១ពេត្រុស ១:១-១២ 1 Peter 1:1-12

1 Pt. 1.1-12 download

១ពេត្រុស​ ១:១២

សូម​អាន​១​ពេត្រុស​ ១:១-១២ ទាំង​មូល។

សូម​អាន​ខ.​១-២​ ទ្បើង​វិញ។​ តើ​លោក​ពេត្រុស​ប្រ​កាស​ខ្លួន​គាត់​ជា​អ្នក​ណា? ហើយ​គាត់​សរសេរ​សំបុត្រ​នេះ​ទៅកាន់​អ្នក​ណា?​ ហើយ​ពួក​គេ​សំណាក់​នៅ​ស្រុក​ណា​ខ្លះ?

លោក​ពេត្រុស​បាន​បង្ហាញ​អង្គ​បុគ្គល​បី​នៅក្នុង​ការ​ដែល​ព្រះ​បាន​ជ្រើស​តាំង​មនុស្ស​ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់​ តើ​អង្គ​បុគ្គល​ទាំង​បី​នោះ​មាន​អង្គ​ណា​ខ្លះ ?​

ការ​ពន្យល់ និង​ការ​អនុវត្ត៖ សាវក​ជា​ភាសា​ក្រិក​មាន​ន័យ​ថា «ម្នាក់​ដែល​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​) ហើយ​សេចក្តី​ពិត​ដែល​លោក​ពេត្រុស​ហៅ​ខ្លួន​គាត់​ថា​ជា​សាវក​នៃ​ព្រះគ្រីស្ទ​ បង្ហាញ​យើង​ឲ្យ​ដឹង​អំពី​អំណាច​និង​ប្រ​ភព​របស់​សំបុត្រ​មួយ​នេះ​ ដែល​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ។ ​

ព្រះ​ត្រៃ​ឯក​មាន​តួ​នាទី​យ៉ាង​សំខាន់​ណាស់​ក្នុង​ការ​ជ្រើស​តាំង​មនុស្ស​មួយ​ចំនួន​ទុក​ជា​រាស្ត្រ​ផង​ទ្រង់។ ព្រះ​វរបិតា​ជា​អ្នក​រើស​តាំង​យើង​ ព្រះ​យេស៊ូវ​សុគត​ជំនួស​អំពើ​បាប​របស់​យើង​ ហើយ​ព្រះ​វិញ្ញាណ​ជា​អ្នក​ញែក​យើង​ជា​បរិសុទ្ធ​ដើម្បី​ឲ្យ​យើង​ស្តាប់​បង្គាប់។ តើ​អ្នក​គិត​ថា​សេចក្តី​អត់​ទោស​បាប​គួរ​តែ​រួម​ទាំង​ការ​ស្តាប់​បង្គាប់​ដែរ​ឬ​ទេ? តើ​អ្នក​គិត​យ៉ាង​ដូច​ម្តេច​ បើ​សិន​មនុស្ស​ម្នាក់​មាន​សេចក្តី​ជំនឿ​ តែ​គ្មាន​ការ​ស្តាប់​បង្គាប់​ដល់​ព្រះ​?

សូម​អាន​ខ.៣-៥ ម្តង​ទៀត​ ហើយ​បំពេញ​ចន្លោះ​ខាង​ក្រោម។​

លោក​ពេត្រុស​សរសើរ​ដល់​ព្រះ​វរបិតា​ដោយ​ព្រោះ​ទ្រង់​បង្កើត​យើង​ជា      ​តាម​                        ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន                   ​ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ​                     ហើយ​ឲ្យ​យើង​បាន                      ​            ដែល​មិន​ចេះ​ពុក​រលួយ​ដែល​នៅ​ស្ថាន​សួគ៌​ គឺ​ជា                 ដោយ​សារ​សេចក្តី​ជំនឿ។

ការ​ពន្យល់​ និង​ការ​អនុវត្ត៖ ​ខ. ៣-៥ បង្ហាញ​យើង​ឲ្យ​ឃើញ​ថា សេចក្តី​មេត្តា​ករុណា​ដ៏​ធំ​របស់​ព្រះ​បាន​នាំ​     ​ឲ្យ​ព្រះយេស៊ូវ​យាង​មក​រង​ទុក្ខ​សុគត​ ដើម្បី​ឲ្យ​យើង​មាន​សេចក្តី​សង្គ្រោះ មាន​សេចក្តី​សង្ឃឹម​ និង​ទទួល​មរដក​ដែល​មិន​ចេះ​ពុក​រលួយ​នៅ​ស្ថាន​សួគ៌​នៅពេល​ព្រះ​យេស៊ូវ​យាង​ត្រឡប់​មក​វិញ​ម្តង​ទៀត។ មរដក​ដែល​មិន​ចេះ​ពុក​រលួយ​នោះ​គឺជា​ជីវិត​អស់​កល្ប​ជានិច្ច​ ដែល​ព្រះ​បាន​រៀប​ចំ​សំរាប់​អស់​ពួក​អ្នក​ជឿ ហើយ​មរដក​នោះ​ខុស​គ្នា​ស្រឡះ​ពី​មរដក​នៅ​លើ​ផែនដី​ដែល​មនុស្ស​ខិត​ខំ​ស្វែង​រក​និង​បន្សល់​ទុក ដែល​វា​នឹង​ត្រូវ​បាត់​បង់​ជា​ពិត។ សេចក្តី​ពិត​នេះ​គួរ​តែ​រំលឹក​យើង​ជា​គ្រីស្ទ​បរិស័ទ​គ្រប់​ពេល​វេលា​ ខណៈ​ដែល​យើង​កំពុង​រស់​នៅ​ក្នុង​លោកិយ​ដែល​កំពុង​ធ្លាក់​ចុះ​នេះ។

សូម​អាន​ខ. ៦-៩ ម្តង​ទៀត

ពេត្រុស​និយាយ​ថា ​ការ​ដែល​ត្រូវ​រង​ទុក្ខ​ព្រួយ​ និង​សេចក្តី​ល្បួង​ផ្សេង​ៗ​នៅក្នុង​ជីវិត​គ្រីស្ទ​បរិស័ទ​គឺជា​ការ​សាកល​សេចក្តី​ជំនឿ​ ប្រយោជន៍​ឲ្យ​យើង​នឹង​បាន​ទទួល​សេចក្តី​សង្គ្រោះ​ដ៏​ពេញ​លេញ​ដល់​ព្រលឹង​ នៅ​ពេល​ព្រះ​យេស៊ូវ​គ្រីស្ទ​យាង​មក​វិញ។

ចុះ​សំរាប់​អ្នក​វិញ តើ​អ្នក​ធ្លាប់​ជួប​ប្រទះ​នឹង​ទុក្ខ​ព្រួយ និង​សេចក្តី​ល្បួង​ផ្សេង​ៗ​នៅក្នុង​ជីវិត​គ្រីស្ទ​បរិស័ទ​របស់​អ្នក​ដែរ​ឬ​ទេ? ហើយ​តើ​ពេល​នោះ​អ្នក​បាន​គិតថា ​វា​គ្រាន់​តែ​ជា​ការ​សាកល​សេចក្តី​ជំនឿ​របស់​អ្នក​ ហើយ​អ្នក​នៅ​តែ​រក្សា​សេចក្តី​ជំនឿ​ អំណរ​ និង​សេចក្តី​សង្ឃឹម​នៅក្នុង​ព្រះ​អម្ចាស់​ដែរ​ឬ​ទេ?​ តើ​អ្នក​ដឹង​ថា​ខ្លួន​អ្នក​ សមាជិក​ពួក​ជំនុំ​ និង​មិត្តភ័ក្ដិ​គ្រីស្ទ​បរិស័ទ​របស់​អ្នក បាន​រៀប​ចំ​ខ្លួន​ជា​ស្រេច​សំរាប់​ពេល​ព្រះយេស៊ូវ​យាង​មក​វិញ​ហើយ​ឬ​នៅ​?

សូម​អាន​ខ. ១០-១២ ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។

​តើ​ក្រុម​មនុស្ស​ទី​មួយ ​ដែល​ព្រះ​បង្គាប់ ឲ្យ​នាំ​សេចក្តី​សង្ឃឹម​អំពី​សេចក្តី​សង្គ្រោះ​ ​គឺជា​អ្នក​ណា? ហើយ​ក្រុម​ទី​ពីរ​គឺជា​អ្នក​ណា? តើ​សេចក្តី​សង្ឃឹម​អំពី​សេចក្តី​សង្គ្រោះ​នោះ​មាន​នៅ​ក្នុង​អ្វី?

ការ​ពន្យល់​ និង​ការ​អនុវត្ត៖ លោក​ពេត្រុស​និយាយ​ថា ​ពួក​ហោរា​បាន​ទាយ​អំពី​ព្រះ​គ្រីស្ទ​ ការ​រង​ទុក្ខ​និង​សិរីល្អ​របស់​ទ្រង់​ ហើយ​ពួកគេ​បាន​បំរើ​ដល់​ពួក​យើង​ជា​គ្រីស្ទ​បរិស័ទ ទោះ​បើ​ពួកគេ​បាន​រស់​នៅ​ក្នុង​សម័យ​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ក៏​ដោយ។ ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា ព្រះ​គម្ពីរ​សញ្ញា​ចាស់​ទាំង​មូល​បាន​ចែង​អំពី​ទ្រង់​ ហើយ​នៅ​ទីនេះ​លោក​ពេត្រុស​និយាយ​ដូច​គ្នា​ដែរ។ ដូច្នេះ នៅ​ពេល​យើង​អាន​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ សំនួរ​សំខាន់​ដែល​យើង​គួរតែ​សួរ​គឺ «​តើ​ចំនុច​នេះ​ចង្អុល​ទៅ​កាន់​ការ​រង​ទុក្ខ​និង​សិរីល្អ​របស់​ព្រះ​យេស៊ូវ​យ៉ាង​ដូច​ម្តេច?»

រំលឹក​ទ្បើង​វិញ៖ តើ​យើង​បាន​រៀន​អ្វី​ខ្លះ​ចេញ​ពី​១ពេត្រុស​ ១:១-១២?

 

Leave a Reply

Your email address will not be published. Required fields are marked *

*

Top