កាឡាទី ៣:១–១៤
ការរំលឹកនៅក្នុងកាឡាទីជំពូក២យើងរៀនថា កំហុសធំបំផុតរបស់ពេត្រុសគឺគាត់មិនកាន់កិរិយាមារយាទអោយបានសមរម្យនឹងដំណឹងល្អទេ ពីព្រោះតាមរយៈដំណឹងល្អនៃព្រះគ្រីស្ទ ព្រះអង្គបានប្រមូលសាសន៍ទាំងពីរ (យូដានិងសាសន៍ដទៃ)អោយរួមគ្នាមកជាប្រជារាស្ត្រតែមួយ។ ប្រសិនបើយើងជឿលើព្រះគ្រីស្ទ នោះយើងធ្វើបន្ទាល់ថា មនុស្សមិនបានរាប់ជាសុចរិតដោយប្រព្រឹត្តតាមក្រិត្យវិន័យទេ។ ដូច្នេះ ទស្សនៈដែលជឿថា មនុស្សអាចរាប់ជាសុចរិតដោយប្រព្រឹត្តតាមក្រិត្យវិន័យបាន នោះជាជំនឿមិនសមរម្យនឹងដំណឹងល្អទេ។ យើងបានឃើញគោលការណ៍ដ៏សំខាន់របស់លោកប៉ុលដូចជា «ខ្ញុំបានស្លាប់ខាងឯក្រិត្យវិន័យ» (ខ.១៩) «ព្រះគ្រីស្ទទេតើ ដែលមានព្រះជន្មរស់នៅក្នុងរូបកាយខ្ញុំ» (ខ.២០) ហើយ «ខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយសេចក្តីជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ» (ខ.២០)។
សូមអានកាឡាទី ៣:១-១៤ ទាំងមូល។
សូមអានខ.១ ទ្បើងវិញហើយឆ្លើយសំនួរខាងក្រោម។
តើពួកកាឡាទីបានទទួលសេចក្ដីបរិយាយអំពីអ្វី?
ការពន្យល់ និងការអនុវត្ត ខ្លឹមសារនៃដំណឹងល្អគឺជាការសុគតនិងការរស់ឡើងវិញរបស់ព្រះគ្រីស្ទ (១កូរិនថូស ១:២៣; ២:២; ១៥:១-៤)។ ដូច្នេះ នេះជាខ្លឹមសារនៃប្រសាសន៍ដែលលោកប៉ុលបានប្រកាសហើយត្រូវជាខ្លឹមសារនៃប្រសាសន៍ដែលយើងប្រកាសផងដែរ។
សូមអានខ.២។ តើយើងបានទទួលព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា?
សូមអានខ.៣-៥ ហើយឆ្លើយសំនួរខាងក្រោម។
ពួកកាឡាទីបានចាប់ផ្ដើមជីវិតថ្មីដោយព្រះវិញ្ញាណ តែឥឡូវនេះចង់បញ្ចប់ដោយរបៀបណា?
ការពន្យល់ និងការអនុវត្ត បញ្ហានៃពួកកាឡាទីគឺជាបញ្ហាដែលកើតឡើងជាច្រើនដងក្នុងសព្វថ្ងៃនេះផងដែរ។ គ្រីស្ទបរិស័ទចាប់ផ្តើមជីវិតនៅក្នុងព្រះគ្រីស្ទដោយគេជឿដំណឹងល្អ ប៉ុន្តែក្រោយមក គេចង់បន្តជីវិតនៅក្នុងព្រះគ្រីស្ទដោយប្រព្រឹត្តតាមក្រឹត្យវិន័យហើយគិតថា ព្រះជាម្ចាស់នឹងសង្គ្រោះគេដោយសារគេបានប្រព្រឹត្តតាមក្រឹត្យវិន័យ។ បើយើងគិតបែបនេះ នោះយើងជាមនុស្សល្ងីល្ងើដូចពួកកាឡាទីដែរហើយ។ លោកប៉ុលបង្រៀននៅទីនេះថា គ្រីស្ទបរិស័ទបន្តជីវិតនៅក្នុងព្រះគ្រីស្ទតាមរបៀបដែលយើងចាប់ផ្តើម គឺជឿលើព្រះគ្រីស្ទដូចដែលគាត់សរសេរនៅក្នុងកាឡាទី ២:២០។
សូមអានខ.៦-៧ ហើយឆ្លើយសំនួរខាងក្រោម។
ហេតុអ្វីបានជាព្រះជាម្ចាស់បានរាប់អ័ប្រាហាំជាសុចរិត?
តើ នរណាជាពូជរបស់លោកអ័ប្រាហាំ?
សូមអានខ.៨-៩ ហើយឆ្លើយសំនួរខាងក្រោម។
តើ សាសន៍ដទៃបានរាប់ជាសុចរិតយ៉ាងម៉េច?
តើ អស់អ្នកដែលមានជំនឿក៏បានទទួលអ្វីរួមជាមួយលោកអ័ប្រាហាំ?
ការពន្យល់ និងការអនុវត្ត ជំនឿមិនគ្រាន់តែជាការជឿព្រះ ប៉ុន្តែគឺជាការជឿលើអ្វីដែលយើងបានឮ គឺដំណឹងល្អអំពីការសុគតរបស់ព្រះគ្រីស្ទ (៣:១-២)។ សូមចាំថា គ្រូក្លែងក្លាយនៅកាឡាទីបានបង្រៀនថា សាសន៍ដទៃដែលជឿលើព្រះគ្រីស្ទត្រូវកាត់ស្បែក។ ហេតុនេះហើយបានជាលោកប៉ុលសរសេរអំពីអ័ប្រាហាំ ពីព្រោះព្រះជាម្ចាស់បានប្រោសប្រទានសម្ពន្ធមេត្រីអោយលោកអ័ប្រាហាំដោយយកពិធីកាត់ស្បែកធ្វើជាសញ្ញា (លោកុប្បត្ដិ ១៧)។ ព្រះជាម្ចាស់បង្គាប់អ័ប្រាហាំថា ពូជពង្សរបស់គាត់ដែលនឹងកើតមកត្រូវកាត់ស្បែក(លោកុប្បត្ដិ ១៧:១០)។ ដូច្នេះហើយ ពួកយូដាធ្លាប់គិតថា អស់អ្នកដែលកាត់ស្បែកគឺជាពូជពង្សរបស់អ័ប្រាហាំ។ ប៉ុន្តែលោកប៉ុលសរសេរនៅទីនេះថា អ័ប្រាហាំបានទទួលដំណឹងល្អនេះជាមុន ដូច្នេះមិនមែនជាអស់អ្នកដែលកាត់ស្បែកដែលទទួលព្រះពររួមជាមួយអ័ប្រាហាំនោះទេ ប៉ុន្តែអស់អ្នកដែលជឿដំណឹងល្អរបស់ព្រះគ្រីស្ទវិញ។ អត្ថបទបង្ហាញយ៉ាងច្បាស់ថា ព្រះពរដែលជាតិសាសន៍ទាំងអស់នឹងទទួលដោយសារអ័ប្រាហាំគឺ ព្រះជាម្ចាស់នឹងរាប់គេជាសុចរិតតាមរយៈគេជឿលើព្រះគ្រីស្ទ។
សូមអានខ.១០-១២ ហើយឆ្លើយសំនួរខាងក្រោម។
អស់អ្នកដែលពឹងផ្អែកលើការប្រព្រឹត្តតាមក្រឹត្យវិន័យបានទទួលអ្វី?
តើ មានអ្នកណាបានរាប់ជាសុចរិតនៅចំពោះព្រះដោយសារគេប្រព្រឹត្តតាមក្រិត្យវិន័យឬ?
សូមអានខ.១៣-១៤ ហើយឆ្លើយសំនួរខាងក្រោម។
ព្រះគ្រីស្ទទ្រង់បានលោះយើងរាល់គ្នាឱ្យរួចពីអ្វី?
តើព្រះគ្រីស្ទធ្វើដូចម្ដេច ដើម្បីលោះយើងរាល់គ្នាឱ្យរួចពីសេចក្តីបណ្តាសារបស់ក្រិត្យវិន័យ?
តើយើងត្រូវធ្វើដូចម្ដេច ដើម្បីទទួលព្រះវិញ្ញាណបរិសុទ្ធ?
ការពន្យល់ និងការអនុវត្ត ពាក្យ «ពរ» និង «បណ្តាសា» និង «ជំនឿ» និង «ក្រិត្យវិន័យ» គឺជាពាក្យសំខាន់នៅក្នុងខ.៦-១៤។ ពរមកដោយយើងជឿដំណឹងល្អនៃព្រះគ្រីស្ទ បណ្តាសាមកដោយយើងពឹងផ្អែកលើការប្រព្រឹត្តតាមក្រឹត្យវិន័យ។ គំនិតនេះផ្ទុយពីទស្សនៈរបស់មនុស្សនៅលោកិយនេះ។ មនុស្សច្រើនគិតថា (គ្រីស្ទបរិស័ទផងដែរ) យើងនឹងទទួលពរពីព្រះជាម្ចាស់ដោយព្រោះយើងប្រព្រឹត្តតាមក្រិត្យវិន័យ។ បើយើងគិតដូច្នេះ យើងទទួលបណ្តាសាវិញ (ខ.១០)។ ក្រិត្យវិន័យនាំអោយយើងទទួលបណ្តាសា ប៉ុន្តែនៅលើឈើឆ្កាងព្រះគ្រីស្ទបានសង្គ្រោះយើងពីបណ្តាសានោះ។ ពួកកាឡាទីបានងាកចេញពីដំណឹងល្អនៃព្រះគុណរបស់ព្រះដែលយើងទទួលតាមរយៈការសុគតរបស់ព្រះគ្រីស្ទ ហើយបែរទៅរកដំណឹងល្អមួយផ្សេងទៀត។ តើអ្នកធ្លាប់ឃើញគ្រីស្ទបរិស័ទធ្វើបែបនេះសព្វថ្ងៃនេះដែរឬទេ?
រំលឹកទ្បើងវិញ តើយើងបានរៀនអ្វីចេញពីកាឡាទី ៣:១-១៤?
Leave a Reply