The church in a Christian’s life pdf download
ខ្ញុំធ្លាប់ឮការសន្ទនាមួយ ដែលមានជនជាតិខ្មែរមួយចំនួនបានពិភាក្សាគ្នាលើប្រធានបទមួយថា តើគ្រិស្តបរិស័ទគួរទៅពួកជំនុំឬមិនគួរ។ ក្រោយការជជែកវែកញែករួចមក មានអ្នកខ្លះឆ្លើយថា គ្រិស្តបរិស័ទដូចជាមិនចាំបាច់ទៅពួកជំនុំនោះទេ ហើយមួយទៀតសោត ការទៅពួកជំនុំដូចជាមិនមានប្រយោជន៍អ្វីផង។
គ្រិស្តបរិស័ទសព្វថ្ងៃមួយចំនួនធំបានយល់ច្រលំអំពីពួកជំនុំ ហើយក៏មិនយល់ពីគោលបំណងឬសារៈសំខាន់នៃការទៅពួកជំនុំផងដែរ ដែលយើងអាចមើលឃើញការនេះនៅក្នុងសៀវភៅមួយស្តីពីជីវិតគ្រីស្ទបរិស័ទដែលបានបកប្រែជាភាសាខ្មែរ។ សៀវភៅនេះមាននិយាយយ៉ាងច្រើនពីជីវិតគ្រិស្តបរិស័ទ តែមិនបាននិយាយពីពួកជំនុំបន្តិចសោះ ដែលនេះគឺជាការបង្រៀនយ៉ាងខុសដ៏ធំមួយ ពីព្រោះការចូលរួម ការប្រាស្រ័យទាក់ទងនិងពួកជំនុំគឺជាកិច្ចការដ៏ចំបងនៅក្នុងជីវិតរស់នៅរបស់គ្រិស្តបរិស័ទ ហើយខាងក្រោមនេះគឺជាព័ត៌មានសង្ខេបយ៉ាងខ្លីដែលបរិយាយបង្ហាញពីសារៈប្រយោជន៍នៃពួកជំនុំនៅក្នុងជីវិតរបស់គ្រិស្តបរិស័ទគ្រប់រូប។
ខ្ញុំធ្លាប់ឲ្យគ្រិស្តបរិស័ទខ្មែរជាច្រើនបំពេញប្រយោគនេះ «ព្រះយេស៊ូវស្រឡាញ់…» ពេលនោះពួកគេជាច្រើនអ្នកបានឆ្លើយថា «ព្រះយេស៊ូវស្រឡាញ់លោកិយនេះ» ខ្លះទៀតថា «ព្រះយេស៊ូវស្រឡាញ់ខ្ញុំ» ឯខ្លះទៀតថា «ព្រះយេស៊ូវស្រឡាញ់មនុស្សមានបាប» មានចំនួនបន្តិចបន្តួចបានបំពេញថា «ព្រះយេស៊ូវស្រឡាញ់ពួកជំនុំ»។ តាមពិតនេះគឺជាចំលើយដែលត្រឹមត្រូវដោយមានទាំងសរសេរចុះនៅក្នុងព្រះគម្ពីរផង ជាក់ស្តែងដូចជានៅក្នុងអេភេសូរ ៥:២៥-២៦ ប៉ុលបានបង្រៀនដល់ប្តីគ្រប់គ្នាថា ត្រូវ ស្រឡាញ់ប្រពន្ធរបស់ខ្លួន «ដូចជាព្រះគ្រីស្ទបានស្រឡាញ់ដល់ពួកជំនុំ ហើយបានប្រគល់ព្រះអង្គទ្រង់ជំនួសផង ដើម្បីឲ្យទ្រង់បានញែកពួកជំនុំជាបរិសុទ្ធ» ដែលនេះបញ្ជាក់យ៉ាងច្បាស់ថា ពួកជំនុំមានសារៈសំខាន់ណាស់សំរាប់ព្រះគ្រិស្ត ពីព្រោះពួកគេជាកូនក្រមុំរបស់ទ្រង់។ លោកប៉ុលបានបន្តសេចក្តីបង្រៀនរបស់គាត់នៅក្នុងខ២៨-៣០ថា ប្តីរាល់គ្នាត្រូវស្រឡាញ់ប្រពន្ធរបស់ខ្លួនដូចជាស្រឡាញ់ខ្លួនឯង។ យើងបង្ហាញពីការស្រឡាញ់ខ្លួនឯងតាមរយៈការមើលថែរក្សាខ្លួនឯង ដូចគ្នាផងដែរពួកជំនុំគឺជារូបកាយរបស់ព្រះគ្រិស្ត ទ្រង់ស្រឡាញ់ពួកជំនុំយ៉ាងខ្លាំង ដូច្នេះទ្រង់បានថែរក្សាពួកជំនុំដែលជារូបកាយរបស់ទ្រង់ដូចដែលយើងស្រឡាញ់ហើយថែររក្សាខ្លួនរបស់យើងដែរ។ មកដល់ត្រឹមនេះយើងបានមើលឃើញរូបភាពពីរដែលសំដៅលើពួកជំនុំ(គឺកូនក្រមុំនិងរូបកាយ) ដែលព្រះគម្ពីរបានប្រើដើម្បីបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវដល់ពួកជំនុំរបស់ទ្រង់។
របៀបមួយដ៏សំខាន់ដែលយើងបង្ហាញថាយើងជឿនិងស្រឡាញ់ព្រះយេស៊ូវគឺយើងត្រូវឲ្យតំលៃទៅលើអ្វីដែលព្រះយេស៊ូវឲ្យតំលៃ នោះបានសេចក្តីថា បើអ្វីដែលសំខាន់សំរាប់ព្រះយេស៊ូវ នោះត្រូវតែសំខាន់ចំពោះយើងផងដែរ ហើយវាគឺជាសេចក្តីអាក្រក់នៅចំពោះព្រះជាម្ចាស់បំផុតនៅពេលដែលយើងឲ្យតំលៃអ្វីមួយខ្ពស់ ដែលព្រះអង្គមិនបានឲ្យតំលៃបន្តិចសោះ តែអ្វីដែលព្រះអង្គឲ្យតំលៃ ស្រាប់តែយើងមិនឲ្យតំលៃវិញ នេះជាទង្វើខុសឆ្គងទាំងស្រុង។ ប្រសិនបើយើងស្គាល់និងស្រឡាញ់ព្រះយេស៊ូវ នោះ អ្វីដែលសំខាន់ចំពោះទ្រង់ ត្រូវតែសំខាន់ចំពោះយើងដែរ។ ដូច្នេះពួកជំនុំដែលជាកូនក្រមុំនិងជារូបកាយរបស់ព្រះគ្រិស្ត ត្រូវតែជាសំខាន់នៅក្នុងជីវិតរបស់យើង យើងត្រូវស្រឡាញ់ពួកជំនុំរបស់ទ្រង់ ហើយអោយពួកជំនុំមានតម្លៃខ្ពង់ខ្ពស់។ វាមិនអាចទៅរួចនោះទេ ដែលអះអាងថា យើងស្រឡាញ់ព្រះយេស៊ូវ តែបែរជាស្អប់ឬមិនខ្វល់ចំពោះកូនក្រមុំ និងរូបកាយរបស់ទ្រង់វិញនោះ។
នៅក្នុងអេភេសូរ ៥:១ លោកប៉ុលបានមានប្រសាសន៍ថា ពួកជំនុំគឺជាកូនជាទីស្រលាញ់របស់ព្រះជាម្ចាស់។ នៅពេលដែលនរណាម្នាក់បានវិលបែរមកឯព្រះយេស៊ូវ នោះព្រះអង្គនឹងទទួលពួកគេជាកូនចិញ្ចឹមរបស់ទ្រង់ យ៉ាងនោះពួកគេនឹងក្លាយជាគ្រួសារតែមួយ ដូច្នេះហើយបានជាច្រើនដងនៅក្នុងព្រះគម្ពីរសញ្ញាថ្មីបានបង្រៀនថា ពួកយើងគឺជាបងប្អូននៅក្នុងព្រះគ្រិស្ត នោះបានសេចក្តីថា ប្រសិនបើអ្នកណាម្នាក់និយាយថាមិនចង់ទៅពួកជំនុំ នោះមានន័យថា មិនចង់ទៅជួបបងប្អូន គ្រួសាររបស់ខ្លួនឯងយ៉ាងនោះដែរ។ ចំណែកលោកពេត្រុសក៏បានបង្រៀនផងដែរថា គ្រិស្តបរិស័ទគួរតែស្រឡាញ់គ្នាជាបងប្អូន (១ពេត្រុស ៣:៨)។
ដូច្នេះពេលនេះយើងត្រូវគិតពីមូលហេតុអ្វីបានជាយើងត្រូវទៅពួកជំនុំដែលតាមពិតមានហេតុផលច្រើនយ៉ាងដែលយើងត្រូវតែទៅពួកជំនុំក្នុងនោះមាន៖ ទី១ ដើម្បីស្តាប់ព្រះបន្ទុលរបស់ព្រះដែលអធិប្បាយនិងបង្រៀនដោយអ្នកដឹកនាំពួកជំនុំដែលចេះព្រះគម្ពីរច្បាស់លាស់ល្អដើម្បីឲ្យយើងអាចចេះព្រះបន្ទូលរបស់ព្រះរក្សាទុកក្នុងចិត្តរបស់យើង។ នៅក្នុងអេភេសូរ ៤:១១-១៣ លោកប៉ុលបានមានប្រសាសន៍ថា ព្រះយេស៊ូវបាន «ប្រទានឲ្យ អ្នកខ្លះបានធ្វើជាសាវក ខ្លះជាគ្រូអធិប្បាយ ខ្លះជាគ្រូផ្សាយដំណឹងល្អ ខ្លះជាគ្រូគង្វាល ហើយខ្លះជាគ្រូបង្រៀន ប្រយោជន៍នឹងនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សំរាប់ធ្វើការជំនួយ ហើយនឹងស្អាងរូបកាយព្រះគ្រិស្តឡើង ទាល់តែយើងរាល់គ្នាបានរួបរួម ខាងឯសេចក្តីជំនឿរួចជាស្រេច ហើយបានស្គាល់ព្រះរាជបុត្រានៃព្រះដូចគ្នាទាំងអស់ គឺដល់បានពេញជាមនុស្ស ហើយដល់ខ្នាតកំពស់នៃសេចក្តីពោរពេញផងព្រះគ្រិស្ត»។ អ្នកទាំងនេះសុទ្ធតែជាមនុស្សដែលបង្រៀននិងអធិប្បាយព្រះបន្ទូលព្រះ ដែលព្រះយេស៊ូវបានដាក់ពួកគេនៅក្នុងពួកជំនុំដើម្បីឲ្យសេចក្តីជំនឿរបស់យើងបានរីកចំរើន ពេញវ័យឡើងនៅក្នុងទ្រង់ ដែលនេះជាអ្វីដែលគ្រិស្តបរិស័ទគ្រប់រូបត្រូវការ និងចង់បាន។
នៅក្នុងអេភេសូរ ៤:១១-១៣ បានបង្ហាញប្រាប់យើងយ៉ាងច្បាស់ហើយថា ការរីកចំរើនឬភាពពេញវ័យខាងជំនឿ មិនមែនបានមកតែពីការបំរើទ្រង់ក្នុងជីវិតប្រចាំថ្ងៃរបស់យើងមួយមុខប៉ុណ្ណោះនោះទេ តែបានមកពីការស្តាប់ព្រះបន្ទូល ទទួលព្រះបន្ទូលពីពួកអ្នកដែលព្រះយេស៊ូវបានតាំងឡើងនៅក្នុងពួកជំនុំ។ ដូច្នេះហើយបានជាយើងមិនគួរមានគំនិតខូចអាក្រក់ដោយថា យើងមិនចាំបាច់ត្រូវការទៅពួកជំនុំដើម្បីស្តាប់ព្រះបន្ទូលរបស់ព្រះនោះឡើយ ពីព្រោះព្រះបន្ទូលព្រះបានបង្រៀនយើងយ៉ាងជាក់ច្បាស់ថា ព្រះគ្រិស្តផ្ទាល់បានតែងតាំងមនុស្សទាំងនោះឡើងសំរាប់យើងរាល់គ្នា នោះប្រសិនបើយើងនិយាយថា យើងមិនចាំបាច់ត្រូវការអ្នកទាំងនោះទេ នោះបានសេចក្តីថាព្រះអង្គខុស ឯយើងត្រឹមត្រូវដ្បិតនៅក្នុងព្រះគម្ពីរទាំងមូលព្រះអង្គតែងមានបន្ទូលម្តងហើយម្តងទៀតថា យើងរាល់គ្នាត្រូវការការនេះជាចាំបាច់ លើសពីនេះទៀតការដែលនិយាយថាព្រះជាម្ចាស់ខុស យើងទេទើបត្រូវ នោះគឺជាការអាក្រក់បំផុតនៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់។
ម្យ៉ាងវិញទៀតនៅក្នុងខទាំងអស់នេះ លោកប៉ុលក៏បានមានប្រសាសន៍ថា ពួកអ្នកទាំងអស់នេះជាអ្នកដែលបង្រៀនព្រះបន្ទូលរបស់ព្រះដល់រាស្រ្តរបស់ទ្រង់ដើម្បីរៀបចំពួកគេសំរាប់បំពេញការងារ (ខ១២)។ ដូច្នេះ ការស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរយៈគ្រូបង្រៀនទាំងអស់នេះគឺជាការសំខាន់សំរាប់គ្រិស្តបរិស័ទគ្រប់រូប ដើម្បីឲ្យយើងអាចបំពេញការងារបំរើព្រះអង្គដែលព្រះអង្គចង់ឲ្យយើងធ្វើ។ មានមនុស្សខ្លះដែលយល់ឃើញថាការអធិប្បាយព្រះបន្ទូលព្រះនៅក្នុងពួកជំនុំគឺគ្រាន់តែជាផ្នែកមួយនៃទំនៀមទំលាប់របស់សាសនាតែប៉ុណ្ណោះ ដូច្នេះប្រសិនបើចង់ហ្វឹកហាត់ការបំរើព្រះ នោះត្រូវទៅកន្លែងផ្សេងទៀត ដូចជាទៅចូលរួមក្នុងសកម្មភាពសិក្ខាសាលា ការហ្វឹកហ្វឺនពិសេសណាមួយដែលមិនចាំបាច់ត្រូវការសិក្សាព្រះបន្ទុលរបស់ព្រះទេ ដែលគំនិតបែបនេះខុសទាំងស្រុងពីសេចក្តីបង្រៀននៅក្នុងព្រះគម្ពីរទាំងមូល គឺជាការយល់ខុសគ្រប់យ៉ាងទាំងអស់នៅក្នុងជីវិតជាគ្រិស្តបរិស័ទ ជាពិសេសគឺយល់ខុសពីពួកជំនុំតែម្តង ពីព្រោះពួកជំនុំមិនមែនគ្រាន់តែជាកន្លែងថ្វាយបង្គំប៉ុណ្ណោះនោះទេ តែជាកន្លែងដ៏សំខាន់ដែលព្រះជាម្ចាស់បានហ្វឹកហ្វឺនយើងសម្រាប់ការងារបំរើទ្រង់ផងដែរ ដោយអ្នកប្រកាសព្រះបន្ទូលរបស់ព្រះជាដើម។ នេះគឺជាហេតុផលមួយដែលតាំងពីសម័យដើម ក្នុងពួកជំនុំត្រូវមានពួកអ្នកដឹកនាំពួកជំនុំ គឺត្រូវមានពួកចាស់ទុំ/ គ្រូគង្វាល ហើយគ្រិស្តបរិស័ទគ្រប់រូបត្រូវចូលរួមក្នុងពួកជំនុំ ដោយខានមិនបានឡើយ ហើយពួកជំនុំទៀតសោតក៏ត្រូវមានការគោរពដល់ពួកអ្នកដឹកនាំរបស់ខ្លួនផងដែរ (១ថែស្សាឡូនិច ៥:១២)។
ការអធិប្បាយព្រះបន្ទូលរបស់ព្រះមានគោលបំណងនាំពួកអ្នកស្ដាប់ឲ្យអាចស្គាល់ព្រះតាមរយៈព្រះគ្រិស្តហើយនេះជាវិធីដ៏សំខាន់មួយសំរាប់អ្នកដឹកនាំពួកជំនុំរៀបចំរាស្រ្តរបស់ព្រះអង្គក្នុងការធ្វើការបំរើព្រះអង្គ។ នៅពេលដែលយើងមានក្តីស្រលាញ់ដល់ព្រះយេស៊ូវនិងស្គាល់ព្រះគ្រិស្តនោះនឹងជួយយើងក្នុងការរៀបចំខ្លួនរបស់យើងក្នុងការបំរើការងារដែលព្រះជាម្ចាស់ចង់ឲ្យយើងធ្វើ។ ការអធិប្បាយព្រះបន្ទូលព្រះមិនត្រឹមតែបង្រៀនយើងឲ្យមានសីលធម៌ល្អប៉ុណ្ណោះទេ តែដើម្បីនាំយើងឲ្យបានស្គាល់និងស្រឡាញ់ព្រះគ្រិស្តថែមទៀតផង ហេតុនេះអ្នកដឹកនាំត្រូវអធិប្បាយព្រះបន្ទូលតាមរបៀបមួយដែលនាំមនុស្សឲ្យជឿ ស្រឡាញ់និងដើរតាមព្រះយេស៊ូវ ដូច្នេះជាការសំខាន់ណាស់ដែលយើងទៅចូលរួមក្នុងពួកជំនុំដែលមានការអធិប្បាយនិងបង្រៀនព្រះបន្ទូលបែបនេះ។ យើងមិនត្រូវការសេចក្តីអធិប្បាយនិងការបង្រៀនដែលគ្រាន់តែជារឿង ធ្វើឲ្យមនុស្សសើចសប្បាយឬគ្រាន់តែប្រាប់យើងឲ្យធ្វើការល្អ រស់នៅជាមនុស្សល្អ និងអភិវឌ្ឍន៍ជីវិតរបស់ខ្លួនតែប៉ុណ្ណោះនោះទេ ទោះបីជាការអធិប្បាយបែបនេះមានការពេញនិយមដល់មនុស្សជាច្រើនក៏ដោយ។ តែតាមពិតគ្រិស្តបរិស័ទពិតប្រាកដដឹងយ៉ាងច្បាស់ថា មនុស្សមិនមែនជាចំនុចកណ្តាលនៃសេចក្តីបង្រៀនឬសេចក្តីអធិប្បាយនោះឡើយ តែគឺព្រះយេស៊ូវគឺជាចំនុចស្នូលនៃសេចក្តីបង្រៀនរបស់យើង។ សេចក្តីអធិប្បាយរបស់យើងមិនមែនផ្ដោតលើខ្លួនឯងនោះទេ មិនមែនផ្ដោតទៅលើអ្វីដែលយើងត្រូវធ្វើនោះទេ តែត្រូវផ្ដោតទៅលើព្រះយេស៊ូវនិងទៅលើអ្វីដែលព្រះអង្គបានធ្វើសំរាប់យើងវិញ ព្រមទាំងភាពកតញ្ញូរបស់យើងទៅចំពោះព្រះអង្គដែលជាការឆ្លើយតបរបស់យើងទៅចំពោះព្រះគុណដែលទ្រង់បានធ្វើសម្រាប់យើង។ ពួកអ្នកដឹកនាំនៅក្នុងព្រះវិហារជាអ្នកដែលនាំយើងឲ្យស្គាល់ និង តាមព្រះយេស៊ូវ ហើយដើម្បីនាំយើងឲ្យស្គាល់ព្រះយេស៊ូវបាននោះពួកគេត្រូវអធិប្បាយពីព្រះយេស៊ូវ។ ដើម្បីឲ្យស្គាល់ព្រះគ្រិស្ត នោះពួកជំនុំមិនចាំបាច់ត្រូវតែទៅជួបក្នុងព្រះវិហារនោះទេ គឺពួកគេអាចប្រជុំគ្នានៅតាមផ្ទះក៏បានដែរ តែសំខាន់ត្រូវមានអ្នកដឹកនាំដែលអាចនាំពួកជំនុំឲ្យស្គាល់ព្រះគ្រិស្ត ដោយពួកគេផ្ទាល់ក៏ត្រូវតែជាអ្នកដែលដើរតាមព្រះយេស៊ូវ ជាអ្នកដែលកាត់ស្រាយសេចក្តីពិតយ៉ាងត្រឹមត្រូវ (២ធីម៉ូថេ ២:១៥) ដើម្បីនាំពួកជំនុំឲ្យបានស្គាល់ព្រះយេស៊ូវ ឲ្យមានភាពជាព្រះ និងប្រកបក្នុងភាពនឹងធឹងដែលកើតចេញពីភាពពេញវ័យនៃជំនឿក្នុងព្រះអង្គ។
នៅក្នុងខបន្ទាប់មកទៀតគឺនៅក្នុងអេភេសូរ ៤:១៦-១៧ លោកប៉ុលបានមានប្រសាសន៍ថា «ដើម្បីកុំឲ្យយើងនៅជាកូនតូចទៀត ទាំងត្រូវគ្រប់អស់ទាំងខ្យល់នៃសេចក្តីបង្រៀនបោកហើយផាត់យើងចុះឡើង ដោយសេចក្តីឆបោករបស់ផងមនុស្សហើយដោយឧបាយកល ដែលគេប្រើនឹងនាំឲ្យវង្វេងទៀតឡើយ តែដោយកាន់តាមសេចក្តីពិត ដោយសេចក្តីស្រឡាញ់វិញ នោះឲ្យយើងបានធំឡើង ខាងឯគ្រប់ការទាំងអស់ក្នុងទ្រង់ ដែលទ្រង់ជាសិរសាគឺជាព្រះគ្រិស្ត ដែលរូបកាយទាំងមូលបានផ្គុំ ហើយភ្ជាប់គ្នាមកអំពីទ្រង់ ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យតាមខ្នាតការងាររបស់អវយវៈនីមួយៗ នោះរូបកាយបានបង្កើនឡើង ដើម្បីនឹងស្អាងខ្លួនក្នុងសេចក្តីស្រឡាញ់»។ តាមរយៈខគម្ពីរខាងលើ នោះយើងឃើញថាលទ្ធផលមួយទៀតចេញពីភាពពេញវ័យនៅក្នុងព្រះគ្រិស្តតាមរយៈការស្តាប់ព្រះបន្ទូលព្រះនោះគឺយើងនឹងមិនងាយធ្លាក់ទៅក្នុងសេចក្តីបង្រៀនខុសឆ្គងឡើយ ដែលនេះជាបញ្ហាធំមួយចំពោះគ្រិស្តបរិស័ទដែលមិនទាន់មានភាពពេញវ័យនៅឡើយតែងដើរតាម ហើយក៏វង្វេងចេញពីសេចក្តីពិត ហើយវានឹងក្លាយជាបញ្ហាកាន់តែធំឡើងៗនៅពេលដែលគ្រិស្តបរិស័ទមិនទាន់ពេញវ័យទាំងនេះបានក្លាយជាអ្នកដឹកនាំហើយបានផ្សព្វផ្សាយឬបង្រៀនសេចក្តីខុសឆ្គងទាំងនេះបន្តទៀត។ មានអ្នកខ្លះគិតថា ពួកគេនឹងមិនធ្លាក់ទៅក្នុងសេចក្តីបង្រៀនខុសឆ្គងឡើយ ដូច្នេះពួកគេមិនត្រូវការស្តាប់ការបង្រៀនឬអធិប្បាយរបស់អ្នកដឹកនាំនោះឡើយ ទង្វើបែបនេះគឺពួកគេកំពុងតែបញ្ឆោតខ្លួនឯងហើយ ហើយក៏ក្នុងន័យដដែលនេះថា ទង្វើររបស់ខ្លួនឯងត្រូវ ឯអ្នកខុសគឺព្រះជាម្ចាស់វិញទេ។ ប៉ុន្តែផ្ទុយទៅវិញព្រះជាម្ចាស់បានមានបន្ទូលយ៉ាងច្បាស់ហើយថា យើងជាមនុស្ស ដែលត្រូវការរៀនព្រះបន្ទូលនៃសេចក្តីពិតរបស់ទ្រង់ ដូច្នេះហើយទ្រង់បានប្រទានអ្នកដឹកនាំមកដើម្បីឲ្យយើងអាចរីកចំរើនតាមរយៈអ្នកទាំងនោះដោយការនិយាយសេចក្តីពិតដោយសេចក្តីស្រឡាញ់រវាងគ្នាទៅវិញទៅមក។
និយាយមកដល់ចំនុចនេះ នោះយើងមានអត្ថបទសំខាន់មួយទៀតស្តីពីពួកជំនុំ គឺនៅក្នុងកូល៉ុស ៣:១៦ លោកប៉ុលបានមានប្រសាសន៍ថា «ចូរឲ្យព្រះបន្ទូលនៃព្រះគ្រិស្ត បានសន្ថិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ ដោយប្រាជ្ញាគ្រប់យ៉ាង ទាំងបង្រៀនហើយទូន្មានគ្នា ដោយនូវទំនុកដំកើង ទំនុកបរិសុទ្ធ នឹងចំរៀងខាងឯវិញ្ញាណ ទាំងច្រៀងក្នុងចិត្តថ្វាយព្រះ ដោយព្រះគុណ»។ គ្រិស្តបរិស័ទគ្រប់រូបគួរតែមានបំណងចិត្តនេះគឺចង់ឲ្យព្រះបន្ទូលរបស់ព្រះគ្រិស្តបានសន្ថិតនៅក្នុងចិត្តឲ្យបានពេញបរិបូរ ដូចអ្វីដែលប៉ុលបានមានប្រសាសន៍គឺ ព្រះបន្ទូលរបស់ព្រះគ្រិស្តសន្ថិតនៅក្នុងចិត្តឲ្យបានជាបរិបូរឡើង មិនមែនគ្រាន់តែបន្តិចបន្តួចនោះទេ។ ធ្វើដូចម្ដេចអោយព្រះបន្ទូលនៃព្រះគ្រិស្តបានសន្ថិតនៅក្នុងយើង? លោកប៉ុលបានមានប្រសាសន៍ថា ការនេះអាចកើតឡើងនៅពេលយើងបង្រៀននិងទូន្មានគ្នាទៅវិញទៅមក នៅពេលដែលយើងជួបជុំគ្នា។ លោកប៉ុលបន្ថែមទៀតថាព្រះបន្ទូលរបស់ព្រះគ្រិស្តសន្ថិតនៅក្នុងយើងយ៉ាងបរិបូរនៅពេលដែលច្រៀងសរសើរដំកើងជាមួយគ្នា ដែលនេះជាទង្វើមួយយើងរួមគ្នាធ្វើនៅក្នុងព្រះវិហារ។
កូល៉ុស ៣:១៦ ក៏បានបង្រៀនយើងដែរថា មិនមែនគ្រាន់តែពួកអ្នកដឹកនាំនោះទេ ដែលត្រូវបំរើនិងបង្រៀន គឺយើងម្នាក់ៗក៏អាចបង្រៀន ហើយក៏អាចទូន្មានគ្នាទៅវិញទៅមកបានដែរពីព្រោះយើងរាល់គ្នាមានតួនាទីនេះដូចគ្នា ដូចដែលយើងបានមើលឃើញយ៉ាងច្បាស់នៅក្នុង១កូរិនថូស ១២:៤-៣១។ អត្ថបទនេះបានបង្ហាញប្រាប់យើងយ៉ាងច្បាស់ថា យើងរាល់គ្នាគឺជារូបកាយរបស់ព្រះគ្រិស្ត។ នៅត្រង់នេះ ប៉ុលចង់សំដៅលើតួនាទីដែលយើងម្នាក់ៗមាន ហើយយើងម្នាក់ៗត្រូវការគ្នាទៅវិញទៅមកវិញ គឺដូចដែលរូបកាយមួយមានភ្នែក ត្រចៀក ជើង ។ល។ នៅជាមួយគ្នា ធ្វើការជាមួយគ្នាដើម្បីរូបកាយទាំងមូលអាចដំណើរការបានល្អ។ ដូចគ្នារូបកាយរបស់ព្រះគ្រិស្ត (គឺជាពួកជំនុំ) ក៏ត្រូវការគ្នាយ៉ាងនោះដែរ ហើយចាំថានេះមិនមែនជាការចៃដន្យនោះទេ គឺព្រះអង្គជាអ្នកប្រទានមកយើងម្នាក់ៗនូវអំណោយទានផ្សេងៗពីគ្នា ដើម្បីឲ្យយើងអាចស្អាងពួកជំនុំឡើង។
នៅត្រង់ខ២១នៅពេលដែលប៉ុលមានប្រសាសន៍ថា «ហើយភ្នែកពុំអាចនិយាយទៅដៃថា អញមិនត្រូវការនឹងឯងទេ» មានន័យថាគ្រិស្តបរិស័ទម្នាក់មិនអាចនិយាយទៅកាន់គ្រិស្តបរិស័ទម្នាក់ទៀតថា ហេ! ខ្ញុំមិនត្រូវការអ្នកឯងទេ! នោះទេ។ ដូច្នេះ ប្រសិនបើយើងនិយាយថាយើងមិនចាំចាប់ជួបគ្រិស្តបរិស័ទដទៃទៀតទេ ហើយយើងក៏មិនចាំបាច់ទៅពួកជំនុំដែរ នោះមានន័យថា យើងកំពុងតែនិយាយទៅកាន់ពួកជំនុំថា «អញមិនត្រូវការនឹងឯងទេ» ហើយ ដែលទង្វើបែបនេះគឺផ្ទុយពីអ្វីដែលព្រះជាម្ចាស់បានបង្រៀននៅក្នុង១កូរិនថូស១២ ទាំងស្រុង។
ព្រះយេស៊ូវបានមានបន្ទូលថា លោកិយនឹងដឹងថាយើងរាល់គ្នាគឺជាសិស្សរបស់ទ្រង់ដោយសារយើងស្រឡាញ់គ្នាទៅវិញទៅមក (យ៉ូហាន ១៣:៣៤-៣៥) ជាមួយគ្នាព្រះបន្ទូលក៏បានបង្រៀនដែរថា គ្រិស្តបរិស័ទគ្រប់រូបត្រូវមាន «សេចក្តីស្រឡាញ់ជាបងជាប្អូន នោះចូរមានចិត្តថ្នមគ្នាទៅវិញទៅមកចុះ» (រ៉ូម ១២:១០) ហើយក៏ត្រូវ «ចូរទទួលគ្នាទៅវិញទៅមក» (រ៉ូម ១៥:៧) «ជំរាបសួរគ្នាទៅវិញទៅមក» (រ៉ូម ១៦:១៦) «បំរើគ្នាទៅវិញទៅមក» (កាឡាទី ៥:១៣) «ទ្រាំទ្រគ្នាទៅវិញទៅមកដោយស្រឡាញ់» (អេភេសូរ ៤:២) «មានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នា» (អេភេសូរ ៤:៣២) «និយាយគ្នាទៅវិញទៅមក ដោយទំនុកដំកើង ទំនុកបរិសុទ្ធនឹងចំរៀងខាងវិញ្ញាណ» (អេភេសូរ ៥:១៩) «ចំណុះគ្នាទៅវិញទៅមក ដោយសេចក្តីកោតខ្លាចដល់ព្រះគ្រិស្ត» (អេភេសូរ ៥:២១) ព្រមទាំងកំសាន្ត ហើយស្អាងចិត្តគ្នាទៅវិញទៅមកផងដែរ (១ថែស្ស. ៥:១១)។ កិច្ចការទាំងអស់នេះគ្រិស្តបរិស័ទគ្រប់រូបនឹងមិនអាចធ្វើបានឡើយ ប្រសិនបើពួកគេមិនមានការជួបជុំគ្នានោះ។ ដូច្នេះហើយបានជាព្រះជាម្ចាស់បានមានបន្ទូលមកយើងតាមរយៈអ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរថា «ហើយត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្តាលឲ្យមានសេចក្តីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ» (ហេព្រើរ ១០:២៤-២៥)។
Leave a Reply