ពាក្យលំនាំ៖ ១ និង ២ សាំយូអែល Introduction to Samuel

1 and 2 Samuel Intro pdf download

សាំយូអែល​ ទី១ និង ២ 1 and 2 Samuel

នៅ​ក្នុង​ព្រះគម្ពីរ​ជា​ភាសា​ហេព្រើរ​ដើម​ កណ្ឌ​សាំយូអែល​ទី​១និង​២​គឺ​ជា​កណ្ឌ​តែ​មួយ ហើយ​យើង​គួរ​តែ​អាន​កណ្ឌ​នេះ​ជាមួយ​កណ្ឌ​ពង្សាវតារក្សត្រ។ កណ្ឌ​យ៉ូស្វេ ចៅហ្វាយ សាំយូអែល​ និង​ពង្សាវតារក្សត្រ​កត់​ត្រា​អំពី​ប្រវត្តិសាស្ត្រ​ នៃ​  អ៊ីស្រាអែល​ ចាប់ពី​ពូជ​អំបូរ​ទាំង​អស់​បាន​មក​ដល់​ទឹក​ដី​សន្យា​ រហូត​ដល់​ការ​បាត់​បង់​ទឹក​ដី និង​ការ​និរទេស​របស់​យូដា​ទៅ​បាប៊ីឡូន។

សារៈសំខាន់​នៃ​កណ្ឌ​សាំយូអែល ​ទី១​និង​២ Importance of 1 and 2 Samuel

កណ្ឌ​សាំយូអែល​ទី១ ​និង​២ ​មាន​សារៈសំខាន់ ពីព្រោះ​កណ្ឌ​ទាំង​ពីរ​នេះ​កត់​ត្រាទុក​នូវ​ដំណើរ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អ៊ីស្រាអែល​ ​គឺ​ដូរ​ពី​សភាព​ដែល​ពូជ​អំបូរ​ទាំង​១២​ជា​សម្ព័ន្ធ​មួយ​ ​ដល់​ក្លាយ​ជា​ជាតិ​សាសន៍​មួយ ដែល​មាន​ស្តេច​មួយ​អង្គ​គ្រប់​គ្រង។ នេះ​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ ពីព្រោះ​អ៊ីស្រាអែល​មាន​ព្រះ​ជា​ស្តេច​របស់​ពួកគេ មិន​ដូច​ជា​ជាតិ​សាសន៍​ដទៃ​ទៀត​នៅ​ក្នុង​ពិភពលោក​នេះ​ទេ។ តើ​ពួកគេ​អាច​មាន​ព្រះ​ជា​ស្តេច​ ហើយ​មាន​ស្តេច​ជា​មនុស្ស​របស់​ពួកគេ​ក្នុង​ពេល​តែ​មួយ​យ៉ាង​ដូចម្តេច? ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សំខាន់​មួយ​ទៀត​គឺ   ស្តេច​ដាវីឌ​បាន   ​ដណ្តើម​យក​ក្រុង​យេរូសាឡិម​បាន ហើយ​នាំ​យក​ហិប​សញ្ញា​មក​ក្នុង​ក្រុង​យេរូសាឡិម​ ដែល​បាន​ក្លាយ​ជា​កន្លែង​ដាក់​ហិប​សញ្ញា​ជា​អចិន្ត្រៃយ៍ (រហូត​ដល់​ពួក​បាប៊ីឡូន​បាន​ចាប់​យក​)។ ​

២សាំយូអែល ៧ កត់​ត្រា​អំពី​សេចក្តី​សន្យា​របស់​ព្រះ​ចំពោះ​ដាវីឌ ហើយ​ជំពូក​នេះ​គឺជា​ជំពូក​សំខាន់​ណាស់​នៅ​ក្នុង​ព្រះគម្ពីរ។ វា​ជា​ការ​សំខាន់​ចាំ​បាច់​ដែល​គ្រីស្ទ​បរិស័ទ​យល់​អំពី​ជំពូក​នេះ ដើម្បី​ជួយ​អោយ​ពួកគេ​យល់​អំពី​របៀប​ដែល​ព្រះគម្ពីរ​ស៊ី​គ្នា ​ជា​រឿង​ធំ​តែ​មួយ ដែល​ផ្ដោត​លើ​ព្រះគ្រីស្ទ។ ​

ប្រវត្តិសាស្ត្រ​ដែល​ត្រូវ​បាន​កត់​ត្រា​ទុក​ក្នុង​សាំយូអែល​ ​ទី១​និង​២

History recorded in 1 and 2 Samuel

កណ្ឌ​នេះ​បន្ត​រឿង​របស់​អ៊ីស្រាអែល​ ចាប់​ពី​សម័យ​ពួក​ចៅហ្វាយ។ ១សាំយូអែល​ចាប់​ផ្តើម​នៅ​សម័យ​របស់           សាំយូអែល ដែល​ជា​ចៅហ្វាយ​ចុង​ក្រោយ​របស់​អ៊ីស្រាអែល។ គាត់​គឺ​ជា​បុគ្គល​សំខាន់​ម្នាក់​ នៅពេល​ដែល​ពួក​សង្ឃ​របស់​អ៊ីស្រាអែល​មាន​សេចក្តី​ខូច​អាក្រក់ ខ្មាំង​សត្រូវ​របស់​អ៊ីស្រាអែល​ខ្លាំង​ក្លា ហើយ​ប្រជាជន​កំពុង​ទាម​ទារ​អោយ​មាន​ស្តេច​មួយ​អង្គ។ គាត់​បាន​ព្យាយាម​លួង​លោម​ជនជាតិ​អ៊ីស្រាអែល​មិន​អោយ​មាន​ស្តេច​ ប៉ុន្តែ​ពួកគេ​នៅ​តែ​ទទូច​ចង់​បាន (១សាំយូអែល ៨)។ សាំយូអែល​បាន​តែង​តាំង​សូល​ជា​ស្តេច​ទី​មួយ​នៃ​អ៊ីស្រាអែល។ សូល​បាន​បរាជ័យ ពីព្រោះ​គាត់​មិន​បាន​ស្តាប់​បង្គាប់​តាម​ព្រះបន្ទូល​របស់​ព្រះ។ ព្រះ​បាន​ជ្រើស​រើស​ស្តេច​ថ្មី គឺ​ដាវីឌ។ ផ្នែក​ធំ​មួយ​នៃ​រឿង​នេះ​គឺ​ជា​កំឡុង​ពេល​ឆ្គាំ​ឆ្គង នៅពេល​ដែល​ព្រះ​បាន​បើក​សំដែង​ថា ទ្រង់​បាន​ជ្រើស​រើស​ដាវីឌ ហើយ​សាំយូអែល​បាន​ចាក់​ប្រេង​តាំង​អោយ​ដាវីឌ ប៉ុន្តែ​សូល​នៅ​កំពុង​សោយ​រាជ្យ​ជា​ស្តេច​នៅ​ឡើយ។ ដាវីឌ​ត្រូវ​រត់​គេច​ពី​សូល​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ កណ្ឌ​សាំយូអែល​ទី១​បញ្ចប់​ដោយ​ការ​សុគត​របស់​សូល។

ផ្ទៃ​រឿង​ចំបង​របស់​កណ្ឌ​សាំយូអែល​ទី​២​គឺ​ជា​ការ​សោយ​រាជ្យ​របស់​ស្តេច​ដាវីឌ ដែល​ជា​ស្តេច​ដ៏​អស្ចារ្យ​បំផុត​របស់  ​    អ៊ីស្រាអែល​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់។ នៅពេល​ដាវីឌ​បាន​ឡើង​គ្រង​រាជ្យ​ គាត់​នាំ​ការ​រួប​រួម ​និង​សន្តិភាព​ដល់​ប្រជាជាតិ​អ៊ីស្រាអែល។ គាត់​បាន​យក​ឈ្នះ​ខ្មាំង​សត្រូវ​របស់​អ៊ីស្រាអែល​ ហើយ​តាំង​យេរូសាឡិម​ជា​មជ្ឈ​មណ្ឌល​នយោបាយ ​និង​សាសនា​របស់​គាត់។ គាត់​បាន​ទទួល     ​សេចក្តី​សន្យា​របស់​ព្រះ​ថា ពូជពង្ស​របស់​គាត់​នឹង​គ្រង​រាជ្យ​ជា​រៀង​រហូត            (២សាំយូអែល​ ៧)។ សាំយូអែល​ក៏​កត់​ត្រា​ទុក​នូវ​អំពើ​បាប​របស់​ដាវីឌ​ផង​ដែរ។ គាត់​បាន​ប្រព្រឹត្ត​សេចក្តី​កំផិត​ជាមួយ​បាតសេបា ដែល​ជា​ប្រពន្ធ​របស់​ទាហាន​ម្នាក់​របស់​គាត់​ ហើយ​បន្ទាប់​មក​បាន​ព្យាយាម​លាក់​បាំង​ទោស​កំហុស​ ដោយ​រៀប​ចំ​    អោយ​ប្តី​របស់​នាង​ត្រូវ​ស្លាប់។ នេះ​គឺ​ជា​ចំនុច​ធ្លាក់​ចុះ​នៅក្នុង​ជីវិត​របស់​ដាវីឌ នៅពេល​ព្រះ​នាំ​វិបត្តិ​មក​ដល់​ដាវីឌ ដោយ​ព្រោះ​ការ​បះបោរ​របស់​គាត់ (២   សាំយូអែល ១២:១១)។ ​ប្រវត្តិសាស្ត្រ​ច្រើន​នៅ​ក្នុង​កណ្ឌ​២សាំយូអែល​បន្ទាប់​ពី​អំពើ​បាប​នេះ​របស់​ស្តេច​ដាវីឌ​ត្រូវ​បាន​កត់​ត្រា​ទុក​ ដើម្បី​បង្ហាញ​អំពី​វិបត្តិ​ដែល​ព្រះ​បាន​នាំ​មក​លើ​ដាវីឌ ប៉ុន្តែ​ទ្រង់​នៅតែ​រក្សា​សេចក្តី​សន្យា​របស់​ទ្រង់​ចំពោះ​ដាវីឌ​ ដដែល។

គម្រោង Outline

សាំយូអែល (១សាំយូអែល ១:១-៧:១៧)

សូល (១សាំយូអែល ៨:១-១៥:៣៥)

ដាវីឌ (១សាំយូអែល ១៦:១-៣១:១៣)

ដាវីឌ​ក្លាយ​ជា​ស្តេច (២សាំយូអែល ១:១-៥:៥)

ដាវីឌ​ដណ្តើម​បាន​និង​តាំង​យេរូសាឡិម (២សាំយូអែល ៥:៦-៦:២៣)

សេចក្តី​សន្យា​របស់​ព្រះ​នឹង​ដាវីឌ និង​សេចក្តី​អធិស្ឋាន​របស់​ដាវីឌ (២សាំយូអែល ៧:១-២៩)

ជ័យ​ជំនះ​និង​សេចក្តី​មេត្តាករុណា​របស់​ដាវីឌ (២សាំយូអែល ៨:១-១០:១៩)

ភាព​កម្សោយ​និង​ភាព​បរាជ័យ​របស់​ដាវីឌ (២សាំយូអែល ១១:១-១៨:៣៣)

កំឡុង​ពេល​បញ្ចប់​នៃ​ការ​សោយ​រាជ្យ​របស់​ដាវីឌ (២សាំយូអែល ១៩:១-២៤:២៥)

តើ​កណ្ឌ​សាំយូអែល​ត្រូវ​បាន​សរសេរ​ឡើង​នៅពេល​ណា? When were the books of Samuel written?

ផ្នែក​ភាគ​ច្រើន​នៃ​កណ្ឌ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​នៅ​ចុង​បញ្ចប់​រាជ្យ​របស់​សាឡូម៉ូន ក្នុង​កំឡុង​ឆ្នាំ​៩០០មុន​គ.ស។ អ្នក​និពន្ធ​បាន​ប្រើ​ឯកសារ​បុរាណ​ជាច្រើន​ (២សាំយូអែល ១:១៨)។ ខ​មួយ​ចំនួន​ដូច​ជា ១សាំយូអែល ៩:៩,  ២៧:៦ និង​២សាំយូអែល ១៣:១៨ បង្ហាញ​ថា ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ចុង​ក្រោយ​មាន​ជាច្រើន​ឆ្នាំ​បន្ទាប់​មក ក្នុង​កំឡុង​ ឬ​បន្ទាប់​ពី​ការ​និរទេស​របស់​យូដា​ទៅ​បាប៊ីឡូន។ ​

របៀប​អាន​កណ្ឌ​សាំយូអែល​ ​ទី​១​និង​២ How to read 1 and 2 Samuel

កំហុស​មួយ​ដែល​តែង​តែ​មាន​ នៅពេល​អាន​កណ្ឌ​សាំយូអែល​ទី១​និង​២​គឺ​ការ​គ្រាន់​តែ​អាន​កណ្ឌ​នេះ​ជា​ការ​ណែនាំ​ខាង​សីលធម៌​ និង​ការ​លើក​ទឹកចិត្ត​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។ នៅពេល​អាន​កណ្ឌ​នេះ​តាម​របៀប​នេះ អ្នក​អាន​អាន​រឿង​ផ្សេងៗ ហើយ​អនុវត្ត​រឿង​ទាំង​នោះ​មក​កាន់​ខ្លួន​របស់​គេ​ដោយ​ផ្ទាល់ ដោយ​មិន​គិត​អំពី​ផែនការណ៍​របស់​ព្រះ។ ជា​ឧទាហរណ៍ នៅពេល​គ្រីស្ទ​បរិស័ទ​អាន​រឿង​អំពី​ដាវីឌ​និង​កូលីយ៉ាត ពួកគេ​គ្រាន់​តែ​អនុវត្ត​រឿង​នេះ​ដោយ​គិត​ថា    «ដាវីឌ​អាច​យក​ឈ្នះ​មនុស្ស​មាឌធំ​បាន​ ដូច្នេះ​ខ្ញុំ​អាច​មាន​ជ័យ​ជំនះ​លើ​បញ្ហា​ធំៗ​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​បាន​»។ ទោះ​បី​វា​ជា​ការ​ពិត​ដែល​រឿង​នេះ​លើក​ទឹក​ចិត្ត​យើង​ ហើយ​ដាវីឌ​គឺ​ជា​គំរូ​ល្អ​សំរាប់​យើង​ក៏ដោយ​ ប៉ុន្តែ​ប្រសិន​បើ​យើង​គ្រាន់តែ​អាន​តាម​របៀប​នេះ​ប៉ុណ្ណោះ​ នោះ​យើង​បាត់​បង់​គំនិត​ចំបង​ហើយ។ ហើយ​រឿង​ផ្សេងៗ​ទៀត​នៅក្នុង​កណ្ឌ​នេះ​ក៏​ដូច​គ្នា​ផង​ដែរ។ រឿង​ទាំង​នេះ​មាន​ព្រះរាជសារ​ជ្រាល​ជ្រៅ​ខ្លាំង​ជាង​នេះ។ ដើម្បី​យល់​អំពី​ព្រះរាជសារ​នៃ​រឿង​ផ្សេងៗ​នៅ​ក្នុង​កណ្ឌ​         សាំយូអែល យើង​ត្រូវ​តែ​យល់​រឿង​នីមួយៗ​នៅក្នុង​បរិបទ​នៃ​ព្រះគម្ពីរ​ទាំង​មូល។ ហើយ​ដើម្បី​យល់​បាន​ យើង​ត្រូវ​ឆ្លើយ​សំនួរ​ប្រាំ។ ​

១. តើ​កណ្ឌ​សាំយូអែល​ទី១​និង​២​ទាក់​ទង​នឹង​កណ្ឌ​ផ្សេងៗ​ទៀត​ ដែល​មាន​ក្នុង​ព្រះគម្ពីរ​មុន​កណ្ឌ​ទាំង​ពីរ​នេះ​ ​យ៉ាង​ដូច​ម្តេច?

២. តើ​គោល​បំណង​របស់​កណ្ឌ​សាំយូអែល​ទី១​និង​២​សំរាប់​អ្នក​អាន​ដើម​ដំបូង​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញា​ចាស់​គឺ​ជា​អ្វី?

៣. តើ​កណ្ឌ​សាំយូអែល​ទី១​និង​២​ទាក់​ទង​នឹង​កណ្ឌ​ផ្សេងៗ​ទៀត​ដែល​មាន​ក្នុង​ព្រះគម្ពីរ​បន្ទាប់​ពី​កណ្ឌ​ទាំង​ពីរ​នេះ​យ៉ាង​ដូច​ម្តេច?

៤. តើ​កណ្ឌ​ទាំង​ពីរ​នេះ​បង្រៀន​យើង​អ្វី​អំពី​ព្រះ?

៥. តើ​កណ្ឌ​ទាំង​ពីរ​នេះ​បង្រៀន​យើង​អ្វី​អំពី​មនុស្ស?

១. តើ​កណ្ឌ​សាំយូអែល​ ​ទី១​និង​២​ទាក់​ទង​នឹង​កណ្ឌ​ផ្សេងៗ​ទៀត​ដែល​មាន​ក្នុង​ព្រះគម្ពីរ​មុន​កណ្ឌ​ទាំង​ពីរ​នេះ​ ​យ៉ាង​ដូច​ម្តេច?

ព្រះ​គម្ពីរ​គឺ​ជា​រឿង​ធំ​មួយ​ ដែល​ពន្យល់​អំពី​ផែនការ​របស់​ព្រះ​ចាប់​តាំង​ពី​ការ​បង្កបង្កើត​ដល់​ការ​បង្ក​បង្កើត​ថ្មី។ ទ្រង់​បាន​បង្កើត​គ្រប់​យ៉ាង​ល្អ​ជា​ដំបូង ដោយ​មាន​អ័ដាម​និង​អេវ៉ា​នៅក្នុង​សួន​ច្បារ​អេដែន។ ពួកគេ​គឺជា​រាស្ត្រ​របស់​ព្រះ​ នៅក្នុង​ទីកន្លែង​របស់​ព្រះ ក្រោម​ការ​គ្រប់​គ្រង ​និង​ព្រះ​ពរ​របស់​ព្រះ។ នេះ​គឺ​ជា​គោល​ដៅ​របស់​ព្រះ​សំរាប់​ការ​បង្កបង្កើត។ ពួក​គេ​ មិនបាន​ស្តាប់​បង្គាប់​ ហើយ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សួនច្បារ ដែល​ជា​ទី​បរិសុទ្ធ​របស់​ព្រះ។ កន្លែង​ផ្សេងៗ​ទាំង​អស់​ទៀត​ក្នុង​ព្រះគម្ពីរ​និយាយ​អំពី​ផែនការ​របស់​ព្រះ​ ក្នុង​ការ​សង្គ្រោះ​មនុស្ស​ចេញ​ពី​លទ្ធផល​នៃ​ការ​បះ​បោរ​នេះ ហើយ ស្តា​នគរ​របស់​ទ្រង់​ឡើង​វិញ​ ដែល​ជា​រាស្ត្រ​របស់​ព្រះ នៅក្នុង​ទីកន្លែង​របស់​ព្រះ ក្រោម​ការ​គ្រប់​គ្រង​និង​ព្រះពរ​របស់​ព្រះ។ ដូច្នេះ ព្រះ​បាន​ជ្រើស​រើស​អ័ប្រាហាំ ហើយ​បាន​សន្យា​ថា ទ្រង់​នឹង​ធ្វើ​អោយ​គាត់​ក្លាយ​ជា​ជាតិ​សាសន៍​មួយ​ដ៏​ធំ ហើយ​ពួកគេ​នឹង​ទទួល​បាន​ទឹក​ដី​សន្យា។ តាម​រយៈ​ពូជពង្ស​របស់​អ័ប្រាហាំ ព្រះ​នឹង​ប្រទាន​ពរ​ដល់​លោកិយ       (លោកុប្បត្ដិ​ ១២:៣)។ ពួកគេ​ត្រូវ​តែ​ជា​រាស្ត្រ​របស់​ព្រះ នៅក្នុង​ទីកន្លែង​របស់​ព្រះ ក្រោម​ការ​គ្រប់​គ្រង​និង​ព្រះ​ពរ​របស់​ព្រះ ។ ​ ទ្រង់​នឹង​គង់​ក្នុង​ចំណោម​ពួកគេ ដូច្នេះ​អ៊ីស្រាអែល​នៅក្នុង​ទឹក​ដី​សន្យា​គឺ​អេដែន​ថ្មី ដែល​ជា​ទី​បរិសុទ្ធ​ថ្មី (សូម​មើល លោកុប្បត្ដិ​ ១៣:១០)។

ព្រះ​បាន​បញ្ជាក់​ច្បាស់​អំពី​ព្រំដែន​នៃ​ទឹក​ដី​ ដែល​ទ្រង់​នឹង​ប្រទាន​អោយ​ពូជពង្ស​របស់​អ័ប្រាហាំ (លោកុប្បត្ដិ          ១៥:១៨-២១)។ ជនជាតិ​អ៊ីស្រាអែល​បាន​រង់ចាំ​អស់​ជាច្រើន​ឆ្នាំ ដើម្បី​ទទួល​បាន​ទំហំ​ទឹក​ដី​ទាំង​ស្រុង​ ដែល​ព្រះ​បាន​សន្យា​ជាមួយ​អ័ប្រាហាំ។ ការ​នេះ​មិន​ត្រូវ​បាន​បំពេញ​សំរេច​ទេ រហូត​ដល់​រាជ្យ​របស់​ដាវីឌ។ ដូច្នេះ រឿង​អំពី​ភាព​ជោគជ័យ​ផ្សេងៗ​របស់​ដាវីឌ​បង្ហាញ​ថា ព្រះ​បាន​រក្សា​សេចក្តី​សន្យា​របស់​ទ្រង់​ចំពោះ​អ័ប្រាហាំ ប៉ុន្តែ​ជនជាតិ             អ៊ីស្រាអែល​ត្រូវ​រង់​ចាំ​អស់​រយៈ​ពេល​ដ៏​យូរ​សំរាប់​ការ​បំពេញ​សំរេច​នោះ។ ការ​នេះ​ផ្តល់​ការ​អនុវត្ត​សំរាប់​គ្រីស្ទ​បរិស័ទ។ ព្រះ​បាន​សន្យា​ថា ព្រះយេស៊ូវ​នឹង​យាង​ត្រឡប់​មក​វិញ ហើយ​គ្រីស្ទ​បរិស័ទ​នឹង​គ្រង​ការបង្កើត​ជាថ្មី​ជា​មរតក។ យើង​បាន​រង់​ចាំ​ការ​នេះ​អស់​រយៈពេល​ជា​យូរ​មក​ហើយ​ ប៉ុន្តែ​ព្រះ​នឹង​បំពេញ​សំរេច​សេចក្តី​សន្យា​របស់​ទ្រង់ (សូម​មើល   ​ហេព្រើរ ១១)។

នៅ​ក្នុង​លោកុប្បត្ដិ​ ១៧:៦, ១៦ ព្រះ​បាន​សន្យា​ថា ស្តេច​នឹង​មក​ពី​អ័ប្រាហាំ​និង​សារ៉ា ដែល​សេចក្តី​សន្យា​នេះ​ផ្តល់​មូលដ្ឋាន​គ្រឹះ​សំរាប់​ការ​បង្កើត​នគរ​អ៊ីស្រាអែល។ នៅ​ក្នុង​លោកុប្បត្ដិ​ ៤៩:៨-១០ យ៉ាកុប​បើក​សំដែង​ថា ស្តេច​នៃ           អ៊ីស្រាអែល​នឹង​មក​ពី​ពូជអំបូរ​យូដា ហើយ​ស្តេច​មួយ​នឹង​មក​ពី​យូដា​ ដែល​នឹង​គ្រប់​គ្រង​ប្រជាជាតិ​ទាំង​អស់។ ដាវីឌ​មក​ពី​ពូជអំបូរ​យូដា ដូច្នេះ​ដាវីឌ​និង​ពូជ​មួយ​របស់​ដាវីឌ​បំពេញ​សំរេច ​សេចក្តី​សន្យា​នេះ។

នៅ​ក្នុង​ចោទិយកថា ១៧:១៤-២០ ព្រះ​បាន​សង្កត់​ធ្ងន់​ជាពិសេស​ថា ស្តេច​នៃ​អ៊ីស្រាអែល​ត្រូវ​តែ​ស្តាប់​បង្គាប់​ព្រះ។ អ្នក​គ្រប់​គ្រង​ជា​មនុស្ស​ត្រូវ​តែ​ចុះចូល​ចំពោះ​អ្នក​គ្រប់​គ្រង​ធំ​បំផុត​របស់​អ៊ីស្រាអែល​ គឺ​ព្រះ។

ព្រះ​បាន​បង្គាប់​ថា ពួកគេ​ត្រូវ​តែ​ថ្វាយ​បង្គំ​ទ្រង់​នៅ​ទីកន្លែង​មួយ​ ដែល​ទ្រង់​នឹង​ជ្រើស​រើស​ (ចោទិយកថា ១២:១-១៩)។ នៅមុន​សម័យ​របស់​ដាវីឌ ព្រះ​មិន​ទាន់​បាន​បើក​សំដែង​ថា កន្លែង​នោះ​នៅ​ឯ​ណា​ទេ។ ប៉ុន្តែ​នៅក្នុង​សេចក្តី​សន្យា​របស់​ព្រះ​ជា​មួយ​ដាវីឌ ព្រះ​បាន​បើក​សំដែង​ថា ពូជពង្ស​របស់​ដាវីឌ​នឹង​សាង​សង់​ដំណាក់​មួយ​សំរាប់​ព្រះនាម​របស់​ព្រះ​   (២សាំយូអែល ៧:១៣)។ ដូច្នេះ ​សេចក្តី​សន្យា​នេះ​បាន​បើក​សំដែង​ថា យេរូសាឡិម​គឺ​ជា​ទី​កន្លែង​ ដែល​ជនជាតិ      ​អ៊ីស្រាអែល​ត្រូវ​តែ​មក​ថ្វាយ​បង្គំ​ព្រះ។

ប្រវត្តិសាស្ត្រ​ទាំង​អស់​នេះ​ផ្តល់​មូល​ដ្ឋាន​គ្រឹះ​ចាំ​បាច់​សំរាប់​ការ​យល់​អំពី​កណ្ឌ​សាំយូអែល​ ​ទី១​និង​២។ ដូច្នេះ បទ​គម្ពីរ​គន្លឹះ​ពី​មុន​កណ្ឌ​សាំយូអែល​ទី១​និង២​សំរាប់​ការ​យល់​កណ្ឌ​ទាំង​ពីរ​នេះ​រួម​មាន លោកុប្បត្ដិ ១-៣; ១២:១-៧;      ១៧:៦,១៦; ៤៩:៨-‌១០; និក្ខមនំ ១៩:៤-៦; ២០:១-១៧ ចោទិយកថា ១២:១-១៩; ១៧:១៤-២០។

២. តើ​គោល​បំណង​របស់​កណ្ឌ​សាំយូអែល​ទី១​និង​២​សំរាប់​អ្នក​អាន​ដើម​ដំបូង​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញា​ចាស់​គឺ​ជា​អ្វី?

ដើម្បី​ឆ្លើយ​នឹង​សំនួរ​នេះ យើង​ត្រូវ​តែ​ពិចារណា​អំពី​គោល​បំណង​ជា​រួម​របស់​កណ្ឌ​យ៉ូស្វេ ចៅហ្វាយ សាំយូអែល និង​ពង្សាវតារក្សត្រ។​ សំខាន់​បំផុត​នោះ​គឺ អ្នក​និពន្ធ​​ចង់​បង្ហាញ​គោល​បំណង​របស់​ព្រះ​នៅក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ទាំង​អស់​នេះ។ ជាពិសេស កណ្ឌ​ទាំង​នេះ​គឺជា​សេចក្តី​អត្ថាធិប្បាយ​អំពី​ពួក​ស្តេច​របស់​អ៊ីស្រាអែល​ ដែល​ជា​ចុង​ក្រោយ​បាន​បរាជ័យ ប៉ុន្តែ​កណ្ឌ​នេះ​បាន​ផ្តល់​ជា​មូល​ដ្ឋាន​គ្រឹះ​សំរាប់​សេចក្តី​សង្ឃឹម​អំពី​ព្រះមែស៊ី។

កណ្ឌ​សាំយូអែល​ទី១​និង​២​បាន​បង្ហាញ​អំពី​ភាព​មិន​ស្មោះត្រង់​របស់​ជនជាតិ​អ៊ីស្រាអែល​ ដែល​ទាម​ទារ​អោយ​មាន  ​ស្តេច​មួយ​អង្គ ហើយ​បើ​ទោះ​សូល​ត្រូវ​បាន​តែង​តាំង​ជា​ស្តេច​ទីមួយ​ក៏​ដោយ ក៏​ដាវីឌ​គឺ​ជា​មនុស្ស​ដែល​ព្រះ​បាន​ជ្រើស​រើស​ ដើម្បី​ទទួល​នគរ​បន្ត​ទៀត​ដែរ។​ សំនួរ​សំខាន់​មួយ​សំរាប់​អ៊ីស្រាអែល​នៅ​ពេល​នោះ​គឺ «តើ​ធ្វើ​ដូច​ម្ដេច​អោយ​      អ៊ីស្រាអែល​អាច​ដើរ​តាម​ព្រះ​ ដែល​ជា​ស្តេច និង​ស្តេច​ ដែល​ជា​មនុស្ស​ ក្នុង​ពេល​តែ​មួយ​បាន?»។ ចំលើយ​គឺ​ថា ស្តេច​ ដែល​ជា​មនុស្ស​ ត្រូវ​តែ​ចុះ​ចូល​ចំពោះ​ព្រះបន្ទូល​របស់​ព្រះ ​បើ​ធ្វើ​អញ្ចឹង នោះ​មិន​មាន​បញ្ហា​អ្វី​ទេ។ ​មនុស្ស​មិន​អាច​ចុះ​ចូល​ចំពោះ​ស្តេច​ពីរ​អង្គ​ ដែល​ប្រឆាំង​នឹង​គ្នា​នោះ​ទេ។ ព្រះ​គឺ​ជា​ស្តេច​ដ៏​ពិត ហើយ​ស្តេច​ ដែល​ជា​មនុស្ស បាន​ដឹក​នាំ​ដោយ​ការ​ចុះចូល​ចំពោះ​ព្រះ។​ សូល​បាន​បរាជ័យ​ធ្វើ​ការ​នេះ ហើយ​មូល​ហេតុ​ដែល​គាត់​បាន​បាត់​បង់​នគរ​គឺ​ពីព្រោះ​គាត់​មិន​បាន​ស្តាប់​បង្គាប់​តាម​ព្រះ​បន្ទូល​របស់​ព្រះ។

​ពេញ​ក្នុង​ប្រវត្តិសាស្ត្រ​ ព្រះ​ជា​រឿយៗ​បាន​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់​ តាមរយៈ​បុគ្គល​ម្នាក់​ ដូច​ជា​ទ្រង់​បាន​ធ្វើ​នៅពេល​ទ្រង់​បាន​សង្គ្រោះ​ជនជាតិ​អ៊ីស្រាអែលឲ្យ​ចេញ​ពី​ពួក​ភីលីស្ទីន តាម​រយៈ​ដាវីឌ នៅពេល​ដាវីឌ​បាន​សំឡាប់​កូលីយ៉ាត។ ​ដាវីឌ​ហ៊ាន​ទល់​មុខ​គ្នា​នឹង​កូលីយ៉ាត​​ដោយ​សារ​គាត់​មាន​ជំនឿ​លើ​ព្រះ។ គាត់​មិន​គ្រាន់​តែ​បាន​ជឿ​លើ​អំណាច​របស់​ព្រះ​នោះ​ទេ ប៉ុន្តែ​ក៏​ជឿ​ថា ព្រះ​គឺ​ជា​ព្រះ​នៃ​អ៊ីស្រាអែល ដែល​នឹង​ប្រយុទ្ធ​ជំនួស​រាស្ត្រ​របស់​ទ្រង់។

កណ្ឌ​សាំយូអែល​ទី១​និង​២​សង្កត់​ធ្ងន់​ថា ដាវីឌ​មិន​បាន​ទទួល​បាន​រាជ្យ​បល្ល័ង្ក​ តាមរយៈ​វិធីសាស្ត្រ​ដែល​ស្តេច​ជាច្រើន​ទទួល​បាន​រាជ្យ​បល្ល័ង្ក​នោះ​ឡើយ។ ស្តេច​ជា​ច្រើន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ រួម​ទាំង​ស្តេច​ខ្មែរ​ផង​ដែរ បាន​ទទួល​រាជ្យ​      បល្ល័ង្ក​ដោយ​ការ​សំឡាប់​ស្តេច​ដែល​កំពុង​សោយ​រាជ្យ​ចោល។ ដាវីឌ​បាន​មាន​ឱកាស​ជាច្រើន​ ដើម្បី​ក្លាយ​ជា​ស្តេច​តាម​របៀប​នេះ ប៉ុន្តែ​គាត់​តែង​តែ​បដិសេធ​មិន​ធ្វើ​ឡើយ។ គាត់​បាន​ក្លាយ​ជា​ស្តេច​នោះ​ ដោយ​សារ​ព្រះ​បាន​ជ្រើស​រើស​    គាត់។ ប៉ុន្តែ កណ្ឌ​សាំយូអែល​បង្ហាញ​ថា ដាវីឌ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធំ ដូច្នេះ​ហើយ​គាត់​មិន​មែន​ជា​ស្តេច​ចុង​ក្រោយ​សំរាប់​គ្រប់​គ្រង​រាស្ត្រ​របស់​ព្រះ​ទេ។ ២សាំយូអែល​ ៧ បង្ហាញ​អ្នក​អាន​ដើម​ដំបូង​នៅក្នុង​សម័យ​ព្រះ​គម្ពីរ​សញ្ញា​ចាស់​រួច​ហើយ​ថា ស្តេច​មួយ​អង្គ​ដែល​ប្រសើរ​ជាង​នឹង​យាង​មក​បន្ទាប់​ដាវីឌ។

៣. តើ​កណ្ឌ​សាំយូអែល​ទី១​និង​២​ទាក់​ទង​នឹង​កណ្ឌ​ផ្សេងៗ​ទៀត​ដែល​មាន​ក្នុង​ព្រះគម្ពីរ​បន្ទាប់​ពី​កណ្ឌ​ទាំង​ពីរ​នេះ​យ៉ាង​ដូច​ម្តេច?

នៅ​ក្នុង​សេចក្តី​សន្យា​សំខាន់​របស់​ព្រះ​ចំពោះ​ដាវីឌ ព្រះ​បាន​សន្យា​ថា ពូជពង្ស​របស់​ដាវីឌ​នឹង​សាង​សង់​វិហារ​របស់​ព្រះ។ សាឡូម៉ូន​សាង​សង់​វិហារ (ដែល​កត់​ត្រា​ទុក​ក្នុង​កណ្ឌ​ពង្សាវតារក្សត្រ​ទី១) គឺ​ជា​ការ​បំពេញ​សំរេច​ទី​មួយ​នៃ​   សេចក្តី​សន្យា​នេះ។ ព្រះ​ក៏​បាន​សន្យា​ផង​ដែរ​ថា ពូជពង្ស​របស់​ដាវីឌ​នឹង​សោយ​រាជ្យ​ជា​រៀង​រហូត (២សាំយូអែល ៧:១២-១៦)។ សេចក្តី​សន្យា​នេះ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​សំរាប់​ផ្នែក​ជា​ច្រើន​ ដែល​មាន​បន្ទាប់​មក​ទៀត នៅ​ក្នុង​ព្រះ​គម្ពីរ។

មូលហេតុ​ដែល​ផ្នែក​ជា​ច្រើន​នៃ​កណ្ឌ​ពង្សាវតារក្សត្រ​ផ្ដោត​លើ​ពូជពង្ស​របស់​ដាវីឌ​គឺ ដោយ​សារ​តែ​សេចក្តី​សន្យា​នឹង​ ដាវីឌ។ ជាច្រើន​សតវត្ស​ក្រោយ​មក​ទៀត នៅពេល​យេរូសាឡិម​និង​ព្រះវិហារ​ត្រូវ​បាន​បំផ្លាញ​ ហើយ​ពូជ​ពង្ស​របស់  ​ដាវីឌ​ដែល​សោយ​រាជ្យ​ត្រូវ​បាន​បាក់​បែក ពួក​យូដា​សួរ​ថា «តើ​មាន​រឿង​អ្វី​បាន​កើត​ឡើង​ចំពោះ​សេចក្តី​សន្យា​របស់​ព្រះ​ចំពោះ​ស្តេច​ដាវីឌ?»។ ពួក​ហោរា​ ចាប់​ពី​អេសាយ​ឡើង​មក ​បាន​ប្រកាស​ថា ព្រះ​មិន​បាន​បោះបង់​សេចក្តី​សន្យា​របស់​ទ្រង់​ចំពោះ​ដាវីឌ​ឡើយ​ ប៉ុន្តែ​ទ្រង់​នឹង​លើក​ស្តេច​មួយ​អង្គ​ទៀត​នៅ​ក្នុង​អនាគត ដែល​ជា​ពូជពង្ស​របស់​ដាវីឌ ហើយ​ដែល​នឹង​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់ ហើយ​សោយ​រាជ្យ​លើ​ពិភពលោក​ទាំង​មូល​អស់កល្បជានិច្ច​      (អេសាយ ៩:៧, ១១:១-១០ យេរេមា ២៣:៥        អេសេគាល ៣៤:២៣​-២៤, ៣៧:២៤-២៥)។ ​ស្តេច​នេះ​មិន​ដូច​ជា​ពួក​ស្តេច​របស់​អ៊ីស្រាអែល​និង​យូដា​ទេ គឺ​ទ្រង់​អាច​សោយ​រាជ្យ​អស់​កល្ប​ជា​និច្ច​បាន ដោយ​ព្រោះ​ស្តេច ​ដែល​នឹង​យាង​មក​នេះ​ នឹង​ស្តាប់​បង្គាប់​តាម​ព្រះ​ទាំង​ស្រុង​ ហើយ​មិន​មាន​បាប​សោះ។ ​

តាម​រយៈ​ស្តេច​មួយ​អង្គ​នេះ ព្រះ​នឹង​បំពេញ​សំរេច​សេចក្តី​សន្យា​របស់​ទ្រង់​ដែល​ថា ទ្រង់​នឹង​ប្រទាន​ពរ​ដល់​លោកិយ​ តាមរយៈ​ពូជ​ពង្ស​របស់​អ័ប្រាហាំ។

សំនួរ​សំខាន់​មួយ​ដែល​ជួយ​យើង​អោយ​យល់​ព្រះ​គម្ពីរ​គឺ​ត្រូវ​សួរ​ថា «តើ​ព្រះ​នឹង​ប្រទាន​ពរ​ដល់​លោកិយ​តាមរយៈ  ​    អ័ប្រាហាំ​យ៉ាង​ដូចម្តេច?» (លោកុប្បត្ដិ ១២:៣)។ សូម​ចង​ចាំ​ថា លោកុប្បត្ដិ​ ១២ មិន​គ្រាន់​តែ​និយាយ​អំពី​ព្រះ​ត្រាស់​ហៅ​អ័ប្រាហាំ​ទេ ប៉ុន្តែ​ជំពូក​នេះ​បើក​សំដែង​អំពី​ផែនការណ៍​របស់​ព្រះ​ក្នុង​ការ     ​សង្គ្រោះ​រាស្រ្ត​របស់​ទ្រង់​ចេញ​ពី​   លទ្ធផល​នៃ​ការ​បះ​បោរ​របស់​អ័ដាម​និង​អេវ៉ា​ផង​ដែរ។ ចាប់​តាំងពី​អ័ដាម​និង​អេវ៉ា​បាន​ធ្វើ​បាប មនុស្ស​ស្ថិតនៅ​ក្រោម   បណ្តាសា​ ប៉ុន្តែ​តាម​រយៈ​អ័ប្រាហាំ លោកិយ​នឹង​ទទួល​បាន​ព្រះពរ។ យ៉ាង​ដូចម្តេច​ទៅ? ទំនុក​ដំកើង ២​ជួយ​ឆ្លើយ​   សំនួរ​នេះ។ ទំនុក​ដំកើង​នេះ ដែល​ស្តេច​ដាវីឌ​បាន​សរសេរ និយាយ​អំពី​ស្តេច​មួយ​អង្គ​ ដែល​គ្រប់​គ្រង​នៅ​ក្នុង        យេរូសាឡិម​ គឺ​ជា​ស្តេច​យូដា ចេញ​ពី​ពូជពង្ស​របស់​ដាវីឌ។

ស្តេច​នេះ​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ (ទំនុក​ដំកើង ២:៧) ដែល​នឹង​មិន​គ្រាន់​តែ​គ្រប់​គ្រង​លើ​អ៊ីស្រាអែល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លើ​ពិភពលោក​ទាំង​មូល​ផង​ដែរ​ (ទំនុក​ដំកើង ២:៨)។ ទ្រង់​នឹង​បំផ្លាញ​អស់​អ្នក​បះ​បោរ ប៉ុន្តែ​អស់​អ្នក (រួម​ទាំង​ពួក​សាសន៍​ដទៃ) ដែល​យក​ទ្រង់​ជា​ទីពឹង​ជ្រក​ នឹង​ទទួល​បាន​ព្រះ​ពរ (ទំនុក​ដំកើង ២:១២)។ នេះ​គឺ​ជា​របៀប​ដែល​ព្រះ​នឹង​ប្រទាន​ពរ​ដល់​លោកិយ​ តាមរយៈ​ពូជ​ពង្ស​របស់​អ័ប្រាហាំ។ នេះ​គឺ​ជា​របៀប​ដែល​ព្រះ​នឹង​ដោះស្រាយ​បញ្ហា​ ដែល​បាន​កើត​ចេញ​ពី​ការ​បះបោរ​របស់​មនុស្ស​នៅក្នុង​លោកុប្បត្ដិ​ ៣។ ពូជ​ពង្ស​មួយ​របស់​ដាវីឌ ដែល​ជា​ព្រះរាជបុត្រា​នៃ​ព្រះ នឹង​យាង​មក ហើយ​អស់​អ្នក​ណា​ ដែល​យក​ទ្រង់​ជា​ទីពឹង​ជ្រក ទទួល​បាន​ព្រះពរ។ ដូច្នេះ សេចក្តី​សន្យា​របស់​ព្រះ​ជា​មួយ​ដាវីឌ​នៅ​ក្នុង​២សាំយូអែល ៧:១-១៦ គឺ​ជា​ដំណោះស្រាយ​របស់​ព្រះ​លើ​បញ្ហា​ធំ​បំផុត​របស់​លោកិយ​នេះ គឺ​ការ​បះបោរ​របស់​យើង​ប្រឆាំង​នឹង​ព្រះ។

ច្បាស់​លាស់​ណាស់​ថា ស្តេច​ ដែល​នឹង​យាង​មក​នេះ គឺ​ជា​ព្រះយេស៊ូវ (សូម​មើល​លូកា ១:៣២-៣៣)។ ទ្រង់​បាន​ចុះចូល​ចំពោះ​ព្រះវរបិតា​នៃ​ស្ថានសួគ៌​របស់​ទ្រង់​យ៉ាង​ឥត​ខ្ចោះ ដូច្នេះ​ទ្រង់​អាច​គ្រប់​គ្រង​ទាំង​អស់​បាន (ភីលីព  ២:៥-១១ ប្រៀប​ធៀប៖ ម៉ាថាយ ២៨:១៨-២០)។ ដូច្នេះ នៅពេល​យើង​អាន​កណ្ឌ​សាំយូអែល​ទី១​និង​២​បាន​ត្រឹម​ត្រូវ នោះ​យើង​មើល​ឃើញ​ថា កណ្ឌ​នេះ​ចង្អុល​ទៅ​កាន់​ព្រះយេស៊ូវ ជា​ ស្តេច​ពិត​ប្រាកដ ដែល​នឹង​គ្រប់​គ្រង​ដោយ​សុចរិត​អស់កល្ប​ជានិច្ច​នៅ​ក្នុង​ទី​បរិសុទ្ធ​ថ្មី ដែល​ជា​យេរូសាឡិម​ថ្មី។

ទាំង​ការ​ចាប់​ផ្តើម​នគរ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ និង​ការ​មក​ដល់​របស់​នគរ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​សុទ្ធ​តែ​បើក​សំដែង​អំពី​ចិត្តរឹង​រួស​របស់​មនុស្ស​ទាំង​អស់។ ជនជាតិ​អ៊ីស្រាអែល​​ចង់​បាន​ស្តេច​ បើ​ទោះ​ជា​ព្រះ​គឺ​ជា​ស្តេច​របស់​ពួកគេ​ទៅ​ហើយ​ក្តី។ ប៉ុន្តែ​នៅពេល​ព្រះ​ពិត​ជា​ប្រទាន​ស្តេច​ដ៏​ពិត​ប្រាកដ​របស់​ពួកគេ គឺ​ព្រះយេស៊ូវ ដែល​នឹង​នាំ​នគរ​មក​ដល់ នោះ​មនុស្ស​ភាគ​ច្រើន​បដិសេធ​ទ្រង់​វិញ។ នេះ​គឺ​ជា​គោលការណ៍​ដែល​ស្ទេផាន​ប្រើ​នៅ​ក្នុង​ការ​អធិប្បាយ​របស់​គាត់ (កិច្ច​ការ ៧)។ ​

ដោយ​សារ​សាំយូអែល​កត់​ត្រា​អំពី​ជីវិត​របស់​ដាវីឌ ហើយ​ដាវីឌ​បាន​សរសេរ​ទំនុក​ដំកើង​ជាច្រើន នោះ​មាន​ទំនាក់​ទំនង​គ្នា​មួយ​រវាង​កណ្ឌ​សាំយូអែល​និង​កណ្ឌ​ទំនុកដំកើង។ យើង​បាន​មើល​ឃើញ​ទំនាក់ទំនង​មួយ​ជាមួយ​ទំនុក​ដំកើង ២ នៅ​ខាង​លើ​រួច​ហើយ។ ឧទាហរណ៍​មួយ​ទៀត​គឺ ទំនុក​ដំកើង ១៨:១-៣០ ដែល​ជា​ចំរៀង​នៅក្នុង​២សាំយូអែល ២២:១-៣០។ បទ​គម្ពីរ​ទាំង​ពីរ​នេះ​ផ្ដោត​លើ​ការ​សរសើរ​ដំកើង​ព្រះ ពីព្រោះ​ទ្រង់​បាន​ការ​ពារ​ដាវីឌ។ មាន​ទំនុក​ដំកើង​ដប់​ពីរ​ផ្សេង​ទៀត​ដែល​មាន​ចំណង​ជើង​ភ្ជាប់​ទំនុក​ទាំង​នេះ​ទៅ នឹង​ព្រឹត្តិការណ៍​នៅ ក្នុង​កណ្ឌ​សាំយូអែល​ (ទំនុក​ដំកើង ៣, ៣០, ៣៤, ៥១, ៥២, ៥៤, ៥៦, ៥៧, ៥៩, ៦០, ៦៣, ១៤២)។ ទំនុក​ដំកើង​ទាំង​នេះ (លើក​លែង​តែ ៣, ៥១ និង​៦០) ទាក់​ទង​នឹង​ព្រឹត្តិការណ៍​ផ្សេងៗ​នៅក្នុង​១សាំយូអែល ១៦-២សាំយូអែល ៥។

៤. តើ​កណ្ឌ​ទាំង​ពីរ​នេះ​បង្រៀន​យើង​អ្វី​អំពី​ព្រះ?

តាមរយៈ​ការ​រៀប​រាប់​ខាង​លើ យើង​ឃើញ​ថា កណ្ឌ​សាំយូអែល​បង្រៀន​ថា ព្រះ

  • ស្មោះត្រង់​ចំពោះ​សេចក្តី​សន្យា​របស់​ទ្រង់។​
  • ការ​ពារ។ ព្រះ​បាន​ការពារ​សិរីល្អ​របស់​ទ្រង់​នៅក្នុង​កំឡុង​ពេល​ងងឹត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​អ៊ីស្រាអែល (១សាំយូអែល ១-៧)។ ព្រះ​បាន​ការពារ​ដាវីឌ​នៅក្នុង​ទុក្ខ​លំបាក​របស់​គាត់ ពីព្រោះ​គឺជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ​ដែល​ដាវីឌ​នឹង​ក្លាយ​ជា​ស្តេច។
  • ទត​មើល​ចិត្ត។ រឿង​ផ្សេងៗ​នៅ​ក្នុង​កណ្ឌ​សាំយូអែល​បង្ហាញ​យ៉ាង​ច្បាស់​ថា ព្រះ​ទត​មើល​ឃើញ​ចិត្ត​របស់​ មនុស្ស។ (ទំនុក​ដំកើង ៣-៥ សរសើរ​ដំកើង​ព្រះ​សំរាប់​ផ្ទៃ​រឿង​ទាំង​ពីរ​នេះ​គឺ ការ​ការ​ពារ​របស់​ព្រះ និង​ព្រះ​ទត​មើល​ចិត្ត​)។
  • សេចក្តី​អធិស្ឋាន​របស់​ហាណា (១សាំយូអែល ២:១-១០) និង​ការ​សរសើរ​ដំកើង​របស់​ដាវីឌ (២សាំយូអែល ២២:១-២៣:៧) និយាយ​ជាច្រើន​អំពី​សេចក្តី​ពិត​អំពី​ព្រះ ដូចជា​គ្មាន​អ្វី​អាច​ប្រៀប​ស្មើនឹង​ព្រះ​បាន​ឡើយ។ ដូច្នេះ មាន​ការ​សរសើរ​ដំកើង​ព្រះ​នៅ​ដើម​ដំបូង​និង​ចុង​បញ្ចប់​នៃ​កណ្ឌ​នេះ។ (ចំនុច​នេះ​ផ្ទុយ​នឹង​ការ​ចាប់​ផ្តើម​និង​ចុង​បញ្ចប់​នៃ​កណ្ឌ​ចៅហ្វាយ​)។
  • ចង់​អោយ​មនុស្ស​ស្តាប់​បង្គាប់​ព្រះបន្ទូល​របស់​ទ្រង់ មិន​មែន​គ្រាន់​តែ​ថ្វាយ​ដង្វាយ​នោះ​ទេ។
  • គ្រប់​គ្រង​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​ ដោយ​យោង​ទៅ​តាម​ព្រះ​បន្ទូល​របស់​ទ្រង់។ ព្រឹត្តិការណ៍ ​ដែល​ត្រូវ​បាន​កត់​ត្រាទុក​ គឺ​ជា​សកម្មភាព​របស់​ព្រះ ហើយ​បាន​បំពេញ​សំរេច​សេចក្តី​សន្យា​និង​ការ​ព្រមាន​ផ្សេងៗ​របស់​ព្រះ ដែល​ទ្រង់​បាន​ប្រទាន​អោយ​តាំង​ពី​ច្រើន​សតវត្ស​មុន​មក​ម៉្លេះ។
  • មាន​បន្ទូល​មក​កាន់​មនុស្ស​ ដើម្បី​ពន្យល់​អំពី​ផែនការណ៍​របស់​ទ្រង់​សំរាប់​លោកិយ។
  • ជារឿយៗ​ មនុស្ស​មិន​ទុក​ចិត្ត​ព្រះ​ បើ​ទោះ​ជា​ទ្រង់​បាន​បើក​សំដែង​ព្រះបន្ទូល​និង​សេចក្តីល្អ​របស់​ទ្រង់​ហើយ​ក៏ ដោយ។ ជនជាតិ​អ៊ីស្រាអែល​ចង់​បាន​ស្តេច​មួយ​អង្គ​ ដើម្បី​ធ្វើ​អ្វី​ដែល​មាន​តែ​ព្រះ​អាច​ធ្វើ​បាន (១សាំយូអែល     ៨:១-៩ ហូសេ ១៣:៩-១១)។​
  • មនុស្ស​តែង​តែ​បះបោរ។ ជនជាតិ​អ៊ីស្រាអែល​បាន​ទាម​ទារ​អោយ​មាន​ស្តេច​មួយ​អង្គ​អោយ​ដូច​ជាតិ​សាសន៍​ដែល​នៅ​ជុំ​វិញ​ខ្លួន​ ដែល​វា​ផ្ទុយ​នឹង​គោល​បំណង​របស់​ព្រះ។ ​ព្រះ​បាន​ហៅ​ពួកគេ​អោយ​ខុស​ពី​ជាតិ​សាសន៍​នៅ​ជុំ​វិញ​ពួកគេ​ ហើយ​ភាព​ខុស​ពី​គេ​នេះ​គឺ​ជា​របៀប​សំខាន់​មួយ​ ដែល​ពួកគេ​អាច​ជា​ព្រះពរ​ដល់​លោកិយ។
  • ជារឿយៗ មនុស្ស​ព្រងើយ​កន្តើយ​ចំពោះ​ព្រះបន្ទូល​របស់​ព្រះ។​
  • មនុស្ស​វាយ​តំលៃ​យ៉ាង​ខុស។ យោង​តាម​ខ្នាត​គំរូ​របស់​លោកិយ សូល​គឺ​ជា​ស្តេច​ល្អ​មួយ​អង្គ ដែល​គាត់​មាន​ភាព​ជោគ​ជ័យ​ច្រើន។ គាត់​គឺ​ជា​ស្តេច​ ដែល​ពួកគេ​ទាម​ទារ​ចង់​បាន។ ប៉ុន្តែ​ព្រះ​ប៉ាន់​ប្រមាណ​ខុស​ពី​ពួកគេ គឺ​ទ្រង់​ទត​មើល​ចិត្ត ហើយ​វិនិច្ឆ័យ​តាម​បំណង​ព្រះហឫទ័យ​របស់​ទ្រង់​វិញ។ ​តាមរបៀប​នេះ សូល​បាន​បរាជ័យ​ទាំង​ស្រុង។
  • អស់​អ្នក ដែល​ស្រលាញ់​ព្រះ នឹង​ទុក​ចិត្ត​ហើយ​សរសើរ​ដំកើង​ទ្រង់។ ទោះ​ជា​ដាវីឌ​មាន​បញ្ហា​ក៏​ដោយ​ ក៏​គាត់​មិន​រអ៊ូរទាំ​ប្រឆាំង​នឹង​ព្រះ​ដែរ ប៉ុន្តែ​គាត់​សរសើរ​ដំកើង​ព្រះ​វិញ ពីព្រោះ​ព្រះអង្គ​បាន​ការ​ពារ​​គាត់។

៥. តើ​កណ្ឌ​ទាំង​ពីរ​នេះ​បង្រៀន​យើង​អ្វី​អំពី​មនុស្ស?

 

Leave a Reply

Your email address will not be published. Required fields are marked *

*

Top