Leviticus Intro pdf download
លេវីវិន័យ Leviticus
កណ្ឌលេវីវិន័យផ្តល់សេចក្តីណែនាំលំអិតសំរាប់ការបំពេញមុខងារដូចជាថ្វាយយញ្ញបូជានិងពិធីបុណ្យសាសនាផ្សេងៗនៅក្នុងអ៊ីស្រាអែលសម័យបុរាណ។ ព្រះទ្រង់បរិសុទ្ធ ហើយគ្រប់ផ្នែកនៃជីវិតរបស់រាស្ត្ររបស់ទ្រង់ ត្រូវតែមានភាពបរិសុទ្ធរបស់ទ្រង់។ អំពើបាបអាចត្រូវបានសំអាតឬគ្របបាំង ដោយយញ្ញបូជា។ សេចក្តីបញ្ញត្តិផ្សេងៗទៀតបានបង្រៀនពួកអ៊ីស្រាអែលថា ជីវិតទាំងមូលត្រូវតាមភាពបរិសុទ្ធរបស់ព្រះ។
សារៈសំខាន់នៃកណ្ឌលេវីវិន័យ Importance of Leviticus
កណ្ឌលេវីវិន័យសំខាន់ពីព្រោះ៖
១. កណ្ឌនេះបើកសំដែងភាពបរិសុទ្ធរបស់ព្រះ និងភាពបរិសុទ្ធដែលទ្រង់តំរូវអោយរាស្ត្ររបស់ទ្រង់មាន។
២. បានបង្រៀនអ៊ីស្រាអែលអំពីរបៀបដែលពួកគេគួរតែបំពេញសំរេចតួនាទីរបស់ពួកគេ ដែលព្រះបានប្រទាន អោយនៅក្នុងនិក្ខមនំ ១៩:៦។
៣. បង្ហាញថា មានរបៀបតែមួយគត់ ដែលព្រះជាម្ចាស់អាចទទួលមនុស្សមានបាប គឺតាមរយៈយញ្ញបូជាធួននឹងបាប ដូច្នេះ យើងចាំបាច់ត្រូវការយញ្ញបូជានោះ ហើយសេចក្ដីពិតនេះជួយពន្យល់អំពីដំណឹងល្អរបស់ព្រះគ្រីស្ទ និងមូលហេតុដែលព្រះយេស៊ូវត្រូវតែសុគតនៅលើឈើឆ្កាង។
ប្រវត្តិសាស្ត្រដែលត្រូវបានកត់ត្រាទុកក្នុងកណ្ឌលេវីវិន័យ History recorded in Leviticus
លេវីវិន័យកត់ត្រាអំពីព្រឹត្តិការណ៍ផ្សេងៗ ដែលបានកើតឡើងនៅក្នុងរយៈពេលខ្លីមួយ ពីព្រោះកណ្ឌទាំងមូលកត់ត្រាអំពីសេចក្តីណែនាំ ដែលអ៊ីស្រាអែលទទួលតាមរយៈម៉ូសេនៅឯស៊ីណាយ។
គម្រោង Outline
សេចក្តីណែនាំសំរាប់ពួកសង្ឃ (១:១-១៦:៣៤)
ភាពបរិសុទ្ធនៅក្នុងជីវិតរបស់ពួកអ៊ីស្រាអែល (១៧:១-២៧:៣៤)
របៀបអានកណ្ឌលេវីវិន័យ How to read Leviticus
ដើម្បីយល់និងអនុវត្តកណ្ឌលេវីវិន័យអោយបានត្រឹមត្រូវ យើងចាំបាច់ត្រូវយល់កណ្ឌនេះនៅក្នុងបរិបទដើមរបស់វានៅក្នុងប្រវត្តិសាស្ត្រ ហើយនៅក្នុងបរិបទនៃព្រះគម្ពីរទាំងមូល។ ដើម្បីយល់បាន យើងត្រូវឆ្លើយនឹងសំនួរចំនួនប្រាំមួយ។
១. តើកណ្ឌលេវីវិន័យទាក់ទងនឹងកណ្ឌផ្សេងៗទៀតដែលមានក្នុងព្រះគម្ពីរមុនកណ្ឌនេះយ៉ាងដូចម្តេច?
២. តើគោលបំណងរបស់កណ្ឌលេវីវិន័យសំរាប់អ្នកអានដើមដំបូងក្នុងសម័យព្រះគម្ពីរសញ្ញាចាស់គឺជាអ្វី?
៣. តើកណ្ឌលេវីវិន័យទាក់ទងនឹងកណ្ឌផ្សេងៗទៀតដែលមានក្នុងព្រះគម្ពីរបន្ទាប់ពីកណ្ឌនេះយ៉ាងដូចម្តេច?
៤. តើកណ្ឌនេះបង្រៀនយើងអ្វីអំពីព្រះ?
៥. តើកណ្ឌនេះបង្រៀនយើងអ្វីអំពីមនុស្ស?
៦. តើកណ្ឌនេះ មានទំនាក់ទំនងនឹងគ្រីស្ទបរិស័ទសព្វថ្ងៃយ៉ាងដូចម៉េច?
១. តើកណ្ឌលេវីវិន័យទាក់ទងនឹងកណ្ឌផ្សេងៗទៀតដែលមានក្នុងព្រះគម្ពីរមុនកណ្ឌនេះយ៉ាងដូចម្តេច?
ព្រះគម្ពីរគឺជារឿងធំមួយ ដែលពន្យល់អំពីផែនការរបស់ព្រះចាប់តាំងពីការបង្កបង្កើតដល់ការបង្កបង្កើតថ្មី។ ទ្រង់បានបង្កើតគ្រប់យ៉ាងល្អជាដំបូង ដោយមានអ័ដាមនិងអេវ៉ានៅក្នុងសួនច្បារអេដែន។ ពួកគេគឺជារាស្ត្ររបស់ព្រះ នៅក្នុងទីកន្លែងរបស់ព្រះ ក្រោមការគ្រប់គ្រងនិងព្រះពររបស់ព្រះ។ នេះគឺជាគោលដៅរបស់ព្រះសំរាប់ការបង្កបង្កើត។ ពួកគេ មិនបានស្តាប់បង្គាប់ ហើយត្រូវបានបណ្តេញចេញពីសួនច្បារ ដែលជាទីបរិសុទ្ធរបស់ព្រះ។ កន្លែងផ្សេងៗទាំងអស់ទៀតក្នុងព្រះគម្ពីរនិយាយអំពីផែនការរបស់ព្រះ ក្នុងការសង្គ្រោះមនុស្សចេញពីលទ្ធផលនៃការបះបោរនេះ ហើយស្តានគររបស់ទ្រង់ឡើងវិញ ដែលជារាស្ត្ររបស់ព្រះ នៅក្នុងទីកន្លែងរបស់ព្រះ ក្រោមការគ្រប់គ្រងនិងព្រះពររបស់ព្រះ។ ដូច្នេះ ព្រះបានជ្រើសរើសអ័ប្រាហាំ ហើយបានសន្យាថា ទ្រង់នឹងធ្វើអោយគាត់ក្លាយជាជាតិសាសន៍មួយដ៏ធំ ហើយពួកគេនឹងទទួលបានទឹកដីសន្យា។ តាមរយៈពូជពង្សរបស់អ័ប្រាហាំ ព្រះនឹងប្រទានពរដល់លោកិយ (លោកុប្បត្ដិ ១២:៣)។ ពួកគេត្រូវតែជារាស្ត្ររបស់ព្រះ នៅក្នុងទីកន្លែងរបស់ព្រះ ក្រោមការគ្រប់គ្រងនិងព្រះពររបស់ព្រះ ។ ទ្រង់នឹងគង់ក្នុងចំណោមពួកគេ ដូច្នេះអ៊ីស្រាអែលនៅក្នុងទឹកដីសន្យាគឺ អេដែនថ្មី ដែលជាទីបរិសុទ្ធថ្មី (សូមមើល លោកុប្បត្ដិ ១៣:១០)។ ប្រជាជនអ៊ីស្រាអែលត្រូវបានសង្គ្រោះចេញពីទាសភាពនៅក្នុងអេស៊ីព្ទ។ ម៉ូសេបានដឹកនាំពួកធ្វើដំណើរឆ្លងកាត់វាលរហោស្ថានទៅកាន់ភ្នំស៊ីណាយ ជាកន្លែងដែលព្រះបានធ្វើសម្ព័ន្ធមេត្រីមួយជាមួយពួកគេ ហើយបានប្រទានក្រិត្យវិន័យរបស់ទ្រង់ដល់ពួកគេ។ នៅភ្នំស៊ីណាយ ព្រះបានប្រទានអោយអ៊ីស្រាអែលនូវអត្តសញ្ញាណពិសេសមួយនិងតួនាទីនៅក្នុងពិភពលោក។ ពួកគេត្រូវតែធ្វើជានគរដែលសុទ្ធតែជាសង្ឃ និងជាសាសន៍បរិសុទ្ធ (និក្ខមនំ ១៩:៦)។ ដូច្នេះ កណ្ឌលេវីវិន័យបើកសំដែងផែនការណ៍របស់ព្រះ អំពីរបៀបដែលទ្រង់កំពុងស្តាឡើងវិញនូវអ្វីដែលបានបាត់បង់ចាប់ពីការបះបោររបស់អ័ដាមនិងអេវ៉ា ពីព្រោះកណ្ឌលេវីវិន័យពន្យល់អោយគេដឹងអំពីអ្វីដែលគេត្រូវធ្វើតាម ដើម្បីអោយគេធ្វើជា រាស្ត្ររបស់ព្រះ នៅក្នុងទីកន្លែងរបស់ព្រះ ក្រោមការគ្រប់គ្រងនិងព្រះពររបស់ព្រះ។ រាស្រ្តរបស់ព្រះ ដែលរស់នៅទីកន្លែងរបស់ព្រះជាម្ចាស់ ត្រូវតែបរិសុទ្ធ។
២. តើគោលបំណងរបស់កណ្ឌលេវីវិន័យសំរាប់អ្នកអានដើមដំបូងក្នុងសម័យព្រះគម្ពីរសញ្ញាចាស់គឺជាអ្វី?
សេចក្តីបង្រៀនខាងលើអំពីទំនាក់ទំនងរបស់កណ្ឌលេវីវិន័យជាមួយអ្វីដែលមានមុនមានសារៈសំខាន់ណាស់ ដើម្បីយល់អំពីកណ្ឌលេវីវិន័យ ពីព្រោះច្បាប់ផ្សេងៗអំពីពួកសង្ឃនិងភាពបរិសុទ្ធបង្ហាញអំពីរបៀបដែលពួកគេ ជារាស្ត្ររបស់ព្រះ គួរតែរស់នៅក្នុងទីបរិសុទ្ធរបស់ព្រះ។ ពួកគេត្រូវធ្វើជានគរដែលសុទ្ធតែជាសង្ឃនិងជាសាសន៍បរិសុទ្ធ (និក្ខមនំ ១៩:៦)។ កណ្ឌលេវីវិន័យពន្យល់អំពីរបៀបដែលពួកគេបំពេញតួនាទីនេះ។
ជំពូក១ដល់១៧និយាយជាចំបងអំពីតួនាទីថ្វាយយញ្ញបូជារបស់ពួកសង្ឃ និងមានការទំនាក់ទំនងត្រឹមត្រូវជាមួយព្រះ។ ជំពូក១៨ដល់២៧គឺជាការហៅអោយអ៊ីស្រាអែលបានជាបរិសុទ្ធក្នុងរាល់ការអនុវត្តនៃជីវិតរបស់ពួកគេ។ ជំពូក១ដល់១៧នាំទៅដល់ចំនុចខ្ពស់ដ៏អស្ចារ្យអំពីថ្ងៃធួននឹងបាបនៅក្នុងជំពូក១៦ គឺពេលទំនាក់ទំនងត្រូវបានស្តាឡើងវិញរវាងអ៊ីស្រាអែលនិងព្រះ។ ជំពូក១៨-២៧ឈានដល់ចំនុចខ្ពស់អំពីឆ្នាំ មេត្តាករុណានៅក្នុងជំពូក២៥ គឺជាពេលដែលទំនាក់ទំនងផ្សេងៗត្រូវបានស្តាឡើងវិញនៅក្នុងសហគមន៍និងជាតិសាសន៍ទាំងមូល។
៣. តើកណ្ឌលេវីវិន័យទាក់ទងនឹងកណ្ឌផ្សេងៗទៀតដែលមានក្នុងព្រះគម្ពីរបន្ទាប់ពីកណ្ឌនេះយ៉ាងដូចម្តេច?
មានរបៀបជាច្រើន ដែលកណ្ឌលេវីវិន័យទាក់ទងជាមួយកណ្ឌផ្សេងៗ ដែលមានបន្ទាប់វា។ កណ្ឌលេវីវិន័យកត់ត្រាអំពីច្បាប់ផ្សេងៗ ដែលអ៊ីស្រាអែលមិនបានគោរពតាម ដែលនាំពួកគេទៅដល់ការនិរទេស។ ផ្ទៃរឿងអំពី «យញ្ញបូជា» គឺជារបៀបសំខាន់មួយកណ្ឌលេវីវិន័យទាក់ទងនឹងកណ្ឌផ្សេងៗទៀត ដែលមានក្នុងព្រះគម្ពីរបន្ទាប់ មក។ អេសាយបានទាយអំពីម្នាក់ ដែលនឹងមកធ្វើជាយញ្ញបូជាជំនួសរាស្ត្ររបស់ព្រះ (អេសាយ ៥២:១៣- ៥៣:១២) ហើយព្រះគម្ពីរសញ្ញាថ្មីនិយាយយ៉ាងច្បាស់លាស់ថា ព្រះយេស៊ូវបានបំពេញសំរេចទំនាយនេះ ដោយការសុគតនៅលើឈើឆ្កាង ធ្វើជាយញ្ញបូជាធួននឹងអំពើបាបរបស់យើង (១កូរិនថូស ៥:៧; អេភេសូរ ៥:២; ហេព្រើរ ៩:២៨; ១០:១២) ហើយមានតែតាមរយៈទ្រង់ប៉ុណ្ណោះ ដែលយើងអាចមកឯព្រះបាន (ហេព្រើរ ១០:១៩-២២)។ (សំរាប់សេចក្តីបន្ថែមអំពីចំនុចនេះ សូមមើលចំនុចទី៦ ដែលនិយាយអំពីរបៀបដែលកណ្ឌលេវីវិន័យ ទាក់ទងនឹងគ្រីស្ទបរិស័ទសព្វថ្ងៃ)។
៤. តើកណ្ឌនេះបង្រៀនយើងអ្វីអំពីព្រះ?
តាមការរៀបរាប់ខាងលើ យើងមើលឃើញថា ព្រះ
- ព្រះបរិសុទ្ធ។ ច្បាប់ជាច្រើនបង្ហាញថា មនុស្សមានបាបមិនអាចចូលទៅចំពោះព្រះបានទេ ហើយព្រះមិនទទួលមនុស្សមានបាប លុះត្រាតែអំពើបាបត្រូវបានធួនអោយ។ មនុស្សជាច្រើនសព្វថ្ងៃនេះពិតជាមិនអោយ តំលៃលើភាពបរិសុទ្ធរបស់ព្រះទេ ហើយសន្មតថា វាមិនពិបាកសំរាប់មនុស្សមានបាបចូលទៅចំពោះព្រះ ឡើយ។
- អត់ទោសអំពើបាបតាមរយៈការបង្ហូរឈាម។
- តម្រូវអោយស្តាប់បង្គាប់ទាំងស្រុង ហើយរាស្ត្រត្រូវតែបរិសុទ្ធ។
- តម្រូវជាពិសេសថា ពួកអ្នកបំរើរបស់ទ្រង់ត្រូវតែបរិសុទ្ធ (ជំពូក ៨-១០)។
- តម្រូវអោយមានភាពស្មោះត្រង់ (ជំពូក ២៧)
- សមនឹងទទួលការថ្វាយបង្គំ ហើយបើកសំដែងការថ្វាយបង្គំរបៀបណា ដែលផ្គាប់ព្រះហឫទ័យទ្រង់។ កណ្ឌហេព្រើរបង្រៀនថា នៅពេលជនជាតិអ៊ីស្រាអែលដើរតាមសេចក្តីណែនាំទាំងនេះ នោះហើយជារបៀបថ្វាយបង្គំរបស់គេ។ ព្រះមិនទទួលយករបៀបថ្វាយបង្គំណាផ្សេង គឺទទួលយករបៀបថ្វាយបង្គំតាមដែលព្រះបន្ទូលរបស់ទ្រង់ប្រាប់។
- ព្រះយកព្រះទ័យទុកដាក់ជាមួយគ្រប់ផ្នែកក្នុងសង្គម។ ព្រះបានប្រទានច្បាប់ផ្សេងៗដល់អ៊ីស្រាអែល ដើម្បីដោះស្រាយបញ្ហានៅក្នុងសង្គម។ យើងមិនមែនជាអ៊ីស្រាអែលនៅក្នុងទឹកដីសន្យានោះទេ ដូច្នេះយើងត្រូវតែប្រយ័ត្នក្នុងការអនុវត្តច្បាប់ទាំងនោះក្នុងបច្ចុប្បន្ននេះ ប៉ុន្តែក៏នៅមានគោលការណ៍ខ្លះៗ ដែលយើងត្រូវអនុវត្តផងដែរ។
- មនុស្សមានភាពមិនស្អាត ហើយមិនអាចចូលទៅក្នុងវត្តមានរបស់ព្រះ ដោយមិនមានការសំអាតដោយឈាមឡើយ។
៥. តើកណ្ឌនេះបង្រៀនយើងអ្វីអំពីមនុស្ស?
៦. តើកណ្ឌលេវីវិន័យ ទាក់ទងនឹងគ្រីស្ទបរិស័ទសព្វថ្ងៃនេះយ៉ាងដូចម្តេច?
តាមការរៀបរាប់ខាងលើ យើងមើលឃើញថា កណ្ឌលេវីវិន័យមានការអនុវត្តជាច្រើន ប៉ុន្តែយើងត្រូវតែប្រយ័ត្នទាក់ទងនឹងរបៀប ដែលយើងអនុវត្តបទគម្ពីរផ្សេងៗនៅក្នុងកណ្ឌនេះមកកាន់យើងជាគ្រីស្ទបរិស័ទសព្វថ្ងៃនេះ។ យើងមិនមានពួកសង្ឃដូចក្នុងព្រះគម្ពីរសញ្ញាចាស់ទេ ប៉ុន្តែសេចក្តីបង្រៀនទាំងនេះ ចង្អុលទៅកាន់ព្រះយេស៊ូវ ដែលជាសម្តេចសង្ឃដ៏ធំបំផុតរបស់យើង (ជាពិសេសសូមមើលហេព្រើរ ៨-១០)។ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី អ្នកដឹកនាំពួកជំនុំមិនដូចជាពួកសង្ឃនៅក្នុងព្រះគម្ពីរសញ្ញាចាស់ទេ ប៉ុន្តែតួនាទីរបស់អ្នកដឹកនាំពួកជំនុំគឺត្រូវអធិប្បាយអំពីព្រះគ្រីស្ទ ដែលជាសម្តេចសង្ឃដ៏ធំបំផុតរបស់យើង ហើយផ្តល់គំរូល្អនៅក្នុងជីវិតរស់នៅរបស់ពួកគេ ដើម្បីនាំក្រុមជំនុំអោយពេញវ័យនៅក្នុងព្រះគ្រីស្ទ។ អ្នកនិពន្ធក្នុងព្រះគម្ពីរសញ្ញាថ្មីនិយាយប្រាប់គ្រីស្ទ បរិស័ទសព្វថ្ងៃនេះឡើងវិញអំពីសេចក្តីបង្គាប់របស់ព្រះទៅកាន់ជនជាតិអ៊ីស្រាអែលថា «ត្រូវអោយឯងរាល់គ្នាបានបរិសុទ្ធ ដ្បិតអញនេះជាព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា អញបរិសុទ្ធ» (លេវីវិន័យ ១៩:២; ១ពេត្រុស ១:១៥-១៦)។ ប៉ុន្តែ យើងត្រូវតែចងចាំថា យើងបានបរិសុទ្ធតាមរយៈព្រះគ្រីស្ទ។ ព្រះយេស៊ូវហៅពាក្យនៅក្នុង ១៩:១៨ អំពីសេចក្តីបង្គាប់ដ៏ធំថា «ចូរស្រលាញ់អ្នកជិតខាងអោយដូចខ្លួនឯង»។
នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ខ្លួនយើងគឺជាវិហារ ពួកសង្ឃ និងដង្វាយ។ ពេត្រុសសរសេរថា «នោះអ្នករាល់គ្នាក៏បានស្អាងឡើង ដូចជាថ្មរស់ដែរ អោយបានធ្វើជាផ្ទះខាងវិញ្ញាណ ជាពួកសង្ឃបរិសុទ្ធ សំរាប់នឹងថ្វាយគ្រឿងបូជាខាងព្រលឹងវិញ្ញាណ ដែលព្រះសព្វព្រះហឫទ័យទទួល ដោយព្រះយេស៊ូវគ្រីស្ទ (១ពេត្រុស ២:៥)។ ប៉ុលលើកទឹកចិត្តអោយគ្រីស្ទបរិស័ទថ្វាយខ្លួនរបស់ពួកគេ «ជាយញ្ញបូជារស់ ហើយបរិសុទ្ធ ដែលគាប់ព្រះហឫទ័យដល់ព្រះ» (រ៉ូម ១២:១)។
ការថ្វាយខ្លួនរបស់យើងមិនមែនបង់ថ្លៃសំរាប់អំពើបាបរបស់យើងឡើយ។ មានតែការសុគតរបស់ព្រះយេស៊ូវទេដែលអាចបង់ថ្លៃសំរាប់អំពើបាបរបស់យើងបាន។ ប៉ុន្តែ យើងអាចធ្វើជា «យញ្ញបូជារស់» ដោយការថ្វាយរូបកាយ គំនិត ពេលវេលា អំណោយទាន និងជីវិតប្រចាំថ្ងៃរបស់យើងទៅចំពោះព្រះ។ ចាប់ពីសត្វដែលស្លាប់នៅក្នុងកណ្ឌលេវីវិន័យមកដល់ការប្ដេជ្ញាទាំងស្រុងរបស់យើងផ្ទាល់នៅសព្វថ្ងៃគឺជាការអភិវឌ្ឍដ៏អស្ចារ្យ! ព្រះយេស៊ូវបានបង្រៀនថា «ពួកអ្នកថ្វាយបង្គំពិតនឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណនិងសេចក្តីពិត» (យ៉ូហាន ៤:២៣)។
ដូច្នេះ ទោះជាមានការអនុវត្តជាច្រើនទាក់ទងនឹងអ្វីដែលកណ្ឌនេះបង្រៀនយើងអំពីព្រះ និងអ្វីដែលយើងត្រូវតែធ្វើ ជាការចាំបាច់ដែលយើងអនុវត្តកណ្ឌ លេវីវិន័យមកកាន់ខ្លួនយើង តាមរយៈព្រះគ្រីស្ទ។ យើងត្រូវតែប្រយ័ត្ន មិនត្រូវរំលងព្រះគ្រីស្ទនិងព្រះគម្ពីរសញ្ញាថ្មីឡើយ។
Leave a Reply