យ៉ូហាន ១៦:១៦-៣៣
ការរំលឹក៖ នៅក្នុងយ៉ូហាន ១៦:៥-១៦ យើងបានរៀនថា សេចក្ដីដែលព្រះយេស៊ូវបង្រៀនមិនមែនជារបស់ព្រះយេស៊ូវផ្ទាល់ទេ តែចេញពីព្រះវរបិតាវិញ (៧:១៦) ហើយនៅទីនេះយើងឃើញថា ព្រះវិញ្ញាណបរិសុទ្ធនឹងមានបន្ទូលដោយមិនអាងអង្គទ្រង់ (ព្រះវិញ្ញាណបរិសុទ្ធ) ទេ គឺនឹងមានបន្ទូលចំពោះតែសេចក្តីណា ដែលទ្រង់ឮពីព្រះវរបិតានិងព្រះរាជបុត្រាវិញ។ ព្រះយេស៊ូវធ្វើបន្ទាល់ពីលោកិយថា អំពើដែលគេប្រព្រឹត្តសុទ្ធតែអាក្រក់ (៧:៧)។ ដូច្នេះហើយបានជាលោកិយស្អប់ព្រះយេស៊ូវ។ ព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់អំពីលោកិយដូចគ្នាដែរថា អំពើដែលគេប្រព្រឹត្តសុទ្ធតែអាក្រក់។
សូមអានយ៉ូហាន ១៦:១៦-៣៣ ទាំងមូល។
ចូរអាន ខ.១៦-១៨ ទ្បើងវិញ ហើយឆ្លើយសំនួរខាងក្រោម។
តើពួកសិស្សមិនយល់អំពីអ្វី?
ចូរអាន ខ.១៩-២៤។
ហេតុអ្វីបានជាពួកសិស្សនឹងយំ ហើយសោកសង្រេង តែលោកិយនឹងអរសប្បាយឡើងដូច្នេះ?
តើ ពួកសិស្សនឹងមានអំណរនៅពេលណា?
ការពន្យល់និងការអនុវត្ត៖ សូមចងចាំថា ការបង្រៀនទាំងអស់នៅក្នុងកណ្ឌយ៉ូហាន ១៣-១៧ គឺព្រះយេស៊ូវចង់អោយពួកសិស្សរបស់ទ្រង់បានត្រៀមខ្លួនជាស្រេចសម្រាប់ការសុគតរបស់ទ្រង់ ហើយពន្យល់អំពីការសុគតរបស់ទ្រង់។ មនុស្សលោកស្អប់ព្រះយេស៊ូវ ដូច្នេះហើយគេរីករាយនៅពេលដែលព្រះយេស៊ូវបានសុគត។ លោកិយបានគិតថា ពួកគេបានកំចាត់ព្រះអង្គចេញពីមនុស្សលោកនិងជីវិតរបស់គេ ហើយពួកសិស្សកាន់ទុក្ខព្រះយេស៊ូវ ព្រោះពួកគេបានបាត់បង់ម្ចាស់របស់ពួកគេ។ ដូចគ្នាដែរ ពេលបច្ចុប្បន្ននេះមនុស្សលោកមានការប៉ងប្រាថ្នាចង់កំចាត់ព្រះយេស៊ូវចេញ។ មនុស្សលោកស្អប់ព្រះយេស៊ូវនិងពួកគ្រីស្ទបរិស័ទ ហើយលោកិយមានអំណរសប្បាយ នៅពេលដែលពួកគេគិតថា ពួកគេបានបង្ខំគ្រីស្ទបរិស័ទអោយនៅស្ងៀម។ ប៉ុន្តែយើងមានអំណរសប្បាយដោយសារតែព្រះយេស៊ូវទ្រង់បានរស់ពីស្លាប់ឡើងវិញ។ តើអ្នកបានមើលឃើញការស្អប់នេះដែលពិភពលោកមានចំពោះព្រះគ្រីស្ទនិងគ្រីស្ទបរិស័ទដែរឬទេ?
ចូរអាន ខ.២៥-២៨។
ហេតុអ្វីបានជាព្រះវរបិតាបានស្រឡាញ់ពួកសិស្ស?
តើ ព្រះយេស៊ូវបានមកពីណាហើយទៅណាវិញ?
ការពន្យល់៖ នៅក្នុង ខ.២៥ ព្រះយេស៊ូវនិយាយថា «ខ្ញុំនិយាយសេចក្តីទាំងនេះដល់អ្នករាល់គ្នា ដោយពាក្យប្រៀបធៀប» («ដោយប្រើប្រស្នា»)។ ឧទាហរណ៍ខ្លះនៃពាក្យប្រៀបធៀប (ដោយប្រើប្រស្នា) គឺ ព្រះយេស៊ូវគឺជាអ្នកគង្វាលដ៏ល្អ (ពួកសិស្សមិនយល់ (១០:៦)) ការលាងជើងពួកសិស្ស (ជំពូក ១៣) ហើយព្រះយេស៊ូវជាដើមទំពាំងបាយជូរ ពួកសិស្សជាមែក (ជំពូក ១៥)។
ចូរអាន ខ.២៩-៣៣។
តើ អ្វីនាំអោយពួកសិស្សជឿថា ទ្រង់បានចេញពីព្រះវរបិតាមកមែន?
តើ ព្រះយេស៊ូវសំដែងភស្តុតាងអ្វីខ្លះដែលបង្ហាញថា ព្រះអង្គជ្រាបគ្រប់ទាំងអស់ (ខ.៣២)?
ហេតុអ្វីបានជាព្រះយេស៊ូវប្រាប់សេចក្តីទាំងនេះ?
នៅលោកិយនេះ តើគ្រីស្ទបរិស័ទនឹងមានអ្វី (ខ.៣៣)?
ការពន្យល់ និងការអនុវត្ត៖ ជាថ្មីម្តងទៀត ព្រះយេស៊ូវបានបង្ហាញថា ការសុគតរបស់ទ្រង់មិនមែនជាព្រឹត្តិការណ៍ដែលធ្វើអោយទ្រង់ភ្ញាក់ផ្អើលទេ ពីព្រោះព្រះអង្គឈ្វេងយល់ជាមុនអំពីអ្វីដែលនឹងកើតឡើង។ ការដឹងថា ព្រះទ្រង់ទតពិនិត្យ ហើយទ្រង់ជ្រាបគ្រប់សេចក្ដីទាំងអស់ ហើយព្រះអង្គប្រទានព្រះវិញ្ញាណបរិសុទ្ធមក ដើម្បីបង្រៀនយើងនិងជួយយើងនឹងប្រទានយើងនូវសេចក្ដីសុខសាន្ត នៅក្នុងទុក្ខវេទនា ដែលយើងទទួលពីលោកិយនេះ។ សេចក្ដីសុខសាន្តដែលយើងមាននៅក្នុងព្រះយេស៊ូវមិនមែនមានន័យថា យើងនឹងមិនមានទុក្ខវេទនាទេ។ យើងពិតជាមានទុក្ខវេទនាមែន ប៉ុន្តែការរស់ឡើងវិញនិងជ័យជម្នះរបស់ព្រះយេស៊ូវនាំអោយយើងមានសេចក្ដីសុខសាន្តនិងក្ដីអំណរ។ តើអ្នកបានរំពឹងគិតអំពីការសុគត ការរស់ឡើងវិញ និងការទទួលជ័យជម្នះរបស់ព្រះយេស៊ូវ ដើម្បីជួយឱ្យអ្នកមានអំណរនិងសេចក្ដីសុខសាន្ដ នៅពេលយើងបានរងទុក្ខវេទនាដោយសារយើងធ្វើតាមព្រះយេស៊ូវដែរឬទេ?
រំលឹកទ្បើងវិញ៖ តើយើងបានរៀនអ្វីអំពីព្រះយេស៊ូវចេញពីយ៉ូហាន ១៦:១៦–៣៣?
ការអនុវត្ត៖ តាមអ្វីដែលអ្នកបានរៀនតាមរយៈបទគម្ពីរនេះ តើអ្នកត្រូវយកវាមកអនុវត្តយ៉ាងដូចម្តេចនាពេលសព្វថ្ងៃនេះ?
Leave a Reply