Num. 25 The covenant with Phinehas
សេចក្ដីសញ្ញាអោយបានការងារជាសង្ឃដរាបតទៅ ជនគណនា ២៥
កាលៈទេសៈប្រវត្តិសាស្ត្រ
ជនជាតិអ៊ីស្រាអែលបានធ្វើដំណើរតាមវាលរហោស្ថាន ហើយបានបោះត្រសាលនៅត្រង់វាលស្រុកម៉ូអាប់ និងបានដំឡើងត្រសាលតាមទន្លេយ័រដាន់ទល់មុខនឹងយេរីខូរ (ជនគណនា ២២:១)។ នេះគឺជាការដំឡើងត្រសាលចុងក្រោយរបស់អ៊ីស្រាអែល មុនពេលពួកឆ្លងកាត់ទន្លេយ័រដាន់។
ជារឿយៗ ព្រះគម្ពីរបង្ហាញអំពីភាពភ្លឺធំ ហើយបន្ទាប់មកមានភាពងងឹតដ៏ធំ។ ឧទាហរណ៍ ការធ្វើរូបគោមាសកើតឡើងបន្ទាប់ពីព្រះបានប្រទានក្រិត្យវិន័យនៅភ្នំស៊ីណាយ (និក្ខមនំ ២០-៣០) ការមិនស្តាប់បង្គាប់របស់កូនប្រុសរបស់អើរ៉ុនកើតឡើងបន្ទាប់ពីការចាក់ប្រេងតាំងរបស់អើរ៉ុន (លេវីវិន័យ ៨-១០) សេចក្តីកំផិតជាមួយនាងបាតសេបាកើតឡើងបន្ទាប់ពីសម្ព័ន្ធមេត្រីជាមួយដាវីឌ (២សាំយ៉ូអែល ៧-១២)។ នៅទីនេះ យើងមានឧទាហរណ៍បែបនេះមួយទៀត គឺអំពើអាក្រក់ដ៏ធំនៅពេអរ (ជនគណនា ២៥) បានកើតឡើងបន្ទាប់ពីទំនាយផ្សេងៗរបស់បាឡាម។ តាមរបៀបនេះ ព្រះគម្ពីរបង្ហាញប្រាប់យើងអំពីភាពអស្ចារ្យនៃព្រះគុណរបស់ព្រះ និងទំលាប់ទំនោររបស់មនុស្សទៅរកអំពើបាប។
សារៈសំខាន់របស់បទគម្ពីរនេះសំរាប់បទគម្ពីរទាំងអស់ដែលមានបន្ទាប់
ព្រះជាម្ចាស់បានធ្វើសេចក្ដីសញ្ញា (សម្ព័ន្ធមេត្រី) ជាមួយភីនេហាស ឱ្យគាត់និងពូជគាត់បានការងារជាសង្ឃ នៅជាដរាបតទៅ ពីព្រោះគាត់បានឈឺឆ្អាលនឹងព្រះ ហើយបានធ្វើការធួននឹងបាបរបស់ពួកកូនចៅអ៊ីស្រាអែល។ ភីនេហាសនិងពូជពង្សរបស់គាត់បានធ្វើជាសម្តេចសង្ឃរបស់អ៊ីស្រាអែលរហូតដល់ពេលពួករ៉ូម៉ាំងបានបំផ្លាញព្រះវិហារក្រុងយេរូសាឡិមនៅក្នុងឆ្នាំ៧០គ.ស លើកលែងតែរយៈពេលខ្លីដែលអេលីបានធ្វើជាសម្តេចសង្ឃប៉ុណ្ណោះ (១សាំយូអែល ១-៣, ១៤:៣)។ ព្រះបានបង្ហាញសេចក្តីមេត្តាករុណានៅក្នុងការប្រទានសម្ព័ន្ធមេត្រីនេះ ពីព្រោះសម្ព័ន្ធមេត្រីនេះបានធានាថា នៅអនាគតនឹងមានសង្ឃធ្វើការធួននឹងបាបសំរាប់អ៊ីស្រាអែល។
ព្រះរាជសារនៃសេចក្តីអធិប្បាយ
ពិតជាមានចំនុចជាក់លាក់ផ្សេងៗ ដែលយើងអាចលើកឡើង អំពីព្រះដូចជា ការវិនិច្ឆ័យរបស់ទ្រង់លើអំពើបាប។ រឿងនេះបង្ហាញអំពីអ្វីដែលធ្វើអោយព្រះមិនសព្វព្រះទ័យ និងអ្វីដែលគាប់ព្រះហឫទ័យរបស់ព្រះ ដែលរួមមាន៖
មិនផ្គាប់ព្រះហឫទ័យ៖ ភាពអសីលធម៌ផ្លូវភេទ ការថ្វាយបង្គំរូបព្រះ
ផ្គាប់ព្រះហឫទ័យ៖ ភាពឆេះឆួលសំរាប់ព្រះនាមរបស់ព្រះ
រឿងនេះបង្ហាញយ៉ាងច្បាស់ថា ការសំខាន់បំផុតចំពោះព្រះគឺកិត្តិយសរបស់ទ្រង់ ហើយយើងគួរតែយកកិត្តិយសនៃព្រះនាមរបស់ព្រះជាការសំខាន់បំផុតនៅក្នុងជីវិតរបស់យើង។ យើងគួរតែនាំក្រុមជំនុំអោយជញ្ជឹងគិតថា តើពួកគេមានអ្វីនៅក្នុងជីវិតរបស់ពួកគេ ដែលមិនគោរពដល់ព្រះនាមរបស់ទ្រង់ ឬពួកគេមានភាពឆេះឆួលសំរាប់ព្រះនាមរបស់ព្រះដែរឬយ៉ាងណា។ ទោះជាព្រះមិនបង្គាប់អោយយើងសំឡាប់ ដូចជាភីនេហាសក៏ដោយ ក៏យើងនៅគួរតែមានភាពឆេះឆួលដូចគាត់ដែរ។ ព្រះបរិសុទ្ធ ហើយទ្រង់បង្គាប់ថា រាស្ត្ររបស់ទ្រង់គួរតែបរិសុទ្ធ។
ការប្រកាសព្រះគ្រីស្ទ
ដើម្បីគិតអំពីរបៀបដែលយើងប្រកាសព្រះគ្រីស្ទចេញពីបទគម្ពីរនេះ យើងអាចប្រៀបធៀបភីនេហាសជាមួយព្រះគ្រីស្ទ ហើយពិចារណាអំពីសម្ព័ន្ធមេត្រីរបស់ព្រះជាមួយភីនេហាស។
ប្រៀបធៀប៖ យើងអាចមើលឃើញភាពស្រដៀងគ្នាផ្សេងៗរវាងភីនេហាសនិងព្រះគ្រីស្ទ។ ភីនេហាសបានមានភាពឆេះឆួលសំរាប់ព្រះនាមរបស់ព្រះ ហើយយើងមើលឃើញភាពឆេះឆួលរបស់ព្រះគ្រីស្ទសំរាប់ព្រះនាមរបស់ព្រះនិងដំណាក់របស់ទ្រង់ នៅពេលទ្រង់បោសសំអាតព្រះវិហារ (យ៉ូហាន ២:១២-២២)។
សម្ព័ន្ធមេត្រីរបស់ព្រះជាមួយភីនេហាស៖ ដូចយើងបានមើលឃើញពីខាងលើហើយថា ពូជពង្សរបស់ភីនេហាសបានធ្វើជាសម្តេចសង្ឃរបស់អ៊ីស្រាអែលរហូតដល់ឆ្នាំ៧០គ.ស។ នៅសម័យព្រះយេស៊ូវ ពួកសម្តេចសង្ឃសុទ្ធតែអាក្រក់ ហើយពួកគេបានបង្ហាញការប្រឆាំងបះបោររបស់ពួកគេចំពោះព្រះដោយគេបដិសេធព្រះយេស៊ូវ។ ការបដិសេធរបស់ពួកគេចំពោះព្រះយេស៊ូវគឺការប្រឆាំងបះបោរចុងក្រោយ ដែលបានធ្វើអោយព្រះបដិសេធពួកគេជាពួកសង្ឃ។ ឥឡូវនេះ ព្រះយេស៊ូវជំនួសតំណែងជាសង្ឃរបស់អើរ៉ុន (ភីនេហាសគឺជាចៅប្រុសរបស់អើរ៉ុន ដូច្នេះពូជពង្សរបស់ភីនេហាសគឺជាពូជពង្សរបស់អើរ៉ុន) ដូច្នេះ ព្រះយេស៊ូវជាសម្តេចសង្ឃដែលស្ថិតស្ថេរនៅអស់កល្បជានិច្ច (ហេព្រើរ ៧:១១-២២)។
ភីនេហាសជាសង្ឃបានបង្វែរសេចក្តីក្រោធរបស់ព្រះចេញ ដោយសំឡាប់មនុស្សដែលមានទោសអំពើបាប រីឯព្រះយេស៊ូវជាសម្តេចសង្ឃបង្វែរសេចក្តីក្រោធរបស់ព្រះប្រឆាំងនឹងអំពើបាបចេញ ដោយការសុគតអង្គទ្រង់ជំនួសយើង ធ្វើជាយញ្ញបូជា ដែលទទួលទណ្ឌកម្មសំរាប់អំពើបាបរបស់យើង។
Leave a Reply