យ៉ូហាន ១៦:៥-១៥ John 16:5-15

John 16.5-15

យ៉ូហាន​ ១៦:៥-១៥

ការ​រំលឹក៖ នៅ​ក្នុង​យ៉ូហាន​ ១៥:១៨-១៦:៤ យើង​បាន​រៀន​អំពី​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​រវាង​ព្រះ​យេស៊ូវ​និង​ពួក​សិស្ស​របស់​ទ្រង់។ មាន​ការ​ប្រយុទ្ធ​រវាង​ភាគី​ពីរ​ ​ដែល​ព្រះ​យេស៊ូវ​និង​ពួក​សិស្ស​របស់​ទ្រង់​រួម​គ្នា​នៅ​ភាគី​ម្ខាង​ ហើយ​លោកិយ​នៅ​ភាគី​ម្ខាង​ទៀត។  ​មនុស្ស​លោក​ស្អប់​ព្រះគ្រីស្ទ​និង​ពួក​គ្រីស្ទបរិស័ទ​ ដូច្នេះ ​ពួក​គេ​ក៏​នឹង​បៀតបៀន​យើង​ផង​ដែរ ​អញ្ចឹង​ហើយ​បាន​ជា​យើង​ត្រូវ​ស្តាប់​ការ​ព្រមាន​របស់​ព្រះ​យេស៊ូវ។  ឥឡូវ​នេះ​មនុស្ស​លោក​គ្មាន​អ្វី​ដោះសា​រ​សំរាប់​អំពី​បាប​របស់​ពួកគេ​ឡើយ។  ​គេ​មាន​ទោស ​ពីព្រោះ​គេ​បដិសេធ​ព្រះជាម្ចាស់ ​ហើយ​មិន​ស្គាល់​ព្រះជាម្ចាស់​ទេ​ ​ទោះ​បី​ជា​ព្រះអង្គ​បាន​សំដែង​អង្គ​ទ្រង់​តាម​រយៈ​ព្រះ​យេស៊ូវ​ក៏​ដោយ។  តួនាទី​មួយ​ដ៏​សំខាន់​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធគឺ​ ដើម្បី​ធ្វើ​បន្ទាល់​អំពី​ព្រះ​យេស៊ូវ។

សូម​អាន​យ៉ូហាន​ ១៦:៥-១៥ ទាំង​មូល។​ ​

ចូរ​អាន​ខ.៥-១១ ទ្បើង​វិញ​ ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។​ ​

តើ កាល​ណា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​យាង​មក​ដល់ ព្រះអង្គ​នឹង​បញ្ជាក់​អោយ​មនុស្ស​លោក​ដឹង​អំពី​អ្វី (មាន​បី​ចំណុច)?

ការ​ពន្យល់៖  ព្រះ​យេស៊ូវ​ធ្វើ​បន្ទាល់​ពី​លោកិយ​ថាអំពើ​ដែល​គេ​ប្រព្រឹត្ត​សុទ្ធ​តែ​អាក្រក់ (៧:៧)។  ដូច្នេះ​ហើយ​បាន​ជា​លោកិយ​ស្អប់​ព្រះ​យេស៊ូវ។  ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ធ្វើ​បន្ទាល់​អំពី​លោកិយ​ដូច​គ្នា​ដែរ​ថា អំពើ​ដែល​គេ​ប្រព្រឹត្ត​សុទ្ធ​តែ​អាក្រក់។  នៅ​ពេល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​បញ្ជាក់​អោយ​មនុស្ស​លោក​ដឹង​ថា គេ​យល់​ខុស​អំពី​បាប អំពី​សេចក្ដី​សុចរិត និង​អំពី​ការ​កាត់​ទោស ហើយ​ការ​បញ្ជាក់​នេះ​នឹង​នាំ​មនុស្ស​ខ្លះ​ប្រែ​ចិត្ត​ទទួល​សេចក្ដី​សង្គ្រោះ​ ហើយ​នាំ​អ្នក​ខ្លះ​ទៀត​មាន​ចិត្ត​រឹងរូស​វិញ។

ពិភពលោក​នេះ​មិន​មាន​ការ​យល់​ដឹង​ពិត​ប្រាកដ​អំពី​អំពើបាប​នោះ​ទេ ប៉ុន្តែ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​បង្ហាញ​អោយ​មនុស្ស​ដឹង​ថា ពួកគេ​គឺជា​មនុស្ស​មាន​បាប ពី​ព្រោះ​គេ​គ្មាន​សេចក្តី​ជំនឿ​លើ​អង្គ​ព្រះគ្រីស្ទ។  ការវិនិច្ឆ័យ​របស់​ព្រះយេស៊ូវ​តែង​តែ​មាន​សេចក្តី​សុចរិត​និង​យុត្តិធម៌ (៥:៣០; ៨:១៦) ប៉ុន្តែ​លោកិយ​បាន​វិនិច្ឆ័យ​យ៉ាង​ខុស​ (៧:២៤) ពីព្រោះ​គេ​ស្ដាប់​តាម​មារ​សាតាំង ដែល​ជា​ឪពុក​នៃ​សេចក្ដី​កុហក។  ប៉ុន្តែ​ឥឡូវ​នេះ​ ចៅហ្វាយ​របស់​លោកិយ​នេះ គឺ​មារ​សាតាំង ​ត្រូវ​ទោស​ហើយ។

​ការ​អនុវត្ត៖  ​តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ពួក​គ្រីស្ទ​បរិស័ទ​នឹង​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដី​ពិត​ទាំង​នេះ​ផង​ដែរ។  របៀប​មួយ​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បញ្ជាក់​អោយ​មនុស្ស​លោក​ដឹង​ថា គេ​យល់​ខុស​អំពី​បាប អំពី​សេចក្ដី​សុចរិត និង​អំពី​ការ​កាត់​ទោស គឺ​តាម​រយៈ​គ្រីស្ទបរិស័ទ​ថ្លែង​ទីបន្ទាល់​អំពី​បាប​របស់​លោកិយ ​ដោយ​អំណាច​ដែល​មក​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ។  នេះ​ហើយ​ជា​អ្វី​ដែល​ពួក​សិស្ស​បាន​ធ្វើ​បន្ទាប់​ពី​បុណ្យ​ថ្ងៃ​ទី​៥០​ (កិច្ចការ​ ២:២៣; ៣:១៣-១៥; ៤:៨-១០)។  វា​ជា​ការ​មិន​គោរព​ដល់​ព្រះយេស៊ូវ​ឬ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទេ​ បើ​យើង​បរាជ័យ​ក្នុង​ការ​ថ្លែង​ទីបន្ទាល់​អំពី​អំពើ​បាប​នោះ។  លើស​ពី​នេះ​ទៀត យើង​មិន​ត្រឹមតែ​ថ្លែង​ទីបន្ទាល់​អំពី​អំពើបាប​របស់​ពិភពលោក​តាម​រយៈ​ពាក្យ​សម្ដី​របស់​យើង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ដោយ​ការ​រស់​នៅ​ក្នុង​ជីវិត​ដ៏​បរិសុទ្ធ​ ដែល​បង្ហាញ​អោយ​គេ​ដឹង​ថា ព្រះ​វរបិតា​ ព្រះរាជ​បុត្រា​ និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ផ្លាស់​ប្តូរ​ជីវិត​របស់​យើង​ហើយ ដូច្នេះ​ការ​ថ្លែង​ទីបន្ទាល់​តាមរយៈ​ពាក្យ​សម្ដី​និង​ជីវិត​ដ៏​បរិសុទ្ធ យើង​កំពុង​បង្ហាញ​ថា ពិភពលោក​កំពុង​រស់​នៅក្នុង​អំពើ​បាប។

ពី​មុន​យើង​ឃើញ​ថា មនុស្ស​លោក​បាន​ស្អប់​ព្រះ​យេស៊ូវ​ ប៉ុន្តែ​មុន​ពេល​យើង​បាន​ជឿ​លើ​ព្រះ​យេស៊ូវ​ យើង​ក៏​បាន​នៅ​ខាង​លោកិយ​ផង​ដែរ។  បើ​អញ្ចឹង​ តើ​ហេតុ​អ្វី​បាន​ជា​យើង​បាន​ជឿ​លើ​ព្រះ​យេស៊ូវ? បទ​គម្ពីរ​នេះ​បាន​ផ្តល់ ចំលើយ​ខ្លះ។  ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​នាំ​យើង​អោយ​ជឿ ​ដោយ​បញ្ជាក់​អោយ​យើង​ដឹង​ថា ពី​មុន​យើង​បាន​យល់​ខុស​អំពី​បាប អំពី​សេចក្ដី​សុចរិត និង​អំពី​ការ​កាត់​ទោស។  គ្រីស្ទបរិស័ទ​ពិតប្រាកដ​ដឹង​ថា លោកិយ​នេះ​ស្ថិត​នៅ​ទីតាំង​ដ៏​គ្រោះថ្នាក់​មួយ​ គឺ​គេ​នឹង​វិនាស​ បើ​គេ​មិន​ជឿ​លើ​ព្រះ​យេស៊ូវ។  បើ​មនុស្ស​ម្នាក់​មិន​យល់​អំពី​សេចក្ដី​ពិត​នេះ នោះ​ជា​ភស្តុតាង​បង្ហាញ​ថា គេ​មិន​មាន​ជំនឿ​ពិតប្រាកដ ហើយ​គ្មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ជាមួយ​គេ​ទេ។

ចូរ​អាន​ ខ.១២-១៥ ។​ ​

​តាម​រយៈ​បទ​គម្ពីរ​នេះ តើ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មាន​តួនាទី​អ្វី​ខ្លះ?

ការ​ពន្យល់៖  «គ្រប់​ទាំង​សេចក្តី​ពិត»​  សំដៅ​លើ​សេចក្ដី​ពិត​អំពី​ព្រះ​យេស៊ូវ។

​សេចក្ដី​ដែល​ព្រះ​យេស៊ូវ​បង្រៀន​មិន​មែន​ជា​របស់​ព្រះ​យេស៊ូវ​ផ្ទាល់​ទេ ​តែ​ចេញ​ពី​ព្រះ​វរបិតា​វិញ (៧​:១៦) ហើយ​នៅ​ទី​នេះ​យើង​ឃើញ​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​មាន​បន្ទូល​ដោយ​មិន​អាង​អង្គ​ទ្រង់​ (ព្រះ​វិញ្ញាណ​បរិសុទ្ធ​)​ ទេ គឺ​នឹង​មាន​បន្ទូល​ចំពោះ​តែ​សេចក្តី​ណា ដែល​ទ្រង់​ឮ​ពី​ព្រះ​វរបិតា​និង​ព្រះរាជ​បុត្រា​វិញ។  ពួក​សិស្ស​បាន​ស្តាប់​ការ​បង្រៀន​របស់​ព្រះយេស៊ូវ​អស់​រយៈពេល​បី​ឆ្នាំ​ហើយ ​ឥឡូវ​នេះ​ព្រះអង្គ​នឹង​ចាក​ចេញ​ពី​ពួក​គេ​ទៅ​ ​ប៉ុន្តែ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បន្ត​ក្នុង​ការ​ប្រទាន​ការ​បង្រៀន​របស់​ព្រះយេស៊ូ​ដល់​ពួកគេ។  តួនាទី​របស់​ព្រះរាជ​បុត្រា​គឺ ដើម្បី​ដំកើង​ព្រះ​វរបិតា​ ហើយ​តួនាទី​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ ដើម្បី​ដំកើង​ព្រះរាជ​បុត្រា។ ​

ការ​អនុវត្ត​៖ មនុស្ស​ខ្លះ​ស្វែងរក​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ ដោយ​ព្រោះ​គេ​ចង់​បាន​បទពិសោធន៍​ពិសេស​អស្ចារ្យ​ ប៉ុន្តែ​នេះ​មិន​មែន​ជា​ការ​ជំរុញ​ដ៏​ល្អ​ទេ។  យើង​ត្រូវ​ស្វែងរក​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ប្រយោជន៍​អោយ​យើង​នឹង​ស្គាល់​ព្រះគ្រីស្ទ​និង​លើក​តម្កើង​ព្រះគ្រីស្ទ។  បទ​ពិសោធ​ដ៏​អស្ចារ្យ​មិន​មែន​ជា​ភស្តុតាង​ដែល​បង្ហាញ​ថា មនុស្ស​ម្នាក់​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទេ។  មារ​សាតាំង​អាច​ធ្វើ​ការ​អស្ចារ្យ​ផង​ដែរ។  ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ​ជា​ព្រះ​វិញ្ញាណ​នៃ​សេចក្តី​ពិត​ហើយ​អស់​អ្នក​ដែល​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជឿ​តាម​សេចក្ដី​ពិត​ ដែល​សំដែង​មក​ក្នុង​ព្រះបន្ទូល​ ហើយ​លើក​តម្កើង​ព្រះគ្រីស្ទ។

រំលឹក​ទ្បើង​វិញ៖ តើ​យើង​បាន​រៀន​អ្វី​អំពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ ចេញ​ពី​យ៉ូហាន​ ១៦:១៥?

ការ​អនុវត្ត​៖ តាម​អ្វី​ដែល​អ្នក​បាន​រៀន​តាម​រយៈ​បទ​គម្ពីរ​នេះ តើ​អ្នក​ត្រូវ​យក​វា​មក​អនុវត្ត​យ៉ាង​ដូច​ម្តេច​នា​ពេល​សព្វ​ថ្ងៃ​នេះ?

Leave a Reply

Your email address will not be published. Required fields are marked *

*

Top