Eph.6_4 Piper pdf download
The following is an abridged translation of a sermon by John Piper. If you wish to read the original English, please go to the link below.
http://www.desiringgod.org/sermons/raising-children-who-hope-in-the-triumph-of-god
ស៊េរី៖ ការចិញ្ចឹមបីបាច់ថែរក្សា និងការបង្រៀនកូនៗឲ្យសង្ឃឹមលើជ័យជម្នះរបស់ព្រះជាម្ចាស់
អេភេសូរ ៦:៤
សូមចំណាយពេលខ្លះ ដើម្បីសញ្ជឹងគិតលើពាក្យ «ព្រះអម្ចាស់» ក្នុងអេភេសូរ ៦:៤។
ការប្រកាសថាព្រះយេស៊ូវជាព្រះអម្ចាស់
ងារថា «ព្រះអម្ចាស់» គឺជាងារដ៏ឧដុង្គឧត្ដមដែលសាវ័ក ប៉ុល បានប្រើសម្រាប់ព្រះយេស៊ូវ។ សាវ័ក ប៉ុល បានសរសេរនៅក្នុងកណ្ឌគម្ពីរ ភីលីព ២:៩-១១ ថា «ព្រះបានលើកទ្រង់ឡើងយ៉ាងខ្ពស់ ហើយបានប្រទានឲ្យមាននាមដ៏ប្រសើរ លើសជាងអស់ទាំងនាមផង ដើម្បីកាលណាឮព្រះនាមព្រះយេស៊ូវ នោះឲ្យគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី ហើយនៅក្រោមផែនដីត្រូវលុតចុះ ហើយឲ្យគ្រប់ទាំងអណ្ដាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអម្ចាស់ សម្រាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតា»។
ការលើកឡើងថា ព្រះយេស៊ូវជា «ព្រះអម្ចាស់» មានន័យដូចតទៅ៖
- ទ្រង់គឺជាស្ដេចលើចក្រវាល។
- ទ្រង់គឺជាអង្គដែលគ្រងរាជ្យលើពិភពលោកទាំងមូល។
- ទ្រង់គឺជាមេបញ្ជាការលើពួកពលបរិវារនៅស្ថានសួគ៌ និងលើគ្រីស្ទបរិស័ទនៅផែនដី។
- ទ្រង់កំពុងតែសោយរាជ្យនាពេលបច្ចុប្បន្ននេះ ហើយទ្រង់ក៏នឹងបន្តសោយរាជ្យរហូតទាល់តែទ្រង់បានដាក់អស់ទាំងខ្មាំងសត្រូវនៅក្រោមព្រះបាទទ្រង់។
- ទ្រង់បានឈ្នះលើអំពើបាប សេចក្ដីស្លាប់ ការឈឺចាប់ សាតាំង និងស្ថាននរក។
- នៅថ្ងៃមួយ ទ្រង់នឹងតាំងនគរដ៏សុចរិត និងនគរដ៏ពោរពេញដោយអំណរនៅលើផែនដីនេះ ហើយទ្រង់នឹងសោយរាជ្យអស់កល្បជានិច្ច ដើម្បីថ្វាយសិរីល្អដល់ព្រះវរបិតារបស់ទ្រង់។
ការប្រកាសថាព្រះយេស៊ូវជាព្រះអម្ចាស់មានន័យថា លោកអ្នកជឿថាទ្រង់នឹងមានជ័យជម្នះលើគ្រប់អ្វីៗទាំងអស់។ ហើយក៏ជឿថា ទ្រង់មិនមែនជាព្រះតូចតាចនោះដែរឡើយ។ ទ្រង់មានឫទ្ធិអំណាចខ្លាំងជាងអំណាចរបស់ពួកអ្នកដឹកនាំនៅផែនដីនេះទៅទៀត ទោះបើពួកគេរួមអំណាចគ្នាក៏នៅតែមិនអាចស្មើនឹងទ្រង់បានដែរឡើយ។ ទ្រង់នឹងយាងមកវិញទាំងមានជ័យជម្នះ។ ពេលដែលទ្រង់យាងមកវិញ មនុស្សគ្រប់គ្នានឹងមើលឃើញទ្រង់ ហើយគ្រប់សេចក្ដីអាក្រក់ និងការមិនជឿនឹងរលាយសាបសូន្យបាត់ទៅ ប៉ុន្តែអស់អ្នកដែលដើរតាមទ្រង់នឹងរស់នៅ លេងកំសាន្តសប្បាយ ហើយធ្វើការដោយអរសប្បាយនៅអស់កល្បជានិច្ចដូចជាកូនក្មេងម្នាក់យ៉ាងដូច្នោះដែរ។
សរុបសេចក្ដីមក ទោះបើមានអត្ថន័យថែមលើឃ្លាថា «ចូរបង្រៀនវាទៅតាមដំបូន្មាន និងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់វិញ» ដែលទ្រង់ជាស្ដេច ជាមេបញ្ជាការ និងជាអង្គដែលគ្រង់រាជ្យលើអ្វីៗទាំងអស់ក៏ដោយ ក៏វាមានន័យដែរថា៖
- ចូរចិញ្ចឹមបីបាច់ថែរក្សា ហើយបង្រៀនកូនៗឲ្យសង្ឃឹមលើជ័យជម្នះរបស់ព្រះជាម្ចាស់។
- ចូរចិញ្ចឹមបីបាច់ថែរក្សា ហើយបង្រៀនកូនៗឲ្យស្គាល់ពីតួនាទីរបស់ពួកគេដើម្បីបំពេញបំណងព្រះហឫទ័យរបស់ព្រះអម្ចាស់យេស៊ូវដ៏មានជ័យជម្នះ។
- ចូរចិញ្ចឹមបីបាច់ថែរក្សា ហើយបង្រៀនកូនៗឲ្យដឹងថាអ្វីៗគ្រប់យ៉ាងមានទំនាក់ទំនងនឹងជ័យជម្នះរបស់ ព្រះជាម្ចាស់។
- ចូរចិញ្ចឹមបីបាច់ថែរក្សា ហើយបង្រៀនកូនៗឲ្យដឹងថា ផ្លូវនៃអំពើបាបនឹងនាំទៅរកសេចក្ដីហិនវិនាសទោះបើមានមនុស្សដ៏ល្បីល្បាញជាច្រើននាក់ដើរនៅក្នុងផ្លូវនេះក៏ដោយ តែអំពើសុចរិតនឹងឈ្នះនៅទីបញ្ចប់។ ព្រះគ្រីស្ទបានយកជ័យជម្នះលើការតយុទ្ធនៅថ្ងៃដែលទ្រង់សុគត និងថ្ងៃដែលទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ។
គ្រួសារដែលស្ថិតក្នុងផែនការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់សម្រាប់ពិភពលោកនេះ
ខ្ញុំរីករាយណាស់នៅពេលដែលខ្ញុំគិតទៅដល់ការធ្វើជាឪពុក ខណៈដែលខ្ញុំកំពុងតែគិតពីប្រធានបទទាក់ទងនឹងលក្ខណៈគ្រួសារ ហើយថាតើគ្រួសារមានសារប្រយោជន៍អ្វីក្នុងផែនការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់សម្រាប់ពិភពលោក។ ខ្ញុំរីករាយណាស់…
- នៅពេលដែលខ្ញុំគិតថា គ្រួសារគឺជាកន្លែងដែលអាចចិញ្ចឹមបីបាច់កូនៗឲ្យសង្ឃឹមលើជ័យជម្នះរបស់ព្រះជាម្ចាស់។
- នៅពេលដែលខ្ញុំគិតថា គ្រួសារគឺជាសាលាហ្វឹកហ្វឺន ដើម្បីបង្ហាត់បង្រៀនកូនៗឲ្យដឹងខុសត្រូវអំពីស្ថានភាពដ៏ពិតនៃពិភពលោកនេះ។
- នៅពេលដែលខ្ញុំគិតថា គ្រួសារគឺជាកន្លែងហ្វឹកហ្វឺនពលទាហានក្មេងៗរបស់ព្រះគ្រីស្ទសម្រាប់ការតយុទ្ធដ៏ អស្ចារ្យលើពិភពលោកនេះ។
- នៅពេលដែលខ្ញុំគិតថា គ្រួសារគឺជាបន្ទាយសម្រាប់ការពារ ឬក៏មន្ទីរពេទ្យសម្រាប់ព្យាបាល ឬក៏ឃ្លាំងស្បៀងសម្រាប់ផ្គត់ផ្គង់ពួកទាហាន ឬក៏កន្លែងសម្រាប់ឲ្យទាហានដកថយ។
- ខ្ញុំរីករាយខ្លាំងណាស់ នៅពេលដែលខ្ញុំគិតថា គ្រួសារគឺជាកន្លែងចាត់បេសកជនដែលពេញដោយចិត្តឆេះឆួលចេញទៅប្រកាសដំណឹងល្អដល់អស់អ្នកដែលមិនទាន់បានឮនៅលើពិភពលោកនេះ។
ការបណ្ដុះទស្សនវិស័យនៃជ័យជម្នះរបស់ព្រះជាម្ចាស់នៅក្នុងកូនៗយើង
សាវ័ក ប៉ុល បានមានប្រសាសន៍ថា «កុំឲ្យចាក់រុកកូនរបស់ខ្លួនឡើយ»។ តើឃ្លានេះមានន័យយ៉ាងម៉េច? គាត់មិនមែនចង់មានន័យថា មិនឲ្យឪពុកទៅបញ្ឈប់ឆន្ទៈរបស់កូនខ្លួននោះទេ។ គាត់ក៏មិនមែនចង់មានន័យថា មិនឲ្យឪពុកបដិសេធបំណងប្រាថ្នារបស់កូនខ្លួននោះដែរ។ តែគាត់ចង់មានន័យថា ឪពុកមិនគួរបង្អាក់ឆន្ទៈរបស់កូនខ្លួនដោយគ្មានគោលបំណងជាក់លាក់ត្រឹមត្រូវនោះទេឡើយ។ ឪពុករាល់គ្នាអើយ! កុំឲ្យបដិសេធបំណងប្រាថ្នារបស់កូនខ្លួនដោយគ្មានការពន្យល់ពីទស្សនវិស័យនៃព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់ពិភពលោកនេះឡើយ។ ចូរបង្ហាត់បង្រៀនកូនៗរបស់លោកអ្នកឲ្យរស់នៅសម្រាប់ព្រះជាម្ចាស់ ដូច្នេះនៅពេលដែលលោកអ្នកបញ្ឈប់ បង្អាក់ ឬបដិសេធនឹងឆន្ទៈរបស់កូន នោះគឺលោកអ្នកធ្វើឡើងក្នុងបុព្វហេតុចង់ឲ្យពួកគេធ្វើតាមបំណងព្រះហឫទ័យនៃព្រះជាម្ចាស់ទេតើ!
កូនៗមានកំហឹង មកពីពួកគេមានអារម្មណ៍ថា ច្បាប់ឪពុកម្ដាយតឹងរ៉ឹងពេកសូម្បីតែធ្វើអ្វីតិចតួចក៏ខុស ហើយបើមើលទៅវាមិនមែនជារឿងធំដុំដែលត្រូវស្ដីបន្ទោសសោះ។ ម្យ៉ាងវិញទៀត ពួកគេគិតថា ច្បាប់ទាំងនេះមិនមានអ្វីអស្ចារ្យ ឬសំខាន់សោះ។ ប៉ុន្តែ ចំពោះកូនៗដែលយល់ពីច្បាប់នៅក្នុងផ្ទះ និងការដែលឪពុកម្ដាយបង្គាប់ឲ្យធ្វើតាមច្បាប់ទាំងនោះថា វាជាប់ទាក់ទិនទៅនឹងទស្សនវិស័យដ៏អស្ចារ្យនៅក្នុងជីវិតនេះ ហើយក៏ជាប់ទាក់ទិននឹងការរស់នៅ ដើម្បីបុព្វហេតុដ៏អស្ចារ្យ នោះពួកគេនឹងមិនមានគំនិតខឹងគុំកួននឹងឪពុកម្ដាយឡើយ។ ពួកគេនឹងប្រៀបបានដូចជាកូនទាហានវ័យក្មេងដែលគ្រាន់តែត្អូញត្អែរម្ដងម្កាលអំពីការលំបាកក្នុងការហ្វឹកហាត់ ប៉ុន្តែពួកគេហ៊ានស៊ូស្លាប់ជាមួយអនុសេនីយ៍ឯកថ្ងៃណាក៏បាន ពីព្រោះអ្វីដែលលោកកំពុងតែតយុទ្ធនោះពិតជាមានន័យណាស់។ ឪពុកម្ដាយណាដែលមើលមិនឃើញថា ការដាក់វិន័យគឺជាទស្សនវិស័យដែលអាចនឹងធ្វើឲ្យកូនៗរបស់ខ្លួនក្លាយជាអ្នកមានចំណែកដ៏អស្ចារ្យម្នាក់សម្រាប់ព្រះជាម្ចាស់ទេ នោះឪពុកម្ដាយនោះនឹងប្រើការដាក់វិន័យ ដើម្បីបង្កើនភាពស្រណុកសុខស្រួលសម្រាប់តែខ្លួនឯងតែប៉ុណ្ណោះ។ ហើយប្រសិនបើ កូនៗឃើញឪពុកម្ដាយធ្វើបែបនោះ នោះពួកគេនឹងខឹងជាមិនខាន។
ហេតុដូច្នោះហើយ ខ្ញុំគិតថា ខគម្ពីរនេះបានបង្រៀនថា ឪពុកម្ដាយត្រូវតែបង្រៀនកូនៗខ្លួនឲ្យយល់ពីជ័យជម្នះរបស់ព្រះជាម្ចាស់នៅលើពិភពលោកនេះ ក៏ដូចជាបណ្ដុះឲ្យពួកគេរំភើបចិត្តក្នុងក្ដីសង្ឃឹម ពីព្រោះពួកគេកំពុងតែតយុទ្ធខាងឯសេចក្ដីពិត សេចក្ដីសុចរិត អំណរ និងជ័យជម្នះ។
ចំណុចត្រួសៗ១០យ៉ាងដើម្បីបណ្ដុះទស្សនវិស័យនេះ
តើយើងគួរធ្វើដូចម្ដេច? ពេលខ្លះ នៅពេលដែលយើងរំឭកនូវអ្វីៗដែលសំខាន់ដែលយើងងាយនឹងភ្លេច ការនេះអាចជួយយើងចងចាំវិញបាន។ នេះហើយគឺជាអ្វីដែលខ្ញុំចង់ធ្វើគឺ រំឭកនូវចំណុចសំខាន់ៗទាំងនោះ។ ហើយខ្ញុំសង្ឃឹមថា ការរំឭកនេះនឹងកំឡាចិត្តយើងឲ្យមានកម្លាំង ក៏ដូចជាប្ដេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការធ្វើជាគ្រីស្ទបរិស័ទ។
១. ចូរឲ្យជីវិតរបស់លោកអ្នកយកព្រះជាម្ចាស់ជាទី១
ចំណុចទីមួយ ឪពុកម្ដាយត្រូវតែចិញ្ចឹមបីបាច់ថែរក្សា ហើយបង្រៀនកូនៗឲ្យមានសង្ឃឹមលើជ័យជម្នះរបស់ព្រះជាម្ចាស់ដោយធ្វើឲ្យគ្រប់ចំណុចនៃជីវិតពួកគេមានពេញដោយព្រះវត្តមានព្រះជាម្ចាស់។
ខ្ញុំចាំបានថា កាលពីក្មេងខ្ញុំធ្លាប់មានភួយពីរ។ ភួយមួយពណ៌បៃតង ហើយមួយទៀតពណ៌មាស។ ភួយទាំងពីរនោះដូចគ្នាបេះបិទ លើកលែងតែពណ៌វាប៉ុណ្ណោះ។ ខ្ញុំចូលចិត្តភួយនោះណាស់ ព្រោះវាមានសាច់ទន់ រលោង ហើយគែមធ្វើពីសូត្រទៀត ឯពណ៌មិនជាសំខាន់នោះទេ។ ខ្ញុំតែងតែប្រើភួយនោះ ពេលខ្ញុំចូរគេង ខ្ញុំតែងតែទាញភួយនោះមកដណ្ដប់ដល់ចុងជើង បន្ទាប់មករកគែមសូត្ររង្វាស់ប្រមាណជាប្រាំសង់ទីម៉ែត្រនៃភួយនោះ ហើយកាន់គែមសូត្រនោះខណៈពេលដែលខ្ញុំចូលគេង។ សាច់ភួយដ៏ទន់ រលោង និងពណ៌របស់វាធ្វើឲ្យខ្ញុំមានអារម្មណ៍សប្បាយរីករាយ និងមានភាពកក់ក្ដៅ។
ខ្ញុំមើលឃើញថា មានមនុស្សជាច្រើនចាត់ទុកព្រះជាម្ចាស់ដូចជាគេយកភួយនោះមកប្រើអញ្ចឹង។ ពួកគេប្រៀបធៀបទ្រង់ទៅដូចជាភួយដ៏ទន់ ហើយរលោងដែលធ្វើឲ្យជីវិតរបស់ពួកគេមានភាពស្រណុកសុខស្រួល។ ពួកគេមិនយកទ្រង់ជាគោលចម្បងក្នុងជីវិតគេសោះ។ នៅថ្ងៃអាទិត្យ ពួកគេគ្រាន់តែរាប់ទ្រង់ទុកដូចជាឥទ្ធិពលដែលជះមកពីខាងក្រៅប៉ុណ្ណោះ។ ហើយពួកគេគ្រាន់តែបែរទៅរកទ្រង់នៅពេលដែលគេមានបញ្ហា ឬក៏ពេលណាដែលពួកគេមានវិបត្តិ។ ពួកគេមិនចង់ឲ្យទ្រង់គង់នៅក្នុងជីវិតពួកគេទាំងស្រុងនោះទេ ហើយក៏មិនបានអនុញ្ញាតឲ្យព្រះជាម្ចាស់ធ្វើជាអ្នកដឹកនាំក្នុងគ្រប់ចំណុចនៃការរស់នៅរបស់ពួកគេដែរ។ ពួកគេក៏មិនចង់ឲ្យជីវិតរស់នៅរបស់ពួកគេពាក់ព័ន្ធនឹងព្រះជាម្ចាស់ ឬមានព្រះវត្តមានព្រះជាម្ចាស់រាល់ពេលនោះដែរ។
គ្រួសារដែលមិនយកព្រះជាម្ចាស់ជាគោល គឺជាគ្រួសារដែលមិនខ្វល់ថា ទ្រង់សព្វព្រះហឫទ័យយ៉ាងណាក្នុងការកំណត់ពេលវេលាមើលទូរទស្សន៍ ឬរឿងប្រភេទណាដែលពួកគេគួរមើល។ គ្រួសារដែលមិនយកព្រះជាម្ចាស់ជាគោល គឺជាគ្រួសារដែលមិនខ្វល់ថា ពួកគេគួរស្ដាប់ចម្រៀងប្រភេទណាដែលអាចជួយស្អាងវិញ្ញាណរបស់ពួកគេ។ គ្រួសារដែលមិនយកព្រះជាម្ចាស់ជាគោល គឺជាគ្រួសារដែលមិនខ្វល់ថា ពួកគេគួរធ្វើបានអ្វីខ្លះនៅថ្ងៃអាទិត្យ ដើម្បីញែកថ្ងៃនោះជាបរិសុទ្ធថ្វាយព្រះជាម្ចាស់។ គ្រួសារដែលមិនយកព្រះជាម្ចាស់ជាគោល គឺជាគ្រួសារដែលមិនខ្វល់ពីការដាក់វិន័យលើការហូបចុក ការហាត់ប្រាណ ក៏ដូចជាការទទួលទានដំណេក។ គ្រួសារដែលមិនយកព្រះជាម្ចាស់ជាគោល គឺជាគ្រួសារដែលមិនខ្វល់ពីការសម្រេចចិត្តក្នុងការទិញអ្វីមួយដូចជា ឡាន ផ្ទះ សម្លៀកបំពាក់ ឬគ្រឿងសង្ហារិមជាដើម។ ហើយមើលទៅគ្រួសារនេះដូចជាគ្មានទំនាក់ទំនងជាមួយព្រះជាម្ចាស់សោះ។
រឿងដែលគួរឲ្យសោកស្ដាយបំផុតនោះគឺថា កូនៗក្នុងគ្រួសារនោះបានដឹងពីការដែលគ្រួសាររបស់ខ្លួនមិនបានយក ទស្សនៈរបស់ព្រះជាម្ចាស់ជាគោល។ ដូច្នេះកូនៗក៏សន្មតថា ព្រះជាម្ចាស់គ្មានអ្វីគួរឲ្យសំខាន់សម្រាប់ជីវិតរស់នៅរបស់យើងទេ ហើយការបម្រើព្រះគ្រីស្ទក៏គ្មានអីគួរឲ្យអស្ចារ្យដែរ។ បើមើលទៅពួកគេចាត់ទុកព្រះជាម្ចាស់ថា ទ្រង់មិនមានអ្វីដែលគួរឲ្យពួកគេរំភើបនឹងយកទ្រង់ជាអត្ថិភាពចម្បង ដើម្បីនឹងកសាងជីវិតពួកគេសោះ។ ហើយពួកគេនាំគ្នាគិតថា យើងគ្រាន់តែត្រូវការទ្រង់នៅថ្ងៃអាទិត្យបានហើយ ហើយពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ យើងមិនចាំបាច់ត្រូវការទ្រង់នោះទេ។ លោកអ្នកអាចមើលការដែលក្រុមគ្រួសារមិនយកព្រះជាម្ចាស់ជាអត្ថិភាពចម្បងឃើញបានយ៉ាងច្បាស់ តាមរយៈកូនៗរបស់ពួកគេ។
រឿងដំបូងដែលយើងត្រូវធ្វើនោះគឺ រស់នៅជាគ្រីស្ទបរិស័ទដែលរឹងមាំ ហើយប្ដេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការធ្វើជាគ្រីស្ទបរិស័ទដ៏ពិត។ យើងត្រូវតែយកព្រះជាម្ចាស់ជាអត្ថិភាពចម្បងនៅក្នុងគ្រប់ទាំងផ្នែកនៃជីវិតរស់នៅរបស់យើងរៀងរាល់ថ្ងៃ។ ហើយយើងត្រូវតែយកទ្រង់ជាប្រភព និងជាគោលដៅក្នុងគ្រប់ទាំងសកម្មភាពរបស់យើង។ កណ្ឌគម្ពីរ ១កូរិនថូស ១០:៣១ បានចែងថា «ដូច្នេះ ទោះបើស៊ី ឬផឹក ឬធ្វើការអ្វីក៏ដោយ នោះចូរធ្វើទាំងអស់សំរាប់ចំរើនសិរីល្អដល់ព្រះចុះ»។ មានតែតាមរយៈព្រះជាម្ចាស់ទេ ទើបកូនៗរបស់យើងអាចមើលឃើញពីការនេះ ហើយនឹងជឿថា ជ័យជម្នះរបស់ព្រះជាម្ចាស់គឺពិតជាសំខាន់ជាងអ្វីៗទាំងអស់នៅលើពិភពលោកនេះមែន។
២. ចូរអធិស្ឋាន
យើងអាចទទួលជ័យជម្នះរបស់ព្រះជាម្ចាស់បាន មានតែតាមរយៈព្រះគុណ និងចម្លើយតបរបស់ព្រះជាម្ចាស់ចំពោះសេចក្ដីអធិស្ឋានរបស់យើងប៉ុណ្ណោះ។ ការអធិស្ឋានគឺជាយានដ៏ចម្បងមួយដែលយើងរួមចំណែកនៅក្នុងជ័យជម្នះរបស់ទ្រង់លើអំពើបាប សេចក្តីអាក្រក់ និងការគ្មានជំនឿ។ ដូច្នេះ ចំណុចទីពីរដែលឪពុកម្ដាយអាចធ្វើបាននោះ គឺអធិស្ឋានសម្រាប់កូនៗរបស់ខ្លួន ហើយបង្រៀនពួកគេឲ្យចេះអធិស្ឋានទៅកាន់ព្រះជាម្ចាស់ដែរ។
ឪពុកម្ដាយត្រូវតែអធិស្ឋានឲ្យអស់ពីចិត្ត នៅកន្លែងស្ងាត់ស្ងៀមដែលមានតែព្រះជាម្ចាស់មួយអង្គប៉ុណ្ណោះដែលជ្រាបពីសំណូមពរអធិស្ឋាននោះ។ សូមអធិស្ឋានឲ្យកូនៗទទួលបានសេចក្ដីសង្គ្រោះ ការញែកជាបរិសុទ្ធ ហើយមានការស៊ូទ្រាំ។ នោះព្រះវរបិតានៃយើង ដែលទ្រង់ទតឃើញក្នុងទីសម្ងាត់ ទ្រង់នឹងប្រទានរង្វាន់ដល់យើងនៅទីប្រចក្សច្បាស់។
ឪពុកម្ដាយត្រូវតែអធិស្ឋាននៅមុខកូនៗរបស់ខ្លួន ដើម្បីឲ្យពួកគេឮពីបំណងប្រាថ្នា ហើយអាចយល់ចិត្តរបស់យើង និងដើម្បីឲ្យពួកគេរៀនអធិស្ឋានដោយខ្លួនឯងដែរ។ ឪពុកម្ដាយត្រូវតែអធិស្ឋានជាមួយនឹងកូនៗរបស់ខ្លួន ដើម្បីឲ្យពួកគេមានឱកាសអធិស្ឋាននៅក្នុងបរិយាកាសដែលមានពេញដោយក្ដីស្រឡាញ់។
មានមនុស្សជាច្រើនបានរៀបរាប់ពីអំណាចនៃការអធិស្ឋានរបស់ឪពុកម្ដាយពួកគេ។ លោកគ្រូ អហ្គស្ទស៍ ស្ទ្រង (Augustus Strong) ដែលជាអ្នកដឹកនាំក្រុមជំនុំ និងជាអ្នកប្រាជ្ញដ៏សំខាន់ម្នាក់បានសរសេរនៅក្នុងជីវប្រវត្តិរបស់គាត់ថា៖
រឿងមួយដែលខ្ញុំចាំមិនភ្លេចនោះគឺ រាល់ល្ងាចថ្ងៃសៅរ៍ ខ្ញុំនិងម្ដាយខ្ញុំតែងតែអធិស្ឋានជាមួយគ្នា គាត់បានបង្រៀនខ្ញុំឲ្យចេះអធិស្ឋានតាមរយៈការអធិស្ឋានជាមួយគ្នានេះ។ ខ្ញុំចាំបានថា គាត់បានលើកទឹកចិត្តខ្ញុំឲ្យមានគំនិតចេះរៀនអធិស្ឋាន ហើយពេលដែលខ្ញុំមិនដឹងថាគួរប្រើពាក្យពេចន៍យ៉ាងដូចម្ដេច នោះគាត់តែងតែជួយខ្ញុំជានិច្ច។ មានថ្ងៃមួយ គឺជាថ្ងៃដែលខ្ញុំមិនអាចភ្លេចបាននោះ គឺបន្ទាប់ពីការអធិស្ឋានពេញដោយពាក្យរដិបរដុបរបស់ខ្ញុំចប់ ខ្ញុំមានចិត្តរំភើបខ្លាំងមែនទែន ដោយសារតែមានទឹកហូរធ្លាក់លើមុខរបស់ខ្ញុំ។ ទឹកនោះជាទឹកដែលហូរស្រក់ចេញពីភ្នែកទាំងគូរបស់ម្ដាយខ្ញុំ។ ការដែលម្ដាយខ្ញុំបង្រៀនខ្ញុំឲ្យចេះអធិស្ឋានបានបង្ហាញឲ្យខ្ញុំឃើញយ៉ាងច្បាស់ពីការដែលព្រះជាម្ចាស់ជះឥទ្ធិពលលើការអធិស្ឋានរបស់ពួកយើង។ នៅពេលដែលយើងមិនដឹងថា យើងគួរអធិស្ឋានបែបណា នោះព្រះវិញ្ញាណបរិសុទ្ធដែលទ្រង់ចេះច្រើនជាងម្ដាយយើង ទ្រង់នឹងជួយភាពកម្សោយរបស់យើង ហើយទ្រង់នឹងជួយអង្វរជួសយើង ខណៈពេលដែលព្រះគ្រីស្ទជួយអង្វរជំនួសយើងនៅចំពោះមុខព្រះរាជបល្ល័ង្គព្រះវរបិតា។
៣. ចូរបង្ហាញពីអត្ថប្រយោជន៍នៃព្រះគម្ពីរ
ចំណុចទីបីដែលឪពុកម្ដាយត្រូវធ្វើក្នុងការចិញ្ចឹមបីបាច់ថែរក្សា ហើយបង្រៀនកូនៗឲ្យមានសង្ឃឹមលើជ័យជម្នះរបស់ព្រះជាម្ចាស់ គឺការដែលពួកគេបង្ហាញឲ្យកូនៗឃើញថា ព្រះគម្ពីរគឺជាសៀវភៅដែលសំខាន់ជាងគេបំផុតនៅក្នុងជីវិតរបស់ពួកគេ។
ខ្ញុំបានអានទីបន្ទាល់របស់គ្រូម្នាក់នៅសាកលវិទ្យាល័យមួយដែលគាត់បានសរសេរថា កាលគាត់នៅក្មេង ឪពុកគាត់តែងតែអានព្រះគម្ពីរយ៉ាងហោចមួយជំពូករាល់ពេលក្រោយបាយល្ងាច ហើយពួកគេបានអានព្រះគម្ពីរចប់ជារៀងរាល់ឆ្នាំអស់ រយៈពេលដប់ប្រាំមួយឆ្នាំ។
ឪពុកម្ដាយជាច្រើនព្រួយបារម្ភថា កូនៗនឹងធុញទ្រាន់នឹងការអានព្រះគម្ពីរ ហេតុដូច្នោះហើយបានជាពួកគាត់ដាក់គោលដៅតិចតួចក្នុងការអានព្រះគម្ពីរ។ សម្រាប់គ្រួសារខ្ញុំវិញ យើងបានចំណាយពេលច្រើនឆ្នាំក្នុងការអានព្រះគម្ពីរចាប់ពីដើមទំព័ររហូតដល់ចប់ ប៉ុន្តែឆ្នាំនេះយើងព្យាយាមទន្ទេញខគម្ពីរម្តងមួយខៗ នៅពេលដែលយើងទទួលទានអាហារពេល ព្រឹក។ រហូតមកដល់ពេលនេះ យើងបានទន្ទេញម្ភៃប្រាំបួនខគម្ពីរហើយសម្រាប់ឆ្នាំនេះ។
ឪពុកម្ដាយត្រូវតែជួយកូនៗឲ្យយល់ពីអ្វីដែលលោក យ៉ូចីន នីដា (Eugene Nida) បានរៀបរាប់អំពីជីវិតរបស់គាត់ស្ដីពីការដែលគាត់បានធ្វើជាទីប្រឹក្សាការបកប្រែព្រះគម្ពីរនៅជុំវិញពិភពលោក។ ដោយលោកបានលើកឡើងថា៖
យើងត្រូវតែដឹងថា សារនៃព្រះបន្ទូលគឺមានសារៈសំខាន់បំផុត ហើយមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់សម័យកាលនេះ។ [តើកូនៗរបស់យើងយល់ពីជំនឿដ៏មោះមុតរបស់យើងលើព្រះគម្ពីរដែរឬទេ?] ការបកប្រែព្រះបន្ទូលឲ្យបានត្រឹមត្រូវច្បាស់លាស់ ពិតជាអាចបំផ្លាស់បំប្រែមនុស្សគ្រប់វប្បធម៌ ក៏ដូចជាជីវប្រវត្តិនៃមនុស្សផ្សេងៗគ្នាបានយ៉ាងប្រាកដមែន ហើយការនេះបានបង្ហាញឲ្យខ្ញុំទទួលស្គាល់ថា នៅលើពិភពលោកនេះគ្មានអ្វីអាចនឹងជំនួសដំណឹងល្អបានឡើយ។ (“My Pilgrimage in Mission,” IBMR, ឆ្នាំ១៩៨៨, ទំព័រ៦២)
ឪពុកម្ដាយត្រូវតែបង្ហាញកូនៗឲ្យបានដឹងច្បាស់ថា ព្រះគម្ពីរគឺជាសៀវភៅដែលសំខាន់ជាងគេបំផុតសម្រាប់ជីវិតរបស់យើង ហើយព្រះគម្ពីរក៏មានចម្លើយដ៏ល្អបំផុតទៅនឹងសំណួរដែលយើងមាន ហើយព្រះគម្ពីរក៏មានយុទ្ធសាស្ត្រសម្រាប់ជ័យជម្នះរបស់ព្រះជាម្ចាស់ផងដែរ។
មានចំណុចជាច្រើនទៀតដែលយើងអាចលើកឡើងមកនិយាយទាក់ទងទៅនឹងការដែលឪពុកម្ដាយចិញ្ចឹមបីបាច់ថែរក្សា ហើយបង្រៀនកូនៗឲ្យមានសង្ឃឹមលើជ័យជម្នះរបស់ព្រះជាម្ចាស់ ហើយបង្រៀនពួកគេឲ្យលះបង់ជីវិតរបស់ខ្លួន ដើម្បីបំពេញបំណងព្រះហឫទ័យរបស់ព្រះគ្រីស្ទ។
៤. ចូររស់នៅជាគំរូនៃជំនឿ
ឪពុកម្ដាយត្រូវតែធ្វើជាគំរូនៃជំនឿ និងក្ដីសង្ឃឹមសម្រាប់កូនៗរបស់ខ្លួនក្នុងរបៀបដែលកូនៗអាចធ្វើតាមបានដែរ។ ប្រសិនបើខ្ញុំមានពេលដើម្បីប្រាប់អ្នកទាំងអស់គ្នាត្រង់នេះ នោះខ្ញុំនឹងរៀបរាប់រឿងជាច្រើនទៀតស្ដីពីការដែលឪពុកខ្ញុំពឹងលើព្រះជាម្ចាស់ក្នុងការផ្គត់ផ្គង់ក្រុមគ្រួសារយើង ដែលគាត់រកថវិកាតាមរយៈការអធិប្បាយនៅក្រុមជំនុំផ្សេងៗ។ នៅពេលដែលមិនសូវមានក្រុមជំនុំណាអញ្ជើញគាត់ឲ្យទៅអធិប្បាយ គាត់តែងតែលើកឡើងថា «ព្រះជាម្ចាស់នឹងផ្គត់ផ្គង់ដល់អស់អ្នកដែលជឿទុកចិត្តលើទ្រង់»។ ឪពុកខ្ញុំពិតជាជឿលើពាក្យដែលគាត់បានលើកឡើងមែន។ ក្នុងនាមខ្ញុំជាកូនប្រុសរបស់គាត់ ខ្ញុំមិនដែលមានមន្ទិលសង្ស័យលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬលើជំនឿរបស់ឪពុកខ្ញុំដែលគាត់ជឿថា ព្រះជាម្ចាស់នឹងមានជ័យជម្នះគ្រប់វេលា។
៥. ចូររីករាយឡើង
ប្រសិនបើខ្ញុំមានពេលដើម្បីប្រាប់អ្នកទាំងអស់គ្នាត្រង់នេះ នោះខ្ញុំនឹងនិយាយពីការដែលយើងជាឪពុកម្ដាយត្រូវតែអរសប្បាយ បើមិនដូច្នោះទេ ក្រែងកូនៗរបស់យើងអាចនឹងមានការភាន់ច្រឡំថា ជ័យជម្នះរបស់ព្រះជាម្ចាស់គឺជាជ័យជម្នះដែលមិនមានអំណរ។
៦. ការដាក់វិន័យ
ប្រសិនបើខ្ញុំមានពេលដើម្បីប្រាប់អ្នកទាំងអស់គ្នាត្រង់នេះ នោះខ្ញុំនឹងរៀបរាប់ពីការដែលឪពុកម្ដាយត្រូវតែដាក់វិន័យឲ្យម៉ឺងម៉ាត់។
៧. ចូរបន្ទាបខ្លួន ហើយចេះសុំទោស
ប្រសិនបើខ្ញុំមានពេលដើម្បីប្រាប់អ្នកទាំងអស់គ្នាត្រង់នេះ នោះខ្ញុំនឹងរៀបរាប់ពីការដែលឪពុកម្ដាយត្រូវចេះបន្ទាបខ្លួន ហើយចេះសុំទោសកូនៗរបស់ពួកគេ ក៏ដូចជាបង្រៀនពួកគេថា សូម្បីតែឈើឆ្កាងក៏អាចឈ្នះលើកំហុសរបស់ឪពុកដែរ។
៨. ចូរថ្វាយបង្គំជាលក្ខណៈគ្រួសារ
ប្រសិនបើខ្ញុំមានពេលដើម្បីប្រាប់អ្នកទាំងអស់គ្នាត្រង់នេះ នោះខ្ញុំនឹងរៀបរាប់ពីតម្រូវការដែលឪពុកម្ដាយគួរថ្វាយបង្គំជាលក្ខណៈគ្រួសារ ដើម្បីឲ្យកូនៗមានឱកាសឃើញឪពុកម្ដាយសរសើរតម្កើងព្រះជាម្ចាស់ ថ្វាយបង្គំទ្រង់ ហើយនិងស្រឡាញ់ការអធិប្បាយព្រះបន្ទូលទ្រង់ ព្រមទាំងឲ្យកូនៗបានដឹងជាមុនពីលក្ខណៈនៃជ័យជម្នះរបស់ព្រះជាម្ចាស់នៅពេលដែលទ្រង់យាងមកវិញនៅថ្ងៃចុងក្រោយ។
៩. ចូរប្រព្រឹត្តតាមខ្នាតគំរូដ៏ខ្ពស់នៃភាពបរិសុទ្ធជាប្រចាំថ្ងៃ
ប្រសិនបើខ្ញុំមានពេលដើម្បីប្រាប់អ្នកទាំងអស់គ្នាត្រង់នេះ នោះខ្ញុំនឹងរៀបរាប់ពីតម្រូវការនៃការប្រព្រឹត្តតាមខ្នាតគំរូដ៏ខ្ពស់នៃភាពបរិសុទ្ធជាប្រចាំថ្ងៃ ព្រោះបើមិនដូច្នេះទេ មនុស្សទាំងអស់នឹងមិនឃើញព្រះអម្ចាស់ឡើយ។ ខ្នាតគំរូដ៏ខ្ពស់នោះមានដូចជា៖ ភាពបរិសុទ្ធខាងផ្លូវភេទ ភាពស្មោះត្រង់ក្នុងការប្រើប្រាស់លុយកាក់ ភាពម៉ឺងម៉ាត់ក្នុងការនិយាយសេចក្ដីពិត ការគ្រប់គ្រងខ្លួនឯង និងការខំធ្វើការ។ ការដែលយើងប្រព្រឹត្តតាមខ្នាតគំរូដ៏ខ្ពស់ទាំងនេះជាប្រចាំថ្ងៃបង្ហាញថា យើងនៅខាងសេចក្ដីយុត្តិធម៌ និងព្រះគុណដែលការទាំងពីរនេះនឹងឈ្នះលើសេចក្ដីអាក្រក់នៅថ្ងៃណាមួយ។
១០. ចូរស្រឡាញ់
ជាចុងបញ្ចប់ ប្រសិនបើខ្ញុំមានពេលដើម្បីប្រាប់អ្នកទាំងអស់គ្នាត្រង់នេះ នោះខ្ញុំនឹងនិយាយពីក្ដីស្រឡាញ់។ ការដែលឪពុកម្ដាយស្រឡាញ់កូនៗ ហើយកូនៗរៀនស្រឡាញ់គឺជាផ្លូវឆ្ពោះទៅរកអំណរ។ តាមរយៈសេចក្ដីស្រឡាញ់នោះ កូនៗនឹងដឹងថា បើគ្មានក្ដីស្រឡាញ់ទេ នោះនៅចុងបញ្ចប់អ្វីៗគ្រប់យ៉ាងក៏គ្មានន័យដែរ។ កូនៗក៏នឹងដឹងដែរថា ចំពោះលោកីយ៍ក្ដីស្រឡាញ់គឺជាការបង្ហាញពីជំនឿនៃជ័យជម្នះរបស់ព្រះជាម្ចាស់ ហើយការដែលពួកគេដឹងថា ការស្រឡាញ់ដោយគ្មានលក្ខខណ្ឌនោះវាគឺជាផ្លូវឆ្ពោះទៅរកអំណរ។
ការដែលក្រុមជំនុំ និងឪពុកម្ដាយចិញ្ចឹមបីបាច់ថែរក្សា ហើយបង្រៀនកូនៗ មិនថាក្មេងឬចាស់ ឲ្យពួកគេមានសង្ឃឹមលើជ័យជម្នះរបស់ព្រះជាម្ចាស់ គឺពិតជារឿងសំខាន់ណាស់។
So good this sermon. I love it. So thank you.