ពួក​ស្មរ​បន្ទាល់​ព្រះយេហូវ៉ា Jehovah’s Witnesses

Jehovah_s Witnesses pdf download

ពួក​ស្មរ​បន្ទាល់​ព្រះយេហូវ៉ា​គឺជា​ក្រុម​ខុសឆ្គង​មួយ ដែល​​ត្រូវ​បាន​បង្កើត​ឡើង​​នៅ​ប្រទេស​អាមេរិក​ដោយ​លោក Charles Russell ក្នុង​​​​ទសវត្ស​ ​១៨៧០ ទោះ​បី​​​​ពួកគេ​មិន​បាន​ប្រើ​ឈ្មោះ «​ពួក​ទី​បន្ទាល់​ព្រះយេហូវ៉ា» នៅ​ពេល​នោះ​ក៏​ដោយ​។ ​ពួកគេ​ក៏​ត្រូវ​បាន​ហៅ​ថា «​The Watchtower Bible and Tract Society» ផង​ដែរ ពីព្រោះ​ពួកគេ​បោះពុម្ព​កូនសៀវភៅ​ជាច្រើន​​ក្បាល និង​ទស្សនាវដី្ត​មួយ​​ឈ្មោះ​ថា «​ប៉ម​ចាំយាម» (Watchtower)។ ​នៅ​ក្នុង​ប្រទេស​និយាយ​ភាសា​អង់គ្លេស ​ពួកគេ​បដិសេធ​អំណាច​របស់​​ព្រះ​គម្ពីរ​ភាសា​អង់គ្លេស ដែល​គ្រីស្ទបរិស័ទ​ប្រើប្រាស់ ពីព្រោះ​ពួកគេ​និយាយ​ថា ​ព្រះ​គម្ពីរ​ដែល​យើង​​ប្រើ​ ត្រូវ​បាន​ធ្វើ​អោយ​ខូច​អត្ថន័យ​។ ​ពួកគេ​អះអាង​ថា​ ពួកជំនុំ​គ្រីស្ទ​បរិស័ទ​បាន​​ខូច​និង​​​ថ្វាយ​បង្គំ​សាតាំង​ ហើយ​​ពួកគេ​គឺ​ជា​ពួក​ជំនុំ​ពិតប្រាកដ​តែ​មួយ​គត់​។ ដើម្បី​បាន​សង្គ្រោះ​ មនុស្ស​ម្នាក់​ត្រូវ​តែ​ក្លាយ​ជា​​សមាជិក​​ក្រុម​របស់​ពួកគេ។ ​ពួកគេ​បាន​ផលិត​​ការ​បកប្រែ​ព្រះ​គម្ពីរ​ជា​ភាសា​អង់គ្លេស​របស់​ពួកគេ ដែល​ពួកគេ​​​អះអាង​ថា​មិន​ខុស​ ហើយ​ពួកគេ​នឹង​ជឿ​ជាក់​លើ​​តែ​ព្រះគម្ពីរ​នេះ​ប៉ុណ្ណោះ​។ ​ពួក​គេ​អះអាង​ថា ​សាស្ត្រាចារ្យ​ព្រះ​គម្ពីរ​ភាសា​ហេព្រើរ​និង​ក្រិក​​ខ្លាំង​បំផុត​​របស់​ពិភពលោក​​បាន​ផលិត​​ការ​បក​ប្រែ​របស់​ពួកគេ ប៉ុន្តែ​ការ​អះអាង​នេះ​ពិត​ជា​ខុស​ទាំង​ស្រុង​។ ​តាមពិត ​ពួក​គេ​មិន​មាន​សាស្ត្រាចារ្យ​ព្រះគម្ពីរ​ភាសា​ហេព្រើរ​និង​ក្រិក​​ផលិត​​ការ​បកប្រែ​របស់​ពួកគេ​ឡើយ ហើយ​​សាស្ត្រាចារ្យ​ព្រះគម្ពីរ​ភាសា​ហេព្រើរ​និង​ក្រិក​​​នៅ​ទូទាំង​ពិភពលោក​​បដិសេធ​​ការ​បកប្រែ​របស់​ពួកគេ​។ (សម្រាប់​​ព័ត៌មាន​បន្ថែម​អំពី​ការ​អះអាង​ខុស​​របស់​ពួកគេ​ទាក់ទង​នឹង​លក្ខណៈ​សម្បត្តិ​នៃ​ពួក​អ្នក​បកប្រែ​របស់​ពួកគេ សូម​ចូល​ទៅកាន់ http://www.ukapologetics.net/newworld.html )

 

ទំនាយ​ក្លែងក្លាយ​ផ្សេងៗ​

លោក Charles Russell និង​ទស្សនាវដី្ត​​ប៉ម​ចាំយាម​​បាន​ទាយ​ថា ពិភពលោក​នឹង​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​១៩១៤ (Watch Tower, 1906 July 15)(សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ https://en.wikipedia.org/wiki/Watch_Tower_Society_unfulfilled_predictions  https://carm.org/jehovahs-witnesses-and-their-many-false-prophecies   http://www.jwfacts.com/watchtower/1800s.php)។ ទំនាយ​នេះ​ពិត​ជា​មិន​បាន​កើត​ឡើង​ឡើយ ហើយ​​យើង​ដឹង​ថា ពួកគេ​គឺជា​ហោរា​ក្លែងក្លាយ​។

 

បន្ទាប់​មក​​លោក Joseph Rutherford ដែល​ជា​អ្នក​ស្នង​ដំណែង​​​របស់​លោក Charles Russell បាន​ទាយ​ថា​ ពិភព​លោក​​នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ១៩២៥។ ​ទំនាយ​នេះ​ពិត​ជា​មិន​បាន​កើត​ឡើង​ឡើយ ហើយ​យើង​ដឹង​ថា ​គាត់​គឺ​ជា​ហោរា​ក្លែងក្លាយ​ម្នាក់​។ ​ទំនាយ​អំពី​ការ​បញ្ចប់​នៃ​ពិភពលោក​នៅ​ក្នុង​ឆ្នាំ​ផ្សេងៗ​ទៀត​ ដូច​ជា​ឆ្នាំ​និង​ ១៩២៩ សុទ្ធតែ​ខុស​ទាំង​អស់​។ ពេលវេលា​​កន្លង​ផុត​ទៅ​​​បង្ហាញ​​ថា ពួកគេ​ទាយ​ខុស ប៉ុន្តែ​ជារឿយៗ​អង្គការ​​បាន​បន្ទោស​សមាជិក​ថា​​ ពួកគេ​​យល់​ច្រឡំ​អំពី​អ្វី​ដែល​ពួក​អ្នក​ដឹកនាំ​​បាន​និយាយ​។ ​​​បន្ទាប់​មក​មាន​ពេល​ខ្លះ​ពួកគេ​​បាន​ទទួល​ស្គាល់​ថា ​ពួក​គេ​មិន​អាច​បន្ទោស​សមាជិក​របស់​ពួកគេ​ឡើយ ពីព្រោះ​នេះ​មក​ពី​កំហុស​របស់​ពួក​អ្នក​ដឹក​នាំ​វិញ​។ ទោះ​បី​យ៉ាង​ណា ពួកគេ​កម្រ​ទទួល​ស្គាល់​កំហុស​ទាំង​នេះ​ជា​សាធារណៈ​ណាស់​។​ នៅ​មាន​ទំនាយ​ជាច្រើន​ផ្សេង​ទៀត​​របស់​ពួកគេ ដែល​​នៅ​តែ​មិន​ ​បាន​កើត​ឡើង​នៅ​ឡើយ​។

 

ការ​ផ្លាស់​ប្តូរ​​សេចក្តី​ពិត

​​ក្រុម​​ស្មរ​បន្ទាល់​ព្រះយេហូវ៉ា​​​បាន​បង្រៀន​សមាជិក​​​អោយ​ទទួល​យក​ទាំង​ស្រុង​នូវ​សេចក្តី​បង្រៀន​ពី​អ្នក​ដឹកនាំ​នៃ​​អង្គការ​របស់​ពួកគេ​ជា​សេចក្តី​ពិត​ ប៉ុន្តែ​​ជារឿយៗ​អង្គការ​​បាន​ផ្លាស់​ប្តូរ​​​សេចក្តី​ពិត​របស់​ពួកគេ​ អញ្ចឹង​តើ​​យើង​អាច​ទុក​ចិត្ត​​ពួកគេ​យ៉ាងដូច​ម្តេច​បាន​? លោក Joseph Rutherford បាន​ផ្លាស់​ប្តូរ​គោលលទ្ធិ​របស់​ពួកគេ​ពី​អ្វី​ដែល​លោក Charles Russell បាន​បង្រៀន​ បន្ទាប់​មក​ ​ការ​បកប្រែ​ព្រះ​គម្ពីរ​របស់​ពួកគេ​​បាន​ផ្លាស់​ប្តូរ​​សេចក្តី​បង្រៀន​ជាច្រើន​ទៀត​។ ​ជារឿយៗ ​ការ​កែប្រែ​សេចក្តី​ពិត​គឺជា​ការ​ព្យាយាម​គ្រប​បាំង​កំហុស​ពី​អតីតកាល​ ឬ​ដើម្បី​អោយ​អង្គ​​ការ​មាន​អំណាច​កាន់​តែ​ខ្លាំង​ក្នុង​ការ​គ្រប់គ្រង​សមាជិក​របស់​ខ្លួន​។ (សម្រាប់​សេចក្តី​លំអិត សូម​ចូល​ទៅ​កាន់ http://www.jwfacts.com/watchtower/changed-watchtower-teachings.php និង http://www.jwfacts.com/watchtower/questionable-watchtower-doctrine.php )។​ ពេល​ខ្លះ ដើម្បី​គ្រប​បាំង​កំហុស​​ ដែល​ពួកគេ​បាន​បង្រៀន​ ពួកគេ​បោះពុម្ព​ឡើងវិញ​នូវ​អ្វី​ដែល​ពួកគេ​មាន​​ពីមុន​ ដោយ​លុប​កំហុស​ទាំង​អស់​ចោល​ ប៉ុន្តែ​កុហក​ថា អ្វី​ដែល​ពួកគេ​បោះពុម្ព​ឡើង​វិញ​នោះ​គឺ​ជា​ឯកសារ​ដើម​ (សូម​ចូល​ទៅ​កាន់ http://www.jwfacts.com/watchtower/misquotes-deception-lies.php )។

 

រឿងអាស្រូវ​ផ្សេងៗ​

​យើង​ពិបាក​​នឹង​​​បង្ហាញ​ពួក​ស្មរបន្ទាល់​ព្រះយេហូវ៉ា​ចេញ​ពី​ព្រះគម្ពីរ​ថា ពួកគេ​ខុស​ឆ្គង ពីព្រោះ​​ពួកគេ​ត្រូវ​បាន​បង្រៀន​អោយ​ទុកចិត្ត​​អង្គការ​និង​ពួក​អ្នក​ដឹកនាំ​របស់​ពួកគេ​ទាំង​ស្រុង​។ ​ពេលខ្លះ ​ការ​មើល​ឃើញ​កំហុស​របស់​អង្គការ​​របស់​ពួកគេ​​មាន​​​​ប្រសិទ្ធិ​ភាព​ជាង​​ក្នុង​នាំ​សមាជិក​ចេញ​ពី​ក្រុម​គេ​។ រឿងអាស្រូវ​ផ្សេងៗ​នៅ​ក្នុង​អង្គការ​របស់​ពួកគេ​បាន​នាំ​អោយ​​ពួក​ស្មរបន្ទាល់​ជាច្រើន​​ចាកចេញ​​ពី​ក្រុម​ខុសឆ្គង​របស់​ពួកគេ​។ ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​​រឿង​អាស្រូវ​ទាំង​នេះ សូម​ចូល​ទៅ​កាន់ http://www.jwfacts.com/watchtower/watchtower-scandal.php ។ ​រឿង​អាស្រូវ​ពីរ​​​ក្នុង​ចំណោម​រឿង​អាស្រូវ​ទាំង​នេះ​មាន ទីមួយ​គឺ​ថា​ អ្នក​ដឹកនាំ​របស់​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​សរសេរ​សំបុត្រ​មួយ​ទៅ​កាន់​លោក ហ៊ីត្លែរ Hitler ដោយ​និយាយ​ថា ពួកគេ​យល់​ស្រប​ទាំង​ស្រុង​​ជាមួយ​​គោលនយោបាយ​របស់​លោក ហ៊ីត្លែរ ហើយ​ទី​ពីរ​គឺ​ជា​ការ​លាក់បាំង​ការ​ពិត​អំពី​​​អ្នក​ដឹកនាំ​របស់​ពួកគេ​ដែល​បាន​រំលោភ​បំពាន​​​​​​ទៅ​​លើ​កុមារ ។​

 

ជំនឿ​ផ្សេងៗ​របស់​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​

​មាន​កំហុស​ជាច្រើន​នៅក្នុង​ជំនឿ​​របស់​ពួក​ស្មរបន្ទាល់​ព្រះយេហូវ៉ា។ កំហុស​មួយ​ចំនួន​ទៀត​​មាន​ដូច​ជា៖

១. ​ពួកគេ​បដិសេធ​ថា​ ព្រះយេស៊ូវ​គឺជា​ព្រះ ឬ​ព្រះ​វិញ្ញាណ​គឺ​ជា​ព្រះ​។ ​ពួក​គេ​បង្រៀន​ថា ​ព្រះ​វរបិតា​បាន​បង្កើត​ព្រះ​យេស៊ូវ ហើយ​នៅ​មុន​ពេល​ទ្រង់​ប្រសូត​មក នោះ​ទ្រង់​មិន​បាន​​គង់​​នៅ​ឡើយ​។ យោង​តាម​ព្រះ​គម្ពីរ ជំនឿ​នេះ​ពិត​ជា​ខុស​យ៉ាង​ខ្លាំង​ដោយ​ ​យ៉ូហាន ១:១-១៤ បង្រៀន​ថា​ព្រះយេស៊ូវ​តែង​តែ​គង់​នៅ​ជានិច្ច​ គ្មាន​អ្នក​ណា​បង្កើត​ទ្រង់​ឡើយ ហើយ​ទ្រង់​គឺ​ជា​ព្រះ​អាទិករ​។ ​ដោយសារ​តែ យ៉ូហាន ១ បង្រៀន​សេចក្តី​ពិត​នេះ នោះ​ពួកគេ​បាន​ផ្លាស់​ប្តូរ​ យ៉ូហាន​ ១ នៅ​ក្នុង​ការ​បក​ប្រែ​ព្រះគម្ពីរ​របស់​ពួកគេ ប៉ុន្តែ​គ្មាន​សាស្ត្រាចារ្យ​ព្រះគម្ពីរ​ភាសា​ក្រិក​ណា​ម្នាក់​គាំទ្រ​​ការ​បកប្រែ​យ៉ូហាន​ជំពូក​១​របស់​ពួកគេ​ឡើយ​។ ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បង្រៀន​យ៉ាង​ច្បាស់​លាស់​​ថា​​ព្រះយេស៊ូវ​គឺ​ជា​ព្រះ​ (យ៉ូហាន ១:១-៣; ៨:៥៨-៥៩; ២០;២៨)។ ​ដោយសារ​​ពួកគេ​បដិសេធ​​ព្រះយេស៊ូវ​គឺ​ជា​ព្រះ នោះ​ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​អោយ​ថ្វាយ​បង្គំ​ព្រះយេស៊ូវ​ឡើយ​ ប៉ុន្តែ​​មនុស្ស​ថ្វាយ​បង្គំ​ព្រះ​យេស៊ូវ​នៅ​ស្ថានសួគ៌ ដែល​ជា​ការ​ថ្វាយ​បង្គំ​​រូប​ព្រះ បើសិន​ទ្រង់​មិន​មែន​ជា​ព្រះ​នោះ​។ ​ដូច្នេះ ​បើសិន​ព្រះ​យេស៊ូវ​មិន​មែន​ជា​ព្រះ​ នោះ​​​ស្ថានសួគ៌​​​គឺ​ជា​កន្លែង​​ថ្វាយ​បង្គំ​រូប​ព្រះ​ហើយ​។ ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មួយ​ចំនួន​​បាន​ក្លាយ​ជា​គ្រីស្ទបរិស័ទ បន្ទាប់​​ពួក​គេ​​​ទទួល​ជឿ​ថា មនុស្ស​ថ្វាយ​បង្គំ​​ព្រះ​យេស៊ូវ​​នៅ​ស្ថាន​សួគ៌។

២. ​មាន​មនុស្ស​តែ​១៤៤០០០នាក់​ប៉ុណ្ណោះ​ ដែល​​ទៅ​ស្ថានសួគ៌ ហើយ​សូម្បី​តែ​​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ ដែល​នៅ​រស់​សព្វ​ថ្ងៃ​នេះ ក៏​នឹង​មិន​ទៅ​ស្ថានសួគ៌​ដែរ ប៉ុន្តែ (គេ​ជឿ​ថា)​ គេ​គ្រាន់​តែ​ធ្វើ​ជា​ផ្នែក​ធំ​នៃ​ហ្វូង​មនុស្ស​ ដែល​នឹង​មិន​ចេះ​ស្លាប់ ប៉ុន្តែ​ត្រូវ​រស់​នៅ​លើ​ផែនដី​ (សម្រាប់​សេចក្តី​លំអិត សូម​ចូល​ទៅ​កាន់ http://www.jwfacts.com/watchtower/144000.php )។ ការ​កំណត់​ចំនួន​មនុស្ស​ទៅ​ស្ថានសួគ៌​នេះ​ប្រឆាំង​នឹង​​ព្រះ​គម្ពីរ​យ៉ាង​ខ្លាំង​។

៣. ​ព្រះយេស៊ូវ​មិន​មែន​ជា​អង្គ​សម្រុះសម្រួល​សម្រាប់​គ្រីស្ទបរិស័ទ​​ ឬ​​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទេ​​ ​ទ្រង់​គ្រាន់តែ​ជា​អង្គ​សម្រុះសម្រួល​សម្រាប់​ក្រុម​មនុស្ស​១៤៤០០០​នាក់​​តែ​ប៉ុណ្ណោះ​ (http://www.jwfacts.com/watchtower/mediator.php )។ ​ការ​ជឿ​នេះ​​ប្រឆាំង​នឹង​ព្រះគម្ពីរ (១ធីម៉ូថេ ២:៥-៦)។

៤. ពួក​ស្មរបន្ទាល់​ព្រះយេហូវ៉ា​ជឿ​ថា ​ព្រះយេហូវ៉ា​គឺ​ជា​នាម​ត្រឹម​ត្រូវ​សម្រាប់​ព្រះ ដូច្នេះ​ពួកគេ​ក៏​ប្រើ​នាម​​«ព្រះយេហូវ៉ា​»នៅក្នុង​ការ​បកប្រែ​ព្រះគម្ពីរ​សញ្ញាថ្មី​របស់​ពួកគេ​ផង​ដែរ​។ ​ព្រះយេហូវ៉ា​គឺ​ជា​ព្រះនាម​មួយ​ក្នុង​ចំណោម​ព្រះនាម​ជាច្រើន​​សម្រាប់​ព្រះ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ប៉ុន្តែ​មិន​មាន​កន្លែង​ណា​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ដែល​​ពួក​អ្នក​និពន្ធ (ដែល​ជា​ពួក​យូដា ​ហើយ​​បាន​អាន​​និង​ប្រើ​ព្រះគម្ពីរ​សញ្ញាចាស់) ធ្លាប់​ប្រើ​ព្រះ​នាម​ «ព្រះយេហូវ៉ា» ​សម្រាប់​​ព្រះ​ឡើយ​។ ​ពួក​ស្មរ​បន្ទាល់​ព្រះយេហូវ៉ា​​ជឿ​​ខុស​យ៉ាង​ខ្លាំង​ថា ដោយសារ​តែ​ពួកគេ​​គឺជា​ក្រុម​មនុស្ស​​តែ​មួយ​ ដែល​ប្រើ​ព្រះ​នាម​​ត្រឹម​ត្រូវ​សម្រាប់​ព្រះ នោះ​ពួកគេ​គឺ​ជា​​ក្រុម​មនុស្ស​តែ​មួយ​ ដែល​មាន​សេចក្តី​ពិត ស្គាល់​ព្រះ និង​បាន​សង្គ្រោះ​។

 

 

Leave a Reply

Your email address will not be published. Required fields are marked *

*

Top