កាឡាទី​ ១:១-១០ Galatians 1:1-10

Gal. 1.1-10

កាឡាទី​ ១:១០

សូម​អាន​កាឡាទី​ ១:១-១០ ទាំង​មូល។

សូម​អាន​ខ.​ ១-២​ ទ្បើង​វិញ​ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។​

តើ​លោក​ប៉ុល​ប្រ​កាស​ខ្លួន​គាត់​ជា​អ្នក​ណា?

ហើយ​គាត់​សរសេរ​សំបុត្រ​នេះ​ទៅកាន់​អ្នក​ណា?

សូម​អាន​ខ. ​៣-៥។  លោក​ប៉ុល​បាន​សរសេរ​អំពី​អំពើ​ដ៏​សប្បុរស​របស់​ព្រះជាម្ចាស់។  អំពើ​នោះ​គឺ​ជា​អ្វី?

ព្រះអង្គ​បាន​រំដោះ​យើង​អោយ​រួច​ផុត​ចេញពី​អ្វី?

ហេតុ​អ្វី​បាន​ជា​ព្រះគ្រីស្ទ​បាន​ធ្វើ​នេះ? (សូម​ឆ្លើយ​ពី​ខ.៤)

សូម​អាន​ ខ.៦-៧។  ហេតុ​អ្វី​បាន​ជា​លោក​ប៉ុល​ឆ្ងល់​ម្ល៉េះ?

 

ការ​ពន្យល់ និង​ការ​អនុវត្ត: ទោះ​បី​ជា​ព្រះជាម្ចាស់​បាន​ប្រើ​លោក​ប៉ុល​ផ្ទាល់​ដើម្បី​​បង្កើត​ពួកជំនុំ​នៅ​ស្រុក​កាឡាទី​ ពួក​គេ​ឆាប់​ងាក​ចេញ​ពី​ព្រះជាម្ចាស់​ហើយ​បែរ​ទៅ​រក​ដំណឹងល្អ​មួយ​ផ្សេង​ទៀត។  មាន​គ្រូ​ក្លែង​ក្លាយ​បាន​ចូល​ពួកជំនុំ​នៅ​ស្រុក​កាឡាទី​ដែល​បាន​ប្រកាស​ដំណឹងល្អ​មួយ​ផ្សេង​ទៀត។  គ្រូ​ក្លែង​ក្លាយ​នេះ​បាន​ប្រកាស​អំពី​ព្រះគ្រីស្ទ​ហើយ​ប្រកាស​ដំណឹង​ល្អ​ ប៉ុន្តែ​ព្រះគ្រីស្ទ​ដែល​គេ​ប្រកាស​ ហើយ​ដំណឹង​ល្អ​ដែល​គេ​ប្រកាស​ខុស​ប្លែក​ពី​ព្រះគ្រីស្ទ​និង​ដំណឹង​ល្អ​ដែល​លោក​ប៉ុល​និង​ពួក​សាវក​បាន​ប្រកាស។  ក្រោយ​មក​យើង​នឹង​ឃើញ​ក្នុង​សំបុត្រ​កាឡាទី​អំពីអ្វី​ដែល​គេ​បង្រៀន។  ឥឡូវ​នេះ​យើង​អោយ​សេចក្ដី​សង្ខេប​ គេ​បាន​បង្រៀន​ថា ការ​ជឿ​លើ​ព្រះ​យេស៊ូវ​ មិន​​គ្រប់​គ្រាន់​ប្រយោជន៍​ដើម្បី​អោយ​ព្រះអង្គ​នឹង​សង្គ្រោះ​យើង​ទេ។  លើស​ពី​នេះ​ទៅ​ទៀត​ យើង​ត្រូវ​អនុវត្ត​តាម​ក្រិត្យវិន័យ​ផង​ដែរ។  លោក​ប៉ុល​សរសេរ​ថា នេះ​ជា​ដំណឹងល្អ​មួយ​ផ្សេង​ទៀត។  យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​កុំ​អោយ​តាម​គ្រូ​ក្លែង​ក្លាយ​ដែល​ប្រកាស​ដំណឹងល្អ​មួយ​ផ្សេង​ទៀត។  គ្រូ​ណា​ដែល​ប្រកាស​ព្រះគ្រីស្ទ​ឬ​ដំណឹង​ល្អ​ណា​ខុស​ប្លែក​ពី​ព្រះគ្រីស្ទ​និង​ដំណឹង​ល្អ​ដែល​ពួក​សាវក​បាន​ប្រកាស​គឺ​ជា​គ្រូ​ក្លែង​ក្លាយ។

សូម​កំណត់​ ​លោក​ប៉ុល​មិន​ដក​ខ្លួន​ចេញ​ឆ្ងាយ​ពី​ស្ថានភាព​នេះ​ទេ ប៉ុន្តែ​ហ៊ាន​សរសេរ​សំបុត្រ​នេះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ពីព្រោះ​គាត់​ត្រូវ​ពង្រឹង​ដំណឹង​ល្អ។

សូម​អាន​ ខ.៨-៩។  ​ តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​អ្នក​ណា​ដែល​ប្រកាស​ដំណឹង​ល្អ​ណា​ដែល​ខុស​ប្លែក​ពី​ដំណឹងល្អ​ដែល​ពួក​សាវក​បាន​ប្រកាស?

ការ​ពន្យល់​ និង​ការ​អនុវត្ត អត្ថបទ​នេះ​បង្ហាញ​ថា​ព្រះជាម្ចាស់​​យក​ព្រះហឫទ័យ​ទុក​ដាក់​នឹង​ដំណឹង​ល្អ​ ហើយ​ការ​ប្រកាស​ដំណឹង​ល្អ​របស់​ព្រះគ្រីស្ទ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​មួយ​ដ៏​ធ្ងន់។  យើង​បាន​រៀន​អំពី​ដំណឹង​ល្អ​របស់​ព្រះគ្រីស្ទ​តាម​រយៈ​ព្រះ​គម្ពីរ។  ដូច្នេះ​គ្រូ​អធិប្បាយ​ គ្រូបង្រៀន​ និង​គ្រូ​គង្វាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សិក្សា​ រៀន និង​ស្រាវ​ជ្រាវ​ព្រះ​គម្ពីរ​ប្រយោជន៍​ដើម្បី​អោយ​គេ​យល់​ដំណឹង​ល្អ​របស់​ព្រះគ្រីស្ទ​យ៉ាង​ត្រឹមត្រូវ។​​

សូម​អាន​ ខ.១០។  ​ប្រសិន​បើ​លោក​ប៉ុល​ចង់​អោយ​មនុស្ស​ពេញ​ចិត្ត​នោះ តើ​គាត់​អាច​ជា​អ្នក​បំរើ​របស់​ព្រះគ្រិស្ត​ដែរ​ឬ​ទេ? 

ការ​អនុវត្តអស់អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​បំរើ​របស់​ព្រះគ្រិស្ត​ត្រូវ​សម្រេច​ចិត្ត​ តើ​គេ​ចង់​អោយ​មនុស្ស​ពេញ​ចិត្តនឹង​គេ ឬ រក​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់។  បើ​សិន​ជា​យើង​រក​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់ នោះ​យើង​ហ៊ាន​កែ​ពួកជំនុំ​និង​គ្រូ​ក្លែង​ក្លាយ​ហើយ​មិន​បង្រៀន​អ្វី​ដែល​តាម​ទំនើង​ចិត្ត​របស់​មនុស្ស​ទេ (២ធីម៉ូថេ​ ៤:៣)។

រំលឹក​ទ្បើង​វិញ តើ​យើង​បាន​រៀន​អ្វី​ខ្លះ​នៅ​ក្នុង​កាឡាទី​​ ១:១០?

Leave a Reply

Your email address will not be published. Required fields are marked *

*

Top