ឋានន្តររបស់ព្រះយេស៊ូវ៖ ព្រះអម្ចាស់ Titles of Jesus: Lord

Lord pdf download

ឋានន្តរ​៖ ព្រះអម្ចាស់​

ឋានន្តរ​ជា «​ព្រះ​អម្ចាស់»​ គឺ​ជា​ឋានន្តរ​ទីពីរ​របស់​ព្រះ​យេស៊ូវ​ ដែល​ព្រះគម្ពីរ​សញ្ញាថ្មី​បាន​ប្រើ​ច្រើន​បំផុត។ គោល​ជំនឿ​រួម​របស់​ពួក​ជំនុំ​ដំបូង​គឺ​ «ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​អម្ចាស់»។

ការ​ប្រើ​ពាក្យ​ ​«ព្រះ​អម្ចាស់»​ ខុសៗគ្នា​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញាថ្មី។

ឋានន្តរ​ជា «​ព្រះ​អម្ចាស់»​ ដែល​មក​ពី​ភាសាក្រិក​ (kurios) ​មាន​អត្ថន័យ​បី​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញាថ្មី។

​ទី​មួយ​ ​ពាក្យ​នេះ​មាន​ការ​ប្រើ​ជាទូទៅ​ ដែល​ជា​ការ​គួរ​សម​សំរាប់​ហៅ​មនុស្ស​ដទៃ។​ នៅ​ក្នុង​កណ្ឌ​ដំណឹងល្អ​ អ្នក​ដទៃ​ហៅ​ព្រះ​យេស៊ូវ​ថា «ព្រះអម្ចាស់» នៅ​ពេល​ពួក​គេ​និយាយ​ទៅកាន់​ព្រះ​អង្គ។ នេះ​មិន​មាន​ន័យ​ថា​ ពួក​គេ​បាន​ទទួល​ស្គាល់​ថា ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​ទេ។

ទី​ពីរ ការ​ប្រើ​ពាក្យ «ព្រះអម្ចាស់»​ ​គឺ​ជា​ឋានន្តរ​ដែល​សំ​ដែង​នូវ​ការ​គោរព​និង​សេចក្តី​ថ្លៃ​ថ្នូរ​។ ​នៅ​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញាថ្មី​ ម្ចាស់​ទាស​ករ គឺ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ទ្រព្យ​សម្បត្តិ​គ្រប់​គ្រាន់​ ដើម្បី​ទិញ​ទាសករ​ ត្រូវ​បាន​គេ​ហៅ​ថា «​ម្ចាស់»​។ ​ពាក្យ​នេះ​ក៏​ត្រូវ​បាន​គេ​ប្រើ​សំរាប់​ប្តី​និង​អ្នក​គ្រប់​គ្រង​ផង​ដែរ​។

ទាសករ​ត្រូវ​បាន​គេ​ទិញ ​ហើយ​ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​របស់​ម្ចាស់​។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ប្រើ​ពាក្យ​នេះ​ជា​ច្រើន ​ដើម្បី​បង្ហាញ​នូវ​ទំនាក់​ទំនង​របស់​យើង​ជាមួយ​ព្រះ​គ្រីស្ទ។ ឧទាហរណ៍ លោក​សាវក​ប៉ុល​ជា​ញឹក​ញាប់​បាន​ណែនាំ​ខ្លួន​នៅក្នុង​សំបុត្រ​របស់​លោក​ ដែល​សរសេរ​ទៅ​កាន់​ពួក​ជំនុំ​ដោយ​ពាក្យ​ថា «ប៉ុល​ខ្ញុំ​ជា​បាវ​បំរើ​របស់ (doulos)​ របស់​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ»។ គាត់​រំលឹក​គ្រីស្ទបរិស័ទ​ថា ពួក​គេ​មិន​មែន​ជា​ម្ចាស់​ខ្លួន
ឯង​ទៀត​ទេ ក៏​ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​ទិញ​ ហើយ​នៅ​ពេល​នេះ​ជា​កម្ម​សិទ្ធិ​របស់​ព្រះ​អម្ចាស់​របស់​ពួក​គេ គឺ​ព្រះ​យេស៊ូវ​។

ប៉ុន្តែ​ទាំង​នេះ​គឺជា​អត្ថន័យ​កំរិត​ទាប​នៃ​ពាក្យ​ថា​«ម្ចាស់» (Kurios) នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញាថ្មី​។ នៅ​ពេល​យើង​ទៅ​ដល់​កំរិត​ទី​បី​ យើង​នឹង​ចូល​ទៅ​ដល់​ ឋានន្តរ​កំពូល​នៃ​សេចក្តី​ថ្លៃថ្នូរ ការគោរព​ ហើយ​នឹង​ អំណាច។

ឋានន្តរ​ជា​ព្រះ​

ដើម្បី​យល់​នូវ​អត្ថន័យ​ជាក់​លាក់​នៃ​ឋានន្តរ «​ព្រះ​អម្ចាស់​» យើង​ត្រូវ​យល់​ដឹង​អំពី​ការ​ប្រើ​ពាក្យ​នេះ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​និង​នៅ​ក្នុង​សញ្ញាថ្មី។ ព្រះ​នាម​បរិសុទ្ធ​របស់​ព្រះ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​គឺ «ព្រះ​យេហូវ៉ា» (​នៅ​ក្នុង​ព្រះ​គម្ពីរ​ភាសា​អង់គ្លេស​ភាគ​ច្រើន​ប្រើ «Lord» ហើយ​ព្រះគម្ពីរ​ខ្មែរ គ.ខ.ប. បោះពុម្ព​ដោយ​សមាគម​ព្រះ​គម្ពីរ​កម្ពុជា ​ប្រើ «ព្រះអម្ចាស់»)។ នៅក្នុង​ក្រិត្យវិន័យ​ទាំង​ដប់​ប្រការ​ ព្រះ​បាន​ព្រមាន​អ៊ីស្រាអែល​ចំពោះ​ការ​បំពាន ឬ​ការប្រើ​ព្រះ​នាម​របស់​ព្រះ​ខុស។ ជនជាតិ​យូដា​បាន​ប្រុងប្រយ័ត្ន​ខ្លួន​ជានិច្ច​ ខ្លាចក្រែង​ពួក​គេ​ត្រូវ​បាន​ជាប់ទោស​ពី​ការ​ប្រមាថ​ដល់​ព្រះ។ ពួកគេ​បាន​បង្កើត​ឋានន្តរ​ផ្សេងៗ ​ជំនួស​អោយ​ព្រះ​នាម​ «ព្រះយេហូវ៉ា»។ ឋានន្តរ​កំពូល​គឺ «អាដូណាយ»​ដែល​មាន​ន័យ​ថា​ ​អង្គ​ដែល​មាន​អធិបតេយ្យភាព​ទាំង​ស្រុង។​ ​ដូច្នេះ ឋានន្តរ​ «ព្រះ​អម្ចាស់​» សំដៅ​ទៅលើ​ម្នាក់​ដែល​គ្រប់​គ្រង​លើ​ប្រវត្តិសាស្ត្រ​ លើ​ពិភពលោក​ និង​ជំនុំ​ជំរះ​ពិភពលោក​។​

ទំនុក​ដំកើង ១១០ ត្រូវ​បាន​អ្នក​និពន្ធ​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី​ដកស្រង់​ ឬ​សរសេរ​ប្រាប់​ជា​ញឹក​ញាប់​បំផុត។​ ទំនុកដំកើង ១១០ ចាប់​ផ្តើម​សរសេរ​ដោយ «ព្រះយេហូវ៉ា ទ្រង់​មាន​បន្ទូល​ដល់​ព្រះ​អម្ចាស់​នៃ​ទូល​បង្គំ​ថា ចូរ​ឲ្យ​ឯង​អង្គុយ​នៅ​ខាង​ស្តាំ​អញ»។ ព្រះ​យេស៊ូវ​ប្រើ​បទ​គម្ពីរ​នេះ​ដើម្បី​បង្ហាញ​ថា ​នៅ​ក្នុង​ពេល​តែ​មួយ​ ទ្រង់​គឺ​ជា​បុត្រា​របស់​ស្តេច​ដាវីឌ​ផង​ ហើយ​ជា​ព្រះ​អម្ចាស់​នៃ​ស្តេច​ដាវីឌ​ផង​ (ម៉ាថាយ​ ២២:​៤១-៤៦)។ ​បុត្រា​របស់​ស្តេច​ដាវីឌ​គឺ​ជា​ព្រះ​អម្ចាស់​(អាដូណាយ) ​របស់​ស្តេច​ដាវីឌ។ ​គឺ​ជា​ឋានន្តរ​កំពូល​នោះ​ហើយ ​ដែល​ស្មើ​ទៅ​នឹង ​(អាដូណាយ) ​ដែល​ត្រូវ​បាន​ប្រើ​សំរាប់​ព្រះ​អង្គ​ទ្រង់​ផ្ទាល់​ ហើយ​ដែល​ត្រូវ​បាន​ថ្វាយ​ដល់​ព្រះ​យេស៊ូវ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញាថ្មី។

ភីលីព ២:៥-១១ បង្ហាញ​ថា ឋានន្តរ​ជា​ព្រះ​អម្ចាស់​មាន​អត្ថន័យ​ខ្ពស់​បំផុត​ នៅពេល​ឋានន្តរ​នេះ​ត្រូវ​បាន​ប្រើ​សំរាប់​ព្រះ​យេស៊ូវ។ គ្រប់​ទាំង​ជង្គង់​របស់​មនុស្ស​ ទោះ​ទាំង​ពួក​ស្តេច នឹង​ត្រូវ​លុត​ចុះ​នៅ​ចំពោះ​ព្រះ​គ្រីស្ទ​ ហើយ​ប្រកាស​ប្រាប់​ថា ព្រះ​គ្រីស្ទ​គឺ​ព្រះ​អម្ចាស់។ ព្រះ​អង្គ​គឺ​ជា​ព្រះ​អម្ចាស់​លើ​គ្រប់​ទាំង​ស្នា​ព្រះ​ហស្ត។ ទ្រង់​គឺ​ព្រះ​អម្ចាស់​លើ​អស់ទាំង​ព្រះ​អម្ចាស់។ ព្រះ​វរបិតា​របស់​ទ្រង់​បាន​ប្រទាន​គ្រប់​ទាំង​អំណាច​មក​ឲ្យ​ទ្រង់។ អំណាច​ជា​ព្រះ​អម្ចាស់​របស់​ព្រះ​យេស៊ូវ​នេះ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​សំខាន់​សំរាប់​បេសកកម្ម​របស់​យើង​ក្នុង​ការ​បង្កើត​សិស្ស​នៅ​គ្រប់​ទាំង​ជាតិ​សាសន៍ (ម៉ាថាយ ២៨:​១៨-២០​; ទំនុកដំកើង ២:​៧-១២)។ គោល​បំណង​នៃ​ប្រវត្តិសាស្ត្រ​ទាំង​អស់​របស់​មនុស្ស​ គឺ​ការ​យាង​ត្រឡប់​មកវិញ​របស់​ព្រះ​គ្រីស្ទ​ ជា​ពេល​ដែល​គ្រប់​ទាំង​ជង្គង់​នឹង​ត្រូវ​លុត​ចុះ​ ហើយ​គ្រប់​ទាំង​អណ្តាត​ត្រូវ​ថ្លែង​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះ​អម្ចាស់។​

ការ​ប្រើ​ពាក្យ​ «ព្រះ​អម្ចាស់​»​ (Kyrios) ខាង​ក្រៅ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​នៅ​សម័យ​សតវត្ស​ទី​មួយ​។

​ពាក្យ​ Kyrios «ព្រះ​អម្ចាស់» គឺ​មិន​គ្រាន់តែ​ជា​ពាក្យ​របស់​គ្រីស្ទបរិស័ទ​ទេ​។ សាសនា​ដទៃ​ទៀត​ជា​ញឹកញាប់​បាន​ប្រើ​ពាក្យ Kyrios ឬ​ពាក្យ​ឥត្ថីលិង្គ​ Kyria  ដើម្បី​សំដៅ​ទៅ​លើ​ព្រះ​ប្រុស​និង​ព្រះ​ស្រី​ផ្សេងៗ ដូចជា Isis Serapis ឬ Osiris។ ជា​ការ​សំខាន់​ក្នុង​ការ​កត់​សំ​គាល់​ថា ​ព្រះ​ចៅ​អធិរាជ​រ៉ូម ឈ្មោះថា សេសារ ក៏​ត្រូវ​បាន​គេ​ហៅ​ថា «ព្រះអម្ចាស់» (Kyrios) ​ផង​ដែរ​ ​ដែល​ការ​នេះ​បាន​នាំ​អោយ​មាន​បញ្ហា​ដ៏​ធំ​មួយ​ ដែល​គ្រីស្ទ​បរិស័ទ​ត្រូវ​តែ​ប្រឈម​នៅ​ក្នុង​សតវត្ស​ទី​មួយ។

ការ​ល្បងល​ភក្តី​ភាព

វិបត្តិ​ធំ​មួយ​ដែល​សហគមន៍​គ្រីស្ទបរិស័ទ​ដើម​ដំបូង​បាន​ជួប​ប្រទះ​ទាក់​ទង​ជាមួយ​ទំនាក់​ទំនង​របស់​សហគមន៍​គ្រីស្ទ​ជាមួយ​អំណាច​ស៊ីវិល ​ជា​ពិសេស​ជាមួយ​នឹង​រដ្ឋាភិបាល​ចក្រភព​រ៉ូម។ គ្រីស្ទ​បរិស័ទ​ ជា​ច្រើន​ត្រូវ​បាន​សំឡាប់​ដោយ​ការ​បៀតបៀន​របស់​អធិរាជ​នេរ៉ូ​និង​អធិរាជ​ក្រោយ​ៗមក​ទៀត​របស់​ច្រក​ភព​រ៉ូម។

ការ​សំឡាប់​គ្រីស្ទបរិស័ទ​ដ៏​ព្រៃផ្សៃ​នេះ​មាន​រយៈពេល​ពីរ​បី​សតវត្ស​។ ​តាម​បញ្ជា​របស់​អធិរាជ​នេរ៉ូ ​គ្រីស្ទ​បរិស័ទ​ត្រូវ​បាន​គរ​ជា​គំនរ​ហើយ​បន្ទាប់​មក​ដុត​ ដើម្បី​ធ្វើ​ជា​ចន្លុះ​មនុស្ស​ដើម្បី​បំភ្លឺ​ដល់​សួន​ច្បារ​របស់​អធិរាជ​នេរ៉ូ​នៅ​ពេល​យប់។ គ្រីស្ទបរិស័ទ​ដទៃ​ទៀត​ត្រូវ​បាន​បោះ​ទៅ​ឲ្យ​សត្វ​តោ​ស៊ី​។ ការ​នេះ​បានកើត​​ឡើង​ដោយ​សារ​តែ​ប្រជា​ពលរដ្ឋ​គ្រប់​រូប​នៅ​ក្នុង​ចក្រភព​រ៉ូម​ត្រូវ​តែ​និយាយ​ថា​ សេសារ​គឺ​ជា​ ​«ព្រះ​អម្ចាស់ »។ ​ការ​ឆ្លើយ​តប​របស់​គ្រីស្ទ​បរិស័ទ​គឺ​ «យើង​នឹង​គោរព​ដល់​អ្នក​កាន់​អំណាច​រដ្ឋ​បាល​ស៊ីវិល យើង​នឹង​ជូន​ទ្រព្យ​សម្បត្តិ​១ភាគ​ដប់​និង​សួយ​សា​អាករ​របស់​យើង​ដល់​អធិរាជ​សេសារ​។ យើង​នឹង​ធ្វើ​ជា​ប្រ​ជា​ពលរដ្ឋ​ល្អ​របស់​ចក្រ​ភព​រ៉ូម ប៉ុន្តែ​យើង​មិនអាច​និយាយ​បាន​ថា សេសារ​ គឺ​ជា «ព្រះ​អម្ចាស់»​បានទេ​ ពី​ព្រោះ​ព្រះ​អម្ចាស់​របស់​យើង​គឺ​ជា​ព្រះ​គ្រីស្ទ​ ហើយ​ព្រះ​គ្រីស្ទ​គឺជា​ព្រះ​អម្ចាស់។​

អភិបាល​ក្នុង​ក្រុង​ស្មឺនា​ Smyrna ឈ្មោះថា ប៉ូលីខាប​ Polycarp អាយុ​៨៦​ឆ្នាំ ត្រូវ​បាន​ចោទ​ប្រកាន់​អំពី​អំពើ​ក្បត់​ជាតិ​ ដោយ​សារ​តែ​គាត់​បាន​បដិសេធ​មិន​សូត្រ​សម្បថ​ដល់​អធិរាជ​សេសារ​។​ ​រដ្ឋ​ចក្រ​ភព​រ៉ូម​មិន​ចង់​ធ្វើ​ឲ្យ​គាត់​មាន​គ្រោះ​ថ្នាក់​នោះ​ទេ​។ គាត់​មាន​ការ​គោរព​ពី​អ្នក​ដទៃ​ ហើយ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយនឹង​អាជ្ញាធរ។ ​

លោក ​ប៉ូលីខាប​ត្រូវ​បាន​គេ​នាំ​មក​កាន់​វេទិកា ចំពោះមុខ​អ្នក​ទស្សនា​រាប់​ពាន់​នាក់​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​វេលា​ចុង​ក្រោយ មន្ត្រី​រដ្ឋាភិបាល​ចង់​ឲ្យ​គាត់រួច​ពី​ការ​កាត់​ទោស​ប្រហារ​ជីវិត​។​ ពួកគេ​បាន​ផ្តល់​ឲ្យ​គាត់​នូវ​ឱកាស​ចុង​ក្រោយ។ លោក​ ប៉ូលីខាប គ្រាន់​តែ​ត្រូវ​និយាយ​ថា អធិរាជ «សេសារ​គឺ​ជា​ព្រះ​ម្ចាស់ » ហើយ​បន្ទាប់​មក​ពួកគេ​នឹង​មិន​ប្រ​ហារ​ជីវិត​គាត់​ទេ​។ ប៉ុន្តែ​ លោក​ ប៉ូលីខាប​បាន​មាន​ប្រសាសន៍​ថា «ខ្ញុំ​បាន​ស្មោះ​ត្រង់​ជាមួយ​នឹង​ព្រះ​អម្ចាស់​របស់ខ្ញុំ​អស់​រយៈ​ពេល​៨៦ ឆ្នាំ​មក​ហើយ​ ហើយ​ទ្រង់​បាន​មាន​សេចក្តី​មេត្តា​ករុណា​និង​ព្រះ​គុណ​មក​ដល់​ខ្ញុំ​អស់​រយៈ​ពេល​៨៦​ឆ្នាំ​មក​ហើយ​ដែរ​។ នៅ​ពេល​នេះ​ តើ​ឲ្យ​ខ្ញុំ​អាច​បដិសេធ​ទ្រង់​បាន​យ៉ាង​ម៉េច​កើត​?»​ បន្ទាប់មក គាត់​ត្រូវ​បាន​គេ​កាត់ទោស​ប្រហារ​ជីវិត​ទៅ​។​

កា​រ​អនុវត្តន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា

គ្រីស្ទបរិស័ទ​ខ្មែរ​ក៏​ប្រើ​ពាក្យ​ «ព្រះ​អម្ចាស់​» នេះ​សំរាប់​ព្រះ​យេស៊ូវ​ ដែល​ជា​ពាក្យ​ដែល​ប្រជា​ជន​ខ្មែរ​ប្រើ​សំរាប់​អ្នក​មាន​យស​ស័ក្តិ​ខ្ពស់​ដទៃ​ទៀត​ផង​ដែរ។ ទង្វើ​នេះ​គួរ​ទទួល​យក​បាន ​ពី​ព្រោះ​យើង​ឃើញ​ថា អ្នក​និពន្ធ​ក្នុង​ព្រះ​គម្ពីរ​សញ្ញាថ្មី​បាន​ប្រើ​ពាក្យ​ភាសា​ក្រិក Kyrios (ដែល​មានន័យថា ​ម្ចាស់​) ដែល​ត្រូវ​បា​ន​គេ​ប្រើ​ប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​សង្គម​រួច​ទៅ​ហើយ​ សំរាប់​មនុស្ស​លំដាប់​ខ្ពស់​នៅ​ក្នុង​សង្គម​ ហើយ​និង​សំរាប់​ព្រះ​ផ្សេងៗ​ផង​ដែរ។  ទោះ​យ៉ាង​ណា​ គ្រីស្ទបរិស័ទ​នៅ​តែ​យល់​ឃើញ​ថា នៅ​ពេល​យើង​និយាយ​ថា ​ព្រះយេស៊ូវ​គឺ​ជា​ព្រះ​អម្ចាស់​ គឺ​យើង​កំពុង​តែ​សំដៅ​ទៅ​លើ​អត្ថន័យ​ជ្រៅ​បំផុត​ ​គឺ​ទ្រង់​គឺ​ជា​ព្រះ​អម្ចាស់​លើ​អស់​ទាំ​ង​ព្រះ​អម្ចាស់​ ហើយ​ទ្រង់​ខ្ពស់​លើ​ទាំង​អស់។ នៅ​ពេល​មនុស្ស​ណា​ម្នាក់​ ឬ​ព្រះ​ដទៃ​ណាមួយ​អះអាង​កំរិត​បែប​នេះ យើង​មិន​អាច​ទទួល​យក​ការ​អះអាង​នោះ​បានទេ​ ដូច​ជា​គ្រីស្ទ​បរិស័ទ​នៅ​សតវត្ស​ទី​មួយ​មិន​អាច​ទទួល​យក​ការ​អះអាង​របស់​អធិរាជ​រ៉ូម ថា គាត់​គឺ​ជា​ ព្រះអម្ចាស់​ដែល​ខ្ពស់​បំផុត​នោះ។​ យើង​អាច​មាន​ការ​បៀតបៀន​ដោយ​សារ​នេះ ប៉ុន្តែ​នេះ​គឺ​ផ្នែក​មួយ​នៃ​សេចក្តី​ស្មោះ​ត្រង់​របស់​យើង​ចំពោះ​ព្រះ​គ្រីស្ទ​ ខណៈ​ដែល​យើង​កំពុង​ទន្ទឹង​រង់​ចាំ​ដល់​ថ្ងៃ​ ​ដែល​គ្រប់​ទាំ​ង​ជង្គង់​នឹង​ត្រូវ​លុត​ចុះ​ ហើយ​គ្រប់​ទាំង​អណ្តាត​ប្រកាស​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះ​អម្ចាស់​។

Bibliography

Ellenburg, D. (2003). Lord. In (C. Brand, C. Draper, A. England, S. Bond, E. R. Clendenen, & T. C. Butler, Eds.)Holman Illustrated Bible Dictionary. Nashville, TN: Holman Bible Publishers.

Elwell, W. A., & Beitzel, B. J. (1988). In Baker encyclopedia of the Bible. Grand Rapids, MI: Baker Book House.

Sproul, R. C. (2005). The Unexpected Jesus: The Truth Behind His Biblical Names. Fearn, UK: Christian Focus Publications.

Witherington, B. I. (1992). Lord. In (J. B. Green & S. McKnight, Eds.) Dictionary of Jesus and the Gospels. Downers Grove, IL: InterVarsity Press.

Leave a Reply

Your email address will not be published. Required fields are marked *

*

Top