ភីលីព​ ៤:១-២១ Philippians 4:1-21

Phil 4.1-21

ភីលីព​ ៤:១-២១

សេចក្ដី​ដាស់​តឿន​ផ្សេងៗ​ និង ការ​អរ​គុណ​ដល់​គ្រីស្ទបរិស័ទ​នៅ​ទីក្រុង​ភីលីព​​​​​

ការ​រំលឹក​ នៅ​ក្នុង​ភីលីព​ ៣:១២-២១ យើង​ឃើញ​ថា លោក​ប៉ុល​​សម្រេច​ចិត្ត​ ​​ភ្លេច​សេចក្តី ទាំង​ប៉ុន្មាន ដែល​កន្លងទៅ​ ហើយក៏​ខំ​មមុល​ឈោង​ទៅ​ឯ​សេចក្តី​ខាងមុខ​ទៀត ហើយ​យើង​ទាំង​អស់​គ្នា ដែល​គ្រប់លក្ខណ៍​ ត្រូវ​មាន​គំនិត​យ៉ាង​នោះ​ដែរ ពីព្រោះ​មាតុភូមិ​របស់​អស់​អ្នក​​ដែល​ជឿ​លើ​ព្រះគ្រីស្ទ​គឺ​នៅ​ស្ថានសួគ៌។

ចូរ​អាន​ភីលីព​ ៤:១-២១

សូម​អាន​ ៤:១ ម្ដង​ទៀត ហើយ​អាន​ភីលីព​ ១:២៧​។  តើ​អត្ថបទ​ទាំង​ពីរ​នេះ​មាន​ពាក្យ​ណា​ខ្លះ​ដែល​ស្រដៀង​គ្នា​?

ការ​អនុវត្តន៍និង ការ​ជញ្ជឹង​គិត តើ​អ្នក​​​ឈរ​​ឲ្យ​មាំមួន​ក្នុង​ព្រះអម្ចាស់​ឬ​ទេ?  តើ​អ្នក​ធ្លាប់​ធ្វើ​អ្វីខ្លះ​ដើម្បី​នឹង​លើក​ទឹក​ចិត្ត​ដល់​សមាជិក​នៃ​ពួកជំនុំ​​ឈរ​​ឲ្យ​មាំមួន​ក្នុង​ព្រះអម្ចាស់?

សូម​អាន​ខ២-៣។

ការ​ពន្យល់ នៅ​ក្នុង​កណ្ឌ​ភីលីព​យើង​បាន​អាន​អំពី​ដៃគូ​ក្នុង​ដំណឹង​ល្អ។  នៅ​អត្ថបទ​នេះ​យើង​ឃើញ​ថា​នាង​អើរ៉ូឌា​ និង ​នាង​ស៊ុនទីច​គឺ​ជា​ដៃគូ​របស់​លោក​ប៉ុល​ក្នុង​ដំណឹង​ល្អ​ដែរ។  ប៉ុន្តែ​នាង​អើរ៉ូឌា​ និង ​នាង​ស៊ុនទីច​បាន​ឈ្លោះ​ប្រកែកគ្នា​ ដូច្នេះ​នៅ​ក្នុង​អត្ថបទ​នេះ​​លោក​ប៉ុល​បាន​ដោះ​ស្រាយ​បញ្ហា​នោះ។

នៅ​ក្នុង​ខ២-៣ តើ ​ប៉ុល​បាន​ទូន្មាន​គ្រីស្ទបរិស័ទ​នៅ​ទីក្រុង​ភីលីព​ធ្វើ​អ្វីខ្លះ?

ចំពោះ​អ្នក​វិញ តើ​នរណា​ជា​ដៃគូ​ក្នុង​ដំណឹង​ល្អ​របស់​អ្នក​ដែរ?

តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​នឹង​ជួយ​ដល់​គូកន​ក្នុង​ដំណឹង​ល្អ​នេះ?

សូម​អាន​ខ៤-៧។  តើ​​ព្រះបន្ទូល​នេះ​បាន​ទូន្មាន​យើង​ឲ្យ​ធ្វើ​អ្វីខ្លះ?

តើមាន​ស្ថានភាព​នៅ​ក្នុង​ជីវិត​ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​នឹង​អនុវត្ត​តាម​​ពាក្យ​ណែ​នាំ​នេះ?

តើ​អ្នក​គួរ​អនុវត្ត​តាម​ដំបូន្មាន​នេះ​ដែរ​ឬ​ទេ?  ព្រោះ​អ្វី?

ចូរ​អាន​ខ៨-៩។

តើ​អត្ថបទ​នេះ​បាន​អប់រំ​ឱ្យធ្វើ​អ្វីខ្លះ?

ការ​ជញ្ជឹង​គិត តើ​អ្នក​ធ្លាប់​​ពិចារណា​អំពី​អ្វី​ខ្លះ​ទៅ?

ចូរ​អាន​ខ១០។

ការ​ពន្យល់ យើង​ដឹង​ហើយ​ថា ​ប៉ុល​បាន​ជាប់​គុក ហើយ​ពួកជំនុំ​នៅ​ទីក្រុង​ភីលីព​គឺជា​ដៃគូ​ក្នុង​ដំណឹង​ល្អ​បាន​ជួយ​ប៉ុល។ គេ​បាន​​ចាត់​លោក​អេប៉ាប្រូឌីត​ ហើយ​ផ្ញើ​​អំណោយ​​ទៅ​ប៉ុល​ជា​មួយ​នឹង​អេប៉ាប្រូឌីត (៤:១៨)។  នៅ​ក្នុង​ខ១០ប៉ុល​បាន​សរសេរ​អំពី​ស្ថានភាព​នោះ។  តាមរយៈ​ខ​នេះ​យើង​ដឹង​ថា ពួកជំនុំ​ភីលីព​មាន​បំណង​ចង់​ជួយ​ប៉ុល​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​ ប៉ុន្តែ​ពួកគេ​គ្មាន​ឱកាស​សោះ ឥឡូវនេះ​អេប៉ាប្រូឌីត​បាន​មក​ឯ​ប៉ុល​ហើយ ដូច្នេះ​លោក​ប៉ុល​សប្បាយរីករាយ ​ពីព្រោះ​គាត់​​ដឹង​ថា​ពួក​គេ​នឹក​ដល់​គាត់។  នៅ​ក្នុង​អត្ថបទ​បន្ទាប់​ពី​ខ​នេះ​លោក​ប៉ុល​មាន​បំណង​ចង់​បញ្ជាក់​ការ​អរ​គុណ​ដល់​ពួកគេ ប៉ុន្តែ​ជា​មួយ​គ្នា គាត់​ចង់​បង្ហាញ​យ៉ាង​ច្បាស់​ថា គាត់​មិន​សរសេរ​បែប​នេះ​ដើម្បី​អោយ​គេ​នឹង​ផ្ញើ​លុយ​កាក់​បន្ថែម​​​ទៀត ឬ​ពីព្រោះ​គាត់​ស្រឡាញ់​លុយកាក់​ទេ។

សូម​អាន​ខ១១-១៣។

តាម​រយៈ​អត្ថបទ​នេះ តើ​លោក​ប៉ុល​បាន​រៀន​អ្វីខ្លះ?

តើ​អ្នក​ស្កប់​ចិត្ត​ក្នុង​​កាលៈទេសៈ​​គ្រប់​​ដែរឬទេ?

ការ​ពន្យល់ ខ១៣​គឺ​ជា​ខ​ដែល​​គ្រីស្ទបរិស័ទ​ជាច្រើន​បាន​អនុវត្តន៍​យ៉ាង​ខុស​ឆ្គង​បំផុត។  យើង​ត្រូវ​ស្រាយ​បំភ្លឺ​អត្ថបទ​គម្ពីរ​ទាំង​អស់​ទៅតាម​បរិបទ​ ឬ​ តាម​អត្ថបទ​ជុំ​វិញ​របស់​វា។  ខ១៣​មិន​មែន​ចង់​ឲ្យ​អនុវត្តន៍​ថា ខ្ញុំ​អាច​ហោះ​ទៅ​​ដល់​ផ្កាយ​ ឬ ខ្ញុំ​អាច​ទទួល​បាន​ប្រាក់​មួយ​លាន​ដុល្លារ​ដោយ​សារ​ខ្ញុំ​អធិស្ឋាន​ក្នុង​ព្រះ​នាម​ព្រះគ្រីស្ទ​ ឬ ព្រះអង្គ​នឹង​សម្រេច​សេចក្ដី​ប្រាថ្នា​ទាំង​អស់​របស់​ខ្ញុំ​ពីព្រោះ​ខ្ញុំ​នៅ​ក្នុង​ព្រះគ្រីស្ទ​ នោះ​ទេ។  ខ១៣​ស្ថិតនៅ​បន្ទាប់​ពី​ខ១១-១២ ហើយ​មាន​ទំនាក់ទំនង​ជា​មួយ​នឹង​ខ១១-១២។  ខ១៣​បាន​និយាយ​អំពី​អ្វី​ដែល​លោក​ប៉ុល​បាន​សរសេរ​នៅ​ក្នុង​ខ១១-១២ដែល​ថា​គាត់​អាច​បំរើ​ព្រះគ្រីស្ទ​ក្នុង​គ្រប់​កាលៈទេសៈ។

ចូរ​អាន​ខ១៤-១៩។

អត្ថបទ​នេះ​បាន​សរសេរ​ម្ដង​ទៀត​អំពី​ភាព​ជា​ដៃគូ​រវាង​លោក​ប៉ុល​នឹង​ពួកជំនុំ​នៅ​ទីក្រុង​ភីលីព។  តើ​គ្រីស្ទបរិស័ទ​នៅ​ទីក្រុង​ភីលីព​បាន​ជួយ​លោក​ប៉ុល​ក្នុង​ដំណឹង​ល្អ​យ៉ាង​ម៉េច​ដែរ?

សេចក្ដី​សង្ខេប​នៃ​កណ្ឌ​ភីលីព​​ លោក​ប៉ុល​បាន​ជាប់​នៅ​ក្នុង​គុក ហើយ​​គ្រីស្ទបរិស័ទ​នៅ​ភីលីព​បាន​ទទួល​ការ​បៀតបៀន​ ប៉ុន្តែ​គេ​សប្បាយ​រីក​រាយ​ពីព្រោះ​គេ​ស្គាល់​ព្រះគ្រីស្ទ។ ព្រះជាម្ចាស់​បាន​រាប់​គេ​ជា​សុចរិត​​នៅ​ក្នុង​ព្រះគ្រីស្ទ​ ហើយ​មាតុភូមិ​របស់​អស់​អ្នក​​ដែល​ជឿ​លើ​ព្រះគ្រីស្ទ​គឺ​នៅ​ឯ​ស្ថានសួគ៌។  យើង​ត្រូវ​តាម​ប្រព្រឹត្ត​បែប​ដែល​សម​នឹង​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ  ត្រូវ​មាន​ចិត្ត​មានគំនិត​តែ១ ឈរ​មាំមួន​ក្នុង​ព្រះគ្រីស្ទ​ ហើយ​ត្រូវ​ដេញ​តាម​គំរូ​របស់​ព្រះគ្រីស្ទ​ដែល​បាន​បន្ទាប​ខ្លួន​ (២:៥-១១)។  ​គ្រីស្ទបរិស័ទ​ទាំង​អស់​ជា​ដៃគូ​ក្នុង​ដំណឹង​ល្អ​ ​ជា​​​របៀប​​​យើង​បាន​ទទួល​សេចក្ដី​​​សង្គ្រោះ។

រំលឹក​ឡើង​វិញ តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ចេញពី​ ភីលីព​ ៤:១-២១?

ការ​អនុវត្តន៍​​ និង ជជែក​គ្នា អ្វី​ដែល​អ្នក​បាន​រៀន​តាមរយៈ​បទ​គម្ពីរ​ខាង​លើ​នេះ តើ​អ្នក​ត្រូវ​យក​វា​មក​អនុវត្តន៍​​ចំពោះ​ខ្លួន​យើង​យ៉ាង​ដូច​ម្តេច​នា​ពេល​សព្វ​ថ្ងៃ​នេះ?

តើ​អ្នក​ត្រូវ​ផ្លាស់​ប្តូរ​ជីវិត​យ៉ាង​ម៉េច​តាម​រយៈ​អ្វីៗ​ដែល​អ្នក​បាន​រៀន​ពី​កណ្ឌ​ភីលីព?

Leave a Reply

Your email address will not be published. Required fields are marked *

*

Top