Num. 13-14 The spies and rebellion pdf download
កាលៈទេសៈប្រវត្តិសាស្ត្រ
អ៊ីស្រាអែលបានចាកចេញពីភ្នំស៊ីណាយ (ជនគណនា ១០:១១-១២) ហើយហៀបនឹងចូលទៅក្នុងទឹកដី ដែលព្រះបានសន្យាប្រទានអោយពូជពង្សរបស់អ័ប្រាហាំនៅក្នុងលោកុប្បត្ដិ ១២:៧។
ព្រះរាជសារនៅក្នុងបទគម្ពីរនេះ
អ្នកស៊ើបការណ៍ទាំងអស់បានមើលឃើញថា ទឹកដីកាណានល្អ ហើយបាននាំយកផ្លែទំពាំងបាយជូរមកធ្វើជាភស្តុតាង ប៉ុន្តែអ្នកស៊ើបការណ៍ដប់នាក់ក្នុងចំណោមដប់ពីរនាក់បានបំបាក់ទឹកចិត្តអ៊ីស្រាអែលអំពីការចូលទៅក្នុងទឹកដីកាណាន ពីព្រោះពួកគេខ្លាច (១៣:២៧-២៩, ៣១-៣៣)។ មានតែយ៉ូស្វេនិងកាលែបប៉ុណ្ណោះដែលបានលើកទឹកចិត្តអោយបណ្តាជនចូលទៅចាប់យកទឹកដី ពីព្រោះព្រះនឹងប្រទានវាដល់ពួកគេ (១៣:៣០; ១៤:៦-៩)។
ហេតុអ្វីបានជាយ៉ូស្វេនិងកាលែបខុសពីគេ? នៅពេលខ្ញុំសួរសំនួរនេះ ជារឿយៗមនុស្សឆ្លើយថា «ពីព្រោះពួកគេបានជឿដល់ព្រះ»។ ប៉ុន្តែពួកគេមិនគ្រាន់តែបានជឿលើការគង់នៅរបស់ព្រះ ឬថាព្រះល្អហើយមានអំណាចប៉ុណ្ណោះទេ។ ពួកគេបានជឿថា ព្រះនឹងប្រទានទឹកដីដល់ពួកគេ ពីព្រោះទ្រង់បានសន្យាតាំងពីពេលមុនរួចមកហើយថា ទ្រង់នឹងប្រទានទឹកដីដល់ពួកគេ។ សេចក្តីជំនឿរបស់ពួកគេគឺជឿលើសេចក្តីសន្យារបស់ព្រះ ហើយជឿថា ព្រះមានអំណាចធ្វើសំរេចនូវអ្វីដែលទ្រង់បានសន្យា (ប្រៀបធៀប រ៉ូម ៤:២១)។ សេចក្តីជំនឿរបស់ពួកគេបានដើរតាមអ្វីដែលពួកគេបានស្តាប់លឺ (សេចក្តីសន្យារបស់ព្រះ) មិនមែនតាមអ្វីដែលពួកគេបានមើលឃើញដោយភ្នែករបស់ពួកគេទេ (ទំហំរបស់មនុស្សនិងទីក្រុង)។ សេចក្តីជំនឿនេះផ្ទុយពីអ្នកស៊ើបការណ៍ដប់នាក់ទៀត។
ជាលទ្ធផលនៃការប្រឆាំងបះបោររបស់អ៊ីស្រាអែល ពួកគេនឹងវង្វេងនៅក្នុងទីរហោស្ថានអស់រយៈពេល៤០ឆ្នាំ ហើយមានតែយ៉ូស្វេនិងកាលែបប៉ុណ្ណោះដែលនឹងចូលទៅក្នុងទឹកដីសន្យា (១៤:២៩-៣៥)។ យ៉ូស្វេនិងកាលែបអាចបានចូលទឹកដីសន្យាបាន ដោយព្រោះពួកគេបានជឿលើព្រះបន្ទូលសន្យារបស់ព្រះ។
ការអនុវត្តសំរាប់បច្ចុប្បន្ន
យើងមិនមែនជាជនជាតិអ៊ីស្រាអែល ហើយព្រះក៏មិនបានសន្យាប្រទានទឹកដីកាណានដល់យើងដែរ។ ប៉ុន្តែ យើងនៅតែអនុវត្តគោលការណ៍ដែលបានបង្ហាញខាងលើ តាមរយៈព្រះយេស៊ូវ។ ព្រះបន្ទូលសន្យា ដែលព្រះប្រកាសដល់យើង គឺជាដំណឹងល្អរបស់ព្រះគ្រីស្ទ។ យើងគួរតែដាក់សេចក្តីជំនឿរបស់យើងលើព្រះគ្រីស្ទ លើដំណឹងល្អ និងលើសេចក្តីសន្យាដែលព្រះបានប្រទានតាមរយៈព្រះគ្រីស្ទ (រ៉ូម ៣:២១-៥:២; ហេព្រើរ ១១:១-១២:៣ [ជាពិសេស ១២:១-៣]) ហើយតាមរយៈការជឿលើសេចក្តីសន្យាទាំងនោះ យើងចូលទៅក្នុង «ទឹកដីសន្យា» ចុងក្រោយ ដែលជាផ្ទៃមេឃថ្មីនិងផែនដីថ្មី (យ៉ូហាន ៣:១៦)។
ព្រះគម្ពីរសញ្ញាថ្មីមានគោលការណ៍ដូចគ្នាថាសេចក្តីជំនឿមកដោយការស្តាប់លឺ (រ៉ូម ១០:១៧) ប៉ុន្តែខគម្ពីរមួយនេះបង្ហាញយ៉ាងច្បាស់ថា ព្រះរាជសារ ដែលយើងស្តាប់លឺ គឺជាព្រះរាជសាររបស់ព្រះគ្រីស្ទ។ គ្រីស្ទបរិស័ទក៏រស់នៅដោយសេចក្តីជំនឿផងដែរ មិនមែនដោយការមើលឃើញទេ (២កូរិនថូស ៥:៧)។ ទោះបីយើងមើលឃើញថា យើងកំពុងទន់ខ្សោយ ប៉ុន្តែយើងជឿលើព្រះគ្រីស្ទនិងសេចក្តីសន្យាដែលយើងទទួលបានតាមរយៈព្រះគ្រីស្ទដែរ។
ដូច្នេះ ជនគណនា ១៣-១៤ គឺជាការលើកទឹកចិត្តនិងការព្រមានសំរាប់យើង។ កុំដើរតាមគំរូរបស់ជនជាតិអ៊ីស្រាអែល ដែលមិនបានជឿលើសេចក្តីសន្យារបស់ព្រះ ដែលនាំអោយពួកគេប្រឆាំងបះបោរ ហើយមិនបានចូលទៅក្នុងទឹកដីសន្យា (ហេព្រើរ ៣:៧-៤:១១)។ ការខ្វះសេចក្តីជំនឿលើព្រះយេស៊ូវនិងការបះបោរប្រឆាំងនឹងទ្រង់នឹងនាំមនុស្សមិនបានចូលទៅក្នុងផ្ទៃមេឃថ្មីនិងផែនដីថ្មី។ ចូរដើរតាមគំរូរបស់យ៉ូស្វេនិងកាលែប ដែលបានមានសេចក្តីជំនឿ។ ប៉ុន្តែ យើងត្រូវចងចាំថា ព្រះបន្ទូលសន្យាសំរាប់យើងសព្វថ្ងៃនេះគឺជាដំណឹងល្អរបស់ព្រះគ្រីស្ទ និងសេចក្តីជំនឿរបស់យើងលើទ្រង់។
Leave a Reply