យ៉ូស្វេ ២ រ៉ាហាប និងអ្នកស៊ើបការណ៍ Joshua 2 Rahab and the Spies

Josh.2 Rahab and the spies pdf download

កាលៈទេសៈ​ប្រវត្តិសាស្ត្រ​

អ៊ីស្រាអែល​បាន​បញ្ចប់​ការ​វង្វេង​នៅក្នុង​វាល​រហោស្ថាន​អស់​រយៈ​ពេល​៤០​ឆ្នាំ​ដោយ​ព្រោះ​តែ​ការ​មិន​ស្តាប់​បង្គាប់​របស់​ពួកគេ​ហើយ យ៉ូស្វេ​បាន​ជំនួស​ម៉ូសេ ​ធ្វើ​ជា​អ្នក​ដឹក​នាំ​អ៊ីស្រាអែល​ ​ហើយ​ពួកគេ​កំពុង​ហៀប​នឹង​ឆ្លង​ទន្លេ​យ័រដាន់ ​ចូល​ទៅ​ក្នុង​ទឹក​ដី សន្យា។​ ទីក្រុង​យេរីខូរ​គឺ​ជា​ទី​កន្លែង​តាំង​ទីលំនៅ​មួយ​ ចាប់​តាំង​ពី​សម័យ​ដំបូង​បំផុត​មក​ម៉្លេះ។ ​ទីក្រុង​នេះ​ត្រូវ​បាន​សាង​សង់​នៅ​លើ​ភ្នំ​មួយ ​ហើយ​មាន​ប៉ម​និង​កំផែង​ជាច្រើន​ការពារ ដូច្នេះ​វា​បាំង​ផ្លូវ​របស់​អ៊ីស្រាអែល​ចូល​ទៅ​ក្នុង​ទឹក​ដី​សន្យា។ ការ​ចាប់​យក​ទីក្រុង​យេរីខូរ​គឺ​ជា​គោល​បំណង​ទី​មួយ​នៃ​យុទ្ធនា​ការ​របស់​យ៉ូស្វេ។

​នៅ​ក្នុង​លោកុប្បត្ដិ ១២ ព្រះ​បាន​សន្យា​ប្រទាន​ទឹក​ដី​កាណាន​ដល់​ពូជ​ពង្ស​របស់​អ័ប្រាហាំ។ ​នៅមុន​ពេល​ជនជាតិ​អ៊ីស្រាអែល​បាន​ចាប់​យក​ទឹក​ដី​នេះ​ ​មនុស្ស​ដែល​បាន​រស់​នៅ​ទីនោះ​ គឺ​ជា​មនុស្ស​អាក្រក់​នៅ​ចំពោះ​ព្រះ ត្រូវ​បណ្តាសា និង​ស្ថិត​នៅ​ក្រោម​ការ​ជំនុំជំរះ​របស់​ព្រះ ហើយ​រៀប​នឹង​ទទួល​ទណ្ឌកម្ម​របស់​ព្រះ តាមរយៈ​ជនជាតិ​អ៊ីស្រាអែល​បំផ្លាញ​ពួកគេ។ ​ស្ថានភាព​ទាំង​នេះ​មាន​សារៈសំខាន់​ ជួយ​យើង​អោយ​យល់​អំពី​អ្វី ដែល​យើង​គួរ​តែ​បង្កើត​សារ​នៃ​សេចក្តី​អធិប្បាយ​របស់​យើង។

សារ​នៃ​សេចក្តី​អធិប្បាយ​

​គួរ​អោយ​សោកស្តាយ ពេល​ខ្លះ​នៅពេល​មនុស្ស​អាន​រឿង​អំពី​នាង​រ៉ាហាប ពួកគេ​គ្រាន់​តែ​អនុវត្ត​រឿង​នោះ​ដោយ​មើល​ទៅ​លើ​អន្តរកម្ម​រវាង​មនុស្ស​ ​ហើយ​មិន​យល់​អំពី​ស្ថានភាព​ប្រវត្តិសាស្ត្រ​ និង​អ្វី​ដែល​រឿង​នេះ​កំពុង​បង្រៀន​អំពី​ព្រះ​ឡើយ។

តើ​រឿង​នៅក្នុង​យ៉ូស្វេ​ជំពូក ២ ទាក់​ទង​នឹង​យើង​យ៉ាង​ដូចម្តេច​នៅ​សព្វ​ថ្ងៃ​នេះ?

ទីមួយ ​យើង​ត្រូវ​តែ​ពិចារណា​អំពី​ស្ថានភាព​សម្រាប់​មនុស្ស​នៅក្នុង​ទីក្រុង​យេរីខូរ​ដូច​ជា​ស្ថានភាព​សំរាប់​មនុស្ស​នៅក្នុង​ពិភពលោក​សព្វ​ថ្ងៃ​នេះ​ដោយ​របៀប​ណា។​

​មនុស្ស​នៅក្នុង​ទីក្រុង​យេរីខូរ​បាន​បះ​បោរ​ប្រឆាំង​នឹង​ព្រះ ​ស្ថិត​នៅ​ក្រោម​ការ​ជំនុំជំរះ​របស់​ទ្រង់ ហើយ​ព្រះ​រៀប​នឹង​បំផ្លាញ​ពួកគេ​ តាមរយៈ​ឧបករណ៍​ទណ្ឌកម្ម​របស់​ទ្រង់​សម្រាប់​ពួកគេ​ ដែល​ជា​ជនជាតិ​អ៊ីស្រាអែល។ ​ហើយ​ស្ថានភាព​សំរាប់​មនុស្ស​នៅក្នុង​ពិភពលោក​សព្វ​ថ្ងៃ​នេះ​គឺ​ដូច​គ្នា​ គឺ​ពួកគេ​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ ពួកគេ​ស្ថិត​ក្រោម​ការ​ជំនុំជំរះ​របស់​ទ្រង់ ហើយ​ព្រះ​នឹង​បំផ្លាញ​ពួកគេ​ តាមរយៈ​ឧបករណ៍​ទណ្ឌកម្ម​របស់​ទ្រង់​សម្រាប់​ពួកគេ​ ដែល​ជា​ព្រះ​យេស៊ូវ នៅពេល​ដែល​ទ្រង់​យាង​ត្រឡប់​មកវិញ។

​ជា​ការ​សំខាន់​ ដែល​អ្នក​ស្តាប់​របស់​យើង​យល់​ថា នេះ​គឺ​ជា​ស្ថាន​ភាព​របស់​ពិភពលោក​សព្វ​ថ្ងៃ​នេះ ដូច្នេះ​ ពិភព​លោក​ក៏​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដូច​គ្នា​នឹង​មនុស្ស​នៅ​ទីក្រុង​យេរីខូរ​ផង​ដែរ។​

​នៅ​ពេល​ដែល​អ៊ីស្រាអែល​ហៀប​នឹង​ចូល​ទៅ​ក្នុង​ទឹក​ដី​សន្យា​ យើង​មាន​សំនួរ​ធំៗ​រួម​មាន «​តើ​មនុស្ស ​ដែល​ស្ថិត​នៅ​ក្រោម​ការ​ជំនុំជំរះ​របស់​ព្រះ​នៅក្នុង​ទឹកដី​កាណាន ​មាន​សេចក្តី​សង្ឃឹម​ណា​ដែរ​ឬ​ទេ? ​តើ​ពួកគេ​ទាំង​អស់​នឹង​ត្រូវ​បាន​បំផ្លាញ​ ឬ​មាន​ផ្លូវ​មួយ​ដែល​ពួកគេ​អាច​បាន​សង្គ្រោះ​ចេញ​ពី​ការ​ជំនុំជំរះ​របស់​ព្រះ​បាន​?

​រឿង​អំពី​នាង​រ៉ាហាប​ប្រាប់​យើង​ថា មាន​សេចក្តី​សង្ឃឹម​សម្រាប់​ពួកគេ​ គឺ​មាន​ផ្លូវ​មួយ​ ដើម្បី​បាន​សង្គ្រោះ​ចេញ​ពី​ការ​ជំនុំជំរះ​របស់​ព្រះ។​

​នាង​រ៉ាហាប​និង​គ្រួសារ​របស់​នាង​បាន​សង្គ្រោះ​ចេញ​ពី​ការ​ជំនុំជំរះ​របស់​ព្រះ។ ដោយ​របៀប​ណា? ​មិន​មែន​ដោយសារ​សេចក្តី​ល្អ​ផ្ទាល់​ខ្លួន​របស់​នាង​ឡើយ​ ពីព្រោះ​នាង​គឺ​ជា​ស្ត្រី​ពេស្យា​ម្នាក់។ ​នាង​បាន​សង្គ្រោះ​ ដោយ​ព្រោះ​នាង​បាន​លឺ​ដំណឹង ​អំពី​អ្វី​ដែល​ព្រះ​បាន​កំពុង​ធ្វើ​សម្រាប់​អ៊ីស្រាអែល ​ហើយ​នាង​បាន​ជឿ​អ្វី​ដែល​នាង​បាន​លឺ ហើយ​នាង​មិន​បាន​ចូល​រួម​ជាមួយ​ប្រជាជន​នៅក្នុង​ទីក្រុង​យេរីខូរ​របស់​នាង ដែល​នឹង​ត្រូវ​វិនាស​នោះ​ទេ តែ​នាង​បាន​សំរេច​ចិត្ត​ថា នាង​ចង់​ចូល​រួម​ជាមួយ​ភាគី​របស់​ព្រះ (ហេព្រើរ ១១:៣១)។

ស្ថានភាព​គឺ​ដូច​គ្នា​នៅ​សព្វ​ថ្ងៃ​នេះ។ ​មនុស្ស​នៅក្នុង​ពិភពលោក​ ដែល​នៅ​ក្រោម​ការ​ជំនុំជំរះ​របស់​ព្រះ​និង​ត្រូវ​វិនាស អាច​គេច​ចេញ​ពី​ការ​ជំនុំជំរះ​របស់​ព្រះ​បាន ដោយ​ការ​ស្តាប់​លឺ​ដំណឹង​ល្អ​នៃ​សេចក្តី​សង្គ្រោះ​ តាមរយៈ​ព្រះ​យេស៊ូវ ហើយ​ដាក់​ការ​ទុក​ចិត្ត​របស់​ពួកគេ​លើ​ទ្រង់។ ដូច​ជា​នាង​រ៉ាហាប​ផង​ដែរ យើង​មិន​បាន​សង្គ្រោះ ​ដោយ​សារ​ការ​ប្រព្រឹត្ត​ល្អ​របស់​យើង​ឡើយ​ គឺ​យើង​បាន​សង្គ្រោះ​ដោយ​សារ​សេចក្តី​ជំនឿ​វិញ។ ​ប៉ុន្តែ​ សារ​ដែល​នាង​រ៉ាហាប​បាន​ស្តាប់​លឺ​និង​ជឿ គឺ​ជា​អ្វី​ដែល​ព្រះ​បាន​កំពុង​ធ្វើ​សម្រាប់​អ៊ីស្រាអែល រីឯ​សារ​ដែល​យើង​ស្តាប់​លឺ​និង​ជឿ​ គឺ​ជា​អ្វី​ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​យើង​តាមរយៈ​ព្រះ​យេស៊ូវ ដើម្បី​សង្គ្រោះ​យើង។

ដូច្នេះ ការ​អនុវត្ត​សំខាន់​មួយ​ចេញ​ពី​រឿង​ និង​សារ​សំខាន់​សម្រាប់​សេចក្តី​អធិប្បាយ​របស់​យើង​គឺ​ ត្រូវ​ទុក​ចិត្ត​លើ​ព្រះ​យេស៊ូវ​ ដើម្បី​សង្គ្រោះ​យើង​ចេញ​ពី​សេចក្តី​ក្រោធ​ដែល​នឹង​មក​ដល់។

រឿង​នៅក្នុង​យ៉ូស្វេ​ជំពូក ២ មាន​ប្រយោជន៍​បញ្ជាក់​ចំនុច​នេះ​ពីរ​យ៉ាង។ ទីមួយ ​ចូរ​ស្រមៃ​ថា ព្រះ​បាន​មាន​បន្ទូល​ថា ទ្រង់នឹង​បំផ្លាញ​ទីក្រុង​ភ្នំពេញ​ ដោយ​ព្រោះ​សេចក្តី​អាក្រក់​របស់​ទីក្រុង​នេះ​ ប៉ុន្តែ​ទ្រង់​នឹង​សង្គ្រោះ​មនុស្ស​ម្នាក់។ ​តើ​អ្នក​នឹង​រំពឹង​អោយ​មនុស្ស​ម្នាក់​នោះ​ជា​អ្នក​ណា? មនុស្ស​ភាគច្រើន​នឹង​គិត​ថា បើសិន​ព្រះ​សង្គ្រោះ​មនុស្ស​ម្នាក់​មែន​ នោះ​មនុស្ស​ម្នាក់​នោះ​ត្រូវ​តែ​ជា​មនុស្ស​ម្នាក់​យ៉ាង​ល្អ​ ហើយ​ពួកគេ​មិន​រំពឹង​ថា មនុស្ស​ម្នាក់​នោះ​គឺ​ជា​ស្ត្រី​ពេស្យា​ឡើយ។ ​ដូច្នេះ ​រឿង​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​លាស់​អំពី​សេចក្តី​សង្គ្រោះ​ ដោយ​សារ​សេចក្តី​ជំនឿ មិន​មែន​ដោយ​ការ​ប្រព្រឹត្ត ហើយ​វា​ក៏​បង្ហាញ​ផង​ដែរ​ថា ​នាង​រ៉ាហាប​បាន​សំដែង​សេចក្តី​ជំនឿ​របស់​នាង​តាមរយៈ​ការ​ប្រព្រឹត្ត ដោយ​ជួយ​ពួក​អ្នក​ស៊ើបការណ៍។

ទីពីរ រឿង​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​ ដែល​បង្ហាញ​ថា ព្រះ​ពិត​ជា​នាំ​មក​នូវ​ការ​បំផ្លាញ​និង​សេចក្តី​សង្គ្រោះ​មែន។ ​មនុស្ស​នៅ​សព្វ​ថ្ងៃ​នេះ​មិន​ជឿ​ថា ​ព្រះ​យេស៊ូវ​នឹង​យាង​ត្រឡប់​មក​វិញ​ បំផ្លាញ​លោកិយ​ ហើយ​និង​ជំនុំជំរះ​មនុស្ស​ទាំង​អស់​នោះ​ឡើយ។ ប៉ុន្តែ​យើង​ត្រូវ​តែ​ក្រឡេក​មើល​ប្រវត្តិសាស្ត្រ​ម្តង​ទៀត។ ​ព្រះ​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​បំផ្លាញ​ទីក្រុង​យេរីខូរ ហើយ​ទ្រង់​បាន​ធ្វើ​ដូច្នោះ​មែន (ជំពូក ៦)។ សព្វ​ថ្ងៃ​នេះ ​យើង​មាន​ព្រះ​បន្ទូល​របស់​ព្រះ​ ដែល​ប្រកាស​ថា ព្រះ​យេស៊ូវ​នឹង​យាង​ត្រឡប់​មក​វិញ​ ដើម្បី​នាំ​មក​នូវ​ទណ្ឌកម្ម​ ការ​បំផ្លាញ​ និង​សេចក្តី​សង្គ្រោះ ហើយ​ទ្រង់​នឹង​ធ្វើ​ការ​នេះ។ ប្រវត្តិសាស្ត្រ​គឺ​ជា​ភស្តុតាង​បញ្ជាក់​ថា ​ព្រះ​រក្សា​តាម​ព្រះ​បន្ទូល​របស់​ទ្រង់​ ហើយ​យើង​ត្រូវ​តែ​សង្កត់​ធ្ងន់​លើ​សេចក្តី​ពិត​នេះ​នៅក្នុង​សារ​របស់​យើង​ នៅពេល​យើង​ប្រកាស​ព្រះ​បន្ទូល​របស់​ព្រះ​ ហើយ​ទទូច​អោយ​មនុស្ស​បាន​ទុក​ចិត្ត​លើ​ព្រះ​យេស៊ូវ។

ទំនាក់​ទំនង​ច្បាស់​លាស់​មួយ​ទៀត​ទៅ​នឹង​ព្រះ​គ្រីស្ទ​គឺ​ថា ​នាង​រ៉ាហាប​ត្រូវ​បាន​ចុះ​បញ្ជី​ជា​បុព្វបុរស​របស់​ព្រះ​គ្រីស្ទ (ម៉ាថាយ ១:៥) ដែល​បង្ហាញ​អំពី​ព្រះគុណ​ដ៏​អស្ចារ្យ​របស់​ព្រះ​ ដែល​ទ្រង់​បាន​ប្រើ​នាង​នៅក្នុង​ខ្សែស្រឡាយ​ ដែល​នាំ​ទៅ​ដល់​ព្រះ​យេស៊ូវ។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top