សុភាសិត ១:៧-៩ Proverb 1:7-9 John Piper

Proverbs 1_7-9 Piper

The following is an abridged translation of a sermon by John Piper.  If you wish to read the original English, please go to the link below.

http://www.desiringgod.org/sermons/do-not-forsake-your-mothers-teaching

 

ស៊េរី៖ ការចិញ្ចឹមបីបាច់ថែរក្សា និងការបង្រៀនកូនៗឲ្យសង្ឃឹមលើជ័យជម្នះរបស់ព្រះជាម្ចាស់

 

សុភាសិត ១:

 

កណ្ឌគម្ពីរ សុភាសិត ចាប់ផ្ដើម​ដំបូង​គឺ «នេះ​ជា​សុភាសិត​របស់​សាឡូម៉ូន ជា​ព្រះ​រាជ​បុត្រា​នៃ​ដាវីឌ​អ៊ីស្រាអែល​ ស្ដេច​សាសន៍​អ៊ីស្រាអែល​»។ ស្ដេច​សាឡូម៉ូន​ជា​ស្ដេច​ដ៏​អស្ចារ្យ​មួយ​អង្គ ហើយ​ក៏​ជា​បុត្រា​របស់​ស្ដេច​ដ៏​អស្ចារ្យ​មួយ​អង្គ​ដែរ។ នោះ​មាន​ន័យ​ថា ទ្រង់​មាន​ព្រះ​កិត្តិនាម​ល្បីល្បាញ មាន​អំណាច​ខ្លាំងក្លា ហើយ​ខ្ពង់ខ្ពស់​ឧត្តុង្គឧត្តម​ក្នុង​អាណាចក្រ​របស់​ទ្រង់​ទៀត​ផង។ មនុស្ស​គ្រប់​រូប​ក្រាប​ចុះ​ថ្វាយបង្គំ​នៅ​ចំពោះ​ព្រះ​វត្តមាន​ទ្រង់។ ពួក​គេ​គោរព​តាម​គ្រប់​ព្រះរាជ​បញ្ជា​របស់​ ទ្រង់។ ទ្រង់​មាន​ពេញ​ដោយ​អំណាច និង​កិត្តិយស។

 

សូម្បីតែស្ដេចដ៏អស្ចារ្យក៏គួរឱនគោរពព្រះមាតាដែរ

 

តើ​ស្ដេច សាឡូម៉ូន បាន​ប្រព្រឹត្ត​យ៉ាង​ដូចម្ដេច​ចំពោះ​ព្រះមាតា​ទ្រង់ ទោះ​បើ​ទ្រង់​ជា​ស្ដេច​ដ៏​អស្ចារ្យ​ក៏​ដោយ? ព្រះមាតា​ទ្រង់​មាន​ព្រះ​នាម​ថា បាតសេបា។ មាតា​ទ្រង់​បាន​រៀប​អភិសេក​ជាមួយ​បិតា​ទ្រង់​គឺ​ព្រះ​បាទ ដាវីឌ ក្នុង​កាលៈទេសៈ​ដែល​ព្រះ​ជាម្ចាស់​មិន​សព្វ​ព្រះ​ហឫទ័យ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ក៏​បាតសេបា​នៅ​តែ​ជា​ព្រះ​មាតា​ទ្រង់​ដដែល។ កណ្ឌគម្ពីរ      ១របាក្សត្រ ២:១៩ បាន​ចែង​ថា៖

 

«ដូច្នេះ បាត​សេបា​ក៏​ចូល​ទៅ​គាល់​ស្ដេច​សាឡូម៉ូន​ដើម្បី​ទូល​ទ្រង់​ឲ្យ​អ័ដូនីយ៉ា ឯ​ស្ដេច​ទ្រង់​តើន​ឡើង​ទទួល​ក៏​ឱន​ព្រះ​អង្គ​គោរព រួច​គង់​លើ​បល្ល័ង្ក​ទ្រង់​វិញ ហើយ​បង្គាប់​ឲ្យ​គេ​យក​បល្ល័ង្ក​១​មក​ដាក់​ថ្វាយ​មាតា​ទ្រង់ ព្រះ​នាង​ក៏​គង់​ខាង​ស្ដាំ​ទ្រង់»។

 

បន្ទាប់មក​ទ្រង់​និង​មាតា​ទ្រង់​ក៏​ចាប់ផ្ដើម​ជជែក​គ្នា។ ស្ដេច សាឡូម៉ូន បាន​ក្រោក​ឡើង​ទទួល​មាតា​ទ្រង់ ថែម​ទាំង​ឱន​ព្រះ​កាយ​គោរព​ព្រះ​មាតា ហើយ​ចេញ​ព្រះ​​រាជបញ្ជា​ឲ្យ​សេនា​យក​បល្ល័ង្ក​មួយ​មក​ដាក់​ថ្វាយ​មាតា​ទ្រង់​សម្រាប់​ការ​ជជែក​គ្នា​ទៀត​ផង។ បាតសេបា​ជា​មាតា​ទ្រង់។ ទោះបើ បុគ្គល​នោះ​មាន​ឋានៈ​ជា​ស្ដេច​ក៏​គួរ​ឱន​ព្រះ​កាយ​គោរព​ព្រះ​មាតា​ដែរ ពេល​ណា​ដែល​ព្រះ​មាតា​ចូល​គាល់។

 

ស្ដេច សាឡូម៉ូន មិន​មែន​ជា​ស្ដេច​ដ៏​គ្រប់លក្ខណ៍​នោះ​ទេ។ ហើយ​ទ្រង់​ក៏​មិន​មែន​ជា​បុរស​ដ៏​គ្រប់លក្ខណ៍​នោះ​ដែរ។ មនុស្ស​ដែល​ព្រះជាម្ចាស់​បាន​ប្រើ​ឲ្យ​និពន្ធ​ព្រះគម្ពីរ​ក៏​មិន​មែន​ជា​មនុស្ស​គ្រប់​លក្ខណ៍​ដែរ។ ប៉ុន្តែ​ព្រះជាម្ចាស់​បាន​ប្រទាន​ឲ្យ​ស្ដេច​សាឡូម៉ូន​មាន​ប្រាជ្ញា ហើយ​ទ្រង់​បាន​រក្សា​ពាក្យ​ដ៏​ពិត​មួយ​ចំនួន​របស់​ស្ដេច​សាឡូម៉ូន​ទុក​សម្រាប់​យើង​ដែល​មាន​ក្នុង​កណ្ឌគម្ពីរ សុភាសិត។ ពេល​នេះ ខ្ញុំ​ចង់​យើង​ទាំងអស់​គ្នា​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​តាម​រយៈ​ស្ដេច សាឡូម៉ូន។

 

ប្រាំមួយមេរៀន៖ ព្រះជាម្ចាស់សំខាន់ជាងគេ

 

 

នៅក្នុង​កណ្ឌ​គម្ពីរ សុភាសិត ១:៧-៩ ស្ដេច សាឡូម៉ូន បាន​រៀបរាប់​ប្រាប់​យើង​ពី​សេចក្តី​បង្រៀន​ប្រាំមួយ​យ៉ាង​ដែល​ទាក់ទង​នឹង​ព្រះ​ជាម្ចាស់​ទាំង​ស្រុង។ មេរៀន​ទាំង​នោះ​មិន​ខុស​ប្លែក​ពី​ប្រាជ្ញា​របស់​លោកីយ៍​ទាំង​ស្រុង​ទេ។ ប៉ុន្តែ ដោយសារ​ការ​ផ្ដល់​មតិយោបល់​របស់​លោកីយ៍​មិន​បាន​បញ្ចូល​ព្រះ​វត្តមាន​នៃ​ការ​ប្រឹក្សា​របស់​ព្រះជាម្ចាស់​ ការ​នោះ​ច្បាស់​ជា​នឹង​នាំ​ឲ្យ​យើង​មាន​គ្រោះថ្នាក់​ធំ​ជា​មិន​ខាន។ ស្ដេច សាឡូម៉ូន សព្វ​ព្រះទ័យ​ឲ្យ​យើង​ស្ដាប់​ព្រះតម្រិះ​របស់​ទ្រង់ ព្រោះ​ព្រះតម្រិះ​ទាំង​នោះ​ជាប់​ទាក់ទង​នឹង​ព្រះជាម្ចាស់។

 

ជារឿយៗ យើង​តែង​តែ​គិត​ថា កណ្ឌគម្ពីរ សុភាសិត គឺ​គ្រាន់​តែ​ជា​សៀវភៅ​មួយ​ក្បាល​ដែល​បង្រៀន​យើង​ពី​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​នៅ​លើ​ផែនដី​នេះ​ប៉ុណ្ណោះ។ ជា​ការ​ពិត​ណាស់! កណ្ឌគម្ពីរ សុភាសិត ពិត​ជា​បង្រៀន​យ៉ាង​ដូច្នោះ​មែន ប៉ុន្តែ​ចំណុច​ស្នូល​នៃ​មេរៀន​ក្នុង​កណ្ឌគម្ពីរ​នេះ​គឺ ការ​យក​ព្រះជាម្ចាស់​ជា​ចម្បង ពី​ព្រោះ​មេរៀន​នេះ​ទាក់ទង​នឹង​ទ្រង់។

 

ឧទាហរណ៍៖ សុភាសិត ៣០:៨-៩ បាន​ចែង​ថា៖

 

«…សូម​កំចាត់​សេចក្ដី​ភូត​ភរ និង​ពាក្យ​កុហក​ឲ្យ​ឆ្ងាយ​ពី​ទូល​បង្គំ​ទៅ ហើយ​សូម​កុំ​ឲ្យ​ទូល​បង្គំ​មាន​សេចក្ដី​ទាល់​ក្រ ឬ​ជា​អ្នក​មាន​ដែរ សូម​គ្រាន់​តែ​ចិញ្ចឹម​ទូល​បង្គំ​ដោយ​អាហារ​ដែល​ត្រូវ​ការ​ប៉ុណ្ណោះ ក្រែង​ទូល​បង្គំ​បាន​ឆ្អែត ហើយ​បោះ​បង់​ចោល​ទ្រង់​ដោយ​ពាក្យ​ថា ព្រះ​យេហូវ៉ា​ជា​អ្នក​ណា​ហ្ន៏ ឬ​ក្រែង​ទូល​បង្គំ​មាន​សេចក្ដី​ទាល់​ក្រ ហើយ​ទៅ​ជា​លួច​គេ ព្រម​ទាំង​ប្រើ​ព្រះ​នាម​នៃ​ព្រះ​ជា​ទី​មើល​ងាយ​ផង»។

 

តើ​លោក​អ្នក​ឃើញ​ពី​អ្វី​ដែល​ខគម្ពីរ​ទាំង​ពីរ​នេះ​រៀប​រាប់​ពី​ព្រះជាម្ចាស់​ឬ​ទេ? បុរស​ដែល​ពេញ​ដោយ​ប្រាជ្ញា​បាន​អធិស្ឋាន​ដូច្នេះ​ថា «សូម​កុំ​ឲ្យ​ទូល​បង្គំ​មាន​សេចក្ដី​ទាល់​ក្រ ឬ​ជា​អ្នក​មាន​ដែរ»។ ហេតុអ្វី? ពីព្រោះ​បើ​ទូលបង្គំ​មាន​ពេក នោះ​ទូលបង្គំ​នឹង​ពោល​ថា «ព្រះ​យេហូវ៉ា​ជា​អ្នក​ណា​ហ្ន៏!» ហើយ​ប្រសិន​បើ​ទូលបង្គំ​ទាល់​ក្រ​ពេក នោះ​ទូលបង្គំ​ប្រហែល​ជា​នឹង​ធ្វើ​ជា​ចោរ​លួច​គេ​ហើយ​ក៏​មិន​ដឹង។ ហេតុ​អ្វី​បាន​ជា​ការ​នេះ​អាក្រក់​ម្ល៉េះ? តើ​ដោយសារ​តែ​លោក​អ្នក​អាច​នឹង​ត្រូវ​ប៉ូលីស​ចាប់​ដាក់​គុក​ឬ? ឬ​ក៏​លោក​អ្នក​ខ្លាច​បាត់​បង់​កេរ្តិ៍ឈ្មោះ? ទេ! មិនមែន​មក​ពី​មូលហេតុ​ទាំង​នេះ​ទេ។ អ្នក​ប្រាជ្ញ​បាន​លើក​ឡើង​ថា ពីព្រោះ​បើ​ខ្ញុំ​ក្លាយ​ជា​ចោរ នោះ​ខ្ញុំ​នឹង «ប្រើ​ព្រះ​នាម​នៃ​ព្រះ ជា​ទី​មើល​ងាយ»។

 

ការ​មាន​បាន​វា​​គ្រោះថ្នាក់​ណាស់ ពីព្រោះ​នៅ​ចុង​បំផុត​អ្វី​ដែល​សំខាន់​ជាងគេ​គឺ ព្រះជាម្ចាស់។ ហើយ​ការ​ទាល់​ក្រ​ក៏​ជា​ការ​គ្រោះថ្នាក់​ដែរ ពីព្រោះ​នៅ​ចុង​បំផុត​អ្វី​ដែល​សំខាន់​ជាងគេ​គឺ ព្រះជាម្ចាស់។ ព្រះជាម្ចាស់​បាន​និពន្ធ​កណ្ឌ​គម្ពីរ សុភាសិត (កណ្ឌ​នេះ​មាន​ជាប់​ទាក់ទង​នឹង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​ជាងគេ) ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ទ្រង់ និង​ដើម្បី​ការពារ​យើង​មិន​ឲ្យ​បោះ​បង់​ព្រះជាម្ចាស់​ចោល​ពេល​យើង​ក្លាយ​ជា​អ្នក​មាន ឬក៏​ប្រើ​ព្រះ​នាម​នៃ​ព្រះ​ជា​ទី​មើល​ងាយ​ពេល​ដែល​យើង​ទាល់​ក្រ​នោះ​ដែរ។

 

មេរៀន​ទាំង​ប្រាំ​មួយ​ក្នុង​កណ្ឌ​គម្ពីរ សុភាសិត ១:៧-៩ ទាក់​ទង​នឹង​ព្រះជាម្ចាស់ ហើយ​មេរៀន​ទាំង​នោះ​ក៏​ជាប់​ទាក់ទង​នឹង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​ដែរ។

 

. ដើមកំណើតគ្រួសារ

 

ព្រះជាម្ចាស់​គឺ​ជា​អង្គ​ដែល​បាន​ផ្ដួចផ្ដើម​ព្រះ​តម្រិះ​ក្នុង​ការ​បង្កើត​ក្រុម​គ្រួសារ។

 

ឪពុកម្ដាយ និង​កូនៗ​មាន​ទំនាក់​ទំនង​ដ៏​ពិសេស​ក្នុង​ការ​មើល​ខុសត្រូវ​គ្នា​ទៅវិញ​ទៅមក។ កណ្ឌគម្ពីរ សុភាសិត ១:៨ បាន​ចែង​ថា «នែ កូន​អើយ ចូរ​ស្ដាប់​ពាក្យ​ប្រៀន​ប្រដៅ​របស់​ឪពុក​ចុះ កុំ​ឲ្យ​កូន​បោះ​បង់​ចោល​សេចក្ដី​ដំបូន្មាន​របស់​ម្ដាយ​ឯង​ឡើយ»។ ទាំង​ស្ដេច សាឡូម៉ូន ទាំង​យើង​ភាគ​ច្រើន​ធ្លាប់​បាន​ឯកភាព​នឹង​ខគម្ពីរ​នេះ ប៉ុន្តែ​ឥឡូវ​នេះ យើង​មិន​អាច​សន្មត​ថា គ្រប់​គ្នា​ឯកភាព​នឹង​ខគម្ពីរ​នេះ​ទៀត​ទេ។ ការបង្កើត​ឲ្យ​មាន​គ្រួសារ​គឺ​ជា​ព្រះតម្រិះ​របស់​ព្រះជាម្ចាស់ ជា​ផែនការ និង​ជា​របៀប​របស់​ទ្រង់។ ព្រះជាម្ចាស់​បាន​តាក់តែង​ឲ្យ​មាន​គ្រួសារ​តាំងពី​ទ្រង់​បង្កើត​ផ្ទៃ​មេឃ​និង​ផែនដី​មក​ម្ល៉េះ។

 

កណ្ឌគម្ពីរ លោកុប្បត្ដិ ១:២៧-២៨ ដែល​នោះ​ជា​ជំពូក​ដំបូង​នៃ​កណ្ឌ​ទី​មួយ​ក្នុង​ព្រះគម្ពីរ​ទាំង​មូល​បាន​ចែង​ថា៖

 

«ទ្រង់​ក៏​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​ចំ​នឹង​រូប​អង្គ​ទ្រង់​នោះ​ឯង ក៏​បង្កើត​គេ​ឡើង​ជា​ប្រុស​ជា​ស្រី ទ្រង់​ប្រទាន​ពរ​ដល់​គេ ហើយ​មាន​បន្ទូល​ថា ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ​ពាស​លើ​ផែន​ដី​ចុះ…»។

 

តើ​ឲ្យ​ពួក​គេ​បង្កើត​កូន «ឲ្យ​មាន​ពេញ​ពាស​លើ​ផែន​ដី» បាន​យ៉ាង​ដូចម្ដេច? តើ​ដោយ​ការ​រួមដំណេក​មិន​រើស​មុខ​ឬ? កណ្ឌគម្ពីរ លោកុប្បត្ដិ ២:២៤ បាន​ផ្ដល់​ចម្លើយ​ថា «ដោយ​ហេតុ​នោះ បាន​ជា​មនុស្ស​ប្រុស​នឹង​លា​ចេញ​ពី​ឪពុក​ម្ដាយ​ខ្លួន ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ​វិញ ហើយ​អ្នក​ទាំង​២​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​១​សុទ្ធ»។

 

ការ​ចង​ស្ពាន​មេត្រី​ដ៏​អស្ចារ្យ​រវាង​មនុស្ស​ប្រុស​និង​មនុស្ស​ស្រី គឺ​ជា​ចំណុច​ស្នូល​នៃ​គ្រួសារ​តាម​ព្រះតម្រិះ​ចេញពី​ព្រះជា    ម្ចាស់។ ប្រសិន​បើ​ស្ពាន​មេត្រី​នេះ​មាន​ការ​បាក់បែក​ដោយ​ប្រការ​ណា​មួយ​ដូចជា ការ​ទទួល​មរណភាព ឬ​ក៏​ការ​លែងលះ​គ្នា ពេល​នោះ​នឹង​មាន​ម្នាក់​ត្រូវ​ចិញ្ចឹម​កូនៗ​តែ​ឯង​ហើយ។ ព្រះជាម្ចាស់​ស្មោះត្រង់​ចំពោះ​ឪពុកម្ដាយ​ជា​ច្រើន​លាន​នាក់​ដែល​ពួកគាត់​បាន​ចិញ្ចឹម​កូនៗ​តែ​ម្នាក់​ឯង។ ប៉ុន្តែ​បំណង​ព្រះហឫទ័យ​ដំបូង​របស់​ព្រះជាម្ចាស់​ចំពោះ​គ្រួសារ គឺ​ឲ្យ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​បាន​នៅ​ជាប់​ជាមួយ​គ្នា ហើយ​ត្រឡប់​ជា​សាច់​តែ​មួយ​សុទ្ធ​ដោយ​ធ្វើ​ជា​ប្តី​និង​ប្រពន្ធ ហើយ​បង្កើត​កូន​ចៅ។ តាម​រយៈ​ការ​នេះ​ព្រះជាម្ចាស់​ចង់​ឃើញ ប្ដី​និង​ប្រពន្ធ​បង្កើត​កូន​ក្នុង​រូប​អង្គ​ទ្រង់​ឲ្យ​បាន​ពេញ​ពាស​លើ​ផែនដី ហើយ​ឲ្យ​ពួក​គេ​ឆ្លុះ​បញ្ចាំង​ពី​សិរីល្អ​របស់​ទ្រង់។ ព្រះជាម្ចាស់​ក៏​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​គូ​ស្វាមីភរិយា​បង្ហាញ​ដល់​លោកីយ៍​ពី​ស្ពាន​មេត្រី​រវាង​គ្នា​នឹង​គ្នា​ដែល​ថា ទ្រង់​មាន​ទំនាក់​ទំនង​ជាមួយ​រាស្ត្រ​ទ្រង់​ដោយ​ក្ដី​ស្រឡាញ់ និង​ភាព​ស្មោះ​ត្រង់​តាម​រយៈ​ការ​តាំង​សញ្ញា​របស់​ទ្រង់។

 

ការ​បង្កើត​ឲ្យ​មាន​គ្រួសារ គឺ​ជា​ព្រះតម្រិះ​របស់​ព្រះជាម្ចាស់ ហើយ​ក៏​ដើម្បី​សិរីល្អ​របស់​ទ្រង់​ដែរ។ ស្ដេច សាឡូម៉ូន បាន​សន្និដ្ឋាន​ពី​ការ​នេះ​ក្នុង​កណ្ឌគម្ពីរ សុភាសិត ១:៧-៩។

 

. គ្រួសារគឺជាសាលារៀន

 

គ្រួសារ​គឺ​ជា​សាលារៀន​មូលដ្ឋាន​ដែល​ព្រះជាម្ចាស់​បង្កើត​មក​សម្រាប់​បង្រៀន​កូនៗ​ឲ្យ​ចេះ​រស់នៅ​បាន​ត្រឹមត្រូវ​ក្នុង​លោកីយ៍​នេះ។

 

សូម​អាន​កណ្ឌគម្ពីរ សុភាសិត ១:៨ ម្ដង​ទៀត​ដែល​ចែង​ថា «នែ កូន​អើយ ចូរ​ស្ដាប់​ពាក្យ​ប្រៀន​ប្រដៅ​របស់​ឪពុក​ចុះ កុំ​ឲ្យ​កូន​បោះ​បង់​ចោល​សេចក្ដី​ដំបូន្មាន​របស់​ម្ដាយ​ឯង​ឡើយ»។ ឪពុក​គឺ​ជា​អ្នក​ប្រៀន​ប្រដៅ ហើយ​ម្ដាយ​គឺ​ជា​អ្នក​ទូន្មាន។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​រាប់​ថា គ្រួសារ​គឺ​ជា​សាលា​រៀន។

 

ព្រះជាម្ចាស់​មិន​គ្រាន់​តែ​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​គ្រួសារ​បង្កើត​កូន​ចៅ​ពេញ​ពាស​ផែនដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទ្រង់​ក៏​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​ពួក​គេ​ចេញ​ទៅ​ដោយ​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ជា​មុន​ដែរ។ គ្រួសារ​គឺ​ជា​កន្លែង​ដែល​បង្កើត​ក្មេងៗ​ជំនាន់​ក្រោយ ហើយ​ក៏​ជា​កន្លែង​ដែល​កូនៗ​រៀន​ឲ្យ​ចេះ​ពី​របៀប​នៃ​ការ​រស់​នៅ​ផង​ដែរ។

 

ពេល​យើង​កើត​មក យើង​មិន​ទាន់​ចេះ​ពី​របៀប​នៃ​ការ​រស់​នៅ នៅ​ឡើយ​ទេ។ ដូច្នេះ យើង​ត្រូវ​រៀន​គ្រប់​របៀប​នៃ​ការ​រស់​នៅ ទោះ​ទាំង​ការ​ដេក ដើរ ឈរ អង្គុយ ការ​និយាយ​ស្ដី និង​របៀប​ហូប​ចុក ក៏​ដូច​ជា​ការ​មាន​សុជីវធម៌ ការ​ចេះ​អរគុណ ចេះ​គោរព និង​ជំនឿ​លើ​ព្រះគ្រីស្ទ​ជា​ដើម។

 

គ្រួសារ​គឺ​ជា​សាលារៀន​ដែល​ព្រះជាម្ចាស់​បង្កើត​មក​សម្រាប់​បង្រៀន​ក្មេងៗ​ជំនាន់​ក្រោយ​ឲ្យ​ចេះ​រស់​នៅ​ក្នុង​លោកីយ៍​នេះ និង​ឲ្យ​ចេះ​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ជីវិត​អស់កល្បជានិច្ច​នៅ​ស្ថានសួគ៌។
ហើយ​ទោះ​បើ​ឪពុកម្ដាយ​រក​អ្នក​ផ្សេងៗ​ដូច​ជា​សាច់ញាតិ មេ​ដោះ កន្លែង​មើល​ក្មេង សាលា​ថ្ងៃ​អាទិត្យ សាលា​បឋមសិក្សា និង​សាលា​អនុវិទ្យាល័យ​ឲ្យ​មក​ជួយ​មើល​ថែ​កូនៗ​របស់​ពួក​គេ​យ៉ាងណា​ក៏​ដោយ ក៏​ទំនួល​ខុសត្រូវ​ក៏​នៅ​តែ​ធ្លាក់​លើ​ឪពុក​ម្ដាយ​ដដែល។ ទីបញ្ចប់ យើង​ដែល​ជា​ឪពុកម្ដាយ​នឹង​ត្រូវ​រៀប​រាប់​ពី​របៀប​ដែល​យើង​បាន​បណ្ដោយ​ឲ្យ​អ្នក​ដទៃ​បត់​បែន​ចិត្ត​គំនិត​កូនៗ​របស់​យើង​ចំពោះ​ព្រះ​ជាម្ចាស់។

 

ចំណុច​ទី​ពីរ៖ គ្រួសារ​គឺ​ជា​សាលារៀន​ដែល​ព្រះជាម្ចាស់​បង្កើត ដើម្បី​បង្រៀន​កូនៗ​ឲ្យ​ចេះ​រស់​នៅ​ក្នុង​លោកីយ៍​នេះ។

 

. សេចក្ដីកោតខ្លាចដល់ព្រះជាម្ចាស់ជាប្រធានបទស្នូល

 

សេចក្ដី​កោត​ខ្លាច​ដល់​ព្រះជាម្ចាស់​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​របស់​ក្រុម​គ្រួសារ។

 

កណ្ឌគម្ពីរ សុភាសិត ១:៧ បាន​ចែង​ថា «សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា នោះ​ជា​ដើម​ចម​នៃ​ដំរិះ»។ និយាយ​ម្យ៉ាង​វិញ​ទៀត ប្រសិន​បើ​យើង​សួរ​ថា តើ​អ្វី​ទៅ​ជា​មូល​ដ្ឋាន​គ្រឹះ ជា​ដើម​ចម ឬ​ជា​ប្រធាន​បទ​ស្នូល​នៃ​សេចក្ដី​បង្រៀន​របស់​ឪពុកម្ដាយ? តើ​ឪពុកម្ដាយ​យក​អ្វី​មក​ធ្វើ​ជា​គំរូ មក​ពន្យល់ មក​កែ​តម្រូវ ឬ​មក​ដាក់​វិន័យ ដើម្បី​ឲ្យ​អ្វីៗ​ដែល​កូនៗ​ធ្វើ​នោះ​មាន​ខ្លឹមសារ?  ចម្លើយ​គឺ៖ សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​ជាម្ចាស់។

 

គ្រួសារ​មិន​គ្រាន់​តែ​ជា​កន្លែង​សម្រាប់​បង្រៀន​ឲ្យ​កូនៗ​ចេះ​កាន់​ស្លាបព្រា ចេះ​ដើរ ចេះ​ចង​ខ្សែ​ស្បែក​ជើង ឬ​ក៏​ចេះ​និយាយ​ថា «អរគុណ» ប៉ុណ្ណោះ​ទេ។ ប្រាកដ​ណាស់​ដែល​ថា គ្រួសារ​ជា​កន្លែង​ដែល​ការ​ទាំង​អស់​នោះ​ត្រូវ​ចាប់​ផ្ដើម ជាមួយ​ព្រះជាម្ចាស់ តាម​ព្រះបន្ទូល​របស់​ទ្រង់ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​សិរីល្អ​របស់​ព្រះជាម្ចាស់​ដែរ។ ព្រះជាម្ចាស់​បង្កើត​គ្រួសារ​មក ដើម្បី​ឲ្យ​យើង​ចេះ​គោរព​កោតខ្លាច​ទ្រង់។ ការ​កោត​ខ្លាច​ដល់​ព្រះជាម្ចាស់​មាន​ន័យ​ថា ការ​គោរព​ទ្រង់ ការ​ឈរ​ដោយ​ស្ញប់ស្ញែង​ចំពោះ​ទ្រង់ និង​ការ​ទុក​ចិត្ត​លើ​ទ្រង់។

 

ការ​បង្កើត​ឲ្យ​មាន​គ្រួសារ​គឺ​ជា​ព្រះ​តម្រិះ​របស់​ព្រះ​ជាម្ចាស់។ គ្រួសារ​គឺ​ជា​សាលា​រៀន ហើយ​ព្រះ​ជាម្ចាស់​ជា​ប្រធាន​បទ​ស្នូល​ក្នុង​សាលា​រៀន​នោះ។

 

. ទំនួលខុសត្រូវរបស់លោកឪពុកអ្នកម្ដាយ

 

នៅ​ពី​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះជាម្ចាស់​មាន​ឪពុកម្ដាយ​ដែល​ចាំ​មើលការខុសត្រូវ​ក្នុង​ការ​បង្ហាត់​បង្រៀន​កូនៗ​របស់​    ខ្លួន។

 

កណ្ឌគម្ពីរ សុភាសិត ១:៨ ចែង​ថា «នែ កូន​អើយ ចូរ​ស្ដាប់​ពាក្យ​ប្រៀន​ប្រដៅ​របស់​ឪពុក​ចុះ កុំ​ឲ្យ​កូន​បោះ​បង់​ចោល​សេចក្ដី​ដំបូន្មាន​របស់​ម្ដាយ​ឯង​ឡើយ»។

 

ខគម្ពីរ​នេះ​មិន​បាន​លើក​ឡើង​ថា «ឪពុក​គឺ​ជា​អ្នក​ប្រៀន​ប្រដៅ ហើយម្ដាយជាអ្នកផ្លាស់ខោទឹកនោម» ទេ។ ហើយ​ក៏​មិន​បាន​លើក​ឡើង​ដែរ​ថា «ដោយសារឪពុកជាអ្នករកស៊ី ដូច្នោះ​គាត់​មិន​ចាំ​បាច់​មាន​តួនាទី​ក្នុង​ការ​បង្ហាត់​បង្រៀន​កូនៗ​នោះ​ទេ»។ ហើយ​ក៏​មិន​ដែល​លើក​ឡើង​ដែរ​ថា «ដោយសារម្ដាយចេញទៅរកស៊ី ដូច្នោះ​គាត់​អាច​ឲ្យ​មេ​ដោះ​មក​មើល​ការខុសត្រូវ​ជំនួស​គាត់» បាន​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ ខគម្ពីរ​នេះ​បាន​លើក​ឡើង​ថា ឪពុក​គឺ​ជា​អ្នក​ប្រៀន​ប្រដៅ ហើយ​ម្ដាយ​គឺ​ជា​អ្នក​ទូន្មាន។ សរុប​មក លោក​ទាំង​ពីរ​គឺជា​អ្នក​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការ​បង្ហាត់​បង្រៀន​កូនៗ។

 

 

ខាង​ក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​ដ៏​ល្អ​មួយ​ដែល​ដកស្រង់​ចេញ​ពី​ព្រះគម្ពីរ​សញ្ញា​ថ្មី៖ ឥទ្ធិពល​ម្ដាយ និង​យាយ​របស់​លោក  ធីម៉ូថេ។

 

សាវ័ក ប៉ុល បាន​សរសេរ​នៅ​ក្នុង​កណ្ឌគម្ពីរ ២ធីម៉ូថេ ១:៥ ថា៖

 

«ដ្បិត​ខ្ញុំ​នឹក​ចាំ​ពី​សេចក្ដី​ជំនឿ​ស្មោះ​ត្រង់ ដែល​នៅ​ក្នុង​អ្នក សេចក្ដី​ជំនឿ​នោះ​បាន​នៅ​ក្នុង​យាយ​ឡូអ៊ីស ជា​ជីដូន​របស់​អ្នក​ជា​មុន​ដំបូង រួច​ក៏​នៅ​ក្នុង​អ្នក​អ៊ើនីស ជា​ម្ដាយ​អ្នក​ដែរ ហើយ​ខ្ញុំ​ជឿ​ជាក់​ថា ក៏​នៅ​ក្នុង​អ្នក​ផង»។

 

សាវ័ក ប៉ុល បាន​សរសេរ​ថែម​ទៀត​នៅ​ក្នុង​កណ្ឌគម្ពីរ ២ធីម៉ូថេ ៣:១៤-១៥ ថា៖

 

«តែ​ឯ​អ្នក ចូរ​ឲ្យ​អ្នក​នៅ​ជាប់​ក្នុង​សេចក្ដី​ដែល​អ្នក​បាន​រៀន ហើយ​ជឿ​ប្រាកដ​វិញ ដោយ​ដឹង​ថា អ្នក​បាន​រៀន​សេចក្ដី​នោះ​ពី​អ្នក​ណា ហើយ​ថា តាំង​ពី​ក្មេង​តូច​មក អ្នក​បាន​ស្គាល់​បទ​គម្ពីរ​ទាំង​ប៉ុន្មាន ដែល​អាច​នឹង​នាំ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដល់​ទី​        សង្គ្រោះ ដែល​បាន​ដោយ​សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ​យេស៊ូវ​ផង»។

 

នេះ​គឺជា​ទីបន្ទាល់​ដ៏​អស្ចារ្យ​ដែល​គួរ​ឲ្យ​កត់សម្គាល់! ឪពុក​របស់​ធីម៉ូថេ​ជា​សាសន៍​ក្រិក (កិច្ចការ ១៦:៣)។  ឪពុក​គាត់​ប្រហែល​មិន​ស្គាល់​ព្រះ​បន្ទូល​ទេ។ ហេតុ​ដូច្នោះ​ហើយ​បាន​ជា​សាវ័ក ប៉ុល សរសើរ​ពី​កេរ្តិ៍​ដំណែល​របស់​ធីម៉ូថេ​តាម​ខ្សែ​  ស្រឡាយ​ខាង​ម្ដាយ និង​យាយ​របស់​គាត់​វិញ។ ម្ដាយ និង​យាយ​របស់​គាត់​បាន​ធ្វើ​អ្វី​ដែល​ឪពុក​របស់​គាត់​មិន​ចេះ​ធ្វើ ឬ​មិន​ព្រម​ធ្វើ។ ពួក​គាត់​បាន​បណ្ដុះ​បណ្ដាល​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ដល់​ធីម៉ូថេ ហើយ​តាម​រយៈ​ការ​នោះ​ព្រះ​បន្ទូល​បាន​នាំ​ឲ្យ​គាត់​ជឿ​លើ​ព្រះគ្រីស្ទ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​គាត់​ទទួល​បាន​សេចក្ដី​សង្គ្រោះ​របស់​ព្រះគ្រីស្ទ​ដែរ។

 

លោក ធីម៉ូថេ នឹង​មាន​ជីវិត​អស់​កល្ប​ជានិច្ច ព្រោះ​ម្ដាយ​និង​យាយ​របស់​គាត់​​ស្មោះ​ត្រង់​ក្នុង​ការ​ត្រាប់​តាម​កណ្ឌគម្ពីរ សុភាសិត ១:៨។

 

. កូនៗដែលចេះចុះចូល

 

ព្រះ​ជាម្ចាស់​បាន​បង្គាប់​ឲ្យ​កូនៗ​ឲ្យ​ចេះ​ចុះ​ចូល​ចំពោះ​ឪពុកម្ដាយ​របស់​ខ្លួន។

 

កណ្ឌគម្ពីរ សុភាសិត ១:៨ បាន​ចែង​ថា «នែ កូន​អើយ ចូរ​ស្ដាប់​ពាក្យ​ប្រៀន​ប្រដៅ​របស់​ឪពុក​ចុះ កុំ​ឲ្យ​កូន​បោះ​បង់​ចោល​សេចក្ដី​ដំបូន្មាន​របស់​ម្ដាយ​ឯង​ឡើយ»។

 

បញ្ញត្តិ​ទាំង​ពីរ​នេះ​ក្រើន​រំឭក​កុំ​ឲ្យ​កូនៗ​ធ្លាក់​ទៅ​ក្នុង​ការ​ល្បួង​នៃ​ការ​បះបោរ​ពីរ​យ៉ាង។ ការ​ល្បួង​ទី​មួយ​គឺ​នៅ​ពេល​កូន​នៅ​ក្នុង​ផ្ទះ ហើយ​ការ​ល្បួង​ទី​ពីរ​គឺ​នៅ​ពេល​កូន​រស់នៅ​បែក​ផ្ទះ។ ប្រសិន​បើ​កូន​នោះ​នៅ​ផ្ទះ ការ​ល្បួង​នៃ​ការ​បះបោរ​គឺ ការ​មិន​ស្ដាប់​ដំបូន្មាន​ឪពុកម្ដាយ។ ហេតុ​ដូច្នោះ​ហើយ​បាន​ជា​ស្ដេច សាឡូម៉ូន សរសេរ​ថា «ចូរ​ស្ដាប់​ពាក្យ​ប្រៀន​ប្រដៅ​របស់​ឪពុក»។ ប្រសិន​បើ​កូន​រស់នៅ​បែក​ផ្ទះ ការ​ល្បួង​នៃ​ការ​បះបោរ​គឺ ការ​បោះ​បង់​នូវ​អ្វី​ដែល​ឪពុកម្ដាយ​បាន​បង្រៀន​​ទាំង​អម្បាល​ម៉ាន​ចោល។ ហេតុ​ដូច្នោះ​ហើយ​បាន​ជា​ស្ដេច សាឡូម៉ូន សរសេរ​ថា «កុំ​ឲ្យ​កូន​បោះ​បង់​ចោល​សេចក្ដី​ដំបូន្មាន​របស់​ម្ដាយ​ឯង​ឡើយ»។

 

មនុស្ស​វ័យ​ក្មេង​អើយ! ចូរ​ស្ដាប់​ឪពុកម្ដាយ​នៅ​ពេល​ឯង​នៅ​ផ្ទះ។ កុំ​ឲ្យ​បដិសេធ ឬ​មិន​យក​ចិត្ត​ទុកដាក់​នូវ​អ្វីៗ​ដែល​ឪពុកម្ដាយ​បាន​បង្រៀន​ឡើយ។ ចូរ​ស្ដាប់​ឪពុកម្ដាយ​ដោយ​យល់​ដល់​ព្រះនាម​របស់​ព្រះ​ជាម្ចាស់​ចុះ។ ការ​ស្ដាប់បង្គាប់​ឪពុកម្ដាយ​មាន​សំខាន់​ណាស់​នៅ​ចំពោះ​ព្រះនេត្រ​ព្រះជាម្ចាស់ ហេតុ​ដូច្នោះ​ហើយ​បាន​ជា​ទ្រង់​បូករួម​បញ្ចូល​វា​ទៅ​ក្នុង​បញ្ញត្តិ​ទាំង​ដប់​ប្រការ​ដែល​បញ្ញត្តិ​នេះ​សង្ខេប​ក្រឹត្យវិន័យ​ទាំង​អស់។ កណ្ឌគម្ពីរ និក្ខមនំ ២០:១២ បាន​ចែង​ថា «ចូរ​ឲ្យ​គោរព​ប្រតិបត្តិ​ដល់​ឪពុក​ម្ដាយ»។ ចូរ​គោរព​ប្រតិបត្តិ​ដល់​ឪពុក​ដោយ​ស្ដាប់​គាត់​ពេល​ដែល​គាត់​និយាយ។ ចូរ​គោរព​ប្រតិបត្តិ​ដល់​ម្ដាយ​ឯង​ដោយ​ចងចាំ​នូវ​អ្វីៗ​ដែល​គាត់​បាន​បង្រៀន​ឯង​អំពី​ការ​ខុស​ត្រូវ ល្អ​អាក្រក់ ពី​ការ​កោតខ្លាច​ដល់​ព្រះ​ជាម្ចាស់ ក្នុង​កាល​ដែល​ឯង​នៅ​បែក​ផ្ទះ​នឹង​គាត់ ហើយ​ក្នុង​កាល​ដែល​មិន​មាន​អ្នកណា​ម្នាក់​ឃើញ​ទង្វើ​ឯង​ប្រព្រឹត្តិ​បែប​យ៉ាងណា លើកលែង​តែ​ឯង និង​ព្រះជាម្ចាស់​ដែល​មើល​ឃើញ​ប៉ុណ្ណោះ។

 

. សេចក្ដីសន្យាពីរង្វាន់

 

សរុប​សេចក្តី​មក ព្រះជាម្ចាស់​រៀបចំ​រង្វាន់​សម្រាប់​កូន​ប្រុស​ស្រី​ណា​ដែល​មិន​បោះបង់​ដំបូន្មាន​របស់​ឪពុកម្ដាយ​ខ្លួន ​នេះ​បើ​យោង​តាម​កណ្ឌគម្ពីរ សុភាសិត ១:៩៖

 

«ដ្បិត​សេចក្ដី​នោះ​នឹង​បាន​ជា​គុណ​ពាក់​លើ​ក្បាល​ឯង ទុក​ជា​គ្រឿង​លំអ ហើយ​ជា​ខ្សែ​ប្រដាប់​ពាក់​នៅ​ក​ឯង»។

 

ខគម្ពីរ​នេះ​បញ្ជាក់​ថា ការ​ប្រៀន​ប្រដៅ​របស់​ឪពុក និង​ដំបូន្មាន​របស់​ម្ដាយ​ដែល​កោត​ខ្លាច​ដល់​ព្រះ​គឺ​ជា​អត្ថប្រយោជន៍​ដល់​កូនៗ។ កូនៗ​ភាគ​ច្រើន​មិន​យល់​ពី​អត្ថប្រយោជន៍​នេះ​ទេ។ ហើយ​ពេល​ខ្លះ ឪពុកម្ដាយ​ដែល​មិន​បាន​ទទួល​ការ​ចិញ្ចឹម​បី​បាច់​ថែរក្សា​បង្ហាត់​បង្រៀន​នៅ​ក្នុង​ព្រះគុណ​ក៏​មិន​យល់​ពី​អត្ថប្រយោជន៍​នេះ​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ខគម្ពីរ​នេះ​នៅ​តែ​បញ្ជាក់​ដដែល​ថា៖ ការ​ស្ដាប់​ពាក្យ​ប្រៀន​ប្រដៅ​របស់​ឪពុក និង​ការ​មិន​បោះ​បង់​ចោល​ដំបូន្មាន​របស់​ម្ដាយ​នឹង​នាំ​ឲ្យ​កូនៗ​មាន​គុណ សិរីល្អ និង​ការ​អរសប្បាយ​ដូច​ជា​គ្រឿង​លម្អ​លើ​ក្បាល​ពួក​គេ ក៏​ដូច​ជា​ខ្សែ​ប្រដាប់​ពាក់​នៅ​ក​របស់​ពួក​គេ​ដែរ។ ក្នុង​ន័យ​ម្យ៉ាង​ទៀត ខគម្ពីរ​នេះ​ក៏​មាន​ន័យ​ដែរ​ថា កូនៗ​នឹង​មាន​ជ័យជម្នះ ភាព​សប្បាយ​រីករាយ និង​អំណរ។

 

សាវ័ក ប៉ុល បាន​សរសេរ​នៅ​កណ្ឌ​គម្ពីរ អេភេសូរ ៦:២ ថា «ចូរ​គោរព​ប្រតិបត្តិ​ដល់​មាតា​បិតា​ខ្លួន នេះ​ជា​បញ្ញត្តិ​មុន​ដំបូង ដែល​ជាប់​មាន​ទាំង​សេចក្ដី​សន្យា​ផង»។ ខគម្ពីរ​នេះ​បាន​ចែង​យ៉ាង​ច្បាស់​ថា ការ​គោរព​ប្រតិបត្តិ​ដល់​ឪពុកម្ដាយ និង​ការ​   ឱបក្រសោប​ការ​កោតខ្លាច​ដល់​ព្រះជាម្ចាស់​ដូច​ដែល​ពួក​គេ​បាន​បង្រៀន​ពិត​ជា​មាន​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​មែន។

 

  • «មនុស្ស​ដែល​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា នោះ​មាន​ទី​ពឹង​មាំ​មួន…សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា នោះ​ជា​រន្ធ​ទឹក​នៃ​ជីវិត» (សុភាសិត ១៤:២៦-២៧)។
  • «សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា នោះ​ប្រោស​ឲ្យ​មាន​ជីវិត ហើយ​អ្នក​ណា​ដែល​មាន​សេចក្ដី​នោះ​នឹង​នៅ​តែ​មាន​ចិត្ត​ស្កប់​ស្កល់​ជា​និច្ច ឥត​មាន​សេចក្ដី​អាក្រក់​ណា​មក​លើ​ខ្លួន​ឡើយ» (សុភាសិត ១៩:២៣)។

 

រង្វាន់​នៃ​ការ​ឱបក្រសោប​ការ​កោតខ្លាច​ដល់​ព្រះជាម្ចាស់​ដែល​ឪពុកម្ដាយ​បាន​បង្រៀន​គឺ កូនៗ​នឹង​ទទួល​បាន​រន្ធ​ទឹក​នៃ​ជីវិត ទី​ពឹង​មាំ​មួន និង​ការ​មាន​ចិត្ត​ស្កប់​ស្កល់​ជា​និច្ច​ទុក​ជា​គ្រឿង​លម្អ ហើយ​ជា​ខ្សែ​ប្រដាប់​ពាក់​នៅ​ក​របស់​ពួក​គេ។

 

មកុដនៃក្ដីអំណររបស់អ្នកម្ដាយ

 

ដោយសារ​ថ្ងៃ​នេះ​ជា​ថ្ងៃ​សម្ដែង​ការគោរព​ដឹងគុណ​ដល់​ម្ដាយ (Mother’s Day) ជា​ការ​ល្អ​ប្រសិន​បើ​យើង​បញ្ចប់​អត្ថបទ​នេះ​ដោយ​រំឭក​ខ្លួន​ឯង​ក្នុង​នាម​ជា​កូន​ប្រុស​ស្រី ទោះ​បើ​ក្មេង​ឬ​ចាស់​ថា ការ​ទទួល​បាន​រន្ធ​ទឹក​នៃ​ជីវិត ទី​ពឹង​មាំ​មួន និង​ការ​មាន​ចិត្ត​ស្កប់​ស្កល់​ជា​និច្ច គឺ​កើត​ឡើង​តាម​រយៈ​ការ​គោរព​ប្រតិបត្តិ​តាម​គ្រប់​សេចក្ដី​ពិត​ដែល​ម្ដាយ​យើង​បាន​បង្រៀន​យើង ហើយ​ការ​ដែល​យើង​ធ្វើ​បែប​នោះ​ក៏​នឹង​ក្លាយ​ជា​មកុដ​នៃ​ក្ដី​អំណរ ការ​គោរព និង​ជា​ពរ​ដល់​គាត់​ដែរ​នៅ​ពេល​គាត់​ចាស់     ជរា។ កណ្ឌគម្ពីរ សុភាសិត ២៣:២២ បាន​ចែង​ថា «…កុំ​ឲ្យ​មើល​ងាយ​ម្ដាយ​ឯង​ក្នុង​កាល​ដែល​គាត់​ចាស់​ឡើយ»។ ខ២៥​ក៏​ចែង​ដែរ​ថា «…ដូច្នេះ ចូរ​បើក​ឱកាស​ឲ្យ​ឪពុក​ម្ដាយ​ឯង​បាន​រីក​រាយ​ចុះ ហើយ​ឲ្យ​អ្នក​ដែល​សំរាល​ឯង​មក​នោះ​មាន​ចិត្ត​សប្បាយ​ផង»។ កុំ​ឲ្យ​បោះ​បង់​ដំបូន្មាន​របស់​ម្ដាយ​ឯង​ចោល​ឡើយ។ ដ្បិត​សេចក្ដី​នោះ​នឹង​បាន​ជា​គុណ​ពាក់​លើ​ក្បាល​ឯង ព្រម​ទាំង​ក្លាយ​ជា​មកុដ​នៃ​ក្ដី​អំណរ​ដល់​គាត់​ផង​ដែរ។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top