ម៉ាថាយ ២៤:៤២-២៥:១៣
សូមអានម៉ាថាយ ២៤:៤២-២៥:១៣ ទាំងមូល។
ចូរអាន ២៤:៤២-៤៤ ទ្បើងវិញ ហើយឆ្លើយសំនួរខាងក្រោម។
តើ ព្រះយេស៊ូវបានជំរុញឱ្យពួកយើងត្រូវធ្វើអ្វី?
តើ មានអ្នកណាដឹងពេលណាដែលព្រះយេស៊ូវនឹងយាងមកវិញ?
តើ ហេតុអ្វីបានជាព្រះយេស៊ូវបានប្រៀបធៀបខ្លួនឯងជាមួយនឹងចោរដែលបានមកនៅពេលយប់?
ការពន្យល់និងការអនុវត្ត៖ ចូរស្រមៃថា រដ្ឋាភិបាលបានបង្កើតច្បាប់ដែលបានចែងថា ចោរត្រូវតែប្រាប់ម្ចាស់ផ្ទះអំពីពេលដែលពួកគេនឹងប្លន់ផ្ទះ ហើយចោរទាំងអស់បានគោរពតាមច្បាប់នេះ! បើដូច្នេះ បន្ទាប់មកម្ចាស់ផ្ទះមិនតែងតែត្រូវចាក់សោទ្វាររបស់ពួកគេទេ។ ម្ចាស់ផ្ទះគ្រាន់តែត្រូវចាក់សោនៅពេលដែលចោរបានប្រាប់ពួកគេថាពួកគេនឹងមក។ ប៉ុន្តែម្ចាស់ផ្ទះមិនដឹងពេលណាចោរនឹងមកប្លន់ផ្ទះទេ ដូច្នេះយើងត្រូវប្រយ័ត្ន ចាំយាម និងប្រុងស្មារតីរហូត។ នេះជាអាកប្បកិរិយាដែលពួកគ្រីស្ទានគួរតែមានផងដែរ។ យើងមិនដឹងថា ព្រះគ្រីស្ទនឹងយាងមកពេលណាឡើយ ដូច្នេះ ចូរយើងចាំយាមចុះ! តើ អ្នកមានអាកប្បកិរិយានេះនៅក្នុងជីវិតដែរឬទេ?
ចូរអាន ២៤:៤៥-៥១។
តើ អ្នកបម្រើស្មោះត្រង់ និងអ្នកបម្រើអាក្រក់ខុសគ្នាយ៉ាងដូចម្ដេច?
តើ ម្ចាស់ធ្វើដូចម្ដេចចំពោះអ្នកបម្រើដ៏ល្អ?
តើ ម្ចាស់ធ្វើដូចម្ដេចចំពោះអ្នកបម្រើដ៏អាក្រក់?
ការពន្យល់និងការអនុវត្ត៖ មូលហេតុអ្នកបម្រើអាក្រក់បានបម្រើយ៉ាងទុច្ចរិតគឺ ពីព្រោះគាត់បានគិតក្នុងចិត្តថា ចៅហ្វាយអញក្រមកណាស់។ មូលហេតុដែលគ្រីស្ទបរិស័ទខ្លះលែងបម្រើព្រះគ្រីស្ទយ៉ាងស្មោះត្រង់នោះគឺ ពីព្រោះគេមិនយកចិត្តទុកដាក់អំពីការយាងមកវិញរបស់ព្រះយេស៊ូវ។ គេមិនបដិសេធថា ព្រះយេស៊ូវនឹងយាងមកវិញទេ ប៉ុន្តែគេមិនចាំយាម មិនប្រុងស្មារតី និងមិនត្រៀមខ្លួនអោយបានមែនទែនឡើយ។ តើអ្នកត្រៀមខ្លួននិងប្រុងស្មារតី ពីព្រោះព្រះយេស៊ូវនឹងយាងមកវិញដែរទេ? តើ ព្រះយេស៊ូវនឹងធ្វើដូចម្ដេចចំពោះអ្នកបម្រើដែលមិនចាំយាម មិនត្រៀមខ្លួន ហើយមិនប្រុងស្មារតីអោយបានមែនទែននោះ?
ចូរអាន ២៥:១-៥។
តើ ស្ត្រីល្ងង់ (ឥតគំនិត) និងស្ត្រីឈ្លាសវៃ (មានគំនិត) បានធ្វើអ្វីខុសគ្នា?
តើ ហេតុអ្វីនាងទាំងដប់នាក់ងោកងុយពេក ក៏ដេកលក់ទាំងអស់គ្នាទៅ?
ការពន្យល់៖ នៅសម័យនោះ វាជាទំនៀមទម្លាប់ដែលមានមិត្តភក្តិធ្វើដំណើរអមស្វាមីមកផ្ទះរបស់កូនក្រមុំ ដែលជាកន្លែងនាងបានរង់ចាំស្វាមី។ កូនក្រមុំមានស្រីកំដរជាមួយហើយតួនាទីរបស់ស្រីកំដរទាំងនោះគឺ ពួកគេត្រូវទៅទទួលស្វាមីនៅពេលគាត់បានមកដល់។
ចូរអាន ខ.៦។
តើ ស្វាមីមកដល់នៅពេលណា?
ការពន្យល់៖ តាមធម្មតា ស្វាមីមិនមកដល់កណ្តាលអធ្រាត្រទេ។ ដូច្នេះ ស្វាមី (ដូចម្ចាស់ក្នុង ២៤:៥០) បានមកនៅពេលដែលគេមិនបានរង់ចាំ ឬមិនដឹង។
សូមអាន ខ.៧-១២។ តើ អ្វីនឹងកើតឡើងចំពោះស្ត្រីឈ្លាសវៃ (មានគំនិត)?
តើ នឹងមានអ្វីកើតឡើងចំពោះស្ត្រីល្ងង់ (ឥតគំនិត)?
តើ សេចក្តីសន្និដ្ឋាននៃរឿងប្រៀបប្រដូចនេះគឺជាអ្វី (ខ.១៣)?
ការពន្យល់ និងការអនុវត្ត៖ នៅក្នុងអត្ថបទនេះ ព្រះយេស៊ូវកំពុងតែបង្រៀនអំពីការយាងមកវិញរបស់ទ្រង់។ ចូរកត់សំគាល់ថា នឹងមានមនុស្សជាច្រើនដែលនឹងមិនបានរៀបចំខ្លួនជាស្រេចទេ។ ព្រះយេស៊ូវបានបង្រៀននៅទីនេះថា នឹងមានមនុស្សជាច្រើននៅថ្ងៃនោះ ដែលចង់ចូលនគរស្ថានសួគ៌ ប៉ុន្តែនឹងមិនអាចចូលបានទេព្រោះពួកគេមិនត្រូវបានត្រៀមខ្លួនជាស្រេច។ ប៉ុន្តែព្រះយេស៊ូវបានប្រើរួចទៅហើយនូវឧទាហរណ៍អំពីការដែលចោរចូលលួចនៅពេលយប់មួយ ដើម្បីពិពណ៌នាអំពីការវិលត្រឡប់របស់ព្រះអង្គ ហើយដើម្បីប្រាប់ពួកយើងអោយរក្សាចាំយាម ពីព្រោះយើងមិនដឹងថានៅពេលដែលលោកនឹងវិលត្រឡប់មកវិញ។ ដូច្នេះ ហេតុអ្វីបានជាព្រះយេស៊ូវបានបន្ថែមរឿងប្រៀបប្រដូចនេះអំពីស្រីកំដរ? តើរឿងប្រៀបប្រដូចនេះមានសេចក្តីបង្រៀនបន្ថែមលើពីអ្វីដែលព្រះយេស៊ូវបានបង្រៀនអំពីចោរនោះ? បាទ មាន។ ស្រីកំដរព្យាយាមប្រុងប្រៀបខ្លួននៅពេលស្វាមីបានមកដល់ ប៉ុន្តែនោះគឺជាការយឺតពេល។ ដូច្នេះ អាកប្បកិរិយារបស់គ្រីស្ទបរិស័ទគឺ ជីវិតនេះគឺជាពេលវេលាដ៏សំខាន់ដើម្បីប្រុងប្រៀបខ្លួនជាស្រេចសម្រាប់ថ្ងៃដែលព្រះយេស៊ូវនឹងយាងមកវិញ ហើយយើងត្រូវប្រុងប្រៀបខ្លួននៅថ្ងៃនេះ ពីព្រោះយើងមិនអាចប្រុងប្រៀបខ្លួននៅពេលព្រះគ្រីស្ទមកដល់នោះទេ។ កុំរង់ចាំដល់ថ្ងៃស្អែកដើម្បីចាប់ផ្តើមបម្រើព្រះគ្រីស្ទឡើយ។
អត្ថបទនេះមិនពន្យល់អំពីអ្វីដែលយើងត្រូវធ្វើដើម្បីប្រុងប្រៀបខ្លួនទេ។ ម៉ាថាយ ២៥:១៤-៤៦ ផ្តល់សេចក្តីលម្អិតបន្ថែមទៀតអំពីការនោះ។
យើងបានអានអំពីឧទាហរណ៍មួយអំពីមនុស្សដែលមិនត្រៀមខ្លួនជាស្រេចនៅក្នុងការបរិយាយរបស់ព្រះយេស៊ូវអំពីសម័យណូអេ (ម៉ាថាយ ២៤:៣៧-៣៩)។ បើសិនអ្នកគ្រាន់តែរស់ក្នុងជីវិតសំរាប់ការសប្បាយរីករាយ រកប្រាក់ បង្កើតក្រុមគ្រួសារ ហើយមិនរស់ក្នុងជីវិតអរព្រះគុណនិងបំរើព្រះយេស៊ូវទេ នោះអ្នកក៏ដូចជាមនុស្សដែលនៅក្នុងសម័យណូអេផងដែរ ដែលបន្តជីវិតរបស់ពួកគេជារៀងរាល់ថ្ងៃ ប៉ុន្តែមិនបានត្រៀមខ្លួនជាស្រេចសំរាប់ការវិនិច្ឆ័យដែលនឹងមកដល់ទេ។
សព្វថ្ងៃនេះក៏ដូចសម័យណូអេផងដែរ។ មនុស្សរស់នៅមានគោលបំណងដូចមនុស្សនៅសម័យណូអេ ហើយមិនខ្វល់អំពីការវិនិច្ឆ័យដែលនឹងមកដល់ឡើយ។
រំលឹកទ្បើងវិញ៖ តើយើងបានរៀនអ្វីអំពីព្រះជាម្ចាស់ចេញពី ម៉ាថាយ ២៤:៤២-២៥:១៣?
ការអនុវត្ត៖តាមអ្វីដែលអ្នកបានរៀនតាមរយៈបទគម្ពីរនេះ តើអ្នកត្រូវយកវាមកអនុវត្តយ៉ាងដូចម្តេចនាពេលសព្វថ្ងៃនេះ?
Leave a Reply