Noah and the Flood pdf download
សេចក្ដីផ្ដើម
ភាពលំបាកធំមួយសំរាប់អ្នកអធិប្បាយគឺ របៀបអធិប្បាយបទគម្ពីរដែលមានប្រវែងវែង ទៅដល់បួនជំពូក។ បទគម្ពីរនេះបន្តផ្ទៃរឿងសំខាន់ៗរបស់លោកុប្បត្ដិ ៤-១១ គឺការរាលដាលអំពើបាបនិងហិង្សា ហើយនិងការឆ្លើយតបដោយសេចក្តីវិនិច្ឆ័យនិងព្រះគុណរបស់ព្រះ។ វាជាការល្អដែលយើងមិនពន្យល់សេចក្តីលំអិតទាំងអស់ ប៉ុន្តែសង្កត់ធ្ងន់លើចំនុចសំខាន់ៗ។ គម្រោងចំបងនៃរឿងចង្អុលទៅកាន់ដំណឹងល្អរបស់ព្រះគ្រីស្ទយ៉ាងច្បាស់លាស់។
គម្រោងគ្រឹះនៃរឿង
១. មនុស្សជាតិបះបោរប្រឆាំងនឹងព្រះ។
២.ព្រះទតមើលនិងដឹងគ្រប់ការទាំងអស់ ហើយទ្រង់មិនសព្វព្រះទ័យចំពោះឥរិយាបថរបស់មនុស្សជាតិទេ។
៣. ព្រះយាងមកវិនិច្ឆ័យមនុស្សជាតិដែលបះបោរ និងលុបបំបាត់ពួកគេចេញពីផែនដីដើម្បីសំអាតផែនដី (៦:៧) ហើយចាប់ផ្តើមផែនដីជាថ្មី គឺទ្រង់បញ្ជូនទឹកជំនន់ដើម្បីបំផ្លាញមនុស្សទាំងអស់ លើកលែងតែមនុស្សមួយចំនួន គឺគ្រួសារមួយដែលទ្រង់សង្គ្រោះ។
៤. ព្រះសន្យានឹងមិនបំផ្លាញផែនដីម្តងទៀតដោយសារទឹកជំនន់ ហើយប្រទានឥន្ទធនូជាសញ្ញាសំគាល់នៃសម្ព័ន្ធមេត្រីដែលព្រះជាម្ចាស់សន្យាថា ទឹកនឹងលែងជន់លិចបំផ្លាញសត្វលោកទាំងអស់ទៀត។
ទំនាក់ទំនងជាមួយលោកុប្បត្ដិ ១ និង៤
រឿងទឹកជំនន់មានទំនាក់ទំនងជាច្រើនជាមួយលោកុប្បត្ដិ ១ និង៤។
ទីជំរៅ (៧:១១; ៨:២ > ១:២)
ផែនដីគ្របដោយទឹក (៧:២៤ > ១:២)
ព្រះវិញ្ញាណ (ខ្យល់) របស់ព្រះ រេរានៅពី លើទឹក (៨:១ è ១:២) (ភាសាហេព្រើរមានពាក្យដដែល នៅក្នុង ៨:១ និង១:២ គឺ «ruarch (רוּחַ)» ដែលអាចបកប្រែថា «ព្រះវិញ្ញាណ»(១:២) ឬ «ខ្យល់» (៨:១)។
ទឹកប្រមូលផ្តុំគ្នានៅកន្លែងតែមួយ (៨:១-៥ > ១:៩)
ដីគោកដុះទ្បើង (៨:៥ > ១:៩)
ការដាក់ឈ្មោះឲ្យសត្វ (៦:២០; ៧:១៤, ២១, ២៣ > ១:២១, ២៤-២៥)
ព្រះបានប្រទានពរដល់ពួកគេ (៩:១ > ១:២៨)
«ចូរបង្កើតកូនចំរើនជាបរិបូរ» (៨:១៧; ៩:១, ៧ è ១:២៨)
មនុស្សដូចរូបអង្គទ្រង់ (៩:៦ > ១:២៧)
នៅក្នុងជំពូក៤យើងឃើញថា អ័ដាមមានកូនប្រុសបី នាក់ កាអ៊ីនត្រូវព្រះដាក់បណ្តាសា ហើយសេតនឹងបន្តពូជពង្សរបស់ស្ត្រី។ ណូអេក៏មានកូនប្រុសបី នាក់ផងដែរ កាណានត្រូវបណ្តាសា (៩:២៥) ហើយសិមទទួលព្រះពរ (៩:២៦) ដើម្បីបន្តពូជពង្សរបស់ស្ត្រី។
មានគំនិតពីរចេញពីទំនាក់ទំនងជាមួយលោកុប្បត្ដិ ១-៤។ ទីមួយ នេះបង្ហាញថា ព្រះដែលបានបង្កើតរបស់សព្វសារពើគឺជាព្រះដដែលដែលអាចបំផ្លាញស្នាព្រះហស្តដែលទ្រង់បានបង្កើត គឺមិនគ្រាន់តែនាំមកនូវសេចក្តីវិនិច្ឆ័យប៉ុណ្ណោះទេ ប៉ុន្តែចាប់ផ្តើមផែនដីថ្មីដែលល្អស្អាត។ គំនិតនេះខុសពីសាសនាដទៃទៀតដែលមានព្រះជាច្រើន ព្រះមួយជាអ្នកបង្កើត ព្រះមួយជាអ្នកបំផ្លាញ និងព្រះមួយទៀតជាអ្នកសង្គ្រោះ។ ទីពីរ ពូជរបស់ស្ត្រី។ នៅក្នុងលោកុប្បត្ដិ ៣:១៥ ព្រះបានសន្យាថា ពូជរបស់ស្ត្រីនឹងកិនក្បាលរបស់សត្វពស់។ ប្រសិនបើព្រះបានសំឡាប់មនុស្សទាំងអស់នៅក្នុងទឹកជំនន់ នោះសេចក្តីសន្យានៅក្នុងលោកុប្បត្ដិ ៣:១៥ មិនអាចបំពេញសំរេចបានឡើយ។ ប៉ុន្តែ ចាប់ពីរឿងទឹកជំនន់និងក្នុងព្រះគម្ពីរទាំងអស់ទៀត យើងមើលឃើញថា គឺតាមរយៈពូជរបស់សិមដែលពូជរបស់ស្ត្រីនឹងកិនក្បាលសត្វពស់។
ពីអ្វីដែលយើងសិក្សាខាងលើ យើងអាចមើលឃើញថា គំនិតចំបងគឺថា ទោះបីព្រះបានបំផ្លាញលោកិយដោយសេចក្តីវិនិច្ឆ័យក៏ដោយ ក៏ទ្រង់បានសង្គ្រោះមនុស្សមួយចំនួនតាមរយៈណូអេ ដែលនឹងរស់នៅផែនដីថ្មីដែលមកក្រោយសេចក្តីវិនិច្ឆ័យ។
ក្រោយមកទៀតក្នុងព្រះគម្ពីរសញ្ញាចាស់
គំនិតចំបងនេះមានបន្តបន្ទាប់ទៀតនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ នៅពេលអ៊ីស្រាអែលបានវង្វេងនៅក្នុងទីរហោស្ថាន ហើយហៀបនឹងចូលទៅក្នុងទឹកដីសន្យា ពួកគេអាចនឹកចាំថា ទោះបើព្រះបានវិនិច្ឆ័យបំផ្លាញមនុស្សជំនាន់មុននៅក្នុងទី រហោស្ថានក៏ដោយ ក៏ទ្រង់បានសង្គ្រោះមនុស្សមួយចំនួន ដែលនឹងរស់នៅក្នុងទឹកដីសន្យាដែរ។ ពួកនិរទេសនៅក្នុងបាប៊ីឡូនអាចយល់ថា ទោះបើព្រះបានវិនិច្ឆ័យបំផ្លាញយេរូសាឡឹម យូដានិងអ៊ីស្រាអែលក៏ដោយ ក៏ទ្រង់បានសង្គ្រោះមនុស្សមួយចំនួន ដែលនឹងវិលត្រឡប់មករស់នៅក្នុងទឹកដីសន្យាម្តងទៀតផងដែរ (សូមមើល អេសាយ ៥៤:៩-១០)។
របៀបផ្សេងៗដើម្បីអធិប្បាយព្រះគ្រីស្ទ
មានរបៀបខ្លះៗក្នុងការអធិប្បាយព្រះគ្រីស្ទចេញពី រឿងទឹកជំនន់។ យើងនឹងលើកទ្បើងរបៀបបីនៅទីនេះ។
១. ពូជ។ រឿងនេះគឺជាស្ពានមួយរវាងសេចក្តីសន្យារបស់ព្រះនៅក្នុងលោកុប្បត្ដិ ៣:១៥ ហើយនិងព្រះយេស៊ូវ។ ពូជពង្សតាមរយៈណូអេនិងសិម។
២. គំរូរបស់ណូអេ (ហេព្រើរ ១១:៧)។ គំរូរបស់គាត់គួរតែលើកទឹកចិត្តយើងឲ្យធ្វើតាមការដាស់តឿននៅក្នុងហេព្រើរ ១២:១-៣។
៣. សំខាន់បំផុតគឺ យើងអាចអធិប្បាយព្រះគ្រីស្ទតាមរយៈផ្ទៃរឿងអំពីសេចក្តីវិនិច្ឆ័យ ការបំផ្លាញលោកិយ សេចក្តីសង្គ្រោះ និងការបង្កើតជាថ្មី។ នេះគឺជារបៀបមួយដែលព្រះគម្ពីរសញ្ញាថ្មីប្រើរឿងទឹកជំនន់ជារឿយៗ។ ព្រះនឹងវិនិច្ឆ័យបំផ្លាញលោកិយម្តងទៀត ហើយសង្គ្រោះមនុស្សមួយចំនួន ដែលនឹងរស់នៅក្នុងការបង្កបង្កើតថ្មី។ ព្រះនឹងធ្វើការនេះនៅពេលព្រះយេស៊ូវយាងត្រឡប់មកវិញ។ ព្រះយេស៊ូវបានប្រើរឿងទឹកជំនន់និងសេចក្តីពិតដែលថា មនុស្សមិនបានត្រៀមខ្លួនជាស្រេចសំរាប់សេចក្តីវិនិច្ឆ័យរបស់ព្រះ ដើម្បីទាយអំពីស្ថានភាព នៅពេលព្រះយេស៊ូវយាងមកវិនិច្ឆ័យ និងបង្កើតស្នាព្រះហស្តថ្មីមួយ (ម៉ាថាយ ២៤:៣៦-៤២)។ ការអនុវត្តលើរឿងទឹកជំនន់នេះគឺថា យើងគួរតែរក្សាចាំយាម និងត្រៀមខ្លួនជាស្រេចសំរាប់ពេលដែលទ្រង់នឹងយាងមកវិញ។ លោកពេត្រុសក៏និយាយអំពីរឿងទឹកជំនន់ផងដែរ ដើម្បីរំលឹកយើងថា ព្រះបានវិនិច្ឆ័យ និងបំផ្លាញលោកិយ ហើយទ្រង់នឹងធ្វើវាម្តងទៀតដោយភ្លើងម្តងវិញ (២ពេត្រុស ៣:៣-៧)។ លោកពេត្រុសរំលឹកយើងអំពីរឿងទឹកជំនន់ ដោយព្រោះមនុស្សនឹងសង្ស័យហើយបដិសេធការដែលព្រះយេស៊ូវនឹងយាងមកវិញ។ ដូច្នេះ លោកពេត្រុសបង្ហាញយើងអំពីគោលការណ៍ថា ការនឹកចាំអំពីសកម្មភាពរបស់ព្រះក្នុងអតីតកាលធានាយើងថា ព្រះនឹងធ្វើអ្វីដែលទ្រង់បានសន្យាថាទ្រង់នឹងធ្វើនៅក្នុងអនាគត។ ដូច្នេះ ទឹកជំនន់គឺជាភស្តុតាងបង្ហាញថា ព្រះសព្វព្រះទ័យនិងអាចធ្វើអ្វីដែលទ្រង់បានសន្យាធ្វើនៅពេលព្រះយេស៊ូវយាងមកវិញ។ ការអនុវត្តពីរឿងទឹកជំនន់សំរាប់យើងគឺថា យើងគួរត្រៀមខ្លួនជាស្រេចសំរាប់ការយាងមកវិញរបស់ព្រះយេស៊ូវដោយការទុកចិត្តលើទ្រង់ដើម្បីទទួលបានសេចក្តីសង្គ្រោះ។ ដូចដែលព្រះបានសង្គ្រោះមនុស្សមួយចំនួនតាមរយៈណូអេ ដែលអាចរស់នៅផែនដីថ្មីដែលមកក្រោយសេចក្តីវិនិច្ឆ័យ នោះទ្រង់ក៏នឹងសង្គ្រោះមនុស្សមួយចំនួនតាមរយៈព្រះគ្រីស្ទ ដែលនឹងរស់នៅផែនដីថ្មីដែលមកក្រោយសេចក្តីវិនិច្ឆ័យ ដែលជាការបង្កបង្កើតថ្មីផងដែរ (វិវរណៈ ២១-២២)។
Leave a Reply