កាឡាទី​ ៣:១-១៤ Galatians 3:1-14

Gal. 3.1-14

កាឡាទី​ ៣:១៤

ការ​រំលឹកនៅ​ក្នុង​កាឡាទី​ជំពូក​២​យើង​រៀន​ថា កំហុស​ធំ​បំផុត​របស់​ពេត្រុស​គឺ​គាត់​មិន​កាន់​កិរិយា​មារយាទ​អោយ​បាន​សមរម្យ​នឹង​ដំណឹង​ល្អ​ទេ ពីព្រោះ​តាម​រយៈ​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ​ ​ព្រះអង្គ​បាន​ប្រមូល​សាសន៍​ទាំង​ពីរ (យូដា​និង​សាសន៍​ដទៃ​)​អោយ​រួម​គ្នា​មក​ជា​ប្រជារាស្ត្រ​តែ​មួយ។  ប្រ​សិន​បើ​យើង​ជឿ​លើ​ព្រះគ្រីស្ទ​ នោះ​យើង​ធ្វើ​បន្ទាល់​ថា មនុស្ស​មិនបាន​រាប់​ជា​សុចរិត​ដោយ​ប្រព្រឹត្ត​តាម​ក្រិត្យវិន័យ​ទេ។  ដូច្នេះ​ ទស្សនៈ​ដែល​ជឿ​ថា ​មនុស្ស​អាច​រាប់​ជា​សុចរិត​ដោយ​ប្រព្រឹត្ត​តាម​ក្រិ​ត្យ​វិន័យ​បាន នោះ​ជា​ជំនឿ​មិន​សមរម្យ​នឹង​ដំណឹង​ល្អ​ទេ។  យើង​បាន​ឃើញ​គោល​ការណ៍​ដ៏​សំខាន់​របស់​លោក​ប៉ុល​ដូច​ជា ​«​ខ្ញុំ​បាន​ស្លាប់​ខាង​ឯ​ក្រិត្យវិន័យ​»​ (ខ.១៩) «ព្រះគ្រីស្ទ​ទេ​តើ ដែល​មាន​ព្រះជន្ម​រស់​នៅ​ក្នុង​រូប​កាយ​ខ្ញុំ»​ (ខ.២០) ហើយ «ខ្ញុំ​រស់​ក្នុង​សាច់ឈាម​ឥឡូវនេះ នោះ​គឺ​រស់​ដោយ​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះរាជ​បុត្រា​នៃ​ព្រះ» (ខ.២០)។

សូម​អាន​កាឡាទី​ ៣:១-១៤ ទាំង​មូល។​

សូម​អាន​ខ.​១ ទ្បើង​វិញ​ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។​

តើ​ពួក​កាឡាទី​បាន​ទទួល​សេចក្ដី​បរិយាយ​អំពីអ្វី?

ការ​ពន្យល់ និង​ការ​អនុវត្ត ​ខ្លឹម​សារ​នៃ​ដំណឹង​ល្អ​គឺ​ជា​ការ​សុគត​និង​ការ​រស់​ឡើង​វិញ​របស់​ព្រះគ្រីស្ទ​ (១កូរិនថូស​ ១:២៣; ២:២; ១៥:១-៤)។  ដូច្នេះ ​នេះ​ជា​ខ្លឹម​សារ​នៃ​ប្រសាសន៍​ដែល​លោក​ប៉ុល​បាន​ប្រកាស​ហើយ​ត្រូវ​ជា​ខ្លឹម​សារ​នៃ​ប្រសាសន៍​ដែល​យើង​ប្រកាស​ផង​ដែរ។

សូម​អាន​ខ.​២។​ តើ​យើង​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដោយ​របៀប​ណា?

សូម​អាន​ខ.​៣-៥ ​ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។

ពួក​កាឡាទី​បាន​ចាប់​ផ្ដើម​ជីវិត​ថ្មី​ដោយ​ព្រះវិញ្ញាណ តែ​ឥឡូវ​នេះ​ចង់​បញ្ចប់​ដោយ​របៀប​ណា?

ការ​ពន្យល់ និង​ការ​អនុវត្ត ​បញ្ហា​នៃ​ពួក​កាឡាទី​គឺ​ជា​បញ្ហា​ដែល​កើត​ឡើងជា​ច្រើន​ដង​ក្នុង​សព្វ​ថ្ងៃ​នេះ​ផង​ដែរ។  គ្រីស្ទបរិស័ទ​ចាប់ផ្តើម​ជីវិត​នៅ​ក្នុង​ព្រះគ្រីស្ទ​ដោយ​គេ​ជឿ​ដំណឹង​ល្អ​ ប៉ុន្តែ​ក្រោយ​មក គេ​ចង់​បន្ត​ជីវិត​នៅ​ក្នុង​ព្រះគ្រីស្ទ​ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​ហើយ​គិត​ថា ព្រះជាម្ចាស់​នឹង​សង្គ្រោះ​គេ​ដោយ​សារ​គេ​បាន​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ។  បើ​យើង​គិត​បែប​នេះ នោះ​យើង​ជា​មនុស្ស​ល្ងីល្ងើ​ដូច​ពួក​កាឡាទី​ដែរ​ហើយ។  លោក​ប៉ុល​បង្រៀន​នៅ​ទី​នេះ​ថា គ្រីស្ទបរិស័ទ​បន្ត​ជីវិត​នៅ​ក្នុង​ព្រះគ្រីស្ទ​តាម​របៀប​ដែល​យើង​ចាប់ផ្តើម​ គឺ​ជឿ​លើ​ព្រះគ្រីស្ទ​ដូច​ដែល​គាត់​សរសេរ​នៅ​ក្នុង​កាឡាទី​ ២:២០។

សូម​អាន​ខ.​៦-៧ ​ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។

ហេតុ​អ្វី​បាន​ជា​ព្រះជាម្ចាស់​បាន​រាប់​អ័ប្រាហាំ​ជា​សុចរិត?

តើ នរណា​ជា​ពូជ​របស់​លោក​អ័ប្រាហាំ?

សូម​អាន​ខ.​៨-៩ ​ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។

តើ សាសន៍​ដទៃ​បាន​រាប់​ជា​សុចរិត​យ៉ាង​ម៉េច?

តើ អស់​អ្នក​ដែល​មាន​ជំនឿ​ក៏​បាន​ទទួល​អ្វី​រួម​ជា​មួយ​លោក​អ័ប្រាហាំ?

ការ​ពន្យល់ និង​ការ​អនុវត្ត ជំនឿ​មិន​គ្រាន់តែ​ជា​ការ​ជឿ​ព្រះ ប៉ុន្តែ​គឺ​ជា​ការ​ជឿ​លើ​អ្វី​ដែល​យើង​បាន​ឮ គឺ​ដំណឹង​ល្អ​អំពី​ការ​សុគត​របស់​ព្រះគ្រីស្ទ​ (៣:១-២)។  សូម​ចាំ​ថា គ្រូ​ក្លែង​ក្លាយ​នៅ​កាឡាទី​បាន​បង្រៀន​ថា សាសន៍​ដទៃ​ដែល​ជឿ​លើ​ព្រះគ្រីស្ទ​ត្រូវ​កាត់​ស្បែក។  ហេតុនេះ​ហើយ​បាន​ជា​លោក​ប៉ុល​សរសេរ​អំពី​អ័ប្រាហាំ​ ពីព្រោះ​ព្រះជាម្ចាស់​បាន​ប្រោស​ប្រទាន​សម្ពន្ធមេត្រី​អោយ​លោក​អ័ប្រាហាំ​ដោយ​យក​ពិធី​កាត់​ស្បែក​ធ្វើ​ជា​សញ្ញា (លោកុប្បត្ដិ​ ១៧)។ ​ ព្រះជាម្ចាស់​បង្គាប់​អ័ប្រាហាំ​ថា ពូជពង្ស​របស់​គាត់​ដែល​នឹង​កើត​មក​ត្រូវ​កាត់​ស្បែក​(លោកុប្បត្ដិ​ ១៧:១០)។  ដូច្នេះ​ហើយ ពួក​យូដា​ធ្លាប់​គិត​ថា អស់​អ្នក​ដែល​កាត់​ស្បែក​គឺ​ជា​ពូជ​ពង្ស​របស់​អ័ប្រាហាំ។  ប៉ុន្តែ​លោក​ប៉ុល​សរសេរ​នៅ​ទី​នេះ​ថា ​អ័ប្រាហាំ​បាន​ទទួល​ដំណឹងល្អ​នេះ​ជា​មុន ដូច្នេះ​មិន​មែន​ជា​អស់​អ្នក​ដែល​កាត់​ស្បែក​ដែល​ទទួល​ព្រះពរ​រួម​ជា​មួយ​អ័ប្រាហាំ​នោះ​ទេ​ ប៉ុន្តែ​អស់​អ្នក​ដែល​ជឿ​ដំណឹង​ល្អ​របស់​ព្រះគ្រីស្ទ​វិញ។​  អត្ថបទ​បង្ហាញ​យ៉ាង​ច្បាស់​ថា ព្រះ​ពរ​ដែល​ជាតិ​សាសន៍​ទាំង​អស់​នឹង​ទទួល​ដោយ​សារ​អ័ប្រាហាំ​គឺ ព្រះជាម្ចាស់​នឹង​រាប់​គេ​ជា​សុចរិត​តាម​រយៈ​គេ​ជឿ​លើ​ព្រះគ្រីស្ទ។​

សូម​អាន​ខ.​១០-១២ ​ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។

​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​បាន​ទទួល​អ្វី?

តើ មាន​អ្នកណា​បាន​រាប់​ជា​សុចរិតនៅ​ចំពោះ​ព្រះ​ដោយ​សារ​គេ​ប្រព្រឹត្ត​តាម​ក្រិ​ត្យ​វិន័យ​ឬ?

សូម​អាន​ខ.​១៣-១៤ ​ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។

ព្រះ​គ្រីស្ទ​​ទ្រង់​បាន​លោះ​យើង​រាល់​គ្នា​ឱ្យ​រួច​ពី​អ្វី?

តើ​ព្រះ​គ្រី​ស្ទ​ធ្វើ​ដូច​ម្ដេច ដើម្បី​លោះ​យើង​រាល់​គ្នា​ឱ្យ​រួច​ពី​សេចក្តី​បណ្តាសា​របស់​ក្រិ​ត្យ​វិន័យ?

តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច ដើម្បី​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ?

ការ​ពន្យល់ និង​ការ​អនុវត្ត ពាក្យ​ «ពរ» និង «បណ្តាសា»​ និង «ជំនឿ» និង «ក្រិត្យវិន័យ»​ គឺ​ជា​ពាក្យ​សំខាន់​នៅ​ក្នុង​ខ.៦-១៤។  ពរ​មក​ដោយ​យើង​ជឿ​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ​ បណ្តាសា​មក​ដោយ​យើង​ពឹង​ផ្អែក​លើ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ។  គំនិត​នេះ​ផ្ទុយ​ពី​ទស្សនៈ​របស់​មនុស្ស​នៅ​លោកិយ​នេះ។  មនុស្ស​ច្រើន​គិត​ថា (គ្រីស្ទបរិស័ទ​ផង​ដែរ) យើង​នឹង​ទទួល​ពរ​ពី​ព្រះជាម្ចាស់​ដោយ​ព្រោះ​យើង​ប្រព្រឹត្ត​តាម​ក្រិត្យវិន័យ។  បើ​យើង​គិត​ដូច្នេះ​ យើង​ទទួល​បណ្តាសា​វិញ (ខ.១០)។  ក្រិត្យវិន័យ​នាំ​អោយ​យើង​ទទួល​បណ្តាសា​ ប៉ុន្តែ​នៅ​លើ​ឈើឆ្កាង​ព្រះគ្រីស្ទ​បាន​សង្គ្រោះ​យើង​ពី​បណ្តាសា​នោះ។  ពួក​កាឡាទី​បាន​ងាក​ចេញ​ពី​ដំណឹង​ល្អ​នៃ​ព្រះគុណ​របស់​ព្រះ​ដែល​យើង​ទទួល​តាម​រយៈ​ការ​សុគត​របស់​ព្រះគ្រីស្ទ​ ហើយ​បែរ​ទៅ​រក​ដំណឹងល្អ​មួយ​ផ្សេង​ទៀត។  តើ​អ្នក​ធ្លាប់​ឃើញ​គ្រីស្ទបរិស័ទ​ធ្វើ​បែប​នេះ​សព្វ​ថ្ងៃ​នេះ​ដែរ​ឬទេ?

 

រំលឹក​ទ្បើង​វិញ តើ​យើង​បាន​រៀន​អ្វី​ចេញ​ពី​កាឡាទី​ ៣:១-១៤?

Leave a Reply

Your email address will not be published. Required fields are marked *

*

Top