កាឡាទី ១:១–១០
សូមអានកាឡាទី ១:១-១០ ទាំងមូល។
សូមអានខ. ១-២ ទ្បើងវិញហើយឆ្លើយសំនួរខាងក្រោម។
តើលោកប៉ុលប្រកាសខ្លួនគាត់ជាអ្នកណា?
ហើយគាត់សរសេរសំបុត្រនេះទៅកាន់អ្នកណា?
សូមអានខ. ៣-៥។ លោកប៉ុលបានសរសេរអំពីអំពើដ៏សប្បុរសរបស់ព្រះជាម្ចាស់។ អំពើនោះគឺជាអ្វី?
ព្រះអង្គបានរំដោះយើងអោយរួចផុតចេញពីអ្វី?
ហេតុអ្វីបានជាព្រះគ្រីស្ទបានធ្វើនេះ? (សូមឆ្លើយពីខ.៤)
សូមអាន ខ.៦-៧។ ហេតុអ្វីបានជាលោកប៉ុលឆ្ងល់ម្ល៉េះ?
ការពន្យល់ និងការអនុវត្ត: ទោះបីជាព្រះជាម្ចាស់បានប្រើលោកប៉ុលផ្ទាល់ដើម្បីបង្កើតពួកជំនុំនៅស្រុកកាឡាទី ពួកគេឆាប់ងាកចេញពីព្រះជាម្ចាស់ហើយបែរទៅរកដំណឹងល្អមួយផ្សេងទៀត។ មានគ្រូក្លែងក្លាយបានចូលពួកជំនុំនៅស្រុកកាឡាទីដែលបានប្រកាសដំណឹងល្អមួយផ្សេងទៀត។ គ្រូក្លែងក្លាយនេះបានប្រកាសអំពីព្រះគ្រីស្ទហើយប្រកាសដំណឹងល្អ ប៉ុន្តែព្រះគ្រីស្ទដែលគេប្រកាស ហើយដំណឹងល្អដែលគេប្រកាសខុសប្លែកពីព្រះគ្រីស្ទនិងដំណឹងល្អដែលលោកប៉ុលនិងពួកសាវកបានប្រកាស។ ក្រោយមកយើងនឹងឃើញក្នុងសំបុត្រកាឡាទីអំពីអ្វីដែលគេបង្រៀន។ ឥឡូវនេះយើងអោយសេចក្ដីសង្ខេប គេបានបង្រៀនថា ការជឿលើព្រះយេស៊ូវ មិនគ្រប់គ្រាន់ប្រយោជន៍ដើម្បីអោយព្រះអង្គនឹងសង្គ្រោះយើងទេ។ លើសពីនេះទៅទៀត យើងត្រូវអនុវត្តតាមក្រិត្យវិន័យផងដែរ។ លោកប៉ុលសរសេរថា នេះជាដំណឹងល្អមួយផ្សេងទៀត។ យើងត្រូវប្រុងប្រយ័ត្នកុំអោយតាមគ្រូក្លែងក្លាយដែលប្រកាសដំណឹងល្អមួយផ្សេងទៀត។ គ្រូណាដែលប្រកាសព្រះគ្រីស្ទឬដំណឹងល្អណាខុសប្លែកពីព្រះគ្រីស្ទនិងដំណឹងល្អដែលពួកសាវកបានប្រកាសគឺជាគ្រូក្លែងក្លាយ។
សូមកំណត់ លោកប៉ុលមិនដកខ្លួនចេញឆ្ងាយពីស្ថានភាពនេះទេ ប៉ុន្តែហ៊ានសរសេរសំបុត្រនេះដើម្បីដោះស្រាយបញ្ហានេះពីព្រោះគាត់ត្រូវពង្រឹងដំណឹងល្អ។
សូមអាន ខ.៨-៩។ តើអ្វីនឹងកើតឡើងចំពោះអ្នកណាដែលប្រកាសដំណឹងល្អណាដែលខុសប្លែកពីដំណឹងល្អដែលពួកសាវកបានប្រកាស?
ការពន្យល់ និងការអនុវត្ត អត្ថបទនេះបង្ហាញថាព្រះជាម្ចាស់យកព្រះហឫទ័យទុកដាក់នឹងដំណឹងល្អ ហើយការប្រកាសដំណឹងល្អរបស់ព្រះគ្រីស្ទគឺជាការទទួលខុសត្រូវមួយដ៏ធ្ងន់។ យើងបានរៀនអំពីដំណឹងល្អរបស់ព្រះគ្រីស្ទតាមរយៈព្រះគម្ពីរ។ ដូច្នេះគ្រូអធិប្បាយ គ្រូបង្រៀន និងគ្រូគង្វាលត្រូវយកចិត្តទុកដាក់ក្នុងការសិក្សា រៀន និងស្រាវជ្រាវព្រះគម្ពីរប្រយោជន៍ដើម្បីអោយគេយល់ដំណឹងល្អរបស់ព្រះគ្រីស្ទយ៉ាងត្រឹមត្រូវ។
សូមអាន ខ.១០។ ប្រសិនបើលោកប៉ុលចង់អោយមនុស្សពេញចិត្តនោះ តើគាត់អាចជាអ្នកបំរើរបស់ព្រះគ្រិស្តដែរឬទេ?
ការអនុវត្តអស់អ្នកដែលចង់ធ្វើជាអ្នកបំរើរបស់ព្រះគ្រិស្តត្រូវសម្រេចចិត្ត តើគេចង់អោយមនុស្សពេញចិត្តនឹងគេ ឬ រកគាប់ព្រះហឫទ័យព្រះជាម្ចាស់។ បើសិនជាយើងរកគាប់ព្រះហឫទ័យព្រះជាម្ចាស់ នោះយើងហ៊ានកែពួកជំនុំនិងគ្រូក្លែងក្លាយហើយមិនបង្រៀនអ្វីដែលតាមទំនើងចិត្តរបស់មនុស្សទេ (២ធីម៉ូថេ ៤:៣)។
រំលឹកទ្បើងវិញ តើយើងបានរៀនអ្វីខ្លះនៅក្នុងកាឡាទី ១:១–១០?
Leave a Reply