ម៉ាថាយ​ ២៤:៤២-២៥:១៣ Matt. 24:42-25:13

Mt.24.42-25.13

ម៉ាថាយ​ ២៤:៤២-២៥:១៣

សូម​អាន​ម៉ាថាយ​ ២៤:៤២-២៥:១៣ ទាំង​មូល។​

ចូរ​អាន​ ២៤:៤២-៤៤​ ទ្បើង​វិញ​ ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។​

តើ ព្រះ​យេស៊ូវ​បាន​ជំរុញ​ឱ្យ​ពួក​យើង​ត្រូវ​ធ្វើ​អ្វី?

តើ មាន​អ្នក​ណា​ដឹង​ពេល​ណា​ដែល​ព្រះ​យេស៊ូវ​នឹង​យាង​មក​វិញ?

តើ ហេតុអ្វី​បាន​ជា​ព្រះយេស៊ូវ​បាន​ប្រៀប​ធៀប​ខ្លួន​ឯង​ជាមួយ​នឹង​ចោរ​ដែល​បាន​មក​នៅ​ពេលយប់?

ការ​ពន្យល់​និង​ការ​អនុវត្ត៖ ចូរ​ស្រមៃ​ថា ​រដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​ដែល​បាន​ចែង​ថា ​ចោរ​ត្រូវ​តែ​ប្រាប់​ម្ចាស់​ផ្ទះ​អំពី​ពេល​ដែល​ពួក​គេ​នឹង​ប្លន់​ផ្ទះ​ ហើយ​ចោរ​ទាំង​អស់​បាន​គោរព​តាម​ច្បាប់​នេះ!  បើ​ដូច្នេះ​ បន្ទាប់​មក​ម្ចាស់​ផ្ទះ​មិន​តែង​តែ​ត្រូវ​ចាក់សោ​ទ្វារ​របស់​ពួក​គេ​ទេ។ ​ម្ចាស់​ផ្ទះ​គ្រាន់​តែ​ត្រូវ​ចាក់សោ​នៅ​ពេល​ដែល​ចោរ​បាន​ប្រាប់​ពួក​គេ​ថា​ពួក​គេ​នឹង​មក។  ប៉ុន្តែ​ម្ចាស់​ផ្ទះ​មិន​ដឹង​ពេល​ណា​ចោរ​នឹង​មក​ប្លន់​ផ្ទះ​ទេ​ ដូច្នេះ​យើង​ត្រូវ​ប្រយ័ត្ន​ ចាំ​យាម និង​ប្រុង​ស្មារតី​រហូត។  នេះ​ជា​អាកប្បកិរិយា​ដែល​ពួក​គ្រីស្ទាន​គួរ​តែ​មាន​ផង​ដែរ។  យើង​មិន​ដឹង​ថា ព្រះគ្រីស្ទ​នឹង​យាង​មក​ពេល​ណា​ឡើយ​ ដូច្នេះ​ ចូរ​យើង​ចាំ​យាម​ចុះ! តើ អ្នក​មាន​អាកប្បកិរិយា​នេះ​នៅ​ក្នុង​ជីវិត​ដែរ​ឬ​ទេ?

ចូរ​អាន​ ២៤:៤៥-៥១។ ​

តើ អ្នក​បម្រើ​ស្មោះត្រង់​ និង​អ្នក​បម្រើ​អាក្រក់​ខុស​គ្នា​យ៉ាង​ដូច​ម្ដេច?

តើ ម្ចាស់​ធ្វើ​ដូច​ម្ដេច​ចំពោះ​អ្នក​បម្រើ​ដ៏​ល្អ?

តើ ម្ចាស់​ធ្វើ​ដូច​ម្ដេច​ចំពោះ​អ្នក​បម្រើ​ដ៏​អាក្រក់?

ការ​ពន្យល់​និង​ការ​អនុវត្ត៖ មូលហេតុ​អ្នក​បម្រើ​អាក្រក់​បាន​បម្រើ​យ៉ាង​ទុច្ចរិត​គឺ​ ពីព្រោះ​គាត់​បាន​គិត​ក្នុងចិត្ត​ថា ចៅហ្វាយ​អញ​ក្រ​មក​ណាស់។  មូលហេតុ​ដែល​គ្រីស្ទបរិស័ទ​ខ្លះ​លែង​បម្រើ​ព្រះគ្រីស្ទ​យ៉ាង​ស្មោះ​ត្រង់​នោះ​គឺ ពីព្រោះ​គេ​មិន​យក​ចិត្ត​ទុក​ដាក់​អំពី​ការ​យាង​មក​វិញ​របស់​ព្រះ​យេស៊ូវ។  គេ​មិន​បដិសេធ​ថា ព្រះ​យេស៊ូវ​នឹង​យាង​មក​វិញ​ទេ​ ប៉ុន្តែ​គេ​មិន​ចាំ​យាម ​មិន​ប្រុង​ស្មារតី និង​មិន​ត្រៀម​ខ្លួន​អោយ​បាន​មែនទែន​ឡើយ។  តើ​អ្នក​ត្រៀម​ខ្លួន​និង​ប្រុង​ស្មារតី​ ពីព្រោះ​ព្រះ​យេស៊ូវ​នឹង​យាង​មក​វិញ​ដែរ​ទេ?  តើ ព្រះ​យេស៊ូវ​នឹង​ធ្វើ​ដូច​ម្ដេច​ចំពោះ​អ្នក​បម្រើ​ដែល​មិន​ចាំ​យាម មិន​ត្រៀម​ខ្លួន ហើយ​មិន​ប្រុង​ស្មារតី​អោយ​បាន​មែន​ទែន​នោះ?

ចូរ​អាន​ ២៥:១-៥។

តើ ​ស្ត្រី​ល្ងង់​ (ឥត​គំនិត) និង​ស្ត្រី​ឈ្លាស​វៃ​ (មាន​គំនិត)​ បាន​ធ្វើ​អ្វី​ខុស​គ្នា?

តើ​ ហេតុ​អ្វី​នាង​ទាំង​ដប់​នាក់​ងោកងុយ​ពេក ក៏​ដេក​លក់​ទាំង​អស់​គ្នា​ទៅ?

ការ​ពន្យល់៖ នៅ​សម័យ​នោះវា​ជា​ទំនៀមទម្លាប់​ដែល​មាន​មិត្ត​ភក្តិ​ធ្វើ​ដំណើរ​អម​ស្វាមី​មក​ផ្ទះ​របស់​កូនក្រមុំ ដែល​ជា​កន្លែង​នាង​បាន​រង់ចាំ​ស្វាមី។  កូនក្រមុំ​មាន​ស្រី​កំដរ​ជា​មួយ​ហើយ​តួនាទី​របស់​ស្រី​កំដរ​ទាំង​នោះ​គឺ​ ​ពួក​គេ​ត្រូវ​ទៅ​ទទួល​ស្វាមី​នៅ​ពេល​គាត់​បាន​មក​ដល់។

ចូរ​អាន​ ខ.៦។

តើ ស្វាមី​មក​ដល់​នៅ​ពេល​ណា?

ការ​ពន្យល់៖ តាម​ធម្មតា​ ស្វាមី​មិន​មក​ដល់​កណ្តាល​អធ្រាត្រ​ទេ។  ដូច្នេះ​ ស្វាមី (ដូច​ម្ចាស់​ក្នុង ២៤:៥០) បាន​មក​នៅ​ពេល​ដែល​គេ​មិន​បាន​រង់ចាំ ឬ​មិន​ដឹង។

សូម​អាន​ ខ.៧-១២។  តើ​ ​អ្វី​នឹង​កើត​ឡើង​ចំពោះ​ស្ត្រី​ឈ្លាស​វៃ​ (មាន​គំនិត)?

តើ​ ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​ស្ត្រី​ល្ងង់​ (ឥត​គំនិត)?

តើ សេចក្តី​សន្និដ្ឋាន​នៃ​រឿង​ប្រៀប​ប្រដូច​នេះ​គឺ​ជា​អ្វី (ខ.១៣)?

ការ​ពន្យល់ និង​ការ​អនុវត្ត៖ នៅ​ក្នុង​អត្ថបទ​នេះ ព្រះ​យេស៊ូវ​កំពុង​តែ​បង្រៀន​អំពី​ការ​យាង​មក​វិញ​របស់​ទ្រង់។  ​ចូរ​កត់​សំគាល់​ថា ​នឹង​មាន​មនុស្ស​ជា​ច្រើន​ដែល​នឹង​មិន​បាន​រៀបចំ​ខ្លួន​ជា​ស្រេច​ទេ។  ព្រះ​យេស៊ូវ​បាន​បង្រៀន​នៅ​ទី​នេះ​ថា ​នឹង​មាន​មនុស្ស​ជា​ច្រើន​នៅ​ថ្ងៃ​នោះ​ ដែល​ចង់​ចូល​នគរ​ស្ថានសួគ៌ ​ប៉ុន្តែ​នឹង​មិន​អាច​ចូល​បាន​ទេ​ព្រោះ​ពួក​គេ​មិន​ត្រូវ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច។  ប៉ុន្តែ​ព្រះយេស៊ូវ​បាន​ប្រើ​រួច​ទៅ​ហើយ​នូវ​ឧទាហរណ៍​អំពី​ការ​ដែល​ចោរ​ចូល​លួច​នៅ​ពេលយប់​មួយ ​ដើម្បី​ពិពណ៌នា​អំពី​ការ​វិល​ត្រឡប់​របស់​ព្រះអង្គ ​ហើយ​ដើម្បី​ប្រាប់​ពួក​យើង​អោយ​រក្សា​ចាំ​យាម​ ពី​ព្រោះ​យើង​មិន​ដឹង​ថា​នៅ​ពេល​ដែល​លោក​នឹង​វិល​ត្រឡប់​មក​វិញ។  ដូច្នេះ​ ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូវ​បាន​បន្ថែម​រឿង​ប្រៀប​ប្រដូច​នេះ​អំពី​ស្រី​កំដរ? តើ​រឿង​ប្រៀប​ប្រដូច​នេះ​មាន​សេចក្តី​បង្រៀន​បន្ថែម​លើ​ពី​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​បង្រៀន​អំពី​ចោរ​នោះ?  ​បាទ​ មាន។  ​ស្រី​កំដរ​ព្យាយាម​ប្រុង​ប្រៀប​ខ្លួន​នៅ​ពេល​ស្វាមី​បាន​មក​ដល់ ប៉ុន្តែ​នោះ​គឺ​ជា​ការ​យឺត​ពេល។  ដូច្នេះ​ អាកប្បកិរិយា​របស់​គ្រីស្ទបរិស័ទ​គឺ ជីវិត​នេះ​គឺ​ជា​ពេល​វេលា​ដ៏​សំខាន់​ដើម្បី​ប្រុង​ប្រៀប​ខ្លួន​ជាស្រេច​សម្រាប់​ថ្ងៃ​ដែល​ព្រះ​យេស៊ូវ​នឹង​យាង​មក​វិញ ហើយ​យើង​ត្រូវ​ប្រុង​ប្រៀប​ខ្លួន​នៅ​ថ្ងៃនេះ​ ពីព្រោះ​យើង​មិន​អាច​ប្រុង​ប្រៀប​ខ្លួន​នៅ​ពេល​ព្រះគ្រីស្ទ​មក​ដល់​នោះ​ទេ។ ​កុំ​រង់​ចាំ​ដល់​ថ្ងៃ​ស្អែក​ដើម្បី​ចាប់ផ្តើម​បម្រើ​ព្រះគ្រីស្ទ​ឡើយ។

អត្ថបទ​នេះ​មិន​ពន្យល់​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ប្រុង​ប្រៀប​ខ្លួន​ទេ។  ម៉ាថាយ​ ២៥:១៤-៤៦ ផ្តល់​សេចក្តី​លម្អិត​បន្ថែម​ទៀត​អំពី​ការ​នោះ។

យើង​បាន​អាន​អំពី​ឧទាហរណ៍​មួ​យ​អំពី​មនុស្ស​ដែល​មិន​ត្រៀម​ខ្លួន​ជា​ស្រេច​នៅក្នុង​ការ​បរិយាយ​របស់​ព្រះ​យេស៊ូវ​អំពី​សម័យ​ណូអេ (ម៉ាថាយ ២៤:៣៧-៣៩)។ បើសិន​អ្នក​គ្រាន់​តែ​រស់​ក្នុង​ជីវិត​សំរាប់​ការ​សប្បាយ​រីក​រាយ រក​ប្រាក់ បង្កើត​ក្រុម​គ្រួសារ ហើយ​មិន​រស់​ក្នុង​ជីវិត​អរ​ព្រះ​គុណ​និង​បំរើ​ព្រះ​យេស៊ូវ​ទេ​ នោះ​អ្នក​ក៏​ដូច​ជា​មនុស្ស​ដែល​នៅក្នុង​សម័យ​ណូអេ​ផង​ដែរ ដែល​បន្ត​ជីវិត​របស់​ពួកគេ​ជា​រៀង​រាល់​ថ្ងៃ ប៉ុន្តែ​មិន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​សំរាប់​ការ​វិនិច្ឆ័យ​ដែល​នឹង​មក​ដល់​ទេ។ ​

សព្វ​ថ្ងៃ​នេះ​ក៏​ដូច​សម័យ​ណូអេ​ផង​ដែរ។  មនុស្ស​រស់​នៅ​មាន​គោល​បំណង​ដូច​មនុស្ស​នៅ​សម័យ​ណូអេ​ ហើយ​មិន​ខ្វល់​អំពី​ការ​វិនិច្ឆ័យ​ដែល​នឹង​មក​ដល់​ឡើយ។

រំលឹក​ទ្បើង​វិញ៖ តើ​យើង​បាន​រៀន​អ្វី​អំពី​ព្រះជាម្ចាស់​ចេញ​ពី ម៉ាថាយ​ ២៤:៤២-២៥:១៣?​

ការ​អនុវត្ត​តាម​អ្វី​ដែល​អ្នក​បាន​រៀន​តាម​រយៈ​បទ​គម្ពីរ​នេះ តើ​អ្នក​ត្រូវ​យក​វា​មក​អនុវត្ត​យ៉ាង​ដូច​ម្តេច​នា​ពេល​សព្វ​ថ្ងៃ​នេះ?

 

Leave a Reply

Your email address will not be published. Required fields are marked *

*

Top