ភីលីព ៤:១-២១
សេចក្ដីដាស់តឿនផ្សេងៗ និង ការអរគុណដល់គ្រីស្ទបរិស័ទនៅទីក្រុងភីលីព
ការរំលឹក នៅក្នុងភីលីព ៣:១២-២១ យើងឃើញថា លោកប៉ុលសម្រេចចិត្ត ភ្លេចសេចក្តី ទាំងប៉ុន្មាន ដែលកន្លងទៅ ហើយក៏ខំមមុលឈោងទៅឯសេចក្តីខាងមុខទៀត ហើយយើងទាំងអស់គ្នា ដែលគ្រប់លក្ខណ៍ ត្រូវមានគំនិតយ៉ាងនោះដែរ ពីព្រោះមាតុភូមិរបស់អស់អ្នកដែលជឿលើព្រះគ្រីស្ទគឺនៅស្ថានសួគ៌។
ចូរអានភីលីព ៤:១-២១
សូមអាន ៤:១ ម្ដងទៀត ហើយអានភីលីព ១:២៧។ តើអត្ថបទទាំងពីរនេះមានពាក្យណាខ្លះដែលស្រដៀងគ្នា?
ការអនុវត្តន៍ និង ការជញ្ជឹងគិត តើអ្នកឈរឲ្យមាំមួនក្នុងព្រះអម្ចាស់ឬទេ? តើអ្នកធ្លាប់ធ្វើអ្វីខ្លះដើម្បីនឹងលើកទឹកចិត្តដល់សមាជិកនៃពួកជំនុំឈរឲ្យមាំមួនក្នុងព្រះអម្ចាស់?
សូមអានខ២-៣។
ការពន្យល់ នៅក្នុងកណ្ឌភីលីពយើងបានអានអំពីដៃគូក្នុងដំណឹងល្អ។ នៅអត្ថបទនេះយើងឃើញថានាងអើរ៉ូឌា និង នាងស៊ុនទីចគឺជាដៃគូរបស់លោកប៉ុលក្នុងដំណឹងល្អដែរ។ ប៉ុន្តែនាងអើរ៉ូឌា និង នាងស៊ុនទីចបានឈ្លោះប្រកែកគ្នា ដូច្នេះនៅក្នុងអត្ថបទនេះលោកប៉ុលបានដោះស្រាយបញ្ហានោះ។
នៅក្នុងខ២-៣ តើ ប៉ុលបានទូន្មានគ្រីស្ទបរិស័ទនៅទីក្រុងភីលីពធ្វើអ្វីខ្លះ?
ចំពោះអ្នកវិញ តើនរណាជាដៃគូក្នុងដំណឹងល្អរបស់អ្នកដែរ?
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីនឹងជួយដល់គូកនក្នុងដំណឹងល្អនេះ?
សូមអានខ៤-៧។ តើព្រះបន្ទូលនេះបានទូន្មានយើងឲ្យធ្វើអ្វីខ្លះ?
តើមានស្ថានភាពនៅក្នុងជីវិតដែលធ្វើឲ្យអ្នកពិបាកនឹងអនុវត្តតាមពាក្យណែនាំនេះ?
តើអ្នកគួរអនុវត្តតាមដំបូន្មាននេះដែរឬទេ? ព្រោះអ្វី?
ចូរអានខ៨-៩។
តើអត្ថបទនេះបានអប់រំឱ្យធ្វើអ្វីខ្លះ?
ការជញ្ជឹងគិត តើអ្នកធ្លាប់ពិចារណាអំពីអ្វីខ្លះទៅ?
ចូរអានខ១០។
ការពន្យល់ យើងដឹងហើយថា ប៉ុលបានជាប់គុក ហើយពួកជំនុំនៅទីក្រុងភីលីពគឺជាដៃគូក្នុងដំណឹងល្អបានជួយប៉ុល។ គេបានចាត់លោកអេប៉ាប្រូឌីត ហើយផ្ញើអំណោយទៅប៉ុលជាមួយនឹងអេប៉ាប្រូឌីត (៤:១៨)។ នៅក្នុងខ១០ប៉ុលបានសរសេរអំពីស្ថានភាពនោះ។ តាមរយៈខនេះយើងដឹងថា ពួកជំនុំភីលីពមានបំណងចង់ជួយប៉ុលអស់រយៈពេលជាយូរមកហើយ ប៉ុន្តែពួកគេគ្មានឱកាសសោះ ឥឡូវនេះអេប៉ាប្រូឌីតបានមកឯប៉ុលហើយ ដូច្នេះលោកប៉ុលសប្បាយរីករាយ ពីព្រោះគាត់ដឹងថាពួកគេនឹកដល់គាត់។ នៅក្នុងអត្ថបទបន្ទាប់ពីខនេះលោកប៉ុលមានបំណងចង់បញ្ជាក់ការអរគុណដល់ពួកគេ ប៉ុន្តែជាមួយគ្នា គាត់ចង់បង្ហាញយ៉ាងច្បាស់ថា គាត់មិនសរសេរបែបនេះដើម្បីអោយគេនឹងផ្ញើលុយកាក់បន្ថែមទៀត ឬពីព្រោះគាត់ស្រឡាញ់លុយកាក់ទេ។
សូមអានខ១១-១៣។
តាមរយៈអត្ថបទនេះ តើលោកប៉ុលបានរៀនអ្វីខ្លះ?
តើអ្នកស្កប់ចិត្តក្នុងកាលៈទេសៈគ្រប់ដែរឬទេ?
ការពន្យល់ ខ១៣គឺជាខដែលគ្រីស្ទបរិស័ទជាច្រើនបានអនុវត្តន៍យ៉ាងខុសឆ្គងបំផុត។ យើងត្រូវស្រាយបំភ្លឺអត្ថបទគម្ពីរទាំងអស់ទៅតាមបរិបទ ឬ តាមអត្ថបទជុំវិញរបស់វា។ ខ១៣មិនមែនចង់ឲ្យអនុវត្តន៍ថា ខ្ញុំអាចហោះទៅដល់ផ្កាយ ឬ ខ្ញុំអាចទទួលបានប្រាក់មួយលានដុល្លារដោយសារខ្ញុំអធិស្ឋានក្នុងព្រះនាមព្រះគ្រីស្ទ ឬ ព្រះអង្គនឹងសម្រេចសេចក្ដីប្រាថ្នាទាំងអស់របស់ខ្ញុំពីព្រោះខ្ញុំនៅក្នុងព្រះគ្រីស្ទ នោះទេ។ ខ១៣ស្ថិតនៅបន្ទាប់ពីខ១១-១២ ហើយមានទំនាក់ទំនងជាមួយនឹងខ១១-១២។ ខ១៣បាននិយាយអំពីអ្វីដែលលោកប៉ុលបានសរសេរនៅក្នុងខ១១-១២ដែលថាគាត់អាចបំរើព្រះគ្រីស្ទក្នុងគ្រប់កាលៈទេសៈ។
ចូរអានខ១៤-១៩។
អត្ថបទនេះបានសរសេរម្ដងទៀតអំពីភាពជាដៃគូរវាងលោកប៉ុលនឹងពួកជំនុំនៅទីក្រុងភីលីព។ តើគ្រីស្ទបរិស័ទនៅទីក្រុងភីលីពបានជួយលោកប៉ុលក្នុងដំណឹងល្អយ៉ាងម៉េចដែរ?
សេចក្ដីសង្ខេបនៃកណ្ឌភីលីព លោកប៉ុលបានជាប់នៅក្នុងគុក ហើយគ្រីស្ទបរិស័ទនៅភីលីពបានទទួលការបៀតបៀន ប៉ុន្តែគេសប្បាយរីករាយពីព្រោះគេស្គាល់ព្រះគ្រីស្ទ។ ព្រះជាម្ចាស់បានរាប់គេជាសុចរិតនៅក្នុងព្រះគ្រីស្ទ ហើយមាតុភូមិរបស់អស់អ្នកដែលជឿលើព្រះគ្រីស្ទគឺនៅឯស្ថានសួគ៌។ យើងត្រូវតាមប្រព្រឹត្តបែបដែលសមនឹងដំណឹងល្អរបស់ព្រះគ្រីស្ទ ត្រូវមានចិត្តមានគំនិតតែ១ ឈរមាំមួនក្នុងព្រះគ្រីស្ទ ហើយត្រូវដេញតាមគំរូរបស់ព្រះគ្រីស្ទដែលបានបន្ទាបខ្លួន (២:៥-១១)។ គ្រីស្ទបរិស័ទទាំងអស់ជាដៃគូក្នុងដំណឹងល្អ ជារបៀបយើងបានទទួលសេចក្ដីសង្គ្រោះ។
រំលឹកឡើងវិញ តើអ្នកបានរៀនអ្វីខ្លះចេញពី ភីលីព ៤:១-២១?
ការអនុវត្តន៍ និង ជជែកគ្នា អ្វីដែលអ្នកបានរៀនតាមរយៈបទគម្ពីរខាងលើនេះ តើអ្នកត្រូវយកវាមកអនុវត្តន៍ចំពោះខ្លួនយើងយ៉ាងដូចម្តេចនាពេលសព្វថ្ងៃនេះ?
តើអ្នកត្រូវផ្លាស់ប្តូរជីវិតយ៉ាងម៉េចតាមរយៈអ្វីៗដែលអ្នកបានរៀនពីកណ្ឌភីលីព?
Leave a Reply