កាឡាទី​ ២:១-២១ Galatians 2:1-21

Gal. 2.1-21

កាឡាទី​ ២:២១

សូម​អាន​កាឡាទី​ ២:១-២១ ទាំង​មូល។​

ការ​រំលឹក​: នៅ​ក្នុង​កាឡាទី​ ១:១១-២៤ យើង​បាន​រៀន​ថា ដំណឹង​ល្អ​ដែល​លោក​ប៉ុល​បាន​ថ្លែងប្រាប់​នោះ​គាត់​មិន​បាន​ទទួល​មកពី​មនុស្ស ក៏​គ្មាន​អ្នក​ណា​បង្រៀន​គាត់​ផង​ដែរ គឺ​ដោយ​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​បើក​សំដែង​វិញ។ លោក​ប៉ុល​ជា​អ្នក​ដែល​មាន​សិទ្ធិ​អំណាច​មក​ពី​ព្រះអង្គ​ធ្វើ​ជា​សាវក។  ​ជីវិត​របស់​លោក​ប៉ុល​បាន​សំដែង​ព្រះ​គុណ​ដ៏​អស្ចារ្យ​របស់​ព្រះជាម្ចាស់​ ដែល​ព្រះអង្គ​បាន​សង្គ្រោះ​និង​ប្រើ​លោក​ប៉ុល​ដែល​ពី​មុន​ធ្លាប់​ជា​អ្នក​បៀតបៀន​គ្រីស្ទបរិស័ទ។

សូម​អាន​ខ.១-៥ ទ្បើង​វិញ​ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។​

តើ លោក​ប៉ុល​បាន​ថ្លែងប្រាប់​ដំណឹង​ល្អ​នៅក្នុង​ពួក​ណា (ខ.២)?

​តើ គេ​មិន​បង្ខំ​ឱ្យ​ទីតុស​ធ្វើ​អ្វី (ខ.៣)?

តើ ពួក​បងប្អូន​ក្លែងក្លាយ​បាន​ធ្វើ​អ្វី (ខ.៤)?

ហេតុ​អ្វី​បាន​ជា​លោក​ប៉ុល​មិន​ព្រម​ចុះចូល​នឹង​ពួក​គេ (ខ.៥)?

ការ​ពន្យល់ និង​ការ​អនុវត្ត៖ ​ការ​កាត់​ស្បែក​គឺ​ជា​រឿង​សំខាន់​នៅ​ក្នុង​កណ្ឌ​កាឡាទី។  គ្រូ​ក្លែង​ក្លាយ​បាន​បង្រៀន​ថា សាសន៍​ដទៃ​ដែល​បាន​ជឿ​លើ​ព្រះគ្រីស្ទ​ ត្រូវ​កាត់​ស្បែក។  នៅ​ទី​នេះ​លោក​ប៉ុល​សរសេរ​ថា សូម្បី​តែ​គាត់​បាន​ទៅ​យេរូសាឡិម​ជា​មួយ​ទីតុស​ជា​សាសន៍​ក្រេក ​និង​បាន​ជួប​ពួក​សាវក​នៅ​ទី​នោះ ពួក​សាវក​មិន​ដែល​បង្ខំ​ឱ្យ​ទី​តុ​ស​កាត់​ស្បែក​ទេ។  ប៉ុន្តែ​មាន​ពួក​យូដា ​(ពួក​បងប្អូន​ក្លែងក្លាយ) ដែល​បាន​ស៊កសៀត​ចូល​មក ដែល​ចង់​នាំ​ឱ្យ​គ្រីស្ទបរិស័ទ​ជាប់ចំណង​ក្រិត្យវិន័យ​វិញ។  យើង​ត្រូវ​តាម​គំរូ​របស់​លោក​ប៉ុល​ ហើយ​មិន​ត្រូវ​ចុះចូល​នឹង​គ្រូ​ក្លែង​ក្លាយ​ទ្បើង​ ដើម្បី​អោយ​សេចក្តី​ពិត​របស់​ដំណឹង​ល្អ​បាន​នៅ​ស្ថិតស្ថេរ។

សូម​អាន​ ខ.៦-១០ ទ្បើង​វិញ​ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។​

តើ លោក​ប៉ុល​មាន​មុខងារ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​នរណា (ខ.៧-៨)?

តើ លោក​ពេត្រុស​មាន​មុខងារ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​នរណា (ខ.៧-៩)?

ការ​ពន្យល់:«លោក​បាន​លូកដៃ​ស្តាំ​មក​ទទួល​ខ្ញុំ»​ ​មាន​ន័យ​ថា​គេ​បាន​ទទួល​ស្គាល់​ថា លោក​ប៉ុល​គឺ​ជា​សាវក​ពិត​ប្រាកដ ​ហើយ​បាន​ទទួល​ដំណឹង​ល្អ​ដែល​គាត់​បាន​ប្រកាស។​

តើ​លោក​យ៉ាកុប លោក​កេផាស និង​លោក​យ៉ូហាន​សុំ​អោយ​លោក​ប៉ុល​និង​គូកន​របស់​គាត់​ធ្វើ​អ្វី (ខ.១០)?

ការ​ពន្យល់:សញ្ញាចាស់​បាន​បង្រៀន​ច្រើន​អំពី​ការ​ថែរក្សា​អ្នក​ក្រី​ក្រ។  នៅ​សម័យ​របស់​លោក​ប៉ុល​ជនជាតិ​យូដា​ច្រើន​នៅ​យេរូសាឡិម​មាន​សេចក្ដី​ទុក្ខ​លំបាក​ ហើយ​លោក​ប៉ុល​បាន​ប្រមូល​តង្វាយ​ពី​ពួកជំនុំ​ផ្សេងៗ​ដើម្បី​អោយ​ផ្គត់ផ្គង់​អ្នក​ដែល​ខ្វះ​ខាត (២កូរិនថូស​ ៨-៩)។

សូម​អាន​ខ. ១១-១៣។

តើ ​ពេត្រុស​បាន​ធ្វើ​អ្វី​ខុស?

ការ​ពន្យល់:អាន់ទីយូក​គឺ​ជា​ក្រុង​មួយ​នៅ​ខាង​ជើង​អ៊ីស្រាអែល​ហើយ​មាន​សាសន៍​ដទៃ​ច្រើន ដូច្នេះ​ពួកជំនុំ​មាន​គ្រីស្ទបរិស័ទ​ដែល​មិន​ដែល​កាត់​ស្បែក។  ដោយ​ព្រោះ​ជន​ជាតិ​យូដា​មាន​ច្បាប់​ខុស​ពី​សាសន៍​ដទៃ​អំពី​បរិភោគ​អាហារ ពួក​គេ​មិន​ធ្លាប់​បរិភោគ​ជា​មួយ​គ្នា​ទេ។ ​កំហុស​ធំ​បំផុត​របស់​ពេត្រុស​គឺ​គាត់​មិន​កាន់​កិរិយា​មារយាទ​អោយ​បាន​សមរម្យ​នឹង​ដំណឹង​ល្អ​ទេ ពីព្រោះ​តាម​រយៈ​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ​ ​ព្រះអង្គ​បាន​ប្រមូល​សាសន៍​ទាំង​ពីរ (យូដា​និង​សាសន៍​ដទៃ​) ​អោយ​រួម​គ្នា​មក​ជា​ប្រជារាស្ត្រ​តែ​មួយ។

សូម​អាន​ខ. ១៤។

តើ ​លោក​ប៉ុល​បាន​ឆ្លើយ​យ៉ាង​ម៉េច​?

សូម​អាន​ខ. ១៥-១៦។

តើ ​យើង​អាច​បាន​រាប់​ជា​សុចរិត​​ដោយ​របៀប​ណា​? តើ​យើង​បាន​រាប់​ជា​សុចរិត​ដោយ​ប្រព្រឹត្ត​តាម​ក្រិត្យ​វិន័យ​ឬ?

ហេតុ​អ្វី​បាន​ជា​យើង​មិនបាន​រាប់​ជា​សុចរិត​ដោយ​ប្រព្រឹត្ត​តាម​ក្រិត្យ​វិន័យ?

ការ​ពន្យល់: នៅ​ទី​នេះ​លោក​ប៉ុល​បង្រៀន​ថា ប្រ​សិន​បើ​យើង​ជឿ​លើ​ព្រះគ្រីស្ទ​ នោះ​យើង​ធ្វើ​បន្ទាល់​ថា មនុស្ស​មិនបាន​រាប់​ជា​សុចរិត​ដោយ​ប្រព្រឹត្ត​តាម​ក្រិត្យ​វិន័យ​ទេ។  ដូច្នេះ​ ទស្សនៈ​ដែល​ជឿ​ថា ​មនុស្ស​អាច​រាប់​ជា​សុចរិត​ដោយ​ប្រព្រឹត្ត​តាម​ក្រិត្យ​វិន័យ​បាន នោះ​ជា​ជំនឿ​មិន​សមរម្យ​នឹង​ដំណឹង​ល្អ​ទេ។

តើ អ្នក​ធ្លាប់ ​(ឬ​ស្គាល់​អ្នក​ណា​ធ្លាប់​) ស្វែងរក​សេចក្ដី​សង្គ្រោះ​តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​ខ្លួន​ដែរ​ទេ​?

សូម​អាន​ខ. ១៧-២០។

កាល​យើង​ខ្ញុំ​កំពុងតែ​ស្វែងរក​ឱ្យ​បាន​រាប់​ជា​សុចរិត​ក្នុង​ព្រះ​គ្រីស្ទ តើ​ព្រះ​គ្រីស្ទ​ជា​អ្នក​ចែកចាយ​អំពើ​បាប​ឬអី?

ការ​ពន្យល់ និង​ការ​អនុវត្ត៖ មនុស្ស​ច្រើន​ជឿ​ថា បើ​សិន​ជា​យើង​បង្រៀន​ថា ព្រះជាម្ចាស់​រាប់​យើង​ជា​សុចរិត​ដោយ​ជំនឿ នោះ​នឹង​លើក​ទឹក​ចិត្ត​មនុស្ស​ប្រព្រឹត្ត​អំពើ​បាប ដូច្នេះ​ព្រះគ្រីស្ទ​ចែកចាយ​អំពើ​បាប។  លោក​ប៉ុល​បដិសេធ​គំនិត​នេះ ប៉ុន្តែ​គាត់​មិន​បង្រៀន​ថា យើង​ត្រូវ​ទៅ​ក្រិត្យវិន័យ​វិញ​ទេ។  ​ផ្ទុយ​ទៅ​វិញ​ «​ខ្ញុំ​បាន​ស្លាប់​ខាង​ឯ​ក្រិត្យ​វិន័យ»​ (ខ.១៩)។  យើង​មិន​ជា​មនុស្ស​ជាប់​បាប​ទេ ពីព្រោះ​ «ព្រះ​គ្រីស្ទ​ទេ​តើ ដែល​មាន​ព្រះជន្ម​រស់​នៅ​ក្នុង​រូប​កាយ​ខ្ញុំ»​ ហើយ «ខ្ញុំ​រស់​ក្នុង​សាច់ឈាម​ឥឡូវនេះ នោះ​គឺ​រស់​ដោយ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះរាជ​បុត្រា​នៃ​ព្រះ»។  នេះ​ជា​គោល​ការណ៍​ដ៏​សំខាន់​នៅ​ក្នុង​ជីវិត​របស់​គ្រីស្ទបរិស័ទ។  អ្នក​ដឹក​នាំ​នៅ​ក្នុង​ពួកជំនុំ​ត្រូវ​ប្រកាស​ជីវិត​នៅ​ក្នុង​ព្រះគ្រីស្ទ​ មិន​មែន​ប្រកាស​ថា មនុស្ស​អាច​សង្គ្រោះ​បាន​ដោយ​ប្រព្រឹត្ត​តាម​ក្រិត្យ​វិន័យ​ទ្បើង។  យើង​មិន​អាច​មាន​ជីវិត​បរិសុទ្ធ​ដោយ​សារ​ក្រិត្យវិន័យ​បាន​នោះ​ទេ ប៉ុន្តែ​ដោយ​ព្រះ​គ្រីស្ទ​មាន​ព្រះជន្ម​រស់​នៅ​ក្នុង​យើង។

សូម​អាន ខ.២១។

បើសិន​ជា​សេចក្តី​សុចរិត​មក​ដោយសារ​ក្រិត្យ​វិន័យ​នោះ_____________________________________។

ដូច្នេះ​ ការ​បង្រៀន​ថា ​មនុស្ស​អាច​សេចក្តី​សុចរិត​មក​ដោយសារ​យើង​ប្រព្រឹត្ត​តាម​ក្រិត្យ​វិន័យ គឺ​ជា​រឿង​ធ្ងន់​ណាស់។

ការ​អនុវត្ត:នៅ​ជំពូក​២ លោក​ប៉ុល​បាន​បង្រៀន​សេចក្ដី​ពិត​ខ​ដ៏​សំខាន់​សំរាប់​គ្រីស្ទបរិស័ទ។  យើង​ត្រូវ​តាម​គំរូ​របស់​លោក​ប៉ុល ​ដោយ​ការ​ពារ​សេចក្តី​ពិត​របស់​ដំណឹង​ល្អ ​ដើម្បី​អោយ​សេចក្ដី​ពិត​នោះ​បាន​នៅ​ស្ថិតស្ថេរ។  សេចក្តី​ពិត​របស់​ដំណឹង​ល្អ​ប្រកាស​ថា មនុស្ស​មិនបាន​សង្គ្រោះ​ឬ​រាប់​ជា​សុចរិត​ដោយ​ប្រព្រឹត្ត​តាម​ក្រិត្យ​វិន័យ​នោះ​ឡើយ គឺ​ដោយ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ​វិញ (ខ.១៦)។  លោក​ប៉ុល​បាន​បង្រៀន​អំពី​ខ្លឹម​សារ​នៃ​ជីវិត​របស់​គ្រីស្ទ​បរិស័ទ​ ខ្លឹម​សារ​នោះ​គឺ «ខ្ញុំ​បាន​ជាប់​ឆ្កាង​ជាមួយ​នឹង​ព្រះ​គ្រីស្ទ ប៉ុន្តែ​ខ្ញុំ​រស់នៅ​មិនមែន​ជា​ខ្ញុំ​ទៀត​គឺជា​ព្រះ​គ្រី​ស្ទ​ទ្រង់​រស់​ក្នុង​ខ្ញុំ​វិញ ហើយ​ដែល​ខ្ញុំ​រស់​ក្នុង​សាច់ឈាម​ឥឡូវនេះ​នោះ គឺ​រស់​ដោយ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះរាជ​បុត្រា​នៃ​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ក៏បាន​ប្រគល់​ព្រះអង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ»(ខ.២០)។

រំលឹក​ទ្បើង​វិញ៖ តើ​យើង​បាន​រៀន​អ្វី​ចេញ​ពី​កាឡាទី​ ២:២១?

 

Leave a Reply

Your email address will not be published. Required fields are marked *

*

Top