Cain and Abel pdf download
ជារឿយៗ មានអ្នកគ្រាន់តែអធិប្បាយលោកុប្បត្ដិ ៤:១-១៦ ជាមេរៀនសីលធម៌ ហើយមិនយល់អំពីទំនាក់ទំនងរបស់បទគម្ពីរនេះជាមួយនឹងលោកុប្បត្ដិ ៣ ហើយនិងបទគម្ពីរទាំងអស់ទៀតនៅក្នុងព្រះគម្ពីរ។ មេរៀននេះបង្ហាញអំពីរបៀបអធិប្បាយលោកុប្បត្ដិជំពូក៤ទាំងមូលហើយយកវាមកអនុវត្តនៅក្នុងពេលបច្ចុប្បន្នដោយការចង្អុលទៅកាន់ព្រះយេស៊ូវ។
របៀបអធិប្បាយអំពីព្រះយេស៊ូវចេញពីរឿងអំពីកាអ៊ីននិងអេបិល ៤:១-២៦
រឿងអំពីកាអ៊ីន និងអេបិលនិទានអំពីការរីករាលដាលយ៉ាងលឿនរបស់អំពើបាប បន្ទាប់ពីមនុស្សត្រូវបានបណ្តេញចេញពីសួនច្បារអេដែន។ នៅក្នុងជំនាន់មួយបន្ទាប់ពីអ័ដាម និងអេវ៉ា យើងមានឃាតកម្មដំបូងគេរួចទៅហើយ ហើយវាគឺជាបងប្រុសសំឡាប់ប្អូនប្រុសម្នាក់ទៀត។ ដូច្នេះ រឿងនេះបង្ហាញអំពីទំហំដ៏ធំនៃអំពើបាបរបស់មនុស្សជាតិ។
ជំពូកនេះមានផ្នែកសំខាន់ពីរ និងការសន្និដ្ឋានសំខាន់មួយ៖
១. កាអ៊ីនសំឡាប់អេបិល (៤:១-១៦)
២. ពូជពង្សរបស់កាអ៊ីន (៤:១៧-២៤)
៣. ពូជពង្សថ្មី (៤:២៥-២៦)
សំរាប់ការអធិប្បាយ និងការបង្រៀនរឿងអំពីកាអ៊ីន និងអេបិល វាមានប្រយោជន៍ក្នុងការអធិប្បាយជំពូកទាំងមូលជាជាងគ្រាន់តែ៤:១-១៦។ មនុស្សជារឿយៗគ្រាន់អធិប្បាយ៤:១-១៦ ដោយព្រោះពួកគេគ្រាន់តែគិតអំពីមេរៀនសីលធម៌ចេញពីអំពើបាបរបស់កាអ៊ីនប៉ុណ្ណោះ។ ប៉ុន្តែជំពូកនេះ មិនមែនគ្រាន់តែជាមេរៀនសីលធម៌នោះទេ តែជារឿងបន្ទាប់ពីសួនច្បារអេដែនដែលនិទានអំពីផែនការណ៍សង្គ្រោះរបស់ព្រះផងដែរ។ ដូច្នេះ វាជាការសំខាន់ដែលត្រូវយល់អំពីទំនាក់ទំនងរវាងជំពូកនេះហើយនិងអ្វីដែលមានមុន (សួនច្បារអេដែន) ហើយអ្វីដែលមានតាមក្រោយ។
ទំនាក់ទំនងជាមួយជំពូក៣
រឿងនេះបង្ហាញអំពីលទ្ធផលនៃការសំរេចចិត្តរបស់អ័ដាម និងអេវ៉ាក្នុងការបរិភោគផ្លែដឹងខុសត្រូវ។ អំពើហឹង្សារកើនទ្បើងនៅក្នុងប្រាំពីរជំនាន់ក្រោយមកទៀត។ រឿងនេះមានភាពស្រដៀងគ្នាជាច្រើនជាមួយរឿងនៅក្នុងសួនច្បារអេដែន។ ដូចជាអ័ដាមនិងអេវ៉ា កាអ៊ីន ត្រូវសេចក្តីល្បួងឲ្យធ្វើបាប (៤:៧) ត្រូវបានព្រមានឲ្យគ្រប់គ្រងអំពើបាប (៤:៧) ចុះចាញ់សេចក្តីល្បួង (៤:៨) បន្ទាប់មកព្រះអម្ចាស់យាងមកនិងសួរកាអ៊ីន (៤:៩) ហើយដាក់បណ្តាសាកាអ៊ីន (៤:១១) ប្រកាសការវិនិច្ឆ័យលើកាអ៊ីន (៤:១២) កាអ៊ីនត្រូវ «ឆ្ងាយ» ពីព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ (៤:១៤ ) ហើយនិងរស់នៅ «ខាងកើតអេដែន» (៤:១៦)។
ផ្ទៃរឿងសំខាន់មួយនៅក្នុងបទគម្ពីរទាំងមូលគឺជាផ្ទៃរឿងអំពីពូជពង្សល្អនិងពូជពង្សអាក្រក់ ហើយផ្ទៃរឿងនេះចាប់ផ្តើមអភិវឌ្ឍនៅទីនេះ។ នេះគឺជាទំនាក់ទំនងសំខាន់មួយទៀតជាមួយនឹងលោកុប្បត្ដិ៣។ បន្ទាប់ពីការធ្លាក់ចុះ ព្រះបានសន្យាថានឹងមានសេចក្តីខ្មាំងនឹងគ្នារវាងពូជរបស់ស្ត្រីនឹងពូជរបស់សត្វពស់ ហើយពូជរបស់ស្ត្រីនោះនឹងកិនក្បាលរបស់សត្វពស់។ នេះគឺជារឿងទីមួយដែលនិទានអំពីពូជ (កាអ៊ីននិងអេបិល) បន្ទាប់ពីអ័ដាមនិងអេវ៉ា ហើយនៅទីនេះយើងឃើញសេចក្តីខ្មាំងនឹងគ្នារួចទៅហើយរវាងកាអ៊ីនដែលទុច្ចរិតនិងអេបិលដែលសុចរិត។ ប៉ុន្តែបន្ទាប់ពីកាអ៊ីនសំឡាប់អេបិល មានសំនួរសំខាន់មួយសួរថា «តើអ្នកណាគឺជាពូជសុចរិតនោះ?» អេបិលបានស្លាប់ ដូច្នេះតើពូជរបស់កាអ៊ីនឬដែលនឹងកិនក្បាលរបស់សត្វពស់ (លោកុប្បត្ដិ ៣:១៥)? ទាំងនេះគឺជាប្រភេទសំនួរដែលយើងសួរនៅពេលយើងមើលឃើញថា ព្រះគម្ពីរមិនគ្រាន់តែជាសៀវភៅអំពីសីលធម៌នោះទេ ប៉ុន្តែគឺជារឿងធំមួយអំពី ផែនការណ៍សង្គ្រោះរបស់ព្រះផងដែរ។
ដូច្នេះ បន្ទាប់ពីរឿងអំពីកាអ៊ីនសំឡាប់អេបិល បទគម្ពីរនិទានបន្តទៀតមួយរំពេចអំពីពូជពង្សរបស់កាអ៊ីនរហូតដល់ចំនុចខ្ពស់គឺជាជំនាន់ទីប្រាំពីរ នោះគឺ ទ្បាមេក។ យើងឃើញថាគាត់គឺជាមនុស្សអាក្រក់ម្នាក់ ហើយខ្សែរបស់កាអ៊ីន (ពូជ) មិនមែនជាសេចក្តីសង្ឃឹមនៃពូជរបស់ស្ត្រី (អេវ៉ា) នោះទេ។ នេះមិនមែនជាខ្សែសុចរិតនោះទេ។ វាមិនមែនតាមរយៈខ្សែនេះទេដែលក្បាលរបស់សត្វពស់នឹងត្រូវបានកិន។
ពូជថ្មីមួយ និងសេចក្តីសង្ឃឹមថ្មីមួយ (៤:២៥-២៦)
ចំនុចទាំងប៉ុន្មានខាងលើបង្ហាញអំពីមូលហេតុដែល៤:២៥-២៦ គឺជាការសន្និដ្ឋានសំខាន់មួយសំរាប់ជំពូកនេះ។ វាច្បាស់លាស់ថា ពូជរបស់កាអ៊ីនគឺទុច្ចរិត ប៉ុន្តែឥឡូវនេះអេវ៉ាមានពូជមួយផ្សេងទៀតដែលនាងបានដាក់ឈ្មោះថា សេត។ ការសន្និដ្ឋាននៃជំពូកនេះបង្ហាញថាពូជនេះគឺជាពូជសុចរិតមួយ។ ការប្រកាសរបស់អេវ៉ា «ព្រះទ្រង់បានប្រទានពូជមួយទៀតមកអញជំនួសអេបិល» (ខ. ២៥)សង្កត់ធ្ងន់លើចំនុចនេះ។ អេបិលដែលសុចរិតត្រូវបានគេសំឡាប់ ប៉ុន្តែឥឡូវនេះព្រះបានប្រទានពូជសុចរិតមួយផ្សេងទៀត។ ឥឡូវនេះមានសេចក្តីសង្ឃឹមថ្មីមួយ។ ចំនុចនេះផ្តល់ទំនាក់ទំនងសំខាន់រវាងជំពូកនេះជាមួយបទគម្ពីរទាំងអស់ទៀតនៅក្នុងព្រះគម្ពីរ។ គឺតាមរយៈពូជរបស់សេតទើបមានណូអេ អ័ប្រាហាំ ហើយជាចុងក្រោយមានព្រះយេស៊ូវយាងមក។ ដូច្នេះ សេចក្តីសន្យារបស់ព្រះនៅក្នុងលោកុប្បត្ដិ៣ដែលថាពូជរបស់ស្ត្រីនឹងកិនក្បាលរបស់សត្វពស់នឹងត្រូវបានបំពេញសំរេចតាមរយៈពូជរបស់សេតគឺ ព្រះយេស៊ូវ។
ដូច្នេះ វាជាការសំខាន់ដែលយើងមិនត្រូវគ្រាន់តែប្រើរឿងនេះដើម្បីបង្រៀនសីលធម៌អំពីឃាតកម្មនិងទំនួលខុសត្រូវរបស់ក្រុមគ្រួសារ បើទោះរឿងនេះពិតជាបង្រៀនសេចក្តីពិតដែលទាក់ទងនឹងចំនុចទាំងនោះក៏ដោយ។ វាជាការសំខាន់ក្នុងការអធិប្បាយអំពីអ្វីដែលយើងរៀនអំពីព្រះ។ ព្រះបានប្រទានពូជមួយ (៤:១, ២៥) ព្រះបានដឹងអំពីចិត្តរបស់ពួកគេ ព្រះបានព្រមានកាអ៊ីនមិនឲ្យធ្វើបាប ព្រះបានទតឃើញសកម្មភាពហើយនាំការវិនិច្ឆ័យមកលើកាអ៊ីន ហើយតាមរយៈសេចក្តីមេត្តាករុណានិងសេចក្តីស្មោះត្រង់ចំពោះសេចក្តីសន្យារបស់ព្រះ ទ្រង់ប្រទានពូជថ្មី មួយ (សេត) ដែលនឹងនាំទៅដល់ព្រះយេស៊ូវដែលនឹងកិនក្បាលរបស់សត្វពស់ (៣:១៥)។
របៀបអធិប្បាយអំពីព្រះគ្រីស្ទ
ខាងលើបង្ហាញថា នៅពេលយើងអធិប្បាយពីលោកុប្បត្ដិ៤ យើងគួរតែអធិប្បាយអំពីព្រះគ្រីស្ទ ពីព្រោះបញ្ហាសំខាន់មួយគឺជាពូជដែលនឹងបំពេញសំរេចសេចក្តីសន្យានៅក្នុងលោកុប្បត្ដិ ៣:១៥។
ផ្ទៃរឿងនេះអាចត្រូវបានអភិវឌ្ឍបន្ថែមទៀតដោយការមើលលើសេចក្តីខ្មាំងនឹងគ្នារវាងពូជរបស់សត្វពស់និងពូជរបស់ស្ត្រីពេញក្នុងព្រះគម្ពីរ ពីព្រោះនេះគឺជាផ្ទៃរឿងចំបងពីកណ្ឌលោកុប្បត្ដិដល់កណ្ឌវិវរណៈហើយវាផ្ដោតលើព្រះយេស៊ូវ។ នៅទីនេះ គឺជាការប្រយុទ្ធរវាងកាអ៊ីននិងអេបិល បន្ទាប់មកអេស៊ីព្ទនឹងអ៊ីស្រាអែល បន្ទាប់មកកាណាននឹងអ៊ីស្រាអែល សាតាំងនឹងព្រះយេស៊ូវ ព្រះយេស៊ូវនឹងពួកអ្នកដឹកនាំសាសនានៅក្នុងយេរូសាឡឹមដែលព្រះយេស៊ូវបានហៅពួកគេថា ជាកូនរបស់អារក្សសាតាំង (យ៉ូហាន ៨:៤៤) ដែលបង្ហាញយ៉ាងច្បាស់ថា ពួកគេគឺជាពូជរបស់សត្វពស់ ដែលពួកគេបានបង្ហាញខ្លួនគេដូច្នោះតាមរយៈការបញ្ជូនព្រះយេស៊ូវទៅឯការសុគតរបស់ទ្រង់។ គឺនៅក្នុងដំណឹងល្អដែលជាការសុគត និងការរស់ទ្បើងវិញរបស់ទ្រង់ ដែលជាចុងក្រោយសត្វពស់បានចឹកកែងជើងរបស់ពូជស្ត្រីដែលជាព្រះយេស៊ូវ តែក្នុងពេលជាមួយគ្នាព្រះយេស៊ូវក៏បានកិនក្បាលរបស់វាផងដែរ (ហេព្រើរ ២:១៤-១៥)។
ការប្រើព្រះគម្ពីរសញ្ញាថ្មី
ហេព្រើរ ១១:៤ បង្ហាញថា អេបិលគឺជាមនុស្សសុចរិតដោយគាត់មានជំនឿ។ តែបរិបទហេព្រឺ១១ បញ្ជាក់ថាអេបិលមិនបានទទួលអ្វីដែលសន្យានៅឡើយទេ (ហេព្រើរ ១១:១៣-១៦) ប្រយោជន៍អោយពួកគេអាចត្រូវបានគ្រប់លក្ខណ៍ជាមួយនឹងពួកយើង (ហេព្រើរ ១១:៣៩-៤០)។ ការអនុវត្តនៅក្នុងបរិបទរបស់កណ្ឌហេព្រើរគឺត្រូវសំឡឹងទៅឯព្រះយេស៊ូវ ជាពិសេសនៅពេលកំពុងប្រឈមនឹងសេចក្តីល្បួង និងការបៀតបៀន (ហេព្រើរ ១២:១-៣)។
នៅក្នុងហេព្រើរ ១២:២៤ អ្នកនិពន្ធប្រើរឿងអំពីអេបិលដើម្បីបង្ហាញអំពីឧត្តមភាពនៃព្រះលោហិតរបស់ព្រះយេស៊ូវ ពីព្រោះព្រះលោហិតរបស់ព្រះយេស៊ូវនាំមកនូវសម្ព័ន្ធមេត្រីថ្មីដែលផ្តល់ការអត់ទោស។
ភាពផ្ទុយគ្នា
កាអ៊ីនបានធ្លាក់ក្នុងសេចក្តីល្បួង ព្រះយេស៊ូវបានឈ្នះសេចក្តីល្បួងរបស់សាតាំង (ម៉ាថាយ ៤:១-១១)។ កាអ៊ីនបានយកជីវិតរបស់ប្អូនប្រុសខ្លួន ព្រះយេស៊ូវបានប្រគល់ជីវិតរបស់ទ្រង់សំរាប់បងប្អូនរបស់ទ្រង់។ ទ្បាមេកដែលជាពូជរបស់កាអ៊ីន បានអួតថាគាត់ត្រូវបានគេសងសឹក «១ជា៧ដង» (គខប «ចិតសិបប្រាំពីរ»)(លោកុប្បត្ដិ ៤:២៤) ព្រះយេស៊ូវដែលជាពូជរបស់សេត បានបង្រៀនថាយើងគួរតែអត់ទោស «ប្រាំពីរចិតសិបដង»។
ភាពផ្ទុយគ្នាចុងក្រោយនេះបង្ហាញអំពីភាពខុសគ្នាដ៏ធំធេងរវាងអស់អ្នកដែលជារបស់លោកិយ/សាតាំងដែលចង់សងសឹក ហើយអំពីផ្លូវរបស់ព្រះដែលបង្រៀនយើងឲ្យអត់ទោស ហើយព្រះទ្រង់ផ្ទាល់បានប្រទានគំរូដ៏អស្ចារ្យបំផុតតាមរយៈការបញ្ជូនព្រះរាជបុត្រារបស់ទ្រង់ឲ្យមកសុគតនៅលើឈើឆ្កាងដើម្បីឲ្យព្រះអង្គនឹងអត់ទោសយើង។
Leave a Reply