តើអ្នកនឹងស្តាប់តាមនរណា?
ការប្រកាសព្រះគ្រីស្ទពីគម្ពីរសញ្ញាចាស់ ចោទិយកថា ១៨
កាលៈទេសៈប្រវត្តិសាស្ត្រ
ជនជាតិអ៊ីស្រាអែលបានបញ្ចប់ការធ្វើដំណើររបស់ពួកគេចេញពីអេស៊ីព្ទ ហើយការវង្វេងនៅក្នុងទីរហោស្ថានរយៈពេល៤០ឆ្នាំក៏បានបញ្ចប់ដែរ។ ពួកគេស្ថិតនៅភាគខាងកើតយ័រដាន់ កំពុងត្រៀមខ្លួនជាស្រេចដើម្បីចូលទៅក្នុងទឹកដីសន្យា។ កណ្ឌចោទិយកថាកត់ត្រាអំពីសេចក្ដីអធិប្បាយបីរបស់ម៉ូសេទៅកាន់បណ្តាជនអ៊ីស្រាអែល ដើម្បីលើកទឹកចិត្តពួកគេឲ្យកាន់តាមក្រិត្យវិន័យ។
មនុស្សដែលរស់នៅក្នុងទឹកដីកាណានបានអនុវត្តទង្វើផ្សេងៗ ដែលបានរៀបរាប់នៅក្នុងខ.១០-១១។ នៅក្នុងប្រវត្តិសាស្ត្រ មានវប្បធម៌ជាច្រើនបានដើរតាមការអនុវត្តទាំងនេះ រួមទាំងប្រទេសកម្ពុជាផងដែរ។
ព្រះរាជសារពីសេចក្តីអធិប្បាយ
ពាក្យគន្លឹះមួយនៅក្នុងបទគម្ពីរនេះគឺ «ស្តាប់» (ខ.១៤, ១៥, ១៩)។ ជាតិសាសន៍ទាំងអស់នៅក្នុងទឹកដីកាណាន «ស្តាប់» តាមពួកគ្រូគន់គូរ និងពួកគ្រូទាយទំនាយ (ខ.១៤) ប៉ុន្តែព្រះបង្គាប់យើងអោយ «ស្តាប់» តាមហោរា ដែលព្រះនឹងបណ្តាលអោយកើតឡើង (ខ.១៥)។ អស់អ្នកណាដែលមិនស្តាប់តាមហោរា ដែលព្រះនឹងបណ្តាលអោយកើតឡើង នឹងត្រូវមានទោស (ខ.១៩)។
ដូច្នេះ សំនួរគន្លឹះមួយ ដែលអ្នកអធិប្បាយអាចសួរក្រុមជំនុំបានគឺ «តើអ្នកនឹងស្តាប់តាមអ្នកណា?»។ តើអ្នកនឹងស្តាប់តាមអស់អ្នក ដែលលោកិយស្តាប់តាមដូចជាពួកគ្រូទាយទំនាយ ពួកគ្រូគន់គូរ ពួកអ្នកប្រើមន្តអាគម អាបធ្មប់…ឬអ្នកនឹងស្តាប់តាមហោរា ដែលព្រះនឹងបណ្តាលអោយកើតឡើង?
វាមិនមានប្រសិទ្ធិភាពទេ ដែលគ្រាន់តែប្រាប់មនុស្សថា «កុំស្តាប់តាមគន់គូរ ពួកគ្រូទាយទំនាយ និងពួកគ្រូបកស្រាយប្រផ្នូល…» ពីព្រោះមនុស្សនឹងស្តាប់តាមមនុស្សម្នាក់។ ដូច្នេះ ពួកគេត្រូវតែមានជម្រើសផ្សេងមួយ (សំឡេងមួយទៀត) ដែលពួកគេអាចស្តាប់តាមបាន។ ព្រះប្រទានអោយយើងនូវជម្រើសមួយផ្សេង គឺហោរាដូចជាម៉ូសេ ដែលទ្រង់នឹងបណ្តាលអោយកើតឡើង។
ដូច្នេះ តើហោរាដែលព្រះនឹងបណ្តាលអោយកើតឡើងនេះគឺជាអ្នកណា? ព្រះគម្ពីរសញ្ញាថ្មីបង្ហាញថា ហោរានោះគឺជាព្រះយេស៊ូវ។ នៅក្នុងម៉ាថាយ ១៧:១-៥ ព្រះយេស៊ូវយាងឡើងលើភ្នំមួយជាមួយពេត្រុស យ៉ាកុប និងយ៉ូហាន។ បន្ទាប់មក ម៉ូសេនិងអេលីយ៉ា ដែលជាហោរាពីរនាក់ដ៏អស្ចារ្យនៅក្នុងព្រះគម្ពីរសញ្ញាចាស់ បានលេចមកនៅជាមួយព្រះយេស៊ូវ។ អស់រយៈពេលមួយពាន់ឆ្នាំជាងដែលពួកយូដាត្រូវបានប្រាប់អោយ «ស្តាប់តាមម៉ូសេ» ពីព្រោះគាត់គឺជាហោរា ដែលបានទទួលក្រិត្យវិន័យ។ ឥឡូវនេះ ម៉ូសេលេចមកជាព្រះយេស៊ូវ ហើយសំឡេងមួយពីស្ថានសួគ៌មិនប្រកាសថា «ស្តាប់តាមម៉ូសេ» ទេ ប៉ុន្តែ «នេះជាកូនស្ងួនភ្ងាអញ ជាទីពេញចិត្តអញណាស់ ចូរស្តាប់តាមចុះ!»។ ការនេះបង្ហាញថា ព្រះយេស៊ូវធំប្រសើរជាងម៉ូសេ។ ទ្រង់គឺជាហោរា ដែលព្រះបានសន្យានឹងបណ្តាលអោយកើតឡើងនៅក្នុងចោទិយកថា ១៨:១៨។
ទោះយ៉ាងណា ព្រះយេស៊ូវលើសជាងហោរាម្នាក់ទៅទៀត គឺទ្រង់ជាព្រះរាជបុត្រានៃព្រះ និងជាព្រះបន្ទូលរបស់ព្រះ។ ដូចដែលចោទិយកថា ១៨:១៩ និយាយផងដែរ គឺប្រសិនបើអ្នកណាមិនស្តាប់តាមព្រះបន្ទូលរបស់ព្រះយេស៊ូវ នោះពួកគេនឹងត្រូវមានទោស។
ដូច្នេះ ឥឡូវនេះយើងអាចនិយាយសំនួរសំខាន់សំរាប់សេចក្តីអធិប្បាយឡើងវិញបាន «តើអ្នកនឹងស្តាប់តាមអ្នកណា ពួកគ្រូទាយទំនាយ ពួកគ្រូគន់គូរ…ដែលលោកិយស្តាប់តាម ឬស្តាប់តាមព្រះយេស៊ូវ?» អ្នកមិនអាចស្តាប់តាមទាំងពីរបានឡើយ។
មូលហេតុមួយដែលមនុស្សទៅរកពួកគ្រូទាយទំនាយ ពួកគ្រូបកស្រាយប្រផ្នូល…គឺពីព្រោះពួកគេចង់ដឹងភាពជាក់លាក់ផ្សេងៗអំពីអនាគត។ ព្រះយេស៊ូវនិងព្រះគម្ពីរមិនផ្តល់អោយយើងនូវភាពជាក់លាក់ទាំងនោះទេ ដូច្នេះយើងត្រូវតែលើកទឹកចិត្តមនុស្សអោយប្រែចិត្តពីការព្យាយាមស្វែងយល់អំពីអនាគតនៅក្នុងរបៀបនោះ។ ព្រះកំពុងគ្រប់គ្រង ហើយយើងត្រូវតែទុកចិត្តទ្រង់ ហើយទ្រង់បានបើកសំដែងគ្រប់ទាំងអស់ ដែលយើងត្រូវដឹងតាមរយៈព្រះយេស៊ូវនិងព្រះគម្ពីររួចទៅហើយ។ ព្រះបានបើកសំដែងអ្វីដែលយើងចង់ដឹងអំពីអនាគតរួចទៅហើយ។ ព្រះយេស៊ូវនឹងយាងត្រឡប់មកវិញ ដើម្បីវិនិច្ឆ័យមនុស្សទាំងអស់ ដូច្នេះយើងត្រូវតែជឿទ្រង់ ដើម្បីទទួលបានជីវិតអស់កល្បជានិច្ច។ នៅពេលមនុស្សមិនចាប់អារម្មណ៍លើការត្រៀមខ្លួនជាស្រេចសំរាប់ថ្ងៃដ៏ធំនៃការវិនិច្ឆ័យនៅពេលព្រះយេស៊ូវនឹងយាងត្រឡប់មកវិញ ប៉ុន្តែបែរជាចាប់អារម្មណ៍លើការស្វែងយល់ពីគ្រូទាយទំនាយ ឬគ្រូចូលរូបអំពីថា ពួកគេគួរតែត្រៀមរៀបចំសំរាប់អាពាហ៍ពិពាហ៍នៅថ្ងៃណា នោះពួកគេបើកសំដែងសេចក្តីអាក្រក់របស់ពួកគេនៅចំពោះព្រះ ហើយពួកគេនឹងត្រូវកាត់ទោសនៅថ្ងៃចុងក្រោយ។
Leave a Reply