សេចក្តីណែនាំសំរាប់ទំនុកដំកើង ១២០-១៣៤ Intro to Ps. 120-134

Intro to Psalms 120-134

សេចក្តី​ណែនាំ​សំរាប់​ទំនុកដំកើង​ ១២០១៣៤

អ្នក​និពន្ធ​ រ៉ូហ្វ លេភិឡារ

 

ទំនុកដំកើង​ ១២០-១៣៤​ គឺ​ជា​ទំនុកដំកើង​មួយ​ក្រុម​ដែល​ទំនុក​ដំកើង​នីមួយៗ​មាន​ចំណង​ជើង​ថា הַמַּעֲלוֹת​​ שִׁיר ជា​​​ភាសា​ហេព្រើរ​​ដែល​​បកប្រែ​​​​ ‘Songs of Ascent’ (អង់​គ្លេស)។​ គ្មាន​​ការ​ពន្យល់​ថា​ចំណង​ជើង​​នេះ​មាន​ន័យ​អ្វី​នោះ​ទេ។ ​ព្រះ​គម្ពីរ​ខ្មែរ​បរិសុទ្ធ​បកប្រែ​ថា ទំនុក​ច្រៀង​តាម​ថ្នាក់ ហើយ​គ.ខ.ប បកប្រែ​ថា បទ​ចំរៀង​សំរាប់​ទ្បើង​ទៅ​ព្រះ​វិហារ។ ពាក្យ​ភាសា​ហេព្រើរ​​​ដែល​បកប្រែ​ថា ទ្បើង​ ត្រូវ​បាន​គេ​ប្រើ​នៅក្នុង​ភាសា​ហេព្រើរ​ដើម្បី​សំដៅ​ទៅលើ «កាំ​ជណ្តើរ» ‘steps/stairs’ (និក្ខមនំ ២០:២៦, ១ពង្សាវតាក្សត្រ​ ១០:១៩-២០… ប្រៀបធៀប ២ពង្សាវតាក្សត្រ​ ២០:៩-១០…, អេម៉ុស ៩:៦)។

មនុស្ស​ភាគ​ច្រើន​​កាត់​ស្រាយ​​ចំណង​ជើង​ជា​ភាសា​ហេព្រើរ​នេះ​ថា​ជា​ការ​សំដៅ​ទៅលើ​​បទ​ចំរៀង​នានា​ដែល​គេ​ច្រៀង​តាម​ផ្លូវ​ដង្ហែ​ទ្បើង​ទៅ​ព្រះ​វិហារ​នៅក្នុង​ពិធី​បុណ្យ។ ផ្ទៃ​រឿង​អំពី​ស៊ីយ៉ូន​ យេរូសាឡឹម ដំណាក់​របស់​ព្រះ​អម្ចាស់​ដែល​យើង​ឃើញ​ជា​រឿយៗ​នៅក្នុង​ទំនុកដំកើង​ទាំង​នេះ​​​ គាំ​ទ្រ​នូវ​​ការ​កាត់​ស្រាយ​នេះ។ ដូច្នេះ យើង​នឹង​ចាត់ទុក​​ក្រុម​ទំនុកដំកើង​ ១២០-១៣៤ ជា ក្រុម​បទ​ចំរៀង​សំរាប់​ទ្បើង​ទៅ​ព្រះ​វិហារ

ទំនុកដំកើង​ ១២០-១៣៤ ប្រហែល​ជា​ដំបូង ឡើយ​​ត្រូវ​បាន​គេ​ប្រមូល​ផ្តុំ​ជា​មួយ​គ្នា​ជា​ការ​ប្រមូល​ផ្តុំ​នៃ​បទ​ចំរៀង​សំរាប់​មនុស្ស​​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅកាន់​ស៊ីយ៉ូន​សំរាប់​បុណ្យ​ប្រ​ចាំ​ឆ្នាំ​របស់​អ្នក​ធ្វើ​ធម្ម​យាត្រា​ (និក្ខមនំ ២៣:១៧ ប្រៀបធៀប ១សាំយ៉ូអែល ១:៣, លូកា ២:៤១)។ ទំនុកដំកើង​នីមួយៗ​នៅក្នុង​​ក្រុម​នេះ​ប្រហែល​មិន​ត្រូវ​បាន​សរសេរ​ជា​ដំបូង​ក្នុង​គោល​បំណង​នៃ​ការ​ទ្បើង​ទៅ​យេរូសាឡឹម​នោះ​ទេ ប៉ុន្តែ​ទំនុក​ដំកើង​នីមួយៗ​គឺ​សម​ស្រប​សំរាប់​​ពួក​អ្នក​​ដែល​ទ្បើង​ទៅ​យេរូសាឡឹម​ដើម្បី​ធ្វើ​ពិធី​បុណ្យ។ ក្រុម​បទ​ចំរៀង​សំរាប់​ទ្បើង​ទៅ​ព្រះ​វិហារ (១២០-១៣៤) បែង​ចែក​ជា​ប្រាំ​ក្រុម​ដែល​ក្រុម​នីមួយៗ​មាន​បី​ទំនុកដំកើង​ (អ្នក​ខ្លះ​បន្ថែម​ទំនុក​ដំកើង​ ១៣៥ និង​១៣៦)។ ទំនុកដំកើង​បួន​ដំបូង​របស់​ក្រុម​នេះ​ (ទំនុកដំកើង ១២០-១៣១) មាន​លក្ខណៈ​ស្រ​ដៀង​គ្នា: ទំនុកដំកើង​ដំបូង​នៅក្នុង​ក្រុម​នីមួយៗ​បញ្ជាក់​អំពី​ស្ថាន​ភាព​ទុក្ខ​ព្រួ​យ​មួយ​ ទំនុក​ដំកើង​ទី​ពីរ​សង្កត់​ធ្ងន់ទៅលើ​អំណាច​របស់​ព្រះ​អម្ចាស់​​ក្នុង​ការ​រក្សា​ សង្គ្រោះ ស្អាង​ទ្បើង​​ ប្រទាន​សេចក្តី​សង្ឃឹម ហើយ​ទំនុកដំកើង​ទី​បី​បញ្ជាក់​អំពី​ផ្ទៃ​រឿង​នៃ​សន្តិ​ភាព។ នៅក្នុង​ទំនុក​ដំកើង​ ១២២, ១២៥, ១២៨ សន្តិ​ភាព​នេះ​មាន​ក្នុង​ស៊ីយ៉ូន​ ហើយ​ក្នុង​ទំនុកដំកើង​ ១៣១ សន្តិភាព​នេះ​មាន​នៅក្នុង​ព្រះ​អម្ចាស់។

ការ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ស៊ីយ៉ូន​គាំ​ទ្រ​ការ​កាត់​ស្រាយ​ដែល​ថា​ទំនុកដំកើង​ទាំ​ង​នេះ​គឺជា «ការ​សរសើរ​តម្កើង​របស់​អ្នក​​ធ្វើ​ដំណើរ​ទៅ​ថ្វាយ​បង្គំ​ព្រះ​»។ ​​​ក្រុម​ទំនុកដំកើង​ទាំង​មូល​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​​គិត​អំពី​គោល​ដៅ។ ទំនុក​ដំកើង​ ១៣២-១៣៤ សុទ្ធ​តែ​ជា​ទំនុកដំកើង​អំពី​ការ​មក​ដល់​ទាំ​ង​អស់​ ១៣២ អំពី​ហិប​នៅក្នុង​ស៊ីយ៉ូន​ ១៣៣ អំពី​សេចក្តី​ប្រ​កប​នៅក្នុង​ស៊ីយ៉ូន​ ១៣៤ អំពី​ព្រះ​ពរ​នៅក្នុង​ស៊ីយ៉ូន។ ដូច្នេះ​ មាន​ទិស​ដៅ​ច្បាស់លាស់​នៅក្នុង​រចនា​សម្ព័ន្ធ​របស់​ក្រុម​ទំនុកដំកើង​នេះ។ ពួក​វា​ចាប់​ផ្តើម​នៅក្នុង​ទឹក​ដី​ឆ្ងាយ​នៅក្នុង​ទំនុកដំកើង​ ១២០ (ខ. ៥) ហើយ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ស៊ីយ៉ូន។ ​អ្នក​ធ្វើ​ដំណើរ​ទៅ​ថ្វាយ​បង្គំ​ព្រះ​​​ដែល​ចាប់​​ផ្តើម​​ដ៏​សែន​ឆ្ងាយ​នៅក្នុង​ពិភព​លោក​ដែល​អាក្រក់​ (១២០) នៅក្នុង​ «សេចក្តី​ងងឹត» របស់​ពិភពលោក​នេះ​បញ្ចប់​នៅក្នុង​យប់​ដ៏​ខុស​ប្លែក​មួយ​ (១៣៤:១) ហើយ​មាន​សុវត្ថិភាព​នៅក្នុង​ដំណាក់​នៃ​ព្រះ​អម្ចាស់​និង​ក្រោម​ព្រះ​ពរ​របស់​ទ្រង់។​

 

Bibliography

Carson, D.A., R. T. France, J. A. Motyer & G. J. Wenham, Ed.(1994), New Bible commentary: 21st century edition, (4th ed.)  Leicester, England; Downers Grove, IL: Inter-Varsity Press.

Kidner, D. (1975). Vol. 16: Psalms 73–150: An Introduction and Commentary. Tyndale Old Testament Commentaries. Nottingham, England: Inter-Varsity Press.

Wilcock, Michael. (2001), The Message of Psalms 73-150.  The Bible Speaks Today Commentaries.  Leicester, England: Inter-Varsity Press.

 

Leave a Reply

Your email address will not be published. Required fields are marked *

*

Top