អេសាយ ២:៦–២២
ការរំលឹក អេសាយ ២:១-៥ បង្រៀនថា មនុស្សនឹងឃើញថា ព្រះជាម្ចាស់ជាព្រះដ៏ពិត ហើយពួកគេមកឯទ្រង់ មិនគ្រាន់តែជនជាតិយូដាប៉ុណ្ណោះទេ ប៉ុន្តែប្រជាជាតិទាំងប៉ុន្មានផង។ ការនេះបំពេញតាមការសន្យាដែលព្រះបានសន្យាជាមួយអ័ប្រាហាំ (លោកុប្បត្ដិ ១២:២-៣)។ សាសន៍ដទៃនឹងលែងប្រកាន់តាមជាតិនិយម ហើយទទួលស្គាល់ថា ព្រះរបស់ពួកយូដាពិតជាព្រះដ៏ពិតមែន។ សេចក្ដីសង្ឃឹមរបស់គ្រីស្ទបរិស័ទមិនគ្រាន់តែថាយើងនឹងទៅស្ថានសួគ៌ប៉ុណ្ណោះទេ ប៉ុន្តែលើសពីនេះទៅទៀត យើងនឹងទទួលផែនដីដែលពោរពេញដោយសន្តិភាពទុកជាមត៌កផងដែរ។ វិវរណៈ ២១-២២ បង្ហាញថា ការនេះនឹងកើតឡើងនៅថ្ងៃដែលព្រះយេស៊ូវយាងមកវិញ។
សូមអានអេសាយ ២:៦-២២ ទាំងមូល។
ចូរអានខ.៦-៨ ឡើងវិញ។ តើ ពួកយូដានិងបណ្តាជនយេរូសាឡិមធ្វើអ្វី?
ការពន្យល់ ពួកយូដាបានដើរតាមគ្រូមន្តអាគមនិងគ្រូទាយ។ នៅក្នុងចោទិយកថា ១៨:៩-១៣ ព្រះជាម្ចាស់បានហាមមិនអោយពួកគេដើរតាមអំពើទាំងនេះឡើយ។ ចូរអានចោទិយកថា ១៨:៩-១៣។ តើអ្នកធ្លាប់ស្ដាប់តាមអំពើទាំងនេះដែរឬទេ?
ចូរអានខ.៩-១២។ តើ អ្វីនឹងកើតឡើងចំពោះមនុស្ស។
ចូរអានខ.១៣-១៨។
ការពន្យល់ ស្រុកបាសានស្ថិតនៅភាគខាងកើតនៃទន្លេយ័រដាន់ ហើយស្រុកនេះមានដើមឈើល្បីឈ្មោះ។ មនុស្សអួតអំពីសំពៅរបស់គេ។ តើ គំនិតដ៏សំខាន់ នៅក្នុងខ.១៣-១៨គឺ ជាអ្វី?
ចូរអានខ.១៩-២១។ «នៅថ្ងៃនោះ» គឺជាពាក្យដែលហោរាអេសាយបានប្រើជាច្រើនដង (ឧទាហរណ៍ ២:១១,១៧,២០; ៣:១៧,១៨; ៤:១,២; ៥:៣០; ៧:១៨ ជាដើម)។ នៅក្នុង ២:១៩-២១ តើនឹងមានអ្វីកើតឡើង «នៅថ្ងៃនោះ»?
ការពន្យល់ និងការអនុវត្ត តើ ព្រឹត្តិការណ៍ទាំងនេះកើតឡើងនៅពេលណា? តាមប្រវត្តិសាស្ត្រ ព្រឹត្តិការណ៍ទាំងនេះបានកើតឡើងច្រើនដង ប៉ុន្តែទីបំផុតនឹងកើតឡើងម្តងទៀតនៅថ្ងៃដែលព្រះគ្រីស្ទយាងមកវិញ។ នៅក្នុងសញ្ញាថ្មី «នៅថ្ងៃនោះ» គឺជា «ថ្ងៃនៃព្រះគ្រីស្ទ» ដែលជាថ្ងៃដែលព្រះគ្រីស្ទយាងមកវិញ។ នៅក្នុង អេសាយ ២:៦-២១ «នៅថ្ងៃនោះ» «ព្រះអង្គនឹងពង្រាបមនុស្សមានចិត្តអួតអាង» ហើយ «មានតែព្រះអម្ចាស់មួយអង្គទេ ដែលមនុស្សត្រូវលើកតម្កើង» (ខ.១១)។ ហេតុនេះហើយបានជានៅក្នុងសញ្ញាថ្មី យើងនឹងលើកតម្កើងព្រះនាមព្រះយេស៊ូវ ហើយទ្រង់នឹងសំដែងសេចក្ដីក្រោធ ដើម្បីពង្រាបមនុស្សដែលមានចិត្តអួតអាងទាំងអស់។ វិវរណៈ ៦:១៦ បានប្រើពាក្យពីអេសាយ ២:១៩ ដើម្បីពិពណ៌នាអំពីសេចក្ដីក្រោធរបស់ព្រះគ្រីស្ទ។
នៅក្នុង២:៦-២១ ហោរាអេសាយសំដែងយ៉ាងជាក់ស្ដែងអំពីអំពើបាបដ៏ធំពីររបស់មនុស្សគឺ ការថ្វាយបង្គំរូបព្រះនិងអំនួត។ នៅក្នុងខ.២២ គាត់បានពន្យល់អំពីគ្រឹះនៃបាបទាំងពីរនេះ គឺយើងពឹងផ្អែកលើមនុស្ស។ តើអ្នកពឹងផ្អែកលើមនុស្ស ឬអ្វីដែលយើងធ្វើពីដៃ ឬរូបព្រះ ឬប្រាក់ ឬមាស? ទាំងអស់នេះមិនអាចជួយយើង «នៅថ្ងៃនោះ»បានទេ។
រំលឹកទ្បើងវិញ តើយើងបានរៀនអ្វីអំពីព្រះជាម្ចាស់ចេញពី អេសាយ ២:៦–២២?
ការអនុវត្ត:តាមអ្វីដែលអ្នកបានរៀនតាមរយៈបទគម្ពីរនេះ តើអ្នកត្រូវយកវាមកអនុវត្តយ៉ាងដូចម្តេចនាពេលសព្វថ្ងៃនេះ?
Leave a Reply