លោកុប្បត្ដិ ១២:១-៧ អ័ប្រាហាំ Gen. 12:1-7 Abraham

Gen 12.1-7 Abraham pdf download

សេចក្តី​ណែនាំ

លោកុប្បត្ដិ ជំពូក​១២ គឺ​ជា​ជំពូក​សំខាន់​បំផុត​មួយ​សំរាប់​ការ​យល់​អំពី​ព្រះរាជសារ​នៅ​ក្នុង​ព្រះគម្ពីរ។ ប៉ុន្តែ​គួរ​អោយ​សោក​ស្តាយ នៅ​ពេល​មនុស្ស​អធិប្បាយ​ចេញ​ពី​បទ​គម្ពីរ​នេះ​ ជា​ញឹកញាប់​ពួកគេ​ផ្ដោត​លើ​ការ​ត្រាស់​ហៅ​របស់​អាប់រ៉ាម  (អ័ប្រាហាំ) ហើយ​ការ​អនុវត្ត​របស់​ពួកគេ​គឺ​ថា ​យើង​គួរ​តែ​ស្មោះ​ត្រង់​ចំពោះ​ការ​ត្រាស់​ហៅ​របស់​យើង​ ដូច​ជា​អ័ប្រាហាំ​បាន​ស្មោះ​ត្រង់​ចំពោះ​ការ​ត្រាស់​ហៅ​របស់​គាត់​ដែរ។ ​ជា​ការ​ពិត​ហើយ​ដែល​អ័ប្រាហាំ​គឺ​ជា​គំរូ​ល្អ​មួយ​សំរាប់​យើង​ឲ្យ​ប្រព្រឹត្ត​តាម​ ប៉ុន្តែ​ប្រសិន​បើ​យើង​យល់​ និង​អនុ​វត្ត​រឿង​នេះ​នៅ​ក្នុង​តែ​របៀប​មួយ​នេះ​ប៉ុណ្ណោះ នោះ​យើង​ពិតជា​បាន​បាត់​បង់គំនិត​ចំបង​នៃ​ព្រះ​រាជសារ​ហើយ។ ​ដើម្បី​អោយ​យើង​យល់​បទ​គម្ពីរ​នេះ​កាន់​តែ​ច្បាស់​ យើង​មិន​គួរ​គ្រាន់​តែ​គិត​អំពី​ការ​ត្រាស់​ហៅ​របស់​ព្រះ​ចំពោះ​អ័ប្រាហាំ​ទេ ប៉ុន្តែ​ក៏​គួរ​តែ​ផ្ដោត​លើ​សេចក្តី​សន្យា​របស់​ព្រះ​ជាមួយ​អ័ប្រាហាំ​ និង​របៀប​ដែល​សេចក្តី​សន្យា​របស់​ព្រះ​ទាក់​ទង​ជាមួយ​នឹង​អ្វី​ដែល​មាន​មុន​និង​អ្វី​ដែល​មាន​បន្ទាប់​មក​នៅក្នុង​ព្រះ​គម្ពីរ​ផង​ដែរ។ ការ​នេះ​នឹង​បញ្ជាក់​ច្បាស់​លាស់​អំពី​របៀប​អធិប្បាយ​ព្រះគ្រីស្ទ​ចេញ​ពី​លោកុប្បត្ដិ​ ១២ និង​របៀប​អនុវត្ត​បទ​គម្ពីរ​នេះ​សំរាប់​គ្រីស្ទ​បរិស័ទ​សព្វ​ថ្ងៃ។ ​

សេចក្តី​សន្យា​របស់​ព្រះ​ជាមួយ​អាប់រ៉ាម

សេចក្តី​សន្យា​របស់​ព្រះ​ជាមួយ​អាប់រ៉ាម​មាន​ភាព​ច្បាស់​លាស់។ ព្រះជាម្ចាស់​នឹង៖

បង្កើត​នគរ​១​យ៉ាង​ធំ​ពី​អាប់រ៉ាម​ ​(ខ.២)

ឱ្យ​ពរ​ដល់​អាប់រ៉ាម​ ​ ​(ខ.២)

លើក​ឈ្មោះ​អាប់រ៉ាម​ជា​ធំ​ ​(ខ.២)

បញ្ចេញ​ពរ​ដល់​មនុស្ស​ទាំងឡាយ​តាម​រយៈ​អាប់រ៉ាម​ ​(ខ.២) គ្រប់​ទាំង​គ្រួ​ ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយសារ​អាប់រ៉ាម​ (ខ.៣)

ឱ្យ​ពរ​ដល់​អស់អ្នក​ណា​ ​ដែល​ ​ឱ្យ​ ​ពរ​ដល់​អាប់រ៉ាម​ ​ហើយនឹង​ ​ដាក់បណ្ដាសា​ដល់​អស់អ្នក​ណា​ ​ដែល​ផ្ដាសា​គាត់​ ​(ខ.៣)

ឱ្យ​ស្រុក​កាណាន​ដល់​ពូជ​អាប់រ៉ាម​ (ខ.៧)

តើ សេចក្ដី​សន្យា​ទាំង​នេះ​ភ្ជាប់​ទាក់​ទង​នឹង​បទ​គម្ពីរ​មុន (លោកុប្បត្ដិ​ ១-១១) យ៉ាង​ដូច​ម្ដេច?

ជា​ការ​សំខាន់​ចាំ​បាច់​ក្នុង​ការ​យល់​អំពី​គោលដៅ​របស់​ព្រះជាម្ចាស់​ក្នុង​ការ​បង្កើត​អ្វីៗ​សព្វ​សារពើ។ គោល​ដៅ​របស់​ទ្រង់​គឺ​ថា យើង​ទាំង​អស់​គ្នា​នឹង​រីក​រាយ​ជាមួយ​សេចក្តី​សំរាក​របស់​ព្រះ (សូម​មើល​មេរៀន​អំពី​ការ​អធិប្បាយ​ព្រះគ្រីស្ទ​ចេញ​ពី​លោកុប្បត្ដិ ២:១-៣ ថ្ងៃ​ទី​ប្រាំ​ពីរ) គឺ​រាស្រ្ត​របស់​ព្រះ​ (ដំបូង​មាន​អ័ដាម​និង​អេវ៉ា) នឹង​មាន​នៅ​ក្នុង​ទីកន្លែង​របស់​ទ្រង់ ក្រោម​ការ​គ្រប់​គ្រង​និង​ព្រះ​ពរ​របស់​ទ្រង់។ យើង​បាន​បាត់​បង់​សេចក្តី​សំរាក​នេះ នៅពេល​អ័ដាម​និង​អេវ៉ា​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ។ ចាប់​តាំង​ពី​ការ​បះបោរ​ប្រឆាំង​របស់​អ័ដាម​និង​អេវ៉ា​មក មនុស្ស​ជាតិ​បាន​នៅ​ក្រោម​បណ្តាសា ប៉ុន្តែ​ព្រះ​ចង់​ប្រទាន​ព្រះពរ​ដល់​មនុស្ស​ជាតិ។ អ័ដាម​និង​អេវ៉ា​ត្រូវ​បាន​ព្រះ​បណ្តេញ​ចេញ​ពី​សួន​ច្បារ​ ​ដែល​ជា​ទី​បរិសុទ្ធ​របស់​ព្រះ។ ផែនការណ៍​របស់​ព្រះ​ ដែល​បាន​បើក​សំដែង​ពេញ​ក្នុង​ព្រះ​គម្ពីរ គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ហើយ​សំរេច​គោលដៅ​របស់​ទ្រង់​សំរាប់​ស្នាព្រះហស្ត។ សំនួរ​ធំ​មួយ​សួរ​ថា «តើ​ព្រះ​នឹង​ធ្វើ​ការ​នេះ​ដោយ​របៀប​ណា?» គឺ​តាមរយៈ​សេចក្តី​សន្យា​ទាំង​នេះ​ដែល​ព្រះ​មាន​ជាមួយ​អ័ប្រាហាំ​ហើយ​ ដែល​ទ្រង់​នឹង​ដោះស្រាយ​បញ្ហា​ ដែល​បាន​ចេញ​មក​ពី​អ័ដាម​និង​អេវ៉ា ហើយ​ប្រទាន​ពរ​ដល់​លោកិយ។ សេចក្តី​សន្យា​ផ្សេងៗ​របស់​ព្រះ​ជាមួយ​អ័ប្រាហាំ​ទាក់​ទង​ជាមួយ​គោលដៅ​ដំបូង​របស់​ព្រះ​សំរាប់​ស្នាព្រះហស្ត​ ដូច​ជា​យើង​មើល​ឃើញ​នៅ​ក្នុង​តារាង​ខាង​ក្រោម​នេះ។

 

លោកុប្បត្ដិ ២ សេចក្តី​សន្យា​ចំពោះ​អ័ប្រាហាំ (លោកុប្បត្ដិ ១២)
រាស្ត្រ​របស់​ព្រះ អ័ដាម​ និង​អេវ៉ា អ័ប្រាហាំ និង​ពូជពង្ស​របស់​គាត់​
ទីកន្លែង​របស់​ព្រះ សួនច្បារ​អេដែន​ ទឹក​ដី​សន្យា​ (១២:៧)
ការ​គ្រប់​គ្រង ​និង​ព្រះ​ពរ​របស់​ព្រះ មាន​ព្រះ​បន្ទូល​និង​ពរ​របស់​ទ្រង់​ ទទួល​ព្រះពរ​ និង​ធ្វើ​ជា​ព្រះ​ពរ (១២:២-៣)

 

សេចក្តី​លំអិត​អំពី​ផ្ទៃ​រឿង​ទាំង​នេះ៖

ទឹក​ដី​ ព្រះពរ និង​បណ្តាសា៖ អ័ប្រាហាំ​គឺ​ដូច​ជា​អ័ដាម​ថ្មី​ម្នាក់។ ព្រះ​ប្រទាន​សួន​ច្បារ​អេដែន​ដល់​អ័ដាម ហើយ​ទ្រង់​ប្រទាន​ទឹក​ដី​កាណាន​ដល់​អ័ប្រាហាំ​ ដែល​ដូច​ជា​អេដែន​ថ្មី​មួយ​ (១៣:១០)។

ផ្ទៃរឿង​អំពី​ទឹកដី ព្រះពរ និង​បណ្តាសា​រួម​បញ្ចូល​គ្នា នៅពេល​យើង​មើល​ឃើញ​នរណា​បាន​រស់​នៅ​ក្នុង​ទឹកដី និង​សកម្ម​ភាព​របស់​ព្រះ។ នៅពេល​អ័ប្រាហាំ​បាន​មកដល់ ពេល​នោះ​សាសន៍​កាណាន​បាន​រស់​នៅ​ក្នុង​ទឹកដី (ខ. ៦)។ ពួក​គេ​ត្រូវ​បណ្តាសា​ដោយ​ណូអេ (លោកុប្បត្ដិ ៩:២៥) ហើយ​ជា​ពូជ​នៃ​សត្វ​ពស់។ ​អ័ប្រាហាំ​បាន​ធ្វើ​ដំណើរ​កាត់​តាម​ទឹកដី​ ស្អាង​អាសនា​ថ្វាយ​ព្រះ​ដ៏​ពិត​នៅ​កន្លែង​យុទ្ធសាស្ត្រ​ ដែល​ជិត​អាសនា​សំរាប់​រូប​ព្រះ​របស់​សាសន៍​កាណាន។ អ័ប្រាហាំ​បាន​ប្រកាស​ថា ទឹក​ដី​នេះ​គឺ​សំរាប់​ព្រះ ហើយ​ឧទ្ទិស​ទឹក​ដី​សន្យា​ដល់​ព្រះ ដូច្នេះ​ផ្លាស់​ប្តូរ​ទឹក​ដី​នេះ​ពី​ទឹកដី​របស់​អ្នក​ត្រូវ    ​បណ្តាសា​ (សាសន៍​កាណាន) ទៅ​ជា​ទឹក​ដី​របស់​អ្នក​មាន​ពរ​វិញ ដូច​ជា​ណូអេ​បាន​ឧទ្ទិស​ផែនដី​ដែល​សំអាត​ដោយ​ទឹក​ជំនន់​ថ្វាយ​ដល់​ព្រះ​ដែរ (៨:២០)។

ឈ្មោះ៖ ក៏​មាន​ទំនាក់​ទំនង​ជាមួយ​លោកុប្បត្ដិ ១១​ផង​ដែរ។ មនុស្ស​នៅ​ក្រុង​បាបិល​បាន​ព្យាយាម​ធ្វើ​អោយ​ឈ្មោះ​របស់​ពួកគេ​បាន​ជាធំ ប៉ុន្តែ​ព្រះ​សន្យា​ជាមួយ​អ័ប្រាហាំ​ថា ព្រះ​នឹង​ធ្វើ​អោយ​ឈ្មោះ​របស់​គាត់​បាន​ជា​ធំ។

តើ​សេចក្ដី​សន្យា​ទាំង​នេះ​ជាប់​ទាក់​ទង​នឹង​បទ​គម្ពីរ​ក្រោយ​ (លោកុប្បត្ដិ​ ១២-វិវរណៈ​) យ៉ាង​ដូច​ម្ដេច?

​ផ្នែក​ទាំង​អស់​ទៀត​នៃ​ព្រះ​គម្ពីរ​គឺ​និយាយ​អំពី​ព្រះ​បំពេញ​សំរេច​ផែនការណ៍​របស់​ទ្រង់​ ដើម្បី​ស្តា​គោល​បំណង​ល្អ​របស់​ទ្រង់​នៅ​ក្នុង​ការ​បង្កបង្កើត​ ដោយ​បំពេញ​សំរេច​សេចក្តី​សន្យា​ទាំង​នេះ​ជាមួយ​អ័ប្រាហាំ។ ជា​ឧទាហរណ៍ ផ្នែក​ទាំង​អស់​ទៀត​នៃ​កណ្ឌ​លោកុប្បត្ដិ​និយាយ​អំពី​អ្នក​ទទួល​បាន​សេចក្តី​សន្យា​ទាំង​នេះ (អ៊ីសាក បន្ទាប់​មក​យ៉ាកុប​ និង​ពូជពង្ស​របស់​គាត់)។ នៅពេល​អ៊ីស្រាអែល​បាន​ចូល​ក្នុង​ទឹក​ដី​នៅក្នុង​កណ្ឌ​យ៉ូស្វេ ពួកគេ​កំពុង​ចូល​ទៅ​ក្នុង​ទឹក​ដី ដែល​ព្រះ​បាន​សន្យា​ជាមួយ​ពួកគេ​ តាមរយៈ​អ័ប្រាហាំ ហើយ​អ័ប្រាហាំ​បាន​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​ តាមរយៈ​ការ​ស្អាង​អាសនា​របស់​ព្រះ។

សំនួរ​សំខាន់​មួយ​សួរ​ថា​ «តើ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី​ទទួល​បាន​ព្រះ​ពរ​តាម​រយៈ​អ័ប្រាហាំ​យ៉ាង​ដូច​ម្តេច?» (១២:៣)។ «មនុស្ស​ទាំង​អស់» រួម​ទាំង​ជន​ជាតិ​ខ្មែរ​ផង​ដែរ អញ្ចឹង តើ​ជនជាតិ​ខ្មែរ​ទទួល​បាន​ព្រះ​ពរ​តាមរយៈ​អ័ប្រាហាំ​យ៉ាង​ដូចម្តេច?

ទី​មួយ សេចក្តី​សន្យា​ទាំង​នេះ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​សំរាប់​ការ​បង្កើត​ជាតិ​សាសន៍​អ៊ីស្រាអែល (​ទាំង​មនុស្ស​ និង​ទឹកដី) ហើយ​ព្រះ​បាន​ហៅ​ពួក​គេ​អោយ​ធ្វើ​ជា​ទី​បញ្ចេញ​ព្រះ​ពរ​ដល់​លោកិយ​ ដោយ​បាន​ប្រទាន​អោយ​ពួកគេ​នូវ​ព្រះបន្ទូល​របស់​ទ្រង់​ ដែល​បាន​បើក​សំដែង​អំពី​អង្គ​ទ្រង់ ​និង​ផ្លូវ​របស់​ទ្រង់ ហើយ​ពួកគេ​ត្រូវ​តែ​ទុក​ចិត្ត​ និង​ស្តាប់​បង្គាប់​តាម​ព្រះ​បន្ទូល​នោះ (និក្ខមនំ ១៩:៤-៦; ​ចោទិយកថា​ ​៤:៥-៨) ហើយ​ប្រាប់​ជាតិ​សាសន៍​ដទៃ​អំពី​ព្រះ (ទំនុកដំកើង ១០៥:១)។ ប្រសិន​បើ​ពួក​គេ​បាន​ធ្វើ​ការ​នេះ នោះ​ពួក​គេ​គឺ​ជា​ពន្លឺ ​និង​ព្រះ​ពរ​ដល់​លោកិយ​ហើយ​ ប៉ុន្តែ​អ៊ីស្រាអែល​បាន​បរាជ័យ​បំពេញ​តួនាទី​នេះ។ ចុង​បំផុត ព្រះ​យេស៊ូវ ដែល​ជា​ពូជ​ពង្ស​របស់​អ័ប្រាហាំ បាន​យាង​មក​ក្នុង​លោកិយ​ ជា​ពន្លឺ​នៃ​លោកិយ​ ដើម្បី​សង្គ្រោះ​យើង​ឲ្យ​ចេញ​ពី​អំពើ​បាប​របស់​យើង។ គឺ​តាមរយៈ​ការ​យាង​មក​របស់​ព្រះ​យេស៊ូវ​ ដើម្បី​សង្គ្រោះ​ពួក​យូដា​និង​សាសន៍​ដទៃ​ឲ្យ​ចេញ​ពី​អំពើ​បាប​របស់​ពួកគេ​ហើយ​ដែល ​គ្រប់​ទាំង​គ្រួ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយសារ​អាប់រ៉ាម។

​នេះ​គឺ​ជា​របៀប​ដែល​អ្នក​និពន្ធ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​កាត់​ស្រាយ ​និង​អនុវត្ត​សេចក្តី​សន្យា​របស់​ព្រះ​ជាមួយ​អ័ប្រាហាំ។ ជា​ឧទាហរណ៍ នៅ​ក្នុង​កាឡាទី ៣:៦-១៨ ប៉ុល​បង្រៀន​ថា ​ព្រះពរ​ដែល​ព្រះ​បាន​សន្យា​ប្រទាន​ដល់​លោកិយ តាមរយៈ​អ័ប្រាហាំ​គឺ​ថា ​ព្រះ​សង្គ្រោះ​យើង​ឲ្យ​ចេញ​ពី​អំពើ​បាប​របស់​យើង​ (រាប់​យើង​ជា​សុចរិត​ ហើយ​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដល់​យើង​) ហើយ​ថា យើង​ទទួល​បាន​ព្រះ​ពរ​នេះ​ដោយ​សេចក្តីជំនឿ​លើ​ព្រះគ្រីស្ទ។ ដូច្នេះ នេះ​មាន​ន័យ​ថា ប្រសិន​បើ​យើង​យល់​ និង​អនុវត្ត​លោកុប្បត្ដិ​ ១២ បាន​ត្រឹម​ត្រូវ​ នោះ​យើង​ត្រូវ​តែ​អធិប្បាយ​ដំណឹងល្អ​របស់​ព្រះគ្រីស្ទ។ ​យើង​មិន​ទទួល​បាន​ព្រះពរ​ ដែល​ព្រះ​បាន​សន្យា​ជាមួយ​អ័ប្រាហាំ​ តាមរយៈ​ភាព​ស្មោះត្រង់​ផ្ទាល់​ខ្លួន​របស់​យើង​ទេ ប៉ុន្តែ​យើង​ទទួល​បាន​ដោយ​ការ​ទុក​ចិត្ត​ដល់​ព្រះគ្រីស្ទ​វិញ។ ប្រសិន​បើ​យើង​ពឹង​ផ្អែក​លើ​ការ​ស្តាប់​បង្គាប់​របស់​យើង​ នោះ​យើង​ស្ថិត​នៅ​ក្រោម​បណ្តាសា​ហើយ​ (កាឡាទី ៣:១០)។

លើស​ពី​នេះ គឺ​តាមរយៈ​ព្រះគ្រីស្ទ​ដែល​យើង​ឥឡូវ​នេះ​ក្លាយ​ជា​រាស្ត្រ​របស់​ព្រះ។ ដូច្នេះ តាមរយៈ​ព្រះគ្រីស្ទ​ដែល​ព្រះ​កំពុង​បំពេញ​សំរេច​គោល​បំណង​របស់​ទ្រង់​ក្នុង​ការ​បង្កបង្កើត​ ដើម្បី​មាន​មនុស្ស​មួយ​ក្រុម​ដែល​ជា​របស់​ទ្រង់។ ​គឺ​តាមរយៈ​ព្រះ​គ្រីស្ទ​ដែល​យើង​ចូល​ទៅ​ក្នុង​ទីកន្លែង​ចុង​ក្រោយ​របស់​ព្រះ។ ដូច្នេះ សេចក្តី​សន្យា​របស់​ព្រះ​ជាមួយ​អ័ប្រាហាំ​គឺ​ជា​គន្លឹះ​ ដើម្បី​យល់​អំពី​របៀប​ដែល​ព្រះ​គម្ពីរ​ទាំង​មូល​ស៊ីគ្នា​ជា​រឿង​តែ​មួយ​ ដែល​មាន​ព្រះគ្រីស្ទ​ជា​ចំនុច​ស្នូល​ ហើយ​គឺ​តាមរយៈ​ព្រះគ្រីស្ទ​ដែល​រឿង​អំពី​អ័ប្រាហាំ​មាន​ការ​អនុវត្ត​ចំពោះ​យើង។

អ័ប្រាហាំ និង​ព្រះគ្រីស្ទ

​ការ​ប្រៀប​ធៀប​អ័ប្រាហាំ​ជាមួយ​ព្រះ​គ្រីស្ទ​ផ្តល់​របៀប​មួយ​នៃ​ការ​អធិប្បាយ​អំពី​ព្រះគ្រីស្ទ។ ​ឧទាហរណ៍  អ័ប្រាហាំ​ដែល​ជា​ពូជ​ស្ត្រី (លោកុប្បត្ដិ ៣:១៥) ​បាន​ស្តា​ការ​ថ្វាយ​បង្គំ​ព្រះ​ពិត​នៅក្នុង​ទឹក​ដី​កាណាន​ឡើង​វិញ ដូច​ជា​ព្រះយេស៊ូវ ដែល​ជា​ពូជ​ចុង​ក្រោយ​របស់​ស្ត្រី​ដើម្បី​កិន​ក្បាល​របស់​សត្វ​ពស់​ និង​ជា​ពូជ​របស់​អ័ប្រាហាំ បាន​យាង​មក​ស្តា​ការ​ថ្វាយ​បង្គំ​ព្រះ​ពិត​ ហើយ​បញ្ជូន​យើង​ចេញ​ទៅ​លោកិយ​ទាំង​មូល​ ដើម្បី​បង្កើត​សិស្ស​ពេញ​ទាំង​លោកិយ​ និង​ប្រកាស​ឡើង​វិញ​ថា ​លោកិយ​ជា​របស់​ព្រះ​ ហើយ​នាំ​អោយ​មាន​ការ​ថ្វាយ​បង្គំ​ដ៏​ពិត​នៅ​ក្នុង​លោកិយ​ទាំង​មូល។ ដូច​ដែល​ព្រះ​បាន​ប្រទាន​អោយ​អ័ប្រាហាំ​មាន​ឈ្មោះ​ជាធំ នោះ​ព្រះ​ដ៏​ជា​ព្រះ​វរបិតា​ក៏​បាន​ប្រទាន​នាម​ដ៏​ធំ​បំផុត​ដល់​ព្រះយេស៊ូវ​ផង​ដែរ (ភីលីព ២:៩)។

នៅ​ពេល​អធិប្បាយ បញ្ហា​មួយ​សំរាប់​អ្នក​អធិប្បាយ​គឺ​ថា បទ​គម្ពីរ​នេះ​មាន​ផ្ទៃ​រឿង​ច្រើន​ពេក ធ្វើ​អោយ​សេចក្តី​អធិប្បាយ​របស់​យើង​មាន​ផ្ទៃ​រឿង​ច្រើន​ពេក​ដែរ។ សេចក្តី​អធិប្បាយ​មួយ​មិន​ចាំ​បាច់​មាន​គំនិត​ទាំ​ង​អស់​ខាង​លើ​ទេ ប៉ុន្តែ​អាច​ផ្ដោត​លើ​ផ្ទៃ​រឿង​មួយ ឧទាហរណ៍​ដូច​ជា ព្រះ​ពរ​ និង​បណ្តាសា។ បើ​អញ្ចឹង ​គំនិត​ចំបង​អា​ច​ជា «យើង​ទទួល​បាន​ព្រះ​ពរ​ ដែល​ព្រះ​បាន​សន្យា​ជាមួយ​អ័ប្រាហាំ ដោយ​ការ​ទុក​ចិត្ត​ព្រះគ្រីស្ទ» (កាឡាទី ៣:៦-១១)។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top