កាឡាទី ២:១–២១
សូមអានកាឡាទី ២:១-២១ ទាំងមូល។
ការរំលឹក: នៅក្នុងកាឡាទី ១:១១-២៤ យើងបានរៀនថា ដំណឹងល្អដែលលោកប៉ុលបានថ្លែងប្រាប់នោះគាត់មិនបានទទួលមកពីមនុស្ស ក៏គ្មានអ្នកណាបង្រៀនគាត់ផងដែរ គឺដោយព្រះយេស៊ូវគ្រីស្ទបានបើកសំដែងវិញ។ លោកប៉ុលជាអ្នកដែលមានសិទ្ធិអំណាចមកពីព្រះអង្គធ្វើជាសាវក។ ជីវិតរបស់លោកប៉ុលបានសំដែងព្រះគុណដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ដែលព្រះអង្គបានសង្គ្រោះនិងប្រើលោកប៉ុលដែលពីមុនធ្លាប់ជាអ្នកបៀតបៀនគ្រីស្ទបរិស័ទ។
សូមអានខ.១-៥ ទ្បើងវិញហើយឆ្លើយសំនួរខាងក្រោម។
តើ លោកប៉ុលបានថ្លែងប្រាប់ដំណឹងល្អនៅក្នុងពួកណា (ខ.២)?
តើ គេមិនបង្ខំឱ្យទីតុសធ្វើអ្វី (ខ.៣)?
តើ ពួកបងប្អូនក្លែងក្លាយបានធ្វើអ្វី (ខ.៤)?
ហេតុអ្វីបានជាលោកប៉ុលមិនព្រមចុះចូលនឹងពួកគេ (ខ.៥)?
ការពន្យល់ និងការអនុវត្ត៖ ការកាត់ស្បែកគឺជារឿងសំខាន់នៅក្នុងកណ្ឌកាឡាទី។ គ្រូក្លែងក្លាយបានបង្រៀនថា សាសន៍ដទៃដែលបានជឿលើព្រះគ្រីស្ទ ត្រូវកាត់ស្បែក។ នៅទីនេះលោកប៉ុលសរសេរថា សូម្បីតែគាត់បានទៅយេរូសាឡិមជាមួយទីតុសជាសាសន៍ក្រេក និងបានជួបពួកសាវកនៅទីនោះ ពួកសាវកមិនដែលបង្ខំឱ្យទីតុសកាត់ស្បែកទេ។ ប៉ុន្តែមានពួកយូដា (ពួកបងប្អូនក្លែងក្លាយ) ដែលបានស៊កសៀតចូលមក ដែលចង់នាំឱ្យគ្រីស្ទបរិស័ទជាប់ចំណងក្រិត្យវិន័យវិញ។ យើងត្រូវតាមគំរូរបស់លោកប៉ុល ហើយមិនត្រូវចុះចូលនឹងគ្រូក្លែងក្លាយទ្បើង ដើម្បីអោយសេចក្តីពិតរបស់ដំណឹងល្អបាននៅស្ថិតស្ថេរ។
សូមអាន ខ.៦-១០ ទ្បើងវិញហើយឆ្លើយសំនួរខាងក្រោម។
តើ លោកប៉ុលមានមុខងារផ្សព្វផ្សាយដំណឹងល្អដល់នរណា (ខ.៧-៨)?
តើ លោកពេត្រុសមានមុខងារផ្សព្វផ្សាយដំណឹងល្អដល់នរណា (ខ.៧-៩)?
ការពន្យល់:«លោកបានលូកដៃស្តាំមកទទួលខ្ញុំ» មានន័យថាគេបានទទួលស្គាល់ថា លោកប៉ុលគឺជាសាវកពិតប្រាកដ ហើយបានទទួលដំណឹងល្អដែលគាត់បានប្រកាស។
តើលោកយ៉ាកុប លោកកេផាស និងលោកយ៉ូហានសុំអោយលោកប៉ុលនិងគូកនរបស់គាត់ធ្វើអ្វី (ខ.១០)?
ការពន្យល់:សញ្ញាចាស់បានបង្រៀនច្រើនអំពីការថែរក្សាអ្នកក្រីក្រ។ នៅសម័យរបស់លោកប៉ុលជនជាតិយូដាច្រើននៅយេរូសាឡិមមានសេចក្ដីទុក្ខលំបាក ហើយលោកប៉ុលបានប្រមូលតង្វាយពីពួកជំនុំផ្សេងៗដើម្បីអោយផ្គត់ផ្គង់អ្នកដែលខ្វះខាត (២កូរិនថូស ៨-៩)។
សូមអានខ. ១១-១៣។
តើ ពេត្រុសបានធ្វើអ្វីខុស?
ការពន្យល់:អាន់ទីយូកគឺជាក្រុងមួយនៅខាងជើងអ៊ីស្រាអែលហើយមានសាសន៍ដទៃច្រើន ដូច្នេះពួកជំនុំមានគ្រីស្ទបរិស័ទដែលមិនដែលកាត់ស្បែក។ ដោយព្រោះជនជាតិយូដាមានច្បាប់ខុសពីសាសន៍ដទៃអំពីបរិភោគអាហារ ពួកគេមិនធ្លាប់បរិភោគជាមួយគ្នាទេ។ កំហុសធំបំផុតរបស់ពេត្រុសគឺគាត់មិនកាន់កិរិយាមារយាទអោយបានសមរម្យនឹងដំណឹងល្អទេ ពីព្រោះតាមរយៈដំណឹងល្អនៃព្រះគ្រីស្ទ ព្រះអង្គបានប្រមូលសាសន៍ទាំងពីរ (យូដានិងសាសន៍ដទៃ) អោយរួមគ្នាមកជាប្រជារាស្ត្រតែមួយ។
សូមអានខ. ១៤។
តើ លោកប៉ុលបានឆ្លើយយ៉ាងម៉េច?
សូមអានខ. ១៥-១៦។
តើ យើងអាចបានរាប់ជាសុចរិតដោយរបៀបណា? តើយើងបានរាប់ជាសុចរិតដោយប្រព្រឹត្តតាមក្រិត្យវិន័យឬ?
ហេតុអ្វីបានជាយើងមិនបានរាប់ជាសុចរិតដោយប្រព្រឹត្តតាមក្រិត្យវិន័យ?
ការពន្យល់: នៅទីនេះលោកប៉ុលបង្រៀនថា ប្រសិនបើយើងជឿលើព្រះគ្រីស្ទ នោះយើងធ្វើបន្ទាល់ថា មនុស្សមិនបានរាប់ជាសុចរិតដោយប្រព្រឹត្តតាមក្រិត្យវិន័យទេ។ ដូច្នេះ ទស្សនៈដែលជឿថា មនុស្សអាចរាប់ជាសុចរិតដោយប្រព្រឹត្តតាមក្រិត្យវិន័យបាន នោះជាជំនឿមិនសមរម្យនឹងដំណឹងល្អទេ។
តើ អ្នកធ្លាប់ (ឬស្គាល់អ្នកណាធ្លាប់) ស្វែងរកសេចក្ដីសង្គ្រោះតាមរយៈការប្រព្រឹត្តរបស់ខ្លួនដែរទេ?
សូមអានខ. ១៧-២០។
កាលយើងខ្ញុំកំពុងតែស្វែងរកឱ្យបានរាប់ជាសុចរិតក្នុងព្រះគ្រីស្ទ តើព្រះគ្រីស្ទជាអ្នកចែកចាយអំពើបាបឬអី?
ការពន្យល់ និងការអនុវត្ត៖ មនុស្សច្រើនជឿថា បើសិនជាយើងបង្រៀនថា ព្រះជាម្ចាស់រាប់យើងជាសុចរិតដោយជំនឿ នោះនឹងលើកទឹកចិត្តមនុស្សប្រព្រឹត្តអំពើបាប ដូច្នេះព្រះគ្រីស្ទចែកចាយអំពើបាប។ លោកប៉ុលបដិសេធគំនិតនេះ ប៉ុន្តែគាត់មិនបង្រៀនថា យើងត្រូវទៅក្រិត្យវិន័យវិញទេ។ ផ្ទុយទៅវិញ «ខ្ញុំបានស្លាប់ខាងឯក្រិត្យវិន័យ» (ខ.១៩)។ យើងមិនជាមនុស្សជាប់បាបទេ ពីព្រោះ «ព្រះគ្រីស្ទទេតើ ដែលមានព្រះជន្មរស់នៅក្នុងរូបកាយខ្ញុំ» ហើយ «ខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយសេចក្តីជំនឿជឿដល់ព្រះរាជបុត្រានៃព្រះ»។ នេះជាគោលការណ៍ដ៏សំខាន់នៅក្នុងជីវិតរបស់គ្រីស្ទបរិស័ទ។ អ្នកដឹកនាំនៅក្នុងពួកជំនុំត្រូវប្រកាសជីវិតនៅក្នុងព្រះគ្រីស្ទ មិនមែនប្រកាសថា មនុស្សអាចសង្គ្រោះបានដោយប្រព្រឹត្តតាមក្រិត្យវិន័យទ្បើង។ យើងមិនអាចមានជីវិតបរិសុទ្ធដោយសារក្រិត្យវិន័យបាននោះទេ ប៉ុន្តែដោយព្រះគ្រីស្ទមានព្រះជន្មរស់នៅក្នុងយើង។
សូមអាន ខ.២១។
បើសិនជាសេចក្តីសុចរិតមកដោយសារក្រិត្យវិន័យនោះ_____________________________________។
ដូច្នេះ ការបង្រៀនថា មនុស្សអាចសេចក្តីសុចរិតមកដោយសារយើងប្រព្រឹត្តតាមក្រិត្យវិន័យ គឺជារឿងធ្ងន់ណាស់។
ការអនុវត្ត:នៅជំពូក២ លោកប៉ុលបានបង្រៀនសេចក្ដីពិតខដ៏សំខាន់សំរាប់គ្រីស្ទបរិស័ទ។ យើងត្រូវតាមគំរូរបស់លោកប៉ុល ដោយការពារសេចក្តីពិតរបស់ដំណឹងល្អ ដើម្បីអោយសេចក្ដីពិតនោះបាននៅស្ថិតស្ថេរ។ សេចក្តីពិតរបស់ដំណឹងល្អប្រកាសថា មនុស្សមិនបានសង្គ្រោះឬរាប់ជាសុចរិតដោយប្រព្រឹត្តតាមក្រិត្យវិន័យនោះឡើយ គឺដោយសេចក្តីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទវិញ (ខ.១៦)។ លោកប៉ុលបានបង្រៀនអំពីខ្លឹមសារនៃជីវិតរបស់គ្រីស្ទបរិស័ទ ខ្លឹមសារនោះគឺ «ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែខ្ញុំរស់នៅមិនមែនជាខ្ញុំទៀតគឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះនោះ គឺរស់ដោយសេចក្តីជំនឿជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ»(ខ.២០)។
រំលឹកទ្បើងវិញ៖ តើយើងបានរៀនអ្វីចេញពីកាឡាទី ២:១–២១?
Leave a Reply