លោកុប្បត្តិ​ ៤ កាអ៊ីន និងអេបិល Gen. 4 Cain and Abel

Cain and Abel pdf download

ជារឿយៗ ​​មាន​អ្នក​គ្រាន់​តែ​​អធិប្បាយ​លោកុប្បត្ដិ​ ៤:១-១៦ ជា​មេរៀន​សីល​ធម៌ ​ហើយ​មិន​យល់​អំពី​ទំនាក់ទំនង​របស់​បទ​គម្ពីរ​នេះ​ជា​មួយ​នឹង​លោកុប្បត្ដិ​ ៣ ហើយ​និង​បទ​គម្ពីរ​ទាំង​អស់​ទៀត​នៅក្នុង​ព្រះគម្ពីរ។ មេរៀន​នេះ​បង្ហាញ​​អំពី​របៀប​​អធិប្បាយ​​​លោកុប្បត្ដិ​​ជំពូក៤​ទាំង​មូល​ហើយ​យក​វា​មក​អនុវត្ត​នៅក្នុង​ពេល​បច្ចុប្បន្ន​ដោយ​ការ​ចង្អុល​ទៅកាន់​ព្រះ​យេស៊ូវ។

របៀប​អធិប្បាយ​​អំពី​ព្រះយេស៊ូវ​ចេញ​ពី​រឿង​អំពី​កាអ៊ីន​និង​អេបិល​ ៤:១-២៦

រឿង​អំពី​កាអ៊ីន​ និង​អេបិល​​និទាន​អំពី​ការ​រីក​រាល​ដាល​យ៉ាង​លឿន​របស់​អំពើ​បាប ​បន្ទាប់​ពី​មនុស្ស​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សួន​ច្បារ​អេដែន។ នៅក្នុង​ជំនាន់​មួយ​បន្ទាប់​ពី​អ័ដាម ​និង​អេវ៉ា យើង​មាន​ឃាតកម្ម​ដំបូង​គេ​រួច​ទៅ​ហើយ​ ហើយ​វា​គឺ​ជា​បង​ប្រុស​សំឡាប់​ប្អូន​ប្រុស​​ម្នាក់ទៀត។ ដូច្នេះ​ រឿង​នេះ​បង្ហាញ​អំពី​ទំហំ​ដ៏​ធំ​នៃ​​អំពើបាប​របស់​មនុស្ស​ជាតិ។

ជំពូក​នេះ​មាន​ផ្នែក​សំខាន់​ពីរ ​​និង​ការ​សន្និដ្ឋាន​សំខាន់​មួយ៖

១. កាអ៊ីន​សំឡាប់​អេបិល​ (៤:១-១៦)

២. ពូជពង្ស​របស់​កាអ៊ីន​ (៤:១៧-២៤)

៣.​ ពូជពង្ស​ថ្មី​ (៤:២៥-២៦)

សំរាប់​ការ​អធិប្បាយ​ និង​ការ​បង្រៀន​រឿង​អំពី​កាអ៊ីន​ និង​អេបិល​ វា​មាន​ប្រយោជន៍​ក្នុង​ការអធិប្បាយ​ជំពូក​ទាំង​មូល​ជាជាង​​គ្រាន់តែ​៤:១-១៦។ មនុស្ស​ជារឿយៗ​គ្រាន់​អធិប្បាយ​​៤:១-១៦ ដោយ​ព្រោះ​ពួកគេ​​គ្រាន់​តែ​គិត​អំពី​មេរៀន​សីល​ធម៌​ចេញ​ពី​អំពើបាប​របស់​កាអ៊ីន​ប៉ុណ្ណោះ។ ប៉ុន្តែ​ជំពូក​នេះ មិនមែន​គ្រាន់​តែ​ជា​មេរៀន​សីលធម៌​​នោះ​ទេ តែ​ជា​រឿង​បន្ទាប់​ពី​សួន​ច្បារ​អេដែន​​​ដែល​និទាន​​អំពី​ផែនការណ៍​សង្គ្រោះ​របស់​ព្រះ​ផង​ដែរ។ ដូច្នេះ វា​ជា​ការ​សំខាន់​ដែល​ត្រូវ​យល់​អំពី​ទំនាក់​ទំនង​​រវាង​ជំពូក​នេះ​ហើយ​និង​អ្វី​ដែល​មាន​មុន​ (សួនច្បារ​អេដែន) ហើយ​អ្វី​ដែល​មាន​តាម​ក្រោយ។

ទំនាក់ទំនង​ជា​មួយ​ជំពូក​៣

រឿង​នេះ​បង្ហាញ​អំពី​លទ្ធផល​នៃ​ការ​សំរេច​ចិត្ត​របស់​អ័ដាម ​និង​អេវ៉ា​ក្នុង​ការ​បរិភោគ​ផ្លែ​ដឹង​ខុស​ត្រូវ។ អំពើ​ហឹង្សារ​​កើន​ទ្បើង​នៅ​ក្នុង​ប្រាំ​ពីរ​ជំនាន់​ក្រោយ​មក​ទៀត។  រឿង​នេះ​មាន​ភាព​ស្រ​ដៀង​គ្នា​ជា​ច្រើន​ជា​មួយ​រឿង​នៅក្នុង​សួនច្បារ​អេដែន។ ដូចជា​អ័ដាម​និង​អេវ៉ា កាអ៊ីន ត្រូវ​សេចក្តី​ល្បួង​ឲ្យ​ធ្វើ​បាប (៤:៧) ត្រូវ​បាន​ព្រមាន​ឲ្យ​គ្រប់​គ្រង​អំពើ​បាប (៤:៧) ចុះ​ចាញ់​សេចក្តី​ល្បួង​ (៤:៨) បន្ទាប់​មក​ព្រះ​អម្ចាស់​យាង​មក​និង​សួរ​កាអ៊ីន (៤:៩) ហើយ​ដាក់​បណ្តាសា​កាអ៊ីន (៤:១១) ប្រកាស​ការ​វិនិច្ឆ័យ​លើ​កាអ៊ីន (៤:១២) កាអ៊ីន​ត្រូវ «ឆ្ងាយ​»​ ពី​ព្រះភ័ក្ត្រ​​របស់​ព្រះអម្ចាស់​​ (៤:១៤ ) ហើយ​និង​រស់នៅ​ «​ខាង​កើត​អេដែន» (៤:១៦)។

ផ្ទៃ​រឿង​សំខាន់​មួយ​នៅក្នុង​បទ​គម្ពីរ​ទាំង​មូល​គឺ​ជា​ផ្ទៃ​រឿង​អំពី​ពូជ​ពង្ស​ល្អ​និង​ពូជពង្ស​អាក្រក់​ ហើយ​ផ្ទៃ​រឿង​នេះ​ចាប់​ផ្តើម​អភិវឌ្ឍ​នៅ​ទី​នេះ។ នេះ​គឺជា​ទំនាក់​ទំនង​សំខាន់​មួយ​ទៀត​ជាមួយ​​នឹង​លោកុប្បត្ដិ​៣។ បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​ ព្រះ​បាន​សន្យា​ថា​នឹង​មាន​​សេចក្តី​ខ្មាំង​នឹង​គ្នា​រវាង​ពូជ​របស់​ស្ត្រី​នឹង​ពូជ​របស់​សត្វ​ពស់​ ហើយ​ពូជ​របស់​ស្ត្រី​នោះ​នឹង​កិន​​ក្បាល​របស់​សត្វ​ពស់។ នេះ​គឺជា​រឿ​ង​ទី​មួយ​ដែល​និទាន​អំពី​ពូជ (កាអ៊ីន​និង​អេបិល​) បន្ទាប់​ពី​អ័ដាម​និង​អេវ៉ា ហើយ​នៅ​ទីនេះ​យើង​ឃើញ​​សេចក្តី​ខ្មាំង​នឹង​គ្នា​រួច​ទៅ​ហើយ​រវាង​កាអ៊ីន​ដែល​​ទុច្ចរិត​​និង​អេបិល​ដែល​សុចរិត។ ប៉ុន្តែ​បន្ទាប់​ពី​កាអ៊ីន​សំឡាប់​អេបិល មាន​សំនួរ​សំខាន់​មួយ​សួរ​ថា «តើ​អ្នក​ណា​គឺ​ជា​ពូជ​សុចរិត​នោះ?» អេបិល​បាន​ស្លាប់ ដូច្នេះ​តើ​ពូជ​របស់​កាអ៊ីន​ឬ​ដែល​នឹង​កិន​​ក្បាល​របស់​សត្វ​ពស់ (លោកុប្បត្ដិ​ ៣:១៥)? ទាំងនេះ​គឺជា​ប្រភេទ​សំនួរ​ដែល​យើង​សួរ​នៅពេល​យើង​មើល​ឃើញ​ថា​ ព្រះគម្ពីរ​មិន​គ្រាន់​តែ​ជា​សៀវភៅ​អំពី​សីលធម៌​នោះ​ទេ ប៉ុន្តែ​គឺជា​រឿង​ធំ​មួយ​អំពី ផែនការណ៍​សង្គ្រោះ​របស់​ព្រះ​ផង​ដែរ។

ដូច្នេះ បន្ទាប់ពី​រឿង​អំពី​កាអ៊ីន​សំឡាប់​អេបិល​​ បទ​គម្ពីរ​និទាន​បន្ត​ទៀត​​​មួយ​រំពេច​អំពី​ពូជពង្ស​របស់​កាអ៊ីន​រហូត​ដល់​ចំនុច​ខ្ពស់​គឺជា​ជំនាន់​ទី​ប្រាំពីរ នោះ​គឺ ទ្បាមេក។ យើង​ឃើញ​ថា​គាត់​គឺ​ជា​មនុស្ស​អាក្រក់​ម្នាក់​ ហើយ​ខ្សែ​​របស់​កាអ៊ីន (ពូជ) មិន​មែន​​ជា​សេចក្តី​សង្ឃឹម​នៃ​ពូជ​របស់​ស្ត្រី​ (អេវ៉ា​) នោះ​ទេ។ នេះ​មិនមែន​ជា​ខ្សែ​​សុចរិត​នោះ​ទេ។ វា​មិន​មែន​តាម​រយៈ​ខ្សែ​​នេះ​ទេ​ដែល​ក្បាល​របស់​សត្វ​ពស់​នឹង​ត្រូវ​បាន​កិន។

 ពូជ​ថ្មី​មួយ​ និង​សេចក្តី​សង្ឃឹម​ថ្មី​មួយ​​ (៤:២៥-២៦)​

ចំនុច​ទាំង​ប៉ុន្មាន​ខាង​លើ​បង្ហាញ​​អំពី​មូល​ហេតុ​ដែល​៤:២៥-២៦ គឺជា​ការ​សន្និដ្ឋាន​សំខាន់​មួយ​សំរាប់​ជំពូក​នេះ។ វា​ច្បាស់​លាស់​ថា ​ពូជ​របស់​កាអ៊ីន​គឺ​ទុច្ចរិត​ ប៉ុន្តែ​ឥឡូវ​នេះ​អេវ៉ា​មាន​ពូជ​មួយ​ផ្សេងទៀត​ដែល​នាង​បាន​ដាក់​ឈ្មោះថា សេត។ ការ​សន្និដ្ឋាន​នៃ​ជំពូក​នេះ​បង្ហាញ​​ថា​ពូជ​នេះ​គឺជា​ពូជ​សុចរិត​មួយ។ ការ​ប្រកាស​របស់​អេវ៉ា «ព្រះ​ទ្រង់​បាន​ប្រ​ទាន​ពូជ​មួយ​ទៀត​មក​អញ​ជំនួស​អេបិល» (ខ. ២៥)សង្កត់ធ្ងន់​លើ​ចំនុច​នេះ។ អេបិល​ដែល​សុចរិត​ត្រូវ​បាន​គេ​សំឡាប់​ ប៉ុន្តែ​ឥឡូវ​នេះ​ព្រះ​បាន​ប្រទាន​​ពូជ​សុចរិត​មួយ​ផ្សេង​ទៀត។ ឥឡូវ​នេះ​មាន​សេចក្តី​សង្ឃឹម​ថ្មី​មួយ។ ចំនុច​នេះ​ផ្តល់​ទំនាក់​ទំនង​សំខាន់​រវាង​ជំពូក​នេះ​ជាមួយ​បទ​គម្ពីរ​ទាំង​អស់​ទៀត​នៅក្នុង​ព្រះ​គម្ពីរ។ គឺ​តាម​រយៈ​ពូជ​របស់​សេត​ទើប​មាន​ណូអេ អ័ប្រាហាំ ហើយ​ជា​ចុង​ក្រោយ​មាន​​ព្រះ​យេស៊ូវ​យាង​មក។ ដូច្នេះ ​សេចក្តី​សន្យា​របស់​ព្រះ​នៅក្នុង​លោកុប្បត្ដិ​៣​ដែល​ថា​ពូជ​របស់​ស្ត្រី​​នឹង​កិន​ក្បាល​របស់​សត្វ​ពស់​នឹង​ត្រូវ​បាន​បំពេញ​សំរេច​តាមរយៈ​ពូជ​របស់​សេត​គឺ ព្រះ​យេស៊ូវ។ ​

ដូច្នេះ​ វា​ជា​ការ​សំខាន់​ដែល​យើង​មិន​ត្រូវ​គ្រាន់​តែ​​ប្រើ​រឿង​នេះ​ដើម្បី​បង្រៀន​សីល​ធម៌​អំពី​ឃាតកម្ម​និង​ទំនួល​ខុស​ត្រូវ​របស់​ក្រុម​គ្រួសារ បើ​ទោះ​រឿង​នេះ​ពិតជា​បង្រៀន​សេចក្តី​ពិត​ដែល​ទាក់ទង​នឹង​ចំនុច​ទាំង​នោះ​ក៏​ដោយ។ វា​ជា​ការ​សំខាន់​ក្នុង​ការ​អធិប្បាយ​អំពី​អ្វី​ដែល​យើង​រៀន​អំពី​ព្រះ។ ព្រះ​បាន​ប្រទាន​ពូជ​មួយ ​​(៤:១, ២៥) ព្រះ​បាន​ដឹង​អំពី​ចិត្ត​របស់​ពួកគេ ព្រះ​បាន​ព្រមាន​កាអ៊ីន​មិន​ឲ្យ​ធ្វើ​បាប ព្រះ​បាន​ទត​ឃើញ​សកម្ម​ភាព​ហើយ​នាំ​ការ​វិនិច្ឆ័យ​មក​លើ​កាអ៊ីន ហើយ​តាម​រយៈ​សេចក្តី​មេត្តា​ករុណា​និង​សេចក្តី​ស្មោះត្រង់​ចំពោះ​សេចក្តី​សន្យា​របស់​ព្រះ ទ្រង់​​ប្រទាន​​ពូជ​ថ្មី មួយ​ (សេត) ដែល​នឹង​នាំ​ទៅដល់​ព្រះ​យេស៊ូវ​ដែល​នឹង​កិន​​ក្បាល​របស់​សត្វ​ពស់ (៣:១៥)។

របៀប​អធិប្បាយ​អំពី​ព្រះគ្រីស្ទ

ខាង​លើ​បង្ហាញ​ថា​ នៅ​ពេល​យើង​អធិប្បាយ​ពី​លោកុប្បត្ដិ​៤ យើង​គួរ​តែ​អធិប្បាយ​អំពី​ព្រះគ្រីស្ទ​ ពីព្រោះ​បញ្ហា​សំខាន់​មួយ​គឺជា​ពូជ​ដែល​នឹង​បំពេ​ញ​សំរេច​​សេចក្តី​សន្យា​នៅក្នុង​លោកុប្បត្ដិ​ ៣:១៥។

ផ្ទៃរឿង​នេះ​អាច​ត្រូវ​បាន​អភិវឌ្ឍ​បន្ថែម​ទៀត​ដោយ​ការ​មើល​លើ​សេចក្តី​ខ្មាំង​នឹង​គ្នា​រវាង​ពូជ​របស់​សត្វ​ពស់​និង​ពូជ​របស់​ស្ត្រី​ពេញ​ក្នុង​ព្រះគម្ពីរ ពីព្រោះ​នេះ​គឺជា​ផ្ទៃ​រឿង​ចំបង​​ពី​កណ្ឌ​លោកុប្បត្ដិ​ដល់​កណ្ឌ​វិវរណៈ​ហើយ​វា​ផ្ដោត​លើ​ព្រះ​យេស៊ូវ។ នៅ​ទី​នេះ​ គឺជា​ការ​ប្រយុទ្ធ​រវាង​កាអ៊ីន​និង​អេបិល​ បន្ទាប់​មក​អេស៊ីព្ទ​នឹង​អ៊ីស្រា​អែល​ បន្ទាប់មក​កាណាន​នឹង​អ៊ីស្រាអែល​ សាតាំង​នឹង​ព្រះ​យេស៊ូវ ព្រះ​យេស៊ូវ​នឹង​ពួក​អ្នក​ដឹក​នាំ​សាសនា​នៅក្នុង​យេរូសាឡឹម​ដែល​ព្រះយេស៊ូវ​បាន​ហៅ​ពួក​គេ​​ថា​​ ជា​កូន​របស់​អារក្ស​សាតាំង​ (យ៉ូហាន ៨:៤៤) ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា ​ពួកគេ​គឺជា​ពូជ​របស់​សត្វ​ពស់ ដែល​ពួកគេ​បាន​បង្ហាញ​ខ្លួន​គេ​ដូច្នោះ​​តាមរយៈ​ការ​បញ្ជូន​ព្រះ​យេស៊ូវ​ទៅ​ឯ​ការ​សុគត​របស់​ទ្រង់។​​ គឺ​នៅក្នុង​ដំណឹងល្អ​ដែល​ជា​ការ​សុគត ​និង​ការ​រស់​ទ្បើង​វិញ​របស់​ទ្រង់ ដែល​ជា​ចុង​ក្រោយ​សត្វ​ពស់​បាន​ចឹក​កែង​ជើង​របស់​ពូជ​ស្ត្រី​ដែល​ជា​ព្រះយេស៊ូវ តែ​ក្នុង​ពេល​ជា​មួយ​គ្នា​ព្រះ​យេស៊ូវ​ក៏​បាន​កិន​ក្បាល​របស់​វា​ផង​ដែរ​​ (ហេព្រើរ ២:១៤-១៥)។

ការ​ប្រើ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​

ហេព្រើរ ១១:៤ បង្ហាញ​ថា ​អេបិល​គឺជា​មនុស្ស​សុចរិត​​ដោយ​គាត់​មាន​​ជំនឿ។  តែ​បរិបទ​ហេព្រឺ១១​ បញ្ជាក់​ថា​អេបិល​មិន​បាន​ទទួល​អ្វី​ដែល​សន្យា​នៅ​ឡើយ​ទេ​ (ហេព្រើរ​ ​១១:១៣-១៦) ប្រយោជន៍​​អោយ​​ពួកគេ​អាច​ត្រូវ​បាន​គ្រប់​លក្ខណ៍​​ជា​មួយ​នឹង​ពួក​យើង​ (ហេព្រើរ​ ​១១:៣៩-៤០)។ ការ​អនុវត្ត​នៅក្នុង​បរិបទ​​របស់​កណ្ឌ​ហេព្រើរ​គឺ​ត្រូវ​សំឡឹង​ទៅ​ឯ​ព្រះ​យេស៊ូវ ជា​ពិសេស​នៅពេល​កំពុង​ប្រឈម​នឹង​សេចក្តី​ល្បួង​ និង​ការ​បៀតបៀន​​​ (ហេព្រើរ ១២:១-៣)។

នៅក្នុង​ហេព្រើរ ១២:២៤ អ្នក​និពន្ធ​ប្រើ​រឿង​អំពី​អេបិល​ដើម្បី​បង្ហាញ​អំពី​ឧត្តម​ភាព​នៃ​ព្រះ​លោហិត​របស់​ព្រះ​យេស៊ូវ ពីព្រោះ​ព្រះ​លោហិត​របស់​ព្រះយេស៊ូវ​នាំ​មក​នូវ​សម្ព័ន្ធមេត្រី​ថ្មី​ដែល​ផ្តល់​ការ​អត់​ទោស។

ភាព​ផ្ទុយ​គ្នា

កាអ៊ីន​បាន​ធ្លាក់​ក្នុង​សេចក្តី​ល្បួង​ ព្រះ​យេស៊ូវ​បាន​ឈ្នះ​សេចក្តី​ល្បួង​របស់​សាតាំង (ម៉ាថាយ ៤:១-១១)។ កាអ៊ីន​បាន​យក​ជីវិត​របស់​ប្អូន​ប្រុស​ខ្លួន ព្រះ​យេស៊ូវ​បាន​ប្រគល់​ជីវិត​របស់​ទ្រង់​សំរាប់​បងប្អូន​របស់​ទ្រង់។ ទ្បាមេក​ដែល​ជា​ពូជ​របស់​កាអ៊ីន​ បាន​អួត​ថា​គាត់​ត្រូវ​បាន​គេ​សង​សឹក​ «១ជា​៧ដង​»​ (គខប «​ចិត​សិប​ប្រាំ​ពីរ​»)(លោកុប្បត្ដិ​ ៤:២៤) ព្រះ​យេស៊ូវ​ដែល​ជា​ពូជ​របស់​សេត បាន​បង្រៀន​ថា​យើង​គួរ​តែ​អត់ទោស​ «ប្រាំពីរ​ចិតសិប​ដង»។

ភាព​ផ្ទុយ​គ្នា​ចុង​ក្រោយ​នេះ​បង្ហាញ​អំពី​ភាព​ខុស​គ្នា​​ដ៏​ធំធេង​រវាង​អស់​អ្នក​ដែល​ជា​របស់​លោកិយ/សាតាំង​ដែល​ចង់​សង​សឹក​ ហើយ​អំពី​ផ្លូវ​​​របស់​ព្រះ​ដែល​បង្រៀន​យើង​ឲ្យ​អត់​ទោស ហើយ​ព្រះ​ទ្រង់​ផ្ទាល់​បាន​ប្រទាន​គំរូ​ដ៏​អស្ចារ្យ​បំផុត​​តាម​​រយៈ​ការ​បញ្ជូន​ព្រះរាជបុត្រា​​របស់​ទ្រង់​ឲ្យ​មក​សុគត​នៅ​លើ​ឈើឆ្កាង​ដើម្បី​ឲ្យ​​ព្រះអង្គ​នឹង​អត់​ទោស​យើង។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top