1 Cor 6 pdf download
នៅក្នុងដៃឆ្វេងរបស់ខ្ញុំមានកែវយឺតតូចមួយ ដែលអាចឲ្យខ្ញុំមើលឃើញក្នុងរយៈចំងាយប្រមាណជា២ទៅ៣រយម៉ែត្រ ហើយនៅក្នុងដៃស្ដាំ ខ្ញុំមានព្រះគម្ពីរ ដែលអាចឲ្យយើងមើលឃើញពីទីនេះរហូតដល់អស់កល្ប។
យើងកំពុងមើលសំបុត្រមួយ ដែលសាវកប៉ុលបានសរសេរផ្ញើរទៅពួកជំនុំក្រិកក្នុងសតវត្សទី១។ ពួកជំនុំកូរិនថូសបានក្លាយជាពួកជំនុំ ដែលមិនចេះគិតវែងឆ្ងាយ ដោយពួកគេបានងាកបែរចេញពីព្រះបន្ទូលដ៏ពិតរបស់ព្រះយេស៊ូវ ហើយបានបង្កើតព្រះគ្រីស្ទថ្មីមួយទៀត ដែលគ្រាន់តែបំពេញគោលបំណងនិងសេចក្តីប្រាថ្នារបស់ពួកគេប៉ុណ្ណោះ។ ពួកគេមិនបានយកព្រះគ្រីស្ទជាសំខាន់បំផុតនោះទេ តែបានយកខ្លួនឯងជាសំខាន់វិញ។
សាវកប៉ុលបានសរសេរសំបុត្រផ្ញើរទៅពួកកូរិនថូស ដើម្បីអូសទាញពួកគេមកឯព្រះគ្រីស្ទ និងព្រះបន្ទូលរបស់ទ្រង់វិញ ដើម្បីកុំឲ្យពួកគេរស់នៅសំរាប់តែលោកិយនេះតែម្យ៉ាងនោះឡើយ តែដើម្បីឲ្យពួកគេរស់នៅសំរាប់ព្រះគ្រីស្ទ ដោយផ្ដោតលើហេតុផលសំខាន់២យ៉ាងគឺទី១ ដើម្បីកុំឲ្យពួកគេភ្លេចគោលដៅរបស់ខ្លួន និងទី២ ដើម្បីកុំឲ្យពួកគេធ្លាក់ចូលទៅក្នុងអន្ទាក់របស់លោកិយនេះ។
គ្រីស្ទបរិស័ទ បានទទួលរងឥទ្ធិពលពីហេតុការណ៍ជាច្រើននៅក្នុងពិភពលោកនេះ ដូច្នេះពួកគេរងទុក្ខនិងសោកសង្រេងដូចអ្នកឯទៀតដែរ តែការសោកសង្រេងរបស់គ្រីស្ទបរិស័ទមិនមែនជាការសោកសង្រេងបែបគ្មានក្តីសង្ឃឹមនោះឡើយ។ គ្រីស្ទបរិស័ទគឺជាមនុស្សដែលមានពរច្រើនជាងគេនៅក្នុងលោកិយនេះ ពីព្រោះព្រះយេស៊ូវបានយកព្រះទ័យទុកដាក់ចំពោះអតីតកាល បច្ចុប្បន្នកាល និងអនាគតកាលរបស់ពួកគេគ្រប់គ្នា ដែលអ្នកខ្លួនឯងមិនអាចធ្វើបាន ខ្ញុំក៏មិនមានលទ្ធភាពធ្វើបាន តែទ្រង់អាចធ្វើបានទាំងអស់។
នៅក្នុង១កូរិនថូស ៦ អ្នកនឹងមើលឃើញថា ព្រះយេស៊ូវបានគ្រប់គ្រង និងយកព្រះទ័យទុកដាក់លើអ្វីៗដែលបានកើតឡើងនៅក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។ ផ្នែកទី១នៃ១កូរិនថូស ៦និយាយទាក់ទងនឹងអនាគតកាល ផ្នែកកណ្តាលនិយាយអំពីអតីតកាល ហើយផ្នែកចុងក្រោយនិយាយអំពីបច្ចុប្បន្នកាល។
១កូរិនថូស ៦:១-៨ បានចែងថា គ្រីស្ទបរិស័ទនឹងគ្រប់គ្រងជាមួយព្រះគ្រីស្ទ ដូច្នេះតើហេតុអ្វីពួកគេមានជំលោះអំពីបញ្ហាបណ្ដោះអាសន្ន?
ខ.១ មានជំលោះមួយកើតឡើងនៅក្នុងពួកជំនុំ ដោយមានគ្រីស្ទបរិស័ទខ្លះបានប្រកែកគ្នាទាក់ទងនឹងបញ្ហាមួយ ដែលនេះគឺជាទីបន្ទាល់មិនល្អមួយ។ នៅក្នុងខ.៦ យើងឃើញថា មានគ្រីស្ទបរិស័ទខ្លះបានឈ្លោះប្រកែកគ្នានៅចំពោះមុខពួកអ្នកមិនជឿ។ ពួកគេបានធ្វើឲ្យដំណឹងល្អទៅជារឿងឆ្កួតៗ។ សាវកប៉ុលចង់ឲ្យពួកជំនុំកូរិនថូសលាក់រឿងមិនចុះសម្រុងគ្នានេះទុកមួយអន្លើសិន ហើយដោះស្រាយដោយស្ងាត់ៗវិញ គឺមិនត្រូវធ្វើឲ្យអ្នកមិនជឿសង្ស័យ ឬកុទិដ្ឋិអំពីគ្រីស្ទបរិស័ទ ដោយសារតែភាពពុតត្បុត ឬការឈ្លោះប្រកែករបស់ពួកជំនុំនោះឡើយ។
ខ.២-៣ បានឲ្យមូលហេតុសំខាន់មួយ ដែលគ្រីស្ទបរិស័ទគួរតែដោះស្រាយរឿងជំលោះរបស់ខ្លួនឯង ពីព្រោះគ្រីស្ទបរិស័ទនឹងមានពេលមកដល់ ដែលពួកគេត្រូវចូលរួមជាមួយព្រះគ្រីស្ទ ដើម្បីជំនុំជំរះលោកិយនេះ។ ខគម្ពីរទាំងនេះខ្លី តែបាននិយាយយ៉ាងច្បាស់ថា ពួកគ្រីស្ទបរិស័ទនឹងមានការពាក់ព័ន្ធជាមួយការជំនុំជំរះ។ ប្រសិនបើយើងនឹងធ្វើការនោះនៅថ្ងៃអនាគត នោះប្រាកដណាស់ថា យើងពិតជាអាចដោះស្រាយរឿងរ៉ាវកំប៉ិកកំប៉ុក ដែលបានកើតឡើងនៅក្នុងពួកជំនុំបានមិនខាន។
ឧទាហរណ៍ ដូចជានៅក្នុងខ.២ «តើមិនគួរនឹងជំនុំជំរះការណ៍តូចបំផុតនេះ?» ហេតុអ្វីបានជាមិនអាចជ្រើសរើសយកមនុស្ស ដែលពួកជំនុំរាប់អានតិចជាងគេ (ខ.៤)? ពួកគេមិនចាំបាច់ជាមនុស្សមានមុខមាត់ ឬល្បីឈ្មោះនោះទេ តែត្រូវតែជាមនុស្សបរិសុទ្ធ។ នៅក្នុងខ.៧ លោកលោកប៉ុលសរសេរថា «ហេតុអ្វីបានជាមិនស៊ូទ្រាំក្នុងការអាក្រក់នោះ ហើយមិនស៊ូទ្រាំឲ្យគេបំបាត់អ្នកវិញ?» ប្រសិនបើអនាគតរបស់អ្នកមានការធានាដោយសារដំណឹងល្អ នោះមិនមានបញ្ហាអ្វីឡើយ ដោយគ្រាន់តែត្រូវគេបំបាត់ ឬត្រូវគេបោកបញ្ឆោតនោះ។ សាវកប៉ុលបានលើកឡើងថា «អ្នកនឹងគ្រប់គ្រងជាមួយនិងព្រះគ្រីស្ទ ដូច្នេះហេតុអ្វីបានជាអ្នកខំប្រឹងតយុទ្ធជាមួយនឹងរឿងបណ្ដោះអាសន្ននេះធ្វើអ្វី?» ហើយជំនឿនិងឥរិយាបថត្រូវដើរទន្ទឹមគ្នានៅលើផ្លូវមួយ។ អ្នកនឹងបានមើលឃើញតាមរយៈអត្ថបទដ៏តូចនេះថា ជំនឿនិងឥរិយាបថត្រូវនៅជាមួយគ្នាយ៉ាងជិតស្និត។ ឧទាហរណ៍ មានគ្រីស្ទបរិស័ទម្នាក់ ដែលត្រូវធ្វើការសំរេចចិត្តអំពីរបររកស៊ី និងទ្រព្យសម្បត្តិ។ តើអ្វីគឺជា ឥទ្ធិពលដ៏ធំបំផុតនៅក្នុងការសំរេចចិត្តរបស់គាត់? ចំលើយ៖ ដំណឹងល្អ។ អនាគតដ៏អស់កល្បជានិច្ចរបស់គាត់ត្រូវបានធានាដោយសារព្រះគ្រីស្ទ ដែលជួយគាត់ក្នុងការឲ្យតំលៃទៅលើរឿងរ៉ាវបណ្ដោះអាសន្នទាំងអស់ថា មិនសូវសំខាន់។
ប្រសិនបើអ្នកបានបាត់បង់អ្វីៗជាច្រើន នៅក្នុងលោកិយនេះ ដោយសារអ្នកបានត្រលប់ជាគ្រីស្ទបរិស័ទ នោះអ្នកនឹងបានចំណេញច្រើនជាងអ្វីដែលអ្នកបានបាត់បង់ទៅទៀត។ ព្រះយេស៊ូវសូមឲ្យពួកបណ្តាជនបានបាត់បង់ជីវិតរបស់ពួកគេ ដោយថ្វាយទៅព្រះអង្គ ហើយខណៈដែលពួកគេបានថ្វាយជីវិតដល់ទ្រង់ នោះពួកគេនឹងទទួលបានជីវិតអស់កល្បជានិច្ច ហើយជាការពិតអ្នកនឹងប្រឈមជាមួយឧបសគ្គនិងបញ្ហាជាច្រើន ប៉ុន្តែអ្នកនឹងទទួលបានព្រះពរច្រើនជាងឧបសគ្គទាំងអស់នោះទៅទៀត។
លោក ជីម អេលីយ៉ូត (Jim Elliot) គឺជាបេសកជននៅឥណ្ឌាអូកា ក្នុងតំបន់អាមេរិកខាងត្បូង ដែលបានបាត់បង់ជីវិតដោយព្រោះដំណើរបេសកកម្មរបស់គាត់ បានលើកឡើងថា «អ្នកណា ដែលមិនមែនជាមនុស្សឆ្កួត គឺជាអ្នកដែលបោះបង់នូវអ្វីដែលគាត់មិនអាចរក្សាទុក ដើម្បីចំណេញនូវអ្វីដែលគាត់មិនបានបាត់បង់»។
ផ្នែកទី២ ពីខ.៩-១១លោកប៉ុលបានសរសេរថា ព្រះគ្រីស្ទបានសង្គ្រោះអ្នកហើយ ហេតុអ្វីបានជាទៅធ្វើជាទាសករនៃរបស់ផ្សេងធ្វើអ្វី? ខ.៦-៩ បានចែងថា មនុស្សទុច្ចរិតមិនបានគ្រងនគរព្រះទុកជាមរតកឡើយ។ ពួកកូរិនថូសកំពុងស្ថិតក្នុងសភាពគ្រោះថ្នាក់ ដោយដើរតាមមនុស្សខ្វាក់នាំទៅធ្លាក់រណ្តៅ។ ពួកគេនៅក្មេងខ្ចីខាងជំនឿមែនទែន ដោយគិតថា «ពួកសាសន៍ដទៃអាចធ្វើបាន ហេតុអ្វីបានជាខ្ញុំមិនអាចធ្វើបាន?» អ្នកទាំងអស់នោះបានធ្វើការសម្រេចចិត្តដោយដេញតាមប្រាក់ ពួកគេបានរកលុយបានយ៉ាងច្រើន ដូចនេះ ហេតុអ្វីបានជាខ្ញុំមិនអាចធ្វើដូចគេបាន? អ្នកទាំងអស់នោះរស់នៅយ៉ាងសប្បាយជាមួយនិងស្រីស្នេហ៍ ហេតុអ្វីបានជាខ្ញុំមិនអាចធ្វើដូចគេបាន? ខ្ញុំរួចផុតពីការជំនុំជំរះហើយ ចុះហេតុអ្វីបានជាខ្ញុំមិនអាចចូលរួមជាមួយពួកគេ ហើយធ្វើអ្វីៗដូចពួកគេបាន?
សាវកប៉ុលបានលើកឡើងថា ផ្លូវនៃអំពើបាបគឺសេចក្តីស្លាប់ ហើយអ្នករាល់គ្នាបានសង្គ្រោះរួចពីបាបហើយ។ គាត់បានមកជួបពួកកូរិនថូសដោយមិនមានអំណាចណាមួយក្រៅពីដំណឹងល្អទេ ប៉ុន្តែគាត់បានប្រកាសដំណឹងល្អ ដែលជាព្រះចេស្ដារបស់ព្រះជាម្ចាស់។ គាត់បានប្រាប់ពួកគេថា ព្រះយេស៊ូវបានសុគតជំនួសពួកគេហើយ។ ទ្រង់មិនស្វែងរកមនុស្សជោគជ័យ ឬមនុស្សដែលងប់ងុលនឹងសាសនានោះឡើយ តែទ្រង់ស្វែងរកមនុស្សមានបាប ដែលចេះបន្ទាបខ្លួន និងមនុស្សមានបាប ដែលងាកបែរមកឯព្រះយេស៊ូវវិញ ដើម្បីឲ្យទ្រង់បានទទួលនិងអត់ទោសបាបឲ្យពួកគេ។ ពួកកូរិនថូសជាច្រើនបានវិលបែរមកឯព្រះយេស៊ូវ ហើយបានទទួលការអត់ទោសបាប និងជីវិតថ្មីនៅក្នុងចិត្តរបស់ពួកគេ។ ពួកគេបានកើតជាថ្មីនិងបានវិលបែរចេញពីការអាក្រក់ដែលពួកគេបានធ្វើពីមុន។ ខ.៩-១០ បានពិពណ៌នាអំពីជីវិតរបស់គ្រីស្ទបរិស័ទខ្លះនៅក្រុងកូរិនថូស មុនពេលពួកគេបានជឿលើព្រះគ្រីស្ទ គឺអ្នកខ្លះបានដេកលក់អស់ទៅហើយ អ្នកខ្លះទៀតគឺជាពួកអ្នកថ្វាយបង្គំរូបព្រះ រួមរ័កជាមួយភេទដូចគ្នា ជាចោរលួច ជាជនប្រមឹក ជាអ្នកជេរប្រមាថ និងបោកប្រាស់ គឺអ្នកទាំងអស់នោះជាមនុស្សមានបាបកាលពីអតីតកាល តែព្រះជាម្ចាស់បានដោះលែងពួកគេឲ្យរួចពីអំពើបាបអស់ហើយតាមរយៈព្រះគ្រីស្ទ។
នោះមិនមែនមានន័យថា ពួកគេលែងមានការប្រឈមមុខចំពោះសេចក្តីល្បួងផ្សេងៗនោះទេ។ តែពេលនេះពួកគេមានគំនិតថ្មី ពួកគេមានព្រះអង្គសង្គ្រោះ មានព្រះអម្ចាស់ និងមានធនធានថ្មី ដើម្បីរស់នៅសំរាប់ព្រះជាម្ចាស់។
អស់អ្នក ដែលពិតជាមករកព្រះគ្រីស្ទ នឹងមានការផ្លាស់ប្រែ។ ពួកគេដឹងប្រាកដថា ព្រះគ្រីស្ទគឺជាស្តេច ដែលសោយរាជ្យលើពួកគេ។ ការផ្លាស់ប្រែនេះមានចែងនៅក្នុងខ.១១ (ជាខគម្ពីរដែលអស្ចារ្យបំផុតនៅក្នុងព្រះគម្ពីរ)។ គ្រីស្ទបរិស័ទត្រូវបានលាងសំអាត ញែកជាបរិសុទ្ធ និងរាប់ជាសុចរិត។ ព្រះយេស៊ូវបានទតឃើញថា យើងរាល់គ្នានៅក្រោមបន្ទុកដ៏ធ្ងន់នៃអំពើបាប ដូច្នេះហើយទើបទ្រង់យាងមក ហើយយកយើងចេញពីអម្រែកនោះ ហើយទ្រង់លាងសំអាតយើង អត់ទោសបាបឲ្យយើង កែច្នៃយើង ធ្វើឲ្យយើងអាចឈរនៅចំពោះព្រះជាម្ចាស់ ហើយបានសុគតជំនួសយើង។ ដូច្នេះហើយទើបសាវកប៉ុលបានសួរថា ហេតុអ្វីបានជាវិលទៅដើរផ្លូវដដែលដូចពីមុន? ហេតុអ្វីបានជាវិលទៅដើរផ្លូវគ្រោះថ្នាក់ដូចមុន? ព្រះបានសង្គ្រោះអ្នកឲ្យរួចតាមរយៈព្រះ គ្រីស្ទហើយ ហេតុនេះ មូលហេតុអ្វីបានជាធ្លាក់ទៅធ្វើជាទាសកររបស់ទាំងនោះម្តងទៀតដូច្នេះ?
ជាញឹកញាប់ គ្រីស្ទបរិស័ទមានការយល់ច្រឡំនៅត្រង់ចំនុចនេះ។ កំហុសទី១ យើងភ្លេចថា យើងបានស្អាតហើយ បានញែកជាបរិសុទ្ធ នឹងបានរាប់ជាសុចរិតហើយ។ នៅពេលព្រះជាម្ចាស់ហៅអ្នកណាថាសុចរិត ឬទុច្ចរិត នោះទ្រង់មិនបានសំដៅទៅលើកិច្ចការ ដែលអ្នកនោះបានធ្វើនោះទេ។ មនុស្សភាគច្រើននិយាយថា ពួកគេជាមនុស្សសុចរិត។ នៅពេលទ្រង់មានបន្ទូលថា អ្នកនោះសុចរិត ឬទុច្ចរិតគឺទ្រង់កំពុងមានបន្ទូលពីមុខតំណែង ការដែលបានទទួល ឬមិនបានទទួលការអត់ទោសបាប។ អ្នកដែលមិនបានទទួលការអត់ទោសបាបគឺជាពួកអ្នកដែលនិយាយទៅកាន់ព្រះយេស៊ូវថា «ទេ មិនទាន់ទេ» (គឺគេមិនព្រមទទួលព្រះគ្រីស្ទទេ) តែសំរាប់ពួកអ្នកសុចរិតវិញ គឺជាអ្នកដែលទទួលយកព្រះយេស៊ូវ និងទទួលបានការអត់ទោសបាបភ្លាមៗនោះ ដែរ។
ដូច្នេះ ប្រសិនបើអ្នកដាក់ទំនុកចិត្តនៅលើព្រះយេស៊ូវ នោះអ្នកនឹងបានស្អាត បានញែកជាបរិសុទ្ធ និងបានរាប់ជាសុចរិត មានន័យថា អ្នកនឹងក្លាយជាមនុស្សឥតខ្ចោះ ឥតស្លាកស្នាមនៅចំពោះព្រះជាម្ចាស់។ យើងត្រូវអធិប្បាយដំណឹងល្អមកកាន់ខ្លួនឯង ជាពិសេស ខ.៦-១១។ ប៉ុន្តែមានអ្នកជឿខ្លះបានធ្វើខុស ដោយនិយាយថា «ខ្ញុំមានព្រះគ្រីស្ទ ហើយខ្ញុំក៏នឹងដើរតាមអំពើបាបដែរ»។ សាវកប៉ុលបានបង្រៀនថា បាបគឺជាថ្នាំពុល ហើយអ្នកមិនអាចដើរជាមួយព្រះគ្រីស្ទផងនិងជាមួយអំពើបាបផងបានឡើយ។
បាបមិនមែនគ្រាន់តែជាការមិនស្តាប់បង្គាប់ប៉ុណ្ណោះទេ តែវាជាការមិនគោរពព្រះគ្រីស្ទ ហើយវាក៏បានបំពុលអ្នកផងដែរ ដូច្នេះហើយប៉ុលបានលើកឡើងថា ព្រះបានសង្គ្រោះអ្នកហើយ ហេតុអ្វីបានជាធ្លាក់ខ្លួនធ្វើជាទាសកររបស់ទាំងនោះទៀត?
ផ្នែកទី៣និងផ្នែកចុងក្រោយ នៅក្នុងខ១២-២០ ព្រះបានភ្ជាប់អ្នកទៅនឹងព្រះគ្រីស្ទ ដោយថា ហេតុអ្វីបានជាផ្ដោតទៅលើរបស់ដែលមិនគួររាប់អាន? ខ្ញុំនឹងរំលឹកអំពី៣ចំនុចម្តងទៀត។ អ្នកនឹងគ្រប់គ្រងជាមួយព្រះគ្រីស្ទ អ្នកបានលាងសំអាតតាមរយៈព្រះគ្រីស្ទ អ្នកមានទំនាក់ទំនងជាមួយព្រះគ្រីស្ទ ដូច្នេះហេតុអ្វីបានជាផ្ដោតទៅលើរបស់ដែលមិនគួររាប់អានដូច្នេះ? នៅក្នុងក្រុងកូរិនថូស មនុស្សម្នាធ្លាប់នាំគ្នាទៅរកស្រីខូចនៅតាមព្រះវិហារ ហើយបានរួមភេទជាមួយនឹងស្រីខូចទាំងនោះនៅក្នុងព្រះវិហារតែម្តង ហើយគិតថា ការនោះមិនមានអ្វីខុសនោះទេ។
ការសហាយស្មន់ គឺប្រៀបបានទៅនឹងការបិទភ្ជាប់ក្រដាសពីសន្លឹកចូលគ្នា ដោយប្រើជ័រកាវ ហើយអ្នកនឹងមិនអាចយកក្រដាសទាំងពីរចេញពីគ្នា ដោយមិនបំផ្លាញក្រដាសទាំងពីរនោះបានឡើយ។ អ្នកមិនអាចប្រព្រឹត្តទង្វើនេះ(ការរួមភេទ) ហើយនិយាយថា គ្មានអ្វីខុសកើតឡើងនោះទេ។ វានឹងបំផ្លាញ ទំនាក់ទំនងខាងផ្លូវចិត្ត ព្រលឹងវិញ្ញាណ និងអាចឈានដល់ជានិរន្តផង ទោះបីជានៅក្នុងប្រព័ន្ធផ្សព្វផ្សាយបានប្រកាសថា អ្នកអាចរួមភេទជាមួយអ្នកណាក៏បានក៏ដោយ។ ព្រះគម្ពីរគឺជាមគ្គុទ្ទេសក៍ដ៏វៃឆ្លាតរបស់យើង ចំពោះបញ្ហានេះ។ អ្នកណា ដែលប្រព្រឹត្តអំពើអសីលធម៌ផ្លូវភេទ នឹងប្រឈមមុខនិងបញ្ហាធំមិនខាន។
សាវកប៉ុលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហានេះ។ ការរួមភេទគឺជាអំណោយដ៏ល្អមួយ ដែលព្រះ ជាម្ចាស់បានប្រទានឲ្យ ដូច្នេះអ្នកមិនអាចបំពានលើការរួមភេទ ដោយទៅរកស្រីខូចនោះបានទេ។ ពួកកូរិនថូសបានលើកឡើងថា «អ្វីៗទាំងអស់សុទ្ធតែបានអនុញ្ញាតឲ្យខ្ញុំធ្វើទាំងអស់» (ខ.១២) ហើយឥរិយាបថបែបនេះបានជំរុញពួកគេឲ្យប្រព្រឹត្តអំពើសហាយស្មន់។ ពួកគេក៏បាននិយាយផងដែរថា «អាហារសំរាប់ក្រពះហើយក្រពះក៏សំរាប់អាហារដែរ» (ខ.១៣)។ ដូច្នេះគេគិតថា រូបកាយសំរាប់ការរួមភេទ គឺគេគ្រាន់តែធ្វើអ្វីតាមធម្មជាតិតែប៉ុណ្ណោះ។ សាវកប៉ុលបានសួរសំណួរជ្រៅជាងថា «តើការរួមភេទគឺជាគោលដៅនៃជីវិតឬ? ព្រះជាម្ចាស់នឹងបំផ្លាញនូវរបស់ទាំងអស់នេះ»។
ខ.១៨ បានចែងថា «គ្រប់ទាំងអំពើបាបណា ដែលមនុស្សប្រព្រឹត្ត នោះនៅខាងក្រៅរូបកាយទេ តែអ្នកណាដែលសហាយស្មន់គ្នា នោះឈ្មោះថា ធ្វើបាបដល់រូបកាយខ្លួនឯងផង» ត្រង់នេះសាវកប៉ុលចង់និយាយថា អំពើបាបផ្លូវភេទគឺខុសពីអំពើបាបដទៃទៀត ប៉ុន្តែនៅក្នុងខ.៩ អំពើបាបផ្លូវភេទគឺជាអំពើបាបមួយក្នុងតារាងអំពើបាបទាំងឡាយ។ ដូច្នេះសួរថា តើអំពើបាបផ្លូវភេទខុសពីអំពើបាបដទៃទៀតឬ? បើដូច្នោះ តើខុសគ្នាដូចម្តេចខ្លះ?
ទី១ យើងបានដឹងតាមរយៈព្រះគម្ពីរនិងព័ន្ធកិច្ចរបស់ព្រះយេស៊ូវផ្ទាល់ថា ទ្រង់បានជួបមនុស្ស ដែលមានភាពញៀន ឬបញ្ហាធ្ងន់ធ្ងរ ដោយទ្រង់បានទទួលរាក់ទាក់ពួកគេ អត់ទោសនិងផ្លាស់ប្រែពួកគេឲ្យក្លាយជាមនុស្សថ្មីឡើងវិញ។ អំពើបាបផ្លូវភេទមិនមែនជាបាបធ្ងន់ធ្ងរជាងគេនៅចំពោះទ្រង់ឡើយ។ តែយើងបានឃើញនៅក្នុង១កូរិនថូស ៦:១៥-១៦ បានចែងពីរបៀប ដែលអំពើបាបផ្លូវភេទខុសពីអំពើបាបផ្សេងទៀត ហើយវាជាអំពើបាបមួយ ដែលបំផ្លាញខ្លួនឯង និងមិនបានថ្វាយសិរីរុងរឿងដល់ព្រះគ្រីស្ទឡើយ។
អ្វីដែលសាវកប៉ុលបានបង្រៀនត្រង់នេះគឺ គ្រីស្ទបរិស័ទត្រូវដឹងថា រូបកាយរបស់ពួកគេគឺជាអំណោយទានមួយ ដែលយើងត្រូវថ្វាយដល់ព្រះអង្គវិញ។ យើងត្រូវនិយាយថា «ព្រះគ្រីស្ទបានចេញថ្លៃលោះខ្ញុំ» (ខ.២០)។ សាវកប៉ុលបានលើកឡើងថា ទ្រង់ជាម្ចាស់របស់អ្នក ពីព្រោះព្រះអង្គចេញថ្លៃលោះអ្នក ហើយព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយអ្នកជឿ។ ដូច្នេះ ហេតុអ្វីបានជាត្រូវដើរតាមអំពើបាបទាំងអស់នេះ?
អ្នកបានមើលឃើញរួចហើយនៅក្នុងជំពូក៦ថា ព្រះគ្រីស្ទបានផ្លាស់ប្តូរអនាគត អតីតកាល និងបច្ចុប្បន្ន។ ព្រះគ្រីស្ទ ដែលជាអង្គតែមួយគត់ដែលបានរស់ឡើងវិញហើយបានទទួលនូវសិរីរុងរឿង ហើយទ្រង់តែមួយដែលអាចនាំមនុស្សទៅកាន់សិរីរុងរឿងបាន តែបែរជាត្រូវលោកិយមិនទទួលស្គាល់ទ្រង់វិញ។ នោះមានន័យថា លោកិយបានបន្តធ្វើកិច្ចការ ដែលនាំទៅកាន់សេចក្តីស្លាប់អស់កល្បជានិច្ច។
ព្រះគ្រីស្ទជ្រាប ហើយក៏បានគ្រប់គ្រងថ្ងៃអនាគត ហើយបានមានបន្ទូលមកកាន់យើងថា ប្រសិនបើអ្នកចង់ក្លាយជាមនុស្សឆ្លាត នោះត្រូវយកសិរីរុងរឿងជាគោលដៅរបស់អ្នក។
មនុស្សជាធម្មតាតែងភ្លេចអំពើបាបកាលពីអតីតរបស់ខ្លួន គឺពួកគេគិតថា វាមិនមានបញ្ហាអ្វីទេ តែព្រះជាម្ចាស់បានមើលឃើញនិងចងចាំគ្រប់រឿងទាំងអស់ ដែលយើងបានធ្វើ ហើយព្រះគម្ពីរបានចែងថា យើងត្រូវការការលាងសំអាតបាប ហើយវិធីតែមួយ ដើម្បីទទួលបានការលាងសំអាតនេះគឺ តាមរយៈព្រះគ្រីស្ទ។
មានគ្រោះថ្នាក់មួយ ដែលមានសភាពធំជាងការស្លាប់គឺការស្លាប់ដោយគ្មានជំនឿជឿលើព្រះគ្រីស្ទ។ តែចាប់តាំងពីពេល ដែលអ្នកក្លាយជាកម្មសិទ្ធិរបស់ព្រះគ្រីស្ទ នោះអនាគតនឹងប្រកបដោយសុវត្ថិភាព អតីតកាលនឹងត្រូវបានលាងសំអាត ហើយបច្ចុប្បន្ននេះអ្នកមានមិត្តម្នាក់ ដែលអ្នកតែងតែប្រាស្រ័យទាក់ទងជាមួយ ដែលអ្នកនោះជាមនុស្សសំខាន់ និងមានតំលៃជាងអ្វីៗទាំងអស់នៅក្នុងលោកិយនេះ។
Leave a Reply