ការជ្រើសរើស Election

Election pdf download

ការ​ជ្រើស​រើស

សេចក្ដី​ពិត​មួយ​ដែល​ព្រះ​គម្ពីរ​បង្រៀន​ដែល​ធ្វើ​អោយ​គ្រីស្ទ​បរិស័ទ​មាន​ការ​យល់​ច្រឡំ​ជា​ញឹក​ញាប់​គឺ ​ការ​ជ្រើស​រើស ។ ព្រះ​គម្ពីរ​បង្រៀន​យ៉ាង​ច្បាស់​លាស់​ថា ព្រះ​ជ្រើស​រើស​រាស្ត្រ​របស់​ទ្រង់​ ។ ឧទាហរណ៍​ ព្រះ​គម្ពីរ​បង្រៀន​នេះ​អំពី​​ពួក​អ៊ីស្រាអែល (ចោទិយកថា​ ៧:៦-៧; ១០:១៥; ១៤:២; នេហេមា​ ៩:៧; ទំនុកដំកើង​ ៣៣:១២; ១០៥:៦) ហើយ​អំពី​គ្រីស្ទបរិស័ទ​ (ម៉ាថាយ​ ១១:២៧; ២៤:៣១; ម៉ាកុស​ ១៣:២០; យ៉ូហាន​ ១៥:១៦,១៩; រ៉ូម​ ៩:១១-១៣; ១១:៥; អេភេសូរ​ ១:៤-៥; ១ថែស្សាឡូនីច​ ១:៤; ២ថែស្សាឡូនីច​ ២:១៣; ១ពេត្រុស​ ១:២; ២:៩)។  ​

ខគម្ពីរ​ទាំង​លើ​នេះ​គ្រាន់​តែ​ជា​បទ​គម្ពីរ​ខ្លះៗ​ដែល​បង្រៀន​ថា ព្រះ​ជ្រើស​រើស​រាស្ត្រ​របស់​ទ្រង់ ប៉ុន្តែ​នៅ​មាន​ខគម្ពីរ​ដែល​បង្រៀន​ដូច​នេះ​ជា​ច្រើន​ផ្សេង​​ទៀត​។ ទោះ​យ៉ាង​ណា មាន​ការ​ព្រងើយ​កន្តើយ​ចំពោះ​សេចក្តី​ពិត​នេះ​យ៉ាង​ខ្លាំង​។ ជារឿយៗ មិន​មាន​អ្នក​បង្រៀន​ អធិប្បាយ ឬ​សិក្សា​អំពី​សេចក្តី​ពិត​នេះ​ទេ។  ពេល​ខ្លះ​ដោយ​សារ​យើង​គិត​ថា សេចក្តី​ពិត​នេះ​មាន​ការ​ពិបាក​យល់​ណាស់ ឬ​ដោយ​សារ​យើង​គិត​ថា សេចក្តី​ពិត​នេះ​មិន​​មាន​លក្ខណៈ​អនុវត្ត​ និង​មិន​សំខាន់​ទេ ។ ប៉ុន្តែ​​ព្រះ​បង្រៀន​អំពី​សេចក្តី​ពិត​នេះ​ដល់​រាស្ត្រ​របស់​ទ្រង់​ច្រើន​ដង ហើយ​នេះ​បង្ហាញ​ថា វា​គឺជា​សេចក្តី​ពិត​សំខាន់​មួយ​ ដែល​ទ្រង់​ចង់​អោយ​យើង​ដឹង​និង​ចង​ចាំ ។

អ្វី​ដែល​ខគម្ពីរ​ទាំង​នេះ​បង្រៀន​

នៅពេល​យើង​គិត​អំពី​ការ​ជ្រើស​រើស មនុស្ស​ខ្លះ​គិត​ថា ព្រះ​គម្ពីរ​​បង្រៀន​​​ថា ព្រះ​បាន​ជ្រើស​រើស​យើង​ ដោយ​ទ្រង់​​ជ្រាប​​ជា​មុន​ថា អ្នក​នឹង​មាន​សេចក្តី​ជំនឿ​លើ​ព្រះ​យេស៊ូវ។  យោង​តាម​ទស្សនៈ​នេះ ព្រះ​ជ្រើស​រើស​យើង​ ដោយ​ព្រោះ​យើង​មាន​សេចក្តីជំនឿ គឺថា ព្រះ​បាន​ជ្រើស​រើស​យើង​ ដោយ​សារ​អ្វី​ដែល​យើង​ធ្វើ​។ ព្រះ​បាន​ជ្រើស​រើស​យើង​ ដោយ​ព្រោះ​យើង​បាន​ជ្រើស​រើស​ជឿ​ដល់​ទ្រង់​។ ប៉ុន្តែ​នេះ​មិន​មែន​ជា​អ្វី​ដែល​ខគម្ពីរ​ខាង​លើ​បង្រៀន​ទេ។ ខគម្ពីរ​ទាំង​នោះ​បង្រៀន​យ៉ាង​ច្បាស់​លាស់​ថា ព្រះ​បាន​ជ្រើស​រើស​យើង​មុន​ការ​បង្កើត​លោកិយ​មក​ម៉្លេះ (អេភេសូរ ១:៤, ១១) ទ្រង់​បាន​ជ្រើស​រើស​យើង​ មិន​មែន​យើង​បាន​ជ្រើស​រើស​ទ្រង់​ទេ (ដូច​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​សិស្ស​ក្នុង​យ៉ូហាន ១៥:១៦) ហើយ​ជម្រើស​របស់​ព្រះ​មិន​ផ្អែក​លើ​សកម្ម​ភាព​របស់​យើង​ទេ ប៉ុន្តែ​ផ្អែកលើ​ជម្រើស​ដ៏​មាន​អធិបតេយ្យភាព​របស់​ទ្រង់​វិញ​ (រ៉ូម ៩:១១-១៦) ។

ការ​អនុវត្ត​

មាន​​​មូលហេតុ​​ខ្លះៗ​នៅ​ក្នុង​ព្រះ​គម្ពីរ ដែល​ព្រះ​បន្ត​បង្រៀន​សេចក្តី​ពិត​នេះ​ដល់​រាស្ត្រ​របស់​ទ្រង់​ ។

. ធ្វើ​អោយ​យើង​បន្ទាប​ខ្លួន ។ ប្រសិន​បើ​ព្រះ​បាន​ជ្រើស​រើស​យើង​ ដោយ​សារ​ការ​ល្អ​នៅ​ក្នុង​ខ្លួន​របស់​យើង​ នោះ​យើង​​អាច​មាន​អំនួត​នៅក្នុង​ខ្លួន​របស់​យើង​ ។ ប៉ុន្តែ​១កូរិនថូស ១:២៦-៣១ បង្រៀន​​​ថា ព្រះ​មិន​បាន​ជ្រើស​រើស​យើង​ដោយ​សារ​តែ​អ្វី​ដែល​យើង​អាច​អួត​អំពី​ឡើយ​។ ព្រះ​បង្រៀន​សេចក្តី​ពិត​នេះ​ដើម្បី​ធ្វើ​អោយ​យើង​ចេះ​បន្ទាប់ និង​មនុស្ស​ទាំង​អស់​ចេះ​បន្ទាប​ខ្លួន​ផង​ដែរ។ ប្រសិន​បើ​ខ្ញុំ​គឺជា​ម្នាក់​នឹង​ជ្រើស​រើស​អ្នក​ដែល​នឹង​លេង​បាល់​ទាត់​នៅក្នុង​ក្រុម​បាល់ទាត់​កម្ពុជា ដើម្បី​តំណាង​អោយ​ប្រទេស​កម្ពុជា នោះ​បើ​សិន​ជា​​​ខ្ញុំ​នឹង​ជ្រើស​រើស​កីឡាករ​ម្នាក់​អន់​មែន​ទែន ដោយ​ព្រោះ​ខ្ញុំ​ចង់​បង្ហាញ​សេចក្តី​សន្ដានចិត្ត​ល្អ​ដល់​គាត់ ការ​នេះ​មិន​នាំ​អោយ​គាត់​អាច​មាន​អ្វី​អួត​បាន​ឡើយ​។ ដូច​គ្នា​ដែរ នៅពេល​ព្រះ​ជ្រើស​រើស​យើង មិន​មាន​អ្វី​ដែល​យើង​អាច​អួត​​បាន​ឡើយ​ ប៉ុន្តែ​យើង​អួត​អំពី​ព្រះ​វិញ (១កូរិនថូស ១:៣១) ។  ក៏​សំរាប់​អ៊ីស្រាអែល​ផង​ដែរ ទ្រង់​ប្រាប់​ពួកគេ​ថា វា​មិន​ដោយសារ​តែ​ភាព​អស្ចារ្យ​របស់​ពួក​គេ​ ដែល​ទ្រង់​បាន​ជ្រើស​រើស​ពួកគេ​ឡើយ (ចោទិយកថា ៧:៦-៧) ។ ប្រសិន​បើ​យើង​គិត​ថា ព្រះ​បាន​ជ្រើស​រើស​យើង​ ដោយ​ព្រោះ​អ្វី​ដែល​យើង​បាន​ធ្វើ នោះ​យើង​អាច​មាន​អំនួត​លើស​អ្នក​ដទៃ​ទៀត​ដែល​មិន​មាន​ជំនឿ។ យើង​អាច​គិត​ថា យើង​ល្អ​ជាង​ពួកគេ។ ព្រះ​មិន​ចង់​អោយ​យើង​គិត​របៀប​នេះ​ឡើយ។ ប្រសិន​បើ​ព្រះ​បាន​ជ្រើសរើស ដោយ​ផ្អែក​លើ​អ្វី​ដែល​យើង​បាន​ធ្វើ នោះ​យើង​មិន​បាន​សង្គ្រោះ​ដោយ​សារ​ព្រះគុណ​នោះ​ឡើយ។  ប៉ុន្តែ​យើង​ពិត​ជា​បាន​សង្គ្រោះ​ដោយ​សារ​ព្រះ​គុណ​មែន អញ្ចឹង​វា​ត្រូវ​តែ​ជា​ជម្រើស​​របស់​ទ្រង់​ផ្ទាល់។ ហើយ​ដោយ​សារ​ព្រះគុណ​ដែល​ព្រះ​បាន​ជ្រើស​រើស​យើង​ នោះ​យើង​មិន​មាន​អ្វី​អួត​អំពី​ឡើយ​។

. លើក​ទឹក​​ចិត្ត​​និង​កំសាន្ត​ចិត្ត​រាស្ត្រ​របស់​ទ្រង់ ។ រាស្ត្រ​របស់​ទ្រង់​អាច​ជួប​ស្ថាន​ភាព​លំបាក​នៅ​ក្នុង​លោកិយ​នេះ ហើយ​ពេលខ្លះ ពួកគេ​​ប្រហែល​ជា​​​សង្ស័យ​ថា ព្រះ​បាន​បដិសេធ​ពួកគេ ឬ​ឈប់​ស្រលាញ់​ពួកគេ​ទៀត​ហើយ​។ ពេញ​ក្នុង​ប្រវត្តិសាស្ត្រ​ នៅពេល​រាស្ត្រ​របស់​ព្រះ​បាន​សង្ស័យ​​លើ​ព្រះ​ ទ្រង់​រំលឹក​ពួកគេ​តាម​រយៈ​ព្រះ​បន្ទូល​ថា ទ្រង់​បាន​ជ្រើស​រើស​ពួកគេ​ ក្នុង​គោល​បំណង​លើក​ទឹក​ចិត្ត​ពួកគេ (ឧ. សំរាប់​អ៊ីស្រាអែល អេសាយ ៤១:៨-៩ សំរាប់​គ្រីស្ទ​បរិស័ទ រ៉ូម ៨:២៨-៣៩)។ ការ​ចង់​ចាំ​ថា ទ្រង់​បាន​ជ្រើស​រើស​យើង ជួយ​អោយ​យើង​យល់​ថា យើង​គឺជា​កម្ម​សិទ្ធិ​របស់​ទ្រង់ យើង​ជា​របស់​ទ្រង់ ហើយ​ទ្រង់​នឹង​ថែរក្សា​យើង។  នេះ​មិន​​មាន​ន័យ​ថា យើង​នឹង​មិន​មាន​បញ្ហា​នៅ​ក្នុង​ជីវិត​នោះ​ទេ ប៉ុន្តែ​ជីវិត​​​អស់កល្ប​ជានិច្ច​របស់​យើង​មានការ​ធានា ពីព្រោះ​ទ្រង់​បាន​ជ្រើស​រើស​យើង​នៅ​ក្នុង​ព្រះគ្រីស្ទ។

. លើក​ទឹក​ចិត្ត​យើង​អោយ​បំរើ​ព្រះ និង​មាន​ជីវិត​​បរិសុទ្ធ ។ ព្រះ​បាន​ជ្រើស​រើស​អ៊ីស្រាអែល​អោយ​បាន​បរិសុទ្ធ​សំរាប់​ទ្រង់ (ចោទិយកថា ៧:៦) ហើយ​ក៏​ដូច​គ្នា​សំរាប់​គ្រីស្ទ​បរិស័ទ​នៅ​ក្នុង​សម្ព័ន្ធ​មេត្រី​ថ្មី​ផង​ដែរ។ ជា​ឧទាហរណ៍ អេភេសូរ ១:៤ ​សរសេរ​​ថា «តាម​ដែល​ទ្រង់​បាន​រើស​យើង​ រាល់​គ្នា​ក្នុង​ព្រះគ្រីស្ទ តាំង​ពី​មុន​កំណើត​លោកីយ៍​មក​ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​បាន​បរិសុទ្ធ» (សូម​មើល​យ៉ូហាន ១៥:១៩ ផង​ដែរ)។ ប្រសិន​បើ​ខ្ញុំ​ជា​អ្នក​ជ្រើស​រើស​មនុស្ស​លេង​បាល់​ទាត់​នៅ​ក្នុង​ក្រុម​បាល់ទាត់​កម្ពុជា ដើម្បី​តំណាង​អោយ​ប្រទេស​កម្ពុជា នោះ​​បើ​សិន​ជា​​ខ្ញុំ​ជ្រើស​រើស​កីឡាករ​ម្នាក់ បន្ទាប់​មក​កីឡាករ​នោះ​គួរ​តែ​លេង​បាល់​ទាត់​សំរាប់​កម្ពុជា។ នោះ​គឺជា​អ្វី​ដែល​គាត់​ត្រូវ​បាន​ខ្ញុំ​ជ្រើសរើស​អោយ​ធ្វើ។ វា​ជា​ការ​ខុស​ប្រសិន​បើ​ក្រុម​បាល់​ទាត់​កម្ពុជា​បាន​មានការ​ប្រកួត​មួយ​ជាមួយ​ប្រទេស​មួយ​ទៀត ហើយ​កីឡាករ​ដែល​ខ្ញុំ​បាន​ជ្រើស​រើស​នោះ​បែរ​ជា​ទៅ​ស្ទូច​ត្រី​វិញ​នោះ។ ដូចគ្នា​ដែរ ប្រសិន​បើ​ព្រះ​បាន​ជ្រើស​រើស​យើង​អោយ​បាន​បរិសុទ្ធ​ នោះ​ហើយ​ជា​អ្វី​ដែល​យើង​គួរ​តែ​ធ្វើ។

ការ​ចង​ចាំ​ថា យើង​មាន​ពរ​ដោយ​សារ​ទ្រង់​បាន​ជ្រើស​រើស​យើង (ទំនុក​ដំកើង ៣៣:១២) លើក​ទឹក​ចិត្ត​យើ​ង​អោយ​ចេះ​អរព្រះគុណ​ និង​បំរើ​ទ្រង់។ ការ​ចង​ចាំ​ថា ទ្រង់​បាន​ជ្រើស​រើស​យើង​ជួយ​យើង​អោយ​យល់​ថា យើង​ជា​កម្ម​សិទ្ធិ​របស់​ទ្រង់ យើង​ជា​របស់​ទ្រង់ ដូច្នេះ​យើង​គួរតែ​បំរើ​ទ្រង់។  ដូច្នេះ នេះ​គឺជា​សេចក្តី​ពិត​មួយ​​ដ៏​សំខាន់​សំរាប់​អស់​អ្នកជឿ​នៅ​ក្នុង​ព្រះ​គ្រីស្ទ​អោយ​រំលឹក​ខ្លួន​ឯង​ជា​រៀង​រាល់​ព្រឹក​។ ជា​រៀង​រាល់​ព្រឹក​ ប្រាប់​ខ្លួន​ឯង​យើង​ថា ព្រះ​បាន​ជ្រើស​រើស​ខ្ញុំ ដូច្នេះ ខ្ញុំ​ជា​របស់​ទ្រង់ ខ្ញុំ​គួរ​តែ​បរិសុទ្ធ​ ហើយ​ខ្ញុំ​គួរ​តែ​បំរើ​ព្រះ​នៅ​ថ្ងៃ​នេះ​ ដោយ​អរព្រះគុណ។

. បែង​ចែក​អស់​អ្នក​ដែល​ពិត​ជា​រាស្ត្រ​របស់​ទ្រង់​ ។ មាន​មនុស្ស​ជាច្រើន​ដែល​អះអាង​ថា​គេ​​ស្គាល់​ព្រះ​យេស៊ូវ​ ប៉ុន្តែ​នៅ​ថ្ងៃ​ចុង​ក្រោយ​ ព្រះ​យេស៊ូវ​នឹង​បើក​សំដែង​ថា ទ្រង់​មិន​ស្គាល់​ពួកគេ ហើយ​ទ្រង់​នឹង​បដិសេធ​ពួកគេ (ម៉ាថាយ ៧:២១-៣៣) ។ ប៉ុន្តែ អស់​អ្នក​ដែល​ជា «អ្នក​ជ្រើស​តាំង» នឹង​បាន​ជួប​ជុំ​គ្នា​ជាមួយ​ព្រះ​យេស៊ូវ (ម៉ាកុស ១៣:២៧; រ៉ូម ១១:៧) ។

ដូច្នេះ យើង​ឃើញ​ថា នេះ​គឺ​ជា​សេចក្តី​ពិត​សំខាន់​មួយ​សំរាប់​គ្រីស្ទ​បរិស័ទ​គ្រប់​​រូប​រៀន​ ចង​ចាំ និង​អនុវត្ត​នៅក្នុង​ជីវិត​។ ចូរ​បន្ទាប​ខ្លួន និង​ទទួល​ការ​លើក​ទឹក​ចិត្ត​ដោយ​សេចក្តី​ពិត​ដែល​ថា ព្រះ​បាន​ជ្រើស​រើស​យើង​នៅក្នុង​ព្រះគ្រីស្ទ ហើយ​បាន​លើក​ទឹកចិត្ត​យើង​អោយ​បំរើ​ទ្រង់​ដោយ​ទឹក​ចិត្ត​អរព្រះគុណ។​

 

Leave a Reply

Your email address will not be published. Required fields are marked *

*

Top