អូបាឌា Obadiah

Obadiah

អូបាឌា​

ចូរ​អាន ខ.​១  តើ​​​កណ្ឌ​អូបាឌា​បង្ហាញ​យើង​អំពី​ស្រុក​មួយ​ណា​នៅក្នុង​​និមិត្តហេតុ​ដ៏​អស្ចារ្យ ដែល​ព្រះជាម្ចាស់​សំដែង​អោយ​លោក​អូបាឌា​ឃើញ?

ការ​ពន្យល់​ ជនជាតិ​អេដំម​គឺ​ជា​ពូជ​ពង្ស​របស់​អេសាវ ​(លោកុប្បត្ដិ​ ២៥:២៥-២៦)។ អេសាវ​ជា​កូន​ប្រុស​ច្បង​អ៊ីសាក (លោកុប្បត្ដិ​ ៣៦:១,៩)។  អេដំម​មាន​ន័យ​ថា​ពណ៌​ក្រហម​ (លោកុប្បត្ដិ​ ២៥:៣០)។

ចូរ​អាន ខ.២-៤  តាម​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​នៅ​ទី​នេះ តើ ​ មាន​ហេតុការណ៍​អ្វី​ដែល​ត្រូវ​កើត​មាន​ដល់​ស្រុក​អេដំម?

ការ​​ពន្យល់​  ស្រុក​អេដំម​ជា​តំបន់​ដែល​មាន​ភ្នំ​ដ៏​​ខ្ពស់​​​ ហើយ​ពួក​គេ​បាន​រស់​នៅ​តាម​ក្រហែង​ថ្ម​ហើយ​គេ​​ស្មាន​គិត​ថា ពួក​គេ​បាន​រស់​នៅ​យ៉ាង​សុខសាន្ត​នៅ​​ក្នុង​ស្រុក​នោះ។

ចូរ​អាន​ ខ.៥-៧   តើ ​ មាន​ហេតុការណ៍​អ្វី​ដែល​ត្រូវ​កើត​មាន​ដល់​ស្រុក​អេដំម?​

ការ​​ពន្យល់​  ខ.៥-ស្រុក​អេដំម​មាន​ចំការ​ទំពាំង​បាយ​ជូរ​ដ៏​ល្អ​ជា​ច្រើន។  ខ.៧-នៅ​សម័យ​នោះ​ប្រទេស​ធ្លាប់​មាន​បក្សសម្ព័ន្ធ ប្រយោជន៍​ដើម្បី​អោយ​គេ​មាន​សេចក្ដី​​សុខសាន្ត ប៉ុន្តែ​អត្ថបទ​នេះ​ប្រកាស​ថា បក្សសម្ព័ន្ធ​របស់​អេដំម​នឹង​មិន​​ជួយ​ពួក​​គេ​ទេ។  ដូច្នេះ​ ខ.១-៧ បាន​ប្រកាស​ថា ពួក​អ្នក​​ទាំង​ប៉ុន្មាន​ដែល​ជនជាតិ​អេដំម​ទុក​ចិត្ត ​ប្រយោជន៍​អោយ​ខ្លួន​​បាន​​សេចក្ដី​សុខសាន្ត ក៏​ត្រូវ​រលាយ​សូន្យ​ទៅ​ដែរ។

ចូរ​អាន​ ខ.៨-៩  តើ ព្រះជាម្ចាស់​​បាន​សំរេច​ថា​នឹង​​ប្រព្រឹត្ត​អ្វី​ចំពោះ​អេដំម​?

ចូរ​អាន​ ខ.១០-១៤ តើ ហេតុ​អ្វី​បាន​ជា​ព្រះជាម្ចាស់​មាន​សេចក្ដី​ក្រោធ​ចំពោះ​អេដំម​ហើយ​នឹង​វិនិច្ឆ័យ​ពួក​​គេ?

ការ​​ពន្យល់​  អស់​រយៈ​ពេល​យ៉ាង​យូរ អេដំម​ចេះ​តែ​ចាត់​ទុក​អ៊ីស្រាអែល​​ជា​សត្រូវ​សួរ​ពូជ​របស់​ខ្លួន​ (អេសេគាល​ ៣៥:៥)។  មាន​រឿង​រវាង​ពួក​គេ​ទាំង​ពីរ​ ចាប់​តាំង​ពីរ​ អេសាវ​និង​យ៉ាកុប​ (លោកុប្បត្ដិ​ ២៥:២៧-៣៤, ២៧:១-២៩; ជនគណនា​ ២០:១៤-២១)។  ដោយ​សារ​អេដំម​​​សប្បាយ​រីករាយ​នៅ​ពេល​ឃើញ​ពូជពង្ស​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះ​អម្ចាស់​ រង​ទុក្ខ​សោក​សង្រេង ព្រះជាម្ចាស់​ក៏​នឹង​ធ្វើ​អោយ​​អេដំម​​​ធ្លាក់​ខ្លួន​រង​ទុក្ខ​​វេទនា​យ៉ាង​នោះ​ដែរ។

ចូរ​អាន​ ខ.១៥-១៦ តើ មាន​ហេតុការណ៍​អ្វី​ខ្លះ​ដែល​ត្រូវ​កើត​មាននៅ​ «ថ្ងៃ​របស់​ព្រះយេហូវ៉ា»​?

ចូរ​អាន​ ខ.១៧-១៨ តើ មាន​ហេតុការណ៍​អ្វី​ខ្លះ​ទៀត​ដែល​នឹង​ត្រូវ​កើត​មាននៅ​ «ថ្ងៃ​របស់​ព្រះយេហូវ៉ា»​?

ចូរ​អាន​ ខ.១៩-២១ តើ មាន​ហេតុការណ៍​អ្វី​ខ្លះ​ទៀត​ដែល​នឹង​ត្រូវ​កើត​មាននៅ​ «ថ្ងៃ​របស់​ព្រះយេហូវ៉ា»​?

ការ​ពន្យល់​  ពួក​ហោរា​បាន​ប្រកាស​អំពី ​«ថ្ងៃ​របស់​ព្រះយេហូវ៉ា» ​ដែល​ជា​ថ្ងៃ​ដែល​ព្រះអង្គ​នឹង​វិនិច្ឆ័យ​និង​ដាក់​ទោស​ដល់​ប្រជាជាតិ​ទាំង​អស់​ (ជា​ពិសេស​ខ្មាំង​សត្រូវ​របស់​រាស្រ្ត​របស់​ព្រះ​) ហើយ​និង​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់​។

ការ​អនុវត្ត​  នៅ​ក្នុង​សញ្ញា​ថ្មី​អ្នក​និពន្ធ​លែង​ប្រើ​ពាក្យ​ ​«ថ្ងៃ​របស់​ព្រះយេហូវ៉ា» ទៀត​ហើយ​ ប៉ុន្តែ​ប្រើ​ពាក្យ​ «ថ្ងៃ​ជំនុំជំរះ​​» (ឧទាហរណ៍​ ម៉ាថាយ​ ១០:១៥; ១១:២២,២៤; ១២:៣៦)​ ឬ «​ថ្ងៃ​នៃ​ព្រះ​គ្រីស្ទ»​ (១កូរិនថូស​ ១:៨; ២កូរិនថូស​ ១:១៤; ភីលីព​ ១:៦,១០; ២:១៦) ឬ «​ថ្ងៃ​នៃ​ព្រះអម្ចាស់​»​ វិញ​។  អត្ថបទ​ទាំង​ប៉ុន្មាន​នេះ​បាន​សំដៅ​ទៅ​លើ​ថ្ងៃ​ព្រះគ្រីស្ទ​យាង​មក​វិញ ដែល​ទ្រង់​នឹង​វិនិច្ឆ័យ​​និង​​ដាក់​ទោស​ដល់​​ប្រជាជាតិ​ទាំង​អស់ ហើយ​នឹង​សង្គ្រោះ​រាស្រ្ត​របស់​ព្រះ​ (អស់​​អ្នក​ដែល​នៅ​ក្នុង​ព្រះគ្រីស្ទ​)។  តាម​ប្រវត្តិសាស្ត្រ​ ព្រះជាម្ចាស់​បាន​ដាក់​ទោស​លើ​អេដំម​ហើយ​បំផ្លាញ​ពួក​គេ​តាម​ព្រះបន្ទូល​ដែល​ទ្រង់​បាន​ប្រកាស​ជា​មុន​តាម​រយៈ​អូបាឌា​ ហើយ​នេះ​ជា​ភស្តុតាង​បង្ហាញ​ថា ព្រះអង្គ​នឹង​សម្រេច​សេចក្ដី​សន្យា​អំពី​ការ​យាង​មក​វិញ​របស់​ព្រះគ្រីស្ទ​។  ព្រះ​បន្ទូល​របស់​​ព្រះ​អង្គ​តែ​ង​តែ​នឹង​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​ការ​ដែល​ទ្រង់​​​បាន​​ចាត់​​ឲ្យ​ធ្វើ​។  ដូច្នេះ ​យើង​ទន្ទឹង​រង់ចាំ​ព្រះជាម្ចាស់​ប្រោស​យើង​នៅ​ថ្ងៃ​នោះ ហើយ​យើង​ត្រូវ​រៀបចំ​ខ្លួន​ជា​ស្រេច​ដើម្បី​​ជួប​នឹង​ព្រះជាម្ចាស់​របស់​យើង​​។

រំលឹក​ទ្បើង​វិញ៖ តើ​យើង​បាន​រៀន​អ្វី​ចេញ​ពី​​​​កណ្ឌ​​អូបាឌា​​?

ការ​អនុវត្ត: តាម​អ្វី​ដែល​អ្នក​បាន​រៀន​តាមរយៈ​បទ​គម្ពីរ​នេះ តើ​អ្នក​ត្រូវ​យក​វា​មក​អនុវត្តន៍​​​យ៉ាង​ដូចម្តេច​នា​ពេល​សព្វ​ថ្ងៃ​នេះ?

 

Leave a Reply

Your email address will not be published. Required fields are marked *

*

Top