អេសាយ ២:៦-២២ Isaiah 2:6-22

Is. 2.6-22

អេសាយ​:២២

ការ​រំលឹក ​អេសាយ​ ២:១-៥ បង្រៀន​ថា មនុស្ស​នឹង​ឃើញ​ថា ព្រះជាម្ចាស់​ជា​ព្រះ​ដ៏​ពិត ហើយ​ពួក​គេ​មក​ឯ​ទ្រង់ មិន​គ្រាន់តែ​ជនជាតិ​យូដា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ប្រជាជាតិ​ទាំង​ប៉ុន្មាន​ផង។  ការ​នេះ​បំពេញ​តាម​ការ​សន្យា​ដែល​ព្រះ​បាន​សន្យា​ជាមួយ​អ័ប្រាហាំ ​(លោកុប្បត្ដិ​ ១២​:២-៣)។  សាសន៍​ដទៃ​នឹង​លែង​ប្រកាន់​តាម​ជាតិនិយម​ ហើយ​ទទួល​ស្គាល់​ថា ​ព្រះ​របស់​ពួក​យូដា​ពិត​ជា​ព្រះ​ដ៏​ពិតមែន។  សេចក្ដី​សង្ឃឹម​របស់​គ្រីស្ទបរិស័ទ​មិន​គ្រាន់​តែ​ថា​យើង​នឹង​ទៅ​ស្ថានសួគ៌​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លើស​ពី​នេះ​ទៅទៀត យើង​នឹង​ទទួល​ផែនដី​ដែល​ពោរ​ពេញ​ដោយ​សន្តិភាព​ទុក​ជា​មត៌ក​ផង​ដែរ។  វិវរណៈ​ ២១-២២ បង្ហាញ​ថា ការ​នេះ​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ដែល​ព្រះ​យេស៊ូវ​យាង​មក​វិញ។

សូម​អាន​អេសាយ​ ២:៦-២២ ទាំង​មូល។​

ចូរ​អាន​ខ.៦-៨ ឡើង​វិញ។  តើ ពួក​យូដា​និង​បណ្តាជន​យេរូសាឡិម​ធ្វើ​អ្វី?

ការ​ពន្យល់  ពួក​យូដា​បាន​ដើរ​តាម​គ្រូ​មន្តអាគម​និង​គ្រូ​ទាយ។  នៅ​ក្នុង​ចោទិយកថា​ ១៨​:៩-១៣ ព្រះជាម្ចាស់​បាន​ហាម​មិន​អោយ​ពួក​គេ​ដើរ​តាម​អំពើ​ទាំង​នេះ​ឡើយ។  ចូរ​អាន​ចោទិយកថា​ ១៨​:៩-១៣។  តើ​អ្នក​ធ្លាប់​ស្ដាប់​តាម​អំពើ​ទាំង​នេះ​ដែរ​ឬ​ទេ?

ចូរ​អាន​ខ.៩-១២។  តើ​ អ្វី​នឹង​កើត​ឡើង​ចំពោះ​មនុស្ស។

ចូរ​អាន​ខ.១៣-១៨។

ការ​ពន្យល់  ស្រុក​បា​សាន​ស្ថិត​នៅ​ភាគ​ខាង​កើត​នៃ​ទន្លេ​យ័រដាន់​ ហើយ​ស្រុក​នេះ​មាន​ដើម​ឈើ​ល្បីឈ្មោះ។  មនុស្ស​អួត​អំពី​សំពៅ​របស់​គេ។  តើ គំនិត​ដ៏​សំខាន់ នៅ​ក្នុង​ខ.១៣-១៨​គឺ ​ជា​អ្វី?

ចូរ​អាន​ខ.១៩-២១។  «នៅ​ថ្ងៃ​នោះ​» គឺ​ជា​ពាក្យ​ដែល​ហោរា​អេសាយ​បាន​ប្រើ​ជាច្រើន​ដង                              (ឧទាហរណ៍​ ២:១១,១៧,២០; ៣:១៧,១៨; ៤:១,២; ៥:៣០; ៧:១៨ ជា​ដើម)។  នៅ​ក្នុង​ ២:១៩-២១ តើ​នឹង​មាន​អ្វី​កើត​ឡើង​ «នៅ​ថ្ងៃ​នោះ​»

ការ​ពន្យល់​ និង​ការ​អនុវត្ត  តើ​ ព្រឹត្តិ​ការណ៍​ទាំង​នេះ​កើត​ឡើង​នៅ​ពេល​ណា?  តាម​ប្រវត្តិសាស្ត្រ​ ព្រឹត្តិការណ៍​ទាំង​នេះ​បាន​កើត​ឡើង​ច្រើន​ដង ប៉ុន្តែ​ទី​បំផុត​នឹង​កើត​ឡើង​ម្តង​ទៀត​នៅ​ថ្ងៃ​ដែល​ព្រះគ្រីស្ទ​យាង​មក​វិញ។  នៅ​ក្នុង​សញ្ញា​ថ្មី ​«នៅ​ថ្ងៃ​នោះ​» គឺ​ជា ​«ថ្ងៃ​នៃ​ព្រះគ្រីស្ទ​» ដែល​ជា​ថ្ងៃ​ដែល​ព្រះគ្រីស្ទ​យាង​មក​វិញ។  នៅ​ក្នុង​                       អេសាយ​ ២:៦-២១ ​«នៅ​ថ្ងៃ​នោះ​» «ព្រះអង្គ​នឹង​ពង្រាប​មនុស្ស​មាន​ចិត្ត​អួតអាង​» ហើយ «​មាន​តែ​ព្រះអម្ចាស់​មួយ​អង្គ​ទេ ដែល​មនុស្ស​ត្រូវ​លើក​តម្កើង​» (ខ.១១)។  ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ក្នុង​សញ្ញា​ថ្មី​ យើង​នឹង​លើក​តម្កើង​ព្រះ​នាម​ព្រះ​យេស៊ូវ​ ហើយ​ទ្រង់​នឹង​សំដែង​សេចក្ដី​ក្រោធ​ ដើម្បី​ពង្រាប​មនុស្ស​ដែល​មាន​ចិត្ត​អួត​អាង​ទាំង​អស់។ វិវរណៈ​ ៦:១៦ បាន​ប្រើ​ពាក្យ​ពី​អេសាយ​ ២:១៩ ដើម្បី​ពិពណ៌នា​អំពី​សេចក្ដី​ក្រោធ​របស់​ព្រះគ្រីស្ទ។

នៅ​ក្នុង​២:៦-២១​ ហោរា​អេសាយ​សំដែង​យ៉ាង​ជាក់​ស្ដែង​អំពី​អំពើ​បាប​ដ៏​ធំ​ពីរ​របស់​មនុស្ស​គឺ ការ​ថ្វាយ​បង្គំ​រូប​ព្រះ​និង​អំនួត។  នៅ​ក្នុង​ខ.២២ គាត់​បាន​ពន្យល់​អំពី​គ្រឹះ​នៃ​បាប​ទាំង​ពីរ​នេះ គឺ​យើង​ពឹង​ផ្អែក​លើ​មនុស្ស។  តើ​អ្នក​ពឹង​ផ្អែក​លើ​មនុស្ស ឬ​អ្វី​ដែល​យើង​ធ្វើ​ពី​ដៃ ឬ​រូប​ព្រះ​ ឬ​ប្រាក់​ ឬ​មាស?  ទាំង​អស់​នេះ​មិន​អាច​ជួយ​យើង​ «នៅ​ថ្ងៃ​នោះ​»​បាន​ទេ។

រំលឹក​ទ្បើង​វិញ តើ​យើង​បាន​រៀន​អ្វី​អំពី​ព្រះជាម្ចាស់​ចេញ​ពី អេសាយ​:២២?

ការ​អនុវត្ត​:តាម​អ្វី​ដែល​អ្នក​បាន​រៀន​តាម​រយៈ​បទ​គម្ពីរ​នេះ តើ​អ្នក​ត្រូវ​យក​វា​មក​អនុវត្ត​យ៉ាង​ដូច​ម្តេច​នា​ពេល​សព្វ​ថ្ងៃ​នេះ?

 

Leave a Reply

Your email address will not be published. Required fields are marked *

*

Top