អេសាយ ១:២–៣១
សូមអានអេសាយ ១:២-៣១ ទាំងមូល។
សូមអានខ.២-៣ ទ្បើងវិញ ហើយឆ្លើយសំនួរខាងក្រោម។
តើ ព្រះជាម្ចាស់បានធ្វើដូចម្ដេចចំពោះអ៊ីស្រាអែល?
តើ អ៊ីស្រាអែលខុសគ្នាពីគោនិងលាយ៉ាងដូចម្ដេច?
សូមអានខ.៤។ តើ អ៊ីស្រាអែលបានប្រព្រឹត្តអ្វីខ្លះ?
សូមអានខ.៥-៨។ តើ ការបះបោររបស់អ៊ីស្រាអែលមានលទ្ធផលអ្វីខ្លះ?
ការពន្យល់ «កូនស្រីរបស់ក្រុងស៊ីយ៉ូន» (ខ.៨) គឺជាឈ្មោះមួយសម្រាប់យេរូសាឡិម។ ខ.៥-៨បានពិពណ៌នាអំពីស្រុកយូដាត្រូវបំផ្លាញដោយសានហេរីប ជាស្ដេចស្រុកអាសសើរបានលើកទ័ពមកវាយដណ្ដើមយកក្រុងទាំងប៉ុន្មានដែលមានកំពែងរឹងមាំរបស់ស្រុកយូដា លើកលែងតែយេរូសាឡិម (២ពង្សាវតារក្សត្រ ១៨:១៣)។ ប៉ុន្តែ យេរូសាឡិមលែងជាក្រុងដែលគេលើកតម្កើងដោយសារសិរីរុងរឿងរបស់វាទៀតហើយ (ទំនុកដំកើង ៨៧:៣) ហើយដូចជាខ្ទមនៅក្នុងចំការ។
សូមអាន ខ.៩។ តើ ហេតុអ្វីបានជាមានអ្នកសេសសល់មួយចំនួន (នៅយេរូសាឡិម)?
ការពន្យល់ និងការអនុវត្ត ព្រះគម្ពីរបានប្រកាសយ៉ាងច្បាស់ថា ព្រះជាម្ចាស់ជាព្រះដ៏បរិសុទ្ធដែលគ្រប់គ្រងលើប្រវត្តិសាស្ត្រនិងប្រជាជាតិទាំងអស់។ ព្រះជាម្ចាស់បាននាំស្ដេចស្រុកអាសសើរមកបំផ្លាញក្រុងទាំងប៉ុន្មាននៅស្រុកយូដា ហើយព្រះអង្គបានការពារយេរូសាឡិមដោយសេចក្ដីមេត្តាករុណារបស់ទ្រង់។ ដូច្នេះ ប្រវត្តិសាស្ត្រដែលយើងរៀននៅក្នុងសញ្ញាចាស់បានព្រមានយើងអំពីលទ្ធផលដែលមកពីការបះបោរប្រឆាំងនឹងព្រះអង្គ។ បើព្រះជាម្ចាស់បានដាក់ទណ្ឌកម្មលើអ៊ីស្រាអែលដែលទ្រង់បានជ្រើសរើស កុំសន្មត់ថា ព្រះអង្គនឹងមិនដាក់ទណ្ឌកម្មលើមនុស្សនៅសព្វថ្ងៃនេះ ដែលបះ បោរប្រឆាំងនឹងព្រះអង្គឲ្យសោះ។ តើអ្នកកោតខ្លាចដល់ព្រះជាម្ចាស់ឬទេ?
សូមអាន ខ.១០-១៥។ ព្រះជាម្ចាស់បានហៅយេរូសាឡិមថា____________និង____________។ (ខ.១០)
តើ អ្នកក្រុងយេរូសាឡិមធ្លាប់ប្រព្រឹត្តអ្វីខ្លះ? (ខ. ១១-១៤)
តើ ព្រះអង្គគាប់ព្រះហឫទ័យនឹងពិធីបុណ្យរបស់ពួកគេឬទេ?
តើ អំពើរបស់គេមានលទ្ធផលអ្វី? (ខ.១៥)
ការពន្យល់ និងការអនុវត្ត តាមធម្មតា មនុស្សចូលចិត្តធ្វើពិធីបុណ្យជាជាងអាន សិក្សា និងស្ដាប់តាមព្រះបន្ទូល។ នៅក្នុងវប្បធម៌ជាច្រើន គេធ្លាប់ធ្វើពិធីបុណ្យ ប៉ុន្តែមិនសូវយកចិត្តទុកដាក់នឹងសេចក្ដីប្រៀនប្រដៅ។ បណ្តាជននៅយេរូសាឡិមនៅសម័យអេសាយធ្លាប់ធ្វើបែបនេះផងដែរ។ ព្រះជាម្ចាស់ស្អប់អាកប្បកិរិយាដូចនេះ។ ហេតុនេះហើយបានជាគ្រីស្ទបរិស័ទត្រូវយកចិត្តទុកដាក់នឹងសេចក្ដីប្រៀនប្រដៅ ដែលយើងបានស្ដាប់តាមរយៈព្រះបន្ទូល ដើម្បីកុំអោយយើងតែធ្វើតាមទំនៀមទម្លាប់ប៉ុណ្ណោះ ហើយមានអាកប្បកិរិយាដែលព្រះអង្គស្អប់។ នៅក្នុងជីវិតអ្នក តើអ្នកយកចិត្តទុកដាក់នឹងសេចក្ដីប្រៀនប្រដៅតាមព្រះបន្ទូលឬទេ?
សូមអាន ខ.១៦-១៧។ តើ ព្រះជាម្ចាស់ជំរុញបណ្តាជនយេរូសាឡិមធ្វើអ្វី?
សូមអាន ខ.១៨-២០។ តើ ព្រះជាម្ចាស់បានសន្យាអ្វី?
តើ ព្រះជាម្ចាស់បានព្រមានអ្វី?
ការពន្យល់ និងការអនុវត្ត យោងតាមខ.១៨ ព្រះអង្គសន្យាថា ទ្រង់នឹងលើកលែងទោសគេ។ យើងដឹងថា យើងអាចទទួលការនេះតាមរយៈការសុគតរបស់ព្រះគ្រីស្ទ។ នៅក្នុងអត្ថបទនេះព្រះជាម្ចាស់បានថា គេត្រូវសម្រេចចិត្ត ឬស្ម័គ្រចិត្តស្ដាប់បង្គាប់នោះនឹងទទួលបានពរ តែបើគេមិនយល់ព្រមហើយមានចិត្តរឹងចចេសនោះនឹងទទួលបានទណ្ឌកម្ម។ នៅពេលព្រះគ្រីស្ទប្រកាសដំណឹងល្អ ទ្រង់បានបង្រៀនបែបនេះដែរ គឺយើងត្រូវសម្រេចចិត្ត ឬស្ម័គ្រចិត្តទទួលព្រះគ្រីស្ទជាព្រះអង្គសង្គ្រោះនិងព្រះអម្ចាស់នោះនឹងទទួលបានជីវិតអស់កល្បជានិច្ច តែបើបដិសេធព្រះគ្រីស្ទនោះនឹងទទួលបានទណ្ឌកម្ម គឺទៅស្ថាននរក។ នៅពេលយើងឮព្រះបន្ទូលយើងត្រូវសម្រេចចិត្ត។
សូមអាន ខ.២១-២៣។ សូមសង្ខេបការពិពណ៌នាអំពីក្រុងយេរូសាឡិមយោងតាមអត្ថបទនេះ។
សូមអាន ខ.២៤-២៥។ តើ ព្រះជាម្ចាស់នឹងឆ្លើយតបចំពោះអំពើរបស់យេរូសាឡិមយ៉ាងម៉េច?
សូមអាន ខ.២៦-២៨។ តើ ព្រះជាម្ចាស់បានសន្យាអ្វី?
ការពន្យល់ និងការអនុវត្ត យោងតាម ខ.២៦-២៨ ព្រះជាម្ចាស់បានសន្យាថា ទ្រង់នឹងរំដោះក្រុងយេរូសាឡិមដោយយុត្តិធម៌ ហើយយេរូសាឡិមនឹងហៅថា «ក្រុងដ៏សុចរិត» ប៉ុន្តែអ្នកបះបោរមិនអាចចូលយេរូសាឡិមនេះបានទេ។ នៅទីបំផុត សេចក្ដីសន្យានេះនឹងសម្រេចនៅថ្ងៃដែលព្រះគ្រីស្ទយាងមកវិញហើយបង្កើតយេរូសាឡិមថ្មី។ មនុស្សដែលព្រះគ្រីស្ទ (កូនចៀមរបស់ព្រះ) បានរំដោះ អាចចូលបាន (ប្រៀបធៀប អេសាយ ១:១៦ និង វិវរណៈ ២២:១៤) ប៉ុន្តែពួកបះបោរមិនអាចចូលបានឡើយ (ប្រៀបធៀប អេសាយ ១:២៨ និង វិវរណៈ ២១:៨, ២៧; ២២:១៥)។ ដូច្នេះ ការអនុវត្តមួយពីអត្ថបទនេះគឺ យើងប្រុងស្មារតី ហើយទន្ទឹងរង់ចាំថ្ងៃព្រះយេស៊ូវយាងមកវិញ។
សូមអាន ខ.២៩-៣១។ តើ ពួកគេនឹងមានសេចក្តីខ្មាសចំពោះអ្វី?
តើ ពួកគេនឹងបានដូចអ្វី?
តើ ពួកមនុស្សមានកំលាំងនឹងដូចជាអ្វី?
ការពន្យល់ និងការអនុវត្តព្រះជាម្ចាស់ប្រឆាំងនឹងមនុស្សដែលពឹងផ្អែកលើកម្លាំងរបស់ខ្លួន។ មនុស្សចូលចិត្តអួតព្រោះមានទ្រព្យសម្បត្តិនិងអួតពីអ្វីដែលគេសាងសង់ (លោកុប្បត្ដិ ១១:១-៩; ១យ៉ូហាន ២:១៥-១៧) ហើយសន្មត់ថា គេអាចបះបោរប្រឆាំងនឹងព្រះបានពីព្រោះគេពឹងផ្អែកលើខ្លួនឯង។ ប៉ុន្តែផ្ទុយទៅវិញ អ្វីៗដែលគេធ្វើមិនមែនជារឿងគួរអោយអួតទេ ប៉ុន្តែប្រៀបបាននឹងផ្កាភ្លើងវិញ (ខ.៣១)។ តាមប្រវត្តិសាស្ត្រ ព្រះជាម្ចាស់បានសម្រេចព្រះបន្ទូលនេះនៅពេលបាប៊ីឡូនមកបំផ្លាញយេរូសាឡិម។ ប៉ុន្តែនៅទីបំផុត ព្រះបន្ទូលនេះនឹងសម្រេចនៅថ្ងៃព្រះយេស៊ូវយាងមកវិញនិងបំផ្លាញទាំងអស់ដោយភ្លើង។ មួយវិញទៀតសោត ប្រហែលជាខ.២៩ សំដៅទៅលើសួនច្បារដែលគេធ្លាប់ប្រើនៅក្នុងសាសនាខុសឆ្គងដែលចូលចិត្តប្រើដើមឈើជាទីសក្ការៈ។
យោងតាមអេសាយ ១:២-៣១ យើងរៀនថា ព្រះអង្គគ្រប់គ្រងដោយសារឫទ្ធានុភាពរបស់ព្រះអង្គ ហើយពិនិត្យមើលទាំងអស់។ ព្រះជាម្ចាស់គឺជាព្រះដ៏បរិសុទ្ធដែលស្អប់អំពើបាប ហើយជំរុញមនុស្សអោយប្រែចិត្ត។ ទ្រង់នឹងវិនិច្ឆ័យយេរូសាឡិម ហើយតាមប្រវត្តិសាស្ត្រព្រះអង្គពិតជាបានបំផ្លាញយេរូសាឡិមមែន ហើយសកម្មភាពនេះព្រមានយើងថា នៅអនាគតព្រះអង្គនឹងវិនិច្ឆ័យលោកិយទាំងមូលតាមព្រះបន្ទូលសន្យា។ ជាមួយនឹងនេះ ព្រះអង្គលើកលែងទោសយើង ដូច្នេះការអនុវត្តពីសេចក្ដីពិតនេះគឺ យើងត្រូវទទួលព្រះយេស៊ូវ។
រំលឹកទ្បើងវិញ តើយើងបានរៀនអ្វីចេញពី អេសាយ ១:២–៣១?
ការអនុវត្ត:តាមអ្វីដែលអ្នកបានរៀនតាមរយៈបទគម្ពីរនេះ តើអ្នកត្រូវយកវាមកអនុវត្តយ៉ាងដូចម្តេចនាពេលសព្វថ្ងៃនេះ?
Leave a Reply