អេសាយ ១:២-៣១ Isaiah 1:2-31

Is. 1.2-31

អេសាយ​​ ១:៣១

សូម​អាន​​​អេសាយ​​ ១:២-៣១ ទាំង​មូល។​

សូម​អាន​ខ.២-៣​ ទ្បើង​វិញ​​ ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។​

តើ ព្រះជាម្ចាស់​បាន​ធ្វើ​ដូច​ម្ដេច​ចំពោះ​អ៊ីស្រាអែល​​?

តើ អ៊ីស្រាអែល​ខុស​គ្នា​ពី​គោ​និង​លា​យ៉ាង​ដូច​ម្ដេច​?

សូម​អាន​ខ.៤។  តើ​ អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​អ្វី​ខ្លះ?

សូម​អាន​ខ.៥-៨។  តើ​ ​ការ​បះ​បោរ​របស់​អ៊ីស្រាអែល​មាន​លទ្ធផល​​អ្វីខ្លះ?

 

ការ​ពន្យល់  «កូនស្រី​របស់​ក្រុង​ស៊ីយ៉ូន»​ (ខ.៨)​ គឺ​ជា​ឈ្មោះ​មួយ​សម្រាប់​យេរូសាឡិម។  ខ.៥-៨​​បាន​ពិពណ៌នា​អំពី​ស្រុក​យូដា​ត្រូវ​បំផ្លាញ​ដោយ​សានហេរីប ជា​ស្ដេច​ស្រុក​​អាសសើរ​​បាន​លើក​ទ័ព​មក​វាយ​ដណ្ដើម​យក​ក្រុង​ទាំង​ប៉ុន្មាន​ដែល​មាន​កំពែង​រឹងមាំ​របស់​ស្រុក​យូដា ​​លើក​លែង​តែ​យេរូសាឡិម​​ (២ពង្សាវតារក្សត្រ​ ១៨:១៣)។  ប៉ុន្តែ​ យេរូសាឡិម​លែង​ជា​ក្រុង​ដែល​គេ​លើក​តម្កើង​​ដោយ​សារ​សិរីរុងរឿង​របស់​វា​ទៀត​ហើយ​ (ទំនុកដំកើង​ ៨៧:៣) ហើយ​ដូច​ជា​ខ្ទម​នៅ​ក្នុង​ចំការ។

សូម​អាន​ ខ.៩។  តើ​ ​ហេតុ​អ្វី​បាន​ជា​មាន​​អ្នក​​សេសសល់​មួយ​ចំនួន​ (នៅ​យេរូសាឡិម​)?

ការ​ពន្យល់ និង​ការ​អនុវត្ត  ​ព្រះ​គម្ពីរ​បាន​ប្រកាស​យ៉ាង​ច្បាស់​ថា ព្រះជាម្ចាស់​ជា​ព្រះ​ដ៏​បរិសុទ្ធ​ដែល​គ្រប់​គ្រង​លើ​ប្រវត្តិសាស្ត្រ​និង​ប្រជាជាតិ​ទាំង​អស់។  ព្រះជាម្ចាស់​បាន​នាំ​ស្ដេច​ស្រុក​​អាសសើរ​មក​បំផ្លាញ​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា ​ហើយ​ព្រះអង្គ​បាន​ការ​ពារ​យេរូសាឡិម​​ដោយ​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់។  ដូច្នេះ​ ប្រវត្តិសាស្ត្រ​ដែល​យើង​រៀន​នៅ​ក្នុង​សញ្ញាចាស់​បាន​ព្រមាន​យើង​អំពី​លទ្ធផល​ដែល​មក​ពី​ការ​បះ​បោរ​ប្រឆាំង​នឹង​ព្រះអង្គ។  បើ​ព្រះជាម្ចាស់​បាន​ដាក់​ទណ្ឌកម្ម​លើ​អ៊ីស្រាអែល​ដែល​ទ្រង់​បាន​ជ្រើស​រើស​ កុំ​សន្មត់​ថា ព្រះអង្គ​​នឹង​មិន​​ដាក់​ទណ្ឌកម្ម​លើ​មនុស្ស​នៅ​សព្វ​ថ្ងៃ​នេះ ​ដែល​​បះ បោរ​ប្រឆាំង​នឹង​ព្រះអង្គ​ឲ្យ​សោះ។  តើ​អ្នក​​កោតខ្លាច​ដល់​ព្រះជាម្ចាស់​ឬទេ?

សូម​អាន ​ខ.១០-១៥។  ព្រះជាម្ចាស់​បាន​ហៅ​យេរូសាឡិម​ថា____________និង____________(.១០)

តើ​ អ្នក​ក្រុង​យេរូសាឡិម​ធ្លាប់​ប្រព្រឹត្ត​អ្វី​ខ្លះ? (ខ. ១១-១៤)

តើ ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​ពិធី​បុណ្យ​របស់​ពួក​គេ​ឬទេ?

តើ​ ​អំពើ​របស់​គេ​មាន​លទ្ធផល​​អ្វី? (ខ.១៥)

ការ​ពន្យល់ និង​ការ​អនុវត្ត ​តាម​ធម្មតា ​​មនុស្ស​ចូលចិត្ត​ធ្វើ​ពិធី​បុណ្យ​ជា​ជាង​អាន ​សិក្សា​ និង​ស្ដាប់​តាម​ព្រះបន្ទូល។  នៅក្នុង​​វប្បធម៌​ជា​ច្រើន ​គេ​ធ្លាប់​ធ្វើ​ពិធី​បុណ្យ ​ប៉ុន្តែ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ប្រៀនប្រដៅ។  បណ្តាជន​នៅ​យេរូសាឡិម​នៅ​សម័យ​អេសាយ​ធ្លាប់​ធ្វើ​បែប​នេះ​ផង​ដែរ។  ​ព្រះជាម្ចាស់​ស្អប់​អាកប្បកិរិយា​​ដូច​នេះ។  ហេតុ​នេះ​ហើយ​បាន​ជា​គ្រីស្ទ​បរិស័ទ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ប្រៀនប្រដៅ ដែល​យើង​បាន​ស្ដាប់​តាម​រយៈ​ព្រះបន្ទូល​ ដើម្បី​កុំ​អោយ​យើង​តែ​ធ្វើ​តាម​ទំនៀម​ទម្លាប់​ប៉ុណ្ណោះ ​ហើយ​មាន​អាកប្បកិរិយា​ដែល​ព្រះអង្គ​ស្អប់។   នៅ​ក្នុង​ជីវិត​អ្នក​ តើ​អ្នកយក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ប្រៀន​ប្រដៅ​តាម​ព្រះបន្ទូល​ឬ​ទេ?​

សូម​អាន​ ខ.១៦-១៧។  តើ​ ​ព្រះជាម្ចាស់​ជំរុញ​បណ្តាជន​យេរូសាឡិម​ធ្វើ​អ្វី?

សូម​អាន​ ខ.១៨-២០។  តើ​ ​ព្រះជាម្ចាស់​បាន​សន្យា​​​អ្វី?

តើ​ ​ព្រះជាម្ចាស់​បាន​ព្រមាន​​​​អ្វី?

ការ​ពន្យល់ និង​ការ​អនុវត្ត ​យោង​តាម​ខ.១៨ ព្រះអង្គ​សន្យា​ថា ទ្រង់​នឹង​លើក​លែង​ទោស​គេ។  យើង​ដឹង​ថា យើង​អាច​ទទួលការ​​នេះ​តាម​រយៈ​ការ​សុគត​របស់​ព្រះគ្រីស្ទ។  នៅ​ក្នុង​អត្ថបទ​នេះ​ព្រះជាម្ចាស់​បាន​ថា ​គេ​ត្រូវ​សម្រេច​ចិត្ត​ ឬ​ស្ម័គ្រ​ចិត្ត​ស្ដាប់​បង្គាប់​នោះ​នឹង​​​ទទួល​បាន​​ពរ​ តែបើ​គេ​មិន​យល់​ព្រម​ហើយ​មាន​ចិត្ត​រឹង​ចចេស​នោះ​នឹង​​​ទទួល​​បាន​ទណ្ឌកម្ម​​។  នៅ​ពេល​ព្រះគ្រីស្ទ​ប្រកាស​ដំណឹង​ល្អ​ ទ្រង់​បាន​បង្រៀន​បែប​នេះ​ដែរ គឺ​យើង​ត្រូវ​សម្រេច​ចិត្ត​ ឬ​ស្ម័គ្រ​ចិត្ត​ទទួល​ព្រះគ្រីស្ទ​ជា​ព្រះអង្គ​សង្គ្រោះ​និង​ព្រះអម្ចាស់​នោះ​នឹង​ទទួល​បាន​​ជីវិត​​អស់កល្ប​ជា​និច្ច​​ តែ​បើ​បដិសេធ​ព្រះគ្រីស្ទ​នោះ​នឹង​ទទួល​បាន​​​ទណ្ឌកម្ម គឺ​ទៅ​ស្ថាន​នរក។  នៅ​ពេល​យើង​ឮ​ព្រះបន្ទូល​យើង​ត្រូវ​សម្រេច​ចិត្ត។

សូម​អាន​ ខ.២១-២៣។  សូម​សង្ខេប​ការ​ពិពណ៌នា​អំពី​ក្រុង​យេរូសាឡិម​យោង​តាម​អត្ថបទ​នេះ។

សូម​អាន​ ខ.២៤-២៥។  តើ ព្រះជាម្ចាស់​នឹង​ឆ្លើយ​តប​ចំពោះ​អំពើ​របស់​យេរូសាឡិម​យ៉ាង​ម៉េច​?

សូម​អាន​ ខ.២៦-២៨។  តើ ព្រះជាម្ចាស់​បាន​សន្យា​អ្វី?

ការ​ពន្យល់ និង​ការ​អនុវត្ត ​យោង​តាម ខ.២៦-២៨ ព្រះជាម្ចាស់​បាន​សន្យា​ថា ទ្រង់​នឹង​រំដោះ​ក្រុង​យេរូសាឡិម​ដោយ​យុត្តិធម៌​ ហើយ​យេរូសាឡិម​នឹង​ហៅ​​ថា «ក្រុង​ដ៏​សុចរិត​»​​​​ ប៉ុន្តែ​អ្នក​បះ​បោរ​មិន​អាច​ចូល​យេរូសាឡិម​នេះ​បាន​​ទេ។  នៅ​ទី​បំផុត​ សេចក្ដី​សន្យា​នេះ​នឹង​សម្រេច​នៅ​ថ្ងៃ​ដែល​ព្រះគ្រីស្ទ​​យាង​មក​វិញ​ហើយ​បង្កើត​យេរូសាឡិម​ថ្មី។  មនុស្ស​ដែល​ព្រះគ្រីស្ទ (កូន​ចៀម​របស់​ព្រះ) ​​បាន​រំដោះ ​​អាច​ចូល​បាន (ប្រៀប​ធៀប​ អេសាយ​ ១:១៦ និង វិវរណៈ​ ២២:១៤) ​ប៉ុន្តែ​ពួក​បះបោរ​មិន​អាច​ចូល​បាន​ឡើយ​ (ប្រៀប​ធៀប​ អេសាយ​ ១:២៨ និង វិវរណៈ​ ២១:៨, ២៧; ២២:១៥)។  ដូច្នេះ​ ការ​អនុវត្ត​មួយ​ពី​អត្ថបទ​នេះ​គឺ យើង​ប្រុង​ស្មារតី ហើយ​ទន្ទឹង​រង់​​ចាំ​ថ្ងៃ​ព្រះ​យេស៊ូវ​យាង​មក​វិញ។

សូម​អាន​ ខ.២៩-៣១។  តើ ពួកគេ​នឹង​មាន​សេចក្តី​ខ្មាស​ចំពោះ​អ្វី?

តើ ពួក​គេ​នឹង​បាន​ដូច​អ្វី?

តើ ពួក​មនុស្ស​មាន​កំលាំង​នឹង​ដូច​ជា​អ្វី?

ការ​ពន្យល់ និង​ការ​អនុវត្តព្រះជាម្ចាស់​​​ប្រឆាំង​នឹង​មនុស្ស​ដែល​ពឹង​ផ្អែក​លើ​កម្លាំង​របស់​ខ្លួន។  មនុស្ស​ចូលចិត្ត​អួត​ព្រោះ​មាន​ទ្រព្យ​សម្បត្តិ​និង​អួត​ពី​អ្វី​ដែល​គេ​សាង​សង់​ (​លោកុប្បត្ដិ​ ១១:១-៩​; ១យ៉ូហាន​ ២:១៥-១៧) ហើយ​សន្មត់​ថា គេ​អាច​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​បាន​ពីព្រោះ​គេ​ពឹង​ផ្អែកលើ​ខ្លួនឯង។  ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ អ្វីៗ​ដែល​គេ​ធ្វើ​មិន​មែន​ជា​រឿង​គួរ​អោយ​អួត​ទេ ប៉ុន្តែ​ប្រៀប​បាន​នឹង​ផ្កា​ភ្លើង​វិញ (ខ.៣១)។  តាម​ប្រវត្តិសាស្ត្រ​ ព្រះជាម្ចាស់​បាន​សម្រេច​ព្រះបន្ទូល​នេះ​នៅ​ពេល​បាប៊ីឡូន​មក​បំផ្លាញ​យេរូសាឡិម។  ប៉ុន្តែ​នៅ​​ទី​បំផុត ព្រះបន្ទូល​នេះ​នឹង​សម្រេច​នៅ​ថ្ងៃ​ព្រះ​យេស៊ូវ​​យាង​មក​វិញ​និង​បំផ្លាញ​ទាំង​អស់​ដោយ​ភ្លើង។  ​មួយ​វិញ​ទៀត​សោត​ ​ប្រហែល​ជា​ខ.២៩ សំដៅ​ទៅ​លើ​សួន​ច្បារ​ដែល​គេ​ធ្លាប់​ប្រើ​នៅ​ក្នុង​សាសនា​ខុស​ឆ្គង​ដែល​ចូលចិត្ត​ប្រើ​ដើម​ឈើ​ជា​ទី​​សក្ការៈ។

​យោង​តាម​អេសាយ​​ ១:២-៣១ យើង​រៀន​ថា ព្រះអង្គ​​គ្រប់​គ្រង​​​ដោយសារ​ឫទ្ធានុភាព​របស់​ព្រះអង្គ ហើយ​ពិនិត្យ​មើល​ទាំង​អស់។  ព្រះជាម្ចាស់​គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​ដែល​ស្អប់​អំពើ​បាប ហើយ​ជំរុញ​មនុស្ស​អោយ​ប្រែ​ចិត្ត។  ទ្រង់​នឹង​វិនិច្ឆ័យ​យេរូសាឡិម​ ហើយ​តាម​ប្រវត្តិសាស្ត្រ​ព្រះអង្គ​ពិត​ជា​បាន​បំផ្លាញ​យេរូសាឡិម​មែន ហើយ​សកម្មភាព​នេះ​ព្រមាន​យើង​ថា នៅ​អនាគត​ព្រះអង្គ​នឹង​វិនិច្ឆ័យ​លោកិយ​​ទាំង​មូល​តាម​ព្រះបន្ទូល​សន្យា។  ជា​មួយ​នឹង​នេះ ព្រះអង្គ​លើក​លែង​ទោស​យើង​ ដូច្នេះ​ការ​អនុវត្ត​ពី​សេចក្ដី​ពិត​នេះ​គឺ យើង​ត្រូវ​ទទួល​ព្រះ​យេស៊ូវ។

រំលឹក​ទ្បើង​វិញ តើ​យើង​បាន​រៀន​អ្វី​ចេញ​ពី អេសាយ​​ ១:៣១?

ការ​អនុវត្ត​:តាម​អ្វី​ដែល​អ្នក​បាន​រៀន​តាម​រយៈ​បទ​គម្ពីរ​នេះ តើ​អ្នក​ត្រូវ​យក​វា​មក​អនុវត្ត​យ៉ាង​ដូច​ម្តេច​នា​ពេល​សព្វ​ថ្ងៃ​នេះ?

 

Leave a Reply

Your email address will not be published. Required fields are marked *

*

Top