យ៉ូហាន ១៤:១-១៤ John 14:1-14

John 14.1-14

យ៉ូហាន​ ១៤:១៤

ការ​រំលឹក៖ នៅ​ក្នុង​យ៉ូហាន​ ១៣​:៣១-៣៨ យើង​បាន​រៀន​ថា សេចក្តី​បង្គាប់​របស់​ព្រះយេស៊ូវ​ដែល​ថា ពួក​សិស្ស​គួរ​តែ​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅមក​គឺ​ថ្មី ពីព្រោះ​ពួកគេ​គួរតែ​ស្រលាញ់ «ដូច​ដែល​ទ្រង់​បាន​ស្រលាញ់​ពួក​គេ​ដែរ»។  នៅ​ពេល​គ្រីស្ទ​បរិស័ទ​មិន​ស្រលាញ់​គ្នា​ទៅវិញ​ទៅមក វា​បំផ្លាញ​ទីបន្ទាល់​របស់​ពួកគេ​នៅ​ចំពោះមុខ​លោកិយ។  នឹង​មាន​ពេល​មួយ ​ដែល​ទ្រង់​នឹង​ឃ្លាត​ចេញ​ពី​ពួក​សិស្ស​របស់​ទ្រង់។ ព្រះ​យេស៊ូវ​នឹង​យាង​ទៅ​ឯ​ការ​សុគត​ ហើយ​បន្ទាប់​មក​យាង​ទៅ​ឯ​ព្រះ​វរបិតា​របស់​ទ្រង់​វិញ។ វា​មិន​ទាន់​ដល់​ពេល​ ដែល​ពេត្រុស​អនុវត្ត​តាម​គំរូ​នេះ​នៅពេល​ឥឡូវ​នេះ​ទេ គឺ​ពេល​វេលា​សម្រាប់​ពេត្រុស​នឹង​មកដល់​នៅពេល​ក្រោយ​មក​ទៀត​ (២១:១៨-១៩)។

សូម​អាន​យ៉ូហាន​ ១៤:១-១៤ ទាំង​មូល។​ ​

ចូរ​អាន​ ខ.១-៤ ទ្បើង​វិញ ​ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។​

តើ​ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​មិន​គួរ​មាន​ការ​ថប់​បារម្ភ?

ការ​ពន្យល់៖  ទឹក​ចិត្ត​របស់​ពួក​សិស្ស​ថប់​បារម្ភ ពីព្រោះ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ពួកគេ​ថា កន្លែង​ដែល​ទ្រង់​នឹង​ទៅ ពួក​គេ​មិន​អាច​ទៅ​តាម​បាន​ទេ។ ពួក​គេ​បាន​ដើរ​តាម​ទ្រង់​អស់​រយៈ​ពេល​បី​ឆ្នាំ​ហើយ ប៉ុន្តែ​ឥឡូវ​មាន​ពេល​មួយ​ដែល​ពួក​គេ​នឹង​ឃ្លាត​ពី​ទ្រង់។ ប៉ុន្តែ​ពួក​គេ​នៅ​តែ​មិន​បាន​យល់ថា ព្រះយេស៊ូវ​នឹង​យាង​ទៅ​ណា​ទេ។ នៅក្នុង​បទ​គម្ពីរ​នេះ ព្រះ​យេស៊ូវ​ពន្យល់​បន្ថែម​អំពី​កន្លែង​ដែល​ទ្រង់​នឹង​យាង​ទៅ (ស្ថានសួគ៌ ដែល​ជា​ដំណាក់​របស់​ព្រះវរបិតា​របស់​ទ្រង់​) ហើយ​ថា ការ​ឃ្លាត​ពី​ពួក​សិស្ស​នោះ​គឺជា​សេចក្តីល្អ​សំរាប់​ពួកគេ​ទេ ពីព្រោះ​នៅពេល​ទ្រង់​យាង​ទៅ​មុន​ពួកគេ​ នោះ​ទ្រង់​នឹង​រៀប​ចំកន្លែង​មួយ​សំរាប់​ពួកគេ។ ព្រះ​យេស៊ូវ​រៀប​ចំកន្លែង​មួយ​សំរាប់​យើង​នៅ​ក្នុង​ដំណាក់​របស់​ព្រះវរបិតា​របស់​យើង​ តាម​រយៈ​ការ​សុគត​និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់។ «ខ្ញុំ​នឹង​ត្រឡប់​មក​វិញ​» ប្រហែល​ជា​សំដៅ​លើ​ការ​យាង​មក​វិញ​របស់​ព្រះ​យេស៊ូវ​នៅ​ក្នុង​ថ្ងៃ​អនាគត។

អធិបតេយ្យ​ភាព​និង​សេចក្តីល្អ​របស់​ព្រះ​គឺជា​មូល​ដ្ឋាន​គ្រឹះ​នៃ​សេចក្តី​បង្រៀន​របស់​ព្រះ​យេស៊ូវ​នៅ​ទី​នេះ។ ព្រះវរបិតា​និង​ព្រះ​រាជបុត្រា​មាន​អំណាច​បំពេញ​សំរេច​នូវ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​សន្យា​ បើ​មិន​ដូច្នោះ យើង​មិន​អាច​ទុក​ចិត្ត​ទ្រង់​បាន​ទេ ហើយ​ចិត្ត​របស់​យើង​នៅ​តែ​ថប់​បារម្ភ។

ជញ្ជឹង​គិត​៖ តើ មាន​អ្វី​នាំ​អោយ​អ្នក​រន្ធត់​ចិត្ត​ដែរ​ទេតើ ព្រះបន្ទូល​របស់​ព្រះ​យេស៊ូវ​នៅ​ទី​នេះ​បាន​លើក​ទឹក​ចិត្ត​អ្នក​យ៉ាង​ដូច​ម្ដេចតើ​អ្នក​ជឿ​ថា ព្រះវរបិតា​និង​ព្រះរាជបុត្រា​មាន​អំណាច​ព្រះ​ចេស្ដា​សំរេច​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​សន្យា​ដែរ​ឬទេ?

ចូរ​អាន ​ខ.៥-៦។  ហេតុ​អ្វី​បាន​ជា​លោក​ថូម៉ាស​បាន​គិត​ថា យើង​មិន​អាច​ស្គាល់​ផ្លូវ​ទេ?

ព្រះ​យេស៊ូវ​គឺ​ជា​ផ្លូវ​ទៅ​ឯ​ណា?

តើ​មនុស្ស​អាច​ទៅ​ឯ​ព្រះវរបិតា​តាម​ផ្លូវ​ណា​ផ្សេង​ក្រៅពី​តាម​រយៈ​ព្រះយេស៊ូវ​ដែរ​ឬទេ?

ការ​ពន្យល់៖  ចំលើយ​របស់​ព្រះយេស៊ូវ​ពន្យល់​អំពី​កន្លែង​ដែល​ទ្រង់​នឹង​យាង​ទៅ​ ហើយ​និង​ផ្លូវ​ទៅ​កន្លែង​នោះ។ ព្រះ​យេស៊ូវ​មិន​គ្រាន់​តែ​មាន​បន្ទូល​ថា ទ្រង់​ស្គាល់​សេចក្តី​ពិត​ ឬ​ទ្រង់​បង្រៀន​អំពី​សេចក្តី​ពិត​ទេ ប៉ុន្តែ​ក៏​មាន​បន្ទូល​ថា ទ្រង់​គឺជា​សេចក្តី​ពិត​នោះ​ឯង។  ព្រះ​យេស៊ូវ​មិនគ្រាន់​តែ​មាន​បន្ទូល​ថា ទ្រង់​ស្គាល់​ជីវិត​ ឬ​ទ្រង់​បង្រៀន​អំពី​ជីវិត​ទេ ប៉ុន្តែ​ទ្រង់​ក៏​ជា​ជីវិត​នោះ​ឯង។ ម្តង​ទៀង ទ្រង់​គឺ​ជា​ផ្លូវ​ ពីព្រោះ​តាម​រយៈ​ការ​សុគត​និង​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់​បើក​ផ្លូវ​ទៅ​ឯ​ព្រះវរបិតា។ មាន​តែ​អស់​អ្នក​ណា​ដែល​ស្អាត​ទេ ដែល​អាច​ចូល​ទៅក្នុង​ដំណាក់​របស់​ព្រះវរបិតា​បាន​ ហើយ​ព្រះយេស៊ូវ​គឺ​ជា​យញ្ញបូជា​តែ​មួយ ដែល​ព្រះ​វរបិតា​ទទួល​យក​ ហើយ​ដែល​អាច​សំអាត​យើង​បាន។  នេះ​គឺ​ជា​មូល​ហេតុ​ដែល​ព្រះយេស៊ូវ​ គឺ​ជា​ផ្លូវ​តែ​មួយ​គត់​ទៅ​ឯ​ព្រះវរបិតា។ សូម​ចង​ចាំ​ថា ព្រះ​យេស៊ូវ​បាន​បង្រៀន​សេចក្តី​ពិត​នេះ​នៅ​យប់​មុន​ថ្ងៃ​ដែល​ទ្រង់​បាន​សុគត ហើយ​គោល​បំណង​នៃ​សេចក្តី​បង្រៀន​នេះ​ គឺ​ដើម្បី​ពន្យល់​អំពី​អ្វី​ដែល​ព្រះយេស៊ូវ​បាន​សំរេចតាមរយៈ​ការ​សុគត​ និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់។ ដូច្នេះ នៅពេល​យើង​អនុវត្ត​ពាក្យ​ទាំង​អស់​នៅ​ក្នុង​ជំពូក​ទាំង​នេះ ដូច​ជា​កុំ​ថប់​បារម្ភ ទុក​ចិត្ត​លើ​ព្រះ​យេស៊ូវ ព្រះ​យេស៊ូវ​គឺ​ជា​ផ្លូវ…យើង​មិន​ត្រូវ​បំបែក​ពាក្យ​ទាំង​នេះ​ចេញ​ពី​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​បន្ទាប់​មក​ទៀត​អោយ​សោះ គឺ​ការ​សុគត​ និង​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ។ ​

ព្រះ​យេស៊ូវ​ក៏​ជា​ផ្លូវ​ទៅ​ឯ​ព្រះ​ផង​ដែរ ពីព្រោះ​ទ្រង់​គឺ​ជា​សេចក្តី​ពិត គឺ​ទ្រង់​បាន​នាំ​សេចក្តី​ពិត​របស់​ព្រះ​មក​ក្នុង​លោកិយ (១:១៤, ១៧; ៨:៣២, ៤០, ៤៥–៤៦; ១៤:៦; ១៨:៣៧)។ ព្រះ​យេស៊ូវ​ក៏​ជា​ផ្លូវ​ទៅ​ឯ​ព្រះវរបិតា​ផង​ដែរ ពីព្រោះ​ទ្រង់​គឺ​ជា​ជីវិត  (១:៤; ៦:៣៣, ៣៥, ៤៨, ៥១; ១១:២៥)។

មនុស្ស​ជា​ច្រើន​ត្អូញត្អែរ​អំពី​សេចក្តី​បង្រៀន​នេះ​ដែល​ថា ព្រះ​យេស៊ូវ​គឺ​ជា​ផ្លូវ​តែ​មួយ​គត់។ ពួកគេ​និយាយ​ថា គំនិត​នេះ​តូច​ចង្អៀត​ណាស់។ ប៉ុន្តែ​យើង​មិន​គួរ​ត្អូញត្អែរ​ថា ព្រះ​បាន​ប្រទាន​ផ្លូវ​តែ​មួយ ពីព្រោះ​យើង​ត្រូវ​ការ​ផ្លូវ​តែ​មួយ ហើយ​ព្រះ​បាន​ប្រទាន​ផ្លូវ​នោះ​តាម​រយៈ​សេចក្តី​មេត្តា​ករុណា ​និង​ព្រះរាជបុត្រា​តែ​មួយ​របស់​ទ្រង់​ផ្ទាល់។

ជញ្ជឹង​គិត​៖ តើ​ការ​ទៅ​ឯ​ដំណាក់​នៃ​ព្រះវរបិតា​មាន​សារៈសំខាន់​បំផុត​សំរាប់​អ្នក ឬអ្វី​ផ្សេង​ដូចជា ការ​សប្បាយ​រីក​រាយ ផ្ទះ ឡាន អាហារ…មាន​សារៈសំខាន់​ជាង​សំរាប់​អ្នក? ប្រើ​សិន​ការ​ទៅ​ឯ​ដំណាក់​នៃ​ព្រះវរបិតា​មាន​សារៈ​សំខាន់​បំផុត​សំរាប់​អ្នក តើ​អ្នក​បង្ហាញ​សារៈ​សំខាន់​នោះ​នៅក្នុង​ជីវិត​យ៉ាង​ដូច​ម្តេច?

ចូរ​អាន​ ខ.៧-៨។  តើ​មនុស្ស​ដែល​ស្គាល់​ព្រះយេស៊ូវ​ក៏​ស្គាល់​ព្រះ​វរបិតា​ផង​ដែរ​ទេ?​

តើ​ហេតុ​អ្វី​ការ​ឆ្លើយ​តប​របស់​ភីលីព​បង្ហាញ​ថា គាត់​មិន​យល់​ព្រះ​យេស៊ូវ​មាន​បន្ទូល?

ចូរ​អាន​ ខ.៩-១១។

ធ្វើ​ដូច​ម្ដេច​អោយ​យើង​ខ្ញុំ​អាច​មើល​ឃើញ​ព្រះ​វរបិតា​បាន?

ការ​ពន្យល់​និង​ការ​អនុវត្ត​៖  ការ​ដែល​ព្រះ​យេស៊ូវ​បាន​បើក​សំដែង​ព្រះ​វរបិតា​ គឺ​ជា​ប្រធាន​បទ​ដ៏​សំខាន់​នៅ​ក្នុង​កណ្ឌ​យ៉ូហាន។  មាន​របៀប​តែ​មួយ​គត់ ​ដែល​យើង​អាច​ស្គាល់​ព្រះជាម្ចាស់​ គឺ​ព្រះអង្គ​បើក​សំដែង​អង្គ​ទ្រង់។  យើង​មិន​អាច​ស្គាល់​ព្រះជាម្ចាស់​តាម​រយៈ​ទស្សនវិជ្ជា សាសនា ​ឬ​ប្រពៃណី​របស់​មនុស្ស​លោក​បាន​ទេ ប៉ុន្តែ​តាម​រយៈ​ការ បើក​សំដែង​ ហើយ​ទី​បំផុត​ទ្រង់​បាន​បើក​សំដែង​អង្គ​ទ្រង់​តាម​រយៈ​ព្រះគ្រីស្ទ។​  ក្នុង​ករណី​ដែល​យើង​ស្គាល់​ព្រះ​យេស៊ូវ​ នោះ​យើង​ស្គាល់​ព្រះ​វរបិតា​ផង​ដែរ។  ក្នុង​ករណី​ដែល​មនុស្ស​ម្នាក់​មិន​ស្គាល់​ព្រះគ្រីស្ទ​ អ្នក​នោះ​ក៏​មិន​ស្គាល់​ព្រះជាម្ចាស់​ផង​ដែរ។  ​

តើ​មនុស្ស​ព្យាយាម​ដើម្បី​ស្គាល់​ព្រះ ឬ​ទៅ​ស្ថាន​សួគ៌​តាម​របៀប​ណាខ្លះ ដែល​ក្រៅ​ពី​តាម​រយៈ​ព្រះ​យេស៊ូវ?

ចូរ​អាន​ ខ.១២-១៤។

អ្នក​ណា​ជឿ​លើ​ព្រះគ្រីស្ទ​ អ្នក​នោះ​នឹង​ធ្វើអ្វីខ្លះ?

ការ​ពន្យល់​និង​ការ​អនុវត្ត​៖  តើ ព្រះ​យេស៊ូវ​មាន​ន័យ​យ៉ាង​ម៉េច?  ក្រោយ​មក​ទៀត ពួក​សិស្ស​ពិតជា​បាន​ប្រោស​ជំងឺ​ដោយ​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវ ពេត្រុស​បាន​អធិស្ឋាន ហើយ​ដូកាស​បាន​រស់​ឡើង​វិញ (កិច្ច​ការ ៩:៣៦-៤២)​ ហើយ​តាម​រយៈ​ព័ន្ធ​កិច្ច​របស់​ប៉ុល អ៊ើទីកុស​បាន​រស់​ឡើង​វិញ (កិច្ច​ការ ២០:៧-២០)។ ប៉ុន្តែ​ពួកគេ​មិន​បាន​ធ្វើ​ការ​អស្ចារ្យ​ចំអែត​ហ្វូង​បណ្តាជន បង្ក្រាប​ខ្យល់​ព្យុះ ប្រោស​មនុស្ស​ខ្វាក់​ពី​កំណើត​អោយ​មើល​ឃើញ ឬ​ហៅ​មនុស្ស​ចេញពី​ផ្នូរ ដែល​ស្លាប់​បួន​ថ្ងៃ​ទៅ​ហើយ​នោះ​ឡើយ។ ការ​ងារ​របស់​ពួក​សិស្ស​មិន​បាន​បើក​សំដែង​អំពី​ព្រះ​វរបិតា​ស្មើ​នឹង​ព្រះ​យេស៊ូវ​បាន​ធ្វើ​នៅ​ក្នុង​ព័ន្ធ​កិច្ច​និង​សេចក្តី​បង្រៀន​របស់​ទ្រង់​នោះ​ទេ។ លើស​ពី​នេះ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា បាវ​បំរើ​មិន​ធំជាង​ចៅហ្វាយ​របស់​ខ្លួន​ឡើយ (១៣:១៦)។ គ្មាន​គ្រីស្ទ​បរិស័ទ​ណា​ម្នាក់ ​ចាប់​តាំង​ពី​សម័យ​ព្រះយេស៊ូវ បាន​ធ្វើ​ការ​អស្ចារ្យ​ធំជាង​ទ្រង់​ឡើយ។

ចូរ​កត់​សំគាល់​ថា គោល​ដៅ​របស់​ព្រះ​យេស៊ូវ​ក្នុង​ការ​ប្រទាន​តាម​អ្វី​ដែល​យើង​ទូល​សូម​ក្នុង​ព្រះ​នាម​របស់​ទ្រង់​គឺ ដើម្បី​អោយ​ទ្រង់​អាច​ថ្វាយ​សិរីល្អ​ដល់​ព្រះវរបិតា។ មិន​មែន​ដើម្បី​អោយ​យើង​អាច​ទទួល​បាន​គ្រប់​យ៉ាង​ដែល​យើង​ចង់​បាន ឬ​ដើម្បី​ព្រះ​នឹង​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​របស់​យើង​នោះ​ឡើយ។ ព្រះ​យេស៊ូវ​មិន​បាន​និយាយ​ថា «ចូរ​ទូល​សូម​ផ្ទះ​ធំ​ស្អាត​មួយ​នៅក្នុង​ព្រះ​នាម​ព្រះយេស៊ូវ នោះ​អ្នក​នឹង​ទទួល​បាន​» ឡើយ។  តើ​ព្រះ​ទទួល​សិរីល្អ​បាន​ដោយ​របៀប​ណា? នៅ​ក្នុង​កណ្ឌ​យ៉ូហាន ការ​ដែល​នាំ​សិរីល្អ​ដល់​ព្រះ​រួម​មាន (១) ការ​ប្រោស​ឡាសា​អោយ​រស់​ពី​ស្លាប់​ឡើង​វិញ (១១:៤) (២) ការ​ស្តាប់​បង្គាប់​របស់​ព្រះ​យេស៊ូវ​ក្នុង​ការ​ទៅ​ឯ​ឈើ​ឆ្កាង (១២:២៨; ១៣:៣១-៣២) (៣)ការ​បង្កើត​ផល​ផ្លែ​នៅ​ក្នុង​ជីវិត​របស់​ពួក​សិស្ស​របស់​ព្រះយេស៊ូវ (១៥:៨) (៤) ការ​ដែល​ព្រះយេស៊ូវ​បំពេញ​បញ្ចប់​ការ​ងារ​ ដែល​ព្រះ​វរបិតា​បាន​អោយ​ទ្រង់​ធ្វើ​នៅ​លើ​ផែនដី (១៧:៤) ហើយ​ (៥) ការ​ស្លាប់​របស់​ពេត្រុស (២១:១៩)។ ការ​ទាំង​នេះ​បង្ហាញ​ថា អ្វី​ដែល​នាំ​សិរីល្អ​ថ្វាយ​ដល់​ព្រះវរបិតា​គឺ​ជា​ការ​ស្តាប់​បង្គាប់​របស់​យើង​ ក្នុង​ ​បំណង​ព្រះហឫទ័យ​របស់​ព្រះ​វរបិតា។ សេចក្តី​អធិស្ឋាន​ទាំង​អស់​របស់​យើង​នៅក្នុង​ព្រះ​នាម​ព្រះយេស៊ូវ ដែល​មាន​គោលដៅ​នៃ​ការ​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ ត្រូវ​តែ​ចុះ​ចូល​តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ។ ​

ចូរ​កត់​សំគាល់​ផង​ដែរ​ថា អស់​អ្នក​ជឿ​នឹង​ធ្វើការ​ធំជាង ពីព្រោះ​ព្រះ​យេស៊ូវ​នឹង​ទៅ​ឯ​ព្រះវរបិតា​វិញ (ខ. ១២)។ កិច្ច​ការ​ទាំង​អស់​របស់​ព្រះយេស៊ូវ ដែល​ទ្រង់​កំពុង​លើក​ឡើង គឺ​ជា​កិច្ច​ការ​នៅ​មុន​ពេល​ព្រះ​បាន​សុគត មាន​ព្រះជន្ម​រស់​ឡើង​វិញ និង​យាង​ឡើង​ទៅ​ឯ​ព្រះ​វរបិតា​វិញ។ ឥឡូវ​នេះ​ យើង​ធ្វើ​បន្ទាល់​ចំពោះ​ការ​សុគត ការ​មាន​ព្រះជន្ម​រស់​ពី​សុគត និង​ការ​យាង​ទៅ​ឯ​ព្រះវរបិតា​របស់​ព្រះ​យេស៊ូវ។

នៅពេល​អ្នក​អធិស្ឋាន តើ​អ្នក​មាន​ការ​លើក​ទឹក​ចិត្ត​ដោយ​សិរីល្អ​របស់​ព្រះ ដែល​ថា​ ទ្រង់​នឹង​ទទួល​បាន​សិរីល្អ​ដោយ​គ្រប់​យ៉ាង​នៅក្នុង​ជីវិត​របស់​យើង​ រួម​ទាំង​សេចក្តី​អធិស្ឋាន​របស់​យើង​ និង​ការ​ឆ្លើយ​តប​របស់​ព្រះ​ចំពោះ​សេចក្តី​អធិស្ឋាន​របស់​យើង​ដែរ​ឬ​ទេ?

រំលឹក​ទ្បើង​វិញ៖ តើ​យើង​បាន​រៀន​អ្វី​ខ្លះអំពី​ព្រះ​យេស៊ូវ​ក្នុង​យ៉ូហាន​ ១៤:១៤?

ការ​អនុវត្ត​៖ តាម​អ្វី​ដែល​អ្នក​បាន​រៀន​តាម​រយៈ​បទ​គម្ពីរ​នេះ តើ​អ្នក​ត្រូវ​យក​វា​មក​អនុវត្ត​យ៉ាង​ដូច​ម្តេច​នា​ពេល​សព្វ​ថ្ងៃ​នេះ?

Leave a Reply

Your email address will not be published. Required fields are marked *

*

Top