លោកុប្បត្តិ​ ៦-៩ ណូអេ និងទឹកជំនន់ Gen. 6-9 Noah and the Flood

Noah and the Flood pdf download

​​

​​សេចក្ដី​ផ្ដើម​​

​​ភាព​លំបាក​ធំ​​មួយ​​សំរាប់​​អ្នក​អធិប្បាយ​​គឺ របៀប​​អធិប្បាយ​​បទ​គម្ពីរ​ដែល​​​មាន​​ប្រ​វែង​វែង​ ទៅ​ដល់​បួន​ជំពូក។ ​បទ​គម្ពីរ​នេះ​​បន្ត​ផ្ទៃ​រឿង​សំខាន់ៗ​របស់​លោកុប្បត្ដិ​ ៤-១១ គឺ​ការ​រាល​ដាល​អំពើ​បាប​​និង​ហិង្សា​ ហើយ​និង​ការ​ឆ្លើយ​តប​ដោយ​​សេចក្តី​វិនិច្ឆ័យ​និង​ព្រះគុណ​របស់​ព្រះ។ ​វា​ជា​ការ​​ល្អ​​ដែល​យើង​​មិន​ពន្យល់​​សេចក្តី​លំអិត​ទាំង​អស់​ ប៉ុន្តែ​សង្កត់​ធ្ងន់​លើ​ចំនុច​សំខាន់ៗ។ ​គម្រោង​​​ចំបង​នៃ​រឿង​​​ចង្អុល​ទៅកាន់​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​យ៉ាង​ច្បាស់​លាស់។

គម្រោង​គ្រឹះ​នៃ​រឿង​

១. ​មនុស្ស​ជាតិ​បះ​បោរ​ប្រឆាំង​នឹង​ព្រះ។

​២.​ព្រះ​ទត​មើល​និង​ដឹង​​គ្រប់​ការ​ទាំង​អស់ ហើយ​ទ្រង់​មិន​សព្វ​ព្រះទ័យ​ចំពោះ​​ឥរិយាបថ​​របស់​មនុស្ស​ជាតិ​ទេ។

៣. ព្រះ​យាង​មក​​វិនិច្ឆ័យ​​មនុស្ស​ជាតិ​ដែល​បះ​បោរ​  ​និង​លុប​បំបាត់​ពួក​គេ​ចេញ​ពី​ផែនដី​​ដើម្បី​​សំអាត​​ផែនដី (៦:៧) ​ហើយ​ចាប់​ផ្តើម​ផែនដី​ជាថ្មី​ គឺ​ទ្រង់​បញ្ជូន​ទឹក​ជំនន់​​ដើម្បី​បំផ្លាញ​​មនុស្ស​ទាំង​អស់​ លើក​លែង​តែ​​មនុស្ស​មួយ​ចំនួន​ គឺ​គ្រួសារ​មួ​យ​ដែល​ទ្រង់​សង្គ្រោះ។

៤. ​ព្រះ​សន្យា​​នឹង​មិន​បំផ្លាញ​ផែនដី​ម្តង​ទៀត​ដោយ​​សារ​​ទឹក​ជំនន់​ ហើយ​ប្រទាន​ឥន្ទធនូ​ជា​សញ្ញា​​សំគាល់​នៃ​សម្ព័ន្ធមេត្រី​ដែល​ព្រះជាម្ចាស់​សន្យា​ថា ទឹក​នឹង​លែង​ជន់​លិច​បំផ្លាញ​សត្វ​លោក​ទាំង​អស់​ទៀត។

​ទំនាក់​ទំនង​ជាមួយ​​លោកុប្បត្ដិ ១ និង​៤

រឿង​ទឹក​ជំនន់​​មាន​ទំនាក់​ទំនង​ជា​ច្រើន​ជាមួយ​​លោកុប្បត្ដិ​ ១ និង​៤។​

ទី​ជំរៅ (៧:១១; ៨:២ > ១:២)

ផែនដី​គ្រប​ដោយ​ទឹក (៧:២៤ > ១:២)

ព្រះ​វិញ្ញាណ ​(ខ្យល់)​ របស់​ព្រះ រេ​រា​នៅ​ពី លើ​ទឹក (៨:១ è ១:២) (ភាសា​ហេព្រើរ​មាន​ពាក្យ​ដដែល នៅ​ក្នុង​ ៨:១ និង​១:២ គឺ​ «ruarch (רוּחַ)»​ ដែល​អាច​បក​ប្រែ​ថា​ «​ព្រះវិញ្ញាណ»​(១:២) ឬ «ខ្យល់» (៨:១)។

ទឹក​ប្រមូល​ផ្តុំគ្នា​នៅ​កន្លែង​តែ​មួយ​ (៨:១-៥ > ១:៩)

ដី​គោក​ដុះ​ទ្បើង​ (៨:៥ > ១:៩)

ការ​ដាក់​ឈ្មោះ​ឲ្យ​សត្វ​ (៦:២០; ៧:១៤, ២១, ២៣ > ១:២១, ២៤-២៥)

ព្រះ​បាន​ប្រទាន​ពរ​ដល់​ពួក​គេ (៩:១ > ១:២៨)

«​ចូរ​បង្កើត​កូន​ចំរើន​ជា​បរិបូរ» (៨:១៧; ៩:១, ៧ è ១:២៨)

មនុស្ស​ដូច​រូប​អង្គ​ទ្រង់​ (៩:៦ > ១:២៧)

​នៅក្នុង​ជំពូក​៤​យើង​ឃើញ​ថា អ័ដាម​មាន​កូន​ប្រុស​បី នាក់​ កាអ៊ីន​​ត្រូវ​ព្រះ​ដាក់​បណ្តាសា ហើយ​សេត​នឹង​បន្ត​​ពូជ​ពង្ស​​របស់​ស្ត្រី។ ណូអេ​ក៏​មាន​កូន​ប្រុស​បី នាក់​ផង​ដែរ ​កាណាន​ត្រូវ​បណ្តាសា (៩:២៥) ហើយ​សិម​​​ទទួល​ព្រះ​ពរ (៩:២៦) ​ដើម្បី​​បន្ត​​ពូជ​ពង្ស​របស់​ស្ត្រី។

មាន​គំនិត​​ពីរ​ចេញ​ពី​ទំនាក់ទំនង​ជាមួយ​លោកុប្បត្ដិ​ ១-៤។ ទី​មួយ​ នេះ​បង្ហាញ​ថា ព្រះ​ដែល​បាន​បង្កើត​របស់​​សព្វ​សារពើ​​គឺជា​ព្រះ​ដដែល​ដែល​អាច​បំផ្លាញ​ស្នា​ព្រះ​ហស្ត​ដែល​ទ្រង់​បាន​បង្កើត​ គឺ​មិន​គ្រាន់​តែ​​នាំ​មក​នូវ​សេចក្តី​វិនិច្ឆ័យ​ប៉ុណ្ណោះទេ ប៉ុន្តែ​​ចាប់​ផ្តើម​ផែនដី​ថ្មី​ដែល​ល្អ​ស្អាត។ គំនិត​នេះ​ខុស​ពី​សាសនា​ដទៃ​ទៀត​ដែល​មាន​​ព្រះ​ជាច្រើន​ ព្រះ​មួយ​ជា​អ្នក​បង្កើត​ ព្រះ​មួយ​ជា​អ្នក​បំផ្លាញ និង​ព្រះ​មួយ​ទៀត​ជា​អ្នក​សង្គ្រោះ។ ទីពីរ ពូជ​របស់​ស្ត្រី។ នៅក្នុង​លោកុប្បត្ដិ ៣:១៥ ព្រះ​បាន​សន្យា​ថា ពូជ​របស់​ស្ត្រី​នឹង​កិន​ក្បាល​របស់​សត្វ​ពស់។ ​ប្រសិន​បើ​​ព្រះ​បាន​សំឡាប់​មនុស្ស​ទាំង​អស់​នៅក្នុង​ទឹក​ជំនន់​​ នោះ​សេចក្តី​សន្យា​​នៅក្នុង​លោកុប្បត្ដិ ៣:១៥ មិន​អាច​​បំពេញ​សំរេច​បាន​ឡើយ។ ប៉ុន្តែ ចាប់​ពី​រឿង​ទឹក​ជំនន់​និង​ក្នុង​ព្រះ​គម្ពីរ​ទាំង​អស់​ទៀត​ យើង​មើល​ឃើញ​ថា គឺ​តាមរយៈ​​ពូជ​របស់​សិម​ដែល​ពូ​ជ​របស់​ស្ត្រី​​នឹង​កិន​ក្បាល​សត្វ​ពស់។

ពី​អ្វី​ដែល​យើង​សិក្សា​ខាង​លើ​ យើង​អាច​មើល​ឃើញ​ថា គំនិត​ចំបង​​គឺថា ទោះ​បី​ព្រះ​បាន​បំផ្លាញ​លោកិយ​ដោយ​សេចក្តី​វិនិច្ឆ័យ​ក៏​ដោយ​​ ក៏​ទ្រង់​​បាន​សង្គ្រោះ​មនុស្ស​មួយ​ចំនួន​តាម​រយៈ​ណូអេ​ ដែល​នឹង​រស់​នៅ​​ផែនដី​ថ្មី​ដែល​មក​ក្រោយ​សេចក្តី​វិនិច្ឆ័យ​​។ ​

​ក្រោយ​មក​ទៀត​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​

​គំនិត​ចំបង​​នេះ​មាន​​បន្ត​បន្ទាប់​ទៀត​នៅក្នុង​​ព្រះគម្ពីរ​សញ្ញា​ចាស់។ ​នៅពេល​អ៊ីស្រាអែល​​បាន​វង្វេង​​នៅក្នុង​ទី​រហោស្ថាន ហើយ​ហៀប​នឹង​ចូល​ទៅ​ក្នុង​ទឹក​ដី​សន្យា​ ពួកគេ​អាច​នឹក​ចាំ​ថា ទោះ​បើ​​ព្រះ​បាន​​វិនិច្ឆ័យ​បំផ្លាញ​​មនុស្ស​ជំនាន់​មុន​នៅក្នុង​ទី រហោស្ថាន​ក៏​ដោយ ក៏​ទ្រង់​បាន​សង្គ្រោះ​​មនុស្ស​មួយ​ចំនួន​​ ដែល​នឹង​រស់​នៅក្នុង​ទឹក​ដី​សន្យា​ដែរ។ ​​ពួក​និរទេស​នៅក្នុង​បាប៊ីឡូន​អាច​យល់​ថា ទោះ​បើ​ព្រះ​បាន​វិនិច្ឆ័យ​​បំផ្លាញ​​យេរូសាឡឹម យូដា​និង​អ៊ីស្រាអែល​ក៏​ដោយ ក៏​ទ្រង់​បាន​សង្គ្រោះ​មនុស្ស​មួយ​ចំនួន ​ដែល​នឹង​វិល​ត្រឡប់​មក​រស់​នៅក្នុង​​ទឹក​ដី​សន្យា​​ម្តង​ទៀត​ផង​ដែរ (សូម​មើល អេសាយ​ ៥៤:៩-១០)។

របៀប​ផ្សេងៗ​ដើម្បី​អធិប្បាយ​ព្រះ​គ្រីស្ទ​

មាន​របៀប​​ខ្លះៗ​ក្នុង​ការ​អធិប្បាយ​ព្រះ​គ្រីស្ទ​ចេញ​ពី រឿង​ទឹក​ជំនន់។ យើង​នឹង​លើក​ទ្បើង​របៀប​បី​នៅ​ទីនេះ។

១. ពូជ។ រឿង​នេះ​គឺជា​​​ស្ពាន​​​មួយ​​រវាង​​សេចក្តី​សន្យា​​របស់​ព្រះ​នៅក្នុង​​លោកុប្បត្ដិ ៣:១៥ ហើយនិង​​ព្រះ​យេស៊ូវ។ ពូជ​ពង្ស​​​តាម​រយៈ​ណូអេ​និង​សិម។  ​

២. គំរូ​របស់​ណូអេ (​ហេព្រើរ​​ ១១:៧)។ ​គំរូ​របស់​គាត់​គួរ​តែ​លើក​ទឹក​ចិត្ត​យើង​​ឲ្យ​ធ្វើ​តាម​​​ការ​ដាស់​តឿន​​នៅក្នុង​​​ហេព្រើរ ១២:១-៣។

៣. សំខាន់​បំផុត​គឺ យើង​អាច​អធិប្បាយ​ព្រះគ្រីស្ទ​​តាមរយៈ​ផ្ទៃ​រឿង​អំពី​សេចក្តី​វិនិច្ឆ័យ ការ​បំផ្លាញ​លោកិយ​ សេចក្តី​សង្គ្រោះ និង​ការ​បង្កើត​ជា​​ថ្មី។ នេះ​គឺជា​របៀប​មួយ​ដែល​ព្រះគម្ពីរ​​សញ្ញា​ថ្មី​​​ប្រើ​រឿង​ទឹក​ជំនន់​ជា​រឿយៗ។ ​ព្រះ​នឹង​វិនិច្ឆ័យ​បំផ្លាញ​លោកិយ​ម្តង​ទៀត​ ហើយ​សង្គ្រោះ​​មនុស្ស​មួយ​ចំនួន​ ដែល​នឹង​រស់​នៅក្នុង​ការ​បង្ក​បង្កើត​ថ្មី។ ព្រះ​នឹង​ធ្វើ​ការ​​នេះ​នៅពេល​ព្រះ​យេស៊ូវ​យាង​​ត្រឡប់​មក​វិញ។ ​ព្រះ​យេស៊ូវ​បាន​ប្រើ​រឿង​ទឹក​ជំនន់​​និង​សេចក្តី​ពិត​​ដែល​ថា ​​មនុស្ស​មិន​បាន​ត្រៀម​ខ្លួន​​ជាស្រេច​សំរាប់​សេចក្តី​វិនិច្ឆ័យ​របស់​ព្រះ​ ដើម្បី​ទាយ​អំ​ពី​​ស្ថានភាព​​​​​ នៅ​ពេល​ព្រះ​យេស៊ូវ​​យាង​មក​វិនិច្ឆ័យ​ និង​បង្កើត​ស្នា​ព្រះ​ហស្ត​ថ្មី​មួយ​ (​ម៉ាថាយ ២៤:៣៦-៤២)។ ការ​អនុវត្ត​លើ​រឿង​ទឹក​ជំនន់​នេះ​គឺ​ថា យើង​គួរ​តែ​​រក្សា​ចាំ​យាម​​ និង​ត្រៀម​ខ្លួន​ជា​ស្រេច​សំរាប់​ពេល​​ដែល​ទ្រង់​នឹង​យាង​មក​វិញ។ លោក​ពេត្រុស​​ក៏​និយាយ​អំពី​រឿង​ទឹក​ជំនន់​ផង​ដែរ​ ដើម្បី​រំលឹក​យើង​​ថា ព្រះ​បាន​វិនិច្ឆ័យ និង​បំផ្លាញ​លោកិយ​ ហើយ​ទ្រង់​នឹង​ធ្វើ​វា​ម្តង​ទៀត​ដោយ​​ភ្លើង​ម្តង​វិញ​​ (២ពេត្រុស ៣:៣-៧)។ លោក​ពេត្រុស​​រំលឹក​យើង​​អំពី​រឿង​ទឹក​ជំនន់​​ ដោយ​ព្រោះ​​មនុស្ស​នឹង​សង្ស័យ​ហើយ​បដិសេធ​​ការ​ដែល​ព្រះ​យេស៊ូវ​នឹង​យាង​មក​វិញ។ ដូច្នេះ លោក​ពេត្រុស​​បង្ហាញ​យើង​អំពី​គោលការណ៍​​ថា ការ​​នឹក​ចាំ​​អំពី​សកម្ម​ភាព​​​របស់​ព្រះ​ក្នុង​អតីត​កាល​​ធានា​​យើង​ថា ព្រះ​នឹង​ធ្វើ​​អ្វី​ដែល​ទ្រង់​បាន​សន្យា​ថា​ទ្រង់​នឹង​ធ្វើ​នៅ​ក្នុង​អនាគត។ ដូច្នេះ ទឹក​ជំនន់​គឺ​ជា​ភស្តុតាង​​បង្ហាញ​ថា ព្រះ​សព្វ​ព្រះ​ទ័យ​និង​អាច​ធ្វើ​អ្វី​ដែល​ទ្រង់​បាន​សន្យា​​​ធ្វើ​នៅពេល​ព្រះ​យេស៊ូវ​យាង​មក​វិញ។ ​ការ​អនុវត្ត​​ពី​រឿង​ទឹក​ជំនន់​សំរាប់​យើង​គឺថា យើង​គួរ​ត្រៀម​ខ្លួន​ជា​​ស្រេច​​សំរាប់​ការ​យាង​មកវិញ​របស់​ព្រះ​យេស៊ូវ​ដោយ​ការ​ទុក​ចិត្ត​លើ​ទ្រង់​ដើម្បី​ទទួល​បាន​សេចក្តី​សង្គ្រោះ។ ដូច​ដែល​ព្រះ​បាន​សង្គ្រោះ​មនុស្ស​មួយ​ចំនួន​​តាមរយៈ​ណូអេ​ ដែល​អាច​រស់​នៅ​ផែនដី​ថ្មី​ដែល​មក​ក្រោយ​សេចក្តី​វិនិច្ឆ័យ នោះ​ទ្រង់​ក៏​​នឹង​សង្គ្រោះ​​មនុស្ស​មួយ​ចំនួន​​តាមរយៈ​ព្រះ​គ្រីស្ទ​​ ដែល​នឹង​រស់​នៅ​ផែនដី​ថ្មី​ដែល​មក​ក្រោយ​សេចក្តី​វិនិច្ឆ័យ​ ដែល​ជា​ការ​បង្ក​បង្កើត​ថ្មី​ផង​ដែរ​​ (​វិវរណៈ ២១-២២)។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top