យ៉ូហាន ១៥:១៨–១៦:៤
ការរំលឹក៖ នៅក្នុងយ៉ូហាន ១៥:១-១៧ យើងបានរៀនថា នៅក្នុងព្រះគម្ពីរសញ្ញាចាស់ អ៊ីស្រាអែលគឺជាដើមទំពាំងបាយជូរ ឬចំការទំពាំងបាយជូរ ប៉ុន្តែព្រះយេស៊ូវគឺជាដើមទំពាំងបាយជូរដ៏ពិតប្រាកដ ពីព្រោះទ្រង់បានសំរេចនូវភារកិច្ចរបស់អ៊ីស្រាអែល។ ព្រះយេស៊ូវបានប្រើពាក្យប្រៀបធៀបអំពីដើមទំពាំងបាយជូរ ដើម្បីបង្ហាញអំពីទំនាក់ទំនងដ៏ស្និទ្ធស្នាលរវាងព្រះវរបិតានិងព្រះរាជបុត្រា ហើយបង្ហាញយ៉ាងច្បាស់លាស់ថា ពួកសិស្សត្រូវពឹងផ្អែកលើព្រះយេស៊ូវ ប្រយោជន៍អោយគេបានបង្កើតផលផ្លែ។ តើធ្វើដូចម្ដេចអោយយើងខ្ញុំអាចស្ថិតនៅជាប់នឹងព្រះយេស៊ូវបាន? គឺដោយយើងទុកព្រះបន្ទូលរបស់ព្រះយេស៊ូវស្ថិតនៅជាប់នឹងយើង។ នៅពេលដែលព្រះយេស៊ូវបានហៅយើងជាមិត្តសម្លាញ់របស់ទ្រង់ នោះមិនមានន័យថា នេះជាទំនាក់ទំនងមានលក្ខណៈដូចជាទំនាក់ទំនងរបស់យើងជាមួយនឹងមិត្តសម្លាញ់របស់យើងផ្សេងទៀតទេ គឺមិត្តភាពរវាងព្រះយេស៊ូវនិងពួកសិស្ស របស់ទ្រង់មិនមែនជាមិត្តភាពរវាងមនុស្សដែលមានឋានៈស្មើគ្នានោះទេ។
សូមអានយ៉ូហាន ១៥:១៨-១៦:៤ ទាំងមូល។
ចូរអាន ខ.១៨-២១ ទ្បើងវិញ ហើយឆ្លើយសំនួរខាងក្រោម។
ភស្តុតាងអ្វីដែលបង្ហាញថ យើងជារបស់ផងលោកិយ?
តើ ហេតុអ្វីបានជាលោកិយស្អប់និងបៀតបៀនគ្រីស្ទបរិស័ទ?
ការពន្យល់ និងការអនុវត្ត៖ អត្ថបទនេះបានបង្ហាញអំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងព្រះយេស៊ូវនិងពួកសិស្សរបស់ទ្រង់។ ព្រះយេស៊ូវបង្រៀនថា មានការប្រយុទ្ធរវាងភាគីពីរ ដែលព្រះយេស៊ូវនិងពួកសិស្សរបស់ទ្រង់រួមគ្នានៅភាគីម្ខាង ហើយលោកិយនៅភាគីម្ខាងទៀត។ យើងមិនគួរភ្ញាក់ផ្អើលនៅពេលលោកិយស្អប់យើងទេ ពីព្រោះព្រះគ្រីស្ទបានប្រាប់អំពីការនេះជាមុនហើយ។ ពួកគេស្អប់គ្រីស្ទបរិស័ទ ពីព្រោះគេចង់អោយយើងតាមអ្វីដែលគេគិតនិងប្រព្រឹត្ត ប៉ុន្តែយើងមិនអាចប្រព្រឹត្តដូចគេបានទេ ពីព្រោះយើងដើរតាមព្រះគ្រីស្ទ។ ការស្អប់នេះផ្ទុយពីសេចក្ដីស្រឡាញ់រវាងគ្រីស្ទបរិស័ទ (ខ.១២)។ តើ អ្នកធ្លាប់មានគេបៀតបៀនអ្នកដោយសារព្រះគ្រីស្ទឬទេ? បើអញ្ចឹង តើអ្នកបានឆ្លើយតបចំពោះការស្អប់នោះយ៉ាងម៉េច?
ចូរអាន ខ.២២-២៥។
ហេតុអ្វីបានជាលោកិយគ្មានសេចក្ដីដោះសរចំពោះបាបរបស់ពួកគេ?
តើអាចមានអ្នកណាស្អប់ព្រះយេស៊ូវ ប៉ុន្តែបែរជាស្រឡាញ់ព្រះវរបិតាដែរទេ?
ការពន្យល់៖ នៅខ.២២ ព្រះយេស៊ូវមិនមានន័យថា ប្រសិនបើទ្រង់មិនបានមកក្នុងលោកនេះ ហើយមិនបានមានបន្ទូលប្រាប់គេទេ នោះគេគ្មានបាបអ្វីសោះ (ប៉ុន្តែទ្រង់ថា គេគ្មានជាប់បាប) តាមពិត បាបមាននៅក្នុងលោកិយនេះនៅមុនពេលព្រះយេស៊ូវបានយាងមករួចទៅហើយ ប៉ុន្តែព្រះយេស៊ូវមានន័យថា ឥឡូវនេះគេគ្មានអ្វីដោះសារសំរាប់អំពីបាបរបស់ពួកគេឡើយ។ ឥឡូវនេះគេមានទោស ពីព្រោះគេបដិសេធព្រះជាម្ចាស់ ហើយមិនស្គាល់ព្រះជាម្ចាស់ទេ ទោះបីជាព្រះអង្គបានសំដែងអង្គទ្រង់តាមរយៈព្រះយេស៊ូវក៏ដោយ។ ចាប់តាំងពីអ័ដាមនិងអេវ៉ាមក ពិភពលោកបានប្រព្រឹត្តអំពើបាបប្រឆាំងនឹងព្រះ ប៉ុន្តែព្រះយេស៊ូវជាពន្លឺដែលបានចូលមកក្នុងលោកិយ ហើយលោកិយបែរជាស្អប់ពន្លឺវិញ ពីព្រោះមនុស្សលោកចូលចិត្តភាពងងឹតជាងពន្លឺ ហើយដោយព្រោះទង្វើរបស់គេសុទ្ធតែអាក្រក់ទាំងអស់ (យ៉ូហាន ៣:១៩-២០)។
ចូរអាន ខ.២៦-២៧។
តើ ព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើអ្វីនៅពេលដែលទ្រង់យាងមក?
តើ ពួកសិស្សត្រូវធ្វើអ្វី?
ការពន្យល់ និងការអនុវត្ត៖ តួនាទីមួយដ៏សំខាន់របស់ព្រះវិញ្ញាណបរិសុទ្ធគឺ ដើម្បីធ្វើបន្ទាល់អំពីព្រះយេស៊ូវ។ ពួកសិស្សបានទទួលព្រះវិញ្ញាណបរិសុទ្ធ ដែលបានជួយគេធ្វើបន្ទាល់អំពីព្រះយេស៊ូវ។ ម្ដងទៀត មុនដំបូងសេចក្ដីសន្យានិងសេចក្តីបង្គាប់នេះគឺសម្រាប់ពួកសិស្ស ប៉ុន្តែសេចក្តីទាំងពីរក៏សម្រាប់យើងជាគ្រីស្ទបរិស័ទផងដែរ។ គ្រីស្ទបរិស័ទខ្លះមិនយល់អំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធទេ។ ភស្តុតាងដែលបង្ហាញថា មនុស្សម្នាក់មានព្រះវិញ្ញាណបរិសុទ្ធគឺ គេជឿលើព្រះយេស៊ូវ គេស្ដាប់តាមព្រះយេស៊ូវ ហើយគេលើកតម្កើងព្រះយេស៊ូវអោយមានសិរីរុងរឿង។
ចូរអាន ១៦:១-៤។
តើ ព្រះយេស៊ូវបានបង្រៀនសេចក្ដីទាំងនេះប្រយោជន៍ដើម្បីអ្វី?
តើ នឹងមានអ្វីកើតឡើងចំពោះពួកសិស្ស?
ហេតុអ្វីបានជាពួកគេបៀតបៀនគ្រីស្ទបរិស័ទ?
ការពន្យល់ និងការអនុវត្ត៖ ទោះជាយ៉ាងណាការព្រមានរបស់ព្រះយេស៊ូវនៅទីនេះ ពិសេសសម្រាប់ពួកសិស្ស នៅមានគោលការណ៍ទូទៅមួយគឺ មនុស្សលោកស្អប់ព្រះគ្រីស្ទនិងពួកគ្រីស្ទបរិស័ទ ដូច្នេះ ពួកគេក៏នឹងបៀតបៀនយើងផងដែរ អញ្ចឹងហើយបានជាយើងត្រូវស្តាប់ការព្រមានរបស់ព្រះយេស៊ូវ។ ការស្តាប់ពាក្យព្រមានរបស់ព្រះយេស៊ូវនឹងជួយយើងមិនរវាតចិត្តងាកចេញពីសេចក្តីជំនឿរបស់យើង (ខ.១)។ តើអ្នកផ្ចង់ចិត្តទៅលើពាក្យព្រមាននេះឬទេ?
រំលឹកទ្បើងវិញ៖ តើយើងបានរៀនអ្វីខ្លះចេញពីយ៉ូហាន ១៥:១៨–១៦:៤?
ការអនុវត្ត៖ តាមអ្វីដែលអ្នកបានរៀនតាមរយៈបទគម្ពីរនេះ តើអ្នកត្រូវយកវាមកអនុវត្តយ៉ាងដូចម្តេចនាពេលសព្វថ្ងៃនេះ?
Leave a Reply