ដោយ។ ពួកគេក៏ត្រូវបានហៅថា «The Watchtower Bible and Tract Society» ផងដែរ ពីព្រោះពួកគេបោះពុម្ពកូនសៀវភៅជាច្រើនក្បាល និងទស្សនាវដី្តមួយឈ្មោះថា «ប៉មចាំយាម» (Watchtower)។ នៅក្នុងប្រទេសនិយាយភាសាអង់គ្លេស ពួកគេបដិសេធអំណាចរបស់ព្រះគម្ពីរភាសាអង់គ្លេស ដែលគ្រីស្ទបរិស័ទប្រើប្រាស់ ពីព្រោះពួកគេនិយាយថា ព្រះគម្ពីរដែលយើងប្រើ ត្រូវបានធ្វើអោយខូចអត្ថន័យ។ ពួកគេអះអាងថា ពួកជំនុំគ្រីស្ទបរិស័ទបានខូចនិងថ្វាយបង្គំសាតាំង ហើយពួកគេគឺជាពួកជំនុំពិតប្រាកដតែមួយគត់។ ដើម្បីបានសង្គ្រោះ មនុស្សម្នាក់ត្រូវតែក្លាយជាសមាជិកក្រុមរបស់ពួកគេ។ ពួកគេបានផលិតការបកប្រែព្រះគម្ពីរជាភាសាអង់គ្លេសរបស់ពួកគេ ដែលពួកគេអះអាងថាមិនខុស ហើយពួកគេនឹងជឿជាក់លើតែព្រះគម្ពីរនេះប៉ុណ្ណោះ។ ពួកគេអះអាងថា សាស្ត្រាចារ្យព្រះគម្ពីរភាសាហេព្រើរនិងក្រិកខ្លាំងបំផុតរបស់ពិភពលោកបានផលិតការបកប្រែរបស់ពួកគេ ប៉ុន្តែការអះអាងនេះពិតជាខុសទាំងស្រុង។ តាមពិត ពួកគេមិនមានសាស្ត្រាចារ្យព្រះគម្ពីរភាសាហេព្រើរនិងក្រិកផលិតការបកប្រែរបស់ពួកគេឡើយ ហើយសាស្ត្រាចារ្យព្រះគម្ពីរភាសាហេព្រើរនិងក្រិកនៅទូទាំងពិភពលោកបដិសេធការបកប្រែរបស់ពួកគេ។ (សម្រាប់ព័ត៌មានបន្ថែមអំពីការអះអាងខុសរបស់ពួកគេទាក់ទងនឹងលក្ខណៈសម្បត្តិនៃពួកអ្នកបកប្រែរបស់ពួកគេ សូមចូលទៅកាន់ http://www.ukapologetics.net/newworld.html )
ទំនាយក្លែងក្លាយផ្សេងៗ
លោក Charles Russell និងទស្សនាវដី្តប៉មចាំយាមបានទាយថា ពិភពលោកនឹងបញ្ចប់នៅក្នុងឆ្នាំ១៩១៤ (Watch Tower, 1906 July 15)។ (សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://en.wikipedia.org/wiki/Watch_Tower_Society_unfulfilled_predictions https://carm.org/jehovahs-witnesses-and-their-many-false-prophecies http://www.jwfacts.com/watchtower/1800s.php)។ ទំនាយនេះពិតជាមិនបានកើតឡើងឡើយ ហើយយើងដឹងថា ពួកគេគឺជាហោរាក្លែងក្លាយ។
បន្ទាប់មកលោក Joseph Rutherford ដែលជាអ្នកស្នងដំណែងរបស់លោក Charles Russell បានទាយថា ពិភពលោកនឹងបញ្ចប់នៅក្នុងឆ្នាំ១៩២៥។ ទំនាយនេះពិតជាមិនបានកើតឡើងឡើយ ហើយយើងដឹងថា គាត់គឺជាហោរាក្លែងក្លាយម្នាក់។ ទំនាយអំពីការបញ្ចប់នៃពិភពលោកនៅក្នុងឆ្នាំផ្សេងៗទៀត ដូចជាឆ្នាំនិង ១៩២៩ សុទ្ធតែខុសទាំងអស់។ ពេលវេលាកន្លងផុតទៅបង្ហាញថា ពួកគេទាយខុស ប៉ុន្តែជារឿយៗអង្គការបានបន្ទោសសមាជិកថា ពួកគេយល់ច្រឡំអំពីអ្វីដែលពួកអ្នកដឹកនាំបាននិយាយ។ បន្ទាប់មកមានពេលខ្លះពួកគេបានទទួលស្គាល់ថា ពួកគេមិនអាចបន្ទោសសមាជិករបស់ពួកគេឡើយ ពីព្រោះនេះមកពីកំហុសរបស់ពួកអ្នកដឹកនាំវិញ។ ទោះបីយ៉ាងណា ពួកគេកម្រទទួលស្គាល់កំហុសទាំងនេះជាសាធារណៈណាស់។ នៅមានទំនាយជាច្រើនផ្សេងទៀតរបស់ពួកគេ ដែលនៅតែមិន បានកើតឡើងនៅឡើយ។
ការផ្លាស់ប្តូរសេចក្តីពិត
ក្រុមស្មរបន្ទាល់ព្រះយេហូវ៉ាបានបង្រៀនសមាជិកអោយទទួលយកទាំងស្រុងនូវសេចក្តីបង្រៀនពីអ្នកដឹកនាំនៃអង្គការរបស់ពួកគេជាសេចក្តីពិត ប៉ុន្តែជារឿយៗអង្គការបានផ្លាស់ប្តូរសេចក្តីពិតរបស់ពួកគេ អញ្ចឹងតើយើងអាចទុកចិត្តពួកគេយ៉ាងដូចម្តេចបាន? លោក Joseph Rutherford បានផ្លាស់ប្តូរគោលលទ្ធិរបស់ពួកគេពីអ្វីដែលលោក Charles Russell បានបង្រៀន បន្ទាប់មក ការបកប្រែព្រះគម្ពីររបស់ពួកគេបានផ្លាស់ប្តូរសេចក្តីបង្រៀនជាច្រើនទៀត។ ជារឿយៗ ការកែប្រែសេចក្តីពិតគឺជាការព្យាយាមគ្របបាំងកំហុសពីអតីតកាល ឬដើម្បីអោយអង្គការមានអំណាចកាន់តែខ្លាំងក្នុងការគ្រប់គ្រងសមាជិករបស់ខ្លួន។ (សម្រាប់សេចក្តីលំអិត សូមចូលទៅកាន់ http://www.jwfacts.com/watchtower/changed-watchtower-teachings.php និង http://www.jwfacts.com/watchtower/questionable-watchtower-doctrine.php )។ ពេលខ្លះ ដើម្បីគ្របបាំងកំហុស ដែលពួកគេបានបង្រៀន ពួកគេបោះពុម្ពឡើងវិញនូវអ្វីដែលពួកគេមានពីមុន ដោយលុបកំហុសទាំងអស់ចោល ប៉ុន្តែកុហកថា អ្វីដែលពួកគេបោះពុម្ពឡើងវិញនោះគឺជាឯកសារដើម (សូមចូលទៅកាន់ http://www.jwfacts.com/watchtower/misquotes-deception-lies.php )។
រឿងអាស្រូវផ្សេងៗ
យើងពិបាកនឹងបង្ហាញពួកស្មរបន្ទាល់ព្រះយេហូវ៉ាចេញពីព្រះគម្ពីរថា ពួកគេខុសឆ្គង ពីព្រោះពួកគេត្រូវបានបង្រៀនអោយទុកចិត្តអង្គការនិងពួកអ្នកដឹកនាំរបស់ពួកគេទាំងស្រុង។ ពេលខ្លះ ការមើលឃើញកំហុសរបស់អង្គការរបស់ពួកគេមានប្រសិទ្ធិភាពជាងក្នុងនាំសមាជិកចេញពីក្រុមគេ។ រឿងអាស្រូវផ្សេងៗនៅក្នុងអង្គការរបស់ពួកគេបាននាំអោយពួកស្មរបន្ទាល់ជាច្រើនចាកចេញពីក្រុមខុសឆ្គងរបស់ពួកគេ។ ដើម្បីរៀនបន្ថែមទៀតអំពីរឿងអាស្រូវទាំងនេះ សូមចូលទៅកាន់ http://www.jwfacts.com/watchtower/watchtower-scandal.php ។ រឿងអាស្រូវពីរក្នុងចំណោមរឿងអាស្រូវទាំងនេះមាន ទីមួយគឺថា អ្នកដឹកនាំរបស់ពួកស្មរបន្ទាល់ព្រះយេហូវ៉ាបានសរសេរសំបុត្រមួយទៅកាន់លោក ហ៊ីត្លែរ Hitler ដោយនិយាយថា ពួកគេយល់ស្របទាំងស្រុងជាមួយគោលនយោបាយរបស់លោក ហ៊ីត្លែរ ហើយទីពីរគឺជាការលាក់បាំងការពិតអំពីអ្នកដឹកនាំរបស់ពួកគេដែលបានរំលោភបំពានទៅលើកុមារ ។
ជំនឿផ្សេងៗរបស់ពួកស្មរបន្ទាល់ព្រះយេហូវ៉ា
មានកំហុសជាច្រើននៅក្នុងជំនឿរបស់ពួកស្មរបន្ទាល់ព្រះយេហូវ៉ា។ កំហុសមួយចំនួនទៀតមានដូចជា៖
១. ពួកគេបដិសេធថា ព្រះយេស៊ូវគឺជាព្រះ ឬព្រះវិញ្ញាណគឺជាព្រះ។ ពួកគេបង្រៀនថា ព្រះវរបិតាបានបង្កើតព្រះយេស៊ូវ ហើយនៅមុនពេលទ្រង់ប្រសូតមក នោះទ្រង់មិនបានគង់នៅឡើយ។ យោងតាមព្រះគម្ពីរ ជំនឿនេះពិតជាខុសយ៉ាងខ្លាំងដោយ យ៉ូហាន ១:១-១៤ បង្រៀនថាព្រះយេស៊ូវតែងតែគង់នៅជានិច្ច គ្មានអ្នកណាបង្កើតទ្រង់ឡើយ ហើយទ្រង់គឺជាព្រះអាទិករ។ ដោយសារតែ យ៉ូហាន ១ បង្រៀនសេចក្តីពិតនេះ នោះពួកគេបានផ្លាស់ប្តូរ យ៉ូហាន ១ នៅក្នុងការបកប្រែព្រះគម្ពីររបស់ពួកគេ ប៉ុន្តែគ្មានសាស្ត្រាចារ្យព្រះគម្ពីរភាសាក្រិកណាម្នាក់គាំទ្រការបកប្រែយ៉ូហានជំពូក១របស់ពួកគេឡើយ។ ព្រះគម្ពីរសញ្ញាថ្មីបង្រៀនយ៉ាងច្បាស់លាស់ថាព្រះយេស៊ូវគឺជាព្រះ (យ៉ូហាន ១:១-៣; ៨:៥៨-៥៩; ២០;២៨)។ ដោយសារពួកគេបដិសេធព្រះយេស៊ូវគឺជាព្រះ នោះពួកគេមិនត្រូវបានអនុញ្ញាតអោយថ្វាយបង្គំព្រះយេស៊ូវឡើយ ប៉ុន្តែមនុស្សថ្វាយបង្គំព្រះយេស៊ូវនៅស្ថានសួគ៌ ដែលជាការថ្វាយបង្គំរូបព្រះ បើសិនទ្រង់មិនមែនជាព្រះនោះ។ ដូច្នេះ បើសិនព្រះយេស៊ូវមិនមែនជាព្រះ នោះស្ថានសួគ៌គឺជាកន្លែងថ្វាយបង្គំរូបព្រះហើយ។ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាមួយចំនួនបានក្លាយជាគ្រីស្ទបរិស័ទ បន្ទាប់ពួកគេទទួលជឿថា មនុស្សថ្វាយបង្គំព្រះយេស៊ូវនៅស្ថានសួគ៌។
២. មានមនុស្សតែ១៤៤០០០នាក់ប៉ុណ្ណោះ ដែលទៅស្ថានសួគ៌ ហើយសូម្បីតែពួកស្មរបន្ទាល់ព្រះយេហូវ៉ា ដែលនៅរស់សព្វថ្ងៃនេះ ក៏នឹងមិនទៅស្ថានសួគ៌ដែរ ប៉ុន្តែ (គេជឿថា) គេគ្រាន់តែធ្វើជាផ្នែកធំនៃហ្វូងមនុស្ស ដែលនឹងមិនចេះស្លាប់ ប៉ុន្តែត្រូវរស់នៅលើផែនដី (សម្រាប់សេចក្តីលំអិត សូមចូលទៅកាន់ http://www.jwfacts.com/watchtower/144000.php )។ ការកំណត់ចំនួនមនុស្សទៅស្ថានសួគ៌នេះប្រឆាំងនឹងព្រះគម្ពីរយ៉ាងខ្លាំង។
៣. ព្រះយេស៊ូវមិនមែនជាអង្គសម្រុះសម្រួលសម្រាប់គ្រីស្ទបរិស័ទ ឬពួកស្មរបន្ទាល់ព្រះយេហូវ៉ាទេ ទ្រង់គ្រាន់តែជាអង្គសម្រុះសម្រួលសម្រាប់ក្រុមមនុស្ស១៤៤០០០នាក់តែប៉ុណ្ណោះ (http://www.jwfacts.com/watchtower/mediator.php )។ ការជឿនេះប្រឆាំងនឹងព្រះគម្ពីរ (១ធីម៉ូថេ ២:៥-៦)។
៤. ពួកស្មរបន្ទាល់ព្រះយេហូវ៉ាជឿថា ព្រះយេហូវ៉ាគឺជានាមត្រឹមត្រូវសម្រាប់ព្រះ ដូច្នេះពួកគេក៏ប្រើនាម«ព្រះយេហូវ៉ា»នៅក្នុងការបកប្រែព្រះគម្ពីរសញ្ញាថ្មីរបស់ពួកគេផងដែរ។ ព្រះយេហូវ៉ាគឺជាព្រះនាមមួយក្នុងចំណោមព្រះនាមជាច្រើនសម្រាប់ព្រះនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ប៉ុន្តែមិនមានកន្លែងណានៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលពួកអ្នកនិពន្ធ (ដែលជាពួកយូដា ហើយបានអាននិងប្រើព្រះគម្ពីរសញ្ញាចាស់) ធ្លាប់ប្រើព្រះនាម «ព្រះយេហូវ៉ា» សម្រាប់ព្រះឡើយ។ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាជឿខុសយ៉ាងខ្លាំងថា ដោយសារតែពួកគេគឺជាក្រុមមនុស្សតែមួយ ដែលប្រើព្រះនាមត្រឹមត្រូវសម្រាប់ព្រះ នោះពួកគេគឺជាក្រុមមនុស្សតែមួយ ដែលមានសេចក្តីពិត ស្គាល់ព្រះ និងបានសង្គ្រោះ។
Leave a Reply