ពាក្យលំនាំ៖ សុភាសិត Introduction to Proverbs

Proverbs Intro pdf download

សេចក្តី​ពិត​របស់​ព្រះ​ជា​ម្ចាស់​ គឺ​ជា​សេចក្ដី​ពិត​សម្រាប់​ជីវិត​របស់​យើង​ទាំង​មូល។ ព្រះ​គម្ពីរ​សុភាសិត​បាន​បង្ហាញ​ប្រាប់​យើង​ពី​របៀប​ដែល​សេចក្តី​ពិត​របស់​ព្រះ​បាន​អនុវត្ត​នៅ​ក្នុងជីវិត​យើង​ប្រ​ចាំ​ថ្ងៃ​ ទាំង​នៅ​ក្នុង                ​គ្រួ​សារ ​នៅ​កន្លែង​ការ​ងារ ​នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ នៅ​ក្នុង​ការ​គ្រប់​គ្រង​និង​ជំនួញ ​នៅ​ក្នុង​ចិត្ត​របស់​យើង​ ដែល​ធ្វើ​ឲ្យ​យើង​សំ​ដែង​ចេញ​នូវ​ប្រតិកម្ម​ផ្សេងៗ ហើយ​​នៅ​ក្នុង​ការ​រស់​នៅ​និង​ការ​សំរេច​ចិត្ត   ​ផង។ នៅ​ក្នុង​គ្រប់​កាលៈទេសៈ​ទាំង​អស់​នេះ ព្រះ​គម្ពីរ​សុភាសិតបាន​បង្ហាញ​ពី​ផ្លូវ​នៃ​ជីវិត ហើយ​ក៏​បាន​ព្រមាន​យើង​អំពី​ផ្លូវ​ទៅ​កាន់​សេចក្តី​ហិន​វិនាស​ផង​ដែរ។ ​កណ្ឌ​សុភាសិត​បាន​ហៅ​ផ្លូវ​ទាំង​ពីរ​នេះ​ថា ផ្លូវ​ប្រាជ្ញា​ និង​ផ្លូវ​ល្ងង់​ខ្លៅ ដែល​ផ្លូវ​ទាំង​ពីរ​តែង​តែ​​ហៅ​យើង​ឲ្យ​ដើរ​តាម​ពួក​គេ​រៀង​ខ្លួន។ អស់​អ្នក​ដែល​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា​ គឺ​អស់​អ្នក​ដែល​ «កោត​ខ្លាច​ព្រះ​ជា​ម្ចាស់» (១:៧)។ កោត​ខ្លាច​ព្រះ​មាន​ន័យ​ថា កោត​ខ្លាច​ចំពោះ​ព្រះ​ចេស្ដា​របស់​ទ្រង់ ហើយ​ទុកចិត្ត​លើ​សេចក្តី​ពិត​របស់​ទ្រង់។ ទ្រង់​គឺ​ជា​ព្រះ​អាទិករ​របស់​យើង ហើយ​ទ្រង់​ជ្រាប​នូវ​អ្វី​ដែល​ល្អ​បំផុត​សំរាប់​យើង។ ព្រះ​គម្ពីរ​សុភាសិត​គឺ​ជា​ឧទាហរណ៍​អំពី​សេចក្តី​ពិត​របស់​ព្រះ​ជា​ម្ចាស់​នៅ​ក្នុង​ការ​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​របស់​យើង។ ជា​រឿង​សំ​ខាន់​ដែល​ត្រូវ​ដឹង​ថា បទ​គម្ពីរ​ជា​ច្រើន​នៅ​ក្នុង​ព្រះ​គម្ពីរ​សុភាសិត​ បើក​សំ​ដែងអំ​ពី​គោល​ការណ៍​ទូ​ទៅ​សំរាប់​ជីវិត​រស់​នៅ ​ហើយ​​មិន​មែន​ជា​សេចក្តី​សន្យា​អំពី​អ្វីៗ​ ដែល​នឹង​កើត​ឡើង​ដាច់​ខាត​នោះ​ទេ។ ឧទាហរណ៍​ដូច​ជា បទ​​គម្ពីរ​ក្នុង​កណ្ឌ​សុភា​សិត​ខ្លះ​បាន​លើក​ឡើង​អំពី​ការ​បំផ្លាញ ដែល​នឹង​ធ្លាក់​មក​លើ​មនុស្ស​អាក្រក់។ ពេល​ខ្លះ​ពាក្យ​នេះ​មិន​បាន​កើត​ឡើង​នៅ​ក្នុង​ជីវិត​បច្ចុប្បន្ន​នេះ​ទេ តែ​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ជំនុំជំរះ​វិញ ​ដែល​ជា​ពេល​វេលា​ដែល​ព្រះ​យេស៊ូវ​នឹង​យាង​ត្រលប់​មក​វិញ​ម្តង​ទៀត។

អ្នក​និពន្ធ ​និង​កាល​បរិច្ឆេទ

កណ្ឌ​គម្ពីរ​សុភា​សិត​បាន​ពណ៌នា​ថា​ ស្តេច​សាឡូម៉ូន (បាន​សោយ​រាជ្យ​ក្នុង​អំឡុង​ឆ្នាំ​ប្រហែល​ជា​ ៩៧១-៩៣១ មុន​គ.ស) ​ជា​អ្នក​និពន្ធ ​ឬ​អ្នក​ចង​ក្រង​ព្រះ​គម្ពីរ​សុភា​សិត​នេះ​ឡើង (១:១, ១០:១) ក្នុង​នោះ​រួម​បញ្ចូល​ទាំង​សុភាសិត​ដែល​ស្មៀន​របស់​ស្តេច​ហេសេគា​បាន​ចំ​លង​ផង​ដែរ​ (២៥:១)។ កណ្ឌ​គម្ពីរ​សុភាសិត​នេះ​មាន​ពីរ​ក្រុម ដែល​ក្រុម​ទី​១​មាន​ឈ្មោះ​ថា «ប្រាជ្ញា» (២២:១៧-២៤:២២, ២៤:២៣-៣៤) និង​ «បទ​ទំនាយ» យក​ចេញ​ពី​អេគើរ (៣០:១-៣៣) និង​ស្តេច​លេមយួល (៣១:១-៩)។ ឯ​បទ​ចំរៀង​លើក​សរសើរ​ពី​ប្រ​ពន្ធ​ដ៏​ប្រសើរ​ ដែល​មាន​និយាយ​នៅ​ជំពូក​ចុង​ក្រោយ​នោះ មិន​មាន​ឈ្មោះ​អ្នក​និពន្ធ​ទេ (៣១:១០-៣១)។​

 

 

ដំណឹង​ល្អ​នៅ​ក្នុង​កណ្ឌ​គម្ពីរ​សុភាសិត

កណ្ឌ​​គម្ពីរ​សុភាសិត​គឺ​ជា​របៀប​មួយ​ក្នុង​ចំណោម​ «របៀប​ផ្សេងៗ​ជា​ច្រើន» ដែល​ព្រះ​ជា​ម្ចាស់​ប្រើ​​ក្នុង​ការ​​មាន​បន្ទូល​ (ហេព្រើរ​ ១:១) ដើម្បី​នាំ​យើង​ទៅ​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ជា​ព្រះ​រាជ​បុត្រា​ទ្រង់​តែ​មួយ។ ព្រះ​ជា​ម្ចាស់​បាន​ប្រ​ទាន​ប្រាជ្ញា​ដល់​មនុស្ស​ល្ងង់​​និង​មនុស្ស​ទន់​ខ្សោយ​តាម​រយៈ​កណ្ឌ​​គម្ពីរ​សុភាសិត​នេះ។

កណ្ឌ​​គម្ពីរ​សុភាសិត​ចង្អុល​បង្ហាញ​​អំពី​ព្រះ​យេស៊ូវ​ ពី​ព្រោះ​ព្រះ​គម្ពីរ​ទាំង​អស់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ព្រះ​យេស៊ូវ​គឺ​ជា​មនុស្ស​ម្នាក់​ដែល​គ្រប់​លក្ខណ៍​ក្នុង​ការ​ដើរ​តាម និង​បើក​សំ​ដែង​ពី​ប្រាជ្ញា​របស់​ព្រះ​ជា​ម្ចាស់។ ​ព្រះ​គម្ពីរ​សញ្ញា​ចាស់​បាន​ចែង​ថា ព្រះ​មេ​ស៊ី​នឹង​មាន​ពេញ​ដោយ «ព្រះ​វិញ្ញាណ​នៃ​ប្រាជ្ញា​និង​យោបល់ ជា​ព្រះ​វិញ្ញាណ​នៃ​គំនិត​វាង​វៃ និង​ឫទ្ធានុភាព ជា​ព្រះ​វិញ្ញាណ​នៃ​សេចក្តី​ចេះ​ដឹង និង​សេចក្តី​កោត​ខ្លាច​ដល់​ព្រះ       ​យេហូវ៉ា» (​​អេសាយ​ ១១:២)។ ឯ​​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​វិញ​បញ្ជាក់​ថា ព្រះ​យេស៊ូវ​គឺ​ជា​អំណោយ​ទាន​នៃ​ប្រាជ្ញា​របស់​ព្រះ​ជា​ម្ចាស់ ដល់​មនុស្ស​មាន​បាប (១កូរិនថូស​ ១:៣០)។      សាឡូម៉ូន​គឺ​ជា​មនុស្ស​មាន​ប្រាជ្ញា​ដ៏​       អស្ចារ្យ តែ​ព្រះ​យេស៊ូវ​អស្ចារ្យ​ជាង​សាឡូម៉ូន​ទៅ​ទៀត (ម៉ាថាយ ១២:៤២)។ ទ្រង់​បាន​ធ្វើ​ឲ្យ​មនុស្ស​មាន​    សេចក្តី​​អស្ចារ្យ​ដោយ​ប្រាជ្ញា​របស់​ទ្រង់ (ម៉ា​ថាយ​ ១៣:៥៤)។ ​មនុស្ស​ច្រើន​មិន​ទទួល​ប្រាជ្ញា​របស់​ព្រះ​យេស៊ូវ​ទេ​ ពី​ព្រោះ​ប្រាជ្ញា​របស់​ទ្រង់​មិន​បាន​នាំ​ទៅ​កាន់​ប្រ​ជា​ប្រិយ​ភាព​នោះ​ទេ តែ​ទៅ​កាន់​ឈើ​ឆ្កាង​វិញ (១​កូរិនថូស ១:១៨-២៥) ប៉ុន្តែ​ប្រ​សិន​បើ​យើង​ទទួល​យក​ប្រាជ្ញា​របស់​ព្រះ​ជា​ម្ចាស់​ដែល​មាន​លាក់​ទុក​នៅ​ក្នុង​ព្រះគ្រីស្ទ​ដោយ​បន្ទាប​ខ្លួន (កូល៉ុស​ ២:២-៣) នោះ​ព្រះ​ជា​ម្ចាស់​នឹង​ដឹក​នាំ​យើង​នៅ​ក្នុង​ផ្លូវ​របស់​ព្រះ​អង្គ រួម​បញ្ចូល​ទាំង​អ្វីៗ​ដែល​មាន​និយាយ​នៅ​ក្នុង​ព្រះ​គម្ពីរ​សុភាសិត​ផង​ដែរ​។  ​

ដូច្នេះ​ប្រាជ្ញា​តាម​រយៈ​​កណ្ឌ​​គម្ពីរ​សុភាសិត គឺ​បា​ន​ប្រ​ទាន​មក​ដោយ​សារ​ព្រះ​គុណ ផ្តល់​នូវ​ដំបូន្មាន​ពី​ព្រះ​ជា​ម្ចាស់​មក​ដល់​យើង​សំរាប់​ការ​រស់​នៅ​ក្នុង​ជីវិត​នេះ។ ដោយ​ហេតុ​ថា​ប្រាជ្ញា​នេះ​ «មក​ពី​ខាង​លើ»                (យ៉ាកុប ៣:១៥-១៧, ​ប្រៀប​ធៀប​ ​សុភាសិត ៣:១៩, ៨:២២-៣១) នោះ​យើង​ត្រូវ​រស់​នៅ​ដោយ​បន្ទាប​ខ្លួន​​ ហើយ​​គោរ​ព​ចំពោះ​ព្រះ​ជា​ម្ចាស់ (សុ​ភាសិត​ ១:៧, ៩:១០)។

របៀប​​អាន​កណ្ឌ​គម្ពីរ​សុភាសិត​គឺ​ ត្រូវ​​អាន​យឺតៗ ហើយ​ឆ្លុះ​បញ្ចាំង​ដោយ​អធិស្ឋាន​នៅ​លើ​ព្រះ​បន្ទូល​ទាំង​អស់​នោះ មួយ​សុភាសិត​ម្តងៗ។ ពិចារណា​អំពី​អ្វីៗ​ដែល​សុភាសិត​នី​មួយៗ​បាន​បើក​សំ​ដែង​ពី​លក្ខណៈ​របស់​ព្រះ​ជា​ម្ចាស់ ដោយ​ផ្ដោត​ទៅ​លើ​អ្វី​ដែល​ទ្រង់​ឲ្យ​តំលៃ និង​បង្រៀន។ បន្ទាប់​មក​ពិចារណា​អំពី​អ្វីៗ​ដែល​សុភាសិត​បង្ហាញ​ពី​ភាព​កម្សោយ​របស់​មនុស្ស​ តាមរយៈ​ការ​បង្ហាញ​ពី​សេចក្តី​ណែ​នាំ​ដែល​យើង​ត្រូវ​ការ។ ការ​ឆ្លុះ​បញ្ចាំង​ដោយ​ប្រុងប្រយ័ត្ន​បែប​នេះ នឹង​បើក​សំ​ដែង​ឲ្យ​យើង​មើល​ឃើញ​​ព្រះ​គុណ ​ដែល​មនុស្ស​ត្រូវ​ការ ហើយ​ដែល​ព្រះ​ជា​ម្ចាស់​បាន​ប្រ​ទាន​មក​នៅ​ក្នុង​អង្គ​ព្រះ​គ្រីស្ទ។

One comment on “ពាក្យលំនាំ៖ សុភាសិត Introduction to Proverbs
  1. mao sopheaktra says:

    want to read Bible daily

Leave a Reply

Your email address will not be published. Required fields are marked *

*

Top